ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញផ្ដល់កម្លាំងចិត្តដល់គ្រួសារជនរងគ្រោះ និងក្រុមបេសក កម្មរុករកអ្នករងគ្រោះដោយសារការបាក់រលំអគារនៅខេត្តព្រះសីហនុ

ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ – សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅកាន់ខេត្ដព្រះសីហនុ កាលពីថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០១៩ ដើម្បីផ្តល់​កម្លាំង​ចិត្ត​​ដល់ក្រុមគ្រួសារជនរងគ្រោះ និងលើកទឹកចិត្តដល់បងប្អូនដែលកំពុងចូលរួមនៅក្នុងបេស​ក​កម្ម​រុករកអ្នករងគ្រោះ ដោយសារឧបទ្ទវហេតុបាក់រលំអគារ​កម្ព​ស់​៧​ជាន់ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះ​សី​ហ​នុ ខេត្តព្រះសីហនុ កាលពីវេលាម៉ោង៥ ព្រឹ​ក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ​២០១៩។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកសម្ដេចតេជោនាយករដ្ឋមន្ត្រីបានសរសេរថា​ នៅម៉ោងប្រមាណ ៣ និង ៣០យប់ ឆ្លងចូលថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែ​ន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ​កម្ពុជា បានអញ្ជើញទៅសម្រាក ហើយ​បន្ទាប់ពី​បាន​អញ្ជើ​ញធ្វើដំណើរតាមរថយន្តមកកាន់ទីតាំងអគារ៧ជាន់នៅខេត្តព្រះសីហនុទាំងយប់ ក្រោ​យ​ពី​បានអញ្ជើញវិលត្រឡប់មកពីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៤ នៅទីក្រុ​ង​បាងក​ក​ ប្រទេសថៃ កាលពីរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩។ ការអញ្ជើញមក​ទាំង​យប់របស់សម្តេចតេជោនេះ គឺ​ដើម្បី​ផ្តល់កម្លាំងចិត្តដល់ក្រុមគ្រួសារជនរងគ្រោះ និងលើកទឹក​ចិត្តដល់បងប្អូនដែលកំពុង​ចូល​រួម​នៅក្នុងបេសកកម្មរុករកអ្នករងគ្រោះដោយសារអគារបាក់​រលំ​សង្កត់​កាលពីថ្ងៃទី២២ ខែមិថុនា កន្ល​ងទៅនេះ នៅក្នុងខេត្តព្រះសីហនុ ។ក្នុងនាម សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី​ គឺសម្តេចមានការសោកស្តាយយ៉ាង​ខ្លាំងចំពោះ​គ្រោះថ្នាក់នេះ ហើយ​ក៏បានចូលរួមរំលែក​ទុក្ខ​​ជាមួយគ្រួសារជនរងគ្រោះ និងគ្រួសារនៃ​សព។ ទន្ទឹមនេះ សម្តេចតេជោក៏បានអំពាវនាវ​ដល់​សប្បុរសជនចូលរួមវិភាគទានជួយដល់គ្រួសារ​ជនរងគ្រោះផងដែរ។

យោងតាមរបាយការណ៍របស់ក្រុមប្រតិបត្តិការសង្គ្រោះបានឱ្យដឹងថា គិតត្រឹមម៉ោង៨ និង​៣​៨​​​នាទី ព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ ចំនួនអ្នកស្លាប់កើនដល់២៥នាក់ និងអ្នក​របួស​២​៤​​នាក់ ក្រោយក្រុមសង្គ្រោះបានរកឃើញសាកសពបុរសម្នាក់ទៀត នៅក្នុងគំនរបាក់​បែកនៃ​អ​គារ។ តុល្យការចុងក្រោយនៃឧបទ្ទវហេតុរលំអគារនេះ បានបណ្តាលឱ្យមនុស្សស្លាប់ និងរង​របួ​​ស​ចំនួន៤៩នាក់ ក្នុងនោះស្លាប់ចំនួន២៥នាក់ (ស្រី៤នាក់) ហើយអ្នករងរបួស​ចំនួន២៤រូប (ស្រី​២នាក់)។ ក្រុមសង្គ្រោះនៅតែបន្តបេសកកម្មស្វែងរកមនុស្ស ដែលសង្ស័យថា អាចមាន​នៅ​​ក្នុង​គំនរអ​គារដួលរលំនេះបន្តទៀត៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ