សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញគោរពវិញ្ញាណក្ខន្ធអគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយ នីស្តវៀតណាម

(ភ្នំពេញ)៖ នៅស្ថានទូតវៀតណាម ប្រចាំកម្ពុជា នាព្រឹកថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ លោក ង្វៀង ភូចុង អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដវៀតណាម ដែលបានទទួលមរណភាពដោយជរាពាធក្នុងជន្មាយុ៨០ឆ្នាំ កាលពី១៩ ខែកក្កដា ឆ្នាំ២០២៤។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានបង្ហាញអារម្មណ៍សោកស្ដាយអាឡោះ អាល័យ និងចូលរួម រំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយរដ្ឋាភិបាល និងប្រជាជនវៀតណាម ព្រមទាំងគ្រួសារសពចំពោះមរណភាព លោក ង្វៀង ភូចុង។ នៅក្នុងសាររំលែករមណទុក្ខដ៏ក្រៀមក្រំ, សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានចាត់ទុកលោកអគ្គលេខាធិការ ង្វៀង ភូចុង ជាមេដឹកនាំដ៏សំខាន់មួយរូប ដែលបានលះបង់ពេញមួយជីវិតក្នុងបុព្វហេតុសុខុមាលភាព និងវិបុលភាព របស់ប្រជាជនវៀតណាម ក៏ដូចជាការពង្រឹកទំនាក់ទំនងប្រកបដោយភាតរភាពដ៏ជ្រាលជ្រៅរវាងកម្ពុជា និង វៀតណាម។ សម្តេចធិបតី បួងសួងសូមឱ្យវិញ្ញាណក្ខន្ធរបស់ លោកអគ្គលេខាធិការអញ្ជើញទៅកាន់សុគតិភពកុំបីឃ្លៀតឃ្លាតឡើយ។

ក្នុងឱកាសនោះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ដែលអមដោយគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល បានអញ្ជើញ ចុះហត្ថលេខាលើសាររំលែកមរណទុក្ខ និងសូមជូនដំណើរ លោកអគ្គលេខាធិការ ង្វៀង ភូចុង ជាចុងក្រោយ ឭយ៉ាងក្រៀមក្រំបំផុត។

បើតាមជីវប្រវត្តិសង្ខេប លោក ង្វៀង ភូចុង កើតនៅឆ្នាំ១៩៤៤ ក្នុងត្រកូលគ្រួសារកសិករក្រីក្រមួយរស់នៅក្នុងឃុំដុងហោយ ស្រុកដុងអាញ ទីក្រុងហាណូយ។ លោក គឺជាសាស្ត្រាចារ្យម្នាក់ ដែលទទួលបានសញ្ញាប័ត្របណ្ឌិតផ្នែកនយោបាយ។

លោក បានក្លាយជាសមាជិកបក្សកម្មុយនីស្ដវៀតណាម ដោយ បម្រើការឱ្យទស្សនាវដ្ដីរបស់បក្ស គឺ Communist Review ពីឆ្នាំ១៩៦៧ ដល់ឆ្នាំ១៩៩៦ ហើយបានក្លាយជានិពន្ធ នាយកទស្សនាវដ្ដីនេះក្នុងឆ្នាំ១៩៩៧។ លោក បានក្លាយជាលេខារងនៃគណៈកម្មាធិការបក្សប្រចាំទីក្រុងហាណូយ នៅខែសីហា ឆ្នាំ១៩៩៦ ដល់ខែកុម្ភៈ ឆ្នាំ១៩៩៨។

ពីខែកុម្ភៈ ឆ្នាំ១៩៩៨ ដល់ខែមករា ឆ្នាំ២០០០ លោក ង្វៀង ភូចុង ដែលមានជំនឿលើមនោគមន៍វិជា្ជម៉ាកឡេនីន (Marxism-Leninism) បានទទួលបន្ទុកលើកិច្ចការមនោគមន៍វិជ្ជា វប្បធម៌ វិទ្យាសាស្ត្រ និងអប់រំរបស់គណបក្សកុម្មុយនិស្ដវៀតណាម។ ចាប់ពីខែមករា ឆ្នាំ២០០០ ដល់ខែមិថុនា ឆ្នាំ២០០៦ លោក បានបម្រើការជាលេខានៃគណៈកម្មាធិការបក្សប្រចាំទីក្រុង ហាណូយ។

នៅចន្លោះពីខែមីនា ឆ្នាំ១៩៩៨ ដល់ខែសីហា ឆ្នាំ២០០៦ លោក បានកាន់តំណែងជាអនុប្រធាន និងជាប្រធានក្រុមប្រឹក្សាទ្រឹស្ដី នៃគណៈកម្មាធិការមជ្ឈិមគណបក្សកុម្មុយនិស្ដវៀតណាម។

លោក ង្វៀង ភូចុង បានក្លាយជាប្រធានសភាវៀតណាមពីខែមិថុនា ឆ្នាំ២០០៦ ដល់ខែកក្កដា ឆ្នាំ២០១១ ហើយនៅចន្លោះពីខែមករា ឆ្នាំ២០១១ ដល់ខែមករា ឆ្នាំ២០១៦ លោក បានក្លាយជាអគ្គលេខាធិការនៃគណៈ កម្មាធិការមជ្ឈិមបក្សកម្មុយនីស្ដវៀតណាម នីតិកាលទី១១ និងជាលេខានៃគណៈកម្មការយោធាមជ្ឈិម។

ក្រោយមក លោក ង្វៀង ភូចុង បានធ្វើជាអគ្គលេខាធិការបក្សនីតិកាលទី១២ និងលេខាគណៈកម្មការយោធា មជ្ឈិមពីខែមករា ឆ្នាំ២០១៦ ដល់ខែតុលា ឆ្នាំ២០១៨។ លោក បានកាន់តំណែងជា អគ្គលេខាធិការបក្ស ប្រធានាធិបតី និងលេខានៃគណៈកម្មការយោធាមជ្ឈិមនៅចន្លោះពីខែតុលា ឆ្នាំ២០១៨ ដល់ខែមេសា ឆ្នាំ២០២១។

ចាប់តាំងពីឆ្នាំ២០២១ មកទល់នឹងលោកទទួលមរណភាព លោក ង្វៀង ភូចុង បានកាន់តំណែងជាអគ្គលេខាធិការបក្សនីតិកាលទី១៣ និងជាលេខាគណៈកម្មការយោធាមជ្ឈិម។ លោក ក៏ធ្លាប់ជាសមាជិកការិយាល័យនយោបាយទី៨ រហូតដល់ទី១៣ របស់បក្សកម្មុយនិស្ដ វៀតណាមផងដែរ៕

 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ