នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្ដម មាស គឹមហេង រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារលើកទី៥ នៃសន្និសីទស្តីពីកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសអាស៊ីបូព៌ាសម្រាប់ការអភិវឌ្ឍប៉ាឡេស្ទីន (CEAPAD) តាមប្រព័ន្ធវីដេអូ។
កិច្ចប្រជុំបានពិភាក្សាអំពីតួនាទីរបស់អាជ្ញាធរប៉ាឡេស្ទីនក្នុងការស្តារ និងកសាងតំបន់ហ្គាហ្សាឡើងវិញ កិច្ចខិតខំប្រឹងប្រែងនៃការផ្តល់ជំនួយសម្រាប់ប្រជាជនប៉ាឡេស្ទីន និងសារៈសំខាន់នៃការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការតាមរយៈ CEAPAD ។ នៅចុងបញ្ចប់នៃកិច្ចប្រជុំ ប្រទេសជប៉ុន និងរដ្ឋប៉ាឡេស្ទីន ដែលជាសហប្រធាននៃកិច្ចប្រជុំបានស្វាគមន៍កម្ពុជា និងឡាវ ក្នុងនាមជាសមាជិកផ្លូវការថ្មីនៃ CEAPAD។
ក្នុងឱកាសនោះ ឯកឧត្តម មាស គឹមហេង បានគូសបញ្ជាក់ថា កម្ពុជាវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ប្រទេសសមាជិក CEAPAD និងភាគីពាក់ព័ន្ធ ក្នងកិច្ចខិតខំប្រឹងប្រែងកៀរគរនូវជំនួយនានាដើម្បីជួយគាំទ្រ និងពង្រឹងសមត្ថភាពរបស់ប៉ាឡេស្ទីនសម្រាប់ការសម្រេចបាននូវសេចក្តីប្រាថ្នាដើម្បីស្ថិរភាពរ ការស្តារសេដ្ឋកិច្ចសង្គម និងសំខាន់ជាងនេះ គឺសន្តិភាពយូរអង្វែង។ ក្នុងនាមជាសមាជិកថ្មីរបស់ CEAPAD កម្ពុជាសង្ឃឹមថា នឹងចូលរួមចែករំលែកនូវបទពិសោធន៍ និងចំណេះដឹងក្នុងការកសាង និងស្តារសេដ្ឋកិច្ច-សង្គមជាតិឡើងវិញ។