ខ្លឹមសារ Press Briefing ​ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនសាធារណជនជ្រាបអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយនិងជួយដល់បងប្អូនជនភៀសសឹក៖

រាជរដ្ឋាភិបាលដែលមានក្រសួងស្ថាប័នពាក់ព័ន្ធនានាជាសេនាធិការ បាននឹងកំពុងដុតដៃដុតជើងយ៉ាងខ្លាំង ដើម្បីជួយដល់បងប្អូនជនភៀសសឹកនៅតាមបណ្តាយព្រំដែន។ សម្រាប់ពលរដ្ឋភៀសសឹកដែលអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន អាជ្ញាធរមានសមត្ថកិច្ចបានជួយជ្រោមជ្រែងនិងសម្រួលពួកគាត់ឱ្យបានវិលត្រឡប់ទៅកាន់ភូមិដ្ឋានវិញ ឱ្យបានឆាប់បំផុតតាមដែលអាចធ្វើបានដោយគិតគូរយ៉ាងហ្មត់ចត់អំពីសុវត្ថិភាព ជីវភាព និងសុខុមាលភាពរបស់ពួកគេ។ ចំណែកអ្នកដែលមិនទាន់អាចវិលទៅកាន់លំនៅឋានវិញបាននៅឡើយ ក៏ទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់រាជរដ្ឋាភិបាលក្នុងការមើលថែពួកគាត់នៅក្នុងមណ្ឌលសុវត្ថិភាព។

គិតត្រឹមល្ងាចថ្ងៃម្សិលមិញ (១១ មករា ២០២៦) មានពលរដ្ឋភៀសសឹកប្រមាណជា ៤៨ម៉ឺននាក់ហើយដែលបានវិលត្រឡប់ទៅលំនៅឋានវិញហើយ ក្នុងចំណោមជនភៀសសឹកសរុបជាង ៦៤ម៉ឺននាក់។ ដូច្នេះ នៅសល់ជនភៀសសឹកជាង ១៦ម៉ឺននាក់ទៀតកំពុងបន្តស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពនៅឡើយ ហើយអាជ្ញាធរកំពុងសម្របសម្រួលដើម្បីឱ្យពួកគេវិលទៅកាន់ភូមិឋានរបស់ខ្លួនវិញជាបន្តបន្ទាប់។ ទន្ទឹមនឹងនោះ សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព និងស្ថាប័នផ្តល់សេវាសាធារណៈនានាក៏បានបើកដំណើរការឡើងវិញជាបន្តបន្ទាប់ដើម្បីបម្រើសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់ទាំងនោះ។

សូមបញ្ជាក់ជូនថា ការវិលត្រឡប់ទៅកាន់លំនៅឋានវិញរបស់ពលរដ្ឋភៀសសឹកមានចែងក្នុងចំណុចទី៤ នៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលមានសេចក្តីថា ភាគីទាំងពីរឯកភាពអនុញ្ញាតឱ្យជនស៊ីវិលរស់នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់ វិលត្រឡប់ទៅផ្ទះសម្បែងនិងប្រកបជីវភាពរស់នៅធម្មតារបស់ពួកគេវិញក្នុងពេលឆាប់ៗបំផុតដោយគ្មានការរារាំង និងដោយមានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ នៅក្នុងតំបន់រៀងៗខ្លួន។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានតែងតាំងសមាសភាពក្រុមការងារចំពោះកិច្ចមួយកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ដែលមានភារកិច្ចរៀបចំនិងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតដោយការទម្លាក់គ្រាប់បែករបស់ភាគីថៃ។ បច្ចុប្បន្ន ក្រុមការងារចំពោះកិច្ចនេះកំពុងចុះវាយតម្លៃស្ថានភាពជាក់ស្តែងនៅតាមបណ្តាខេត្តជាប់ព្រំដែនដែលរងផលប៉ះពាល់ ដើម្បីដឹងពីទំហំនៃការខូចខាតហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ក៏ដូចជាផលប៉ះពាល់ជាក់ស្តែងលើជីវភាពរបស់ប្រជាពលរដ្ឋ ដើម្បីរាជរដ្ឋាភិបាលចាត់វិធានការអន្តរាគមន៍ស្តារឡើងវិញនូវជីវភាពរបស់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដែលរងការខូចខាត។

នៅក្នុងសារផ្ញើជូនប្រជាពលរដ្ឋកាលពីយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាល តាមរយៈក្រុមការងារចំពោះកិច្ចកំពុងសិក្សានិងវាយតម្លៃលើផលប៉ះពាល់សំខាន់៣គឺ ផលប៉ះពាល់លើផលដំណាំ ស្ថានភាពបំណុល និងការស្តារឡើងវិញជាបន្ទាន់នូវសេវាសាធារណៈចាំបាច់ ដូចជា ទឹកស្អាត អគ្គិសនី និងទូរគមនាគមន៍ជាដើម។ ក្រៅពីនោះ ការបោសសម្អាតកាកសំណល់និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះក៏ជាកិច្ចការដ៏សំខាន់មួយ ដើម្បីធានាសុវត្ថិភាពជូនពលរដ្ឋភៀសសឹក មុននឹងអនុញ្ញាតឱ្យពួកគេវិលត្រឡប់ទៅកាន់លំនៅឋានវិញ។ ភ្នាក់ងារសុខាភិបាលក៏ត្រូវបានដាក់ពង្រាយនៅនឹងកន្លែង ដើម្បីជួយពិនិត្យសុខភាពនិងព្យាបាលជំងឺជូនពលរដ្ឋភៀសសឹកផងដែរ។

ក្រៅពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក៏មានការចូលរួមយ៉ាងសកម្មពីបណ្តាប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ អង្គការជាតិនិងអន្តរជាតិ វិស័យឯកជន និងសប្បុរសជននានាតាមរយៈការផ្តល់ថវិកា សម្ភារៈ ដើម្បីជួយដល់បងប្អូនជនភៀសសឹកនិងវីរកងទ័ព និងវីរកងនគរបាលជួរមុខ។ ឆ្លៀតឱកាសនេះ រាជរដ្ឋាភិបាលសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងសប្បុរសជនទាំងឡាយដែលបានចំណាយកម្លាំងកាយ ចិត្ត និងបានបរិច្ចាគធនធានដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាក្នុងគ្រាដ៏លំបាកនេះ។

សូមបងប្អូនជនរួមជាតិនិងសប្បុរសជនគ្រប់ទិសទីបន្តសកម្មភាពសប្បុរសធម៌នេះតទៅទៀតដើម្បីបង្ហាញពីប្រពៃណីសាមគ្គីជួយគ្នាក្នុងគ្រាជួបការលំបាកដែលជាកម្លាំងស្នូលនៃសង្គមខ្មែរ និងក៏ជាការបង្ហាញពីស្មារតីគាំទ្រសន្តិភាព និងលើកទឹកចិត្តដល់ការដោះស្រាយបញ្ហាដោយសន្តិវិធី ពីព្រោះសង្គ្រាមតែងបង្កវិនាសកម្ម និងទុក្ខសោកគ្រប់បែបយ៉ាងសម្រាប់ប្រទេសជាតិនិងប្រជាពលរដ្ឋដូចដែលយើងធ្លាប់បានហែលឆ្លងកាត់រួចមកហើយ។

ក្នុងន័យនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជាថ្មីថា ក្នុងនាមប្រទេសស្រឡាញ់សន្តិភាព និងតែងតែតម្កល់សន្តិភាពជាអាទិភាពខ្ពស់បំផុតមួយ កម្ពុជាគោរពនិងអនុវត្តយ៉ាងម៉ឺងម៉ាត់និងស្មោះត្រង់បំផុតនូវបទឈប់បាញ់ គោរពស្មារតីនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ រួមទាំងកិច្ចព្រមព្រៀងនានាដែលបានធ្វើកាលពីពេលកន្លងទៅ និងជានិច្ចកាលប្រកាន់គោលជំហរដោះស្រាយជម្លោះដោយសន្តិវិធី៕

កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោក ផាក ជូបុង (Park Joo Bong) ប្រធានក្រុមហ៊ុន Da...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក ផាក ជូបុង (Park Joo Bong) ប្រធានក្រុមហ៊ុន Daejoo KC
beylikdüzü escort escort beylikdüzü beylikdüzü escort