ប្រសាសន៍​សំខាន់ៗ របស់សម្តេច​តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញបើក​ព្រឹត្តិការណ៍​អង្គរសង្រ្កាន្ត នៅខេត្តសៀមរាប

(FN)៖ នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និង​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញ​ជាអធិប​តីភាព​បើក​ព្រឹត្តិការណ៍​​អង្គរសង្រ្កាន្ត​អបអរសាទរបុណ្យ ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​នៅលើទឹកដី​អង្គរ​ដ៏ល្បាញល្បី។

ព្រឹត្តិការណ៍​បើកអង្គរសង្រ្កាន្តនេះ ធ្វើឡើងនៅក្បែរប្រាសាទបាយ័ន «អង្គរសង្រ្កាន្ត​ជារបស់​យើង​ទាំង​អស់​គ្នា» ដែលនឹងមានការអញ្ជើញ​ចូលរួម​យ៉ាងច្រើន​កុះករ​​ពីមន្រ្តី​ជាន់ខ្ពស់ និងប្រជា​ពលរដ្ឋ​ខ្មែរ​យ៉ាង​ច្រើន​កុះករ​។

សម្រង់ប្រសាសន៍​សំខាន់ៗ​របស់​សម្តេចតេជោ ហ៊ុន សែន៖

– សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តែងការរីករាយយ៉ាងខ្លាំង ដែល​បានអ​ញ្ជើញ​បើក​ព្រឹត្តិការណ៍​អង្គរសង្រ្កាន្ត លើកទី៥ ខេត្តសៀមរាបនេះ។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរដល់សហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានរៀប​ចំអង្គរ​សង្រ្កាន្ត រយៈពេល៥ឆ្នាំកន្លងទៅ ប្រកបដោយជោគជ័យដ៏ត្រចេះត្រចង់ សម្រាប់កូន​ខ្មែរទាំង​អស់​គ្នា​។

– សម្តេច​តេជោ ហ៊ុន សែន បានសម្តែង​ការសោក​ស្តាយ​ចំពោះការ​ទទួលម​រណភាព​របស់​សម្តេច​វិបុលបញ្ញា សុខ អាន, ព្រោះកន្លងមក សម្តេចវិបុលបញ្ញា សុខ អាន បានចូលរួមលើកិច្ចការអង្គរសង្គ្រាន្តយ៉ាងច្រើន និង​បានបន្សល់ទុកស្នាដៃនៅអង្គរសង្ក្រាន្ត នៅខេត្តសៀមរាប។

– សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា គ្មានជោគជ័យណាមួយ ដែលកើត​ឡើងដោយ​ឯងៗ​នោះ​ឡើយ ប្រសិនបើអង្គរសង្ក្រាន្តនេះមិនមានការចូលរួមពីអ្នករាល់គ្នា ជាពិសេស​កម្លាំង​យុវជន​សហភាព​សហព័ន្ធ​។

– សម្តេចនាយករដ្ឋមន្រ្តី​ បានថ្លែងថា ដោយសុខសន្តិភាពរបស់ប្រទេស​បានផ្តល់​ឱកាសការអភិវឌ្ឍន៍សង្គម នឹងបាន​​​កាន់​បន្ថយភាពក្រីក្រ ព្រមទាំងអាចឲ្យបងប្អូនប្រជាពលរដ្ឋ ទៅកំសាន្តទីណា​ក៏បាន​តាម​ចំណង់​ចំណូល​ចិត្តរៀងៗខ្លួន។ សម្តេចបានបញ្ជាក់ថា នៅមុនឆ្នាំ១៩៩៨ ការជួបជុំនៅខេត្តសៀមរាប និងការធ្វើ​ដំណើរ​ទូទាំងប្រទេសមិនអាច​ធ្វើបាននោះទេ ព្រោះប្រទេសកំពុងស្ថិត​នៅក្នុងសង្រ្គាមនៅឡើយ។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្មករ-កម្មការិនី មន្រ្តីរាជការ និងកម្លាំងប្រដាប់ និងយោធនពិការ ត្រូវបាន​តម្លើងប្រាក់បៀរវត្សរ៍ ដោយសារមានដំបូលសន្តិភាពនេះ។

– សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា កម្ពុជាក្នុង​ឋានៈ​រដ្ឋមួយ​នៃ​សមាជិក​អង្គការ​សហ​ប្រជាជាតិ​ សូមសម្តែងការព្រួយបារម្ភដ៏ជ្រាលជ្រៅរបស់ខ្លួន អំពីសភាពការណ៍នៅបច្ចឹមបូព៌ា ជាពិសេស​សភាព​ការណ៍​ស៊ីរី និងកូរ៉េខាងជើង កម្ពុជាអំពាវនាវឲ្យមានការអត់ធ្មត់ ហើយព្យាយាម​ដោះស្រាយ​នូវ​ជម្លោះ​ទាំងនោះតាមរយៈនៃការចរចា​។

– សម្តេចតេជោ ហ៊ុន សែន បានបន្តលើកឡើងថា ទង្វើនៃការបាញ់ប្រហារទាំងម៉ីសីលក្តី និងអាវុធគីមីក្តី វាជា​សោកដ​នាកម្ម ហើយកម្ពុជាធ្លាប់​ជាជនរង​គ្រោះនៃ​អំពើបែប​នេះគឺពិត​ជាបាន​យល់ច្បាស់​អំពីការ​លំបាក​របស់ប្រជាជន នៃប្រទេសដែលកំពុងមានសង្រ្គាមហែងហួរ ហើយសង្ឃឹមថា ប្រជាជនកម្ពុជា​ទាំង​អស់​ រួមគ្នាជាមួយសម្តេច ដើម្បីការពារសន្តិភាពឲ្យខានតែបាន។

– សម្តេចតេជោ ហ៊ុន សែន សម្តែងការថ្លែងអំណរគុណចំពោះព្រះមហាក្សត្របច្ចុប្បន្ន ដែល​ព្រះអង្គ​តែង​តែយក​ចិត្ត​ទុកដាក់ខ្ពស់បំផុតចំពោះវប្បធម៌របស់ខ្មែរ, សម្តេចនាយករដ្ឋមន្រ្តី បានបន្តលើកឡើងថា វប្បធម៌​ជា​របស់ខ្មែរ ខ្មែរទាំងអស់គ្នាត្រូវការពារឲ្យបាន។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិស័យទេសចរណ៍ នៅខេត្តសៀមរាប ចាប់ផ្តើមពីសូន្យទេសចរណ៍ និងសណ្ឋាគារចាស់ៗតែពីរប៉ុណ្ណោះសម្រាប់ទទួលភ្ញៀវទេសចរណ៍ ប៉ុន្តែ​ពេល​នេះភ្ញៀវ​ទេសចរណ៍​បាន​កើន​ឡើងដល់ជាង៥លាននាក់ក្នុងមួយឆ្នាំ។

– សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ជាកន្លែងសប្បាយ មិនមែន​ជា​កន្លែង​កើតទុក្ខនោះទេ។

– ថ្លែងចេញពីព្រឹត្តិ​ការណ៍អង្គរសង្ក្រាន្ត សម្តេចតេជោ ហ៊ុន សែន សូមថ្វាយព្រះពរ​ចំពោះ​ព្រះ​មហាក្សត្រ និង​ព្រះមហាក្សត្រី សូមព្រះអង្គទាំងទ្វេ មានសុខភាពល្អបរិបូណ៍ដើម្បីគង់ជាម្លប់ដល់កូនចៅ និងសូមជូន​ពរ​ដល់ប្រជាពលរដ្ឋខ្មែរទាំង​អស់នៅក្នុងឱកាសចូលឆ្នាំថ្មីនេះ។

* សម្តេចតេជោ ហ៊ុន សែន បានប្រកាសបើក​ព្រឹត្តិការណ៍​អង្គរសង្រ្កាន្ត​ជាផ្លូវការ ចាប់ពីពេលនេះតទៅ។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការ​ថ្លែងសុន្ទរកថា នៅវេលាម៉ោង ៩៖២៥នាទីនាព្រឹកថ្ងៃដដែល៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ