យោងតាមការបង្ហោះផ្សាយនៅក្នុងបណ្ដាញសង្គមរបស់ក្រសួងការពារជាតិ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថានៅថ្ងៃសៅរ៍ ទី២៨ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង៨:២៥នាទីព្រឹក ក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យលើការគោរពនិងអនុវត្តវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួមក្រោយបទឈប់បាញ់ចូលជាធរមាន។
គួរបញ្ជាក់ផងដែរថា ការចុះសង្កេតការណ៍លើកនេះគឺជាបេសកកម្មនៃការចុះសង្កេតការណ៍ប្តូរវេនរវាងប្រធានក្រុមអ្នកសង្កេតការណ៍ចប់អាណត្តិម៉ាឡេស៊ីដែលនឹងត្រូវផ្ទេរជូនប្រទេសហ្វីលីពីនដឹកនាំបន្តក្នុងនាមជាប្រធានអាស៊ានប្តូរវេននិងជាប្រធានដឹកនាំក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បន្ត ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
រាជរដ្ឋាភិបាលនិងក្រសួងការពារជាតិកម្ពុជានៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការគោរពនិងអនុវត្តយ៉ាងពេញលេញនិងខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀតដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័សនិងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាពយូរអង្វែង។





