ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ជាង៣ម៉ោង នៅក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនគ្រឹស្តសាសនា នាព្រឹកថ្ងៃនេះ

221

FN ៖ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំសាសនាគ្រីស្ទ និងគ្រីស្ទបរិស័ទនៅក្នុងប្រទេសកម្ពុជាជាង ៤ពាន់នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងជាង៣ម៉ោង នៅក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនគ្រឹស្តសាសនា៖

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយ ដែលបានជួបសំណេះសំណាលដោយផ្ទាល់ជាមួយបងប្អូនគ្រឹស្ទបរិស័ទ។ សម្តេចក៏បានអរគុណដល់គ្រីស្ទបរិស័ទគ្រប់និកាយ ដែលបានខិតខំរួមគ្នាធ្វើឲ្យសុខដុមនីយកម្មនៅក្នុងប្រទេសកម្ពុជា។

– សម្តេចតេជោ ហ៊ុន សែន ថា មនុស្សគ្រប់គ្នាត្រូវគោរពច្បាប់បោះឆ្នោត ទោះបីមានអំណាចប៉ុណ្ណាក៏ដោយ។ ការបញ្ជាក់ដូច្នេះ ដោយសារតែសម្តេចតេជោ ព្រួយបារម្ភថា ការផ្តល់ថវិការបស់សម្តេចមួយចំនួនទៅដល់បងប្អូនគ្រឹស្ទបរិស័ទ គឺជាការខុសនឹងច្បាប់បោះឆ្នោត ដោយសារតែការជួបសំណេះសំណាល នេះធ្វើឡើងចំពេលនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទាំងព្រះពុទ្ធសាសនា គ្រីស្ទសាសនា សាសនាឥស្លាម សុទ្ធតែមាននិកាយខុសៗគ្នាជាច្រើន ដែលត្រូវតែយកចិត្តទុកដាក់ក្នុងការធ្វើសុខដុមនីយកម្មនៅក្នុងសាសនា និងគ្រប់និកាយទាំងអស់ ដើម្បីនាំមកនូវភាពសុខដុមនៅក្នុងប្រទេសជាតិ។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់គណបក្សនយោបាយទាំងអស់ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ជាមួយគណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំប្រទេស ដើម្បីនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើន។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើទោះបីជាជំនួបរវាងសម្តេច និងគ្រីស្ទបរិស័ទ គឺជាជំនួបក្នុងឋានៈជានាយករដ្ឋមន្រ្តី និងប្រជាពលរដ្ឋក្តី តែក៏មិនមែនហាមឃាត់មិនឲ្យសម្តេចនិយាយពីរឿងនយោបាយនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន គ្មានច្បាប់ណាហាមឃាត់នាយករដ្ឋមន្រ្តី មិនឲ្យធ្វើអ្វីនោះឡើយ។

– សម្តេចតេជោ ហ៊ុន សែន ប្រមុខគណបក្សប្រជាជនកម្ពុជា បានរំលឹកថា របបកម្ពុជាប្រជាធិបតេយ្យ ដែលដឹកនាំដោយ ប៉ុលពត បានបំផ្លាញគ្មានសេសសល់ គ្រប់សាសនាទាំងអស់។ តែសាសនានេះ ត្រូវបានស្រោចស្រង់ឡើងវិញក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ដែលជាការប្រឹងប្រែងរបស់ គណបក្សប្រជាជនកម្ពុជា។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា មិនបើកទូលាយឲ្យប្រជាពលរដ្ឋគោរពប្រណិប័តន៍ទៅលើសាសនា ដែលពួកគេមានជំនឿទេនោះ បញ្ហានឹងកើតមានជាមិនខាន។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រឿងភេរវកម្មមិនមែនកើតចេញពីបងប្អូនអ្នកកាន់សាសនាឥស្លាមនោះទេ ព្រោះថា ភេរវកម្មនេះក៏កើតនៅតាមប្រទេសដែល កាន់សាសនាឥស្លាមផងដែរ។ សម្តេចតេជោ បន្តថា គ្រប់សាសនាទាំងអស់គ្មានការអប់រំមនុស្សឲ្យទៅធ្វើភេរវកម្មនោះទេ គឹមានតែអប់រំមនុស្សឲ្យកសាងអំពើល្អ។

– សម្តេចតេជោ បន្តថា សម្រាប់កម្ពុជា គឺមានមោទនភាពខ្លាំងណាស់ចំពោះភាពសុខដុមនីយកម្មសាសនានៅកម្ពុជា ហើយមិនចង់ឲ្យមនុស្សណាម្នាក់យក មនោគមវិជ្ជាជ្រុលនិយមរបស់គេមកបំពាក់នៅកម្ពុជានោះទេ។

– ឆ្លើយតបទៅនឹងការលើកឡើងរបស់មេបក្សសង្រ្គោះជាតិថា ពួកគេគ្មានអាវុធ គឺមិនអាចមានសង្រ្គាមទេនោះ! សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា គ្មានអាវុធមិនមែនថា គ្មានសង្រ្គាមនោះទេ តែសង្រ្គាមកើតចេញពីសម្តីរបស់ពួកគេ ដែលបានហៅអ្នកដទៃថា ជាជនក្បត់ជាតិ។ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រតិកម្មទៅនឹងសកម្មជនគណបក្សសង្រ្គោះជាតិ ក្នុងពេលធ្វើយុទ្ធនាការឃោសនាកន្លងទៅដែលថា អ្នកគាំទ្របក្សប្រជាជនកម្ពុជា សុទ្ធតែជាវៀតណាម។

– សម្តេចតេជោ ហ៊ុន សែន ថា សង្រ្គាមវាផុយស្រួយណាស់ ដរាបណាបក្សប្រឆាំងនៅតែធ្វើនយោបាយលាបពណ៌បែបនេះ។

– សម្តេចតេជោ ហ៊ុន សែន បានប្រតិកម្មទៅនឹងការលើកឡើងរបស់លោក កឹម សុខា ថា បក្សកាន់អំណាចធ្វើតាមការអំពាវនាវរបស់លោក តាមរយៈការដំឡើង ប្រាក់ខែដើមនោះ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការមិនទាន់ដំឡើងព្រោះជាតិមិនទាន់មានថវិកា ហើយការដំឡើងនៅលើសិទ្ធិអំណាចរបស់ នាយករដ្ឋមន្រ្តី មិនមែនស្ថិតលើសិទ្ធិអំណាចរបស់លោក កឹម សុខា នោះទេ។

– សម្តេចតេជោ ហ៊ុន សែន បានប្រតិកម្មខ្លាំងចំពោះការប្រមាថរបស់បក្សប្រឆាំងថា នឹងកម្ទេចត្រកូលហ៊ុន មុនគេ នៅពេលពួកគេឈ្នះឆ្នោត។ សម្តេចតេជោថា កុំឲ្យបន្ទោសឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ នាយឧត្តមសេនីយ៍ ប៉ុល សារឿន ព្រោះការប្រយុទ្ធប្រឆាំងបដិវត្តន៍គឺជារឿងសំខាន់ណាស់ ដើម្បីសេចក្តីរបស់ ប្រជាពលរដ្ឋ។

– សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យ គ.ជ.ប តម្រែតម្រង់ទិសលោក កឹម សុខា ដែលបាននិយាយរឿងវាយប្រហារបក្សប្រជាជនកម្ពុជា ក្នុងពេលធ្វើយុទ្ធនាការ ឃោសនាបោះឆ្នោត។ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យបក្សនយោបាយនិយាយអួតតែគោលនយោបាយខ្លួនឯង កុំនិយាយបង្អាប់គណបក្សនយោបាយ ដទៃបានដែរឬទេ?

– សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ដើម្បីភាពល្អប្រសើរនៃការបោះឆ្នោតនៅកម្ពុជា សម្តេចបានប្រឹងប្រែងធ្វើកំណែទម្រង់ទៅលើច្បាប់បោះឆ្នោត និងបានប្រកាសកាលបរិច្ឆេទបោះឆ្នោតជាងមួយឆ្នាំមុនមកម្ល៉េះ ដើម្បីឲ្យ គ.ជ.ប មានពេលវេលាគ្រប់គ្រាន់សម្រាប់រៀបចំការបោះឆ្នោត តែបក្សប្រឆាំងនៅតែបន្ទោសបង្អាប់មកបក្សកាន់អំណាចទៀត។

– សម្តេចតេជោ ហ៊ុន សែន បានចោទសួរថា នៅសល់តែប៉ុន្មានថ្ងៃទៀតការបោះឆ្នោតចូលមកដល់ តើបក្សប្រឆាំងនឹងសុំទោសគណបក្សកាន់អំណាច នូវអ្វីដែលពួកគេបានប្រមាថដែរឬទេ? សម្តេចតេជោ ហ៊ុន​ សែន បានរំលឹកថា កម្ពុជាបែកបាក់ច្រើនច្រើនសម័យកាលមកហើយ ដែលល្មមដល់ពេលឈប់បែកបាក់ទៀតហើយ។

– សម្តេចតេជោ ហ៊ុន សែន បានដំណាលរឿងរ៉ាវប្រវត្តិសាស្រ្តជាច្រើនក្នុងសម័យបុព្វកាល ដែលជាការជ្រៀងជ្រែកដណ្តើមរាជ្យគ្នា ជាហេតុនាំឲ្យកម្ពុជាមានការ បែងចែកទឹកដីជាច្រើនចំណែក និងនាំឲ្យកម្ពុជាអន់ខ្សោយជាបន្តបន្ទាប់។ សម្តេចតេជោ ហ៊ុន សែន ថា រឿងរ៉ាវបែកបាក់ក្នុងប្រវត្តិសាស្រ្តធ្វើឲ្យរូបសម្តេច និងពលរដ្ឋកម្ពុជាទាំងមូលឈឺចាប់ណាស់ ហើយមិនចង់ឃើញការបែកបាក់បែបនេះកើតមាននាពេលបច្ចុប្បន្នទៀតទេ។

– សម្តេចតេជោ ហ៊ុន សែន បានហៅការធ្វើរដ្ឋប្រហារទម្លាក់សម្តេច នរោត្តម សីហនុ ចេញពីព្រះប្រមុខរដ្ឋនៅថ្ងៃទី១៨ មីនា ១៩៧០ គឺជារឿងអាណោចអាធ័មមួយ ដែលនាំឲ្យកម្ពុជាធ្លាក់ក្នុងភាពវេទនាជាបន្តបន្ទាប់។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា បើទោះបី ប៉ុល ពត មានការឃោរឃៅយ៉ាងណាក៏ដោយ ក៏មិនអាចគ្រប់គ្រងប្រទេសទាំងមូលបាននោះទេ គឺមានការតស៊ូជាច្រើនកន្លែងរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។ រហូតដល់មានការប៉ះបោរទ្រង់ទ្រាយធំ រហូតរំដោះប្រទេសបាននៅថ្ងៃទី៧ មករា ១៩៧០។

– សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្រោយថ្ងៃរំដោះចន្លោះឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩០ បានធ្វើឲ្យប្រទេសកម្ពុជា វិលទៅរកប្រទេសមួយមានតំបន់ ត្រួតត្រាច្រើនដែលភាគីមួយ គឺភាគីរដ្ឋាភិបាលរបស់សម្តេច និងភាគីមួយ គឺរដ្ឋាភិបាលរួបរួមក្រោមទង់ខ្មែរក្រហមនៅជាយដែន ដែលអាចនិយាយបានថា ប្រទេសមួយមានរដ្ឋាភិបាលពីរ និងតំបន់ត្រួតត្រារហូតដល់ទៅ៤។

– សម្តេចតេជោ ហ៊ុន សែន ផ្តើមចេញពីការបើកកិច្ចចរចារវាងសម្តេច និងសម្តេច នរោត្តម សីហនុ ជាបន្តបន្ទាប់ទើបធ្វើឲ្យមានកិច្ចចរាចសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១។ សម្តេចតេជោ ក៏បានច្រេញជាមួយជនមួយចំនួននិយាយរឿង ២៣ តុលា ទាំងពួកគេមិនដឹងកិច្ចចរចាសន្តិភាពទីក្រុងប៉ារីសនេះ បែរមុខទៅណាផងនោះ។

– សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យមនុស្សតាំងខ្លួនជាបញ្ញវន្តទាំងឡាយ ដែលតាំងខ្លួនជាអ្នកជាដឹងរឿងកិច្ចចរចាសន្តិភាពទីក្រុងប៉ារីសនេះ ទៅបើកមើលកិច្ចព្រមព្រៀងនេះឡើយវិញ ខណៈពេលបច្ចុប្បន្នកិច្ចព្រមព្រៀងបានរលាយចូលទៅក្នុងរដ្ឋធម្មនុញ្ញជាតិអស់ទៅហើយ។

– សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កិច្ចចរចាទីក្រុងប៉ារីស បាននាំឲ្យកម្ពុជាឈានដល់ការបោះឆ្នោតនៅឆ្នាំ១៩៩៣ តែមិនបានបង្រួបបង្រួម និងបិទបញ្ចប់សង្រ្គាមទាំងស្រុងនោះទេ បើទោះបីអង្គការសហប្រជាជាតិ បានចាយលុយជាង ២ពាន់លានដុល្លារអាមេរិក ក៏ដោយនោះ។

– សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការបោះឆ្នោតតាមប្រព័ន្ធសមាមាត្រនៅថ្នាក់ខេត្ត និងការបោះឆ្នោតតាមប្រព័ន្ធឯកតនាមនៅថ្នាក់ជាតិ គឺសម្តេច ជាអ្នកស្នើឲ្យបង្កើតដោយផ្ទាល់។

– សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា បានធ្វើការងារជាប្រវត្តិសាស្រ្តមួយទៀត គឺការដាក់ចេញនយោបាយឈ្នះ ឈ្នះ ដើម្បីនាំយកកងទ័ពខ្មែរក្រហមទាំងអស់មករួមរស់ក្រោមដំបូលរាជរដ្ឋាភិបាលតែមួយ និងបិទបញ្ចប់សង្រ្គាមនៅកម្ពុជាទាំងស្រុងចាប់ពីឆ្នាំ១៩៩៨។

– សម្តេចតេជោ ហ៊ុន សែន បន្តថា ចាប់តាំងពីឆ្នាំ១៩៩៨ វាគឺជាប្រវត្តិសាស្រ្តថ្មីរបស់កម្ពុជា ដែលមានព្រះមហាក្សត្រតែមួយ រាជរដ្ឋាភិបាលតែមួយ និងមានតំបន់ត្រួតត្រាតែមួយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្មានគណបក្សនយោបាយណាមួយ ដែលបានស្វែងរកសុខសន្តិភាព និងការបង្រួបបង្រួមជាតិ ក្រៅពីគណបក្សប្រជាជនកម្ពុជានោះទេ។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជា បានប្រឹងប្រែងខ្លាំងណាស់ទម្រាំ មានស្ថានភាពដូចពេលបច្ចុប្បន្ននេះ។

– ប្រមុខរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា សមិទ្ធិផលដែលទទួលបាននាពេលបច្ចុប្បន្ននេះ មិនមែនជារឿងចៃដន្យនោះទេ គឺមានផែនទីចង្អុលផ្លូវមួយ ដ៏ច្បាស់លាស់។ នេះគឺជាជោគជ័យសម្រាប់ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា។ សម្តេចតេជោ ចោទសួរថា តើធ្លាប់មានស្ពានឆ្លងកាត់ទន្លេវែងៗនៅកម្ពុជា ដូចពេលបច្ចុប្បន្នដែរឬទេ នៅក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជា?

– សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា សង្គមរាស្រ្តនិយម ដែលដឹកនាំដោយសម្តេច នរោត្តម សីហនុ បានធ្វើឲ្យកម្ពុជានាពេលនោះរីកចម្រើនខ្លាំងណាស់ តែត្រូវបានបំផ្លិចបំផ្លាញដោយភ្លើងសង្រ្គាម។

– សម្តេចតេជោ ហ៊ុន សែន បានប្រាប់ទៅកម្មករ កម្មការិនីខ្មែរថា បច្ចុប្បន្ននេះ មានតែប្រទេសថៃទេ ដែលប្រាក់ឈ្នួលកម្មករ កម្មការិនី ខ្ពស់ជាងនៅកម្ពុជា ក្រៅពីនោះគឺទាបជាងកម្ពុជាទាំងអស់ ហើយសម្តេចក៏ព្រួយបារម្ភពីការរើចេញរបស់ម្ចាស់រោងចក្រមួយចំនួនផងដែរ។

– សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅកម្មករ កម្មការិនីថា រោងចក្រដែលមានវត្តមាននៅកម្ពុជា នាពេលបច្ចុប្បន្ន គឺជាការប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា គ្មានការចូលរួមរបស់បក្សប្រឆាំងនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បន្តថា អ្វីៗដែលកម្ពុជាមាននាពេលបច្ចុប្បន្ន គឺជាការប្រឹងប្រែងរបស់ គណបក្សប្រជាជន កម្ពុជា គ្មានបាតដៃរបស់គណបក្សប្រឆាំងនោះឡើយ បក្សប្រឆាំងបានត្រឹមតែដើរធ្វើបាតុកម្ម និងរារាំងមិនឲ្យមានការវិនិយោគនៅកម្ពុជាតែប៉ុណ្ណោះ។

– សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅមេបក្សប្រឆាំងធ្វើមុខឲ្យស្តើង កុំធ្វើមុខក្រាស់លួចយកសមិទ្ធផលរបស់អ្នកដទៃទៅរកសំឡេងឆ្នោតដោយឥតអៀនខ្មាស់។ សម្តេចតេជោថា បក្សប្រឆាំងហ៊ានសុំឲ្យបរទេសកុំផ្តល់ជំនួយឲ្យកម្ពុជា ហើយថែមទាំងសុំឲ្យបរទេសកុំឲ្យមកវិនិយោគនៅកម្ពុជាថែមទៀត។

– សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា បើគណបក្សប្រឆាំង គាំទ្រការដំឡើងប្រាក់ខែកម្មករ និងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធមែននោះ គឺគេលើកដៃគាំទ្រការអនុម័តច្បាប់ថវិកាជាតិនៅក្នុងរដ្ឋសភាហើយ តែផ្ទុយទៅវិញពួកគេមិនបានគាំទ្រការអនុម័តច្បាប់ថវិកាជាតិនោះឡើយ។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងហួសចិត្តចំពោះលោក កឹម សុខា ដែលបានប្រកាសរំលាយក្រសួងអភិវឌ្ឍន៍ជនបទ ទាំងខ្លួនមិនទាន់បានកាន់ អំណាចផងនោះ។ សម្តេចតេជោថា បើតែយ៉ាងនេះនគរខ្មែរនឹងរលាយ ហើយសង្រ្គាមប្រាកដជាផ្ទុះឡើង។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កុំមើលស្រាលរឿងសង្រ្គាមឲ្យសោះ បើសង្រ្គាមពាក្យសម្តីការប្រមាថលាបពណ៌ ចោទប្រកាន់អ្នកដទៃសុទ្ធតែជា អាយ៉ងយួន សុទ្ធតែជាអ្នកក្បត់ជាតិបែបនេះ សង្រ្គាមប្រាកដជាផ្ទុះឡើង។ សម្តេចតេជោថា សម្តីទាំងនេះ គឺខ្លាំងជាងអាវុធទៅទៀត។ ស​​ម្តេចតេជោ ហ៊ុន សែន បានស្នើដល់បរទេសទាំងឡាយ កុំលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។

– សម្តេចតេជោ ហ៊ុន សែន គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សមានការអត់ធ្មត់ណាស់ ដើម្បីសេចក្តីសុខ ព្រោះជាគណបក្សកាន់អំណាច ហើយត្រូវស៊ីសងគ្នាតាមសន្លឹកឆ្នោត។ សម្តេចប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាថា ប្រជាពលរដ្ឋចង់បានខ្លាំងណាស់នូវសេចក្តីសុខ។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គណបក្សប្រជាជនកម្ពុជា បានកសាងប្រទេសពីបាតដៃទទេ និងគណបក្សនយោបាយខ្លះមិនទាន់មានឈ្មោះផង។ សម្តេចបន្តថា សកម្មជនបក្សប្រឆាំងមួយចំនួន ដែលជេរគណបក្សប្រជាជនកម្ពុជាកប់ៗមាត់នោះ ក៏បានរៀនក្រោមដំបូលសាលា ដែលជាការប្រឹងប្រែងរបស់ គណបក្សប្រជាជនកម្ពុជា។ សម្តេចផ្តាំផ្ញើអ្នកទាំងអស់នោះថា បើមើលឃើញគណបក្សប្រជាជនកម្ពុជា ជាដង្កូវ គឺអ្នកទាំងនោះ កើតចេញពីដង្កូវទៅទេ។

– សម្តេចតេជោ ហ៊ុន សែន ទទូចទៅសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា អត់ធ្មត់ កុំជេរតបទៅបក្សដទៃបែបអត់ពូជ ត្រូវសុភាពរាបសាស្លូតបូត។

– សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើទៅលោក កឹម សុខា កុំជ្រួលជ្រើមរឿងសង្រ្គាម ព្រោះកូនៗរបស់សម្តេចសុទ្ធតែជាទាហាន និងជាទាហានចេញពី West Point ទៅទៀត។ សម្តេចផ្តាំទៅលោក កឹម សុខា ថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានរៀលចាលហើយ។

– សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើទៅលោក កឹម សុខា ដែរថា លទ្ធផលបោះឆ្នោតគេប្រកាសត្រូវទទួលយក មិនត្រូវឡាំប៉ាដូចអាណត្តិមុនៗទៀតទេ ព្រោះច្បាប់បោះឆ្នោតគេបានចងរួចហើយ បើមិនទទួលស្គាល់ គឺស្មើនឹងបោះបង់ចោលហើយ។

– សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចបានបញ្ជាកម្លាំងរួចហើយ មិនឲ្យទិដ្ឋភាពហិង្សានៅស្ទឹងមានជ័យ និងដុតរថយន្តនៅស្ទឹងមានជ័យ កាលពីឆ្នាំ២០១៣ កើតឡើងជាថ្មីនោះឡើយ។

– សម្តេចតេជោ ហ៊ុន សែន នៅតែទាមទារឲ្យមានការដោះស្រាយរឿងបក្សប្រឆាំងប្រមាថភរិយា និងកូនប្រុសរបស់សម្តេចថា ជាភរិយា និងជាកូនប្រុសរបស់លោក ឡេ ដឹកថូ មេដឹកនាំរបស់វៀតណាម។ សម្តេចតេជោ ចាត់ទុកថា នេះគឺជាប្រមាថដ៏ធ្ងន់ធ្ងរសម្រាប់សម្តេច ហើយមិនចង់ជាប់ពាក់ព័ន្ធ តើហ៊ានចេញប្រកាសដេញអ្នកទាំងអស់នោះចេញពីបក្សដែរឬទេ?

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បេក្ខភាពក្រុមប្រឹក្សាឃុំ សង្កាត់ របស់គណបក្សប្រជាជនកម្ពុជា មិនមានតម្រូវឲ្យមានការបង់ប្រាក់នោះទេ ហើយការ ចាកចេញ របស់សមាជិកគណបក្សនយោបាយមួយចំនួន មករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ព្រោះតែមានការតម្រូវឲ្យបង់ប្រាក់ជាង ១ពាន់ដុល្លារ។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីនាំមកនូវសេចក្តីសុខក្នុងសង្គមត្រូវជាគោរព និងឲ្យតម្លៃគ្នាទៅវិញទៅមក។ សម្តេចតេជោថា សម្តេចធ្លាប់បើក ការសន្ទនា តែព្រោះគ្មានភាពស្មោះត្រង់ទើបវារលាយទៅវិញ។ សម្តេចតេជោថា សម្តេចនឹងបន្តសន្ទនា ជាមួយអ្នកដែលចង់សន្ទនា តែមិនសន្ទនាជាមួយទណ្ឌិត ដែលជាដៃគូចាស់នោះឡើយ។

– សម្តេចនាយករដ្ឋមន្រ្តី បានផ្តាំទៅដល់ទូតបរទេសនៅកម្ពុជា កុំចង់ជួបសម្តេច ដើម្បីនិយាយរឿងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ព្រោះកិច្ចការផ្ទៃក្នុងគឺធ្វើឡើងតែ ជាមួយកម្ពុជាខ្លួនឯងតែប៉ុណ្ណោះ។

– សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវទៅដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់រួមគ្នាថែរក្សាសុខសន្តិភាពនៅក្នុងប្រទេសកម្ពុជា ព្រោះថា បើគ្មានសន្តិភាព គ្មានការអភិវឌ្ឍនោះឡើយ។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គណបក្សប្រជាជនកម្ពុជា នឹងនៅតែបន្តប្រឹងប្រែងទៅមុខទៀត តែត្រូវធ្វើឲ្យល្អជាងមុន និងប្រសើរជាងមុន។ សម្តេចតេជោ ហ៊ុ​ន សែន បើទោះបីពេលបច្ចុប្បន្នកម្ពុជា មិនអាចបំពេញចិត្តមនុស្សគ្រប់គ្នា តែដំណាក់កាលនេះល្អប្រសើរជាងដំណាក់កាលមុនឆ្ងាយណាស់។

– សម្តេចតេជោ ហ៊ុន សែន ថា ភាពរីកចម្រើនរបស់ប្រទេសមួយអាចប្រព្រឹត្តទៅបាន គឺអាស្រ័យលើមាគ៌ាដឹកនាំរបស់គណបក្សនយោបាយនីមួយៗ។

– សម្តេចតេជោ ហ៊ុន​ សែន បានថ្លែងថា គណបក្សប្រជាជនឈ្នះឆ្នោតគណបក្សនយោបាយណា សាសនាណា ក៏អាចរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាបាន តែគណបក្សនយោបាយដទៃមិនទាន់ប្រាកដនៅឡើយទេ។

– សម្តេចតេជោ ហ៊ុ​ន សែន បានទទួលស្គាល់ថា តម្លៃស្រូវ អង្ករ របស់កម្ពុជាធ្លាក់ថ្លៃពិតមែន តែការធ្លាក់ថ្លៃនេះ មិនមែនតែកម្ពុជានោះទេ ប្រទេសផលិតស្រូវ និងអង្ករគឺជួបបញ្ហាធ្លាក់ថ្លៃដូចគ្នា។ សម្តេចថា សម្តេចតែងតែប្រឹងពង្រីកទីផ្សារតាមរយៈសូមឲ្យប្រទេសដទៃជួយទិញអង្ករកម្ពុជា ដែលពេលនេះសម្តេចបាន សុំឲ្យចិនជួយបង្កើនការទិញអង្ករកម្ពុជារហូតដល់ ៣០ម៉ឺនតោនក្នុងមួយឆ្នាំ។

– សម្តេចតេជោ បានថ្លែងថា សម្តេចរីករាយ ដែលបានមើលឃើញការរួបរួមបែបនេះ ហើយសូមកុំឲ្យការរួបរួមនេះ បែកបាក់ព្រោះតែការចង់បានអំណាចរបស់អ្នកដទៃ។

– ក្នុងជំនួបសំណេះសំណាលនាព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន មិនមានការផ្តល់ថវិកាជូនបងប្អូនគ្រីស្ទបរិស័ទនោះទេ ព្រោះខ្លាចគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតពិន័យ។