សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា អភិក្រមសម្រាប់ធ្វើកំណែទម្រង់ក្នុងនីតិកាលទី៧នេះ គឺយើងមិនគួរសួរថាចំនួនក្រសួងច្រើនឬតិចនោះទេ ប៉ុន្ដែគួរសួរថា តើក្រសួងស្ថាប័នដែលមានស្រាប់នេះបានរៀបចំឱ្យមានប្រសិទ្ធភាពហើយឬនៅ? ទិសដៅកំណែទម្រង់គឺត្រូវតែសួរសំណួរនេះ។
ថ្លែងនៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A នៅខេត្តក្រចេះ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា តាំងពីដើមអាណត្ដិរហូតមកដល់ម៉ោងនេះ រាជរដ្ឋាភិបាលមិនមានគម្រោងនៅក្នុងការកាត់បន្ថយ ឬបង្កើនក្រសួងស្ថាប័ននោះទេ ប៉ុន្ដែអ្វីដែលសំខាន់គឺ យើងប្រកាន់ជំហរពង្រឹងជាជាងពង្រីក។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា អ្វីដែលយើងបាននិងកំពុងធ្វើ គឺ៖ ១, ពង្រឹងរចនាសម្ព័ន្ធ ២, ពង្រឹងប្រព័ន្ធការងារ និងទី៣, ពង្រឹងធនធានមនុស្ស៕




