
ខ្ញុំសូមយកឱកាសនេះ ដើម្បីថ្លែងនូវការអរគុណចំពោះលោកជំទាវ ដែលខ្ញុំហៅថា ជាបងស្រី នូវការគាំទ្រទាំងឡាយដែលបង់ក្លាដេសបានផ្តល់ ចំពោះប្រជាជនកម្ពុជារយៈពេលកន្លងទៅ។ តាមរយៈទំនាក់ទំនងរវាងប្រទេស និងប្រទេស និងទំនាក់ទំនងភាពស្និទ្ធស្នាលរវាងលោកជំទាវ និងខ្ញុំ វាក៏បានរួមចំណែកទៅដល់ការបង្កើននូវទំនាក់ទំនងនេះ។ នៅក្នុងកិច្ចពិភាក្សារបស់យើង គឺពោរពេញទៅដោយលទ្ធផល ដែលនេះខ្ញុំចាត់ទុកថា ជាផ្នែកដ៏សំខាន់ដែលយើងបន្តរួមដំណើរជាមួយគ្នា ក្នុងឋានៈជាប្រទេសកំពុងអភិវឌ្ឍន៍។
កម្ពុជាបានផ្តល់នូវការគាំទ្រភ្លាមៗ ជាមួយនឹងសំណូមពររបស់បង់ក្លាដេស នៅក្នុងការរៀបចំបង្កើតឲ្យក្លាយទៅជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ាន ហើយកម្ពុជានឹងបន្តធ្វើការជាមួយដៃគូអាស៊ាន ដើម្បីសម្រេចការព្រមព្រៀងនោះ។
កម្ពុជា ក៏បានផ្តល់នូវការគាំទ្រជាមួយនឹងភាពជាដៃគូនៅក្នុងមេគង្គ-គង្គា (Mekong-Ganga) ហើយខ្ញុំនឹងធ្វើការងារនេះជាមួយនាយករដ្ឋមន្រ្តីឥណ្ឌា នៅខែមករា ឆ្នាំក្រោយ ព្រមទាំងធ្វើកិច្ចការនេះ ជាមួយដៃគូក្នុងមេគង្គផង ដើម្បីឲ្យបង់ក្លាដេសមានលទ្ធភាពអាចចូលរួមនៅក្នុងក្របខណ្ឌភាពជាដៃគូរវាងមេគង្គ-គង្គា។
យើងក៏មិនបានភ្លេច ក្នុងការពិភាក្សាទាក់ទងជាមួយនឹងជនភៀសខ្លួនយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលជាបន្ទុកដ៏ធ្ងន់ធ្ងររបស់បង់ក្លាដេស ហើយយើងវាយតម្លៃខ្ពស់ចំពោះបង់ក្លាដេស ដែលទោះបីជាប្រជាជន(ខ្លួនឯង) មានទៅដល់ ១៦០ លាននាក់ ក៏ត្រូវទទួលចិញ្ចឹមប្រជាជនប្រមាណ ១ លាននាក់ថែមទៀត ដែលភៀសខ្លួនចេញពីមីយ៉ាន់ម៉ា។ នេះយើងក៏ពិចារណារួមគ្នាទៅលើកិច្ចការខិតខំធ្វើឲ្យមានឡើងនូវមាតុភូមិនិវត្តន៍ ហើយសង្ឃឹមថា ភាគីទាំង ២ បង់ក្លាដេស និងមីយ៉ាន់ម៉ា រកឃើញនូវដំណោះស្រាយ ដែលអាចឲ្យប្រជាជនវិលត្រឡប់ទៅកាន់មាតុភូមិវិញ។
ខ្ញុំសូមអរគុណចំពោះលោកជំទាវ ដែលបានអញ្ជើញខ្ញុំទស្សនកិច្ចនៅបង់ក្លាដេសសាជាថ្មីម្តងទៀត ហើយខ្ញុំសូមទទួលយកនូវការអញ្ជើញដោយការសប្បាយចិត្ត៕




