នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃអង្គារ ១៥រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលឯកឧត្តមត្រូវបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្តីរីករាយក្នុងការជួបឯកឧត្តមជាថ្មី ជាពិសេសបានជួបជជែកជាមួយឯកឧត្តមមុន នឹងឯកឧត្តមចាកចេញពីប្រទេសកម្ពុជា។ សម្ដេចសង្ឃឹមថា ទោះបីជាពេលនេះឯកឧត្តមបានផុតអាណត្តិជាឯកអគ្គរាជទូតប្រចាំនៅព្រះរាជាណាចក្រកម្ពុជាក៏ដោយ ឯកឧត្តមនឹងនឹកឃើញនូវអនុស្សាវរីយ៍ ដែលឯកឧត្តមបានខិតខំប្រឹងប្រែងក្នុងការកសាងពូនជ្រុំនូវទំនាក់ទំនងរវាងកម្ពុជា និងជប៉ុនឲ្យកាន់តែរីកចម្រើន ហើយមកដល់ពេលនេះប្រទេសទាំងពីរបានក្លាយជាដៃគូយុទ្ធសាស្ត្រជាមួយគ្នា ដែលមានការរីកចម្រើនស្ទើរគ្រប់វិស័យ ជាពិសេសគឺវឌ្ឍនភាព នៃទំនាក់ទំនងរវាងប្រទេសទាំងពីរទាំងនៅក្នុងវិស័យសន្តិសុខ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ទំនាក់ទំនង រវាងប្រជាជន និងប្រជាជន គឺមានភាពផុសផុល និងរីកចម្រើនជាលំដាប់ ដែលបង្ហាញយ៉ាងច្បាស់អំពីទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន កាន់តែរឹងមាំបន្តទៀត។
ឯកឧត្តមពិតជាកោតសរសើរចំពោះការរីកចម្រើននៅក្នុងប្រទេសកម្ពុជា ដែលឯកឧត្តមបានលើកឡើងថា មិនមែនត្រឹមតែឯកឧត្តមបានធ្វើជាឯកអគ្គរាជទូតទេ ប៉ុន្តែឯកឧត្តមបានអញ្ជើញមកដល់កម្ពុជាតាំងពីឆ្នាំ១៩៩១មកម្ល៉េះ ហើយបានឃើញអំពីភាពរីកចម្រើនរបស់កម្ពុជាដែលឯកឧត្តមបានបញ្ជាក់ថារយៈពេលជាង៣០ឆ្នាំមកនេះមិននឹកស្មានថា កម្ពុជាអាចដើរមកដល់ពេលនេះបានទេ។
សម្ដេចតេជោបានសម្ដែងការពេញចិត្តចំពោះការលើកឡើងរបស់ឯកឧត្តមអគ្គរាជទូតរបស់ជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្នុងការវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគី កម្ពុជា និងជប៉ុន។ សម្ដេចបានអរគុណជាចំពោះឯកឧត្តមដែលបានចូលរួមចំណែកនៅក្នុងការលើកស្ទួយនូវទំនាក់ទំនងទ្វេភាគី រវាងកម្ពុជា និងជប៉ុនឲ្យកាន់តែរឹងមាំបន្ថែមទៀត។សម្ដេចបានអរគុណចំពោះជប៉ុនដែលតែងតែគាំទ្រ និងជួយដល់កម្ពុជានៅពេលកន្លងមក ទាំងនៅក្នុងក្របខណ្ឌនៃការស្វែងរកនូវចូលរួមក្នុងការដោះស្រាយនូវបញ្ហាផ្ទៃក្នុងរបស់កម្ពុជា ជាផ្នែកនៃការរកសន្តិភាពសម្រាប់ប្រទេសកម្ពុជា ការចូលរួមចំណែកក្នុងការដោះស្រាយការដោះមីន នៅក្នុងកម្ពុជា ហើយជាពិសេសនោះ គឺការគាំទ្ររបស់ជប៉ុន គឺការកសាងនូវហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជាដែលមិនអាចកាត់ផ្ដាច់នូវតួនាទីរបស់ជប៉ុននោះបាននោះទេ ដូចជាការកសាងផ្លូវ ស្ពាន និងកំពង់ផែជាដើម ដែលជប៉ុនបានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងការជួយដល់ប្រទេសកម្ពុជា។
ជាចុងក្រោយសម្ដេចតេជោ ហ៊ុន សែន បានជូនពរឲ្យឯកឧត្តមអគ្គរាជទូតជប៉ុន ទទួលបានសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យជាបន្តបន្ទាប់ទៀត៕





