សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំបណ្តុះបណ្តាល ត្រូវមានការសហការគ្នារវាងឪពុកម្តាយ ជាមួយលោកគ្រូ អ្នកគ្រូ

ក្នុងពិធីសំណេះសំណាលនាឱកាសចុះពិនិត្យវឌ្ឍនភាពនៃការជំរុញអនុវត្តន៍វិធានការគន្លឹះវិស័យអប់រំ នៅសាលាបឋមសិក្សាត្រពាំងក្អែក នៅភូមិត្រពាំងក្អែក សង្កាត់វាលពង់ ក្រុងឧត្តុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ឪពុកម្តាយអាណាព្យាបាលសិស្សទាំងអស់ ដែលបានផ្តល់ការគាំទ្រនិងជឿជាក់លើការអប់រំនៅក្នុងកម្មវិធីបន្ថែមម៉ោងថ្មីនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការបង្រៀនថែមម៉ោងចំនួន២ម៉ោងនេះដែរ បានធ្វើឱ្យសិស្សានុសិស្សមានពេលសិក្សាបានច្រើនជាងមុន ជាជាងការយកពេលវេលាដែលនៅសេសសល់ទៅចំណាយឥតប្រយោជន៍ ព្រមទាំងបានសិក្សាយកចំណេះបានច្រើនជាងមុនផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ការអប់រំបណ្តុះបណ្តាលនេះ គឺត្រូវមានការសហការគ្នារវាងឪពុកម្តាយអាណាព្យាបាលនៅផ្ទះ ជាមួយលោកគ្រូ អ្នកគ្រូនៅសាលារៀន សំដៅធ្វើយ៉ាងណាឱ្យសិស្សទទួលបានការអប់រំពេញលេញ និងម៉្យាងទៀតដើម្បីឱ្យឪពុកម្តាយនិងគ្រូមានការចូលរួមទាំងអស់គ្នា៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ