ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្ដីពី «ការពង្រឹងការងារសាធារណមតិ និងការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យបញ្ញាសិប្បនិម្មិត» នៅខេត្តកណ្តាល នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា ប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ (គ.ស.ព.ស.) និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកណ្តាល បានលើកទឹកចិត្តឱ្យមន្ត្រីព័ត៌មាន និងសាធារណមតិ បង្កើនការយកចិត្តទុកដាក់លើការប្រើប្រាស់បណ្តាញសង្គមគ្រប់ទម្រង់ ដែលជាឧបករណ៍ដ៏សំខាន់សម្រាប់ការផ្សព្វផ្សាយព័ត៌មាន និងតាមដានស្ថានភាពសាធារណមតិនៅក្នុងមូលដ្ឋាន។ ជាមួយគ្នានេះ ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ជាពិសេសព័ត៌មានដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ទាមទារឱ្យក្រុមការងារពាក់ព័ន្ធទាំងអស់ពង្រឹងកិច្ចសហការជាប្រព័ន្ធតួអង្គតែមួយ ដើម្បីបកស្រាយបំភ្លឺការពិតជូនសាធារណជនបាន ទាន់ពេលវេលា។
ក្រោយពីវាគ្មិនចំនួន ២រូប ដែលរួមមានឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងជាអនុប្រធានអចិន្ត្រៃយ៍នៃ គ.ស.ព.ស. និងកញ្ញា ម៉ាក រ័ត្នមុនី មន្ត្រីជំនាញជាន់ខ្ពស់មកពីលេខាធិការដ្ឋាន គ.ស.ព.ស. បានបញ្ចប់ការធ្វើបទបង្ហាញ ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា បានគូសបញ្ជាក់ បន្ថែមថា «ទន្ទឹមនឹងភាពគ្រោះថ្នាក់ដែលអាចត្រូវបានប្រើប្រាស់ក្នុងផ្លូវទុច្ចរិត បច្ចេកវិទ្យា AI ក៏មានគុណសម្បត្តិ និងអត្ថប្រយោជន៍ជាច្រើនដែលមិនអាចមើលរំលងបានផងដែរ។ ប្រសិនបើត្រូវបានប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ និងត្រឹមត្រូវ បច្ចេកវិទ្យានេះនឹងជួយសម្រាលបន្ទុកការងារ បង្កើនប្រសិទ្ធភាព និងល្បឿនក្នុងការបំពេញការងារ។ ដូច្នេះ ក្រុមការងារពាក់ព័ន្ធត្រូវបន្តពង្រឹងសមត្ថភាព និងជំនាញបច្ចេកវិទ្យា ដើម្បីអាចទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យានេះ»។
មុននឹងប្រកាសបិទវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់ ដែលរៀបចំឡើងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកណ្តាល ឯកឧត្តម ស្វាយ ស៊ីថា បានលើកទឹកចិត្តបន្ថែមទៀតដល់សិក្ខាកាម ដែលជាថ្នាក់ដឹកនាំ និងជាមន្ត្រីព័ត៌មាននិងសាធារណមតិទាំងអស់នៅទូទាំងខេត្តកណ្តាល ឱ្យរក្សាសាមគ្គីភាព ក្នុងការបំពេញភារកិច្ចការងារជាក្រុម ដោយហេតុថា «ការងារព័ត៌មាន និងសាធារណមតិ គឺជាការងារដែលទាមទារឱ្យមានការចូលរួមសហការ និងសម្របសម្រួលយ៉ាងជិតស្និទ្ធពីគ្រប់ភាគីពាក់ព័ន្ធនៅគ្រប់លំដាប់ថ្នាក់ ចាប់ពីថ្នាក់ខេត្ត រហូតដល់ថ្នាក់ក្រុង ស្រុក ឃុំ និងសង្កាត់»។























