(FN)៖ រោងចក្រផលិតស៊ីម៉ងត៍ដ៏ធំមួយនៅខេត្តកំពត ដែលបានវិនិយោគជាមួយទឹកប្រាក់រហូតដល់ ២៦២លានដុល្លារសហរដ្ឋអាមេរិករបស់សាជីវកម្ម ជីបម៉ុង អ៊ិនស៊ី ស៊ីមេន (CMIC) ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ពិធីអបអរសាទរ នៃការបើកដាក់ឲ្យដំណើរការរោងចក្រផលិតស៊ីម៉ងត៍ដ៏ធំនៅកម្ពុជានេះ ក៏មានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករផងដែរ ពីសំណាក់មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា មន្ត្រីរាជការ សិស្សានុសិស្ស បុគ្គលិកក្រុមហ៊ុន និងប្រជាពលរដ្ឋសរុបប្រមាណជា ៧ពាន់នាក់។
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជានាយករដ្ឋមន្ត្រី ដែលបានដឹកនាំ និងអភិវឌ្ឍន៍ប្រទេសចេញពីភ្លើងសង្គ្រាម បានថ្លែងថា សមិទ្ធផលនៅលើទឹកដីខេត្តកំពត រួមមានរោងចក្រផលិតស៊ីម៉ងត៍ចំនួន៣ និងវារីអគ្គិសនីមួយផងនោះ គឺជាសមិទ្ធផល ដែលបានកើតចេញពីសុខសន្តិភាពនៃជាតិ ដែលបានរកមកបានដោយលំបាក។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្នកម្ពុជាមានលទ្ធភាពផលិតស៊ីម៉ងត៍បានប្រមាណ ៧លានតោនក្នុងមួយឆ្នាំ ជាមួយរោងចក្រចំនួន៤។
* ប្រមុខរាជរដ្ឋាភិបាលបានបន្តថា ស៊ីម៉ងត៍នេះ បានដើរតួនាទីសំខាន់សម្រាប់បំពេញតម្រូវការលើវិស័យសំណង់ និងផ្លូវមួយចំនួនផងដែរ។
* សម្តេចនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា រោងចក្រផលិតស៊ីម៉ងត៍នេះ មិនត្រឹមតែផ្តល់ការងារដោយផ្ទាល់ដល់ពលរដ្ឋដែលធ្វើការងារនៅក្នុងរោងចក្រដោយផ្ទាល់នោះទេ តែក៏បានផ្តល់ការងារដោយប្រយោលដល់ប្រជាពលរដ្ឋជាច្រើនទៀត។
* សម្តេចតេជោនាយករដ្ឋមន្ត្រី បានបន្តថា ក្រោយឆ្នាំ១៩៧៩ ពលរដ្ឋកម្ពុជាភាគច្រើនគឺបាតដៃទទេ តែពេលបច្ចុប្បន្នកម្ពុជាមានពលរដ្ឋជាអ្នកវិនិយោគ ដែលមានទុនរាប់រយ និងពាន់លានដុល្លារផងដែរ។
* សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា បានអរគុណដល់ប្រជាពលរដ្ឋខ្មែរ ដែលបានគាំទ្រគណបក្សប្រជាជនកម្ពុជា និងរូបសម្តេចផ្ទាល់ឲ្យដឹកនាំប្រទេសជាតិ។ សម្តេចបានបន្ថែមថា រាល់ព្រឹត្តិការណ៍នៅក្នុងប្រទេសចុងក្រោយនេះ សុទ្ធតែបានផ្សារភ្ជាប់ជាមួយសម្តេច។
* សម្តេចតេជោបន្តថា អ្វីដែលកម្ពុជាកំពុងមាននាពេលបច្ចុប្បន្នសុទ្ធតែបានកើតចេញពីការដែលសម្តេចបានយកជីវិតទៅធ្វើដើមទុន ដើម្បីនាំមកនូវការរំដោះប្រទេសចេញ ពីរបបប្រល័យពូជសាសន៍ប៉ុលពត និងការយកជីវិតទៅបិទបញ្ចប់ភ្លើងសង្គ្រាមនៅទូទាំងប្រទេស។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កិច្ចចរចាសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ មិនមែនជាអ្នកនាំសេដ្ឋកិច្ចទីផ្សារមកកម្ពុជានោះទេ ពោលសេដ្ឋកិច្ចទីផ្សារត្រូវបានសម្តេចដាក់ចេញ ដើម្បីជំរុញសេដ្ឋកិច្ចជាតិតាំងពីមុនកិច្ចចរចាទីក្រុងប៉ារីសមកម្ល៉េះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រឆាំងចំពោះនយោបាយគាំពារនិយមរបស់ប្រទេសមួយចំនួនលើវិស័យពាណិជ្ជកម្ម ហើយការប្រកាន់នយោបាយគាំពារនិយម នឹងធ្វើឲ្យប្រទេសនោះក្លាយទៅជាឯកោ។ សម្តេចប្រមុខរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា តម្រូវការស៊ីម៉ងត៍នាពេលបច្ចុប្បន្ន គឺកាន់តែខ្ពស់ ព្រោះតែការសាងសង់កំពុងតែកើនឡើងខ្ពស់។
* សម្តេចតេជោ បានបញ្ជាក់ថា ភ្នំសម្រាប់ទាញវត្ថុធាតុដើមផលិតស៊ីម៉ងត៍នៅក្នុងទីតាំងរបស់ក្រុមហ៊ុនផលិតស៊ីម៉ងត៍ជីបម៉ុង អាចប្រើបានរយៈពេល១០០ឆ្នាំ ក្នុងកម្រិតផលិតស៊ីម៉ងត៍ប្រមាណ ២លានតោនក្នុងមួយឆ្នាំ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខេត្តកំពតមានធនធានពីធម្មជាតិច្រើនសម្រាប់ផលិតចេញនូវផលិតផលនានា ដូចជាការការផលិតអំបិល និងមានថ្ម មានដីសម្រាប់ផលិត ស៊ីម៉ងត៍ជាដើម។ សម្តេចតេជោ ក៏បានមើលឃើញថា សេដ្ឋកិច្ចក្នុងខេត្តកំពតមានការរីកចម្រើនច្រើន តែមិនទាន់គ្រប់គ្រាន់នៅឡើយទេ ដែលទាមទារឲ្យមានការប្រឹងប្រែងរួមគ្នាបន្ថែមទៀត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងផ្តាំអ្នកចង់ជំនួសតំណែងសម្តេចកុំអាលច្រាសច្រាល ព្រោះមិនទាន់មានលទ្ធភាពសម្រាប់គ្រប់គ្រងស្ថានការណ៍របស់ប្រទេសនេះឡើយ គឺអាចដឹកនាំបានតែកូនបក្ស ឬសមាគមមួយតែប៉ុណ្ណោះ។ សម្រាប់សម្តេចវិញយ៉ាងហោចណាស់មានបទពិសោធន៍ដឹកនាំប្រទេសនេះ រយៈពេល ៣៩ឆ្នាំមកហើយ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់សុន្ទរកថានៅវេលាម៉ោង ៩:៤៥នាទីព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨។