ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន៖ វិស័យទេសចរណ៍គឺជាវិស័យអាទិភាពមួយនៃផែនការសកម្មភាពក្នុងគោលដៅជំរុញវិនិយោគ

44

រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋប្រជានិតចិន បានកំណត់យកឆ្នាំ២០១៩ ជាពេលពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរួមគ្នា​លើវិស័យ​ទេសចរណ៍ និងវប្បធម៌ ឬហៅថា «ឆ្នាំវប្បធម៌ និងទេសចរណ៍កម្ពុជា-ចិន»។ ដើម្បីចូលរួមអបអរសាទរឆ្នាំវប្បធម៌ និងទេសច រណ៍កម្ពុជា-ចិននេះ គណៈប្រតិភូ និងបេសកជនចិនប្រមាណ២ពាន់នាក់ បានធ្វើដំណើរមកចូលរួមជាមួយកម្ពុជានៅរាជធានីភ្នំពេញ។

ពិធីប្រកាសបើកជាផ្លូវការ ត្រូវបានធ្វើឡើងក្រោមអធិ​បតីភាពឯកឧត្តម​កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧប​នា​យករដ្ឋមន្រ្តីប្រចាំការ រដ្ឋ​មន្រ្តីទទួលបន្ទុកទីស្តីការគណៈ​រដ្ឋមន្រ្តី និងឯកឧត្តម ចាង ហ្ស៉ី អនុរដ្ឋមន្ត្រីក្រសួង​វប្បធម៌ និងទេសចរណ៍ចិន រួមនិងវត្តមានឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តម អ៊ុក សុជាតិ រដ្ឋ​លេ ខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅសាលាមហោស្រពកោះពេជ្រ នារាត្រីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ ២០១៩។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បានឱ្យដឹងថា វិស័យ​ទេសចរណ៍ គឺជាវិស័យអាទិភាពមួយនៃផែនការសកម្ម ភាពក្នុងគោលដៅជំរុញវិនិយោគ និងលំហូរទេសចរនៃប្រទេសទាំងពីរ ដោយយកឆ្នាំវប្បធម៌ និងទេសចរណ៍កម្ពុជា-ចិន ២០១៩ ដើម្បីពង្រឹង និងពង្រីកកិច្ចកិច្ចសហប្រតិបត្តិការរួមគ្នាលើផ្នែកទេសចរណ៍ និងវប្បធម៌រវាងប្រទេសទាំងពីរបន្ថែមទៀត មានដូចជាការជំរុញការផ្សព្វផ្សាយទេសចរណ៍រួមគ្នា ការផ្លាស់ប្ដូរទស្សនកិច្ចសិក្សា ការបណ្ដុះបណ្ដាលធនធានមនុស្ស ការសម្ដែងសិល្បៈរួមគ្នាជាដើម។

ឯកឧត្តមបានបន្តថា «ឆ្នាំវប្បធម៌ និងទេសចរណ៍កម្ពុជា-ចិន» នឹងក្លាយជាចលករក្នុងការជំរុញថែមទៀតនៃទំនាក់ទំនងរវាងប្រជាជនកម្ពុជា និងប្រជាជនចិន ការ ផ្លាស់ប្ដូរវប្បធម៌រវាងគ្នា ក៏ដូចជាការជំរុញលំហូរទេសចរទៅវិញទៅមកក្នុងបរិបទនៃកិច្ចសហប្រតិបត្តិការថ្មី មិត្ត ភាពកាន់តែស៊ីជម្រៅ ហើយក៏នឹងបង្កើតបានជាឱកាសថ្មីៗថែមទៀត ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ និងវប្បធម៌។

ឯកឧត្តម ប៊ិន ឈិន បានស្នើឲ្យក្រសួងទេសចរណ៍ ក្រ​សួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ឆ្លៀតឱកាសនៃឆ្នាំវប្បធម៌ និងទេសចរណ៍កម្ពុជា-ចិន រៀបចំដាក់ចុះនូវផែនការសកម្មភាពនានា ស្របតាមស្មារតីនៃសហគមន៍វាសនារួមកម្ពុជា-ចិន សំដៅបង្កើតកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍជាក់ស្ដែង រវាងប្រទេសទាំងពីរ ហើយក៏ស្នើឲ្យភាគីចិនជួយសម្រួល និងជំរុញការអនុវត្តផែនការសកម្មភាពទាំងនោះផងដែរ៕