សុន្ទរកថា សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងកិច្ចប្រជុំជាន់ខ្ពស់នៃបក្សកុម្មុយនីស្តចិន, សន្ទនាជាមួយគណបក្សនយោបាយនៅលើពិភពលោក ក្រោមប្រធានបទៈ រួមគ្នាកសាងសហគមន៍ នៃអនាគតរួម សម្រាប់មនុស្សជាតិ និងពិភពលោកស្រស់ស្អាត

សុន្ទរកថា ក្នុងកិច្ចប្រជុំជាន់ខ្ពស់នៃបក្សកុម្មុយនីស្តចិន សន្ទនាជាមួយគណបក្សនយោបាយនៅលើពិភពលោក (ពេញអង្គលើកទី ១) ក្រោមប្រធានបទ៖ រូមគ្នាកសាងសហគមន៍នៃអនាគតរួម សម្រាប់មនុស្សជាតិ និងពិភពលោកស្រស់ស្អាត

  • ឯកឧត្តមប្រធានាធិបតី ស៊ី ជីនភីង (Xi Jinping), អគ្គលេខាធិការបក្សកុម្មុយនីស្តចិន
  • ឯកឧត្តម, លោកជំទាវ, សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ការិយាល័យនយោបាយបក្សកុម្មុយនីស្តចិន
  • ឯកឧត្តម, លោកជំទាវ, តំណាងគណបក្សនយោបាយ
  • ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី!

ថ្ងៃនេះខ្ញុំមានកិត្តិយស និងក្តីសោមនស្សក្រៃលែង ដោយបានចូលរួមក្នុង កិច្ចប្រជុំជាន់ខ្ពស់នៃបក្សកុម្មុយនីស្តចិន សន្ទនាជាមួយគណបក្សនយោបាយនៅលើពិភពលោក ក្រោមប្រធានបទ រួមគ្នាកសាងសហគមន៍នៃអនាគតរួម សម្រាប់មនុស្សជាតិ និងពិភពលោកស្រស់ស្អាត។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណដល់បក្ស និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្តល់ការស្វាគមន៍យ៉ាងកក់ក្តៅចំពោះរូបខ្ញុំ និងគណៈប្រតិភូ។

ប្រធានបទសម្រាប់កិច្ចពិភាក្សាថ្ងៃនេះ ពិតជាមានសារៈសំខាន់ណាស់ ដោយក្នុងរយៈពេលប្រមាណមួយទសវត្សរ៍ចុងក្រោយនេះ យើងទាំងអស់គ្នាបានឃើញកាន់តែច្បាស់នូវការប្រែប្រួលយ៉ាងខ្លាំង នូវនិម្មាបន​កម្មសេដ្ឋកិច្ច ពាណិជ្ជកម្ម និងភូមិសាស្រ្តនយោបាយ ទាំងក្នុងកម្រិតតំបន់ និងសកលលោក ជាពិសេស គឺការប្រែប្រួលភូមិសាស្រ្តនយោបាយ ពីឯកប៉ូល មកកាន់ពហុប៉ូល និងការលេចឡើងនៃមហាអំណាចសេដ្ឋកិច្ចថ្មី ជាអាទិ៍ ប្រទេសចិន។ ជាមួយនឹងការអភិវឌ្ឍឈានទៅមុខជាលំដាប់ ពិភពលោកក៏កំពុងតែប្រឈមនឹងការកើនឡើងនៃវិសមភាពសង្គម ទាំងនៅក្នុងប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍។ ទន្ទឹមនេះ យើងក៏បានសង្កេតឃើញនូវការកើនឡើងនៃអំពីហឹង្សា អំពើភេរវកម្ម និងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងពីសំណាក់មហាអំណាចខ្លះ ដែលបង្កជាជម្លោះផ្ទៃក្នុង និងបដិវត្តពណ៌ នៅក្នុងតំបន់ និងបណ្តាប្រទេសមួយចំនួន ដែលជាហេតុនាំឲ្យប្រទេសរងគ្រោះទាំងនោះ ធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងនៃសង្គ្រាមរ៉ាំរ៉ៃ នាំមកនូវវិនាសកម្ម និងសោកនាដកម្មដ៏ខ្លោចផ្សា ទាំងក្នុងផ្នែកសេដ្ឋកិច្ច និងសង្គម។

ខ្ញុំជឿថា យើងទាំងអស់គ្នាពិតជាចង់បាននូវពិភពលោកមួយ ដែលប្រទេស និងប្រជាជាតិទាំងអស់ អាចរួមរស់ជាមួយគ្នា នៅក្នុងសុខសន្តិភាព ស្ថិរភាព និងភាពសុខដុមរមនា គោរពអធិបតេយ្យភាព និងបូរណភាពទឹកដីគ្នាទៅវិញទៅមក ហើយតម្កល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងការអភិវឌ្ឍ ជាអាទិភាព និងជាបំណងប្រាថ្នាខ្ពស់បំផុតរបស់ខ្លួន ដូចដែលមានចែងនៅក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ។ ក្នុងស្មារតីនេះ កម្ពុជាសូមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះការដាក់ចេញនូវគោលការណ៍ចម្បងនៃគោលនយោបាយការទូតរបស់ចិន ដោយឯកឧត្តមប្រធានាធិបតី ស៊ី ជីនភីង (Xi Jinping) ពោលគឺ គោលការ «ផ្អែកលើសហគមន៍សកលលោករួមមួយ ដែលមានជោគវាសនារួមគ្នា ដោយចាត់ទុកសុខុមាលភាពប្រជាជនជាអាទិភាពកំពូល»។ ក្នុងន័យនេះ ខ្ញុំយល់ថា ឯកឧត្តមប្រធានា​ធិបតី ស៊ី ជីនភីង (Xi Jinping) បានចុចចំ តម្លៃស្នូល របស់គណបក្សនយោបាយទាំងអស់ ដែលមានវត្តមាននៅក្នុងកិច្ចប្រជុំជាន់ខ្ពស់នេះ ពីព្រោះពិភពលោកបាន និងកំពុងតែផ្សារភ្ជាប់គ្នាយ៉ាងស្អិតរមួត ទាំងក្នុងវិស័យសេដ្ឋកិច្ច និងសង្គម ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ ប្រកបដោយចីរភាព និងភាពរឹងមាំ។

ឯកឧត្តម លោកជំទាវ លោក លោកស្រី!

ជាការរួមចំណែកដល់កិច្ចពិភាក្សារបស់យើង ស្តីពីការបង្កើតនូវសហគមន៍ នៃអនាគតរួមសម្រាប់មនុស្សជាតិ ខ្ញុំសូមចូលរួមចែករំលែកនូវទស្សនៈមួយចំនួន ដូចខាងក្រោម៖

ទី១– ការគោរពអធិបតេយ្យ និងជម្រើសផ្លូវដើររបស់ប្រទេសដោយខ្លួនឯង៖ យើងត្រូវតែគោរពអធិបតេយ្យភាព និងជម្រើសផ្លូវដើររបស់ប្រទេសដោយខ្លួនឯង មិនថាប្រទេសនោះធំ ឬតូច ខ្លាំង ឬខ្សោយ នោះទេ។ និយាយម្យ៉ាងទៀត ប្រទេសទាំងអស់ត្រូវតែប្រកាន់ខ្ជាប់នូវគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងផងគ្នា និងត្រូវគោរពសិទ្ធិរបស់ប្រទេសដទៃ ក្នុងការជ្រើសរើសប្រព័ន្ធគ្រប់គ្រង និងមាគ៌ាអភិវឌ្ឍន៍ ដោយឯករាជ្យ និងគ្មានការរំខាន។ ច្បាស់ណាស់ អ្វីដែលល្អសម្រាប់ប្រទេសមួយ មិនប្រាកដថាល្អសម្រាប់ប្រទេសផ្សេងទៀតនោះទេ ដោយសារតែលក្ខណៈពិសេសដោយឡែកផ្សេងគ្នារបស់ប្រទេសនីមួយៗ នៅក្នុងគ្រប់ទិដ្ឋភាពនៃជីវិតសង្គម។

ទី២– ការកសាង និងថែរក្សាសន្តិភាព និងសន្តិសុខ៖ សន្តិភាព និងសន្តិសុខ ក្នុងប្រទេស និងតំបន់ គឺជាមូលដ្ឋានគ្រឹះមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍ។ ដូច្នេះ ការកសាង និងថែរក្សាឲ្យខានតែបាន នូវសន្តិភាព និងសន្តិសុខ គឺជាអាទិភាពខ្ពស់បំផុតរបស់ប្រទេសនីមួយៗ។ នៅក្នុងបរិការណ៍នៃបទពិសោធន៍របស់កម្ពុជា ការសម្រេចបាននូវសន្តិភាព ឯកភាពជាតិ និងស្ថិរភាពនយោបាយពេញលេញ ក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះ តាមរយៈនយោបាយឈ្នះឈ្នះរបស់រាជរដ្ឋាភិបាល បានបង្កើតឡើងនូវកាលានុវត្តភាពមិនធ្លាប់មានពីមុនមក សម្រាប់ការកែទម្រង់ដ៏ទូលំទូលាយ និងការទទួលបាននូវទំនុកចិត្តពីសំណាក់សាធារណជន ជាពិសេស ពីសំណាក់វិនិយោគិនឯកជន ទាំងក្នុង និងក្រៅប្រទេស ដែលបានផ្តល់ផលជាកំណើនសេដ្ឋកិច្ច ជាមធ្យម ៧,៧% ក្នុងមួយឆ្នាំ និងភាពប្រសើរឡើងជាលំដាប់នៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។

ទី៣– ការកាត់បន្ថយភាពក្រីក្រ ការកាត់បន្ថយគម្លាតសង្គម និងការពង្រឹងសុវត្ថិភាពសង្គម៖ ការរក្សានូវសន្តិភាព និងសន្តិសុខ ឲ្យមាននិរន្តរភាព ទាមទារចាំបាច់ នូវការដោះស្រាយបញ្ហាសង្គមនានា ដូចជា បញ្ហាវិសមភាព ការកាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ដែលបញ្ហាទាំងអស់នេះ គឺជាឫសគល់នៃភាពចលាចល និងបដិវត្តន៍ នៅកន្លែងមួយចំនួននៅលើពិភពលោក។ ដូច្នេះ ការដោះស្រាយបញ្ហានៃភាពក្រីក្រ បញ្ហាវិសមភាព និងការពង្រឹងសំណាញ់សុវត្ថិភាពសង្គម មិនត្រឹមតែជួយលើកកម្ពស់សន្តិភាព និងសន្តិសុខ សម្រាប់ការអភិវឌ្ឍក្នុងពេលបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែ វាក៏នឹងក្លាយជាមាគ៌ាទំនុកបំរុងមនុស្សជំនាន់ក្រោយ ឲ្យអាចរស់នៅបាន ប្រកបដោយសុខសន្តិភាព និងសុខុមាលភាពខ្ពស់ផងដែរ។

ទី៤– ការពង្រឹងគុណភាពនៃការអប់រំ៖ បច្ចុប្បន្ន យុវជនបាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមដឹកនាំប្រទេសទៅរកភាពរីកចម្រើន នៅក្នុងទិដ្ឋភាព និងវិសាលភាពថ្មី។ ទន្ទឹមនេះ ប្រទេសយើងមួយចំនួនធំ ក៏កំពុងទទួលបានផលលាភប្រជាសាស្រ្ត។ លើមូលដ្ឋាននេះ ការផ្តល់ និងការពង្រឹងការអប់រំជូនយុវជន ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយថា ជាគន្លឹះសម្រាប់ភាពរឹងមាំនៃសេដ្ឋកិច្ច និងសម្រាប់ដោះស្រាយបញ្ហាសង្គមនានា។ ដូច្នេះ ការដាក់ចេញនូវគោលនយោបាយអប់រំប្រកបដោយគុណភាព សម្រាប់យុវជន និងសម្រាប់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ គឺពិតជាការងារចាំបាច់បំផុត។

ទី៥– ការរៀបចំសង្គមឲ្យស្របនឹងការអភិវឌ្ឍបច្ចេកវិទ្យា និងវិទ្យាសាស្រ្ត៖ បដិវត្តន៍ឧស្សាហកម្មទី ៤ គឺជាការចាប់ផ្តើមដំណាក់កាលថ្មីនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដោយសមត្ថភាពថ្មីៗនៃបច្ចេកវិទ្យា ព្រមទាំងរបស់មនុស្ស និងម៉ាស៊ីន។ ទន្ទឹមនឹងការរីកចម្រើននេះ ពិភពលោកមានការប្រែប្រួលយ៉ាងឆាប់រហ័សលើគ្រប់វិស័យ ដែលទាមទារឲ្យរដ្ឋាភិបាលធ្វើការពិនិត្យឡើងវិញ នូវក្របខណ្ឌគតិយុត្តិ ការរៀបចំយន្តការអនុវត្តច្បាប់ ក៏ដូចជាបណ្តុះបណ្តាលធនធានមនុស្ស ឲ្យមានសមត្ថភាពស្របនឹងការរីកចម្រើននៃបច្ចេកវិទ្យាទាំងនេះ។ ក្នុងន័យនេះ រដ្ឋាភិបាលនៃប្រទេសនីមួយៗ ត្រូវរៀបចំជាគោលនយោបាយ ដើម្បីដោះស្រាយបញ្ហាប្រឈមផង និងដើម្បីកសាងមូលដ្ឋានគ្រឹះសមស្រប សម្រាប់ទាញយកកាលានុវត្តភាពឲ្យបានជាអតិបរមាពីបដិវត្តឧស្សាហកម្មទី ៤ នេះផង។

ឯកឧត្តម លោកជំទាវ លោក លោកស្រី!

ខ្ញុំអាចនិយាយបានថា បទពិសោធន៍នៃការអភិវឌ្ឍនយោបាយរបស់កម្ពុជា នៅក្នុងយុគសម័យនៃប្រវត្តិសាស្រ្តទំនើបរបស់ពិភពលោក គឺនៅមានលក្ខណៈក្មេងខ្ចីនៅឡើយ។ ប៉ុន្តែ យើងកំពុងរៀនសូត្រយ៉ាងឆាប់រហ័ស សំដៅពង្រឹង «លទ្ធិប្រជាធិបតេយ្យប្រជាជន» របស់កម្ពុជា ឲ្យមានភាពរស់រវើក និងរឹងមាំ។ តម្លៃស្នូលនៃ «លទ្ធិប្រជាធិបតេយ្យប្រជាជន» របស់យើង គឺ៖ ទី១- ការប្តូរផ្តាច់លើកកម្ពស់ និងការធានានូវការគោរពសិទ្ធិស្វ័យសម្រេចរបស់ប្រជាជាតិកម្ពុជា នៅក្នុងអធិបតេយ្យភាព និងបូរណភាពទឹកដីដ៏ពេញលេញរបស់ខ្លួន ដោយគ្មានការជ្រៀតជ្រែក និងរំលោភបំពានពីខាងក្រៅ, ទី២- ការធានារក្សាឲ្យបានដាច់ខាតនូវសន្តិភាព ស្ថិរភាព និងភាពសុខដុមរមនាសង្គម ដែលជាបុព្វលក្ខខណ្ឌមិនអាចខ្វះបានសម្រាប់សម្រាប់ការអភិវឌ្ឍប្រទេស ក៏ដូចជាសម្រាប់ភាពក្សេមក្សាន្តរបស់ប្រជាជាតិ និងសម្រាប់ជីវភាពរស់នៅថ្លៃថ្នូរសមរម្យរបស់ប្រជាជន, ទី៣- ការគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនឥតងាករេ នូវគោលការណ៍នីតិរដ្ឋ និងប្រព័ន្ធនយោបាយសេរីពហុបក្ស ដែលក្នុងនេះ ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពគ្រប់យ៉ាង ដ៏ពេញលេញ នៅក្រោមវិធាននៃច្បាប់ ជាពិសេស សិទ្ធិក្នុងការជ្រើសអ្នកដឹកនាំប្រទេស តាមរយៈការបោះឆ្នោត ជាទៀងទាត់ និងដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌, និង ទី៤- ការប្តេជ្ញាអភិវឌ្ឍស្ថាប័នរដ្ឋ ដោយឈរលើគោលការណ៍ប្រតិតុល្យភាព អភិបាលកិច្ចល្អ និងគុណាធិបតេយ្យ ឲ្យក្លាយជាឧបករណ៍ប្រកបដោយប្រសិទ្ធភាព សក្តិសិទ្ធភាព និងពោរពេញដោយសមត្ថភាព សម្រាប់បម្រើប្រទេសជាតិ និងប្រជាជនកម្ពុជាគ្រប់ស្រទាប់ជាន់ថ្នាក់។

ក្នុងរយៈពេលជាង ៣០ ឆ្នាំចុងក្រោយ នៃបទពិសោធន៍នយោបាយរបស់យើងខ្ញុំ ក្នុងអំឡុងពេលដែលគណបក្សរបស់ខ្ញុំ ពោលគឺ គណបក្សប្រជាជនកម្ពុជា ស្ថិតនៅក្នុងតួនាទីនៃការដឹកនាំប្រទេស កម្ពុជាសម្រេចបាននូវសមិទ្ធផលជាច្រើន ពិតណាស់ ដោយមានការជ្រោមជ្រែងពីមិត្តភក្តិរបស់យើង ដែលមានវត្តមាននៅក្នុងកិច្ចប្រជុំជាន់ខ្ពស់នេះ។ យើងបានធ្វើការយ៉ាងលំបាក ដើម្បីបញ្ចប់សង្គ្រាម ហើយសម្រេចបាននូវសន្តិភាព និងការបង្រួបបង្រួមជាតិដ៏ពេញលេញ ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍប្រទេស និងដែលបាននាំកម្ពុជាឲ្យឆ្លងផុតពីឋានៈនៃប្រទេសចំណូលទាប ក្លាយជាប្រទេសចំណូលមធ្យមកម្រិតទាប ហើយកំពុងតែសម្លឹងឆ្ពោះទៅមុខក្នុងមហិច្ឆតាប្រែក្លាយខ្លួនទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នាឆ្នាំ ២០៣០ ខាងមុខ។ លើមូលដ្ឋាននេះ កម្ពុជានឹងបន្តខិតខំប្រឹងប្រែងបន្តទៀត ក្នុងទិសដៅធ្វើឲ្យកាន់តែប្រសើរឡើងថែមទៀត នូវកិច្ចដំណើរការនយោបាយរបស់ខ្លួន និងនូវការអភិវឌ្ឍជាតិ តាមរយៈការខំប្រឹងប្រែងអស់សមត្ថភាព ដើម្បីពង្រឹង និងលើកកម្ពស់ «លទ្ធិប្រជាធិបតេយ្យប្រជាជន» ស្របតាមលក្ខណៈពិសេស និងសេចក្តីត្រូវការជាក់ស្តែងរបស់កម្ពុជា ដោយឈរលើមូលដ្ឋាននៃតម្លៃស្នូល និងបណ្តាគោលការណ៍គ្រឹះទាំងឡាយ ដូចខ្ញុំបានរៀបរាប់ខាងលើ។ ជាមួយគ្នានេះ កម្ពុជាក៏បានត្រៀមខ្លួនរួចជាស្រេច ដើម្បីរូមចំណែកជាមួយដៃគូពាក់ព័ន្ធទាំងអស់ ក្នុងការធ្វើកិច្ចការចាំបាច់នានា សំដៅពង្រឹងសុខសន្តិភាព និងជំនះឲ្យបាន នូវរាល់បញ្ហាប្រឈមចំពោះមុខ សម្រាប់ការអភិវឌ្ឍប្រទេស និងប្រជាជាតិយើងទាំងអស់គ្នា។

នៅចុងបញ្ចប់ ខ្ញុំសូមយកឱកាសនេះ សម្តែងនូវការអបអរសាទរ ជូនឯកឧត្តមប្រធានាធិបតី ស៊ី ជីនភីង (Xi Jinping) និងជូនដល់បក្សកុម្មុយនីស្តចិនទាំងមូល ចំពោះកិច្ចដំណើរការមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៩ កន្លងទីថ្មីៗនេះ ប្រកបដោយជោគជ័យជាប្រវត្តិសាស្រ្ត និងសូមជូនពរឲ្យកិច្ចប្រជុំរបស់យើងនាពេលនេះ ទទួលបាននូវលទ្ធផលដ៏ល្អត្រចះត្រចង់តាមការគ្រោងទុក៕

សូមអរគុណ!

 

Download (PDF, 1.11MB)

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ