ក្នុងសារលិខិតអបអរសាទរទិវាជាតិអ្នកនិពន្ធ ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវមនោសញ្ចេតនារីករាយ និងចូលរួមអបអរសាទរទិវាជាតិអ្នកនិពន្ធ ឆ្នាំ ២០២៥ ក្រោមប្រធានបទ «អ្នកនិពន្ធគឺជាទូតសុឆន្ទៈក្នុងការអភិរក្សនិងអភិវឌ្ឍវប្បធម៌ដើម្បីសន្តិភាព»។
នៅក្នុងសារលិខិតនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ទិវាជាតិអ្នកនិពន្ធ ៧ធ្នូ ជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ រួមចំណែកដល់ការលើកស្ទួយគុណតម្លៃ ការគោរពដឹងគុណបុព្វកវីនិពន្ធខ្មែរ និងជាការរម្លឹកនូវសេចក្តីចងចាំគុណបំណាច់របស់បណ្តាកវីនិពន្ធគ្រប់ជំនាន់ដែលបានចូលរួមចំណែកពង្រឹងអក្សរសាស្រ្តជាតិនិងវិស័យអប់រំ។






