ក្នុងឱកាសអញ្ជើញជាអធិបតី «ទទួលវត្ថុបុរាណខ្មែរ ដែលបានប្រគល់ជូនព្រះរាជាណាចក្រកម្ពុជាវិញ» នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ដែលប្រារព្ធនៅវិមានសន្តិភាព សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការយាងត្រឡប់មកវិញរបស់ព្រលឹងដូនតា គឺជា «មង្គល» របស់ជាតិដែលជួយប្រោះព្រំ ព្យាបាលស្នាមរបួសផ្លូវចិត្តរបស់ប្រជាជនកម្ពុជា ដែលបានរងគ្រោះឈឺចាប់ក្នុងអំឡុងសង្រ្គាមស៊ីវិលរាប់ទសវត្ស និងសោកនាដកម្មអំពើប្រល័យពូជសាសន៍ខ្មែរក្រហមនាពេលកន្លងទៅ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការទទួលបានបុរាណវត្ថុខ្មែរត្រឡប់មកវិញនៅពេលនេះ បង្ហាញពីការជួបជុំនៃព្រលឹងដូនតាខ្មែរ ដែលនៅជាប់ជានិច្ចជាមួយនឹងប្រជាពលរដ្ឋខ្មែរ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបន្ថែមថា សង្គ្រាម, ការបែកបាក់ជាតិ បានធ្វើឱ្យបុរាណវត្ថុទាំងនេះត្រូវបែកចេញពីកម្ពុជា។ សន្តិភាពមិនត្រឹមតែផ្ដល់នូវភាពសុខសាន្ត និងការរីកចម្រើនដល់កម្ពុជាប៉ុណ្ណោះនោះទេ ប៉ុន្តែក៏បានធ្វើឱ្យកម្ពុជាទទួលបានមកវិញនូវបុរាណវត្ថុទាំងនេះផងដែរ៕