ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់រោង​ចក្រផលិតស៊ីម៉ងត៍ដ៏ធំនៅខេត្តកំពត

(FN)៖ រោងចក្រផលិតស៊ីម៉ងត៍ដ៏​ធំមួយ​នៅខេត្ត​កំពត ដែលបាន​វិនិយោគ​ជាមួយ​ទឹកប្រាក់​រហូតដល់ ២៦២​លានដុល្លារ​សហរដ្ឋ​អាមេរិក​របស់​សាជីវកម្ម ជីបម៉ុង អ៊ិនស៊ី ស៊ីមេន (CMIC) ត្រូវបានដាក់សម្ពោធឲ្យ​ប្រើប្រាស់​ជាផ្លូវការ​នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាព​របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ពិធីអបអរសាទរ នៃការបើកដាក់ឲ្យដំណើរការរោងចក្រផលិតស៊ីម៉ងត៍ដ៏ធំនៅកម្ពុជានេះ ក៏មានការអញ្ជើញ​ចូលរួម​យ៉ាងច្រើនកុះករផងដែរ ពីសំណាក់មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា មន្ត្រីរាជការ សិស្សានុ​សិស្ស បុគ្គលិកក្រុមហ៊ុន និងប្រជាពលរ​ដ្ឋសរុប​ប្រមាណជា ៧ពាន់នាក់។

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជានាយករដ្ឋមន្ត្រី ដែលបានដឹកនាំ និងអភិវឌ្ឍន៍ប្រទេសចេញពីភ្លើង​សង្គ្រាម បានថ្លែងថា សមិទ្ធផលនៅលើទឹកដីខេត្តកំពត រួមមានរោងចក្រ​ផលិតស៊ីម៉ងត៍ចំនួន៣ និងវារីអគ្គិសនីមួយផងនោះ គឺជាសមិទ្ធផល ដែលបានកើតចេញពីសុខ​សន្តិភាពនៃជាតិ ដែលបានរកមកបានដោយលំបាក។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្នកម្ពុជាមានលទ្ធភាពផលិតស៊ីម៉ងត៍បានប្រមាណ ៧លាន​តោនក្នុងមួយឆ្នាំ ជាមួយរោងចក្រចំនួន៤។

* ប្រមុខរាជ​រដ្ឋាភិបាលបានបន្តថា ស៊ីម៉ងត៍នេះ បានដើរតួនាទីសំខាន់​សម្រាប់​បំពេញ​តម្រូវការលើវិស័យ​សំណង់ និងផ្លូវមួយចំនួនផងដែរ។

* សម្តេចនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា រោងចក្រផលិតស៊ីម៉ងត៍នេះ មិនត្រឹមតែផ្តល់ការងារដោយផ្ទាល់​ដល់ពលរដ្ឋដែលធ្វើការងារនៅក្នុងរោងចក្រដោយផ្ទាល់នោះទេ តែក៏បានផ្តល់ការ​ងារដោយប្រយោល​ដល់ប្រជាពលរដ្ឋជាច្រើនទៀត។

* សម្តេចតេជោនាយករដ្ឋមន្ត្រី បានបន្តថា ក្រោយឆ្នាំ១៩៧៩ ពលរដ្ឋកម្ពុជាភាគច្រើនគឺបាតដៃទទេ តែពេលបច្ចុប្បន្នកម្ពុជាមានពលរដ្ឋ​ជាអ្នកវិនិយោគ ដែលមានទុនរាប់រយ និងពាន់លានដុល្លារផងដែរ។

* សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា បានអរគុណដល់ប្រជាពលរដ្ឋខ្មែរ ដែលបានគាំទ្រគណបក្សប្រជាជនកម្ពុជា និងរូបសម្តេចផ្ទាល់​ឲ្យដឹកនាំប្រទេសជាតិ។ សម្តេចបានបន្ថែមថា រាល់ព្រឹត្តិការណ៍​នៅក្នុង​ប្រទេស​ចុងក្រោយនេះ សុទ្ធតែបានផ្សារភ្ជាប់ជាមួយសម្តេច។

* សម្តេចតេជោបន្តថា អ្វីដែល​កម្ពុជាកំពុងមាននាពេលបច្ចុប្បន្នសុទ្ធតែ​បានកើតចេញពីការដែលសម្តេចបានយកជីវិត​ទៅធ្វើដើមទុន ដើម្បីនាំមកនូវការ​រំដោះប្រទេសចេញ ពីរបបប្រល័យ​ពូជសាសន៍​ប៉ុលពត និង​ការយកជីវិតទៅបិទបញ្ចប់ភ្លើងសង្គ្រាមនៅទូទាំងប្រទេស។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កិច្ចចរចាសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ មិនមែនជាអ្នកនាំសេដ្ឋកិច្ចទីផ្សារមកកម្ពុជានោះទេ ពោលសេដ្ឋកិច្ចទីផ្សារត្រូវបានសម្តេចដាក់ចេញ ដើម្បីជំរុញសេដ្ឋ​កិច្ច​ជាតិតាំងពីមុនកិច្ចចរចាទីក្រុងប៉ារីសមកម្ល៉េះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែង​ប្រឆាំង​ចំពោះ​នយោបាយ​គាំពារ​និយម​របស់ប្រទេសមួយចំនួនលើវិស័យពាណិជ្ជកម្ម ហើយការប្រកាន់នយោបាយគាំពារនិយម នឹងធ្វើឲ្យប្រទេសនោះក្លាយទៅជាឯកោ។ សម្តេច​ប្រមុខរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា តម្រូវការស៊ីម៉ងត៍នាពេលបច្ចុប្បន្ន គឺកាន់តែខ្ពស់ ព្រោះតែការសាងសង់កំពុងតែកើនឡើងខ្ពស់។

* សម្តេចតេជោ បានបញ្ជាក់ថា ភ្នំសម្រាប់ទាញវត្ថុធាតុដើមផលិតស៊ីម៉ងត៍នៅក្នុងទីតាំងរបស់ក្រុមហ៊ុនផលិតស៊ីម៉ងត៍ជីបម៉ុង អាចប្រើបានរយៈពេល១០០ឆ្នាំ ក្នុងកម្រិតផលិតស៊ីម៉ងត៍ប្រមាណ ២លានតោនក្នុងមួយឆ្នាំ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខេត្តកំពត​មានធនធានពីធម្មជាតិច្រើនសម្រាប់ផលិតចេញនូវផលិតផលនានា ដូចជាការការផលិតអំបិល និងមានថ្ម មានដីសម្រាប់ផលិត ស៊ីម៉ងត៍ជាដើម។ សម្តេចតេជោ ក៏បានមើលឃើញថា សេដ្ឋកិច្ចក្នុងខេត្តកំពតមានការរីកចម្រើនច្រើន តែមិនទាន់គ្រប់គ្រាន់នៅឡើយទេ ដែលទាមទារឲ្យមានការប្រឹងប្រែងរួមគ្នាបន្ថែមទៀត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងផ្តាំអ្នកចង់​ជំនួស​តំណែង​សម្តេច​កុំអាលច្រាស​ច្រាល ព្រោះមិនទាន់មានលទ្ធភាពសម្រាប់គ្រប់គ្រងស្ថានការណ៍របស់ប្រទេសនេះឡើយ គឺអាចដឹកនាំបានតែកូនបក្ស ឬសមាគម​មួយតែប៉ុណ្ណោះ។ សម្រាប់សម្តេចវិញយ៉ាងហោចណាស់​មានបទពិសោធន៍ដឹកនាំប្រទេសនេះ រយៈពេល ៣៩ឆ្នាំមកហើយ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់សុន្ទរកថានៅវេលាម៉ោង ៩:៤៥នាទីព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ