ប្រសាសន៍​សំខាន់ៗ​របស់​សម្តេ​ច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​សញ្ញាបត្រជូន​និស្សិត​សាកល​វិទ្យាល័យ CUS ជិត៦ពាន់នាក់ នៅ​មជ្ឈ​មណ្ឌល​កោះពេជ្រ នាព្រឹកថ្ងៃនេះ

(FN)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧នេះ អញ្ជើញ​ជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិតជយលាភី នៃសកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) សរុប ៥,៨០៨នាក់ ក្នុងនោះនារី ២,១៣៤នាក់មកពីគ្រប់សាខានៅទូទាំងប្រទេស។

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្មានការចេះដឹងណាមួយ អាចចម្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត ដូចការផ្តល់ឈាមនោះទេ។ ក្នុងន័យនេះ សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់និស្សិតសាកលវិទ្យាល័យ CUS ដែលទើបបញ្ចប់ការសិក្សាគឺត្រូវប្រឹងប្រែងរៀនសូត្របន្តទៀត។

– សម្តេចតេជោ បន្តថា កម្ពុជា ដែលពីអតីតកាលគេមើលឃើញថា ជាទីតាំងសមរភូមិ និងទីតាំងប្រយុទ្ធ បានក្លាយជាទីតាំងសន្តិភាព, កម្ពុជាដែលពីមុនញាំញី ដោយភាពក្រីក្រ បានប្រឹងប្រែងកាត់បន្ថយភាពក្រីក្របានយ៉ាងលឿន, កម្ពុជា ដែលពីមុនមានប្រាក់ចំណូលទៀប បានក្លាយខ្លួនជាប្រទេសមានចំណូលកម្រិត មធ្យមកម្រិតទៀប ហើយមានមហិច្ឆតាឈានទៅសម្រេចគោលដៅឲ្យក្លាយជាប្រទេសមានចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

– សម្តេចប្រមុខរាជរដ្ឋាភិបាលបន្តថា ដើម្បីសម្រេចមហិច្ឆតាក្លាយខ្លួនជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នឹងក្លាយទៅជាប្រទេសអភិវឌ្ឍន៍បាន គឺទាមទារឲ្យមានការខិតខំប្រឹងប្រែងរួមគ្នា ជាពិសេសគឺពង្រឹងធនធានចំណេះដឹងរបស់ប្រជាពលរដ្ឋ។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឆ្នាំ២០១៧នេះ គឺជាខួបទី៣០ឆ្នាំ ដែលកម្ពុជាបានដាក់ចេញគោលនយោបាយអាទិភាពទាំង៤ (ទឹក ផ្លូវ ភ្លើង និងធនធានមនុស្ស) សម្រាប់អភិវឌ្ឍន៍កម្ពុជា។ សម្តេចតេជោ បន្តថា គោលនយោបាយអាទិភាពទាំង៤នេះ នៅតែមានប្រសិទ្ធភាពខ្ពស់សម្រាប់ការ អនុវត្តន៍ទៅ៣០ឆ្នាំខាងមុខទៀត។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការទិញយកស្ពាន និងផ្លូវលីយ៉ុងផាត់ ព្រែកព្នៅ មកឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ផ្លូវដោយមិនគិតថ្លៃ ដោយសារតែមើលឃើញសេចក្តីត្រូវការរបស់ប្រជាពល​រដ្ឋ​។ សម្តេចបានបញ្ជាក់ថា រាជរដ្ឋាភិបាលត្រូវចំណាយថវិការាប់លានដុល្លារ ដើម្បីទិញស្ពាន និងផ្លូវមួយខ្សែ​នេះជូនប្រជាពលរដ្ឋ។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មេដឹកនាំប្រទេសខ្លះពេលមិនទាន់ឡើងកាន់អំណាចបានសន្យាជ្រុល ហើយពេលឡើងកាន់អំណាចបែរជាធ្វើមិនបាន។ សម្តេចនាយករដ្ឋមន្រ្តី បានសំដៅដល់មេដឹកនាំប្រទេសមីយ៉ាន់ម៉ា ដែលមិនទាន់ឡើងកាន់អំណាចនឹងបញ្ឈប់មិនឲ្យមានការរើសអើងជាតិសាសន៍ តែទីបំផុតធ្វើមិនបាន ហើយបង្កឲ្យមានការផ្ទុះអាវុធកើតមានជាថ្មី។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសន្យាដោយមិនបានគិតពីលទ្ធផល គឺជារឿងមួយដ៏គ្រោះថ្នាក់។

– សម្តេចតេជោ ហ៊ុន សែន បានបន្តថា សម្តេចមានមោទនភាព ដែលបានរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍កម្ពុជាឡើងវិញ។ សម្តេចប្រមុខរាជរដ្ឋាភិបាល សម្តេចជាមេដឹកនាំរួមទាំងសុខ និងទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋ។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយជាមួយនឹងអ្វីដែលកើតមានចំពោះកម្ពុជានាពេលបច្ចុប្បន្ន។ សម្តេចតេជោបន្តថា បើទោះបីមានបញ្ហាខ្លះនៅសេសសល់ ប៉ុន្តែគ្មានប្រទេសណាមួយអាចចៀសផុតពីបញ្ហានោះឡើយ។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បញ្ហាជម្លោះកំពុងកើតមាននៅតំបន់ និងនៅលើពិភព​លោក គឺសុទ្ធតែជារឿងដែលតម្រូវឲ្យកម្ពុជាយកចិត្តទុកដាក់។

– សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ចាប់ពីខែមករា ឆ្នាំ២០១៨ រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភដល់ស្រ្តីដែលជាមន្រ្តីរាជការស៊ីវិល ស្រ្តីដែលជានគរបាល ស្រ្តីដែលជាកងទ័ព នឹងទទួលបានប្រាក់៨០ម៉ឺន សម្រាប់ការឆ្លងទន្លេបានកូនមួយ, កូនភ្លោះពីរទទួលបាន១,៦០លានរៀល, កូនភ្លោះបីទទួលបាន ២,៤លានរៀល។

– សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ស្រ្តីក្នុងក្របខណ្ឌមន្រ្តីរាជការស៊ីវិល នគរបាល និងកងទ័ព មានសរុបប្រមាណ៩ម៉ឺននាក់។ តែក្នុងនោះស្រ្តីមាន លទ្ធភាពមានកូនមានប្រមាណតែ ១០,៨៤៤នាក់ ដែលក្នុងនោះមន្រ្តីរាជការស៊ីវិល មាន ១០,៣៦០នាក់ នគរបាលមានចំនួន ១៩៤ និងកងទ័ពមានចំនួន ២៥០នាក់។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចាប់ពីឆ្នាំ២០១៨តទៅ ការឧបត្ថម្ភសម្រាប់ស្រ្តីឆ្លងទន្លេផ្នែកកម្មករ និយោជិតត្រូវចំណាយប្រមាណ ១០លានដុល្លារ និងសម្រាប់ស្រ្តីជាមន្រ្តីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធមានប្រមាណ២លានដុល្លារ។

– សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា សម្តេចអាចនឹងមានចៅលើសពី២០ ព្រោះកូនៗរបស់សម្តេចកំពុងចង់បានខ្លះទៀត ហើយសម្តេចក៏លើកទឹកចិត្តផងដែរ។ សម្តេចនាយករដ្ឋមន្រ្តី បានរំលឹកថា កាលពីជាង ៤០ឆ្នាំមុនជាមនុស្សឯកោ និងកម្សត់ម្នាក់នៅលើសមរភូមិ និងឆ្លងកាត់ឧបសគ្គជាច្រើន តែពេលនេះបានក្លាយទៅជាគ្រួសារមួយដ៏ធំ។

– សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថា នៅវេលាម៉ោង ៨៖៥៦នាទីនាព្រឹកថ្ងៃដដែល៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort