- ឯកឧត្តម លោកជំទាវ;
- គណៈប្រតិភូកិត្តិយសទាំងអស់
- អង្គពិធីជាទីមេត្រី !
ខ្ញុំពិតជាមានសេចក្តីសោមនស្ស ក្នុងការស្វាគមន៍ ឯកឧត្តម លោកជំទាវ លោក លោកស្រី មកកាន់រាជធានីភ្នំពេញ ដើម្បីចូលរួមក្នុង សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមមូលបទ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»។ តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការប៉ូលីសព្រហ្មទណ្ឌអន្តរជាតិ (INTERPOL) ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក (UNODC-ROSEAP) និងមជ្ឈមណ្ឌលសហប្រតិបត្តិការផ្នែកអនុវត្តច្បាប់ និងសន្តិសុខចម្រុះឡានឆាង-មេគង្គ (LMLECC) ដែលបានសហការឧបត្ថម្ភក្នុងការរៀបចំកិច្ចប្រជុំនេះ។
យើងជួបជុំគ្នានាថ្ងៃនេះ ដើម្បីផ្លាស់ប្តូរទស្សនៈ និងបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តដ៏មុតមាំ និងរួមគ្នាប្រឆាំងនឹងការគំរាមកំហែងដ៏ស្មុគស្មាញបំផុតមួយ នៃយុគសម័យឌីជីថលរបស់យើង។ ភាពជាអ្នកដឹកនាំពិតប្រាកដ និងអភិបាលកិច្ចប្រកបដោយប្រសិទ្ធភាព ទាមទារឱ្យយើងប្រឈមមុខនឹងបញ្ហាប្រឈមបន្ទាន់នានា ប្រកបដោយភាពច្បាស់លាស់ និងការប្តេជ្ញាចិត្តខ្ពស់។ ការប្រឈមមុខនឹងឧក្រិដ្ឋកម្ម ឆ្លងដែន ដែលកំពុងលេចឡើងថ្មីនេះ ទាមទារឱ្យមានភាពក្លាហាន ក្នុងការទទួលយកការពិតដ៏លំបាកនេះដោយផ្ទាល់, ការទទួលស្គាល់ចំណុចខ្សោយជាប្រព័ន្ធ និងការដោះស្រាយបញ្ហាស្មុគស្មាញនានា ដោយគ្មានការស្ទាក់ស្ទើរ ឬការយោគយល់ឡើយ។
- ឯកឧត្តម លោកជំទាវ លោក លោកស្រី!
បុព្វបុរសខ្មែរបានសាងសង់ប្រាសាទអង្គរវត្តដ៏អស្ចារ្យ ហើយបានបន្សល់ទុកនូវអរិយធម៌ដ៏រុងរឿង និងមរតកដ៏យូរអង្វែងដល់មនុស្សជាតិ។ ក្នុងនាមជាកូនចៅជំនាន់ក្រោយ យើងមានកាតព្វកិច្ចដ៏សំខាន់ក្នុងការថែរក្សាកិត្តិយសរបស់កម្ពុជា និងធានាថាប្រទេសរបស់យើងបន្តត្រូវបានគេស្គាល់តាមរយៈបេតិកភណ្ឌ ភាពធន់ សន្តិភាព និងវឌ្ឍនភាព។
គោលនយោបាយ «ឈ្នះ-ឈ្នះ» របស់ សម្តេចតេជោ ហ៊ុន សែន កាលពីឆ្នាំ ១៩៩៨ បានបញ្ចប់ជម្លោះផ្ទៃក្នុង និងភាពវឹកវរក្នុងសង្គម ដែលមានរយៈពេលជាងពាក់កណ្តាលសហសវត្សរ៍។ ក្នុងរយៈពេល ២៧ ឆ្នាំកន្លងមកនេះ, កម្ពុជាបានកសាងសង្គមមួយដ៏រីកចម្រើនលើមូលដ្ឋាន នៃសន្តិភាព និងស្ថិរភាព។ កម្ពុជាបានសម្រេចនូវវឌ្ឍនភាពយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការកសាងស្ថាប័ន ព្រមទាំងបានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនយើងជាបន្តបន្ទាប់។
នៅក្នុងបរិបទប្រវត្តិសាស្ត្រនេះ, ខ្ញុំសូមបញ្ជាក់ឱ្យបានច្បាស់លាស់អំពីជំហររបស់យើងថា៖ កម្ពុជានឹងមិនក្លាយជាទីជម្រកសុវត្ថិភាពសម្រាប់អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឡើយ! ឧក្រិដ្ឋកម្មឆ្លងដែននេះ ជាបាតុភូតថ្មីមួយ ក្រោយជំងឺកូវីដ-១៩ ដែលមានលក្ខណៈប្លែកទាំងស្រុងពីវប្បធម៌ គុណតម្លៃ និងអត្តសញ្ញាណជាតិរបស់យើង។ កម្ពុជានឹងមិនអនុញ្ញាតឱ្យបណ្តាញឧក្រិដ្ឋជនមកបំផ្លាញវឌ្ឍនភាពរបស់ប្រទេសយើង និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ជាង ១៧ លាននាក់ ឡើយនោះ។
ឧស្សាហកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមិនបានចាប់ផ្តើមនៅក្នុងប្រទេសកម្ពុជានោះទេ ហើយក៏មិនមែនកើតឡើង តែនៅក្នុងប្រទេសកម្ពុជានោះដែរ។ ការពាក់ព័ន្ធដំបូងរបស់ប្រទេសកម្ពុជាជាមួយបញ្ហានេះ ត្រូវបានផ្សារភ្ជាប់ទៅនឹងកំណើននៃល្បែងតាមប្រព័ន្ធបច្ចេកវិទ្យា និងធុរកិច្ចនានាពាក់ព័ន្ធនឹងកាស៊ីណូ។ លើសពីនេះ, បណ្តាញឧក្រិដ្ឋកម្មបានបន្តវិវត្ត និងសម្របខ្លួនឆ្លងកាត់ព្រំដែនយ៉ាងឆាប់រហ័ស។ បណ្តាញឧក្រិដ្ឋកម្មឆ្លងដែនទាំងនោះបានឆ្លៀតឱកាសពីអចលនទ្រព្យពាណិជ្ជកម្ម, ចន្លោះប្រហោងនៃបទប្បញ្ញត្តិ និងបណ្តាញទូរគមនាគមន៍ឆ្លងដែនដ៏ស្មុគស្មាញ ដើម្បីបង្កើតជាប្រព័ន្ធអេកូឡូស៊ី នៃការឆបោកឆ្លងដែន។
កម្ពុជាទទួលខុសត្រូវទាំងស្រុងលើការធានាសុវត្ថិភាពព្រំដែនរបស់យើង, ការអនុវត្តច្បាប់របស់យើង និងការស្តារឡើងវិញនូវបូរណភាពនៃយុត្តាធិការជាតិរបស់យើង។ ការទទួលខុសត្រូវ ត្រូវតែបង្ហាញឱ្យឃើញតាមរយៈវិធានការផ្ទៃក្នុងដ៏ម៉ឺងម៉ាត់និងមិនមានការយោគយល់ឡើយ។ អាស្រ័យហេតុនេះ, នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៥, យើងបានដំឡើងរចនាសម្ព័ន្ធបញ្ជាការរបស់យើងទៅជាគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (CCOS) ក្រោមការដឹកនាំផ្ទាល់របស់ខ្ញុំ។ បន្ថែមពីនេះ, កម្ពុជាបានដាក់ឱ្យអនុវត្តច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នាខែមេសា ឆ្នាំ២០២៦ ដើម្បីបិទចន្លោះប្រហោងផ្នែកច្បាប់របស់យើង។ វិធានការដ៏ម៉ឺងម៉ាត់ទាំងនេះបានអនុញ្ញាតឱ្យយើងអនុវត្តយុទ្ធនាការមួយ ដែលមានលក្ខណៈឯកភាព, ដោយមានការចូលរួមពីគ្រប់ស្ថាប័នរាជរដ្ឋាភិបាល និងគ្រប់ផ្នែកនៃសង្គម ក្នុងគោលបំណងកម្ចាត់បណ្តាញឆបោកទាំងនេះឱ្យអស់ទាំងស្រុង។
យើងចាត់ទុកការអនុវត្តច្បាប់នេះជាកាតព្វកិច្ចសន្តិសុខជាតិជាអចិន្ត្រៃយ៍ មិនមែនគ្រាន់តែជាយុទ្ធនាការ នៃការផ្សព្វផ្សាយដើម្បីបង្ហាញរូបភាពនោះទេ។
យើងផ្តោតលើកិច្ចខិតខំប្រឹងប្រែងក្នុងការកម្ចាត់បណ្តាញឧក្រិដ្ឋកម្មឱ្យអស់ទាំងស្រុង និងការទប់ស្កាត់កុំឱ្យបណ្តាញទាំងនោះលេចឡើងវិញ។
យើងបានលុបបំបាត់ទាំងស្រុងនូវរាល់ទីតាំងឆបោកខ្នាតធំ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទោះបីជាក្រុមឧក្រិដ្ឋជនព្យាយាមបំបែកខ្លួនទៅជាបណ្តាញតូចៗ និងប្រតិបត្តិការដោយមិនមានមជ្ឈមណ្ឌលកណ្តាល ហើយថែមទាំងមានការកំណត់គោលដៅឆបោក មកលើប្រជាពលរដ្ឋខ្មែរក៏ដោយ, ក៏កងកម្លាំងអនុវត្តច្បាប់របស់យើង ក៏នៅតែរក្សាការប្រុងប្រយ័ត្នខ្ពស់ និងត្រៀមខ្លួនជានិច្ចដើម្បីបង្ក្រាប និងលុបបំបាត់ឱ្យបានភ្លាម នូវរាល់ការគំរាមកំហែងថ្មីៗ ដែលកំពុងកើតឡើង។
ដើម្បីពង្រឹងកិច្ចការពារជាតិប្រឆាំងនឹងការគំរាមកំហែងតាមប្រព័ន្ធបច្ចេកវិទ្យានាពេលអនាគត ប្រទេសកម្ពុជាកំពុងពន្លឿនការរៀបចំច្បាប់ឯកទេស រួមមាន ច្បាប់ស្តីពីសន្តិសុខសាយប័រ ច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន និងក្របខ័ណ្ឌគ្រប់គ្រងទ្រព្យសកម្មនិម្មិត (Virtual Assets) ដែលនឹងលេចចេញជារូបរាងនាពេលខាងមុខ។ លើសពីនេះ កាលពីឆ្នាំមុន ប្រទេសកម្ពុជាបានក្លាយជារដ្ឋហត្ថលេខីនៃអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងនឹងបទល្មើសបច្ចេកវិទ្យាផងដែរ។
កិច្ចសហប្រតិបត្តិការអន្តរជាតិ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការសម្រេចបាននូវជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ក្នុងឱកាសនេះ, ខ្ញុំសូមសម្តែងនូវអំណរគុណ ចំពោះដៃគូសំខាន់ៗ និងភ្នាក់ងារអនុវត្តច្បាប់មកពីប្រទេសចិន សហរដ្ឋអាមេរិក ជប៉ុន សាធារណរដ្ឋកូរ៉េ អូស្ត្រាលី បណ្តារដ្ឋសមាជិកអាស៊ាន បណ្តាប្រទេសដៃគូផ្សេងទៀត ព្រមទាំងអង្គការអន្តរជាតិនានា រួមមាន UNODC, INTERPOL និងIOM។
- ឯកឧត្តម លោកជំទាវ លោក លោកស្រី!
បទពិសោធន៍នៅសមរភូមិមុខយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានផ្តល់នូវមេរៀនសំខាន់ៗ ដែលបច្ចុប្បន្នកំពុងរៀបចំកំណត់នូវក្របខ័ណ្ឌយុទ្ធសាស្ត្ររបស់យើង និងអាចផ្តល់នូវការយល់ដឹងដ៏មានតម្លៃសម្រាប់ដៃគូរបស់យើង។
ជាដំបូង និងសំខាន់បំផុត, ការប្រយុទ្ធប្រឆាំងនឹងការបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា ទាមទារឱ្យមានការចាត់ទុកបញ្ហានេះជាអាទិភាពកំពូលមួយនៃសន្តិសុខជាតិ។ ការបង្កើតស្ថាប័នកណ្តាល ដូចជា «គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» គឺមានសារៈសំខាន់បំផុត ដើម្បីសម្របសម្រួលការចែករំលែកព័ត៌មាន (synchronize information sharing) ការចែករំលែកព័ត៌មានចារកម្មហិរញ្ញវត្ថុ និងការសម្របសម្រួលការអនុវត្តច្បាប់ ក៏ដូចជាការសម្របសម្រួលជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយនឹងគ្រប់សសរស្ដម្ភទាំងអស់របស់រដ្ឋ។
ទីពីរ, ប្រតិបត្តិការចុះបង្ក្រាប ចាំបាច់ត្រូវមានការគាំទ្រដោយច្បាប់ ដោយផ្តោតលើបណ្តាញឧក្រិដ្ឋជនទាំងមូល។ ច្បាប់សម័យទំនើបស្តីពីការប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវតែចែងឱ្យច្បាស់លាស់អំពីការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌ មិនត្រឹមតែចំពោះអ្នកប្រតិបត្តិការជួរមុខប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចំពោះមេខ្លោង អ្នកវិនិយោគ អ្នកជ្រើសរើសបុគ្គលិក ម្ចាស់ទីតាំង និងអ្នកសមគំនិត ផងដែរ។
ទីបី, អាជ្ញាធរត្រូវតែសម្របខ្លួនយ៉ាងឆាប់រហ័សទៅនឹងការផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់បណ្តាញឧក្រិដ្ឋជន។ នៅពេលដែលទីតាំងប្រតិបត្តិការរបស់ពួកគេត្រូវបានបង្ក្រាប បណ្តាញទាំងនោះនឹងបែកខ្ញែកទៅជាក្រុមតូចៗដែលលាក់ខ្លួននៅតាមទីតាំងផ្សេងៗគ្នា ហើយប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ។ ទន្ទឹមនេះ, យុទ្ធសាស្ត្រអនុវត្តច្បាប់ត្រូវតែងាកទៅរកការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើបញ្ហាអន្តោប្រវេសន៍ ការប្រមូលព័ត៌មានសម្ងាត់តាមប្រព័ន្ធឌីជីថលជាបន្តបន្ទាប់ និងការចុះត្រួតពិនិត្យផ្ទាល់នៅតាមទីតាំងជាក់ស្តែង។
ទីបួន, ស្ថាប័នអនុវត្តច្បាប់ត្រូវតែប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវក្រមសីលធម៌វិជ្ជាជីវៈ។ សកម្មភាពឆបោកឆ្លងដែនភាគច្រើនពឹងផ្អែកលើការជួញដូរមនុស្ស ការជ្រើសរើសបុគ្គលិកដោយការបោកបញ្ឆោត និងការបង្ខំឱ្យប្រព្រឹត្តបទល្មើស។ យើងត្រូវធានាថាជនរងគ្រោះនៃការជួញដូរមនុស្សដែលត្រូវបានបង្ខំឱ្យប្រព្រឹត្តអំពើឆបោកត្រូវបានកំណត់អត្តសញ្ញាណត្រឹមត្រូវ ទទួលបានការការពារ បែងចែកឱ្យដាច់ពីជនល្មើសដែលប្រព្រឹត្តដោយឆន្ទៈផ្ទាល់ខ្លួន ទទួលបានជំនួយមនុស្សធម៌ និងត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសកំណើតវិញដោយសុវត្ថិភាព។
- ឯកឧត្តម លោកជំទាវ លោក លោកស្រី!
បណ្តាញឧក្រិដ្ឋកម្ម មានសាមគ្គីភាពរឹងមាំ ដោយសារផលប្រយោជន៍ហិរញ្ញវត្ថុមហាសាល និងទទួលបានការគាំទ្រដោយបច្ចេកវិទ្យាទំនើបៗចុងក្រោយបង្អស់។ ដើម្បីឆ្លើយតបនឹងបញ្ហានេះ សាមគ្គីភាពនៅកម្រិតអន្តរជាតិរបស់យើង ត្រូវតែមានភាពរឹងមាំជាងក្រុមឧក្រិដ្ឋជន ដោយមានការគាំទ្រពីយន្តការអនុវត្តច្បាប់ដែលទំនើប ប្រកបដោយប្រសិទ្ធភាព និងមានកិច្ចសហប្រតិបត្តិការពិតប្រាកដ។
បញ្ហាឆបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា មិនគួរត្រូវបានប្រទេសណាមួយយកមកប្រើប្រាស់ជាឧបករណ៍សម្រាប់ប្រឆាំងនឹងប្រទេសណាមួយនោះទេ, ហើយក៏មិនគួរយកគោលបំណងនៃការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមកធ្វើជាលេសសម្រាប់វាយប្រហារឬកាន់កាប់ដែនអធិបតេយ្យរបស់ប្រទេស មួយផ្សេងទៀតនោះដែរ ព្រោះនេះគឺជាការរំលោភបំពានយ៉ាងច្បាស់លើគោលការណ៍នៃច្បាប់អន្តរជាតិ។
ផ្ទុយទៅវិញ, កិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គួរតែជាហេតុផលចម្បងសម្រាប់ប្រជាជាតិនានា ក្នុងសហការរួមគ្នាដោយស្មោះត្រង់ និងគោរពគ្នាទៅវិញទៅមក និងដោះស្រាយបញ្ហានេះដើម្បីផលប្រយោជន៍រួម។ មិនមានប្រទេសណាមួយអាចដោះស្រាយបញ្ហាប្រឈមឆ្លងដែននេះតែម្នាក់ឯងប្រកបដោយប្រសិទ្ធភាពនោះទេ។
- ឯកឧត្តម លោកជំទាវ លោក លោកស្រី!
ទោះបីជាកិច្ចសហប្រតិបត្តិការអន្តរជាតិមានសារៈសំខាន់ក៏ដោយ, ប៉ុន្តែប្រទេសនីមួយៗត្រូវទទួលខុសត្រូវយ៉ាងសកម្មក្នុងការអប់រំ និងការការពារប្រជាពលរដ្ឋរបស់ខ្លួន។ ប្រទេសនីមួយៗត្រូវដាក់ចេញនូវវិធានការតឹងរ៉ឹង ដើម្បីព្រមានប្រជាពលរដ្ឋអំពីការផ្តល់ជូនការងារនៅក្រៅប្រទេសដែលមានលក្ខណៈបោកប្រាស់ និងជាអន្ទាក់នៃការឆបោកផ្នែកហិរញ្ញវត្ថុ។
រដ្ឋាភិបាលទាំងអស់ត្រូវតែធ្វើយុទ្ធនាការផ្សព្វផ្សាយការយល់ដឹងសាធារណៈជាប្រចាំ ដើម្បីអប់រំប្រជាពលរដ្ឋអំពីល្បិចកលទម្រង់ថ្មីៗ នៃការបោកបញ្ឆោតតាមប្រព័ន្ធឌីជីថល។ ការណ៍នេះ, ដើម្បីធានាថា ជនដែលងាយរងគ្រោះ និងមិនក្លាយជាជនរងគ្រោះនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឡើយ។
លើសពីនេះទៅទៀត, ប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុ និងបច្ចេកវិទ្យាសកល មានកាតព្វកិច្ចយ៉ាងសំខាន់ក្នុងការធានាថា ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងបណ្តាញធនាគារ មិនក្លាយជាជម្រកសុវត្ថិភាពសម្រាប់បណ្តាញឧក្រិដ្ឋជនឡើយ។ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ វេទិកាបច្ចេកវិទ្យា បណ្តាញទំនាក់ទំនងកូដនីយកម្ម និងវេទិកាជួញដូររូបិយប័ណ្ណគ្រីបតូ ត្រូវអនុវត្តនីតិវិធីផ្ទៀងផ្ទាត់ដ៏តឹងរ៉ឹង ដើម្បីទប់ស្កាត់កុំឱ្យផលដែលទទួលបានពីសកម្មភាពខុសច្បាប់ត្រូវបានលាងសម្អាត និងបញ្ចូលទៅក្នុងទីផ្សារសកលស្របច្បាប់។
ក្នុងន័យនេះ, កម្ពុជាប្តេជ្ញាចិត្តយ៉ាងពេញលេញ ក្នុងការចាត់វិធានការឥតឈប់ឈរ និងកសាងកិច្ចសហប្រតិបត្តិការដែលផ្អែកលើការគោរពគ្នាទៅវិញទៅមក សមភាពអធិបតេយ្យ និងគណនេយ្យភាពរួម។
ចំពោះមាគ៌ាអនាគត ខ្ញុំសូមស្នើ ប្រាំចំណុច សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិដ៏រឹងមាំ៖ ការចែករំលែកព័ត៌មានចារកម្មភ្លាមៗ (real-time intelligence sharing), ការស៊ើបអង្កេតផ្នែកហិរញ្ញវត្ថុកម្រិតខ្ពស់, ការបង្កើនភាពស៊ីសង្វាក់គ្នានៃក្របខ័ណ្ឌច្បាប់ និងប្រតិបត្តិការ, ភាពជាដៃគូរវាងរដ្ឋ និងឯកជន និងការការពារជនរងគ្រោះ។
ទីមួយ, ប្រទេសជាដៃគូត្រូវពង្រឹងបន្ថែមលើបណ្តាញទំនាក់ទំនងសម្រាប់ការឆ្លើយតបយ៉ាងឆាប់រហ័សរវាងស្ថាប័នអនុវត្តច្បាប់ថ្នាក់ជាតិ និងអន្តរជាតិ ដើម្បីអាចចែករំលែកព័ត៌មានចារកម្មភ្លាមៗ ដែលជួយក្នុងការតាមដានបណ្តាញឧក្រិដ្ឋជន និងបង្អាក់សកម្មភាពរបស់ក្រុមឧក្រិដ្ឋជនដែលមានរចនាសម្ព័ន្ធវិមជ្ឈការនៅតាមបណ្តាប្រទេសនានា។
ទីពីរ, ស្ថាប័នស៊ើបការណ៍ហិរញ្ញវត្ថុ និងស្ថាប័នប្រឆាំងការសម្អាតប្រាក់ គួរតែសហការគ្នា និងប្រើប្រាស់វេទិកាគាំទ្រនានា ដើម្បីតាមដានលំហូរហិរញ្ញវត្ថុខុសច្បាប់ឱ្យបានឆាប់រហ័ស កំណត់អត្តសញ្ញាណម្ចាស់កម្មសិទ្ធិពិតប្រាកដ (ultimate beneficial owners) បង្កកប្រតិបត្តិការលើទ្រព្យសកម្មនិម្មិត និងបំបែកបណ្តាញធនាគារក្រៅប្រព័ន្ធ។
ទីបី, ដៃគូអន្តរជាតិគួរតែធ្វើឱ្យមានភាពស៊ីសង្វាក់គ្នានូវក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ទៅវិញទៅមក សម្រួលនីតិវិធីនៃការធ្វើបត្យាប័ន និងជំរុញការចែករំលែកភស្តុតាងកោសល្យវិច័យឌីជីថល ដើម្បីទប់ស្កាត់កុំឱ្យបណ្តាញឧក្រិដ្ឋជននានាឆ្លៀតប្រើប្រាស់ចន្លោះប្រហោងនៃដែនសមត្ថកិច្ចផ្លូវច្បាប់។
ទីបួន, រដ្ឋាភិបាលគួរតែកសាងភាពជាដៃគូប្រតិបត្តិការជាមួយធនាគារពាណិជ្ជ ប្រតិបត្តិករទូរគមនាគមន៍ វេទិកាបច្ចេកវិទ្យា និងទីផ្សារជួញដូររូបិយប័ណ្ណគ្រីបតូ ដើម្បីរកឱ្យឃើញជាមុននូវសកម្មភាពឆបោក ទប់ស្កាត់ហេដ្ឋារចនាសម្ព័ន្ធឌីជីថលដែលគួរឱ្យសង្ស័យ និងការបង្កកគណនីដែលពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់។
ទីប្រាំ, រដ្ឋាភិបាល និងអង្គការអន្តរជាតិនានាគួរតែពង្រឹងដំណើរការកំណត់អត្តសញ្ញាណជនរងគ្រោះ និងសម្របសម្រួលនីតិវិធីការទូត ដើម្បីធានានូវការការពារ និងការបញ្ជូនជនរងគ្រោះត្រឡប់ទៅប្រទេសកំណើតវិញដោយសុវត្ថិភាព។
- ឯកឧត្តម លោកជំទាវ លោក លោកស្រី!
ការប្តេជ្ញាចិត្តរួមរបស់យើងក្នុងការប្រឈមមុខនឹងបញ្ហាប្រឈមដ៏ស្មុគស្មាញទាំងនេះ ចាំបាច់ត្រូវដើរទន្ទឹមគ្នាជាមួយនឹងសកម្មភាពជាក់ស្តែង និងការរួមគ្នាអនុវត្ត។ ដោយផ្អែកលើស្មារតីនៃការទុកចិត្តគ្នាទៅវិញទៅមក និងការទទួលខុសត្រូវរួមនេះ កម្ពុជាទន្ទឹងរង់ចាំការចូលរួមរបស់ដៃគូអន្តរជាតិដើម្បីអនុម័ត «សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ» នៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៦ ដែលជាសក្ខីភាពបញ្ជាក់ពីការប្តេជ្ញាចិត្តរួមក្នុងការកាត់ផ្តាច់ខ្សែច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ជាស្ថាពរ។
ក្នុងពេលដែលយើងចាប់ផ្តើមអនុវត្តការទទួលខុសត្រូវរួមគ្នានេះ, ខ្ញុំសូមលើកទឹកចិត្តដល់វាគ្មិន សមាជិកក្រុមពិភាក្សា និងអ្នកចូលរួមទាំងអស់ សូមចូលរួមក្នុងការពិភាក្សាប្រកបដោយភាពស្មោះត្រង់ ផ្តោតលើការគិតគូរអំពីអនាគត និងប្រកបដោយស្មារតីស្ថាបនា។
ជាមួយនឹងទំនុកចិត្តលើកម្លាំងសាមគ្គីភាពរបស់យើង, ខ្ញុំសូមប្រកាសបើកជាផ្លូវការនូវសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមមូលបទ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»។
សូមអរគុណ!



