សុន្ទរកថាស្វាគមន៍ ដោយ ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នៃព្រះរាជាណាចក្រកម្ពុជា នាពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទូរគមនាគមន៍ និងព័ត៌មានវិទ្យាអាស៊ានលើកទី១៧ និងកិច្ចប្រជុំពាក់ព័ន្ធ
ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧, ខេត្តសៀមរាប
– សូមគោរព ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីស្តីទី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ជាទីគោរពដ៏ខ្ពង់ខ្ពស់
– ឯកឧត្តមបណ្ឌិត HuoLin Zhao, អគ្គលេខាធិការនៃសហភាពទូរគមនាគមន៍អន្តរជាតិ (ITU)
– ឯកឧត្តមរដ្ឋមន្ត្រីអាស៊ាន និងប្រទេសដៃគូសន្ទនា
– ឯកឧត្តមបណ្ឌិត Lim Hon Hin អគ្គលេខាធិការរងអាស៊ាន
– ឯកឧត្តម លោកជំទាវគណៈប្រតិភូ, ភ្ញៀវជាតិ និងអន្តរជាតិ
– លោក លោកស្រីទាំងអស់!
នាឱកាសដ៏វិសេសវិសាលនេះ ក្នុងនាមក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ខ្ញុំបាទសូមគោរពថ្លែងអំណរគុណដ៏ជ្រៀលជ្រៅបំផុតចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចំណាយពេលវេលាដ៏មានតម្លៃមកចូលរួមជាអធិតីនាពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទូរគមនាគមន៍ និងព័ត៌មានវិទ្យាអាស៊ានលើកទី១៧ និងកិច្ចប្រជុំពាក់ព័ន្ធ (TELMIN17) ក្នុងថ្ងៃនេះ។
កាលពីដប់ឆ្នាំមុន ខេត្តសៀមរាបធ្លាប់បានទទួលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ទូរគមនាគមន៍ និងព័ត៌មានវិទ្យាអាស៊ានលើកទី៧។ ខ្ញុំជឿជាក់ថា សហការីនិងគណៈប្រតិភូមួយចំនួន ដែលមានវត្តមាននៅទីនេះ ក៏ធ្លាប់បានចូលរួមក្នុងកិច្ចប្រជុំនោះផងដែរ។ នៅពេលនោះ កិច្ចប្រជុំត្រូវបានរៀបចំឡើង ក្រោមប្រធានបទ “បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន៖ ឆ្ពោះទៅកាន់ទីជនបទ”។ យើងបានពិភាក្សានិងផ្លាស់ប្តូរយោបល់អំពីការធ្វើឱ្យប្រសើរឡើងនៃហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដល់ទីជនបទ តាមរយៈការដាក់ចេញនូវសកម្មភាពនិងវិធានការនានា ដើម្បីធានាការផ្តល់សេវាទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ប្រកបដោយសមភាព និងមានតម្លៃសមរម្យ ដល់សហគមន៍ជនបទ និងតំបន់ដាច់ស្រយាល ព្រមទាំងជំរុញការទទួលខុសត្រូវសង្គមរបស់ក្រសួង ស្ថាប័ន អង្គភាព អង្គការអន្តរជាតិ វិស័យឯកជន និងបុគ្គលពាក់ព័ន្ធផ្សេងទៀតក្នុងសង្គមព៌ត័មានវិទ្យា។
នៅឆ្នាំនេះ យើងកំណត់យកប្រធានបទ “សន្ធិភាព និងកម្មញ្ញភាពវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន៖ ឆ្ពោះទៅសហគមន៍មួយដែលត្រូវបានធ្វើសមាហរណកម្មឌីជីថល” ដោយហេតុថា យើងចង់ឱ្យមានការប្រែក្លាយដោយរលូនមួយនៅថ្នាក់តំបន់ ឈានទៅកសាងសេដ្ឋកិច្ចដែលទ្រទ្រង់ដោយបច្ចេកវិទ្យាឌីជីថល ដោយផ្តោតលើប្រធានបទគោល និងសំខាន់ៗជាច្រើន ជាអាទិ៍ ការបង្កើនការតភ្ជាប់នៅក្នុងតំបន់, ការជំរុញការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៅក្នុងសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម, ការបណ្តុះបណ្តាលនវានុវត្តន៍ ការឆ្នៃប្រឌិត និងសហគ្រិនភាព, និងការបង្កើនសន្តិសុខព័ត៌មានវិទ្យា និងការគ្រប់គ្រងទិន្នន័យឌីជីថល។
មួយវិញទៀតនិងកាន់តែជាក់ច្បាស់ជាងនេះ នាអំឡុងពេលនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទូរគមនាគមន៍ និងព័ត៌មានវិទ្យាអាស៊ានលើកទី១៧ នេះ រដ្ឋមន្ត្រីអាស៊ានទាំងអស់ នឹងផ្លាស់ប្តូរយោបល់គ្នាលើការអភិវឌ្ឍបច្ចេក-វិទ្យាគមនាគមន៍និងព័ត៌មាន និងពិភាក្សាលើរបាយការណ៍របស់កិច្ចប្រជុំឧត្តមមន្ត្រីទូរគមនាគមន៍ និងព័ត៌មានវិទ្យាអាស៊ាន លើចំណុចមួយចំនួន ដូចជា វឌ្ឍនភាពនិងសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានឆ្នំា២០១៧ ដែលរួមមាន៖ អនុសាសន៍របស់កិច្ចប្រជុំឧត្តមមន្ត្រីទូរគមនាគមន៍ និងព័ត៌មានវិទ្យាអាស៊ាន និងការពិនិត្យចុងក្រោយលើយុទ្ធសាស្ត្រស្តីពីកិច្ចសហប្រតិបត្តិការ សន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានអាស៊ាន, របាយការណ៍ស្តីពីសកម្មភាពរបស់ក្រុមប្រឹក្សានិយ័តករទូរគមនាគមន៍អាស៊ាន, ការអនុវត្តសកម្មភាពការងារឆ្នាំ២០១៧ និងលទ្ធផល, តួលេខសូចនាករ (KPI) សម្រាប់ធ្វើការវាយតម្លៃសមិទ្ធផលនៃការអនុវត្តផែនការមេបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានអាស៊ានឆ្នាំ២០២០, និងស្ថានភាពនៃមូលនិធិបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានអាស៊ាន និងគម្រោងថវិកាសម្រាប់ការអនុវត្តផែនការមេបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានអាស៊ាន ឆ្នាំ២០២០។
ជាងនេះទៅទៀត រដ្ឋមន្ត្រីអាស៊ាននឹងជួបពិភាក្សាផ្លាស់ប្តូរយោបល់គ្នាជាមួយនឹងរដ្ឋមន្ត្រីមកពីដៃគូសន្ទនានិងអគ្គលេខាធិការនៃសហភាពទូរគមនាគមន៍អន្តរជាតិ ស្តីពីបញ្ហានិង/ឬកិច្ចព្រមព្រៀងដែលមាន ក្នុងកិច្ចសហប្រតិបត្តិការជាមួយភាគីខាងក្រៅ រួមមានសំណើ និង/ឬផែនការការងារដែលបានស្នើឡើងដោយដៃគូសន្ទនានិងសហភាពទូរគមនាគមន៍អន្តរជាតិ។
ជាទីបញ្ចប់ ក្នុងនាមអង្គកម្មវិធីទាំងមូល ខ្ញុំបាទសូមគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីស្តីទី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយសុខភាពល្អ សុភមង្គល និងជោគជ័យក្នុងបេសកកម្មបម្រើជាតិ និងប្រជាជន។
ខ្ញុំក៏សូមគោរពជូនពរដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់ ដែលមានវត្តមាននៅទីនេះ ឱ្យប្រកបដោយសុខភាពល្អ សុភមង្គល និងជោគជ័យក្នុងកិច្ចការងារ។
សូមគោរពថ្លែងអំណរគុណ និងសូមអរគុណ។