ប្រសាសន៍​សំខាន់​របស់​សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួប​សំណេះ​សំណាល​ជាមួយក​ម្មករ កម្មការិនី ជិតជាង១ម៉ឺន៥ពាន់នាក់ នៅតំបន់កំបូល នាព្រឹកថ្ងៃនេះ

(FN)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧នេះបន្តជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ប្រមាណ ១៥,២១១នាក់ មកពីរោងចក្រចំនួន១០ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងតំបន់កំបូលក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

​ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

– សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ដំណើរចុះជួបបងប្អូនកម្មករ កម្មការិនី ជាបន្តបន្ទាប់រហូត ដើម្បីជំរុញគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម។

– សម្តេចនាយករដ្ឋមន្រ្តីថា តាមរយៈដំណើរចុះជួបផ្ទាល់នេះ សម្តេចអាចដោះស្រាយបញ្ហាជាច្រើនសម្រាប់បងប្អូនកម្មករ កម្មការិនី បើទោះបីបញ្ហានោះ ជាបញ្ហាតូចតាចក៏ដោយនោះ។

– សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ដំណើរចុះជួបបងប្អូនកម្មករ កម្មការិនី ជាបន្តបន្ទាប់រហូត ដើម្បីជំរុញគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម។

– សម្តេចតេជោ ហ៊ុន សែន ថា ឲ្យតែបញ្ហាជាផលប្រយោជន៍របស់ប្រជាពលរដ្ឋមិនមែនជាបញ្ហាតូចតាចនោះទេ។ សម្តេចនាយករដ្ឋមន្រ្តីថា នេះជាពិសោធន៍របស់សម្តេចក្នុងពេលធ្វើជានាយករដ្ឋមន្រ្តីដឹកនាំប្រទេស។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ថៅកែរោងចក្រទាំងអស់ ដែលបានអនុញ្ញាតឲ្យកម្មករ កម្មការិនី បានជួបសំណេះសំណាលជាមួយសម្តេច។ សម្តេចនាយករដ្ឋមន្រ្តីបានហៅកាយវិការនេះ គឺជាកាយវិការយោគយល់គ្នាដ៏ល្អមួយ។ សម្តេចនាយករដ្ឋមន្រ្តីបានបន្ថែមថា ការចេះយោគយល់ អត់ឱន និងអធ្យាស្រ័យគ្នារវាងថៅកែរោងចក្រ និងកម្មករ កម្មការិនី គឺជាការនាំមកនូវសុខដុមនីយកម្មនៅក្នុងការងារ ហើយក៏ជាការរក្សាឆ្នាំងបាយរួមរវាងថៅកែ និយោជក និងកម្មករ និយោជិត។

– សម្តេចតេជោ ហ៊ុន សែន បានហៅការដំឡើងប្រាក់ឈ្នួលទៀបបំផុត ១៧០ដុល្លារនៅឆ្នាំ២០១៨ គឺជាការខិតខំមួយរបស់រាជរដ្ឋាភិបាល ដើម្បីកម្មករ កម្មការិនី មានជីវភាពកាន់តែល្អប្រសើរ។

– សម្តេចនាយករដ្ឋមន្រ្តីថ្លែងថា ប្រាក់ឈ្នួល ១៧០ដុល្លារនាឆ្នាំ២០១៨ខាងមុខនេះ គឺបានមកពីការខិតខំរបស់កម្មករ កម្មការិនីផ្ទាល់ បានមកពីរាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា ដែលបានខិតខំប្រឹងប្រែងរួមគ្នា ដើម្បីសម្រេចសមិទ្ធផលទាំងអស់នេះ។

– សម្តេចតេជោ ហ៊ុន សែន បានហៅភាពជិតស្និទ្ធ និងការស្រឡាញ់ចេញពីបេះដូងរបស់កម្មករ កម្មការិនីក្នុងពេលជួបជាមួយសម្តេច ដោយសារតែកម្មករ កម្មការិនី បានយល់ច្បាស់ពីគុណបំណាច់របស់មេដឹកនាំរូបនេះក្នុងកិច្ចប្រឹងប្រែង ដើម្បីជាតិមាតុភូមិ និងប្រជាពលរដ្ឋ ដែលបានធ្វើតាំងពីជំនាន់ជីដូនជីតា និងឪពុកម្តាយ របស់បងប្អូនកម្មករ កម្មារិនី។ គុណបំណាច់ទាំងអស់នោះ មានដូចជាការរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ការស្វែងរកសុខសន្តិភាព ជាពិសេសគោលនយោបាយឈ្នះឈ្នះ ដើម្បីបញ្ចប់ភ្លើងសង្រ្គាមនៅទូទាំងប្រទេស នាំមកនូវសេចក្តីសុខសម្រាប់ប្រជាពលរដ្ឋ និងផ្តល់ឱកាសយ៉ាងសំខាន់ ឲ្យប្រជាពលរដ្ឋប្រកបរបររកស៊ីចិញ្ចឹមជីវិត។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅឆ្នាំ២០១៧នេះ រំពឹងថា កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសប្រមាណ ៥លាន ៧សែននាក់។

– ឆ្លើយតបអ្នកលើកឡើងថា ការរំលាយគណបក្សសង្រ្គោះជាតិជាការរំលោភឆន្ទៈប្រជាពលរដ្ឋបោះ​ឆ្នោ​តនោះ សម្តេចតេជោ ហ៊ុន សែន បានចោទសួរសំណួរចំនួន៣ ទៅកាន់អ្នកលើកឡើងទាំងនោះ។ សំណួរទាំង៣នោះរួមមាន៖

១៖ នៅអ្នកធ្វើរដ្ឋប្រហាររំលំសម្តេច នរោត្តម សីហនុ តើពួកអ្នកមានគិតពីឆន្ទៈរបស់ប្រជាពលរដ្ឋ ដែលបានគាំទ្រសម្តេចនរោត្តម សីហនុ ឬទេ? អ្នកអត់បានគិតពីឆន្ទៈរាស្រ្តទេ អ្នកគិតតែព្រះអង្គដឹកនាំផ្តាច់ការ ខណៈដែលព្រះអង្គមិនបានធ្វើអ្វីខុសនោះទេ ដើម្បីគាំទ្រសង្រ្គាមនៅប្រទេសវៀតណាម អ្នកបានទម្លាក់សម្តេច នរោត្តម សីហនុ។

២៖ តើនៅក្រោយពេលបោះឆ្នោតឆ្នាំ២០១៣ ហើយអ្នកឯងស្រែក ហ៊ុន សែន អើយចុះចេញទៅ តើអ្នកឯងមានគិតពីឆន្ទៈប្រជាពលរដ្ឋ ដែលគាំទ្រច្រើនលើសលុបទេ?

៣៖ សម្តេចតេជោ ហ៊ុន សែន បានចោទសួរអាមេរិកថា នៅពេលអតីតប្រធានាធិបតីអាមេរិក និចសុន ធ្វើខុស ហើយត្រូវទម្លាក់ពីតំណែង តើមានបានគិតពីការក្បត់ឆន្ទៈពលរដ្ឋអាមេរិកឬទេ?

– សម្តេចនាយករដ្ឋមន្រ្តី ក៏បានរំលឹកពីបញ្ហាមួយចំនួននៅក្នុងប្រទេសថៃ និងប្រទេសកូរ៉េខាងត្បូង។ សម្តេចតេជោ បានលើកឡើងថា ការទម្លាក់តំណែង នាយករដ្ឋមន្រ្តីថៃ ដោយគ្រាន់តែទៅឆាបាយ និងការទម្លាក់ប្រធានាធិបតី ប៉ាក គឺនហេ តើមានគិតពីឆន្ទៈរបស់ប្រជាពលរដ្ឋទេ។ តែទោះជាយ៉ាងណា សម្តេចតេជោ បានសុំការយោគយល់ពីមិត្តថៃ និងកូរ៉េខាងត្បូង ដែលត្រូវយកបញ្ហាប្រទេសនេះមកប្រៀបធៀបបង្ហាញប្រជាពលរដ្ឋកម្ពុជា។

– ឆ្លើយតបការលើកឡើងថា លោក កឹម សុខា និយាយយូរឆ្នាំហើយហេតុអ្វីទើបតែចាប់ខ្លួន សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បើទោះបីលោក កឹម សុខា បាននិយាយយូរទៅហើយក្តី តែការនិយាយនោះវាស៊ីសង្វាក់គ្នានឹងទង្វើរបស់គណបក្សដែលកំពុងធ្វើ ដូច្នេះត្រូវតែចាត់ការ ដើម្បីរក្សាស្ថេរភាពរបស់ប្រទេស។

– សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកើតចេញពីគណបក្សប្រជាជនកម្ពុជា បានប្រឹងប្រែងខ្លាំងណាស់ ដើម្បីរំដោះប្រទេសកម្ពុជាចេញពីភាពក្រីក្រ ១០០ភាគរយ។

– សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីខាតបង់របស់រាជរដ្ឋាភិបាលជាង ៤០លានដុល្លារក្នុងមួយឆ្នាំ ដើម្បីដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករដល់ ១៧០ដុល្លារនៅឆ្នាំ២០១៨។

– សម្តេចតេជោ ហ៊ុន សែន ស្នើលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ពិនិត្យជួសជុលផ្លូវជាតិលេខ៤ ដែលរងការខូចខាត។

– សម្តេចតេជោ ហ៊ុន សែន បានចោទសួរអាមេរិកថា ពួកគេមានបានគិតសិទ្ធិមនុស្ស និងប្រជាធិបតេយ្យដែរទេនៅពេលពួកគេទម្លាក់គ្រាប់បែកលើដីកម្ពុជា ហើយបន្តបង្កគ្រោះថ្នាក់ដល់ប្រជាពល​រដ្ឋកម្ពុជាមកដល់ពេលបច្ចុប្បន្ននេះ។

– សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាទៅលោក ម៉ម ប៊ុនហេង ឲ្យដាក់ប្រជាពលរដ្ឋនៅក្នុងឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ដែលកំពុងរងគ្រោះដោយ គ្រាប់បែកគីមីអាមេរិក ទៅក្នុងកម្មវិធីសមធម៌ ពោលទទួលបានការពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋដោយមិនគិតថ្លៃ។

– សម្តេចតេជោ ហ៊ុន សែន បន្តរំលឹកក្រសួងការងារ និងភាគីរោងចក្ររៀបចំឲ្យមានកន្លែងហូបអាហារ និងទារកឋាន សម្រាប់កម្មករ កម្មការិនី។

នៅក្នុងកិច្ចសំណេះសំណាលនេះសម្តេចតេជោ ហ៊ុន សែន បានបន្តរំលឹកពីការផ្តល់កញ្ចប់អត្ថប្រយោជន៍សម្រាប់កម្មករ កម្មការិនី ដែលមានដូចជា៖

– អនុញ្ញាតឲ្យកម្មករ និយោជិត មកពីគ្រប់វិស័យជិះរថយន្តក្រុងរបស់សាលារាជធានីភ្នំពេញ ដោយឥតគិតថ្លៃរយៈពេល ២ឆ្នាំ ចាប់ពីថ្ងៃទី២០ ខែសីហា ២០១៧ ដល់ ២០ សីហា ២០១៩។

– ចាប់ពីខែមករា ឆ្នាំ២០១៨ ថៅកែរោងចក្រ សហគ្រាស ដែលជាសមាជិករបស់បេឡាជាតិរបបសន្តិសុខសង្គម ត្រូវទទួលរ៉ាប់រងរាល់សេវាគាំពារសុខភាព របស់កម្មករ និយោជិត។ ការសម្រេចថ្មីនេះ ធ្វើឲ្យកម្មករ និយោជិតចំណេញប្រាក់ប្រមាណ ៨,០០០រៀល ទៅ១៣,០០០រៀលក្នុងមួយខែ។

– ចាប់ពីឆ្នាំ២០១៩ កម្មករ និយោជិត មានប្រាក់សោធននិវត្តន៍ដូចមន្រ្តីរាជការ។ ប្រាក់នេះសម្រាប់ជួយដោះស្រាយជីវភាពកម្មករ និយោជិត នៅពេលពួកគេចាស់បម្រើការងារលែងកើត។

– កម្មករ និយោជិត មកពីគ្រប់វិស័យទាំងអស់អាចចូលពិនិត្យ និងព្យាបាលជំងឺក្នុងមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃ។

– ចាប់ពីឆ្នាំ២០១៨តទៅ រាជរដ្ឋាភិបាល ក៏នឹងឧបត្ថម្ភថវិកាដល់កម្មការិនីនៅពេលពួកគេសម្រាលកូនផងដែរ។ ក្នុងនោះអ្នកសម្រាលកូន១ ទទួលបានប្រាក់ឧបត្ថម្ភ ៤០ម៉ឺនរៀល សម្រាលកូនភ្លោះពីរ ទទួលបានប្រាក់ឧបត្ថម្ភ ៨០ម៉ឺនរៀល ហើយអ្នកសម្រាលបានកូនភ្លោះ៣ ទទួលបានប្រាក់ឧបត្ថម្ភ ១លាន ២០ម៉ឺនរៀល។

– កម្មការិនីមានផ្ទៃពោះ ត្រូវបានសម្រេចឲ្យចេញមុនម៉ោងធ្វើការយ៉ាងតិច ១៥នាទី ហើយនៅពេលសម្រាល​ត្រូវបានអនុញ្ញាតឲ្យឈប់សម្រាករយៈពេល៣ខែ ជាមួយអត្រាប្រាក់ខែ ១២០ភាគរយ។

– អនុញ្ញាតឲ្យស្រ្តីខ្មែរ-ឥស្លាម អាចស្លៀកបំពាក់បែបប្រពៃណីរបស់ពួកគេក្នុងការចូលបម្រើការងារ។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្លាំងសម្រាប់ការរកទីផ្សារការងារទាំងក្នុង និងក្រៅប្រទេសសម្រាប់ប្រជាពលរដ្ឋខ្មែរ។ ក្នុងនោះរាជរដ្ឋាភិបាលបានប្រឹងប្រែងសម្របសម្រួលឲ្យពលរដ្ឋខ្មែរនៅប្រទេសថៃ ឲ្យក្លាយទៅជាពលករស្របច្បាប់ និងទទួលបានអត្ថប្រយោជន៍នានា ដូចពលរដ្ឋថៃ។ សម្តេចថា ទីផ្សារការងារនៅក្រៅប្រទេស ក៏សំខាន់ណាស់ដែរសម្រាប់ប្រជាពលរដ្ឋ ហើយការស្វែងរកការងារនៅក្រៅប្រទេសមិនមែន មានតែកម្ពុជានោះទេ។ សម្តេចបន្តថា រាជរដ្ឋាភិបាលក៏ខិតខំរកការងារនៅបណ្តាប្រទេសផ្សេងៗទៀត ដើម្បីប្រជាពលរដ្ឋកម្ពុជា។

– សម្តេចនាយករដ្ឋមន្រ្តី ស្នើឲ្យទិះតៀនសម្តេចចំពោះការរកការងារនៅក្រៅប្រទេសជូនប្រជាពលរដ្ឋខ្មែរផងដែរ។

– សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់កម្មករ កម្មការិនីរួមគ្នាថែរក្សាសុខសន្តិភាព និងអភិវឌ្ឍន៍ជាតិកម្ពុជាដ៏កម្សត់នេះឲ្យកាន់តែរីកចម្រើនថែមទៀត។ សម្តេចរំលឹកថា បើគ្មានសុខសន្តិភាព គ្មានការអភិវឌ្ឍនោះឡើយ។

– សម្តេចតេជោ ហ៊ុន សែន បញ្ចប់សុន្ទរកថា នៅវេលាម៉ោង ៩៖២៨នាទីព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ