ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន អញ្ជើញជាអធិបតីបិទសិក្ខាសាលាផ្សព្វផ្សាយសមិទ្ធផលការងារ១០ឆ្នាំរបស់ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌

នៅល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តី​ប្រចាំការ រដ្ឋមន្រ្តី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្រ្តី បាន​អញ្ជើញ​ជាអធិ​បតីក្នុង​ពិធី​បិទសិក្ខា​សាលាផ្ស​ព្វផ្សាយ​សមិទ្ធផល​ការងារ១០​ឆ្នាំ របស់ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និង​កា​រអនុវត្ត​កម្មវិធីវា​យ​តម្លៃលើផលប៉ះពាល់ នៃលិខិតបទដ្ឋានគតិយុត្ត ដែលពិធីនេះប្រារព្ធ​ធ្វើឡើងនៅសណ្ឋាគារសុខា ភ្នំពេញ រាជធានីភ្នំពេញ។

ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន បានកោតសរសើរ​ចំពោះការ​រៀបចំសិក្ខា​សាលា​នេះដែល​បាន​ដំណើរការ​អស់រយៈ​ពេលពេញ១ថ្ងៃ ហើយលោកក៏បានវា​យតម្លៃខ្ពស់​ចំពោះក្រុមប្រឹក្សា​សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដែលបានសម្រេចសមិទ្ធផលជា​ច្រើនក្នុងរយៈពេល១០ឆ្នាំកន្លងមក ចាប់ពីឆ្នាំ២០០៩ រហូតដល់បច្ចុប្បន្ន និងសូមអរគុណធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានឧបត្ថម្ភក្នុងការរៀបចំសិក្ខាសាលានេះឡើងផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន បានគូសបញ្ជាក់ថា ការសិក្សាស្រាវជ្រាវដែលក្រុមប្រឹក្សា​សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌បានធ្វើកន្លងមកមានសារៈសំខាន់ពាក់ព័ន្ធនឹងដំណាំរួមផ្សំក្នុង​វិស័យកសិកម្ម បសុព្យាបាល និងផលិតកម្មសត្វ ឥណទានមីក្រូហិរញ្ញវត្ថុជាដើមដែលវាប្រាកដ​ នឹងជះឥទ្ធិពលលើការអភិវឌ្ឍប្រទេសជាតិ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនជាមិនខាន ហើយលោកបានលើកទឹកចិត្តឱ្យក្រុមប្រឹក្សាបន្តការងារនេះឱ្យកាន់តែសកម្មថែមទៀត។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ក៏បានអំពាវនាវដល់ក្រសួងស្ថាប័ន អង្គការជាតិ និងអន្តរជាតិនានាដែលមានការពាក់ព័ន្ធធ្វើការ ពិនិត្យលទ្ធភាពសហការជាមួយក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងការងារសិក្សាស្រាវជ្រាវលើប្រធានបទសំខាន់ៗអាចដំណើរការទៅបានល្អថែមទៀតផងដែរ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ