ជយោសករាជសន្តិភាពនៃជាតិកម្ពុជា! ព្រែកជីកដែលកប់បាត់ជិត២ពាន់ឆ្នាំ ត្រូវគាស់រំលើងឡើងវិញហើយ ក្រោមសម្រែកសាទរទូទាំងនគរ

(ភ្នំពេញ)៖ បន្ទាប់ពីទន្ទឹងរង់ចាំយ៉ាងអន្ទះសារអស់ជាច្រើនខែ នៅព្រឹកថ្ងៃចន្ទ ១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ការដ្ឋានព្រែកជីកហ្វូណនតេជោ ត្រូវបានចាប់ផ្តើមជា​ផ្លូវការ​​ហើយក្រោមសម្រែកសាទរយ៉ាងកងរំពងពីសំណាក់ប្រជាពលរដ្ឋខ្មែរមិនត្រឹមតែក្នុងស្រុកប៉ុណ្ណោះទេ រួមទាំងពលរដ្ឋខ្មែរនៅក្រៅប្រទេសផងដែរ។

ពិធីបើកការដ្ឋានព្រែកជីកដែលមានគុណប្រយោជន៍មហាសាលសម្រាប់ជាតិខ្មែរ ត្រូវបានរៀបចំឡើងនៅចំណុច​ចាប់​ផ្តើមនៃព្រែកជីកពីដងទន្លេមេគង្គ ស្ថិតក្នុងភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ពិធីដែលប្រព្រឹត្តឡើងយ៉ាងមហោឡារិកនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។ ពិធីដ៏មហារីករាយ​នេះ ក៏មានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា សមាជិក សមាជិការាជរដ្ឋាភិបាល មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សនិស្សិត ប្រជាពលរដ្ឋសរុបជិត២ម៉ឺននាក់។

ការដ្ឋានព្រែកជីកហ្វូណនតេជោ គឺជាការគាស់រំលើងឡើងវិញនូវព្រែកជីកដែលកម្ពុជាមានក្នុងសម័យហ្វូណន ឬ​សម័យនគរភ្នំ ជានគរដំបូងរបស់ខ្មែរ និងជាពេលវេលាដែលខ្មែរមានការរីកចម្រើន និងរុងរឿងបំផុត។ តែជា​អកុ​សល​​​​ក្នុងរង្វង់សតវត្សរ៍ទី៥ ការចុះអន់ថយនៃអាណាចក្រហ្វូណនបូករួមជម្លោះផ្ទៃក្នុងនៃនគរខ្មែរ ព្រែកជីក​ហ្វូ​ណ​ន ក៏ត្រូវបានទុកចោលលែងមានការប្រើប្រាស់រហូតដល់ពេលបច្ចុប្បន្ន។

ជាភ័ព្វសំណាងសម្រាប់ជាតិកម្ពុជាក្រោមមាគ៌ាដ៏អស្ចារ្យ និងមគ្គទេសក៍ដ៏ឆ្នើមនៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឱ្យកម្ពុជាស្គាល់ការរួបរួម និងសុខសន្តិភាពជាថ្មី បានផ្តល់ឱកាសឱ្យកម្ពុជាមានឱកាសគាស់រំលើង​ឡើងវិញនូវបណ្តាញផ្លូវទឹកដ៏សំខាន់របស់អាណាចក្រខ្មែរឡើងក្រោយកប់បាត់ជិត២ពាន់ឆ្នាំ។

នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ នាសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជានាយករដ្ឋមន្ត្រីនាពេលនោះ បានសម្រេចឯកភាពទទួលយកគម្រោងរៀបចំផ្លូវនាវាចរណ៍នេះ​ឡើង​វិញ និងបានប្រសិទ្ធនាមថា «ព្រែកជីកហ្វូណនតេជោ» ដើម្បីផ្សារភ្ជាប់ប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ពីអតីតកាលឡើងវិញ។

ដើម្បីជាការគោរពនូវមហាគុណូបការៈគុណរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានដឹកនាំនាវាកម្ពុជា​ស្គាល់ការ​រួប​រួម ស្គាល់ការឯកភាពជាតិ ស្គាល់សុខសន្តិភាព និងផ្តួចផ្តើមឡើងនូវការផ្តួចផ្តើមគាស់រំលើងព្រែកជីកសម័យ​ហ្វូណន​ឡើងវិញនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏បានសម្រេចយកថ្ងៃទី៥ ខែសីហា ដែលចំ​ថ្ងៃ​កំណើតរបស់សម្តេចតេជោ ជាថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ។ សម្តេចតេជោ ហ៊ុន សែន បាន​ប្រ​សូត្រ​​នៅ​ម៉ោង ១២យប់ថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំរោង ចត្វាស័ក ព.ស.២៤៩៦ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៥២។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាដឹកនាំគម្រោងផ្លូវទឹក​ជា​ប្រវត្តិសាស្ត្រនេះ បានឱ្យដឹងថា គម្រោងព្រែកជីកហ្វូណននេះ ជាគម្រោងដែលទាញសមុទ្រ ឱ្យជាប់ទន្លេ។ ការសិក្សាវិភាគក៏បានគូសបញ្ជាក់ឱ្យឃើញផងដែរថា គម្រោងព្រែកជីកហ្វូណនតេជោនេះ នឹងផ្ដល់អត្ថប្រយោជន៍​ដ៏មហាសាលដល់សង្គម-សេដ្ឋកិច្ចកម្ពុជា រួមមានដូចជា៖ ១)ពង្រឹងនូវឯករាជ្យភាពខាងនយោបាយរបស់កម្ពុជាលើការដឹកជញ្ជូនតាមផ្លូវទឹក, ២)កាត់បន្ថយថ្លៃដើម ចម្ងាយ និងពេលវេលានៃការដឹកជញ្ជូនទំនិញ និងអ្នកដំណើរ, និងងាយស្រួលតភ្ជាប់ជាមួយពហុមធ្យោបាយដឹកជញ្ជូនផ្សេងទៀត, ៣)កាត់បន្ថយការបំភាយឧស្ម័នពុលក្នុងបរិស្ថាន, ៤) ជួយរក្សាលំនឹងចីរភាពបរិស្ថាន និងប្រព័ន្ធអេកូឡូស៊ី, ៥)បង្កើតជម្រកថ្មីៗសម្រាប់ពពួកវារីសត្វ-រុក្ខជាតិ និងមច្ឆាជាតិគ្រប់ប្រភេទ ជាពិសេសអាចទទួលបានទិន្នផល ត្រីជាមធ្យមប្រមាណ ១ ០០០តោន ក្នុងមួយឆ្នាំ ដែលអាចឱ្យប្រជាពលរដ្ឋប្រមាណជាង ១,៦លាននាក់ រស់នៅអមសងខាងព្រែកអាស្រ័យផលជាប្រចាំ, ៦) ជួយកាត់បន្ថយផលប៉ះពាល់ពីគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមាសម្រាប់ខេត្តភាគខាងកើត និងភាគនិរតីរបស់កម្ពុជា, ៧)ផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋប្រមាណជាង ១ម៉ឺននាក់ សម្រាប់ចូលរួមដំណើរការសាងសាង់ព្រែកជីកនេះ និងអាចបង្កើតការងារជាងរាប់សិបម៉ឺននាក់ នៅក្រោយពេលសាងសង់រួច និង ៨) ផ្តល់អត្រាផល ចំណេញសេដ្ឋកិច្ចខ្ពស់ (EIRR) ពី ២០ភាគរយ ទៅ ៣១ភាគរយ ខ្ពស់ជាងអត្រាមធ្យម ១២ភាគរយ ដែលត្រូវបានកំណត់ដោយស្ថាប័នជាតិ និងអន្តរជាតិ។

+ លក្ខណៈបច្ចេកទេសនៃគម្រោងព្រែកជីកហ្វូណនតេជោ៖

* គម្រោងនេះ ត្រូវបានប្រើប្រាស់ពេលវេលាសិក្សាសរុប ២៦ខែ ចាប់ផ្តើមពីខែកុម្ភៈ ឆ្នាំ២០២១ និងបញ្ចប់របាយការណ៍សិក្សាបច្ចេកទេសទាំងស្រុង នាខែមេសា ឆ្នាំ២០២៣។

* គម្រោងនេះត្រូវបានចូលរួមអនុវត្តការសិក្សាស្រាវជ្រាវដោយក្រុមជំនាញការបច្ចេកទេស​នៃក្រសួងសាធារ​ណ​ការ និងដឹកជញ្ជូន និងក្រុមជំនាញការបច្ចេកទេសជាន់ខ្ពស់របស់ភាគីចិនសរុបចំនួន ៤៨នាក់។

* គម្រោងនេះត្រូវបានសិក្សាយ៉ាងលម្អិត និងគ្រប់ជ្រុងជ្រោយលើគ្រប់ទិដ្ឋភាព ដោយមានការសិក្សាវិភាគ និងវាយតម្លៃយ៉ាងច្បាស់លាស់លើ៖ ១)ទីតាំងភូមិសាស្រ្ត ដោយប្រើប្រាស់បច្ចេកវិទ្យាដ្រូន និងរូបភាពពីផ្កាយ​រណប, ២)ផលប៉ះពាល់សង្គមនិងសេដ្ឋកិច្ចដោយប្រើឧបករណ៍ម៉ូដែលវិភាគសេដ្ឋកិច្ចរបស់ ADB និងផល​ប៉ះពាល់ផ្សេងៗទៀតដោយប្រើប្រាស់ប្រព័ន្ធព័ត៌មានភូមិសាស្រ្ត (GIS), ៣)បញ្ហាជលសាស្រ្ត និងកករដី​ដោយប្រើឧបករណ៍ម៉ូដែលជលសាស្រ្តទំនើប (MIKE Plus 2023) និង ៤)ការសិក្សាលើចលនាបម្រែបម្រួល (Simulation)នៃកម្ពស់ទឹកក្នុងតំបន់ ផ្អែកលើព័ត៌មានចាប់តាំងពីឆ្នាំ១៩៨៥ រហូតដល់ឆ្នាំ២០២៣ ដើម្បីធានា​ឱ្យ​បានថាគម្រោងនេះនឹងមិនមានផលប៉ះពាល់ដល់បរិស្ថានទាំងក្នុងប្រទេសកម្ពុជា និងបណ្ដាប្រទេសជិតខាង។

* ចំពោះតម្រាយផ្លូវទឹកនេះ ដែលត្រូវតភ្ជាប់ពីទន្លេទៅសមុទ្រ មានប្រវែងសរុប ១៨០គីឡូម៉ែត្រ ចាប់ផ្តើមពីព្រែក​តាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកពោធិ៍ នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ និងបន្ត​រហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ភូមិសាស្រ្តខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ គម្រោងព្រែកជីកនេះនឹងត្រូវសាងសង់ស្ទើរទាំងស្រុងលើតម្រាយខ្សែផ្លូវទឹកធម្មជាតិ និងផ្លូវទឹក​បុរាណដែលបានបន្សល់ទុកស្រាប់តាំងពីសម័យអាណាចក្រហ្វូណនមកម្ល៉េះ ក្នុងនោះផ្លូវទឹក​ធម្មជាតិដែល​មាន​ស្រាប់ មានប្រវែងប្រមាណ ១៣៥គីឡូម៉ែត្រ ផ្លូវទឹកត្រូវជីកតម្រង់កុំឱ្យកោងពេក មានប្រវែងប្រមាណ ៣៨​គីឡូ​ម៉ែត្រ និងផ្លូវទឹកជីកថ្មីមានប្រវែងប្រមាណ ៧គីឡូម៉ែត្រ ដើម្បីកាត់បន្ថយកំណោង និងកាត់បន្ថយ​ចម្ងាយ​តភ្ជាប់​ទៅកាន់សមុទ្រ។

* ផ្លូវទឹកនេះមានទទឹងមុខកាត់ផ្នែកខាងលើប្រវែង ១០០ម៉ែត្រ, មុខកាត់ផ្នែកខាងក្រោមប្រមាណ ៨០ម៉ែត្រ, ជម្រៅ​ទឹកប្រមាណ ៥,៤ម៉ែត្រ និងមានគន្លងនាវាចរណ៍ចំនួន ២គន្លង ដែលអាចអនុញ្ញាតឱ្យនាវាមានទម្ងន់ ១០០០DWT បើគិតតាមស្តង់ដាររបស់គណៈកម្មការទន្លេមេគង្គ និងរហូតដល់ ៣០០០DWT បើគិតតាមស្តង់​ដារប្រទេសចិន អាចចេញ-ចូល ចៀសគ្នាបានដោយសុវត្ថិភាព និងធ្វើនាវាចរណ៍បានគ្រប់ពេលវេលា។ ជម្រៅ​ទឹក ៥,៤ម៉ែត្រនេះ គឺជាកម្រិតនៃជម្រៅទឹកដែលស្ថិតនៅក្រោមនីវ៉ូនៃកម្រិតកម្ពស់ទឹកដែលទាបបំផុតក្នុង រយៈពេល ៤០ឆ្នាំ ចាប់ពីឆ្នាំ១៩៨៥ ដល់ឆ្នាំ២០២៤ នៃតំបន់ទន្លេ និងសមុទ្រ។ ដូចនេះហើយ ដើម្បីធានាឱ្យ​បាន​នូវជម្រៅទឹកយ៉ាងទាបបំផុត ៥,៤ម៉ែត្រ ទាំងក្នុងរដូវប្រាំង និងរដូវវស្សាទាមទារឱ្យធ្វើការជីកពីផ្ទៃដីខាងលើ ដោយនៅតំបន់ខ្លះ ២០ម៉ែត្រ ឬរហូតទៅដល់ ៣០ម៉ែត្រ ទើបអាចសម្រេចបាននូវជម្រៅទឹក ៥,៤ម៉ែត្រ នេះ ជាកម្រិតជម្រៅទឹកអប្បបរមា រីឯរដូវវស្សាជម្រៅទឹកអាចឡើងរហូតដល់ជាង១០ ឬ១៥ម៉ែត្រ។

* គម្រោងនេះនឹងសាងសង់សន្ទះផ្លូវទឹកចំនួន ៣កន្លែង ស្ថិតនៅខេត្ត កណ្តាល ខេត្តតាកែវ និងខេត្តកែប ដែល​ធានាបាននូវប្រសិទ្ធភាពក្នុងការទប់ស្កាត់ការជ្រៀតចូលនៃទឹកប្រៃទៅក្នុងបណ្តាញផ្លូវទឹកសាប និងអាចកំណត់​បរិមាណ និងអត្រានៃរំហូរទឹកសាបដែលត្រូវហូរចេញទៅសមុទ្របានប្រកបដោយប្រសិទ្ធភាពខ្ពស់។

* គម្រោងនេះនឹងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤៨ខែ និងគ្រោងបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០២៨ ខាង​មុខ ប្រើប្រាស់ទុនវិនិយោគ សរុបប្រមាណ ១,៧ពាន់លានដុល្លារអាម៉េរិក ដោយត្រូវបានចែកចេ​ញជាពីរ​កំណាត់​៖ កំណាត់ទី១ ដែលមានចម្ងាយ ២១គីឡូម៉ែត្រ ពីព្រែកតាកែវនៃទន្លេមេគង្គទៅព្រែក​ពោធិ៍នៃទន្លេបាសាក់ នឹង​ត្រូវវិនិយោគ ១០០ភាគរយ ដោយសហគ្រាសសាធារណៈ និងក្រុមហ៊ុនក្នុងស្រុក រីឯកំណាត់ទី២ ដែលមាន​ចម្ងាយ ១៥៩គីឡូម៉ែត្រ ពីទន្លេបាសាក់ខេត្តកណ្តាលរហូតដល់សមុទ្រខេត្តកែប និងត្រូវវិនិយោគរួមគ្នារវាង​សហ​គ្រាស​សាធារណៈ ក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC)។ ការវិនិយោគនេះ នឹង​ត្រូវ​អនុវត្តក្រោមរូបភាពសាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT)៕ ដោយ៖ Fresh News

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ