ឯកឧត្តម ទិត សុធា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ រួមទាំងថ្នាក់ដឹកនាំក្រុមការងារ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ បានជួបសំណេះសំណាលជាមួយក្មួយៗសិស្សានុសិស្សថ្នាក់ទី១១, ទី១២ថ្មី និងសិស្សដែលទើបប្រឡងទុតិយភូមិថ្មីៗនេះ ប្រមាណ១៥០រូប នៅវិទ្យាល័យទួលក្បិល ស្ថិតក្នុងឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយមានការចូលរួមពីលោកគ្រូ អ្នកគ្រូ គណៈគ្រប់គ្រងសាលា ព្រះសង្ឃ និងមន្ត្រីមូលដ្ឋានក្នុងឃុំផងដែរ ។
នាឱកាសនោះ ឯកឧត្តម ទិត សុធា បានបំផុសនូវឱកាសល្អៗជាច្រើនសម្រាប់តម្រង់ទិសក្នុងការឱ្យសិស្សត្រៀមខ្លួនសិក្សាបន្តនៅសាកលវិទ្យាល័យ និងតាមវិទ្យាស្ថាននានា រួមទាំងបានរួមចំណែកជួយគិតគូស្វែងរកការផ្តល់អាហារូបករណ៍ កន្លែងស្នាក់នៅ និងឱ្យសិស្សចាប់ផ្តើមគិតគូឱ្យបានច្បាស់លាស់នូវជំនាញដែលពួកគេពេញចិត្តមុននឹងសម្រេចចិត្តជ្រើសរើសចូលរៀននៅថ្នាក់ឧត្តមសិក្សា។
ឯកឧត្តមបានបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានកំណត់យកការអភិវឌ្ឍន៍មូលធនមនុស្ស គឺជាកិច្ចការអាទិភាពដ៏ចម្បង ហើយសិស្ស និស្សិតដែលបានទទួលនូវការអប់រំខ្ពស់ មានចំណេះ ជំនាញច្បាស់លាស់ គឺជាកម្លាំងចលករដ៏មានប្រសិទ្ធភាពក្នុងការកសាងនិងអភិវឌ្ឍជាតិមាតុភូមិ ។ ឯកឧត្តមបានបន្តថា ប្រទេសជាតិមួយដែលខ្លាំងទាល់តែមានធនធានមនុស្សខ្លាំង ហើយការអប់រំ គឺជាមូលដ្ឋានគន្លឹះក្នុងការបង្កើតធនធានមនុស្សដ៏មានតម្លៃសម្រាប់ប្រទេសជាតិ ក្នុងន័យថា សិស្ស – និស្សិត ត្រូវតែជាអ្នកមានចំណេះដឹង មានជំនាញច្បាស់លាស់ មានអត្តៈចរិត ល្អ គុណធម៌ សីលធម៌ល្អ និងមានសុខភាពរឹងមាំ ព្រមទាំងត្រូវមានការទទួលខុសត្រូវខាងសង្គមផងដែរ ។ ជាពិសេសជាងនេះទៅទៀត ដើម្បីបន្ស៊ីខ្លួនទៅនឹងកម្មវិធីអប់រំក្នុងសតវត្សទី២១នេះ សិស្ស និស្សិតក៏ត្រូវតែដើរឱ្យទាន់ការវិវត្តន៍នៃបច្ចេកវិទ្យា និងតម្រូវការនៃសង្គម បើពុំនោះទេនឹងខាតធនធាននិងខាតបង់ទាំងពេលវេលាផងដែរ។
ដោយមើលឃើញនូវភាពចាំបាច់នេះហើយ ទើបក្រុមការងាររាជរដ្ឋាភិបាលបានគិតគូគ្នាជាមួយមូលនិធិខ្មែរសម្រាប់ការសិក្សា ដែលធ្លាប់បានលើកស្ទួយនូវគុណតម្លៃនៃការអប់រំ ជាពិសេសការចង់ឃើញក្មួយៗសិស្សានុសិស្សមានទិសដៅច្បាស់លាស់ទាំងការជ្រើសរើសសាលាដើម្បីចូលរៀនបន្តនៅកំរិតថ្នាក់ឧត្តមសិក្សា ការស្វែងរកអាហារូបករណ៍ ផ្អែកលើនិទ្ទេសដែលខ្លួនឯងបានខំប្រឹងសិក្សារៀនសូត្រ និងការបញ្ចប់ការប្រឡងបាក់ឌុបកាលពីពេលថ្មីៗ ការពិគ្រោះយោបល់ កិច្ចសហការទំនាក់ទំនងជាមួយក្រុមការងារដើម្បីរកកន្លែងស្នាក់នៅ និងការជ្រើសរើសនូវមុខជំនាញដែលខ្លួនពេញចិត្ត សម្រាប់ផ្តល់ក្តីសង្ឃឹមនៃជីវិតការសិក្សា និងការងារសម្រាប់អនាគត គឺជាភាពចាំបាច់ដែលត្រូវតែគិតគូជាបន្ទាន់ និងត្រូវមានព័ត៌មានគ្រប់ជ្រុងជ្រោយសម្រាប់ជាមូលដ្ឋានក្នុងការសម្រេចចិត្តបន្តការសិក្សារបស់ខ្លួន។
យ៉ាងណាមិញ ការចូលរួមទទួលយកគោលការណ៍និងការប្រឹក្សាយោបល់តម្រង់ទិសពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន គឺជាទំនុកចិត្ត និងក៏ជាការចូលរួមកាត់បន្ថយនូវក្តីកង្វល់នានារបស់សិស្ស និងមាតាបីតាជាអាណាព្យាបាលសិស្សបានមួយកំរិតធំផងដែរ រួមទាំងការកាត់បន្ថយចំណាយដ៏លើសលប់សម្រាប់ការរៀនសូត្របន្ត នៅពេលសិស្ស និស្សិតទាំងនោះបានទទួលនូវអាហាររូបករណ៍ពីក្រុមការងារ។
បន្ទាប់ពីសំណេះសំណាលរួចហើយ ឯកឧត្តម ទិត សុធា និងក្រុមការងារក៏បានប្រគល់ជូននូវសៀវភៅសិក្សាសិស្សនិទ្ទេស A ដែលជាបណ្តុំឯកសារ មានការស្រាវជ្រាវ ប្រមូល រៀបចំ ចងក្រង បោះពុម្ភ សម្រាប់បម្រើឱ្យសិស្ស និស្សិតបានយកទៅសិក្សារៀន សូត្រ និងអភិវឌ្ឍសមត្ថភាពឱ្យបានក្លាយជាសិស្សមាននិទ្ទេសខ្ពស់ ដែលរំពឹងថានឹងទទួលបានជោគជ័យ និងលទ្ធផលល្អសម្រាប់អនាគត៕

















