អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជំរាបជូនជ្រាបអំពីការងារការទូតសកម្មរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន៖
ទី១៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានជម្រាបជូនប្រធានគណៈប្រតិភូប្រចាំតំបន់នៃគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) អំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងបានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្ត និងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជានិងថៃ។ សម្ដេចធិបតីក៏បានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគាំទ្រការគោរពច្បាប់អន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ។
ការបញ្ជាក់បែបនេះបានធ្វើឡើងក្នុងឱកាសដែលសម្តេចធិបតី នាយករដ្ឋមន្ត្រីបានអនុញ្ញាតឱ្យលោក Jürg Montani ប្រធានប្រចាំតំបន់នៃគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម(ICRC) និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព កាលពីរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦។ សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ ICRC ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និងបានថ្លែងអំណរគុណចំពោះស្ថាប័ននេះ ដែលបានគាំទ្រដល់ជនភៀសសឹកកម្ពុជាក្នុងអំឡុងពេលជម្លោះព្រំដែនកម្ពុជា-ថៃ និងបានសម្របសម្រួលយ៉ាងសកម្មក្នុងការដោះលែងវីរកងទ័ពកម្ពុជាចំនួន១៨រូប ដែលត្រូវបានភាគីថៃចាប់ខ្លួនដោយខុសច្បាប់។
ប្រធានគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម(ICRC)បានសម្ដែងក្ដីសោមនស្សរីករាយដែលបានរួមចំណែកដ៏មានសារៈសំខាន់ក្នុងការសម្របសម្រួលកិច្ចការនានា អំឡុងពេលនៃជម្លោះព្រំដែនកម្ពុជា-ថៃ និងបានបញ្ជាក់ពីការប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត។ លោកក៏បានជម្រាបជូនសម្ដេចធិបតីអំពីកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាង ICRC និងកាកបាទក្រហមកម្ពុជា ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការគាំទ្រការឆ្លើយតបនឹងគ្រោះអាសន្ននិងការលើកកម្ពស់ច្បាប់មនុស្សធម៌អន្តរជាតិ។ ក្នុងដំណើរទស្សនកិច្ចការងារនៅកម្ពុជានាពេលនេះ លោកក៏បានចុះទៅពិនិត្យការអនុវត្តគម្រោងជំនួយកម្មវិធីស្តារលទ្ធភាពពលកម្ម កាយសម្បទា ដែលបានអនុវត្តនៅក្នុងខេត្តបាត់ដំបង ក៏ដូចជាកម្មវិធីសុខភាពក្នុងពន្ធនាគារ។
សម្ដេចធិបតីក៏បានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកម្ពុជា និង ICRC និងបានថ្លែងអំណរគុណចំពោះស្ថាប័នអន្តរជាតិមួយនេះ ដែលបានផ្ដល់ការគាំទ្រការអនុវត្តគម្រោងជាច្រើននៅកម្ពុជា ព្រមទាំងបានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការបន្តពង្រឹងភាពជាដៃគូដ៏ល្អជាមួយនឹង ICRC បន្ថែមទៀត។ សម្ដេចធិបតីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ក្នុងការគាំពារប្រជាពលរដ្ឋគ្រប់រូប តាមរយៈការដាក់ចេញនូវក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥ រួមទាំងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំ ដែលតាមម្តាយនៅក្នុងពន្ធនាគារ។ សម្ដេចធិបតីក៏បានលើកទឹកចិត្តដល់ ICRC ឱ្យផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយក្រសួង-ស្ថានប័នពាក់ព័ន្ធកម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង ICRC ឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។
ទី២៖ ឯកអគ្គរដ្ឋទូតហ្វីលីពីនបានគូសបញ្ជាក់ថា ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលដឹកនាំដោយហ្វីលីពីននឹងបន្តអនុវត្តបេសកកម្មប្រកបដោយតម្លាភាពនិងអព្យាក្រឹត។ ការបញ្ជាក់អះអាងបែបនេះបានធ្វើឡើង កាលពីរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យលោកជំទាវ Flerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលចប់អាណត្តិ និងគណៈប្រតិភូចូលជួបសម្តែងការគួរសមនិងជម្រាបលានៅវិមានសន្តិភាព។ លោកជំទាវឯកអគ្គរដ្ឋទូតក៏បានសម្តែងនូវការអបអរសាទរចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា និងការពេញចិត្តចំពោះការរីកម្រើននៃទំនាក់ទំនងទ្វេភាគី ហ្វីលីពីន-កម្ពុជា ដែលបានឈានដល់កម្រិតថ្មីមួយបន្ថែមទៀត។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ហ្វីលីពីនក្នុងនាមប្រធានអាស៊ានប្តូរវេន ដែលបានជួយសម្របសម្រួលក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃនាពេលកន្លងមក ព្រមទាំងបានជម្រាបជូនលោកជំទាវឯកអគ្គរដ្ឋទូតអំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ដោយគូសបញ្ជាក់អំពីការប្តេជ្ញាចិត្ត និងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។
លោកជំទាវឯកអគ្គរដ្ឋទូតហ្វីលីពីន ក៏បានសាទរចំពោះការដាក់ចេញនូវវិធានការមុតស្រួចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង នឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាព្រមទាំងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការដ៏ល្អរវាងកម្ពុជានិងហ្វីលីពីន ជាពិសេសកិច្ចសហការស្អិតរមួតរវាងក្រសួងស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរលើការងារប្រយុទ្ធប្រឆាំងជាមួយបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ភាគីទាំងពីរក៏បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី ជាពិសេសឆ្នាំ២០២៧ ខាងមុខនេះគឺជាខួបទី៧០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលជាពេលវេលាដ៏សំខាន់ក្នុងការបន្តពូនជ្រុំទំនាក់ទំនងទ្វេភាគីឱ្យកាន់តែខ្លាំងក្លាថែមទៀត៕
សូមអរគុណ!



