ព្រះមហាក្សត្រយាងសួរសុខទុក្ខ និងប្រទានព្រះរាជអំណោយដល់ប្រជាកសិករ នៅស្រុក បរសេដ្ឋ

កំពង់ស្ពឺ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ -ព្រះករុណា ព្រះបាទសមេ្តចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឫទ័យ   ស្តេចយាងសួរសុខទុក្ខ និងប្រោសព្រះរាជទាននូវព្រះរាជអំណោយដល់ប្រជារាស្រ្តជាកសិករ ប្រមាណ ៤៤១គ្រួសារ ស្ថិតនៅភូមិតានក ភូមិព្រៃខ្លា និងភូមិព្រៃរំដែល ឃុំភក្ដី ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃសុក្រ ១០រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩នេះ។ ក្នុងព្រះរាជដំណើរតាមព្រះទីនាំងរថយន្ត លើចម្ងាយផ្លូវប្រមាណជាង ៩៦គីឡូម៉ែត្រ តាមបណ្ដោយផ្លូវជាតិលេខ៤ រួចចុះតាមផ្លូវចាក់ក្រាលកៅស៊ូ និងបន្តតាមផ្លូវលំក្រាលក្រួសក្រហមផងនោះព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានដង្ហែព្រះរាជដំណើរដោយសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតី ស្រឹង្គារ៍ គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង ឯកឧត្តម គុយ សុផល ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង ឯកឧត្តម ឈា ហន រដ្ឋមន្ត្រីអមក្រសួងព្រះបរមរាជវាំង ព្រមទាំងនាម៉ឺនសព្វមុខមន្រ្តី នៃក្រសួងព្រះបរមរាជវាំង និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ជាច្រើនរូប។

ក្នុងឱកាសស្តេចយាងដល់ឃុំភក្ដី ស្រុកបរសេដ្ឋ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានសព្វព្រះរាជហឫទ័យ ស្តេចយាងចុះជួបសំណេះសំណាល និងទតដោយផ្ទាល់ព្រះភក្ត្ររបស់ព្រះអង្គ ចំពោះគ្រួសារប្រជាកសិករចំនួន ៣គ្រួសារដល់ក្នុងលំនៅឋាន។ ព្រះអង្គបានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជអំណោយដល់គ្រួសារទាំង ៣ ដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ៥០គីឡូក្រាម ឃីត ១កញ្ចប់ (មានមុង១ ភួយ១ សារុង១ និងក្រមា១) តង់កៅស៊ូ១ផ្ទាំង មី ១កេស ត្រីខ ១០កំប៉ុង ស្បែកជើងផ្ទាត់១គូ អាវយឺតមានស្លាកព្រះរាជអំណោយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ១ និង ថវិកា ១០ម៉ឺនរៀល ។ ​ដោយឡែកលោកគ្រូ អ្នកគ្រូ ចំនួន ៧នាក់ ក៏ទទួលបានព្រះរាជអំណោយ ដោយក្នុងម្នាក់ៗទទួលបាន ឃីត ១កញ្ចប់ (មានមុង១ ភួយ១ សារុង១ និងក្រមា១) អាវយឺតមានស្លាកព្រះរាជអំណោយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ១ និង ថវិកា ៥ម៉ឺនរៀល។ ចំណែកកុមារចំនួន ៤៥០នាក់ ទទួលបានអាហារសម្រន់មួយពេល ថវិកា៥ពាន់រៀល សម្លៀកបំពាក់មួយសម្រាប់ អាវយឺតមានស្លាកព្រះរាជអំណោយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ១ និងសម្ភារសិក្សាមួយចំនួន។ ក្នុងឱកាសដ៏វិសេសវិសាលនោះ ព្រះអង្គបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត ពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ លោកយាយ លោកតា បងប្អូនប្រជារាស្រ្តជាកូន ជាចៅរបស់ព្រះអង្គ ប្រកបដោយក្តីនឹករឭក និងគោរពស្រឡាញ់ជាទីបំផុត ។

មានព្រះរាជបន្ទូលទៅកាន់លោកយាយ លោកតា និងប្រជារាស្រ្តជាកូន ជាចៅ របស់ព្រះអង្គនាឱកាសនោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសម្ដែងនូវព្រះរាជហឫទ័យសប្បាយរីករាយ ដោយបានជួបលោកតា លោកយាយ និងប្រជារាស្រ្តជាកូន ជាចៅរបស់ព្រះអង្គ ជាពិសេសព្រះអង្គបានទតនិងជួបផ្ទាល់ជាមួយប្រជារាស្រ្តជាកសិករ ព្រមទាំងមានព្រះរាជបន្ទូលពីព្រះរាជបណ្តាំសាកសួរសុខទុក្ខ ពីសំណាក់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សម្តេចម៉ែ សម្តេចយាយ សមេ្តចយាយទួត ជូនប្រជារាស្ត្រជាកូន ជាចៅ ចៅទូត ចៅលូតរបស់ព្រះអង្គ ដែលព្រះអង្គតែងតែយកព្រះរាជហឫទ័យទុកដាក់ពីសុខទុក្ខ និងការលំបាក ក៏ដូចជាការរស់នៅរបស់ប្រជារាស្ត្ររបស់ព្រះអង្គគ្រប់ពេលវេលា។

ទន្ទឹមនឹងនេះ ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានមានព្រះរាជបន្ទូលកោតសរសើរចំពោះថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា ពិសេសរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបាននាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ ព្រមទាំងបានធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យ ធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង ។ ជាមួយគ្នានេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែមានវិធានការបានទាន់ពេលវេលាក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដែលបានធ្វើឱ្យព្រះរាជហឫទ័យរបស់ព្រះអង្គផ្ទាល់ និងព្រះរាជហឫទ័យរបស់សម្តេចព្រះវររាជមាតាជាតិខ្មែរ សម្តេចម៉ែ មានភាពកក់ក្តៅ។

បន្ទាប់ពីព្រះរាជបន្ទូលសំណេះ សំណាលរួចមក ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឫទ័យស្តេចយាងប្រោសព្រះរាជទាននូវព្រះរាជអំណោយដោយផ្ទាល់ព្រះហស្តរបស់ព្រះអង្គ ដល់ប្រជារាស្រ្តជាកសិករទាំង ៤៤១គ្រួសារ ប្រកបដោយទឹកព្រះទ័យសប្បាយរីករាយ និងអាណិតស្រឡាញ់ជាទីបំផុត។ ព្រះរាជអំណោយដែលព្រះអង្គប្រទានដល់ប្រជារាស្ត្រជាកសិករទាំង ៤៤១គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន អង្ករ ៥០គីឡូក្រាម ឃីត ១កញ្ចប់ (មានមុង១ ភួយ១ សារុង១ និងក្រមា១) តង់កៅស៊ូ១ផ្ទាំង មី ១កេស ត្រីខ ១០កំប៉ុង ស្បែកជើងផ្ទាត់១គូ អាវយឺតមានស្លាកព្រះរាជអំណោយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ១ និងថវិកា ១០ម៉ឺនរៀល ៕

ដោយ សោម ឫទ្ធី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ