សម្រង់​ប្រសាសន៍​​​​សម្ដេច​​តេជោ ហ៊ុន សែន ថ្លែងក្នុង ពិធីចែកសញ្ញាបត្រនិស្សិត នៃវិទ្យាស្ថាន ខ្មែរជំនាន់ថ្មី

48

CNV:

ដូចដែល ឯកឧត្តម ណុប នរិន្ទ បានលើកអម្បាញ់មិញ នេះគឺជាលើកទី ៧ ដែលខ្ញុំមានវត្តមាន​ជាមួយនឹងសិស្សនិស្សិត នៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី ហើយថ្ងៃនេះ ដែលមានសិស្ស និងនិស្សិត ចំនួន ១ ៧០៩ នាក់ សម្រាប់ទទួលវិញ្ញាបនបត្រ និងសញ្ញាបត្រ សម្រាប់ជ័យលាភីនៅថ្ងៃនេះ។

មានការឧបត្ថម្ភ តែមិនប្រឹងខ្លួនឯង ក៏មិនអាចដំណើរការទៅមុខ

ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ ដើម្បីថ្លែងនូវការអបអរសាទរជាមួយនឹងវឌ្ឍនភាព នៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី ដែលអម្បាញ់មិញ លោក ណុប នរិន្ទ បានលើកអម្បាញ់មិញថា ប្រសិនបើគ្មានការឧបត្ថម្ភពីខ្ញុំព្រះករុណាខ្ញុំទេនោះ គឺវានឹងមានការលំបាក។ ក៏ប៉ុន្តែ ខ្ញុំក៏គួរត្រូវនិយាយត្រឡប់ទៅវិញថា​ បើទោះបីជាខ្ញុំជួយលើសហ្នឹង ១ ពាន់ដងទៀត តែបើសិនជាវិទ្យាស្ថានគ្មានគំនិតខ្លួនឯង វាមិនអាចទៅរួចទេ។ បទពិសោធន៍កន្លងទៅនេះ បានឃើញច្បាស់ហើយ សូម្បីតែគ្រួសារមួយ ឬក៏មនុស្សម្នាក់ នៅពេលដែលយើងផ្តល់ការឧបត្ថម្ភអោយ ប៉ុន្តែពួកគេមិនអាចឡើងទៅរួច។ មកដល់ពេលនេះ ខ្ញុំមានការការអៀនខ្មាសខ្លះ ជាមួយនឹងទង្វើខ្លះ ដែលអ្នកទាំងនោះបានធ្វើចំពោះខ្ញុំ។ ឧទាហរណ៍៖ ទទួលប្រាក់ពីខ្ញុំដោយផ្ទាល់ដៃ ប៉ុន្តែ យើងថាជូនទៅផ្ទះ​ គេមិនអោយយើងជូនទេ។ យើងតាមមើល ទៅ Naga លេងល្បែងចាញ់អស់ទៅ។ ដល់អញ្ចឹងខ្ញុំខ្មាសតែម្តង។ ដល់ទៅក្រោយ​មក គឺយើងតាមស៊ើបដឹង។ សូម្បីតែមួយកាក់មួយសេនក៏ខ្ញុំមិនអោយ ព្រោះខ្ញុំមិនចង់អោយមានការខ្មាសអៀនជាមួយនឹងទង្វើបែបនេះ។ ប្រាក់នោះអាចយកទៅបង្កើតជាមុខរបរបាន មិនមែនជាប្រាក់តិចតួចទេ។ និយាយមកកាន់វិទ្យាស្ថាននេះវិញ បើសិនជាយើងទទួលបានការឧបត្ថម្ភនេះ ប៉ុន្តែ ​វិទ្យាស្ថានខ្លួនឯងមិនមានការខិតខំទេនោះ ច្បាស់ជាវិទ្យាស្ថាននេះ មិនអាចមានអាយុកាលវែង ដែលមកដល់នេះមានរយៈពេលប្រមាណជាង ១៦ ឆ្នាំ រួចមកហើយនោះទេ។ ដូច្នេះហើយ បានជាខ្ញុំសូមយកឱកាសនេះ ថ្លែងនូវការកោតសរសើរ និងការវាយតម្លៃខ្ពស់ ក្នុងការខិតខំរបស់គណៈដឹកនាំ ក៏ដូចជា សាស្រ្តាចារ្យ និងគ្រូទាំងអស់ ដែលបានធ្វើការងារយ៉ាងល្អនៅទីនេះ។

អ្នកទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈ ទទួលបានការងារធ្វើ ១០០%

មួយផ្នែកទៀត អនុញ្ញាតអោយខ្ញុំព្រះករុណាខ្ញុំយកឱកាសនេះ ដើម្បីសម្តែងជូននូវការអបអរសាទរ ចំពោះជ័យលាភី ដែលទទួលនូវវិញ្ញាបនបត្រ និងសញ្ញាបត្រនៅថ្ងៃនេះ។ ក្នុងនោះ អ្វីដែលខ្ញុំព្រះករុណាខ្ញុំនៅតែបន្តនិយាយតទៅទៀត គឺការបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលក្នុងនោះ ថ្ងៃនេះ មានរហូតទៅដល់ ៩៩៨ នាក់ ខ្វះតែ ២ នាក់គ្រប់ ១ ពាន់នាក់។ អញ្ចឹង នេះជាចំនួនមួយដ៏ច្រើន។ យើងមើលអត្រានៃអ្នកដែលទទួលការងារធ្វើទៅវិញ គឺអ្នកដែលទទួលបាននូវការបណ្តុះបណ្តាលវិជ្ជាជីវៈនេះ មានការងារធ្វើរហូតទៅដល់ ១០០% ឯណោះ។ អញ្ចឹង មិនត្រូវមើលស្រាលអំពីទីផ្សារការងារទេ ព្រោះមានពេលខ្លះ គឺកម្រិត​គេទទួលយកអាខ្ពស់ និងអ្នកទាប តែចន្លោះកណ្តាល គឺអាចនឹងមានកម្រិត។ វាមិនខុសពីវេជ្ជបណ្ឌិតម្នាក់ទេ។ វេជ្ជបណ្ឌិតម្នាក់ តើគេត្រូវការពេទ្យមធ្យមអមប៉ុន្មាននាក់? ហើយគេត្រូវការពេទ្យបឋមអមប៉ុន្មាននាក់? អញ្ចឹង ថ្នាក់វិជ្ជាជីវៈនេះ គឺដូចជាពេទ្យបឋម ដែលជានិច្ចជាកាលនៅអមជាមួយនឹងពេទ្យមធ្យម ឬនៅអមជាមួយនឹងវេជ្ជបណ្ឌិតដូចគ្នានោះដែរ​។

មិនត្រូវមើលស្រាលការបណ្តុះបណ្តាលវិជ្ជាជីវៈ

អញ្ចឹង បានជាមិនត្រូវមើលស្រាល អំពីបញ្ហាទាក់ទងជាមួយនឹងការបណ្តុះបណ្តាលវិជ្ជាជីវៈទេ។ ការបណ្ដុះ​បណ្តាលវិជ្ជាជីវៈហ្នឹងទៀត មានពេលខ្លះ អ្នកខ្លះនៅពេលដែលខ្ញុំនិយាយ គេនាំគ្នាសើច ឧទាហរណ៍៖ ខ្ញុំនិយាយពីការបណ្តុះបណ្តាលចុងភៅ ស្រាប់តែគេនាំគ្នាសើចដាក់ខ្ញុំ។ ក៏ប៉ុន្តែ យើងត្រូវមើលអោយជ្រៅ។ បើសិនជាអត់ចុងភៅ តាមសណ្ឋាគារ និងភោជនីយដ្ឋានទាំងអស់បានស្អីស៊ី? ពួកថៅកែអស់ហ្នឹងអត់ចេះធ្វើម្ហូបទេ។ អញ្ចឹង បានគេថ្នាក់ថ្នមណាស់ចុងភៅនេះ។ ថ្នាក់វិជ្ជាជីវៈទាក់ទងនឹងរឿងចុងភៅ និយាយអញ្ចឹងពួកអគតិមួយចំនួន(ថា) លោក ហ៊ុន សែន ចាប់ផ្តើមបណ្តុះបណ្តាលឡើងរុញអោយ​គេទៅធ្វើចុងភៅ។ ប៉ុន្តែ ពួកវាចូលទៅស៊ីដែរ រួចហើយស៊ីមិនឆ្ងាញ់ វាថាចុងភៅមិនកើត។ យើងមើល បើនិយាយពីរឿងកុន កុនចិនហុងកុង កុនកូរ៉េ គេច្រើនលេងរបៀបប្រឡងប្រជែងចុងភៅហ្នឹងទៅវិញ។ បើរឿងកុនចិនទៅទៀត មិនមែនរឿងចុងភៅទើបនឹងសម័យថ្មីទេ សូម្បីតែកុនចិនសម័យបុរាណ គេប្រឡងចុងភៅ ព្រោះអាហ្នឹងវាជារឿងវិជ្ជាជីវៈ ដែលចិញ្ចឹមមនុស្ស។ ឥឡូវ តាមសណ្ឋាគារ តាមភោជនីយដ្ឋាន តាមស្អីៗនោះ បើអត់មានចុងភៅទេ ធ្វើវាមិនចេញទេ។ អ្នកដែលធ្វើការតាមផ្ទះទៀតក៏ត្រូវតែចេះចុងភៅនោះដែរ។ ការងារវាអត់មានអីថោកទេ បើទោះបីការងារអីក៏ដោយ សំខាន់យើងចេះអោយវាប្រាកដ អាហ្នឹងមានការងារធ្វើ មានលុយចូលហើយ។

ការឧបត្ថម្ភមានគោលដៅតម្រង់ឆ្ពោះទៅរកសិស្ស/និស្សិតក្រីក្រ មួយភាគជាសិស្សវិជ្ជាជីវៈ

ពេលខ្លះយើងមានសញ្ញាបត្រព្យួរនៅជញ្ជាំងពេញ ប៉ុន្តែ យើងតើរកការងារធ្វើអត់ឬបាន? វាអត់ត្រូវជំនាញ។ អញ្ចឹង បានជាខ្ញុំព្រះករុណាខ្ញុំ អោយតម្លៃទៅលើការបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលក្នុងនោះ មានអង្គការ ៤ ដែលខ្ញុំព្រះករុណាខ្ញុំ បានផ្តល់ការឧបត្ថម្ភ។ អង្គការអាស៊ីអឺរ៉ុបក៏នៅបន្ត។ អង្គការវិទ្យាស្ថានអភិវឌ្ឍន៍ធន​ធាន​មនុស្សក៏នៅបន្ត។ អង្គការសហព័ន្ធអឺរ៉ុបក៏នៅបន្ត។ អង្គការវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈក៏នៅបន្ត។ ដូច្នេះ ៥ កន្លែង ដែលមានការថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈនេះ តែងតែបានទទួលអង្ករ ២ តោន និងថវិកា ៥ លានរៀន។ មានតែអាស៊ីសច្ចៈទេ ដែលមានអង្ករ ២ តោន ថវិកា ៣ លានរៀន ដោយសារចំនួនសិស្សតិច​។ ប៉ុន្តែ យើងពិនិត្យមើលក្នុងមួយឆ្នាំ បើនិយាយមួយឆ្នាំ ៥ លានរៀល/ខែ មួយឆ្នាំវា ៦០ លានរៀល ហើយអង្ករក្នុងមួយឆ្នាំ ២៤ តោន។ អញ្ចឹងលុយច្រើនដែរ។ តើគោលដៅខ្ញុំតម្រង់ទៅរកអី? គោលដៅខ្ញុំតម្រង់ឆ្ពោះទៅរកនិស្សិត/សិស្សក្រីក្រ ហើយដែលក្នុងនោះ មួយភាគ គឺជាសិស្សវិជ្ជាជីវៈនោះឯង។ នេះគឺមានគោលដៅជាក់លាក់ ដើម្បីតម្រង់ឆ្ពោះទៅការបណ្តុះបណ្តាលវិជ្ជាជីវៈនេះ។

ពន្លឿនការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីឆ្លើយតបតម្រូវការទីផ្សារការងារ

និយាយយ៉ាងដូច្នេះ មិនមែនបានសេចក្តីថា ខ្ញុំទាត់ចោលនូវការមិនយកចិត្តទុកដាក់អើពើទៅលើការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិតនោះទេ យើងត្រូវយកគ្រប់ផ្នែកទាំងអស់។ ក៏ប៉ុន្តែ យើងត្រូវឃើញថា នៅប្រទេសរបស់យើងបច្ចុប្បន្ន យើងអត់ទាន់មានលទ្ធភាព ដើម្បីផ្គត់ផ្គង់នូវអ្នកបច្ចេកទេសអោយគេគ្រប់គ្រាន់ទេ។ ចំណុចនេះហើយដែលយើងត្រូវតែខិតខំបណ្តុះបណ្តាលអ្នកជំនាញរបស់យើង។ ពេលដែលមានការវិយោគចូលមក ងាយដោះស្រាយការងារធ្វើ ហើយយើងផ្គត់ផ្គង់មនុស្សអោយគេគ្រប់គ្រាន់។ យើងពិនិត្យមើល បើនិយាយពីជប៉ុនចូលមកក្នុងប្រទេសរបស់យើង ក្រុមហ៊ុនជប៉ុនទាំងអស់ ពេលដែលជួបខ្ញុំ បានបង្ហាញពីកង្វល់, បញ្ហាទី១៖ តម្លៃប្រាក់ឈ្នួល ជប៉ុនមានការកង្វល់ដោយសារតែបញ្ហាប្រាក់ឈ្នួលនៅតាមប្រទេសនានាក៏វាថ្លៃ … ទី២៖ តម្លៃអគ្គិសនី ប៉ុន្តែ​ ទី៣៖ គឺធនធានមនុស្ស ដែល(សំដៅដល់)អ្នកបច្ចេកទេស …។

អបអរសាទរជាមួយជ័យលាភី ដែលទទួលវិញ្ញាបនបត្រ  និងសញ្ញាបត្រថ្ងៃនេះ

ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ អបអរសាទរជាមួយនឹងអ្នកដែលទទួលបាន នូវ​ទាំងថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈ ទាំងថ្នាក់បរិញ្ញាបត្ររង ទាំងថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ដែលទទួលបាននូវសញ្ញាបត្រនៅថ្ងៃនេះ។ ខ្ញុំព្រះករុណាខ្ញុំ គិតថា ប្រហែលជាយើងមិនចាំបាច់និយាយច្រើនទេ។ អាទិត្យនេះត្រូវពីរ។ ប៉ុន្មានថ្ងៃទៀតត្រូវមកកន្លែងហ្នឹងទៀត។ ដល់អាទិត្យក្រោយពីរទៀត ព្រោះសាកលវិទ្យាល័យមួយៗ វិទ្យាស្ថានមួយៗ ត្រូវការអោយខ្ញុំព្រះករុណាខ្ញុំមកជាកិត្តិយស ដើម្បីចែកសញ្ញាបត្រជូន។ ដោយសារតែធ្លាប់បានធ្វើតាំងពីទសវត្សរ៍ ៨០, ទសវត្សរ៍ ៩០ មក រៀងរហូតមកក៏ចេះតែប្រឹង។ គ្រប់សាកលវិទ្យាល័យ ដែលត្រូវការខ្ញុំព្រះករុណានោះ ត្រូវការតែខែ ៣, ខែ ៤ ហ្នឹង។ អញ្ចឹង យើងត្រូវរត់តាមកម្មវិធី។ បើប៉ុន្មានអាទិត្យនេះ គឺរហូតទៅដល់ថ្ងៃអាទិត្យអត់មានថ្ងៃសម្រាក។ ថ្ងៃសៅរ៍/អាទិត្យ ក៏អត់មានពេលសម្រាកទេ។

ព្រឹកមិញទើបតែមើលទេនេះ ដាក់អោយខ្ញុំៗមានពេលឯណាមើល? ខ្ញុំអត់មានពេលមើល។ ឧទាហរណ៍៖ ទៅថ្លែងការណ៍នៅកំពង់ឆ្នាំង សុន្ទរកថាដែលគេរៀបចំអោយវាមិនកើត។ អានមិនរួច​ ព្រោះវាអត់គ្រប់ជុ្រង។ អញ្ចឹង ត្រូវចាប់ផ្តើម Note ខ្លួនឯងនៅក្នុងទូរស័ព្ទ។ ទៅដេកក៏ Note អីក៏ Note អញ្ចឹងទៅ ទាល់តែ(ដេក)លក់។ ភ្ញាក់ឡើង Note តទៅទៀតទៅ។ រួចហើយទៅថ្លែងសុន្ទរកថា ១ ម៉ោង​ អញ្ចឹងទៅ។ អានេះម្សិលមិញថា ចុះមកដល់មើលមួយភ្លែតទៅនិយាយបានហើយ ព្រោះកន្លែងយើងធ្លាប់និយាយស្រាប់។ អញ្ចឹងទេ ខ្ញុំព្រះករុណាខ្ញុំ គិតថា មិនមានការចាំបាច់អោយខ្ញុំព្រះករុណាខ្ញុំ លើកអំពីចំណុចដែលទាក់ទងជាមួយនឹងកិច្ចការ ដែលគួរត្រូវនិយាយ​ ដោយសារតែមួយអាទិត្យៗនិយាយច្រើនណាស់ទៅហើយ។ និយាយមុខសញ្ញាជា​មួយ​និស្សិត។ និយាយមុខសញ្ញាជាមួយកម្មករ … ជាមួយនឹងប្រជាពលរដ្ឋ។ រឿងច្រើនណាស់។ និយាយមុខសញ្ញាជាមួយនឹងប្រធានាធិបតីប្រទេសនានាមកទស្សនកិច្ចនៅស្រុកយើង ហើយប្រធានា​ធិបតីកូរ៉េខាងត្បូង គាត់ទើបនឹងត្រឡប់ទៅវិញដែរ។ មកស្រុកយើងបានប៉ុន្មានថ្ងៃដែរ។

ទទួលបានថវិកា ៤ ពាន់លាន់រៀលបន្ថែម អោយមេធាវីដំណើរទៅមុខបានលឿន

យ៉ាងណាក៏ដោយមិនភ្លេច អំពីនិស្សិត/សិស្សរបស់យើងទទួលសញ្ញាបត្រនៅថ្ងៃនេះ។ ចេញពីនេះទៅ ត្រូវទៅកន្លែងមួយទៀត។ កម្មវិធី ២ ព្រឹកនេះ។ តែកម្មវិធីនោះក៏មិនជាយូរអីប៉ុន្មានដែរ ដោយសារគេដឹងថាខ្ញុំព្រះករុណាខ្ញុំ បង្កើតនូវក្រុមមេធាវីការពារក្តីអោយស្ត្រីក្រីក្រ។ អញ្ចឹងទេ​ ទន្ទឹមនឹងថវិកាដែលមានរួចទៅហើយ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ទទួលបានប៉ុន្មាន ៤ ពាន់លានរៀល ស្មើនឹង ១ លានដុល្លារ(អាមេរិក)ទៀត ដើម្បីរៀបចំអោយមេធាវីរបស់ខ្ញុំព្រះករុណាខ្ញុំ ដំណើរទៅមុខបានលឿនក្នុងការការពារក្តី។ មើលទៅក្នុងមន្ទីរឃុំឃាំង ដល់មើលទៅឥឡូវហ្នឹងឃើញច្បាស់ហើយ។ បានសេចក្តីថា ទណ្ឌិតពិតប្រាកដតែ ១/៣ ទេ។ ពិរុទ្ធ​ជន ២/៣។ ពិរុទ្ធជនមានន័យថា មិនទាន់កាត់ទោស។ អញ្ចឹង តុលាការគ្រប់ជាន់ថ្នាក់ រដ្ឋមន្ត្រីយុត្តិធម៌ត្រូវធ្វើការងារហ្នឹងអោយលឿន …។

ពេលមុនខ្វះកន្លែងសវនាការ ក៏បានដោះស្រាយ ឥឡូវ ខ្វះមេធាវី ក៏បានដោះស្រាយ

កាលពីប៉ុន្មានឆ្នាំមុន(ខ្ញុំ)នៅចាំ ចំណោទចោទឡើងថា ខ្វះកន្លែងសវនាការ។ កាលហ្នឹងខ្ញុំបានអោយជួលកន្លែងនានាធ្វើជាកន្លែងសវនាការ កុំអោយនិយាយពីរឿងខ្វះកន្លែងសវនាការ។ ឥឡូវ និយាយពីខ្វះមេធាវី ខ្ញុំ(ក៏)រុញមេធាវីទៀត។ មេធាវីដែលខ្ញុំរុញ មានមេធាវីមួយរុញអោយលុយទៅតាមគណៈមេធាវី មួយទៀតទៅតាមក្រសួងកិច្ចការនារី។ ឥឡូវ ខ្ញុំបង្កើតមេធាវីរបស់ខ្លួនខ្ញុំផ្ទាល់ ដើម្បីបញ្ជូនអោយមកខេត្ត ២ នាក់ ហើយបើត្រូវការច្រើនជាងហ្នឹងក៏ត្រូវទៅ ព្រោះប្រាក់ថ្ងៃនេះនឹងចូលទៅដល់កុង ឡើងទៅដល់ជាង ៦ ពាន់លាន(រៀល) គឺស្មើនឹង ១ លានដុល្លារកន្លះជាង។ មេធាវីទាំងនោះ គេមិនយកកម្រៃទេ ប៉ុន្តែ នេះជាមធ្យោ​បាយអោយគេធ្វើការ។ អញ្ចឹងបានថា ចុះមន្ទីរឃុំឃាំងអីក៏វាណែនម្ល៉េះ? ដល់ទៅមើល។ ស្លាប់ហើយ(សុទ្ធតែពិរុទ្ធជន)។

ការធានានៅក្រៅ ចាំបន្តក្តីក្តាំ ផ្តល់អាទិភាពស្ត្រីក្រីក្រ

ថ្ងៃមុនគេទៅគណៈកម្មាការសិទ្ធិមនុស្សរបស់ កែវ រ៉េមី ទៅទាំងជាមួយនឹងក្រសួងកិច្ចការនារី​ ទៅទាំងមេធាវី ទៅដល់បានឃើញ។ ចំណុចដែលមិនទាន់កាត់ក្តីវារឿងច្រើនពេក។ ប៉ុន្តែឥឡូវខ្ញុំអោយអាទិភាពជាមួយនឹងស្ត្រីក្រីក្រ។ អញ្ចឹង បានខ្ញុំស្នើអោយមេធាវីរបស់ខ្ញុំថា អ្វីដែលយើងអាចធ្វើទៅបាន អាចធានាអោយនៅក្រៅឃុំបាន ធានានៅក្រៅឃុំសិន រួចហើយបន្តក្តីក្តាំតទៅទៀត។ មានពេលខ្លះពរកូនអោយម៉ង់ៗ នៅក្នុងពន្ធនាគារ។ មានពេលខ្លះ មានផ្ទៃពោះនៅក្នុងពន្ធនាគារ។ យើងមិនលើកលែងបញ្ហាពាក់ព័ន្ធជាមួយនឹងអ្នកខ្លះចូលរួមក្នុងការធ្វើឃាតកម្ម ដូចជាមានស្ត្រីខ្លះជាប់គុក ១២០ ឆ្នាំ ព្រោះទោសវាច្រើនពេក សម្លាប់នៅទីនេះ/នោះ ដែលចូលរួមធ្វើសកម្មភាពប្លន់ប្រដាប់អាវុធស្អីៗអានោះមួយផ្សេង។

ស្ថាប័នពាក់ព័ន្ធបន្តការយកចិត្តទុកដាក់កាត់បន្ថយឧក្រិដ្ឋកម្ម

ចំណុចនេះ អោយបន្តការយកចិត្តទុកដាក់ទៅលើការខិតខំទាំងអស់ ម្យ៉ាងកាត់បន្ថយឧក្រិដ្ឋកម្ម តែម្យ៉ាង(ទៀត)នៅក្នុងមន្ទីរឃុំឃាំងកកកុញទៅដោយមនុស្ស។ កកកុញទៅដោយមនុស្ស គេហៅថា ទណ្ឌិត គឺជាអ្នកដែលបានកាត់ទោសរួចហើយ។ អាហ្នឹង គឺត្រូវរៀបចំនៅម្ខាង។ ហើយដែលរៀបចំបែ​បបទ អ្នកណាជាប់ទោសប៉ុន្មានអីប៉ុន្មាន រួចហើយតាមព្រះរាជពិធីបុណ្យ តាមបុណ្យនីមួយៗ គឺតែងស្នើសុំព្រះមហាក្សត្រ ដើម្បីបន្ធូរបន្ថយទោស ឬលើកលែងទោស។ ប៉ុន្តែ សម្រាប់ករណីពិរុទ្ធជននេះ ការឃុំខ្លួនខុសហួសកំណត់ គឺយើងជាអ្នកខុស។ ត្រូវបង្កើនល្បឿន។ ខ្ញុំសុំស្នើអោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បន្តកិច្ចការងារនេះបន្តទៅទៀត ជាមួយនឹងស្ថាប័នពាក់ព័ន្ធ។ ខ្ញុំនឹងពង្រាយមេធាវីរបស់ខ្ញុំអោយច្រើនថែមទៀតអោយធ្វើកិច្ចការងារនេះ ហើយសំដៅមុខព្រួញស្ត្រីដែលទទួលការលំបាក យើងទទួលក្តីចាស់ ដែលកំពុងឃុំខ្លួន គឺត្រូវផ្តោតអាហ្នឹងមុន។ ប៉ុន្តែ យើងក៏មិនបោះបង់ចោលនូវសំណុំរឿងថ្មីៗ ដែលយើងបានកើតមានដែរ។

ពិនិត្យមើលកន្លែងណាដែលជីកអណ្ដូងបាន ត្រូវជីកអណ្ដូង ប្រសើរជាងដឹកទឹកទៅពីចម្ងាយ

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ គួរនិយាយរឿង ២។ រឿងទី ១. ខ្ញុំព្រះករុណាខ្ញុំ នៅតែបន្តការអំពាវនាវអោយប្រជាពល​រដ្ឋរបស់យើង មេត្តាអត់ធ្មត់ ហើយយោគយល់ទៅដល់ការលំបាកទៅក្នុងកាលៈទេសៈ នៃធាតុអា​កាស​ប្រែប្រួល។ ដែលមកដល់ពេលនេះ កន្លែងមួយចំនួនខ្វះទឹក កន្លែងមួយចំនួនខ្វះភ្លើង។ ខ្វះទឹក គឺទឹករាំងស្ងួត។ ប៉ុន្តែ មិនទាន់មានព័ត៌មានអំពីការអណ្ដូងដែលវារីងនោះទេ។ ឆ្នាំ ២០១៦ អណ្ដូងរីងស្ទើរតែ ៨០% នៃអណ្ដូងដូងទឹក។ ការជីកអណ្ដូងកាលពីដើម ដង្ហើមទឹក គឺត្រឹមតែ ១០ ម៉ែត្រ ទេទៅដល់។ អញ្ចឹង គឺទឹកអណ្ដូងវាចេញ ប៉ុន្តែ នៅឆ្នាំ ២០១៦ ដង្ហើមទឹកធ្លាក់ទៅដល់ ១២ ម៉ែត្រ អញ្ចឹងធ្វើអោយអណ្ដូងដែលធ្លាប់តែមាន ១០ ម៉ែត្រនេះ គឺវារីង។ ឆ្នាំនោះ យើងជីកបានអណ្ដូងច្រើន។ ឆ្នាំនេះយើងក៏ត្រូវបន្តការជីក​អណ្ដូង។ សូមអោយគ្រប់ទីកន្លែង ទាំងអាជ្ញាធរ ទាំងកាកបាទក្រហម ទាំងសប្បុរសជន ពិនិត្យមើលកន្លែងណាដែល ជីកអណ្ដូងបាន ត្រូវជីកអណ្ដូង ប្រសើរជាងការដឹកទឹកទៅពីចម្ងាយ ដើម្បីជួយដោះស្រាយប្រជាពលរដ្ឋរបស់យើង ទម្រាំនឹងភ្លៀងធ្លាក់។ ឆ្នាំនេះភ្លៀងអាចនឹងអូសបន្លាយ។ ពិតមែនហើយអាភ្លៀងប៉ុន្មានថ្ងៃនេះ កើតកន្លែងនេះ/នោះ គឺជាភ្លៀងក្របខណ្ឌផ្ទៃក្នុង ​មិនទាន់ជាប្រព័ន្ធ។ ពិតមែនហើយ មានប្រព័ន្ធទាក់​ទងពីហ្វីលីពីនមកកាន់កន្លែងរបស់យើងនេះ ដែលកកើតជាសម្ពាធទាប និងជាព្យុះនៅតំបន់ហ្វីលីពីន អាចពាក់ព័ន្ធមកដល់យើងផងដែរ …។

ការរអាល់រអួលក្នុងការផ្គត់ផ្គង់អគ្គិសនី ដោយសារទឹកហួតហែងធ្វើអោយទួប៊ីនអត់ដើរ

ប៉ុន្តែ រឿងធំជាងនេះ គឺដោយសារទឹកវាហួតហែង ធ្វើអោយវារីអគ្គិសនីរបស់យើងទាញទូប៊ីនអត់រួច ដែលត្រូវបិទមួយចំនួន បណ្តាលអោយយើងកំពុងខ្វះអគ្គិសនីរហូតទៅដល់ ៤០០ មេហ្គាវ៉ាត់។ ដូច្នេះហើយបានជាការផ្គត់ផ្គង់អគ្គិសនីរបស់យើងមានការរអាក់រអួល។ កន្លែងខ្លះត្រូវមានការស្នើសុំអោយមានការកាត់ផ្ដាច់ ផ្អាកការផ្គត់ផ្គង់ ដើម្បីទៅផ្គត់ផ្គង់កន្លែងនេះ បន្ទាប់ទៅផ្គត់ផ្គង់អាកន្លែងនោះ។ សុំមេត្តាអត់ធ្មត់ក្នុងស្ថានភាពលំបាក។ កន្លែងណាដែលមានលទ្ធភាព គឺបញ្ចេញម៉ាស៊ីនភ្លើងយកមកប្រើ។ ឥឡូវ ឆ្នាំនេះអោយវាហុយធុំក្លិនបន្តិចក៏វាមិនអីដែរ ដោះស្រាយអោយរួចសិន។ តែបញ្ឆេះម៉ាស៊ីនភ្លាម គឺវាមានផ្សែងហុយ វាធុំក្លិន រួចហើយវាលឺសូរសម្លេង។ ប៉ុន្តែ វាប្រសើរជាងយើងដុតចន្លុះ ​ឬដុះចង្កៀងប្រេងកាត … ឃើញមានគេបង្ហោះហ្វេសប៊ុកថា បើអត់ភ្លើងវាម្យ៉ាងហើយ តែធ្វើម៉េចកុំអោយអត់ថ្មទូរស័ព្ទ។ ឃើញគេបង្ហោះ(ហ្វេសប៊ុក) គេនាំគ្នាយក(ទូរស័ព្ទ)ទៅដាក់មួយដុំ ដើម្បីបញ្ចូលថ្មទូរស័ព្ទម្យ៉ាងដែរ។ អ្នកដែលរកស៊ីបញ្ចូលធុងអាគុយ ច្បាស់ជារកស៊ីត្រូវប៉ាន់ហើយ ព្រោះសម័យនេះ គ្រួសារនីមួយៗច្រើនប្រើអាគុយនៅតាមជនបទ។ អញ្ចឹង អាគុយអាចនឹងជំនួសអោយការប្រើប្រាស់ភ្លើងនៅពេលដែលភ្លើងកាត់ផ្ដាច់។

ខ្ញុំសុំអោយប្រជាពលរដ្ឋរបស់យើង មេត្តាយោគយល់ការលំបាកនេះ។ ឥឡូវនេះ យើងមិនទាន់ទទួលបានព័ត៌មានពីទួគី ដែលមានកប៉ាល់ដាក់ម៉ាស៊ីនភ្លើងលើនឹងហើយស្រេច ក្នុងមួយកប៉ាល់មានប្រមាណ ៦០ មេហ្គាវ៉ាត់ យើងត្រូវការទាញយកនូវកប៉ាល់នេះ។ ប៉ុន្តែ ២ ថ្ងៃមុននេះ ក្រសួងរ៉ែ និងថាមពល ស្នើសុំថាត្រូវការរយៈពេល ២ ថ្ងៃ។ តែយើងក៏មិនទាន់ទទួលបានព័ត៌មានជាក់លាក់។ បើទោះបីជាថ្លៃយ៉ាងម៉េច ក៏យើងអាចយកសិន។ យើងស្នើសុំទៅវៀតណាម ដើម្បីអោយជួយផ្គត់ផ្គង់បន្ថែម លើសពីអ្វីដែលធ្លាប់បានបញ្ជូនមក ២០០ មេហ្គាវ៉ាត់ ប៉ុន្តែ វៀតណាមក៏ជួបប្រទះនូវបញ្ហាដូចយើងដែរ។ វៀតណាមប្រើវារីអគ្គិសនីមិនជាច្រើនទេ ក្រៅតែពីហាណូយ និងតំបន់មួយចំនួន។ គាត់ប្រើធ្យូងថ្មរបស់គាត់ច្រើនជាង។ យើងស្នើសុំទៅថៃៗក៏មានបញ្ហា។ យើងស្នើសុំទៅឡាវៗមានអគ្គិសនី ក៏ប៉ុន្តែ ឡាវត្រូវការពេលវេលាសាងសង់បណ្ដាញបញ្ជូន​។ យើងត្រូវការទាញអគ្គិសនីពីឡាវ ដនសាហុង មកផ្គត់ផ្គង់អោយតំបន់ខាងព្រះវិហារទៅវិញ។

សូមអំពាវនាវអោយមានការសន្សំសំចៃក្នុងការប្រើប្រាស់ទឹក

… នៅតែបន្តអំពាវនាវ ចំពោះប្រជាពលរដ្ឋរបស់យើង អត់ធ្មត់ជាមួយនឹងសភាពការណ៍ដ៏លំបាកនេះ តែវាមិនដល់កម្រិតធ្វើអោយប៉ះពាល់ទៅដល់តំបន់ផលិតកម្ម (គឺ)អត់ទេ។ យ៉ាងណាក៏យើងនៅមានភ្លើងជាង ១ ០០០ មេហ្គាវ៉ាត់ កំពុងប្រើប្រាស់។ សព្វថ្ងៃនេះជាង ១ ០០០ មេហ្គាវ៉ាត់។ ពីមុនវាមានច្រើនជាងហ្នឹង។ ប្រៀបធៀបជាមួយតម្រូវការយើងខ្វះ ៤០០ មេហ្គារវ៉ាត់។ អញ្ចឹងទេ បានជាមានកន្លែងខ្លះ ខិតខំប្រើប្រាស់ ពេលយប់ ដែលគេតម្រូវការតិច គេពន្លត់ភ្លើង … ឧទាហរណ៍៖ បើសិនជាត្រូវការបូមទឹកប្រើប្រាស់អគ្គិសនី ប្រើប្រាស់ការបូមទឹកក្រោយម៉ោង ១២ យប់ … រឿងនេះ មិនមែនជារឿងថ្មីថ្មោង សម្រាប់ប្រទេសនានាទេ។ ឆ្នាំណាមួយនោះនៅទីក្រុងបាងកកប្រទេសថៃ គឺគេកម្រិតតែម្តង។ បើនិយាយពីការប្រើប្រាស់ទឹក គេកម្រិត ថា ត្រូវប្រើតែប៉ុន្មានម៉ែត្រគូបទេ ប៉ុន្មានលីត្រក្នុងម្នាក់។ រួចហើយគេកម្រិតទៀតនៅតាមបណ្តាស្ថាប័ន ហើយនៅតាមកន្លែងនានា អោយបើកម៉ាស៊ីនត្រជាក់ត្រឹមកម្រិតប៉ុន្មានអង្សារ។ ឯយើងនៅទីនេះក៏ត្រូវធ្វើដូចគ្នាដែរ។ តាមស្ថាប័ននានា គឺធ្លាប់បើកដែលទម្លាក់ទៅដល់ ១៦ អង្សារ ឬក៏ ១៨ អង្សារ យើងតម្លើងវាមក ២០ ឬ ២៣ អីទៅ វាក៏បន្ថយក្នុងការប្រើប្រាស់អគ្គិសនីបានខ្លះដែរ។ ទឹកវាទាក់ទងនឹងអគ្គិសនីដែរ បានជាយើងសូមអំពាវនាវអោយមានការសន្សំសំចៃនៅក្នុងការប្រើប្រាស់ទឹក។

ការផលិតអគ្គិសនី ត្រូវធានាដល់សភា ខុសពីការវិនិយោគនានា

… ខ្ញុំព្រះករុណាខ្ញុំបន្តអំពាវនាវអោយប្រជាពលរដ្ឋមានការយោគយល់។ មិនមែនជាគ្រោះមហន្តរាយ ដែលយើងគ្រប់គ្រងមិនបានទេ។ ប៉ុន្តែ នេះគ្រាន់តែជាការស្នើសុំយោគយល់។ យើងបន្តដោះស្រាយ។ អាចមានលទ្ធភាពដោះស្រាយ តាមរយៈប្រើធុងអាគុយ តាមរយៈប្រើម៉ាស៊ីនភ្លើង ដែលយើងមានខ្លួនឯង។ កាលពីមុនយើងធ្លាប់ប្រើហើយតើ។ ហ្នឹងវាជាកត្តាចៃដន្យមួយ។ ឯរឿងសមត្ថភាពនៃការគ្រប់គ្រងរបស់យើង យើងពិតជាមានតម្រូវការបន្ទាន់។ ផែនការរបស់យើងវាយតម្លៃខុស អំពីការអភិវឌ្ឍអគ្គិសនីនោះ។ ដូច្នេះ បានជាមានតម្រូវការពីនេះទៅដល់ឆ្នាំ ២០២១ ត្រូវតែបន្ថែម កម្លាំងភ្លើងដែលខុសពីផែនការដើម។ ផែនការដើម ២០២១-២០២២ បានចាប់ផ្តើមអោយផលិតបន្ថែមទៀត ព្រោះរឿងវិនិយោគលើវិស័យអគ្គិសនីត្រូវតែគិតថា ចុះលោកឯងម៉េចមិនអោយគេផលិតយូរណាស់មកហើយ? អ្នកខ្លះមិនយល់នៅតែមិនយល់មួយជីវិត។ ជួនកាលគេយល់ ក៏ប៉ុន្តែគេឆ្លៀតយកចំណេញទេ។​ អគ្គិសនី កាលណាតែយើងចាប់ផ្តើមអោយគេផលិត អ្នកឯងទិញគេមិនអស់ត្រូវសងលុយ … ហើយធានាការផលិតអគ្គិសនី គឺខុសពីការធានាការវិនិយោគ ដូចជាការវិនិយោគផ្លូវថ្នល់តាមរយៈ BOT ឬក៏ការវិនិយោគដទៃទៀត អត់មានការចាំបាច់ធានាដល់សភាទេ។ ប៉ុន្តែ ការវិនិយោគលើវិស័យអគ្គិសនី ត្រូវធានាដល់សភានីតិបញ្ញត្តិ។ នៅពេលដែលគេផលិត ថាផលិត ២០០ មេហ្គាវ៉ាត់ បើយើងប្រើត្រឹម ៥០ មេហ្គាវ៉ាត់ ក៏យើងត្រូវបង់ថ្លៃអោយគេ ២០០ មេហ្គាវ៉ាត់ដែរ។ អញ្ចឹង បានជាយើងត្រូវរៀបចំផែនការ ឆ្នាំណាត្រូវបញ្ចេញប៉ុន្មានៗ ដើម្បីអោយមានតុល្យភាព រវាងអ្នកប្រើប្រាស់ជាមួយនឹងការផលិតចេញ ចៀសវាងសងប្រាក់គេ។

បច្ចុប្បន្នតម្រូវការអគ្គិសនីមានការកើនឡើងខ្ពស់ហួសពីការរំពឹងទុក

ប៉ុន្តែ ផែនការរបស់យើងនេះបានខុសហើយ។ មូលហេតុគឺដោយក្រុងព្រះសីហនុត្រូវការលើសពី ១០០ មេហ្គាវ៉ាត់បន្ថែម ដូច្នេះ ត្រូវតែដាក់ម៉ាស៊ីនភ្លើងរុញអោយក្រុងព្រះសីហនុ ១០០ មេហ្គាវ៉ាត់បន្ថែម។ សៀមរាបក៏ប្រើលើសការគ្រងទុកជាង ១០០ មេហ្គាវ៉ាត់។ នៅមានកន្លែងដទៃទៀត គឺលើសការគិតគូរពីមុន។ ឥឡូវយើងពិនិត្យមើល នៅទីក្រុងភ្នំពេញដែលកាលពីមុន ធនាគារពិភពលោកវាយតម្លៃថា កំណើនត្រឹមតែ ១២% ទេ ក្នុងមួយឆ្នាំ ប៉ុន្តែ លើការជាក់ស្តែងកើនពី ២៤% ទៅ ៣០% ក្នុងមួយឆ្នាំនៅទីក្រុងភ្នំពេញ។ ឥឡូវ អគារធំៗមួយៗប្រើ ៥ មេហ្គាវ៉ាត់, ១០ មេហ្គាវ៉ាត់ បន្តិចទៀតឡើងមានអា ៦២ ជាន់ នៅក្បែរហ្នឹង បើអា ៦២ ជាន់ វាឡើង គ្រាន់តែអាហ្នឹងមួយវាត្រូវការប៉ុន្មានទៅ?

ឆ្នាំ ២០២៣ ត្រូវសម្រេចអោយបាននូវភូមិទាំងអស់មានភ្លើងប្រើប្រាស់

យើងត្រូវពង្រាយបណ្តាញ ដែលមកដល់ពេលនេះមាន ៨៣-៨៥% នៃចំនួនភូមិដែលមានភ្លើងទៅដល់ និងប្រើ​ប្រាស់ហើយ។ យើងត្រូវរុញបណ្តាញភ្លើងបន្តទៅទៀត។ រុញបណ្តាញចែកចាយហ្នឹងអោយដល់គ្រប់ភូមិទាំងអស់។ នៅក្នុងឆ្នាំ ២០២៣ ត្រូវសម្រេចអោយ(បាននូវ)ភូមិទាំងអស់មានភ្លើងប្រើប្រាស់។ នៅពេលដែលភូមិទៅដល់ ប្រជាពលរដ្ឋរបស់យើងទទួលបានភ្លើង ក៏ប៉ុន្តែ ភ្លើងក៏ត្រូវតែផលិតអោយទាន់តម្រូវការនោះដែរ។ អញ្ចឹងទេ ឆ្នាំនេះយើងទម្លាក់ថ្លៃអគ្គិសនី ក្នុងពេលហ្នឹងក៏វាខ្វះអគ្គិសនី។ ប៉ុន្តែ ខ្វះអគ្គិសនីដោយសារគ្រោះធម្មជាតិ ដែលបានកើតឡើង សម្រាប់ភាពហួតហែងនៅប្រទេសយើងផង និងនៅតាមប្រទេសនានាផង។

ប្រាក់អតីតភាពការងារច្បាប់កំណត់អោយ ៦ ខែ បើកម្តង មិនអាចបើកផ្តាច់បានទេ

ឯមួយទៀតដែលខ្ញុំចង់និយាយ ខ្ញុំអត់ដេកនៅទីនេះទេ ខ្ញុំដេកនៅកន្លែងផ្សេង។ អម្បាញ់មិញ នៅមុខផ្ទះខ្ញុំឃើញកម្មករប្រហែលជា ១០០ នាក់ មកទីហ្នឹង។ បានខ្ញុំសួរ ឯកឧត្តម អ៊ិត សំហេង ថាគេមកធ្វើអី? មានរឿងអីបានក្រសួងការងារមិនដោះស្រាយ? បងប្អូនកូនក្មួយអើយ! ពូបាននិយាយរឿងនេះហើយ។ ពូបានជួបកម្មកររាល់ខែ រាល់អាទិត្យ។ អាទិត្យមុនទៅជួបនៅកោះកុង អាទិត្យនេះ ទៅជួបនៅឯពោធិ៍សាត់។ ពូបាននិយាយហើយ មិនអាចដោះស្រាយបាន អំពីបញ្ហាប្រាក់អតីតភាពបើកម្តងនោះទេ។ ពូបាននិយាយហើយ បានអង្វរកក្មួយៗហើយ។ ឥឡូវ នៅសល់ប្រហែល ១០០ នាក់ ដែលកាលពីមុនមនុស្សរាប់ពាន់នាក់ទាមទារបើកប្រាក់អតីតភាពនេះ។ បើកតែម្តង។ ផ្តាច់តែម្តង។ ក្នុងពេលដែលច្បាប់យើងបានកំណត់ថា ៦ ខែ បើកម្តង។ អញ្ចឹង បើឥឡូវដោះស្រាយអោយក្មួយៗជាង ១០០ នាក់នេះ តើវានឹងវិលត្រឡប់ទៅដោះស្រាយទាំងអស់? អញ្ចឹងទេ ថៅកែរោងចក្រទាំងអស់ ប្រហែលជាចេញប្រាក់ប្រមាណជា ២ ០០០ លានដុល្លារ(អាមេរិក)ក្នុងមួយព្រឹប។ វាទៅរួចទេ? វារលំរោងចក្រទេ?

សុំលោក អាត់ ធន់ និងសមាជិក/ជិកា កុំទាមទារខុសច្បាប់

ខ្ញុំសុំអំពាវនាវចំពោះ លោក អាត់ ធន់ សុំអោយសមាជិក/ជិការបស់ខ្លួន មានការយោគយល់ពីបញ្ហានេះ ហើយបន្តទទួលយកទៅតាមច្បាប់ ដែលបានកំណត់។ កំពុងទាមទារខុសច្បាប់ គឺមិនអាចដោះស្រាយជូនបានទេ ព្រោះបើសិនជាដោះស្រាយបាន គេដោះស្រាយហើយ គេមិនចាំបាច់អោយយើងធ្វើបាតុកម្មទេ? ប៉ុន្តែ ដោយសារតែរឿងយើងគិតគូរសព្វគ្រប់ហើយថា បើសិនជាចេញមួយព្រឹប ប្រមាណជា ២ ០០០ លានដុល្លារអាមេរិក ឯណោះ។ ប្រាក់យើងវាមិនបាត់ទៅណាទេ។ មុននេះអត់ទាំងមានការទូទាត់ផង។ ថៅកែរោងចក្ររត់ចោល រាជរដ្ឋាភិបាលត្រូវបង់ខាតអស់ ២២ លានដុល្លារ(អាមេរិក) ដើម្បីយកអាប្រាក់ហ្នឹងទៅបើកអោយកម្មករ។ ក្រោយមកយើងឃើញថា បើយើងទុកបណ្តោយរឿងនេះតទៅទៀត រាជរដ្ឋាភិបាល គឺជាជនរងគ្រោះ ក្នុងការផ្តល់ប្រាក់ទូទាត់អោយទៅកម្មករជំនួសថៅកែរោងចក្ររត់ចោល។ អញ្ចឹង បានយើងធ្វើវិសោធនកម្មច្បាប់អោយធ្វើការទូរទាត់ ៦ ខែម្តង។ ប៉ុន្តែ ក្មួយៗមួយចំនួនបានឈានទៅហួស ទារអោយទូទាត់ផ្តាច់ ខុសពីច្បាប់តែម្តង។

សូមកម្មករ/ការិនី កុំជឿតាមការញុះញង់របស់មេសហជីព

សុំក្មួយៗមេត្តាយោគយល់។ ដកថយចេញពីមេសហជីព ប្រសិនបើមេសហជីពញុះញង់អោយធ្វើរឿងនេះ។ កាលពីមុនរោងចក្រមួយនោះ  ២ ០០០ នាក់ ឥឡូវ នៅសល់តែ ១០០ នាក់ទេ។ ប៉ុន្មានទៀតគេ ចូលទៅធ្វើការងារអស់ទៅវិញហើយ។ គេព្រមទទួលនូវការពន្យល់ហើយ។ ប៉ុន្តែ នៅសល់ ១០០ នាក់ … ហើយបើទោះបីពូទៅជួប ក៏ពូមិនអាចដោះស្រាយបានខុសពីច្បាប់ដែរ។ ហើយបើដោះស្រាយរបៀបនោះ វាត្រូវដោះស្រាយអោយកម្មករទូទាំងប្រទេស។ អញ្ចឹង ពួកថៅកែត្រូវចេញអស់ថវិកាម្តង សរុបទៅប្រមាណជា ២ ០០០ លាន(ដុល្លារអាមេរិក)។ ដោះស្រាយរួចហើយដើរចេញតែម្តង។ អញ្ចឹង អោយយើងអត់ការងារមួយប្រទេសទៅឬយ៉ាងម៉េច? សុំអង្វរកក្មួយៗអោយមេត្តាយោគយល់អំពីបញ្ហានេះ។ ប្រាក់ក្មួយៗមិនបាត់​បង់ទៅណាទេ។ ប៉ុន្តែ យើងត្រូវធ្វើតាមច្បាប់។

ពូទៅជួបជាមួយកម្មករ/ការិនី មានការយោគយល់គ្នាល្អណាស់។ ប៉ុន្តែ អ្នកដែលមិនព្រមយល់ អាហ្នឹង គឺជារឿងមួយដែលពូសុំអង្វរក។ ជួនកាលលុះទៅដោយការញុះញង់របស់អ្នកដទៃ ដែលធ្វើអោយយើងទាម​ទារខុសច្បាប់។ ឥឡូវ គេកំពុងធ្វើការងារនៅតាមរោងចក្រ យើងរវល់មកធ្វើបាតុកម្ម។ ដល់គេមិនបើកលុយអោយ ចាប់ផ្តើមធ្វើបាតុកម្មទៀត។ អញ្ចឹង គ្រាន់តែដើរធ្វើបាតុកម្មបានលុយដែរ មិនបាច់ចាំធ្វើអីទេ។ អញ្ចឹង ទៅវាមិនរួច។ សង្ឃឹមថា ក្មួយៗជាកម្មករ/ការិនី មេត្តាយោគយល់។ មុននេះ មានរោងចក្រប៉ុន្មានឯណោះ ប៉ុន្តែ ដោយឡែកតែរោងចក្រហ្នឹងមានទៅដល់ ២ ០០០ នាក់ ហើយរោងចក្រហ្នឹង គឺជារោងចក្រដែលបើកប្រាក់ទៀងទាត់ទៅទៀត។ បើគេពិនិត្យមើលអំពីប្រវត្តិរោងចក្រ(ហ្នឹង) បើកប្រាក់ទៀតទាត់។ ប៉ុន្តែ ស្រាប់តែ(កម្មករនៅក្នុង)រោងចក្រនេះ បង្កើតនូវការទាមទារអោយធ្វើការទូរទាត់ប្រាក់អតីតភាពតែម្តងបញ្ចប់ ក្នុងពេលដែលច្បាប់យើងកំណត់ ៦ ខែម្តង។

ទទាយំឆ្លង ត្រយងបងអើយអត់ឆ្លើយ

រឿងនយោបាយអីខ្ញុំអត់និយាយទេ។ គេប្រឹងចាក់ដោត ប៉ុន្តែ ខ្ញុំបាននិយាយហើយ ទទាយំឆ្លង ត្រយ៉ងបងអើយអត់ឆ្លើយ។ មិនបាច់ចាំស្អីទេ សុទ្ធតែថា អោយគណបក្សប្រជាជនមកផ្តួល ហ៊ុន សែន។ ប៉ុន្តែ យ៉ាប់បំផុតត្រង់ថា អានិយាយ/ជេរគេហើយ គេមិនត។ ងាប់ខ្លួនឯងទៅឯណាក៏ងាប់ទៅ ព្រាត់ប្រាស ទៅណាក៏ព្រាត់ប្រាសទៅ …។

ចៅហ្វាយក្រុង/ខណ្ឌ ថ្ងៃក្រោយមិនចាំបាច់មកទេ នៅឯមូលដ្ឋានខ្លួនមានការងារច្រើនត្រូវដោះស្រាយ

ថ្ងៃនេះ ដូចជាសន្និបាតរបស់សាលាក្រុង? ចុះម៉េចក៏មកនៅទីនេះ? ពីថ្ងៃនេះទៅ យកល្អលោកអភិបាលខណ្ឌទាំងឡាយ មិនចាំបាច់មកចូលរួមអង្គុយស្តាប់នៅហ្នឹងទេ។ អស់លោកមានការងារធ្វើហើយ ត្រូវធ្វើនៅខាងក្រៅឯណោះ។ មកអង្គុយស្តាប់ធ្វើអីទៀតនៅហ្នឹងនោះ ឬក៏គេហៅត្រូវតែតម្រូវអោយមកអញ្ចឹង? ក្រុងអីនេះមិនចាំបាច់នេះទេ។ អាចអភិបាលរងមួយមកបានហើយ ឯក្រៅពីនោះ លោកខណ្ឌទាំងឡាយ មានការងារច្រើនណាស់ … ឃួង ស្រេង វាយទៅថា ថ្ងៃហ្នឹងអត់បានមកចូលរួមទេ អោយអភិបាលរងស្រីម្នាក់មកចូលរួម។ បានខ្ញុំវាយត្រឡប់ទៅវិញ អភិបាលរងហ្នឹងក៏ត្រូវចូលរួមសន្និបាតឯណោះ មិនចាំបាច់មកនេះទេ ស្រាប់តែមកដល់លោកខណ្ឌ(នៅទីនេះ)។ ឥឡូវ នាំគ្នាប្រញាប់ចេញទៅ ទៅចូលរួម(សន្និបាតសាលាក្រុង)។

ថ្ងៃក្រោយមិនបាច់មកទេ។ គេចែកសញ្ញាបត្រនៅទីនេះ ខ្លួនឯងទៅធ្វើការ។ ការងារច្រើនណាស់នៅខណ្ឌ រឿងអីកើតឡើងនៅខណ្ឌ? សុទ្ធតែមេខណ្ឌទាំងអស់ មកនាំគ្នាអង្គុយអោយសំពោង? ឯងចុះឡើងៗចេះតែឃើញមុខតែពួកអាហ្នឹង ហើយវាទៅជាភ្ញៀវកិត្តិយសអីនឹងគេដែរ។ វាមកអង្គុយស្តាប់? ឥឡូវ ចាប់ពីនេះទៅលោកខណ្ឌៗមិនបាច់(មកទេ) ទុកកៅអីហ្នឹងអោយនិស្សិតអង្គុយទៅ ព្រោះអង្គុយស្តាប់រាល់តែថ្ងៃ មួយអាទិត្យពីរដងៗ មានពេលឯណាធ្វើការ? អ្នកហៅភ្ញៀវមើលភ្ញៀវផង កុំចេះតែហៅ។ អ្នកអមដំណើរខ្ញុំកុំចាំ​បាច់​ច្រើនពេក តែប៉ុន្មាននាក់ទៅបានហើយ ដើម្បីមានពេលធ្វើការ។ ទីចុងបំផុត មានតែខ្ញុំម្នាក់ហ្នឹងតើនិ​យាយ វាមានអ្នកណាឡើងមកនិយាយ? ឥឡូវ បញ្ជាក់គ្នាថ្ងៃនេះ ចែកសញ្ញាបត្រមិនបាច់អស់លោក(មក)ទេ ចាំដល់ពេលខ្ញុំចុះទៅខណ្ឌអស់លោកៗមានមុខទៅ។ ប៉ុន្តែ នៅពេលខ្ញុំចែកសញ្ញាបត្រ មិនមែនតួនាទីអស់លោកមកអង្គុយស្តាប់ទេ។ អស់លោកមានការងារច្រើនត្រូវធ្វើនៅខាងក្រៅ។ មើលប្រជាពលរដ្ឋ ដោះស្រាយការងារ(ជូន)ប្រជាពលរដ្ឋ។

ពាំនាំ

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំក៏បាននាំមក សម្រាប់ជ័យលាភី ដែលត្រូវទទួលសញ្ញាបត្រ ចំនួន ១ ៧០៩ នាក់ ក្នុងម្នាក់ៗប្រគេន និងជូន(ថវិកា) ៥ ម៉ឺនរៀល។ ជូនសាស្ត្រាចារ្យ និងបុគ្គលិក ចំនួន ៣០៨ នាក់ ក្នុងម្នាក់ៗ(ថវិកា) ១០ ម៉ឺនរៀល។ ជូនវិទ្យាស្ថានខ្មែរជំនាន់ថ្មី (ថវិកា) ៥ លានរៀល។ ជូនវិទ្យាស្ថានជាតិអប់រំ (ថវិកា) ៥ លានរៀល។ ជាមួយនឹងការអបអរសាទរ អំពីវឌ្ឍនភាពវិទ្យាស្ថាន ខ្មែរជំនាន់ថ្មី ក៏ដូចជា អបអរសាទរ ចំពោះជ័យលាភី ដែលទទួលវិញ្ញាបនបត្រ និងសញ្ញាបត្រនៅថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ សូមប្រគេនពរ ចំពោះព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា សូមជួបប្រទះទៅនឹងសេចក្តីសុខ/ចម្រើន ជាមួយនឹងពុទ្ធបរ និងពរទាំងប្រាំប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕