សុន្ទរកថាឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការជាស្ត្រី ក្នុងឱកាសទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១០៧ និងពិធីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តន៍ផែនការយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័ររបស់ទីស្តីការគណៈរដ្ឋមន្ត្រី ឆ្នាំ២០១៧-២០២០
ថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨
នៅសាលសន្និសីទ C វិមានមិត្តភាព ទីស្តីការគណៈរដ្ឋមន្ត្រី
ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ភ្ញៀវកិត្តិយស និង អង្គពិធីទាំងមូលជាទីមេត្រី!
ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដោយបានមកចូលរួមក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ ជាស្ត្រី ក្នុងឱកាសទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១០៧ ក្រោមប្រធានបទ ” ស្ត្រីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ” និងពិធីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តន៍នូវផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ នៃទីស្តីការគណៈរដ្ឋមន្ត្រី ឆ្នាំ២០១៧-២០២០ នាពេលនេះ។
តាមរយៈសេចក្តីថ្លែងហេតុរបស់លោកជំទាវ ច័ន្ទ សូរីយ៍ រដ្ឋលេខាធិការក្រសួងកិច្ចការនារី សុន្ទរកថាស្វាគមន៍ និងរបាយការណ៍របស់លោកជំទាវរដ្ឋលេខាធិការ ឆាយ វ៉ាន់នឿន ប្រធានគណៈ កម្មការការពារផលប្រយោជន៍ស្ត្រី និងជាប្រធានក្រុមការងារបញ្ជ្រាបយេនឌ័រនៃទីស្តីការគណៈរដ្ឋមន្ត្រី ខ្ញុំសូមកោតសរសើរចំពោះសមិទ្ធផលសំខាន់ៗទាំងឡាយ ដែលគណៈកម្មការការពារផលប្រយោជន៍ស្ត្រី និងក្រុមការងារបញ្ជ្រាបយេនឌ័រ នៃទីស្តីការគណៈរដ្ឋមន្ត្រី សម្រេចបានជោគជ័យកន្លងមក។
ឆ្លៀតឱកាសនេះ ខ្ញុំសូមគាំទ្រនិងអនុវត្តន៍នូវអនុសាសន៍របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ឱ្យបន្តអនុវត្តន៍អនុសាសន៍១១ចំណុចក្នុងឆ្នាំ២០១៧ និងសេចក្តីសម្រេច ថ្មីៗចំនួន៤ចំណុច ដែលបានថ្លែងក្នុងកិច្ចប្រជុំបូកសរុបការងារ ឆ្នាំ២០១៧ និងលើកទិសដៅផែនការ សកម្មភាពការងារ ឆ្នាំ២០១៨ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ដ្រី នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងមកនេះ និងសូមចូលរួមគាំទ្រផងដែរ លើប្រធានបទ ” ស្ត្រីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ” ក្នុងគោលបំណង បន្តរំលេចពីតម្លៃនៃសន្តិភាព និងការលើកកម្ពស់វប្បធម៌អហិង្សាដែលរាជរដ្ឋាភិបាល បាននិងកំពុងគាំទ្រជំរុញឱ្យមានការចូលរួមពីគ្រប់ស្ថាប័ន រួមទាំងបុរសទាំងស្រ្តី ដើម្បីវឌ្ឍនភាពសង្គម ឆ្ពោះទៅលើកកម្ពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈ តួនាទីរបស់ស្ត្រី ក៏ដូចជាសុខុមាលភាពសង្គម ដោយធ្វើការទប់ស្កាត់និងកាត់បន្ថយអំពើហិង្សា ព្រមទាំងដោះស្រាយជម្លោះនានា ដោយសន្តិវិធី។
ជាការពិត សុខសន្តិភាពមានសារៈសំខាន់ណាស់ដែលជាបំណងប្រាថ្នារបស់បុគ្គលគ្រប់រូប គ្រប់វ័យ ព្រោះបើមានសុខសន្តិភាព មានការអភិវឌ្ឍគ្រប់វិស័យ និងគ្រប់ទីកន្លែង។ ផ្ទុយទៅវិញ ជម្លោះនិងអំពើហិង្សា គឺជាឧបសគ្គនៃវឌ្ឍនភាពសេដ្ឋកិច្ចសង្គមរបស់ប្រទេសយើង ហើយធ្វើឱ្យប៉ះពាល់ ដល់សុខុមាលភាពផ្លូវចិត្ត អារម្មណ៍និងរាងកាយរបស់បុគ្គល ជាពិសេស អំពើហិង្សាលើស្ត្រី គឺជាអំពើ រំលោភសិទ្ធិមនុស្សដែលផ្តល់ផលប៉ះពាល់អវិជ្ជមានយ៉ាងខ្លាំង ទៅលើស្ត្រីនិងកូន ដែលបន្សល់ទុកនូវ ផលវិបាករាប់ជំនាន់។
រួមជាមួយនេះ ដើម្បីចូលរួមចំណែកជួយដល់ស្ត្រីយើងដែលមានវត្តមាននៅទីនេះ ក៏ដូចនៅក្នុង ក្របខ័ណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី ផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រនៃទីស្តីការគណៈរដ្ឋមន្ត្រី ឆ្នាំ២០១៧-២០២០នេះ ពិតជាឧបករណ៍ដ៏ចាំបាច់ សម្រាប់បេសកកម្មឆ្ពោះទៅរកការសម្រេច បាននូវសមភាពយេនឌ័រក្នុងទីស្តីការគណៈរដ្ឋមន្ត្រី តាមរយៈការបញ្ជ្រាបយេនឌ័រក្នុងគោលនយោបាយ ផែនការ កម្មវិធី និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា ដើម្បីបង្កើនចំនួនមន្ត្រីរាជការជាស្ត្រី និង ចំនួនស្ត្រីក្នុងតួនាទីធ្វើសេចក្តីសម្រេច ការកែប្រែឥរិយាបថដែលរើសអើងលើស្ត្រី និងការរួមចំណែក សម្រេចបានកំណើនប្រកបដោយចីរភាព និងបរិយាប័ន្ន។ ទន្ទឹមនឹងនេះ ការដាក់ចេញនូវផែនការយុទ្ធសាស្ត្រនេះ ដើម្បីចូលរួមអនុវត្តនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ ឆ្នាំ២០១៤-២០១៨ ផែនការយុទ្ធសាស្ត្រនារីរតនៈទី៤ ឆ្នាំ២០១៤-២០១៨ និងអនុសាសន៍ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់ការណែនាំឱ្យគ្រប់ក្រសួងស្ថាប័នទាំងអស់ យកចិត្តទុកដាក់ក្នុងការបង្កើនចំនួនមន្ត្រីរាជការ ស៊ីវិលជាស្ត្រីដើម្បីចូលរួមបម្រើការងារក្នុងវិស័យមុខងារសាធារណៈ ដោយកំណត់ពី ២០% ទៅ ៥០% សម្រាប់ស្ត្រី។
ជាការពិតណាស់ ការលើកកម្ពស់សមភាពយេនឌ័រនិងសិទ្ធិអំណាចស្ត្រី គឺជាការងារឤទិភាពមួយនៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងគោលដៅបន្តពង្រឹងស្ថានភាព និងតួនាទីដ៏សំខាន់ របស់ស្ត្រីក្នុងសង្គម។ រួមជាមួយនេះ ទីស្តីការគណៈរដ្ឋមន្ត្រីយើង បាននិងកំពុងយកចិត្តទុកដាក់ ក្នុងការអនុវត្តគោលនយោបាយលើកកម្ពស់សមភាពយេនឌ័ររបស់រាជរដ្ឋាភិបាល ដូចជាការផ្តល់ឱកាស ដល់មន្ត្រីរាជការជាស្ត្រី តាមរយៈការប្រឡងជ្រើសរើសមន្ត្រីរាជការថ្មី ការដំឡើងឋានៈនិងតួនាទី ការកសាង សមត្ថភាព និងការចូលរួមវគ្គបណ្តុះបណ្តាលក្នុងនិងក្រៅប្រទេស ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លទ្ធផល នៃការខិតខំប្រឹងប្រែងទាំងនេះ នៅមានកម្រិតនៅឡើយ ជាពិសេស ក្នុងតួនាទីនៃការធ្វើសេចក្តីសម្រេច ហើយខ្ញុំក៏ទទួលស្គាល់ដែរថា យើងក៏នៅជួបបញ្ហាប្រឈមជាច្រើន ដូចដែល លោកជំទាវ ឆាយ វ៉ាន់នឿន បានរៀបរាប់នៅក្នុងរបាយការណ៍សង្ខេបរបស់លោកជំទាវ។ ក្នុងស្មារតីនេះ ដើម្បីចូលរួមដោះស្រាយ នូវបញ្ហាប្រឈមទាំងនោះ ខ្ញុំឯកភាព និងសូមផ្តល់ជាអនុសាសន៍មួយចំនួន ដូចខាងក្រោម ៖
១. បន្តបង្កើនចំនួនសមាមាត្រមន្ត្រីរាជការជាស្ត្រីក្នុងក្របខ័ណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី និងក្នុងតួនាទី ធ្វើសេចក្តីសម្រេចនៅគ្រប់ផ្នែកនិងកម្រិត តាមរយៈការជំរុញ រក្សានិងបង្កើនក្របខ័ណ្ឌរបស់ មន្ត្រីរាជការជាស្តី្រពេលមានការប្រឡងជ្រើសរើសក្របខ័ណ្ឌថ្មីជូនបេក្ខភាពជាស្ត្រីដដែល នៅ ពេលដែលពួកគាត់ ចូលនិវត្តន៍ ឬ បាត់បង់ដោយប្រការណាមួយ និងបង្កើនចំនួនក្របខ័ណ្ឌ ជូនបេក្ខជនជាស្ត្រី កំណត់យកគោលបំណងបង្កើនចំនួនសមាមាត្រមន្រ្តីរាជការជាស្ត្រីបម្រើការនៅទីស្តីការគណៈរដ្ឋមន្រ្តី រក្សាឱ្យបាននិងបង្កើនឱ្យលើសពី ២៥% រហូតដល់ឆ្នាំ២០២០ និងបង្កើនចំនួនមន្ត្រីជាស្ត្រី ដែលមានតួនាទីធ្វើសេចក្តីសម្រេចចាប់ពីអនុប្រធានការិយាល័យ ដល់អគ្គនាយក កើនឡើងពី ២០,៦៨% ក្នុងឆ្នាំ២០១៧ ឱ្យដល់២៥% នៅ ឆ្នាំ២០២០។
២. បញ្ចូលប្រធានក្រុមការងារបញ្ជ្រាបយេនឌ័រ ឬតំណាងដែលមានសិទ្ធិសម្រេចក្នុងគណៈកម្មការ ជ្រើសរើសមន្ត្រីថ្មី និងដំឡើងតួនាទី ឋានន្តរស័ក្ដិ និងផ្តល់គ្រឿងឥស្សរិយយសជូនមន្រី្ត។
៣. រក្សាមុខតំណែងរបស់មន្ត្រីរាជការជាស្ត្រីដែលចូលនិវត្តន៍ទុកជូនមន្ត្រីរាជការជាស្ត្រីផ្សេងវិញ និងបន្តបង្កើនការតែងតាំងតំណែងជូនស្ត្រី។
៤. ផ្តល់អាទិភាពដល់បេក្ខនារីនៅពេលតែងតាំង ក្នុងករណីសមត្ថភាពប្រហាក់ប្រហែលគ្នានឹងបុរស។
៥. ជំរុញការតែងតាំងក្នុងថ្នាក់ដឹកនាំជូនដល់មន្ត្រីរាជការជាស្ត្រី យ៉ាងតិច១រូប នៅក្នុងអគ្គលេខា ធិការដ្ឋាន/អង្គភាព/អគ្គនាយកដ្ឋាន/នាយកដ្ឋាន/ការិយាល័យនីមួយៗ។
៦. បន្តបង្កើនការផ្តល់វគ្គបណ្តុះបណ្តាលក្នុងនិងក្រៅប្រទេសជូនមន្ត្រីរាជការ ជាពិសេស មន្ត្រីរាជការ ជាស្ត្រី ដើម្បីបង្កើនសមត្ថភាព និងចំណេះដឹងបន្ថែម។
៧. ផ្តល់ឱកាសដល់មន្ត្រីរាជការជាស្ត្រីទៅចូលរួមប្រឡងដើម្បីសិក្សានៅសាលាភូមិន្ទរដ្ឋបាល។
៩. ជំរុញឱ្យស្ត្រីត្រូវចេះជួយការពារ និងលើកទឹកចិត្តស្ត្រីគ្នាឯង។
១០.ក្រុមការងារបញ្ជ្រាបយេនឌ័នៃទីស្តីការគណៈរដ្ឋមន្ត្រីត្រូវខិតខំសិក្សាស្រាវជ្រាវអំពីការវិវត្តន៍ថ្មីៗ ដែលទាក់ទងនឹងយេនឌ័រ ដើម្បីផ្សព្វផ្សាយដល់មន្ត្រី និងថ្នាក់ដឹកនាំនៃទីស្តីការគណៈរដ្ឋមន្ត្រី។
១១.ឯកភាពឱ្យមានការជួបជុំសំណេះសំណាលរវាងថ្នាក់ដឹកនាំ ជាមួយមន្ត្រីរាជការជាស្ត្រីនៃ ទីស្តីការគណៈរដ្ឋមន្ត្រី យ៉ាងតិចឱ្យបាន១លើក ក្នុង១ឆ្នាំ។
១២.គាំទ្រឱ្យថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ដែលជាបុរស ចូលរួមកិច្ចប្រជុំ សិក្ខាសាលា វគ្គបណ្តុះ បណ្តាល ពាក់ព័ន្ធនឹងការងារយេនឌ័រ។
១៣.ឯកភាពឱ្យមានបទបញ្ជាផ្ទៃក្នុងរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ពាក់ព័ន្ធនឹងការស្លៀកពាក់របស់ មន្ត្រីរាជការឱ្យបានសមរម្យនិងថ្លៃថ្នូរ ក្នុងម៉ោងធ្វើការ។
មុននឹងបញ្ចប់ ខ្ញុំសូមអំពាវនាវដល់គ្រប់ស្ថាប័ន អង្គភាព និងនាយកដ្ឋានទាំងអស់ដែលចំណុះ ទីស្តីការគណៈរដ្ឋមន្ត្រី សូមបន្តផ្តល់នូវកិច្ចសហប្រតិបត្តិការល្អ និងខិតខំបំពេញការងារឱ្យកាន់តែមាន ប្រសិទ្ធភាព ព្រមទាំងគាំទ្រ និងអនុវត្តន៍ផែនការយុទ្ធសាស្ត្របញ្រ្ចាបយេនឌ័រនៃទីស្តីការគណៈរដ្ឋមន្ត្រី ឆ្នាំ២០១៧-២០២០នេះ ឱ្យបានប្រកបដោយផ្លែផ្កាតាមការរំពឹងទុក។
ជាទីបញ្ចប់ ខ្ញុំសូមថ្លែងអំណរគុណ និងប្រសិទ្ធពរជ័យជូនដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងក្រុមការងារបញ្ជ្រាបយេនឌ័រនៃទីស្តីការគណៈរដ្ឋមន្ត្រីទាំងអស់ សូមទទួលបានជោគជ័យ គ្រប់ភារកិច្ច និងជួបប្រទះនូវពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តន៍នូវផែនការបញ្ជ្រាបយេនឌ័រនៃទីស្តីការគណៈរដ្ឋមន្ត្រី២០១៧- ២០២០នេះ ជាផ្លូវការ។