ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមជំរាបជូនបច្ចុប្បន្នភាពថ្មីពីរាជរដ្ឋាភិបាលដូចតទៅ៖

ទី១៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់បានត្រឡប់មកដល់រាជធានីភ្នំពេញវិញហើយ កាលពីពាក់កណ្តាលអធ្រាត្រយប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ បន្ទាប់ពីបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ និងកិច្ចប្រជុំពាក់ព័ន្ធ នៅកោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន។

ក្នុងអំឡុងកិច្ចប្រជុំកំពូល សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា អាស៊ាននៅតែជាគំរូនៃពហុភាគីនិយមផ្អែកលើច្បាប់ និងជាកម្លាំងសម្រាប់សន្តិភាព ស្ថិរភាព កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការប្រកបដោយស្ថាបនា ហើយអំណាចទន់របស់អាស៊ានកើតចេញពីតួនាទីជាអន្តរការីដែលអាចជឿទុកចិត្តបាន និងមានអព្យាក្រឹតភាពក្នុងការចូលរួមជាមួយបណ្ដាភាគី ដោយយុត្តិធម៌ និងភាពជឿជាក់ នៅក្នុងបរិបទដែលពិភពលោកកាន់តែប្រឈមចំពោះភាពបែកបាក់។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមពីសារៈសំខាន់នៃការពង្រឹងសាមគ្គីភាព ឯកភាព និងភាពធន់របស់អាស៊ាន ក្នុងការដោះស្រាយផលប៉ះពាល់ដែលកើតចេញពីស្ថានការណ៍វិវត្តនៅមជ្ឈិមបូព៌ា និងបញ្ហាប្រឈមសកលផ្សេងៗទៀត និងបានសង្កត់ធ្ងន់លើតម្រូវការក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលក្នុងតំបន់ ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពទៅនឹងវិបត្តិខាងក្រៅ ព្រមទាំងរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។ សម្តេចប្រមុខរាជរដ្ឋាភិបាល ក៏បានលើកឡើងអំពីផលប៉ះពាល់ផ្នែកមនុស្សធម៌ដែលកើតចេញពីភាពតានតឹងនៅមជ្ឈិមបូព៌ា រួមទាំងសុវត្ថិភាពនិងសុខុមាលភាពរបស់ប្រជាពលរដ្ឋអាស៊ាននៅក្នុងតំបន់ដែលរងផលប៉ះពាល់ និងបានបង្ហាញភាពរីករាយដែលបានឃើញប្រទេសសមាជិកអាស៊ានជួយគ្នាទៅវិញទៅមក។

ទី២៖ ចំពោះបញ្ហាបូរណភាពទឹកដី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់លើការអនុវត្ដដោយពេញលេញ ភ្លាមៗ និងទាំងស្រុងនូវសេចក្ដីប្រកាសរួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសចំណុចទី៣ ដោយត្រូវចាប់ផ្ដើមដំណើរការឡើងវិញជាបន្ទាន់នូវការងារវាស់វែងនិងខណ្ឌសីមារបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដោយគ្មានការពន្យារពេលបន្តទៀតឡើយ។ ទន្ទឹមនឹងនោះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបង្ហាញជំហរម៉ឺងម៉ាត់និងច្បាស់លាស់របស់កម្ពុជា ថាខ្សែព្រំដែនមិនអាចត្រូវបានផ្លាស់ប្ដូរឬកំណត់ដោយការប្រើប្រាស់កម្លាំង ឬតាមរយៈការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្ដែង (faits accomplis) នោះទេ។

សម្រាប់ការដោះស្រាយការទាមទារដែនសមុទ្រត្រួតគ្នា កម្ពុជាសម្រេចប្រើប្រាស់ “យន្តការផ្សះផ្សារដោយចាប់បង្ខំ” (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពី នីតិសមុទ្រ (UNCLOS) បន្ទាប់ពីការដកខ្លួនជាឯកតោភាគីរបស់ប្រទេសថៃ ចេញពីអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១។ កម្ពុជាជឿជាក់ថា នេះគឺជាមាគ៌ាសន្តិវិធី ដែលនឹងនាំទៅរកដំណោះស្រាយប្រកបដោយយុត្តិធម៌សម្រាប់ភាគីទាំងពីរ។

ពាក់ព័ន្ធនឹងបញ្ហាអធិបតេយ្យភាព និងបូរណភាពទឹកដីនេះ សម្តេចធិបតីគូសបញ្ជាក់ថា កម្ពុជានៅតែប្រកាន់ខ្ជាប់យ៉ាងមុតមាំ ចំពោះការដោះស្រាយជម្លោះដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិនិងកិច្ចព្រមព្រៀងដែលមានស្រាប់ រួមទាំងការប្តេជ្ញាចិត្តដែលបានបញ្ជាក់យ៉ាងច្បាស់នៅក្នុងសេចក្តីថ្លែងការណ៍រួម ទីក្រុងគូឡាឡាំពួរ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងសេចក្តីប្រកាសរួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដោយកម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការបោះជំហានទៅមុខប្រកបដោយស្មារតីស្ថាបនាឆាប់រហ័ស និងដោយសុឆន្ទៈ។

ទី៣៖ ភ្លាមៗក្រោយពីជំនួបត្រីភាគីកម្ពុជា ហ្វីលីពីននិងថៃ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី បានប្រកាសស្វាគមន៍ចំពោះជំនួបនេះ និងស្វាគមន៍ចំពោះនាយករដ្ឋមន្ត្រីកម្ពុជានិងថៃ ដែលបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តចំពោះសន្តិភាពយូរអង្វែង និងបានពិភាក្សាគ្នាអំពីវិធានការកសាងទំនុកចិត្តនាពេលអនាគត។ ឯកឧត្តមឯកអគ្គរាជទូតជប៉ុន ក៏បានសម្តែងនូវការគោរពចំពោះកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតរបស់ប្រទេសហ្វីលីពីនដែលជាប្រធានអាស៊ាន។ សូមបញ្ជាក់ជូនថា ក្នុងជំនួបត្រីភាគីនោះ ភាគីទាំងអស់សុទ្ធតែបានសម្តែងក្តីប្រាថ្នានិងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។

ទី៤៖ ដោយសម្តេចធីបតី នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើចំណុច៣ នៃសេចក្តីប្រកាសរួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមរម្លឹកឡើងវិញនូវខ្លឹមសារចំណុច៣នេះដូចតទៅ៖

«ភាគីទាំងពីរឯកភាពគ្នាថា រាល់ការព្រមព្រៀងក្រោមសេចក្តីប្រកាសរួមនេះមិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការខ័ណ្ឌសីមាព្រំដែននិងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេ។ ភាគីទាំងពីរឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចំរុះព្រំដែនបន្តអនុវត្តការងារវាស់វែងនិងខ័ណ្ឌសីមាព្រំដែន ឱ្យបានឆាប់រហ័សបំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន។

ភាគីទាំងពីរឯកភាពគ្នាថា នឹងប្រើប្រាស់យន្តការដែលមានស្រាប់នៃគណៈកម្មការចំរុះព្រំដែនដើម្បីធានាសុវត្ថិភាពនិងសន្តិសុខរបស់ក្រុមការងារវាស់វែងចំរុះនៅលើទីតាំងជាក់ស្តែង ដោយរាប់បញ្ចូលទាំងសុវត្ថិភាពពីការជាន់មីន។ ភាគីទាំងពីរឯកភាពគ្នាថា គណៈកម្មការចំរុះព្រំដែននឹងផ្តល់អាទិភាពខ្ពស់បំផុតចំពោះការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែននៅតំបន់រងផលប៉ះពាល់ដែលមានជនស៊ីវិលរស់នៅ»៕

សូមអរគុណ!

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsush...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort