សម្រង់ប្រសាសន៍​​សម្តេច​តេជោ ហ៊ុន សែន ពិធីបំពាក់មេដាយជូនព្រឹទ្ធាចារ្យកោសល្យវោហា គង់ ណៃ ជ័យលាភីពាន រង្វាន់ក្រុងហ្វ៊ុគុអូកា ប្រទេសជប៉ុន

CNV: 

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា។

ថ្ងៃនេះ យើងពិតជាមានការរីករាយ ដែលបានរួមគ្នាធ្វើបដិសណ្ឋារកិច្ច និងអបអរសាទរចំពោះ លោកព្រឹទ្ធាចារ្យ កោសល្យវោហា គង់ ណៃ ដែលទើបនឹងទទួល​នូវពានរង្វាន់សិល្បៈវប្បធម៌ពីក្រុងហ្វ៊ុគុអូកា ប្រទេសជប៉ុន។

អម្បាញ់មិញ យើងក៏បានស្ដាប់​នូវចម្រៀងបទ កាត់ខាន់ស្លា ដែលជាបទមួយទាក់ទងជាមួយនឹងប្រពៃណី ទំនៀមទំលាប់របស់ប្រជាជនកម្ពុជារបស់យើង។ បន្ទាប់ទៅ យើងក៏បានស្ដាប់នូវចម្រៀងបែបកំប្លែង ដែល ចម្រៀងនេះ គឺខ្ញុំបានជួបប្រទះជាមួយនឹងគាត់តាំងពីឆ្នាំ ១៩៨២ ឯណោះ។ បើគិតទៅ មានរយៈពេលជាង ៣៦ ឆ្នាំ នៅពេលដែលខ្ញុំចុះទៅកាន់ខេត្តកំពត ជួបគាត់នៅពេលនោះ។

ការចូលរួមនៅថ្ងៃនេះ ក៏ប្រមូលផ្ដុំទៅដោយអ្នកសិល្បករ សិល្បការិនីចាស់ៗ ដែលនៅរស់ ហើយដែលអញ្ជើញ មកចូលរួមផងដែរ។ ក្នុងនោះ ក៏មានលោកតា ប្រាជ្ញ ឈួន ដែលជាអ្នកចាប៉ីជើងចាស់។ ពិតមែនតែត្រូវបានជរា ប៉ុន្តែអម្បាញ់មិញ ក៏មានកិត្តិយសបានច្រៀងបន្ដិច​ ដើម្បីអោយយើងបានស្ដាប់។

ជំរុញ និងថែរក្សាសិល្បៈខ្មែរបុរាណ

ខ្ញុំពិតជាមានមោទនភាព ដោយសារយើងបានរួមគ្នា ចេញដំណើរពីស្ថានភាពដ៏លំបាកលំបិន។ ពិតមែនតែ សិល្បករ សិល្បការិនីរបស់យើងមួយចំនួនបានលាចាកលោកនេះទៅ។ ទោះបីជាជំនាន់មុនក្ដី មុនរបប និងក្នុងរបប ប៉ុល ពត ក្ដី ប៉ុន្តែក្រោយមកទៀត ក៏នៅមានសិល្បករ សិល្បការិនីរបស់យើងមួយចំនួន បានចូលរួម ជាមួយយើង ដើម្បីកសាង រៀបចំឡើងវិញនូវសិល្បៈសម្រាប់ប្រទេសរបស់យើង។

ទទួលទានផ្លែឈើ នឹកដល់អ្នកដាំដើមឈើ។ ផឹកទឹក នឹកដល់ប្រភព។ យើងពិតជានឹកឃើញទៅដល់អ្នក ដែលបានរួមចំណែកធ្វើកិច្ចការងារទាក់ទងនឹងបញ្ហាវប្បធម៌នេះ។ ដែលជំហានដំបូង គឺឯកឧត្តម កែវ ចិន្ដា ដែលជាអ្នកប្រមែប្រមូលនូវសិល្បករ សិល្បការិនី ដែលប្រមូលផ្ដុំពេលនោះនូវអ្នករស់រានមានជីវិតមួយចំនួន។ បន្ទាប់ទៅ លោកព្រឹទ្ធចារ្យ ឆេង ផុន ក៏បានបន្តរឿងនេះជាបន្តមកទៀត ជាមួយនឹងការដឹកនាំរបស់រដ្ឋាភិបាលជាន់នោះ ហើយដែលធ្វើអោយដំណើរឈានឡើងរបស់យើង ពីមួយថ្ងៃទៅមួយថ្ងៃ រៀបចំឡើងវិញនូវសិល្បៈរបស់ជាតិ។

ដែលហៅថា “វប្បធម៌” វាមិនមែនគ្រាន់តែបញ្ហាសិល្បៈមួយមុខ ឬចម្រៀងមួយមុខនោះទេ ក៏ប៉ុន្តែវាពាក់ព័ន្ធនឹង បញ្ហាច្រើនណាស់ ហើយគ្របដណ្ដប់លើទិដ្ឋភាពជាច្រើន ដែលយើងបានខិតខំរួមគ្នាធ្វើអោយរស់រានមាន ជីវិត។ មិនត្រឹមតែរស់រានមានជីវិតនៅក្នុងក្របខណ្ឌប្រទេសទេ កន្លងទៅ យើងក៏បានដាក់ជាបន្តបន្ទាប់ទាំងរូបី និងអរូបី ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ដូចជា ចាប៉ីដងវែងនេះ គឺយើងបានដាក់បញ្ចូលទៅជា បេតិកភណ្ឌអរូបីពិភពលោកនៅឆ្នាំ ២០១៦ កន្លងទៅ។ ជាមួយនេះ ការទទួលស្គាល់ជាបន្តបន្ទាប់នូវស្ថាដៃ និងសិល្បៈបែបបុរាណរបស់យើង ក៏បានធ្វើជាបន្តបន្ទាប់។ ហើយសង្ឃឹមថា យើងនឹងធ្វើជាបន្តអភិរក្សតទៅទៀត ជាមួយនឹងអ្វីដែលវាកំពុងតែស្ថិតនៅក្នុងប្រទេសរបស់យើង។

រំលឹកអនុស្សាវរីយ៍ក្នុងទសវត្សរ៍ ៨០ ជាមួយនឹងលោកតា ប្រាជ្ញ ឈួន និងលោកតា ម៉ម សុន

ខ្ញុំគួររំលឹកបន្តិចអម្បាញ់មិញ ពេលដែលមកដល់ លោកតា ប្រាជ្ញ ឈួន គាត់បានរំលឹកកាលពីដើម នៅក្នុងទសវត្សរ៍ ៨០ ក្រោយពេលដែលរំដោះចេញពីរបប ប៉ុល ពត ខ្ញុំបានធ្វើដំណើរច្រើនជាមួយនឹងក្រុមសិល្បៈនៅ ពេលនោះ នៅតាមទីតំបន់ខុសៗគ្នា។ លោកតា ប្រាជ្ញ ឈួន និងលោកតា ម៉ម សុន ដែលគាត់មរណកាលទៅហើយនោះ បានធ្វើដំណើរនៅឆ្នាំ ១៩៨០ ឬដើមឆ្នាំ ១៩៨១។ ពេលនោះ ទៅកាន់ភូមិកំណើតរបស់ខ្ញុំ ហើយគាត់ក៏បានទៅស្នាក់នៅផ្ទះជីតា និងជីដូនរបស់ខ្ញុំនៅឯភូមិកំណើត។ ពេលនោះ មានរឿងមួយដែលជាការចងចាំ រាប់ទាំងលោកតា ប្រាជ្ញ ឈួន ក៏ចងចាំដែរអម្បាញ់មិញ។ នៅពេលនោះ លោកតា ប្រាជ្ញ ឈួន គាត់ងងឹតភ្នែក លោកតា ម៉ម សុន គាត់ភ្លឺ។ យើងមានចាត់តាំងអ្នកដឹកដៃសម្រាប់ដឹកដៃលោកតា ប្រាជ្ញ ឈួន។ កប៉ាល់បុកច្រាំង ព្រោះមិនមានកប៉ាល់ដូចសព្វថ្ងៃទេ ស្ថានភាពមាត់ទន្លេនៅពេលនោះ គឺគេហៅកាណូតទេ មិនមែនជាប្រភេទកប៉ាល់ធំទេ ប៉ុន្តែវាធំដែរ អាចសម្រាកនៅលើនោះបាន។ ពេលចុះទៅដល់ច្រាំង រួចហើយត្រូវឡើងគោក មានអ្នកដឹកដៃលោកតា ម៉​ម សុន (ហើយ)លោកតា ម៉ម សុន ចេះតែបណ្ដោយអោយគេដឹកទៅ ដឹកដៃឡើងទៅដល់លើគោក។ ដល់ងាកទៅ លោកតា ប្រាជ្ញ ឈួន នៅមាត់ទឹក។ នេះគឺជារឿងអនុស្សាវរីយ៍ដែលគួរអោយចងចាំ។ ពេលនោះ យើងមានការសំដែងសិល្បៈ​ ទាំងអាយ៉ៃ ទាំងចាប៉ី។ ចាប៉ីត្រូវបានសំដែងមុន ដោយមានលោកតា ម៉ម សុន លោកតា ប្រាជ្ញ ឈួន ច្រៀងមុន។ បន្ទាប់ទៅ បានដល់អាយ៉ៃ មាន ឈុន ឈាង មានបង ហ៊ុន ហេង និង(មាន)ត្រឹមតែ ២ ឬ ៣ គូ ប៉ុណ្ណឹងទេ។

បន្ទាប់ទៅ លោកតា ប្រាជ្ញ ឈួន និងលោកតា ម៉ម សុន ក៏បាននាំគាត់មកផ្ទះជីដូនជីតារបស់ខ្ញុំ ដោយសារ(ជីដូនជីតាខ្ញុំ)គាត់មិនអាចធ្វើដំណើរបាន ប៉ុន្តែគាត់ចង់ស្ដាប់ចាប៉ី។ យើងក៏បាននាំលោកតា ប្រាជ្ញ ឈួន និងលោកតា ម៉ម សុន ដើម្បីច្រៀងអោយជីដូនជីតារបស់ខ្ញុំ ហើយខ្ញុំក៏សម្រាកនៅទីនោះជាមួយនឹងពួកគាត់។ ជាអកុសល ប្រហែលជាជាងកន្លះឆ្នាំក្រោយមក ជីដូនជីតារបស់ខ្ញុំក៏ទទួលមរណភាពបន្តបន្ទាប់។ ជីតាទទួលមរណភាពមួយអាទិត្យមុន មួយអាទិត្យក្រោយ ជីដូនទទួលមរណភាពតែម្ដង នៅក្នុងពេលដែលខ្ញុំធ្វើទស្សនកិច្ចនៅប្រទេសឥណ្ឌានៅពេលនោះ។

ដំណាក់កាលប្រមូលទុនសិល្បៈវប្បធម៌ កាលសម័យ​មុន

រំលឹកទៅដល់រឿងនេះ ខ្ញុំគិតថា ខ្លួនខ្ញុំម្នាក់ ជាមួយនឹងតួអង្គដទៃទៀតនៃអ្នកដឹកនាំកម្ពុជាក្រោយសម័យ ប៉ុល ពត បានផ្សារភ្ជាប់ខ្លួនយ៉ាងខ្លាំងជាមួយនឹងគ្រប់ទិដ្ឋភាព គ្រប់ផ្នែក គ្រប់វិស័យ និងអនុវិស័យ ដែលក្នុងនោះ រាប់ទាំងវិស័យសិល្បៈវប្បធម៌ផងដែរ ដែលអាចផ្សារភ្ជាប់ខ្លួនជាមួយនឹងសិល្បៈច្រើនទម្រង់។ រឿងនេះ បើយើង ក្រឡេកមើលទៅក្រោយវិញ វាពិបាកនឹងជឿខ្លាំងណាស់ ដែលអ្នកកើតជំនាន់ក្រោយ និងអ្នកដែលមិនបាន យល់ពីសភាពការណ៍ មិនអាចដឹងបានថា កម្ពុជាបានកើតអ្វីពីអតីតកាល ព្រោះនៅពេលគេមកកាន់កម្ពុជា គេបានឃើញសភាពការណ៍ហាក់ដូចធម្មតាខ្លាំងណាស់។ អ្វីក៏មានៗ ទីក្រុងភ្នំពេញរស់រវើក ហើយវាអាចសឹងថា មានភាពរស់រវើកខ្លាំងជាងទីក្រុងនៃប្រទេសខ្លះទៀតផង។ ដូច្នេះ គេគិតស្មានថា អតីតកាលរបស់កម្ពុជាគ្មានអ្វី កើតឡើងទេ ប៉ុន្តែ គេត្រូវដឹងថា កម្ពុជាពីអតីតកាលនៅក្រោយពេលរំដោះពីរបប ប៉ុល ពត មានប្រជាជនតែ ប៉ុន្មានសិបនាក់តែប៉ុណ្ណោះ គ្មានប្រជាជនដូចសព្វថ្ងៃហ្នឹងទេ។

ក្នុងផ្នែកសិល្បៈ សល់តិចណាស់ ហើយពេលនោះ គឺខ្ញុំនៅចាំបានថា លោកតា ឆេង ផុន គាត់ដាក់នូវផែនការ ទាក់ទិនជាមួយនឹងបញ្ហាសិល្បៈវប្បធម៌ គឺដំណាក់កាល​ប្រមូលទុន។ ហេតុអ្វីចាំប្រមូលទុន? ដោយសារទុន នេះ វាបានខ្ចាត់ខ្ចាយអស់ទៅហើយ​ បានបាត់បង់នៅក្នុងដំណាក់កាល​នៃការបំផ្លិចបំផ្លាញរបស់ ប៉ុល ពត។ ដូច្នេះ ដំណាក់កាលនោះ គឺជាដំណាក់កាលនៃការប្រមូលទុន គឺឆ្លងកាត់តាមរយៈនៃសិល្បករ សិល្បការិនី ដែលនៅរស់រានមានជីវិតក្រោយការកាប់សម្លាប់របស់ ប៉ុល ពត។

នៅកម្ពុជាយើង ប្រហែលជាមានការលំបាកជាងប្រទេសដទៃទៀត ដូចជាបញ្ហាចាប៉ី។ ចាប៉ីគ្មានអក្សរភ្លេងទេ។ ប្រទេសដទៃទៀត គេមានណោតភ្លេងរបស់គេ មានអក្សរភ្លេងរបស់គេ ដូច្នេះភ្លេងនេះវាងាយ(រកមកវិញ) មរតកដែលនៅសេសសល់ គឺអាចចម្លង ឬរៀនសូត្រទៅតាមអក្សរភ្លេង។ ក៏ប៉ុន្តែ ចាប៉ី ឬក៏ ទ្រ ឬក៏ តាខេ ឬក៏ ឃឹម មានអក្សរភ្លេងពីអង្កាល់មក? ដូច្នេះ ជម្រើសដែលល្អជាងគេ គឺប្រមូលផ្ដុំអ្នកដែលនៅរស់រានមានជីវិត ដើម្បីនឹងរក្សាទុក រៀបចំជាការថតសំឡេង កាលពីពេលនោះ។

ហើយខ្ញុំនេះមិនចេះរបៀបថែទាំទៅទៀត។ លោកតា ឆេង ផុន បានប្រគល់អោយខ្ញុំនូវកាសែតម៉ាញ៉េ ៣០ នាទីម្ខាង ម្ខាងទៀត ៣០ នាទី (សរុប)មួយម៉ោង។ បានអាហ្នឹងយកមក យកទៅចាក់ទុកនៅក្នុងទូដែក ទូដែកវាក្ដៅ វារលាយអស់ទៅ វាចាក់លែងចេញ។ វាមិនមែនដូចឥឡូវទេ ចម្រៀងរបស់លោកតា គង់ ណៃ បទកាត់ខាន់ស្លា ខ្ញុំ download ទុកក្នុងទូរស័ព្ទខ្ញុំ ចម្រៀងទាំងប៉ុន្មានមាននៅក្នុងទូរស័ព្ទខ្ញុំទាំងអស់។ នេះគឺជាការថែទាំមរតកដើម​។ យើងបានប្រឹងប្រែងខ្លាំងណាស់ ទម្រាំនឹងប្រមូលទុន ហើយការប្រមូលទុនរបស់យើង តាមរយៈសិល្បករ សិល្បការិនី ដែលនៅសេសសល់ពីការកាប់សម្លាប់របស់ ប៉ុល ពត។

ឥឡូវសិល្បករ សិល្បការិនីរបស់យើង ដែលនៅសេសសល់ពីរបប ប៉ុល ពត សុទ្ធតែមានវ័យចំណាស់ហើយ។ ថ្ងៃនេះ លោកយាយ ធា លោកគ្រូ សាមិត និងតា ពាង។ (និយាយពី តាប៉ោត តាពាង)

ចលនាសិល្បៈមហាជនមានការថមថយ ក្រោយពេលចូលសេដ្ឋកិច្ចទីផ្សារ

តាមរយៈពេលនោះ យើងគួរតែសរសើរអំពីចលនាមហាជនរបស់យើង ក្នុងការងើបឡើងក្នុងវិស័យវិថីសិល្បៈ​នេះ។ គ្រប់ទីកន្លែងទាំងអស់នៅពេលនោះ ទោះបីជួបការលំបាក ក៏ប៉ុន្តែសិល្បៈរបស់យើង មានសិល្បៈមហា ជនច្រើនណាស់ នៅពេលនោះ។ ខេត្តណាក៏មានវង់ល្ខោន មានវង់យីកេ មានអាយ៉ៃ មានចាប៉ី ប៉ុន្តែក្រោយមកចូលមកដល់គេហៅថា សេដ្ឋកិច្ចទីផ្សារ ប្រកួតប្រជែង បែរជាចលនានេះមានការថមថយទៅវិញ។ សិល្បៈមហាជន ដែលនៅកំដររោង ឬអាចនឹងបម្រើទៅនឹងកម្មវិធីនានា នៅមិនច្រើនទេ បើប្រៀបធៀបទៅក្នុងទសវត្សរ៍ ៨០ ដែលយើងមានការលំបាក ហើយដែលសម័យកាលនោះ សិល្បៈពិបាកសម្តែងនៅក្នុងពេលយប់ ដោយសារតែវាអសន្តិសុខ។ ប៉ុន្តែ សិល្បៈដូចជា ល្ខោនបាសាក់ សម្តែងនៅពេលថ្ងៃ ហើយសម្តែងសុទ្ធតែត្រូវកាន់អាវុធថែមទៀតផង។ នោះនៅត្រង់ថា នៅពេលដែលកំពុងលេង ប៉ុល ពត ចូលមក អញ្ចឹងទេ ទាំងតួទាំងអស់រាប់ទាំងយក្ស ហើយយក្សហ្នឹងជាអ្នកកាន់កាំភ្លើងនោះឯង។ ព្រោះត្រូវមានអាវុធ មានកាំភ្លើង។ ដល់ទៅយក្សចុះពីរោង ដើម្បីចុះទៅតាមលេណដ្ឋានដែលត្រូវការពារ កូនក្មេងវាខ្លាចយក្ស វាមិនទៅខ្លាច ប៉ុល ពត ឯណា វាទៅខ្លាចយក្ស។

សម្រាប់ តាណៃ ខ្ញុំបានធ្វើដំណើរទៅកាន់ខេត្តកំពតនៅឆ្នាំ ១៩៨២ ពេលនោះ ឯកឧត្តម សោម ចិន ធ្វើជាអភិបាលខេត្តុ, ឯកឧត្តម កុយ លួន ធ្វើជាលេខាបក្សខេត្ត, ឯកឧត្តម សំរាំង កំសាន្ត ដែលជារដ្ឋលេខាធិការក្រសួងវប្បធម៌បច្ចុប្បន្ននេះ ធ្វើជាប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ នៅទីនោះ។ ពេលនោះ ខ្ញុំបានជួបសិល្បៈករ/ការិនី ២ នាក់ចាស់ៗ ទី ១ គឺជួប តា គង់ ណៃ, ទី ២ ជួបអ្នកស្រី ហែម សុវណ្ណ ហ្នឹងតែម្តង ដែលខ្ញុំគិតស្មានថាគាត់ស្លាប់ទៅហើយនោះ។ ក៏ប៉ុន្តែ បែរជាជួបឡើងវិញ។ ខ្ញុំក៏បានស្នើឲ្យគាត់ច្រៀងបទ ព្រោះគាត់ជាម្ចាស់បទ អ៊ុក សារ៉េម ក្អួតឈាមនោះ។ ហើយ តា គង់ ណៃ បានជាខ្ញុំស្គាល់ ហើយកុម៉្មង់បទមិញនេះ «ដំរីយោលដៃ» គឺគាត់ច្រៀងតាំងពីពេលនោះ។ តាមរយៈនេះហើយ ខ្ញុំនៅចាំបានថា ខ្ញុំបានស្នើសុំរដ្ឋសភា នៅពេលក្រោយប្រជុំរដ្ឋសភាហើយ តែងមានជប់លៀង ពេលនោះ មហោស្រពចាស់របស់យើងមិនទាន់ឆេះទេ នៅក្នុងអំឡុងឆ្នាំ ១៩៨២ នេះឯង។ ខ្ញុំក៏បានស្នើសុំឲ្យរដ្ឋសភា អញ្ជើញ លោកតា គង់ ណៃ មកច្រៀងនៅឯមហោស្រពចាស់ (ចាំបានទេ តាណៃ?)។ នេះជាការបង្ហាញខ្លួនលើកដំបូងរបស់គាត់នៅទីក្រុងភ្នំពេញនេះ។

បន្ទាប់ពីប្រកាសអាសន្ន ពីវិបត្តិអាចារ្យ និងចាប៉ីដងវែង អាយ៉ៃ សង្កេតឃើញមានការរីកដុះដាលឡើងវិញ

ទម្រង់សិល្បៈគ្រប់ផ្នែករបស់យើង គឺបានរីកដុះដាល។ ប៉ុន្តែ វាក៏បានថមថយចុះត្រឡប់ទៅវិញ។ ឥឡូវ ខ្ញុំស្នើថា យើងគួរតែត្រូវយកចិត្តទុកដាក់ ពង្រឹងបន្ថែមទៀត។ សម័យថ្ងៃមួយ ខ្ញុំបានប្រកាសអាសន្ន ប្រមាណជាជិត ១០ ឆ្នាំមុននេះ ខ្ញុំប្រកាសអាសន្នពីរចំណុច។ ចំណុចទី ១ ស្តីពីវិបត្តិអាចារ្យ, ចំណុចទី ២ អំពីការជិតដាច់ពូជ នៃចាប៉ីដងវែង និងអាយ៉ៃ។ តាំងពីពេលនោះមក ខ្ញុំមានការរីករាយ ដោយសារតែគ្រូចាប៉ីនីមួយៗតែងមានកូនសិស្សជាប់ជាមួយ ទទួលបាននូវការបណ្តុះបណ្តាល។ បើទោះបីថាមិនទាន់ស្ទាត់ជំនាញ ក៏ប៉ុន្តែ ចាប៉ីមានការរីកដុះ​ដាលច្រើន បើពិនិត្យទៅ ចាប៉ីច្រើនជាងអាយ៉ៃ។ អាយ៉ៃលំបាកបន្តិច ព្រោះត្រូវរកគូឲ្យត្រូវគ្នា ប៉ុន្តែ ចាប៉ីអាចច្រៀងតែឯងបាន។ អញ្ចឹង ខ្ញុំអំពាវនាវបន្តឲ្យយកចិត្តទុកដាក់អំពីបញ្ហានេះ។

តា គង់ ណៃ ជាអ្នកទី ៣ ដែលទទួលពានរង្វាន់នេះ

ងាកមកសម្រាប់លោកតា គង់ ណៃ ផ្ទាល់ យើងពិតជាមានការអបអរសាទរជាមួយនឹងការទទួលបាននូវពានរង្វាន់សិល្បៈវប្បធម៌ហ្វ៊ូគុអូកា នៃប្រទេសជប៉ុន ហើយដែលពានរង្វាន់បែបនេះបានទទួលចំនួន ២ រូបរួចមកហើយ។ ទី ១ លោកព្រឹទ្ធាចារ្យ ឆេង ផុន ហើយទី ២ លោកបណ្ឌិត អាង ឈុនលាង​។ ឥឡូវទី ៣ លោកព្រឹទ្ធាចារ្យ គង់ ណៃ ដែលនេះគឺជាមោទនភាព មិនគ្រាន់តែជាបញ្ហាដាច់ដោយឡែករបស់លោកតា គង់ ណៃ ទេ។ ប៉ុន្តែ វាជាបញ្ហាកិត្តិយសរបស់ប្រទេសជាតិផងដែរ ដែលក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមធ្វើការកោតសរសើរ និងចូលរួមអបអរសាទរជោគជ័យនេះ សម្រាប់ជាតិ និងប្រជាជនរបស់យើង។

តែងឧបត្ថម្ភដល់សិល្បៈករចាស់ៗ រាល់ឆ្នាំ គ្រាន់តែមិនប្រកាស

នេះហើយជាមរតករបស់មនុស្សរស់។ នេះហើយក៏បានមកពីការខិតខំរបស់យើងទាំងអស់គ្នា ដែលបាននាំផ្លូវសម្រាប់ប្រទេសជាតិដ៏កម្សត់មួយនេះ ពីគំនរផេះផង់ មកកាន់ស្ថាន​ភាពជឿនលឿនមួយ។ ហើយនេះហើយក៏បានមកពីការគាំទ្រទាំងឡាយរបស់ប្រជាជន នៅទូទាំងប្រទេស ដែលផ្តល់នូវការគាំទ្រចំពោះវប្បធម៌ជាតិរបស់ខ្លួន ក្នុងនោះ ទាក់ទងទៅនឹងវិស័យសិល្បៈចាប៉ីដងវែងនេះផងដែរ។ ខ្ញុំមិនដឹងថា លោកតា គង់ ណៃ បានទទួលនូវរបបឧបត្ថម្ភរបស់ខ្ញុំជាបន្តបន្ទាប់ទៀតទាត់ ឬអត់? (ថាបានរាល់ឆ្នាំ) ២០ ឆ្នាំរួចមកហើយ ដែលខ្ញុំបានឧបត្ថម្ភចំពោះលោកតា គង់ ណៃ ក្នុងមួយឆ្នាំ ៦០០ ដុល្លារ បានសេចក្តីថា មួយខែជូនគាត់បានតែ ៥០ ដុល្លារទេ ព្រោះកាលនោះ យើងក៏ក្រ ហើយលោកតា ប្រាជ្ញ ឈួន ដូចជាបានមួយខែ ១០០ ដុល្លារ (និយាយលេង)។ របបមរតកមនុស្សរស់ហ្នឹងផ្សេង របបពីខ្ញុំផ្សឹង។ របបខ្ញុំមិនមែនតិចទេ ក្រុមនៅហ្នឹងច្រើនណាស់ មិនតិចទេ តា ណេតប៉េ ក៏មានដែរ តែ សាមិត អីដូចមានហើយ។ មើល! ក្រុមដែលខ្ញុំជួយឧបត្ថម្ភរាល់ខែហ្នឹង គឺមានប៉ុន្មាននៅក្រុមហ្នឹង? លើកដៃ។ ខ្ញុំដូចជាជូនតាមលោក យ៉ាន់ បូរិន ដូចជាច្រើនដែរ។ តាំងពី យាយ ធា មានធ្មេញ ដល់អត់ធ្មេញ ឥឡូវលឺថាធ្មេញហ្នឹងដាក់លែងជាប់ហើយ។ ខ្ញុំបានផ្តល់ជំនួយច្រើនសន្ធឹកសន្ធាប់ដែរ ក៏ប៉ុន្តែ គ្រាន់តែខ្ញុំមិនប្រកាសតែប៉ុណ្ណោះ ទៅលើស្ថានភាពដែលបានធ្វើកន្លងទៅ សម្រាប់អ្នកសិល្បករ/ការិនីចាស់ៗ សូម្បីតាំងពី យាយ ចេកម៉ាច គាត់នៅរស់ ខ្ញុំក៏ទទួលការឧបត្ថម្ភជូនគាត់ ដល់គាត់មរណកាលទៅ គ្រួសាររបស់គាត់ក៏សុំបន្ត​។ លោកយាយ ឃី មុំ ក៏ត្រូវបានតាំងពីប៉ុន្មានសិបឆ្នាំមក ចូលម្នាក់ៗជិត ២០ ឆ្នាំហើយ មិនមែនមួយថ្ងៃពីរថ្ងៃទេ។ អញ្ចឹងបានជាការផ្សារភ្ជាប់ខ្លួននេះ គឺវាជារឿងមួយ ដែលខ្ញុំបានរួមចំណែក អាចចាត់ទុកថា គ្រប់វិស័យ ឬអនុវិស័យ ដែលយើងបានផ្សារភ្ជាប់ខ្លួនជាមួយនឹងអ្វីដែលវាបានកកើតនៅក្នុងប្រទេសកម្ពុជារបស់យើងនេះ។

មានសិល្បៈបុរាណ ទើបមានសិល្បៈសម័យ / ជ្រើសរើសយកសិល្បៈបុរាណសម្តែងជូនភ្ញៀវបរទេស ទើបប្រសើរ

ថ្ងៃនេះ មិនថាសិល្បៈបុរាណ មិនថាសិល្បៈសម័យ ខ្ញុំបានដឹងថា សិល្បៈសម័យក៏បានមកចូលរួមអបអរសាទរនៅទីនេះ។ គ្មានបុរាណ ពិតជាគ្មានសម័យ ហើយបើមានតែសម័យ អត់បុរាណ ក៏មិនដឹងថាវាចេញពីត្រង់ណាទេ។ ហើយជាទម្លាប់របស់ខ្ញុំ នៅក្នុងកន្លែងនេះ គឺជាកន្លែងដែលជួបទទួលបដិសណ្ឋារកិច្ចចំពោះប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៅក្នុងពេលប្រជុំអាស៊ាន។ ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល ទទួលទានអាហារនៅក្នុងបន្ទប់មួយនេះ ជាមួយនឹងបន្ទប់ម្ខាងទៀត គឺកន្លែងប្រជុំគណៈរដ្ឋមន្រ្តី។ ប្រធានាធិបតីប្រទេសជាច្រើន នៅក្នុងក្របខណ្ឌអាស៊ាន អាស៊ានបូកបី អាស៊ានបូកមួយ និងអាស៊ីបូព៌ា មានជំនួបនៅក្នុងទីកន្លែងនេះ ហើយយើងបានប្រើប្រាស់​ទីកន្លែងនេះ ដើម្បីធ្វើជាទីកន្លែងសម្រាប់ការទទូលរៀបចំពិធីជប់លៀង។ ហើយពិធីជប់លៀងនៅកន្លែងនេះ ជាទូទៅ ខ្ញុំប្រើនូវកម្មវិធីសិល្បៈរបស់ជាតិ ដើម្បីទទួលភ្ញៀវ ព្រោះថា ដូចជាការបង្ហាញជាវីយ៉ូឡុង ឬជាតន្រ្តីបែបសម័យ តាមពិតគឺជា​របស់ដែលប្រទេសគេផលិត រួចហើយយើងយកមកបង្ហាញគេដដែល។ យើងចង់ឲ្យគេស្គាល់នូវចាប៉ី យើងចង់ឲ្យគេស្គាល់នូវតាខេ យើងចង់ឲ្យគេស្គាល់នូវឧបករណ៍ភ្លេងខ្មែររបស់យើងច្រើនជាង។ បើសិនជាយើងយករបស់គេ ទៅបង្ហាញគេវិញ វាចេះតែបានហើយ គេចេះតែស្តាប់​ហើយ យើងក៏ចង់បង្ហាញថា យើងក៏ចេះដែរនូវឧបករណ៍ភ្លេងរបស់គេ ក៏ប៉ុន្តែ ដោយសារតែពេលវេលាខ្លី យើងខិតខំបង្ហាញនូវទម្រង់សិល្បៈរបស់យើង ឧបករណ៍ ដូរតន្ត្រីរបស់យើងវាប្រសើរជាង។ និយាយយ៉ាងដូច្នេះ មិនមែនមានន័យថា យើងបោះបង់មិនយកមកបង្ហាញនូវអ្វីដែលជារបស់សម័យដែលយើងបានហ្វឹកហាត់(នោះទេ)។

ជំនួបមួយឆ្នាំម្ដងជាមួយសិល្បករ សិល្បការិនី

ហើយខ្ញុំគួរតែរំលឹកថា ចាប់ពីឆ្នាំក្រោយតទៅ ខ្ញុំត្រូវមានជំនួប ១ ឆ្នាំម្តង​ ជាមួយសិល្បករ សិល្បការិនី។ ​ជំនួប នោះត្រូវធ្វើជាមួយ​កម្មវិធីទិវាវប្បធម៌ ៣ មីនា តែម្តង។ ៣ មីនាជារៀងរាល់ឆ្នាំ​យើងធ្វើនៅ​សាលមហោស្រពចតុ មុខ ប៉ុន្តែទទួល​មនុស្សបានតិចណាស់ ប៉ុន្តែចាប់ពីឆ្នាំ ២០១៨ ទៅ យើង​នឹងធ្វើនៅកោះពេជ្រវិញ ហើយបន្ទាប់ ទៅ យើងនឹង​ទទួល​ទានអាហារជាមួយគ្នា ដើម្បីជាការជួប​ជុំក្នុងទំហំធំកម្រិត ៤ ទៅ ៥ ពាន់នាក់តែម្តង ដើម្បី ផ្សារភ្ជាប់ពីទម្រង់មួយទៅកាន់​ទម្រង់មួយ​។​ ខ្ញុំបាន​ស្នើសុំ​អោយ​រដ្ឋមន្ត្រីក្រសួងវប្បធម៌ វិចិត្រសិល្បៈ ធ្វើយ៉ាង ម៉េច ការរៀប​ចំ​នេះកុំអោយប៉ះពាល់​ចំពោះថ្ងៃ​សៅរ៍ និងថ្ងៃអាទិត្យ ដោយសារអី?ដោយសារថ្ងៃសុក្រ ថ្ងៃសៅរ៍ ថ្ងៃ អាទិត្យ និងថ្ងៃច័ន្ទ ៣ ទៅ ៤ ថ្ងៃហ្នឹង គេជាប់កម្មវិធីប្រគុំតន្រ្ដីនៅតាមស្ថានីយទូរទស្សន៍នានា ជាពិសេសថ្ងៃសៅរ៍ និងថ្ងៃ​អាទិត្យតែម្តង។ អញ្ចឹងប្រសិនបើ ៣ មីនា ចំថ្ងៃសុក្រ សៅរ៍ អាទិត្យ និងថ្ងៃច័ន្ទ យើងទុកថ្ងៃច័ន្ទ ព្រោះ សិល្បករ​ សិល្បការិនីខ្លះ គាត់ទៅលេងសម្តែងនៅថ្ងៃអាទិត្យនៅឯខេត្តឯណោះ អញ្ចឹងថ្ងៃច័ន្ទគាត់មកមិនទាន់។ អញ្ចឹង​ យើងយកថ្ងៃអង្គារ៍ ពុធ ឬព្រហស្បតិ៍ ៣ ថ្ងៃ ហ្នឹង ធ្វើយ៉ាងដូច្នេះបង្កើតឱកាសអោយសិល្បករ សិល្បការិនីទាំងអស់អាចចូលរួមទៅបាន ក្នុងជំនួបនៃការជួបជុំដែលរៀបចំឡើង ដោយនាយករដ្ឋមន្ត្រី ក្នុងទិវាវប្បធម៌ ដែល​នាយករដ្ឋមន្ត្រីជាអ្នកអញ្ជើញសិល្បករ សិល្បការិនី មកជួបជុំគ្នាដើម្បីសំណេះសំណាល ទទួលទានអា​ហារ​ជាមួយគ្នាមួយពេលតែម្តង។ ពិតមែនតែវាមានការហត់នឿយបន្តិច ជំនួបរបស់ខ្ញុំវាច្រើនពេកហើយ។ ជំនួប​ជាមួយបងប្អូនឥស្លាមមួយឆ្នាំម្តង នៅក្នុងរយៈពេលជាក់លាក់មួយ គឺក្នុងពេលស្រាយបួសរបស់បងប្អូន​ឥស្លាម ជំនួបជាមួយកីឡាករ កីឡាការិនី ឥឡូវនេះសម្រេចថាយកថ្ងៃទី ៤ ខែមេសា ជារៀងរាល់ ជាថ្ងៃ​កំណើតរបស់ខ្ញុំ ជាកំណើតផ្លូវការ ប៉ុន្តែមិនមែនកំណើតពិតទេ ព្រោះកំណើតរបស់ខ្ញុំមានអា(ថ្ងៃ)កំណើត​ផ្លូវការ និងកំណើតពិត កំណើតផ្លូវការ ៤ មេសា សម្រាប់ដាក់ ប៉ុន្តែកំណើតពិតវាមិនមែន(មេសា)នៅខែសីហាទៅវិញ។ ការជួបជុំមួយឆ្នាំម្ដងជាមួយសមាគមន៍អាណិកជនចិន បងប្អូនជនជាតិចិន។ ជំនួប ១ ឆ្នាំ​ម្ដង ជាមួយបងប្អូនកាន់សាសនាគ្រិស្ដ ឥឡូវបន្ថែមដោយជំនួបមួយទៀត មួយឆ្នាំម្តងជាមួយសិល្បករ សិល្បការិនី បន្ថែមទៀត។

ខ្ញុំគិតថាវាមិនធ្ងន់ទេ ហើយពេលនោះ យើងអាចមានការសម្តែង ប៉ុន្តែឡើងតែអ្នកច្រៀងម្នាក់មួយបទៗក៏បាន​ដែរ។ នេះគឺជាជំនួប ដើម្បីផ្សារសាច់ ផ្សារឈាមជាមួយគ្នាពីទម្រង់មួយមកកាន់ទម្រង់មួយ។ កន្លងទៅទិវាវប្បធម៌​យើងបានជួបមនុស្សជាងមួយពាន់នាក់តែប៉ុណ្ណោះ។ អញ្ចឹងចំនួននេះមិនគ្រប់គ្រាន់ទេ សិល្បៈមិនត្រឹម​មាន​សិល្បៈជាកាយវិការ ជាចម្រៀងទេ ក៏ប៉ុន្តែមានផ្នែកសូនរូប មានផ្នែកដទៃច្រើនប្រភេទតទៅទៀត ត្រូវ​អញ្ជើញ មកទាំងអស់គ្រប់ផ្នែក ដើម្បីយើងមានពិធីជួបជុំលើកទឹកចិត្ត ដើម្បីជម្រុញសិល្បៈក្នុងដំណាក់កាល​សកលភា វូបនីយកម្មរបស់យើង។

ខ្ញុំមិនចង់បន្ដទៅទៀតទេ ដោយសារតែការនិយាយរបស់ខ្ញុំវាច្រើនជ្រុលហួសនៅក្នុងអាទិត្យនេះ ជាវេទិកាចេញ​ជាចំហរ។ ថ្ងៃច័ន្ទ នៅទន្លេសេសាន (កម្មវិធី)បិទវារីអគ្គិសនីសេសានក្រោមនៅខេត្តស្ទឹងត្រែង ថ្ងៃពុធជាមួយ​កម្មករ កម្មការិនីជាង ១ ម៉ឺននាក់ ម្សិលមិញជាមួយនិស្សិតជាង ២ ពាន់នាក់ ថ្ងៃនេះជាមួយសិល្បករ សិល្បការិនីជាមួយការអបអរសាទរជាមួយការទទួលនូវពានរង្វាន់សិល្បៈវប្បធម៌ ហ្វ៊ូគុអូកា របស់ប្រទេស​ជប៉ុន របស់ព្រឹទ្ធចារ្យ គង់ ណៃ រួមនឹងការបំពាក់មេដាយជូនលោកតា គង់ ណៃ ផង និងជូនចំពោះលោកតា ប្រាជ្ញ ឈួន ផង។

ហើយមិនទាន់បានជួបមុខចៅ ថ្ងៃនេះចៅគេមកដល់ ដោយសារជាប់កម្មវិធីនៅទីនេះ បន្តិចទៀតចាំទៅជួប​ក៏​មិនទាន់យឺតពេលដែរ។

បំពាក់មេដាយ​ និងផ្តល់ជាថវិកាជូនលោកតា គង់ ណៃ និងលោកតា ប្រាជ្ញ ឈួន

ថ្ងៃនេះ សូមបញ្ជាក់ថា ក្នុងក្របខណ្ឌរាជរដ្ឋាភិបាល ក៏សូមបំពាក់ជូនលោកព្រឹទ្ធាចារ្យកោសល្យវោហា គង់ ​ណៃ នូវមេដាយព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍។ មេដាយថ្នាក់មហាសេរីវឌ្ឍន៍ ទាំងលោកតា​ គង់ ​ណៃ ទាំងលោកតា ប្រាជ្ញ ឈួន ដោយឡែកលោកតា គង់ ណៃ ត្រូវអមដោយថវិកា ១០០ លានរៀលបន្ថែម​ទៀត ឯលោកតា ប្រាជ្ញ ឈួន អមដោយថវិកា ២០ លានរៀលផងដែរ។

ហើយរឿងបញ្ហាបើកមុន បើកផ្ដាច់​ចាំ​និយាយគ្នាក្រោយ។ និយាយពីលោកតា ប្រាជ្ញ ឈួន គ្រាន់តែដេញចាប៉ី ខ្ញុំចាំបានថានៅឆ្នាំ ១៩៩៧ សំរាក​ជាមួយលោកតា ប្រាជ្ញ ឈួន ចុងក្រោយហើយ នៅបញ្ចុះសីមាវត្ដចំពុះក្អែក វត្ដ​លោកតា លឹម ហេង។ កាលហ្នឹង​ដើម្បីកាត់ឬសសីមានៅពេលព្រឹកព្រលឹមក្បែរភ្លឺ យើងក៏ទៅសម្រាកនៅកន្លែងហ្នឹង គាប់ជួនលោកតា ប្រាជ្ញ​ ឈួន​ ទៅសម្រាកនៅហ្នឹងដែរ ក៏អោយលោកតា ប្រាជ្ញ ឈួន ច្រៀងនៅហ្នឹង មានអីគាត់ច្រៀង លោកតា ប្រាជ្ញ ឈួន សុំសាលាខ្ញុំតាមរយៈចាប៉ីទេ ដូចជាកាលហ្នឹងសាលាបឋមសិក្សាដូនភើ បាន ១ ខ្នងសាលាទៅ ព្រោះមានពេលខ្លះគាត់ដេញចាប៉ីអញ្ចឹងទៅ ច្រៀងចាប៉ី គាត់នឹកឃើញទៅឯណាខ្វះសាលារៀន អញ្ចឹងគាត់មកដៀមដាមសុំសាលាទៅ ឥឡូវគាត់ដៀមដាមទៀតហើយ ប៉ុន្តែសុំបើកផ្តាច់ ផ្តាច់ក៏ដូចជាមិនផ្តាច់ ព្រោះទីចុងបំផុតវានៅដដែល។

សូមកុំកែរឿងរបស់គេ បើចង់បង្កើតថ្មីទៅ

អរគុណណាស់ថ្ងៃនេះ ដែលមានព្រឹទ្ធាចារ្យជាច្រើន ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ​ ដែលខ្ញុំសូម អភ័យទោស ដែលមិនបានរំលឹកឈ្មោះអស់ ជាមួយនឹងព្រឹទ្ធាចារ្យទាំងឡាយដែលបានអញ្ជើញមកទីនេះ ជាមួយនឹងចាស់ៗដទៃទៀត ក៏មិនបានអញ្ជើញមកដោយជរា​។ ហើយយើងក៏សូមយកឱកាសនេះរំលឹកទៅ ដល់វិញ្ញាណក្ខន្ធនូវព្រឹទ្ធាចារ្យទាំងឡាយ នៃអ្នកដែលបានទទួលមរណកាលទៅហើយ ដែលពេលនោះបានរួម ជាមួយយើង ចាប់ផ្តើមពីស្ថានភាពដ៏លំបាកលំបិន។​ ហើយពេលសម័យមុន វាខុសពីសម័យនេះ ​សម័យមុន ការច្រៀង ច្រៀងដូរអង្ករទេ ​អញ្ចឹងបានជានាង ៧ ហ៊ុន ឥឡូវទៅនៅអាមេរិក ម៉េចបានហៅនាង ៧ ហ៊ុន? ​ច្រៀងមួយយប់គេឲ្យ ៧ ហ៊ុន ប៉ុន្តែ គាត់មិនមែនជាអ្នកល្បីល្បាញអីទេ ដូច្នោះជីវភាពមានការលំបាកនៅអាមេរិក។​ ស្ថានភាពពេលនោះ តាំងពី តាប៉ោត និង តាពាង នៅដើរតួជាមួយគ្នា ពេលនោះជាពេលកំសត់កម្រ ប៉ុន្តែ ខ្ញុំនៅចាំបានរឿង ២ និយាយថែមបន្តិចចុះ បន្ទាប់ទៅហៅតា ឆេង ផុន មកសួរតែម្តង។ កាលហ្នឹងខ្ញុំនៅជាឧបនាយករដ្ឋមន្ត្រីនៅឡើយទេ បង ចាន់ ស៊ីម ធ្វើនាយករដ្ឋមន្ត្រី ទៅមើលរឿងទ៉ុំទាវ កាលហ្នឹង អៀង ស៊ីធុល ដើរតួជាទ៉ុំ និងលោក ចាន់ បូរិន នេះដើរតួជាពេជ្រ។ រឿងអីទៅកែច្នៃរឿងរបស់គេ ទីចុងបំផុតទៅជាទ៉ុំ និងទាវ រស់ឡើងវិញ អាហ្នឹងមួយរឿងទៅ ខ្ញុំក៏មិនទាន់មាត់ទេ ដល់ទៅចាប់ផ្តើមរឿង ម៉ាក់ភូយ៉ុងកែវ អាដាំ រស់ឡើងវិញ ទៀតហើយ​។ បានខ្ញុំហៅតា ឆេង ផុន មកសួរតែម្តង ខ្ញុំថាម៉េចតា រឿងអក្សរសិល្ប៍ខ្មែរ រឿងប្រវត្តិគេយ៉ាងម៉េច រក្សាទុកឲ្យវាអញ្ចឹង គាត់ថាមានសំណូមពរមួយចំនួន សុំធ្វើម៉េចឲ្យដំណាក់កាលចុងក្រោយពីមនុស្សស្លាប់ ឲ្យទៅមនុស្សរស់ ទើបវាមានការរំភើបរបស់វា។ ខ្ញុំថាវាអត់ត្រូវ បើចង់បង្កើតរឿងអីរឿងថ្មីទៅ វាមិនដែលអាណា ទ៉ុំ ទាវ រស់ឡើងវិញ អាដាំ រស់ឡើងវិញក្រោយពីគេដុត ហើយ អាដាំ ហ្នឹងទៀត រឿងហ្នឹងត្រូវសួរ សំរាំង កំសាន្ត រឿង ម៉ាក់ភូយ៉ុងកែវ ត្រូវបានពួកខេត្តកំពតជាអ្នកលេង ខេត្តកំពតកាលហ្នឹងល្បីល្បាញណាស់នៅក្នុងល្ខោនបាសាក់។ កាលហ្នឹងខ្ញុំសួរតែម្តង យើងថា មានមេដឹកនាំរប​ស់យើងមួយចំនួនបូកជាមួយនឹងសិល្បៈ ប៉ុន្តែសំខាន់ ឥទ្ធិពលរបស់មេដឹកនាំជះទៅលើបញ្ហាកែ ហើយរឿងហ្នឹងប្រហែលជាមានអ្នកនៅចាំ នៅក្នុងការចូលរួមសំដែងរឿងហ្នឹង។ ទីចុងបំផុត ហើយសម្តែងនូវមហោស្រពព្រះសុរាម្រិត ដែលឆេះទៅនោះ រឿងអី ទ៉ុំ និងទាវ រស់កើត បន្ទាប់ទៅ អាដាំ រស់ឡើងវិញ។ អញ្ចឹងជាការកែ បើខ្ញុំថាបើចង់ធ្វើរឿងថ្មី ធ្វើទៅ ប៉ុន្តែកុំកែរឿងចាស់ដែលគេទុកច្រើនជំនាន់ហើយនោះ។ (សម្តេចមានប្រសាសន៍លេងជាមួយ តាសាឡាត់)​ តាសាឡាត់ នេះ ខ្ញុំមើលគាត់តាំងពីជំនាន់មុនសង្គ្រា​ម​ឆ្នាំ ១៩៧០ នោះ ចេញច្រៀងនៅឆ្នាំ ១៩៦០ ប៉ុន្មាន? ខ្ញុំមើលតាឯងដូចជាជំនាន់ខ្ញុំនៅជំទង់នោះ ធ្លាប់ទៅច្រៀងនៅពាមកោះស្នា នៅទួលរកា ហើយក្រោយមកនៅសេសសល់ ស្គាល់ ស្មៀន ឈាន, ស្មៀន សាឡាត់ ហើយ បង ហ៊ុន ហេង នេះ ហើយក្រោយមកបានមាន ព្រហ្ម ម៉ាញ។ ព្រហ្ម ម៉ាញ ចូលដំបូងនៅក្រសួងការពារជាតិ ហើយចេះតែដើរជាមួយគ្នាអញ្ចឹងទៅ។ ពីដើម សម័យដើម ខ្ញុំដើរដេកតាមស្រុកច្រើនណាស់ ​ទៅតាម ស្រុកនាំសិល្បៈទៅលេងឲ្យប្រជាពលរដ្ឋមើល ប៉ុន្តែឥឡូវនេះទូរទស្សន៍វាច្រើនពេក។ អញ្ចឹងទេ ហើយពិបាកជាងគេ ពិបាកឥឡូវល្ខោនតែចេញលេង ត្រូវគេថត។ ដល់ថតផ្សាយចេញទៅ ធ្វើម៉េចគេមើលទៀត? រឿងហ្នឹងពិបាក គេហៅថា ការចម្លងស្នាដៃ ប៉ុន្តែ ល្ខោន អាយ៉ៃ ចាប៉ី យីកេ នៅតែមានទីផ្សារ។ ប៉ុន្តែខែនេះគ្មានអ្នកណាគេជួលទេ ចាំដល់ពេលធ្លាក់ខ្យល់ពីជើង ព្រោះខែនេះខែភ្លៀង។ បន្តិចទៀតមានបុណ្យកឋិនអី មានរឿងរបស់វាច្រើន។

រក្សាព្រៃបាន មិនខ្វះអុសដុតទេ, រក្សាសន្តិភាព រក្សាបានការអភិវឌ្ឍ

ខ្ញុំមានប៉ុណ្ណឹងទៅចុះ ហើយសូមថ្លែងនូវការកោតសរសើរជាថ្មីម្តងទៀតចំពោះលោកតា គង់ ណៃ ក៏ដូចជាកោត សរសើរចំពោះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ​ព្រមទាំងក្រុមគ្រួសារសិល្បករ សិល្បៈទាំងអស់ ដែលយើងបាន រួមគ្នាបង្កើតឲ្យមានស្ថានភាពកាន់តែប្រសើរ។ ហើយសង្ឃឹមថា យើងនឹងបន្តរួមគ្នាបន្តទៅទៀត រក្សាព្រៃឲ្យបាន មិនខ្វះអុសដុតនោះទេ ខ្ញុំចង់និយាយថា បើរក្សាបាននូវសន្តិភាព គឺយើងនឹងរក្សាបាននូវការអភិវឌ្ឍ​ រក្សានូវអ្វីៗ ដែលយើងបានប្រឹងរួមគ្នាកសាងតាំងពីបាតដៃទទេ។

ដាក់ចាប៉ីដងវែងជាសម្បត្តិបេតិកភណ្ឌអរូបី

ហើយថ្ងៃនេះលោកស្រីតំណាងឲ្យអង្គការយូណេស្កូក៏បានមកចូលរួម ហើយអ្នកទីប្រឹក្សាទាំងឡាយនៅផ្នែកយូណេស្កូ ក៏សុទ្ធតែបានមកចូលរួម ដែលបានផ្តល់នូវការរួមចំណែកមួយសម្រាប់ព្រះរាជាណាចក្រកម្ពុជា។ ចាប៉ីដងវែងដាក់ចូលទៅក្នុងជាសម្បតិ្តបេតិកភណ្ឌអរូបីរបស់អង្គការយូណេស្កូ។ វាជារឿងមិនធម្មតាមួយសម្រាប់យើង ប៉ុន្តែបើគ្មានការខិតខំរបស់មនុស្សទាំងឡាយដែលជាអ្នកចេះរឿងនេះ ហើយគ្មានការខិតខំពីស្ថាប័នរបស់ជាតិ និងការចូលរួមគាំទ្រពីស្ថាប័នអន្តរជាតិទេ យើងមិនអាចដាក់បានទេ។

វត្តមានរបស់សម្តេចជាវត្តមានចាំបាច់​ ដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍ

ខ្ញុំរីករាយនឹងបានចូលរួមចំណែកជាមួយនឹងមេដឹកនាំកម្ពុជា តាំងពីដំណាក់កាលដំបូង នាទីដំបូង រហូតមក ដល់នាទីនេះ ប៉ុន្តែ ខ្ញុំអត់ទាន់បញ្ចប់នៅត្រឹមនាទីនេះទេ ខ្ញុំបានប្រកាសរួចហើយនឹងបន្តរយៈពេល ២ អាណត្តិ ទៀតយ៉ាងតិច។ ខ្ញុំមិនឲ្យអ្នកណាបំផ្លាញទឹកដីនេះបានទេ វត្តមានរបស់ខ្ញុំគឺជាវត្តមានចាំបាច់ ដើម្បីរក្សា ប្រទេសនេះឲ្យស្ថិតនៅជាប្រទេសសន្តិភាព​ ចៀសឆ្ងាយពីបដិវត្តពណ៌ ពីការបំផ្លាញដោយអំពើក្បត់ណាមួយ ដែលយើងមិនអាចទទួលយកបាន។ ទីបញ្ជាការនៅទីក្រុងភ្នំពេញ ដែលបញ្ជាចេញធ្វើបដិវត្តពណ៌មិនអាច ទទួលយកបានទេ ឥឡូវត្រូវបានឃ្លាំមើល ហើយត្រូវបានទប់ស្កាត់។ យើងនឹងបន្តទប់ស្កាត់ យើងមិនព្រមដាច់ខាតហើយជាមួយនឹងការបំផ្លាញម្តងហើយម្តងទៀត។ សម្រាប់ជាតិមួយនេះ ទំរាំមានពេលនេះលំបាកណាស់។ ដូច្នេះវត្តមានរបស់ខ្ញុំ គឺជាវត្តមានចាំបាច់សម្រាប់បន្តនូវសន្តិភាព និងការអភិវឌ្ឍនៃប្រទេសនេះ។

ហើយចុងបញ្ចប់ សូមយកឱកាសនេះ ជូនពរចំពោះសម្តេច ឯកឧត្តម លោកជំទាវ អស់លោក​ លោកស្រី ជាពិសេសសម្រាប់លោកតា គង់ ណៃ, លោកតា ប្រាជ្ញ ឈួន សូមមានជន្មាយុយូរតទៅទៀត កុំអាលទៅណាអី ហើយក៏កុំអាលមកផ្តាច់។​ សូមជួបប្រទះតែពុទ្ធពរប្រាំប្រការ អាយុ វណ្ណៈ សុខៈ ពលៈ បដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ៕

សូមអរគុណ!

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ