សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធី បិទសន្និបាតក្រសួងអប់រំ ២០១៧-២០១៨

នៅរសៀលថ្ងៃពុធ ៧រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបិទសន្និបាតលទ្ធផលការងារអប់រំយុវជន និងកីឡាឆ្នាំ(២០១៧-២០១៨) និងលើកទិសដៅការងារឆ្នាំ(២០១៨-២០១៩) ដែលធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)។ ពិធីនេះ គឺមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំក្រសួងអប់រំយុវជន និងកីឡាគ្រប់លំដាប់ថ្នាក់ តំណាងក្រសួង ស្ថានប័នពាក់ព័ន្ធ មន្ត្រីមន្ទីរអប់រំយុវជន និងកីឡារាជធានី-ខេត្ត គណៈអភិបាលរាជធានី-ខេត្ត ដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្ដរជាតិ និងអង្គការ មិនមែនរដ្ឋាភិបាល ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។

ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយក្រៃលែងដែលបានអញ្ជើញ ចូលរួមក្នុងពិធីបិទសន្និបាតលទ្ធផលការងារអប់រំឆ្នាំ(២០១៧-២០១៨) និងលើកទិសដៅការងារឆ្នាំ(២០១៨-២០១៩)របស់ក្រសួងអប់រំយុវជន និងកីឡា និងមានមោទនភាពចំពោះអង្គសន្និបាតដែលទទួលបានលទ្ធផលល្អប្រសើរសម្រាប់វិស័យអប់រំក្នុងឆ្នាំបន្តបន្ទាប់ទៀត។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបានវាយតម្លៃខ្ពស់ ចំពោះអង្គសន្និបាត ដែលមិនត្រឹមតែឤចពិនិត្យលទ្ធផលសម្រេចបានលើការងារអប់រំទាំងមូលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱកាសដល់ភាគីពាក់ព័ន្ធ បានយល់ជ្រួតជ្រាប និងបន្តចូលរួមអនុវត្តកម្មវិធីកែទម្រង់ការអប់រំកាន់តែស៊ីជម្រៅ ក្នុងស្មារតីធ្វើឱ្យវិស័យអប់រំនៅកម្ពុជាកាន់តែមានវឌ្ឍនភាព ឆ្លើយតបទៅនឹងបរិការណ៍ថ្មីៗ នៃសង្គម-សេដ្ឋកិច្ច ទាំងក្នុងតំបន់ និងពិភពលោក ជាពិសេសក្នុងខណៈដែលកម្ពុជាកំពុងរក្សាបាន នូវសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ និង ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងធានាបាននូវភាពសុខដុម និងប្រក្រតីភាពនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា។

ក្នុងស្មារតីបន្តលើកស្ទួយ និងអភិវឌ្ឍន៍វិស័យអប់រំកម្ពុជាឱ្យសម្រេចបានតាមគោលដៅនៃគោលនយោ បាយអភិវឌ្ឍវិស័យអប់រំ សម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍សំខាន់ៗ៥ចំណុចៈ

១)ត្រូវបន្តអនុវត្តឱ្យកាន់តែសកម្មនូវគោលនយោបាយអភិវឌ្ឍវិស័យអប់រំដើម្បីធានាថា ការអប់រំមានគុណភាពប្រកបដោយសមធម៌ បរិយាបន្ន និងលើកកម្ពស់ឱកាសក្នុងការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា។ ទន្ទឹមនេះត្រូវខិតខំជំរុញ និងពង្រីកកម្មវិធីអប់រំកុមារតូច និងបង្កលក្ខណៈឲ្យកុមារបានសិក្សាយ៉ាងតិច៩ឆ្នាំ នៅសាលារៀនដែលមានបរិស្ថានស្អាត ទឹកស្អាត និងអនាម័យ។ ត្រូវផ្ដល់អាហារូបករណ៍ដល់សិស្សពូកែ សិស្សជួបការលំបាក ជាពិសេសសិស្សនារី និងសិស្សក្នុងគ្រួសារក្រីក្រ ធានាប្រសិទ្ធភាពនៃការអនុវត្តកម្មវិធីសិក្សាទាំងផ្នែកគណិតវិទ្យា, វិទ្យាសាស្រ្ត, បច្ចេកវិទ្យា, វិស្វកម្ម, និងភាសាបរទេស ដើម្បីឲ្យស្របទៅនឹងចរន្ត នៃការរីកចម្រើនផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាគឺបដិវត្តន៍ឧស្សាហកម្មទី៤។ ត្រូវបន្តការចូលរួមលើកកម្ពស់ សិល្បៈ, វប្បធម៌, ទំនៀមទម្លាប់, ការអប់រំក្រៅប្រព័ន្ធតាមរយៈការអនុវត្តកម្មវិធីសាលារៀនជំនាន់ថ្មី ដើម្បីលើកកម្ពស់គុណភាព និងសេវាអប់រំនៅគ្រប់ភូមិសិក្សា។ ពង្រីកការអប់រំបច្ចេកទេស ដោយយកចិត្តទុកដាក់ធ្វើឲ្យខេត្តមួយមានវិទ្យាល័យចំណេះទូទៅយ៉ាងហោចណាស់មាន១ និងបច្ចេកទេសមួយយ៉ាងតិចសម្រាប់រយៈពេលមធ្យម និងស្រុកមួយមានវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសមួយយ៉ាងតិចសម្រាប់រយៈពេលវែង។

២)ត្រូវបន្តអនុវត្តប្រកបដោយប្រសិទ្ធភាព និងតម្លាភាពនូវគោលនយោបាយភាពជាអ្នកដឹកនាំ និងគ្រប់គ្រងរបស់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់។ ត្រូវពង្រឹងការងារគ្រប់គ្រងការដឹកនាំការបង្កើនប្រសិទ្ធភាពប្រើប្រាស់ហិរញ្ញប្បទាននៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ពង្រឹងប្រព័ន្ធការងារផែនការស្ថិតិអប់រំពង្រាយគ្រូបង្រៀនឲ្យបានដល់មូលដ្ឋាន។ បន្តអភិវឌ្ឍសមត្ថភាពនាយកសាលា និងគ្រូបង្រៀននៅតាមគ្រឹះ ស្ថានបណ្តុះបណ្តាល និងគ្រឹះស្ថានសិក្សា ពិសេសពង្រឹងការងារអធិការកិច្ចនិងយន្តការជាអ្នកកែលំអជាប្រចាំ។

៣)ត្រូវបន្តអនុវត្តឱ្យកាន់តែសកម្មលើការងារកាយឫទ្ធិនិងយុវជន ដោយបង្កើនការយកចិត្តទុកដាក់ចំពោះកុមារ និងយុវជនឲ្យមានស្មារតីទទួលខុសត្រូវនិងជឿជាក់លើសមត្ថភាពរបស់ខ្លួន នឹងប្រកាន់ខ្ជាប់នូវទង្វើជាវិជ្ជមាន។ ទន្ទឹមនេះ ត្រូវមានការសម្របសម្រួលនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដើម្បីបំផុសផ្សព្វផ្សាយបង្កើតឲ្យមានកម្មវិធីកូនល្អ, សិស្សល្អ, មិត្តល្អ, ពលរដ្ឋល្អ និងកម្មវិធីយុវជនគ្រប់មជ្ឈដ្ឋាន ដើម្បីរៀបចំចលនាបណ្ដាញយុវជនស្ម័គ្រចិត្តចុះជួយតាមមូលដ្ឋាន និងតាមសហគមន៍នានាទូទាំងប្រទេស។

៤)ត្រូវបន្តអនុវត្តឱ្យកាន់តែសកម្មលើការងារកីឡាតាមរយៈការជំរុញចលនាយុវជនម្នាក់ចេះកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត ព្រមទាំងជំរុញការអភិវឌ្ឍសមាគមកីឡាមហាជនផងដែរ ។ ត្រូវបន្តពង្រឹងសកម្មភាពអភិវឌ្ឍន៍កម្មវិធីអប់រំកាយ និងកីឡាតាមគ្រឹះស្ថានសិក្សានៅទូទាំងប្រទេស។ ជាមួយនេះត្រូវខិតខំអនុវត្តគោលនយោបាយជាតិស្ដីពីការអភិវឌ្ឍការអប់រំកាយ និងកីឡានិងការហ្វឹកហាត់ ហ្វឹកហ្វឺនតាមលក្ខណៈជាតិ និងអន្តរជាតិព្រមទាំងបំផុសស្មារតីមហាជន ជាពិសេសយុវជនឲ្យបានចូលរួមគ្រប់គ្រប់គ្នាដើម្បីប្រសិទ្ធភាពការងារកីឡាដើម្បីពង្រឹងប្រសិទ្ធភាពការងារកីឡា ដើម្បីកម្ពុជាទទួលបានជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកីឡាស៊ីហ្គេមលើកទី ៣២ នៅខែ ឧសភា ឆ្នាំ២០២៣ ខាងមុខ។

៥)ត្រូវបន្តបង្កើនប្រសិទ្ធភាពហិរញ្ញវត្ថុដើម្បីឆ្លើយតបទៅនឹងអាទិភាពពីការអភិវឌ្ឍជាតិពង្រឹងភាពជាម្ចាស់ភាពជាដៃគូ និងយន្តការនៃកិច្ចសហប្រតិបត្តិការដើម្បីសម្រេចឲ្យបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ ២០៣០ ផ្សាភ្ជាប់ទៅនឹងការអប់រំវប្បធម៌, ទំនៀមទម្លាប់, ប្រពៃណី, វប្បធម៌,សន្តិភាព, ការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស, ការគោរពគោលការណ៍ស្មើភាព, ប្រជាធិបតេយ្យ, ប្រឆាំងអំពើហិង្សា, ការទប់ស្កាត់ការរីករាលដាលនៃជម្ងឺអេដស៍, មេរោគអេដស៍, ការលុបបំបាត់ការប្រើប្រាស់គ្រឿងញៀន, ការជួញដូរស្ត្រីនិងកុមារ និងការលុបបំបាត់រាល់ទម្រង់នៃការរើសអើងគ្រប់រូបភាព។

ជាមួយនឹងការប្រកាសបិទ “សន្និបាតបូកសរុបការងារ អប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០១៧-២០១៨ និងលើកទិសដៅ ផែនការ ការងារឆ្នាំសិក្សា ២០១៨-២០១៩” សម្តេចតេជោ នាយករដ្ឋមន្ត្រីបានជូនពរ ដល់មន្ត្រី បុគ្គលិកសិក្សា លោកគ្រូ អ្នកគ្រូ សាស្ត្រចារ្យ និងអង្គសន្និបាតទាំងមូល សូមទទួលបានជោគជ័យ និងសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា។

នៅចុងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញផ្ដល់កិត្តិយសបំពាក់គ្រឿឥស្សរិយយសមាន មេដាយការងារ និងពានរង្វាន់ ជូនដល់មន្ត្រី និងគ្រូបង្រៀនដែលមានស្នាដៃល្អក្នុងវិស័យអប់រំកន្លងមក និងបានថតរូបជាអនុស្សាវរីយ៍នៅក្នុងបរិយាកាសស្និទ្ធស្នាល និងសប្បាយរីករាយជាក្រៃលែង៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ