ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមជំរាបជូនជនរួមជាតិជ្រាបអំពីសមិទ្ធផលសុខាភិបាលដ៏មានប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ បន្តកើតឡើងឥតឈប់ឈរ ក្រោមគោលនយោបាយរបស់រាជរដ្ឋាភិបាល៖
ក្នុងរយៈពេលជិត៥០ឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា សម្រេចបាននូវវឌ្ឍនភាពគួរជាទីមោទនៈលើគ្រប់វិស័យ ក្នុងនោះវិស័យសុខាភិបាល បានរីកចម្រើនគួរឱ្យកត់សម្គាល់។ ការពង្រីកបណ្ដាញពេទ្យជាតិ មន្ទីរពេទ្យបង្អែកខេត្ត មន្ទីរពេទ្យបង្អែកស្រុក មណ្ឌលសុខភាព ប៉ុស្ដិ៍សុខភាព និងការបង្កើនសមត្ថភាពពិគ្រោះ ធ្វើរោគវិនិច្ឆ័យ និងការព្យាបាលត្រូវបានកែលម្អរឱ្យមានភាពប្រសើរឡើងជាលំដាប់។
ជាក់ស្តែង សមិទ្ធផលនានានៅមន្ទីរពេទ្យបង្អែកស្រុកចំនួន ៦១ កន្លែង នៅទូទាំងប្រទេស និងការបំពាក់ឧបករណ៍វេជ្ជសាស្ត្រមន្ទីរពេទ្យ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦។ នេះជាផ្លែផ្កានៃសុខសន្តិភាព និងកម្មវិធីគោលនយោបាយអាទិភាព៦ចំណុច ក៏ដូចជាវិធានការគន្លឹះ៥ ដែលដាក់ចេញដោយសម្តេចធិបតី នាយករដ្ឋមន្ត្រី ក្នុងនោះ វិស័យសុខាភិបាល គឺជាអាទិភាពមួយរបស់រាជរដ្ឋាភិបាល។ បន្ទាប់ពីការកែលម្អ និងបំពាក់សម្ភារបរិក្ខារថ្មី សមត្ថភាពផ្តល់សេវាវះកាត់ និងសង្គ្រោះបន្ទាន់បានកើនឡើង ២៥,១% ដែលធ្វើឱ្យករណីបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យកម្រិតខ្ពស់បានថយចុះ ១១,៣% បើប្រៀបធៀបទិន្នន័យរយៈពេល១០ខែ នៃឆ្នាំ២០២៥ និងឆ្នាំ២០២៦។
រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានចាត់ទុកសុខភាពប្រជាពលរដ្ឋជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍមូលធនមនុស្ស និងជាការថែទាំសុខភាពសេដ្ឋកិច្ចជាតិ, តាមរយៈការពង្រឹងគុណភាព និងប្រសិទ្ធភាពនៃសេវាសុខាភិបាល, ការពង្រីកលទ្ធភាពទទួលបានសេវាសុខាភិបាលប្រកបដោយសមធម៌, ការពង្រឹងប្រព័ន្ធគាំពារសុខភាពសាធារណៈ, ការលើកកម្ពស់សមត្ថភាពធនធានមនុស្សក្នុងវិស័យសុខាភិបាល និងការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យាវេជ្ជសាស្ត្រ។ ជាក់ស្ដែង, ក្នុងរយៈពេលជាង១ឆ្នាំមកនេះ, រាជរដ្ឋាភិបាលបានទម្លាក់ថវិកាប្រមាណ ៧៨លានដុល្លារសម្រាប់ជួយជំរុញ និងលើកកម្ពស់សុខភាពប្រជាពលរដ្ឋ ដោយក្នុងនោះថវិកា ១៨លានដុល្លារសម្រាប់វិស័យសុខាភិបាលដោយផ្ដោតសំខាន់លើការពង្រឹងសមត្ថភាពមូលដ្ឋាន ពោលគឺមន្ទីរពេទ្យបង្អែកស្រុក និងមណ្ឌលសុខភាព និងថវិកាប្រមាណ ៦០លានដុល្លារ សម្រាប់ការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋដើម្បីឱ្យប្រជាពលរដ្ឋមានសុខភាពល្អតាមរយៈការប្រើប្រាស់ និងទទួលទានទឹកស្អាត។
គោលដៅរបស់រាជរដ្ឋាភិបាល គឺការពង្រឹងគុណភាពសេវាសុខាភិបាលនៅមូលដ្ឋាន និងធានាឱ្យប្រជាពលរដ្ឋទទួលបានសេវាពិនិត្យនិងព្យាបាលជំងឺប្រកបដោយគុណភាព ប្រសិទ្ធភាព និងទាន់ពេលវេលា និងនៅជិតលំនៅឋាន ដើម្បីកាត់បន្ថយការចំណាយថវិកា និងពេលវេលាក្នុងការធ្វើដំណើរទៅទទួលសេវាព្យាបាលនៅទីរួមខេត្ត ឬរាជធានីភ្នំពេញ។
សម្រាប់រយៈពេល៣ឆ្នាំដំបូងនៃរាជរដ្ឋាភិបាល នីតិកាលទី៧ សមិទ្ធផលសុខាភិបាលបានរីកលូតលាស់គួរឱ្យកត់សម្គាល់។ ជាក់ស្តែង មណ្ឌលសុខភាពទូទាំងប្រទេសដែលអាចផ្ដល់សេវា២៤ម៉ោង/៧ថ្ងៃ មានរហូតដល់ ៩៩,៣%។ ការបណ្តុះបណ្តាលគ្រូពេទ្យ និងបុគ្គលិកបច្ចេកទេសពាក់ព័ន្ធនិងការសង្គ្រោះបឋម និងសង្គ្រោះបន្ទាន់បានជិត ២ ៧០០នាក់ នៅគ្រប់រាជធានី-ខេត្ត។ គ្រួសារក្រីក្រ និងងាយរងហានីភ័យដែលប្រើប្រាស់សេវាថែទាំសុខភាពក្រោមកម្មវិធីមូលនិធិសមធម៌មានចំនួនជាង ១៤ លានករណី។ ប្រជាពលរដ្ឋដែលបានប្រើប្រាស់សេវាថែទាំសុខភាពនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកចំនួន ៨២% បានសម្តែងការពេញចិត្តចំពោះការទទួលសេវាសុខាភិបាលពីរដ្ឋ។
គោលដៅរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី គឺពលរដ្ឋខ្មែរគ្រប់រូបត្រូវតែទទួលបានសេវាថែទាំសុខភាព និងព្យាបាលនៅពេលមានជំងឺ និងព្យាបាលដោយឥតគិតថ្លៃសម្រាប់ពលរដ្ឋក្រីក្រ ដោយមិនបោះបង់ចោលអ្នកណាម្នាក់ឡើយ។ រីឯសេវាសុខាភិបាលទៀតសោធ គឺជាសេវាលឿនរហ័ស ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់៕
សូមអរគុណ!



