ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានមានព្រះរាជបន្ទូលថា ការរក្សាបាននូវស្មារតីមហាសាមគ្គីជាតិជាធ្លុងមួយ ក្រោមម្លប់សន្តិភាព រួមជាមួយការរួមសុខរួមទុក្ខ និងការលះបង់ឥតឈប់ឈររបស់សម្តេចតេជោ ហ៊ុន សែន ជាមួយវីរយុទ្ធជននៅជួរមុខតាមបណ្តោយព្រំដែន គឺជាកត្តាគន្លឹះក្នុងការការពារបានយ៉ាងរឹងមាំនូវបូរណភាពទឹកដី អធិបតេយ្យភាពជាតិ និងការបង្កើតបាននូវសមិទ្ធផលសេដ្ឋកិច្ច-សង្គមជាប្រវត្តិសាស្ត្រសម្រាប់កម្ពុជា។
ព្រះអង្គបានមានព្រះរាជបន្ធូលដូចនេះ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ក្នុងព្រះរាជពិធីសម្ពោធវិមានសាមគ្គីភាព។ នាឱកាសនោះផងដែរ ព្រះអង្គទ្រង់ បានមានព្រះរាជបន្ធូលបញ្ជាក់ថា កំណើនសេដ្ឋកិច្ចខ្ពស់ជាប់មិនដាច់ជិត ២ទសវត្សរ៍មកនេះ បានបង្កើតឱ្យមានសមិទ្ធផលស្មានមិនដល់ជាច្រើន ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រទំនើបរបស់ប្រទេសជាតិ។
ទន្ទឹមនោះផងដែរ ព្រះមហាក្សត្រ ក៏បានវាយតម្លៃខ្ពស់ចំពោះព្រឹទ្ធសភានីតិកាលទី៥ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលបានសម្រេចសមិទ្ធផលយ៉ាងធំធេងក្នុងការការពារ ជាតិ សាសនា ព្រះមហាក្សត្រ ពង្រឹងឯកភាពជាតិ និងអភិរក្សអរិយធម៌អង្គរដ៏បវរ។
ជាមួយគ្នានោះផងដែរ ព្រះអង្គ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចតេជោ ដែលជានិច្ចកាលតែងតែនៅក្បែរប្រជាពលរដ្ឋ និងកងទ័ពនៅជួរមុខ ព្រមទាំងបានផ្តល់ប្រឹក្សាយោបល់យុទ្ធសាស្ត្រ និងការគាំទ្រគ្រប់ទិដ្ឋភាពដល់រាជរដ្ឋាភិបាលទាំងយប់ទាំងថ្ងៃ ក្នុងគ្រប់កាលៈទេសៈដែលប្រទេសជាតិប្រឈមនឹងការគំរាមកំហែងពីបរទេស ដើម្បីបុព្វហេតុតែមួយគត់គឺការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិឱ្យបានដាច់ខាត៕






