ខ្ញុំព្រះករុណា ខ្ញុំសូមក្រាបថ្វាយបង្គំព្រះមេគុណខេត្តពោធិ៍សាត់ទាំង២គណៈ ព្រះតេជគុណ ព្រះរាជាគណៈព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីគោរពសក្ការៈ!
ឯកឧត្តម លោកជំទាវ, សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា សមាជិក សមាជិកា រាជរដ្ឋាភិបាល,
គណៈអធិបតី ភ្ញៀវកិត្តិយស សីលវន្ត សីលវតី លោកយាយ លោកតា លោកគ្រូ អ្នកគ្រូ
ក្មួយៗសិស្សានុសិស្សទាំងអស់ អ៊ំ ពូ មីង
បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានអញ្ជើញចូលរួមនៅកម្មវិធីថ្ងៃនេះ។ ខ្ញុំមានសេចក្ដីសោមនស្សរីករាយ ដែលបានមកចូលរួមអបអរសាទរ នូវសមិទ្ធផលដ៏ធំធេងមួយនេះគឺព្រះ « ព្រះបទុមចេតិយនៅក្នុងវត្តមណីរតនារាម» ក្រុងពោធិ៍សាត់, ខេត្តពោធិ៍សាត់ នៅថ្ងៃនេះ។
[ផ្ដើមសេចក្ដីអធិប្បាយ១]
(១) សម្ពោធសមិទ្ធផលពុទ្ធសាសនាលើកទី១ តាំងពីរាជរដ្ឋាភិបាលថ្មីបង្កើត
ចូលរួមជាមួយលោកតា លោកយាយ អ៊ំ ពូ មីង បងប្អូនទាំងអស់។ តាមដឹងអញ្ជើញមកពី ២៥ រាជធានី/ខេត្តជុំគ្នា។ ល្ងាចមិញ ឮថាភោជនីយដ្ឋាននៅពោធិ៍សាត់ពេញ សណ្ឋាគារផ្ទះសំណាក់ពេញ។ អញ្ចឹងចូលឆ្នាំលឿនបន្តិចនៅពោធិ៍សាត់។ អម្បាញ់មិញ ចូលមកជួបជាមួយលោកតា លោកយាយ អ៊ំ ពូ មីង អញ្ជើញមកពីខេត្តកំពង់ធំ កំពង់ឆ្នាំងដើម្បីចូលរួម។ តាមពិត នេះដូចជាកម្មវិធីសម្ពោធសមិទ្ធផល ពុទ្ធសាសនាលើកទី១ តាំងពីរាជរដ្ឋាភិបាលបង្កើត។ កាលពីមុនបោះឆ្នោត ខ្ញុំព្រះករុណាខ្ញុំ (នៅ)ប៉ុន្មានឆ្នាំក្រោយមកនេះ ភាគច្រើនគឺជាប់សម្ពោធខាងពុទ្ធសាសនា ដែលឧស្សាហ៍និយាយថាស្នាមស្លាជាប់ថ្ពាល់។ ក្រោយពីបោះឆ្នោតទៅ បានចុះជួបជាមួយហ្នឹងបងប្អូនកម្មករ/ការនី អញ្ចឹងបានក្រែមជាប់ថ្ពាល់ម្ដង។ ថ្ងៃនេះ បានមកជួបលោកតា លោកយាយ ហើយលោកយាយ លោកតា ខ្លះថានៅក្រៅក្មេងហើយស្អាតជាងនៅក្នុងទូរស័ព្ទ។ សូមអរគុណ។ បានប៉ុននេះគឺឡើងកម្លាំងតែម្ដង។ ឆ្ងល់ណាស់កាមេរ៉ាថ្លៃ ធ្វើម៉េចឱ្យចាស់ជាង(នៅខាងក្រៅ)។ មើលសារ៉េថតធ្វើម៉េចឱ្យក្មេងហើយស្អាតជាងរូបនៅខាងក្រៅទៅមើល។ ពេលខ្លះ ឃើញគេបង្ហោះ ដល់គេច្នៃកម្មវិធី edit ទៅ មើលចង់ភ័យខ្លួនឯង ពេលខ្លះមើលដូចអឺរ៉ុបម៉េចទេ។ អរគុណណាស់ចំពោះការជួបជុំ អម្បាញ់មិញគឺបានទទួលការជូនពរ ប្រសិទ្ធពរពីលោកតា លោកយាយ ជាច្រើនហើយក៏អរគុណ សូមប្រគេនពរសម្ដេចព្រះសង្ឃគ្រប់ព្រះអង្គ ក៏ដូចជាលោកតា លោកយាយ អ៊ំ ពូ មីង ទាំងអស់ ឯកឧត្តម លោកជំទាវ ឱ្យទទួលបាននូវសុខភាពល្អ អាយុយឺនយូរ ហើយកាន់តែក្មេងតទៅទៀតដូចគ្នា។
(២) តបស្នងសងគុណអ្នកពោធិសាត់និងទូទាំងប្រទេសដោយការប្ដេជ្ញាចិត្តបម្រើប្រជាពលរដ្ឋនៅគ្រប់កន្លែង
ខ្ញុំក៏សូមឆ្លៀតឱកាសពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ថ្វាយប្រគេនសម្ដេចព្រះសង្ឃគ្រប់ព្រះអង្គ លោកតា លោកយាយ អ៊ំ ពូមីង បងប្អូន ពុទ្ធបរិស័ទទាំងអស់ ដែលបានអញ្ជើញមកទីនេះ ក្មួយៗសិស្សានុសិស្សក្រុងពោធិ៍សាត់ អ្នកពោធិ៍សាត់ និងអ្នកដែលបានចូលរួម។ ផ្ដាំអរគុណចំពោះប្រជាពលរដ្ឋខេត្តពោធិ៍សាត់ ចំពោះការទុកចិត្តនិងជឿជាក់គាំទ្រដល់ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្នុង ៤០ឆ្នាំជាងនេះ ជាពិសេសក្នុងការដឹកនាំអាណត្តិមុនក្រោមការដឹកនាំរបស់សម្ដេចតេជោ ដែលតាមរយៈការបោះឆ្នោតកាលពីកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ គឺខេត្តពោធិ៍សាត់បានលទ្ធផល ជាទីមោទនភាពដែលច្រើនខ្ពស់ទូទាំងខេត្ត។ យើងមាន ៨៧% ដែលអញ្ជើញទៅបោះឆ្នោត ក្នុងនោះ ៩១% ជាង ដែលផ្ដល់ការទុកចិត្តជូនគណបក្សប្រជាជនកម្ពុជា ការដឹកនាំរបស់សម្ដេចតេជោ។ នៅក្រុងពោធិ៍សាត់ផ្ទាល់គឺ ៨៥,៨៨% អញ្ជើញទៅបោះឆ្នោត ៨៧,៧៦% បានឆ្នោតផ្ដល់ការទុកចិត្តឱ្យគណបក្សប្រជាជនបន្តបម្រើដល់លោកតា លោកយាយតទៅទៀត។ អញ្ចឹងជាការអគុណសម្រាប់ការទុកចិត្តនេះ មានតែការប្ដេជ្ញាចិត្តដើម្បីបម្រើប្រជាពលរដ្ឋនៅគ្រប់កន្លែងទាំងអស់ រួមទាំងខេត្តពោធិ៍សាត់យើងតែម្ដង ដើម្បីធ្វើយ៉ាងណាជួយជំរុញប្រទេសជាតិយើង ប្រជាពលរដ្ឋយើង នេះគឺជាការប្ដេជ្ញាចិត្តនិងការតបស្នងសងគុណ។
(៣) សមិទ្ធផលព្រះបទុមចេតិយក្នុងវត្តមណីរតនារាមនឹងចាក់គ្រឹះយូរអង្វែងអភិវឌ្ឍវិស័យពុទ្ធសាសនា
ខ្ញុំក៏សូមអបអរសាទរនូវសមិទ្ធផលថ្មី ដែលដាក់សម្ពោធនៅទីនេះ ហើយក៏សូមធ្វើការកោតសរសើរចំពោះព្រះចៅអធិការគ្រប់ជំនាន់ដែលមានតាំងពីព្រះចៅអធិការជំនាន់១ អតីតភិក្ខុ សាន សុជា និងព្រះចៅអធិការបច្ចុប្បន្ន ព្រះសង្ឃគ្រប់ព្រះអង្គ គណៈកម្មាធិការអាចារ្យវត្ត ពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ ដែលបានចូលរួមខិតខំកសាងនៅទីនេះ។ ខ្ញុំព្រះករុណា ខ្ញុំបានសម្ពោធវត្តច្រើន វត្តខ្លះមានប្រវត្តិជិត ២០០ឆ្នាំ កន្លែងខ្លះក៏មានប្រវត្តិខ្លី ទីកន្លែងខ្លះក្រោម ១០ឆ្នាំ។ នៅទីនេះគឺមានអាយុ ២០ឆ្នាំ ឃើញថាមិនយូរប៉ុន្មាន តែសមិទ្ធផលនៅទីនេះ គឺបានកសាងលឿន និងបានច្រើន ស្ដែងចេញអំពីកម្លាំងសាមគ្គីនិងការចូលរួមទាំងអស់គ្នា។ ខ្ញុំក៏សូមអរគុណដល់បណ្ដាសប្បុរសជនទាំងអស់ ដែលបានចូលរួមកសាងនូវសមិទ្ធផលជាច្រើន ដែលយើងអាចជាមោទនភាពថានៅទីនេះ ចាក់គ្រឹះរយៈពេលយូរអង្វែងសម្រាប់ប្រជាជននៅក្រុងពោធិ៍សាត់ ចូលរួមចំណែកដើម្បីផ្ដល់នូវក្នុងការអភិវឌ្ឍវិស័យពុទ្ធសាសនា ដែលជាធាតុផ្សំសំខាន់សម្រាប់ជាតិរបស់យើង។ ខ្ញុំក៏សូមអរគុណ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរខេត្ត ក្រុង សមត្ថកិច្ចគ្រប់ជំនាញ កងកម្លាំងប្រដាប់អាវុធ ទាំង ៣ប្រភេទ មន្ទីរធម្មការ ដែលចំណែកនៅក្នុងការលើកស្ទួយសកម្មភាពនៅក្នុងវិស័យសាសនា នៅក្នុងខេត្តបានរីកចំរើន។
[ចប់សេចក្ដីអធិប្បាយ១]
ផ្អែកតាមរបាយការណ៍ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់អម្បាញ់មិញនេះ, ខ្ញុំព្រះករុណាខ្ញុំ សូមកោតសរសើរ និង វាយតម្លៃខ្ពស់ជាថ្មីម្ដងទៀតចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និង អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមសហការគ្នាយ៉ាងល្អ ធ្វើឱ្យរដ្ឋបាលខេត្តពោធិ៍សាត់ មានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ ស្របទៅតាមសក្តានុពលនៃភូមិសាស្រ្តខេត្ត, ជាពិសេស ការកើនឡើងគួរឱ្យកត់សម្គាល់នៃសមិទ្ធផលផ្នែកពុទ្ធចក្រតែម្ដង ។ ជាក់ស្តែង, ក្នុងរយៈពេល ៧ ខែដំបូង នៃរាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ដែលបានអនុវត្តគោលនយោបាយអាទិភាពទំាង ៦ ដោយសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ ដែលធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពប្រជាពលរដ្ឋ រួមមាន ១). ការពង្រីករបបសន្តិសុខសង្គម និង មូលនិធិសមធម៌សុខាភិបាល, ២). ការបណ្តុះបណ្តាលវិជ្ជាជីវៈ និង បច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ, ៣). ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះ, ៤). ការជំរុញលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ, ៥). ការរៀបចំយន្តការសម្របសម្រួលហិរញ្ញប្បទានសំដៅលើកស្ទួយផលិតកម្ម និង ៦). ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មក្នុងគ្រប់ឃុំ-សង្កាត់ ។
[ផ្ដើមសេចក្ដីអធិប្បាយ២]
(៤) ជួយបង្កើតការងារ ជួយវិស័យកសិកម្មនិងស្រោចស្រប់ មិនថាតែវិស័យពុទ្ធសាសនាទេ
នេះជាគោលនយោបាយអាទិភាព៦ របស់រាជរដ្ឋាភិបាលថ្មី ដែលត្រូវអនុវត្តដោយខេត្ត/រាជធានីទាំងអស់ រហូតទៅដល់ ស្រុក ឃុំ។ គោលនយោបាយទាំងអស់នេះគឺសំដៅមិនមែនសម្រាប់តែអ្នកនៅភ្នំពេញទេ គឺសំដៅប្រជាពលរដ្ឋនៅគ្រប់កន្លែងទាំងអស់នៅក្នុងមូលដ្ឋានដែលតួអង្គនៅក្នុងប្រតិបត្តិផ្ទាល់គឺ រាជធានី/ខេត្ត ស្រុក/ក្រុង/ខណ្ឌ រហូតដល់ភូមិតែម្ដង។ អញ្ចឹងបានជាការពង្រឹងសមត្ថភាព និងការខិតខំពង្រាយសមិទ្ធផលបន្ថែមនៅខេត្តគឺសំខាន់ណាស់។ នៅទីនេះ ក្នុងរបាយការណ៍អម្បាញ់មិញ ក៏បានបង្ហាញនូវការវិវត្តផ្សេងៗទៀត ការបង្កើតការងារ ការរុញរោងចក្រ ការជួយទៅដល់វិស័យកសិកម្ម ប្រជាពលរដ្ឋកសិករ។ ឆ្នាំនេះយើងធ្វើស្រែប្រាំងលើសផែនការ កន្លងទៅក៏មានការចុះជួយអន្តរាគមន៍ជាច្រើនទៅតាមបណ្ដាខេត្តជាច្រើន ដែលមានការខ្វះខាតទឹករួមទាំងខេត្តពោធិ៍សាត់។ ខ្ញុំសូមអរគុណដល់ក្រសួងធនធានទឹក មន្ទីរធនធានទឹក ក៏ដូចជាអាជ្ញាធរខេត្ត ស្រុក ដែលបានចុះជួយអន្តរាគមន៍ ប្រជាពលរដ្ឋបានច្រើន នេះគឺជាកាតព្វកិច្ចដែលយើងត្រូវធ្វើ កាតព្វកិច្ចដែលយើងត្រូវជួយវិស័យទាំងអស់ មិនថាតែវិស័យពុទ្ធសាសនាទេ។ អ្វីដែលជាតម្រូវការរបស់ប្រជាជនគឺយើងត្រូវធ្វើ គឺធ្វើជាប់ជាប្រចាំ។
(៥) អ្នកពោធិសាត់មានសមត្ថភាពម្ចាស់ការសាងសង់សំណង់និងនិងរចនាចម្លាក់គំនូរ
ពិតណាស់លោកតា លោកយាយ អ៊ំ ពូ មីង បងប្អូន, យើងមិនអាចជប់អ្វីក្នុងមួយថ្ងៃបានទេ យើងមិនអាចធ្វើអ្វី កើនឡើងតែមួយយប់ធ្វើចេញនោះទេ។ សមិទ្ធផលនៅទីនេះ ដែលខ្ញុំថាកសាងបានលឿន នៅក្នុងទូទាំងវត្តតែម្ដង ២០ឆ្នាំជាង ហើយសូម្បីតែសមិទ្ធផលដែលយើងសម្ពោធនៅថ្ងៃនេះ ព្រះបទុមចេតិយ ក៏ត្រូវការចំណាយពេលច្រើននៅក្នុងការធ្វើ/រចនា។ សូមកោតសរសើរ ក៏សួរទៅព្រះចៅអធិការឃើញទឹកដៃល្អ គឺធ្វើដោយអ្នកពោធិ៍សាត់ទាំងអស់ ទាំងសំណង់និងចម្លាក់គំនូរនៅខាងក្នុង។ សូមកោតសរសើរគឺ(ធ្វើ)បានល្អ។ នេះហើយគឺសមត្ថភាពដែលយើងចង់បាន។ ម្ចាស់ការខ្លួនឯង។ ប្រទេសកម្ពុជាចង់បានភាពម្ចាស់ការលើខ្លួនឯង ផលិតនូវសមិទ្ធផលផលិតផលច្រើនដោយកូនខ្មែរ។ ខេត្តពោធិ៍សាត់ក៏ដាក់ទិសដៅដូចគ្នាដើម្បីធ្វើកិច្ចការជាច្រើន ដែលអាចធ្វើទៅបានរួមទាំងសំណង់គំនូរផ្សេងៗ តម្រូវការដោយកូនចៅអ្នកពោធិ៍សាត់បច្ចុប្បន្ននិងទៅអនាគត … ថ្ងៃនេះមាននិស្សិត មានក្មួយៗសិក្សានុសិស្សច្រើន មានលោកគ្រូ អ្នកគ្រូច្រើន ដែលធនធាននៅក្នុងការបណ្ដុះបណ្ដាលនៅទីនេះ។ ពោធិ៍សាត់ក៏បានចែកធនធានមនុស្ស នៅក្នុងជួរថ្នាក់ដឹកនាំគ្រប់វិស័យ កងកម្លាំងប្រដាប់អាវុធ រាជរដ្ឋាភិបាល អង្គការនីតិប្រតិបត្តិ អង្គការនីតិបញ្ញត្តិក្នុងសភា ព្រឹទ្ធសភា និងគ្រប់ស្ថាប័ន ទាំងវិស័យឯកជន អង្គការសង្គមស៊ីវិលក៏មានអ្នកពោធិ៍សាត់ជាច្រើន ដែលមានសមត្ថភាពនៅក្នុងការចូលរួមជាមន្ត្រី ជាថ្នាក់ដឹកនាំ ដែលរួមដើម្បីកសាង។
(៦) ពីប្រទេសធ្លាប់តែមានសង្គ្រាម ទៅជាប្រទេសអភិវឌ្ឍម្ចាស់ការខ្លួនឯង
សមិទ្ធផលដែលយើងខិតខំកសាង កសាងសម្រាប់ប្រជាជននៅក្នុងខេត្តពោធិ៍សាត់នេះ មិនបានផលតែសម្រាប់ប្រជាជននៅក្នុងខេត្តពោធិ៍សាត់ ឬនៅក្រុងពោធិ៍សាត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពង្រាយនៅទូទាំងប្រទេសចូលរួមដើម្បីកសាងនូវសមិទ្ធផល និងសមិទ្ធកម្មផ្សេងៗទៀតសម្រាប់ជាតិខ្មែរយើងទាំងមូល នេះគឺជាគោលដៅដែលយើងត្រូវជំរុញបន្ថែមទៀត។ ជាការកសាងពង្រឹងក្នុងមូលដ្ឋាន តែផលនៅក្នុងសង្គមជាតិខ្មែរយើងទាំងមូល។ ក៏មានអ្នកពោធិ៍សាត់ចេញទៅក្រៅប្រទេសទៅធ្វើការទៅបំពេញភារកិច្ចក្នុងកងរក្សាសន្តិភាព ទៅជួយដល់ប្រទេសក្រៅផ្សេងទៀត។ នៅទូទាំងប្រទេសរបស់យើងជាមោទនភាពណាស់ដែលកូនខ្មែររបស់យើង ពីប្រទេសដែលធ្លាប់តែសង្គ្រាម ទៅជាប្រទេសដែលអភិវឌ្ឍម្ចាស់ការលើខ្លួនឯងគ្រប់សព្វ។ យើងមានសមត្ថភាពកាន់តែរឹងមាំ និងចេញទៅជួយដល់ប្រទេសផ្សេងៗទៀត ក្នុងនោះពោធិ៍សាត់ … ដែលភូមិសាស្ត្រច្រើនណាស់ពីមុនជាអតីតសមរភូមិសង្គ្រាម ឥឡូវទៅជាកន្លែងដែលមានការតភ្ជាប់។ ក្នុងន័យនេះ សូមកោតសសើរនិងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរ ក៏សូមឱ្យខេត្ត ស្រុក/ក្រុង ឃុំ/សង្កត់ ភូមិ មន្ត្រីរបស់យើង និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បន្តការខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋតទៅទៀត ដើម្បីឱ្យកាន់តែរឹងមាំ។ នេះគឺជាអ្វី ដែលជាកាត្វកិច្ចត្រូវធ្វើជាការថ្លែងអំណរគុណតបស្នងសងគុណ ទៅលើការទុកចិត្តដែលប្រជាពលរដ្ឋបានផ្ដល់ឱ្យយើង នេះគឺជាអ្វីដែលយើងត្រូវបន្តធ្វើ។
(៧) កត្តាសន្តិភាព៖ សង្រ្គាមប្រែក្លាយវត្តជាទីតាំងប្រយុទ្ធ សន្តិភាពប្រែទីតាំងប្រយុទ្ធជាកន្លែងកសាងវត្ត
សមិទ្ធផលដែលយើងសម្រេចបាននេះ គឺផ្អែកទៅលើកត្តា ៤ធំៗ។ ទី១ គឺកត្តាសន្តិភាព។ អម្បាញ់មិញ អ៊ំស្រីម្នាក់ថារួមគ្នាថែរក្សាសន្តិភាព អរគុណសន្តិភាព។ ពាក្យនេះប្រហែលជាលឺរហូតដល់អ្នកខ្លះថា លឺច្រើនពេកហើយ លឺច្រើនពេកជាជាងអត់លឺសោះ។ បើសិនជាអត់មានកត្តាសំខាន់មួយនេះទេ ក៏យើងមិនអាចកសាងប្រទេសយើង ហើយប្រជាពលរដ្ឋអង្គុយនៅទីនេះដោយសេចក្តីស្ងប់ចិត្តដែរនោះទេ។ ម៉ោងថ្មើរនេះ អាចព្រួយបារម្ភថាចេញទៅវិញយ៉ាងម៉េច? មកពីតំបន់ឆ្ងាយធ្វើដំណើរយ៉ាងណា? អាចមានការប្រយុទ្ធគ្នាតាមផ្លូវឬទេ? ក្មួយៗ សិស្សានុសិស្សដែលកំពុងរៀននៅទីនេះ ដែលត្រូវជាកូនជាចៅរបស់បងស្រី បងប្រុស អ៊ំពូមីង បងប្អូន ហើយចៅរបស់លោកតា លោកយាយ។ ប្រហែលជាលោកតា លោកយាយ គិតថារៀនឆ្នាំនេះថ្នាក់ទី ៩ ទី ១០ មិនដឹងថាដល់អាយុត្រូវគេចាប់ចូលទ័ពវាយគ្នាឬទេ? តើមានឱកាសតទៅទៀតឬទេ?
អញ្ចឹងសន្តិភាពមានតម្លៃពិតមិនអាចបាត់បានទេ គឺផ្តល់ឱកាសឱ្យយើងរាល់ថ្ងៃនេះ។ មានសង្រ្គាមបានប្រែក្លាយពីវត្តទៅជាទីតាំងប្រយុទ្ធគ្នា។ វត្តច្រើនណាស់ដែលខ្ញុំទៅសួរប្រវត្តិថាកន្លែងហ្នឹងធ្វើអី? វត្តខ្លះជាកន្លែងដាក់ទ័ពវាយគ្នាជំនាន់ឆ្នាំ ១៩៧០ ១៩៧៥។ វត្តខ្លះជាកន្លែងដាក់អ្នករបួស កន្លែងពេទ្យរបស់ទាហានភាគី លន់ នល់ ឬភាពគីរំដោះចូលទៅ។ អញ្ចឹងបើសិនជាមានសង្រ្គាម ទីតាំងវត្តអារាមប្រែក្លាយទៅជាទីតាំងប្រយុទ្ធ ប៉ុន្តែនៅពេលមានសន្តិភាព ទីតាំងប្រយុទ្ធអាចក្លាយទៅជាកន្លែងសម្រាប់កសាងវត្ត។ ខ្ញុំទៅសម្ពោធវត្តនៅភ្នំព្រឹក សម្ពោធវត្តនៅកោះកុង វត្តខ្លះទើបនឹងកកើតក្រោយឆ្នាំ ១៩៩៨ ទេ ហើយសួរទៅកន្លែងទីតាំងហ្នឹងគឺកន្លែងដែលផ្លោងដាក់គ្នាកាលមុន ដល់ពេលឈប់វាយគ្នាទៅឥឡូវអាចដោះមីនកសាងវត្តបាន។ អញ្ចឹងអ្វីដែលជាកត្តាសំខាន់ចាំបាច់គឺទី ១ ត្រូវមានសន្តិភាពជាកត្តាសំខាន់ ដែលយើងអាចកសាងសមិទ្ធផលធំ និងរីកជាច្រើនបាន។
(៨) សេរីភាពសាសនា៖ គ្រប់សាសនាមានសេរីភាពឡើងវិញក្រោយឆ្នាំ ១៩៧៩
កត្តាទី ២ គឺសេរីភាពសាសនា។ បើយើងគ្មានសេរីភាពសាសនាទេ យើងមិនអាចប្រតិបត្តិនៅទីនេះបានទេ។ ជាក់ស្តែងយើងឃើញហើយឆ្នាំ ១៩៧៥ ដល់ ១៩៧៩ អត់មានសេរីភាពសាសនា តើមានអ្នកណាអាចកសាងវត្តបន្ថែម? ឬមួយក៏វត្តអាចប្រតិបត្តិ សូម្បីព្រះសង្ឃក៏អត់មានសិទ្ធិនៅក្នុងការប្រតិបត្តិសាសនាផង។ អញ្ចឹងកត្តាសេរីភាពនេះ គឺសំខាន់ដែលយើងបានយកចិត្តទុកដាក់ និងផ្តល់ឡើងវិញនៅក្រោយឆ្នាំ ១៩៧៩។ គ្រប់សាសនាទាំងអស់មិនមែនតែសាសនាព្រះពុទ្ធទេ ពិតណាស់ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ប្រជាពលរដ្ឋយើងជាង ៩០% ប្រតិបត្តិសាសនា(ព្រះពុទ្ធ) ប៉ុន្តែសាសនាដទៃទៀតក៏មានការគោរពដូចគ្នា សាសនាឥស្លាម សាសនាគ្រិស្ត ជំនឿផ្សេងៗ ដែលយើងមានបានទទួលប្រតិបត្តិជាទូទៅ។
(៩) កត្តាជីវភាព៖ ជីវភាពកាន់តែធូរធា ចែករំលែកកាន់តែបានច្រើន
ទី៣ គឺលទ្ធភាព ដែលកើតចេញអំពីការកើនឡើងនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ អម្បាញ់មិញនៅតាមរបាយការណ៍ គ្រាន់តែបទុមចេតិយនេះអស់ជាង ១លានដុល្លារ។ រាជរដ្ឋាភិបាលអត់មានគ្រោងថវិកាសម្រាប់កសាងវត្ត ឬមួយកសាងវិហារនោះទេ គឺកើតឡើងអំពីការចូលរួមរបស់ពុទ្ធបរិស័ទ និងសប្បុរសជនទាំងអស់។ ខ្ទង់របស់រាជរដ្ឋាភិបាលយើងអត់មានទេ។ អញ្ចឹងការកៀគរបែបនេះ បង្ហាញពីលទ្ធភាពនៃការចូលរួមរបស់ពុទ្ធបរិស័ទរបស់យើង បញ្ជាក់អំពីកម្រិតសមត្ថភាព និងលទ្ធរបស់ប្រជាពលរដ្ឋយើង ពុទ្ធបរិស័ទជិតឆ្ងាយដែលអាចធ្វើបាន។ ដោយសារប្រជាពលរដ្ឋមានលទ្ធភាព មានជីវភាពបានគ្រាន់បើជាងមុនហើយ ដែលអាចចែករំលែកបានច្រើន កាន់តែគេថាធូរជាងមុន កាន់តែចែករំលែកបានច្រើន។ ពីឆ្នាំ ១៩៧៩មក ទស្សវត្សរ៍ឆ្នាំ ៨០ យើងចង់ចែករំលែកយ៉ាងម៉េចក៏មិនបានដែរ ព្រោះយើងរស់តែមួយក្រពះៗនៅពេលនោះ។
លោកតា លោកយាយ អ៊ំពូមីង ខ្លះចេញមកអត់មានគ្រួសារផង ជាស្ត្រីមេម៉ាយ នៅម្នាក់ឯង។ យើងបង្កើតក្រុមសាមគ្គីចែករំលែកមួយ។ លទ្ធភាពឆ្នាំ ១៩៩០ យើងកសាងសមិទ្ធផលមួយចំនួនបានដែរប៉ុន្តែបានតិចតួច។ ឆ្នាំ ២០០០ ជាង ទស្សវត្សរ៍ឥឡូវនេះយើងជួយបានច្រើន។ ពិតណាស់ សេដ្ឋកិច្ចយើងមានឡើងចុះ។ មុនកូវីដ-១៩ យើងរីកលឿន ៧% ក្នុងមួយឆ្នាំ ២ទស្សវត្សរ៍ កូវីដ-១៩ បានវាយប្រហារប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជនយើងច្រើន។ យើងកំពុងស្តារឡើងវិញសេដ្ឋកិច្ច។ យើងក៏កំពុងងើបឡើងវិញ។ ប៉ុន្តែមិនទាន់ដល់កម្រិតមុន។ យើងនៅបន្តតទៅទៀត យើងទទួលស្គាល់។ ប៉ុន្តែប្រជាពលរដ្ឋរបស់យើងជាច្រើនក៏មានលទ្ធភាព បើយើងប្រៀបកាលពី ១០ឆ្នាំមុន ជាពិសេសមុនចប់សង្រ្គាមនោះ។ ដោយសារកត្តាជីវភាពនេះហើយដែលអាចឱ្យយើងជួយចែករំលែកធ្វើបុណ្យដាក់ទានជួយគ្នា។
(១០) កត្តាវប្បធម៌ចែករំលែក៖ “មានលុយអត់ចិត្ត ធ្វើមិនបាន បើមានចិត្តអត់លុយ អាចធ្វើបាន”
កត្តាទី៤ គឺវប្បធម៌នៃការចែករំលែកនេះឯង។ តិចច្រើនយើងជួយគ្នា។ ដែលខ្ញុំនិយាយថាយើងអត់មានថវិកាជាតិសម្រាប់យកមកដើម្បីកសាងវិហារ កសាងហេដ្ឋារចនាសម្ព័ន្ធក្នុងអារាមទេ គឺពឹងទៅលើស្មារតីនៃការចែករំលែកនេះឯង។ បើយើងគ្មានវប្បធម៌ និងទឹកចិត្តនៅក្នុងការចែករំលែក យើងធ្វើអត់បានទេ។ គេថាមានលុយអត់ចិត្តធ្វើអីមិនបានទេ ជាពិសេសរបស់រួម។ បើមានចិត្តអត់លុយ អាចធ្វើបាន។ មានថវិកាតែអត់មានចិត្តដើម្បីចែករំលែក ធ្វើតែរបស់ខ្លួន តែអត់មានជួយអ្នកដទៃ ឬមួយជួយរួមទេ។ ខ្ញុំលើកឧទាហរណ៍មួយ។ ផ្ទះមួយរលំ ខ្យល់កន្ត្រាក់ មានអ្នកមានលទ្ធភាពជិះ(ឡាន) ៥៧០ មកក្បែរ។ តែគាត់ជិះហើយគាត់ទៅ។ អញ្ចឹងផ្ទះហ្នឹងអត់ងើបឡើងវិញទេ។ សម្រាប់ប្រជាជនអ្នកជិតខាងដែលអត់ចំណាយថវិកាមានតែកម្លាំងមានចិត្ត មកជួយលើកផ្ទះហ្នឹងបានឡើងវិញ កសាងឱ្យបាន ជួយគ្នាចែករំលែក។ ខ្ញុំឃើញជាក់ស្តែងនៅតាមប្រព័ន្ធសង្គម ពេលខ្លះប្រជាពលរដ្ឋយើងទាំងក្មេងទាំងចាស់ឃើញអ្នកដែលលំបាក គាត់មានលទ្ធភាពតិចទេ គាត់ជួយអត់បានច្រើន តែគាត់បានជួយផ្សព្វផ្សាយទឹកចិត្ត ជួយថវិកា ខ្លះបាញ់តាម ABA បង្ហោះអីមកជួយចែករំលែក។ នេះហើយទឹកចិត្តនោះ … កន្លងទៅពេទ្យ TYDA ក៏បានទៅជួយប្រជាពលរដ្ឋ យកពីខេត្តឆ្ងាយមកព្យាបាល ដោយសារតាមហ្វេកប៊ុក ការចែករំលកព័ត៌មាន ដោយសារអ្នកដែលមានទឹកចិត្ត។ នេះដែលខ្ញុំនិយាយថាមានចិត្តអត់លុយអាចរួមគ្នាធ្វើបាន តែបើមានលុយអត់ចិត្តដាច់ដោយឡែកតែម្នាក់ឯងធ្វើអី ជាពិសេសមិទ្ធផលរួមដែល ឬការចែករំលែកដល់អ្នកដទៃអត់កើតទេ។ វប្បធម៌នៃការចែករំលែកនេះនៅក្នុងផ្នត់គំនិតរបស់ប្រជាពលរដ្ឋយើងមានធំធេង។
(១១) ថែរក្សាវប្បធម៌ចែករំលែកនៅក្នុងផ្នត់គំនិតកូនចៅរហូតតទៅ
កាលរៀននៅអាមេរិក ខ្ញុំធ្លាប់ជួបជាមួយអ្នកសិក្សាស្រាវជ្រាវមួយ។ គាត់ដើរសិក្សាពីប្រទេសក្រោយសង្រ្គាម(នានា)។ គាត់ថាវប្បធម៌នៃប្រទេសដែលក្រោយពីមានសង្រ្គាម ងើបពីសង្រ្គាម ការចែករំលែកមិនសូវមានទេ ព្រោះម្នាក់ៗព្រួយបារម្ភអំពីអនាគត ដែលធ្លាប់មានការរត់គេច។ អញ្ចឹងត្រូវសន្សំទុកខ្លួនឯងអញ្ចឹងទៅ ក្រែងលោមានអី(កើតឡើងទៀត)។ ប៉ុន្តែដល់គាត់មកដល់កម្ពុជា គាត់ឃើញរៀងប្លែក។ គាត់ជួបខ្ញុំតាំងពីឆ្នាំ ១៩៩០ជាងឯណោះ យើងមិនទាន់ចប់សង្រ្គាមស្រួលបួលផងកាលហ្នឹង។ គាត់ឃើញប្រពៃណីវប្បធម៌នៃការជួយគ្នានេះ គឺមានវត្តមានច្រើននៅក្នុងសហគមន៍របស់យើង។ កាលហ្នឹង កន្លែងដាច់ស្រយាលខ្លះមិនទាន់មានការតភ្ជាប់ស្រួលបួល ប្រជាពលរដ្ឋនៅភូមិជួយគ្នា។ មិនទាន់មានកំណើនសេដ្ឋកិច្ច មានទេសចរណ៍ មានអីទេ។ យើងជួយគ្នាចែករំលែក។ នេះហើយគឺវប្បធម៌ល្អបំផុតដែលត្រូវបន្តថែរក្សានៅក្នុងផ្នត់គំនិតកូនចៅរបស់យើង ហើយជាពិសេសទៅថ្ងៃអនាគត នៅពេលប្រទេសដែលកាន់តែរីកចម្រើន ការសហការជួយគ្នានេះត្រូវតែបន្ត។ ជួយគ្នាថែរក្សា ព្រោះពេលខ្លះ ពេលដែលមានការរីកចម្រើនច្រើន ប្រជាជនបែជាមិនស្គាល់គ្នាទៅវិញ។
នៅប្រទេសមួយចំនួន ហើយនៅកម្ពុជាយើងដូចគ្នាដែរ កន្លែងខ្លះអ្នកផ្ទះជិតគ្នាអត់ស្គាល់គ្នាផង។ កាលពីខ្ញុំនៅក្មេង ផ្ទះមួយៗជាប់គ្នា ជួនកាលអត់មានរបងទេ ព្រោះផ្ទះនៅច្រើន។ ឥឡូវនៅ Condo មួយអគារប្រហែលជារាប់រយផ្ទះនៅរាប់ពាន់នាក់ តែអត់ដែរស្គាល់គ្នាផង អ្នកជិតខាងហ្នឹង ព្រឹកបាត់ ល្ងាចមក។ ទៅជួបគ្នានៅអង្គុយតុមួយ។ ទៅការគេនេះអត់និយាយគ្នាទេ។ មើលហ្វេកប៊ុក។ ជួនកាលនិយាយគ្នាតាមទូរស័ព្ទ។ ទល់មុខគ្នាសោះហ្នឹងឆាតជាមួយគ្នាទៅវិញទៅមក។ មិនមែនថាដោយសារយើងមិនប្រទាក់ក្រឡាគ្នា យើងមិនចេះជួយគ្នា យើងជួយគ្នាដែរ ប៉ុន្តែសហគមន៍និងការប្រទាក់ក្រឡាគ្នា នៅក្នុងអ្នកភូមិផងរបងជាមួយគ្នា វប្បធម៌នៅក្នុងការចែករំលែកនៅក្នុងសហគមន៍នេះ នៅតាមបណ្តាប្រទេសនៃការរីកចម្រើនរបស់យើងអាចថយ។ ត្រូវតែពង្រឹងនូវវប្បធម៌នេះនូវការជួយគ្នាប្រទាក់ក្រឡា។
(១២) ការអប់រំនៃសាសនាធ្វើឱ្យមនុស្សជួយគ្នា គោរពគ្នា ស្រឡាញ់គ្នា យោគយល់គ្នា
ថ្ងៃនេះ ២៥ រាជធានី/ខេត្ត មកជួបជុំគ្នា។ អត់ដឹងថាអ្នកក្រុង អ្នកស្រុក អ្នកភ្ជាប់នេះ ដោយសារអី ប៉ុន្តែមកជាមួយគ្នាគឺបុព្វហេតុតែមួយ អបអរសាទរនូវសមិទ្ធផលនេះ។ នេះក៏មានមូលដ្ឋាននៅក្នុងសាសនាផងដែរ។ ការអប់រំសាសនានេះហើយដែលធ្វើឱ្យមនុស្សជួយគ្នា ឱ្យគោរពគ្នា ឱ្យស្រឡាញ់គ្នា យោគយល់គ្នា។ ការធ្វើអំពើល្អ បុណ្យបាបនេះហើយ ដែលធ្វើឱ្យមនុស្សបានជួយគ្នា ការធ្វើបុណ្យដាក់ទាន ចែករំលែកនេះហើយដែលធ្វើឱ្យយើងរួមគ្នាកសាងសមិទ្ធផលបាន ថែរក្សាស្ថិរភាព សន្តិភាព។ មិត្តភក្តិខ្ញុំម្នាក់នៅខេត្តបន្ទាយមានជ័យ ឥឡូវទៅនៅអាមេរិក។ កាលពីជំនាន់ប៉ុលពត ឪពុកគាត់ជាពេទ្យភូមិ។ ជំនាន់ ប៉ុល ពត គេយកឪពុកទៅវាយចោល។ ដល់បែកឆ្នាំ ១៩៧៩ ភ្លាម អ្នកដែលយកឪពុកគាត់ទៅវាយចោលរស់នៅក្នុងភូមិជាមួយ មិនទៅណាទេ។ កូនបានសួរម្តាយថា “ម៉ែ នោះ! តាមួយដែលយកពុកទៅវាយចោលនៅហ្នឹង ម៉េចយើងមិនទៅសងសឹក”។ ម្តាយគាត់ថាមិនបាច់សងសឹកទេ អ្នកណាធ្វើអំពើអីបានផលហ្នឹង”។ នេះជាការមួយដែលអាចជួយឱ្យប្រជាពលរដ្ឋយើងក្រោយឆ្នាំ ១៩៧៩ មកនេះ មិនមានការសងសឹកគ្នាទៅវិញទៅមក រំងាប់អារម្មណ៍នៅជាមួយគ្នា ថែរក្សាស្ថិរភាព ដោយសារការអប់រំសាសនា។ ទោះបី ប៉ុលពត ខំប្រឹងបិទឆ្នាំ ១៩៧៥ ១៩៧៩ ក៏ដោយ (ការគោរពសាសនាបន្ត)នៅក្នុងអារម្មណ៍របស់ប្រជាពលរដ្ឋតាំងពីក្មេងតែម្តង។
(១៣) តម្លៃអប់រំនៃសាសនាបានចាក់ស្រេះដល់ផ្ទះ ដល់វប្បធម៌ តាំងពីនៅវ័យក្មេង
តម្លៃពិតនៃសាសនា សារៈសំខាន់នៃសាសនាគឺយើងដឹងច្បាស់នៅពេលដែលបាត់វា នៅពេលអវត្តមាននៃសាសនា។ ដូចយើងនិយាយនេះ បើសិនជាអវត្តមាននៃសាសនា តើសង្គមយើងនឹងទៅជាយ៉ាងណា? ឥឡូវការអប់រំរៀនសូត្រ ការបណ្តុះបណ្តាលមានការបណ្តុះបណ្តាលមាន ពុទ្ធិកបឋម កន្លែងខ្លះក៏មានព្រះតេជព្រះគុណ ព្រះសង្ឃនិមន្តទៅទេសនានៅតាមសាលាមួយចំនួន ដើម្បីចែករំលែកនូវការយល់ដឹងទស្សនទាននៅក្នុងធម៌។ តាមពិត ទោះបីខ្ញុំអត់បានចូលរៀននៅវត្ត ក៏ខ្ញុំរៀនពីទ្រឹស្តីសាសនាតាំងពីក្មេង ព្រោះលោកយាយខ្ញុំសុំសីល ហើយនៅផ្ទះគាត់តែងតែប្រដៅខ្ញុំតាំងពីក្មេង កុំបោកគេ កុំភូតគេ កុំធ្វើបាបគេ កុំសម្លាប់សត្វ។ នេះហើយដែលសាសនាចាក់ស្រេះដល់ផ្ទះ ដល់វប្បធម៌ ទៅដល់អ្វីដែលក្មេងៗតាំងពីតូចមក។ អវត្តមាននៃសាសនាពីឆ្នាំ ១៩៧៥ ១៩៧៩ ធ្វើឱ្យយើងរលាយ។ យើងមានសង្រ្គាម ៥០០ឆ្នាំ ប៉ុន្តែដែលងងឹតបំផុតគឺ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ដែលសាសនាត្រូវបានគេបិទចោល។ អញ្ចឹងគឺថាកាប់សម្លាប់មនុស្ស ធ្វើបាបដោយមិនមានការខ្លាចរអែង …។
(១៤) គ្រប់សាសនាអប់រំមនុស្សឱ្យចេះរស់ក្នុងសង្គម ធ្វើអំពើល្អ ជឿទុកចិត្តលើខ្លួនឯង
នៅក្នុងសម័យប្រទេសអភិវឌ្ឍកាន់តែទំនើបនេះ សាសនាកាន់តែដើរតួនាទីសំខាន់។ លោកតា លោកយាយអ៊ំពូមីង បងប្អូន ខ្ញុំធ្លាប់លឺថាបងប្អូនប្រជាពលរដ្ឋខ្លះថា សាសនាអបិយជំនឿអត់ត្រូវជាមួយវិទ្យាសាស្ត្រទេ។ លោកតា លោកយាយអ៊ំពូមីង ព្រះសង្ឃគ្រប់ព្រះអង្គ កាលខ្ញុំនៅរៀនឯអាមេរិកនៅបារាំង និងនៅអង់គ្លេស ប្រទេសនេះបើយើងនិយាយតាមវិទ្យាសាស្ត្រគឺដើរលឿនណាស់។ ប៉ុន្តែប្រជាពលរដ្ឋទាំងអស់មិនមែនអត់ជឿសាសានាទេ … ឱ្យតែថ្ងៃអាទិត្យប្រជាពលរដ្ឋទៅពេញវិហារ ដើម្បីទទួលការអប់រំសាសនា។ ខ្ញុំសួរមិត្តភក្តិម្នាក់ស្នាក់រួមបន្ទប់ជាមួយគ្នាថា តើឆ្នាំទី៤ (ចុងក្រោយ)នេះ គាត់រើសយកជំនាញអី? គាត់ថាចាំព្រះជាម្ចាស់ប្រាប់គាត់។ គាត់មានជំនឿ។ គ្រប់សាសនាទាំងអស់បង្រៀនមនុស្សឱ្យចេះរស់នៅក្នុងសង្គម ជឿធ្វើអំពើល្អ និងជឿទុកចិត្តលើខ្លួនឯង។ ពិតណាស់មានព្រះ ប៉ុន្តែអ្វីដែលព្រះបង្ហាត់បង្រៀន ខណៈដែលព្រះសម្មាសម្ពុទ្ធមានទ្រឹស្តីនៃការអនុវត្តជីវិតការគោរពគ្នាទៅវិញមក ខំប្រឹងធ្វើល្អដើម្បីសង្គម។ នេះហើយគឺជាអ្វីដែលប្រជាពលរដ្ឋនៅគ្រប់ប្រទេស ជាពិសេសក្នុងដំណាក់កាលទំនើបកម្មត្រូវការចាំបាច់។ ហេតុអី? ធនធានមនុស្សសំខាន់ណាស់ … ជាកត្តាកំណត់នៃបរិស្ថាន នៃការរីកចម្រើនរបស់ប្រទេស។ ប្រទេសដែលមានជីវភាពធូរធារ សេដ្ឋកិច្ចខ្ពស់ មិនប្រាកដថាមានសេចក្ដីសុខនោះទេ បើសិនជាគ្មានការអប់រំ សីលធម៌ គុណធម៌ច្បាស់លាស់ …។
(១៥) ទោះមានការអភិវឌ្ឍច្រើនកម្រិតណា ការអប់រំខាងសាសនានិងសីលធម៌ នៅតែសំខាន់សំរាប់សុខដុមភាវូបនីយកម្មសង្គម
ធ្លាប់មានការសិក្សាមួយនៅប្រទេសមួយនោះ រវាងសេចក្ដីសុខនិងសេចក្ដីសប្បាយរបស់ភូមិមួយ។ ពេលដែលមិនមានការអភិវឌ្ឍសេដ្ឋកិច្ច តើស្ថានភាពមួយណាសប្បាយជាង? ពេលដែលកន្លែងហ្នឹងមិនទាន់បើក ប្រជាពលរដ្ឋនៅភូមិហ្នឹងទៅរកត្រីរកអីបានមកចែកគ្នា។ មានអីនិយាយគ្នាជួយគ្នា។ ដល់ពេលរដ្ឋអភិវឌ្ឍន៍តំបន់ទេសចរណ៍ ពេលហ្នឹង គឺចាប់ផ្ដើមមានបង្កើតជាផ្ទះសំណាក់ បង្កើតជាហាង ចាប់ផ្ដើមប្រកួតប្រជែងគ្នា។ ពេលហ្នឹងទំនាស់ចាប់ផ្ដើមកើត។ ធ្លាប់ជាមិត្ត ឥឡូវប្រកួតគ្នា លែងយោគយល់គ្នា។ ជីវភាព ចំណូលម្នាក់ៗ គាត់បានច្រើនជាងមុនហើយ ប៉ុន្តែឥឡូវចាប់ផ្ដើម(មានទំនាស់) សូម្បីតែកន្លែងខ្លះ បងប្អូនគ្នាបង្កើត ចាប់ផ្ដើមឈ្លោះគ្នា បើកហាងកុងគ្នា។ អញ្ចឹងគេសួរថា តើសេចក្ដីសុខ សេចក្ដីសប្បាយ ពេលមុនសេដ្ឋកិច្ចចូលមកដល់ ហើយនិងការអភិវឌ្ឍសេដ្ឋកិច្ចនៅភូមិមួយហ្នឹង មួយណាល្អជាង? ពីមុនមិនសូវសម្បូរមែន ប៉ុន្តែស្រលាញ់គ្នា ឥឡូវសម្បូរ ចាប់ផ្ដើមបែកគ្នា។ ហ្នឹងដូចចម្រៀងពីមុន “កាលនៅក្រីក្រ ស្រីល្អនៅទីណា” ខ្ញុំនិយាយរឿងផ្សេងទេ ព្រះអង្គសូម(អភ័យទោស) … ប្រទេសយើងរីកចម្រើនក្ដី កាន់តែរីកចម្រើន ទាមទារនូវតម្លៃក្នុងខ្លួន កុំឱ្យយើងបែកបាក់នូវការសាមគ្គីគ្នា ដែលខ្ញុំនិយាយ ការចែករំលែក ការស្រលាញ់គ្នា និងគោរពគ្នា ប្រកួតប្រជែងទ្រព្យសម្បត្តិ សំភារៈមានហើយ ប៉ុន្តែកុំឱ្យបាត់នូវតម្លៃ ការស្រលាញ់គ្នា … អញ្ចឹងបានថា ប្រទេសអភិវឌ្ឍន៍ជាច្រើន អភិវឌ្ឍន៍ដល់កម្រិតណា វិទ្យាសាស្រ្តឡើងដល់ឋានព្រះច័ន្ទក៏ដោយ ប៉ុន្តែការអប់រំសាសនា និងការអប់រំសីលធម៌ នៅជាមួយគ្នា នៅស្រលាញ់គ្នា ធានាឱ្យបាននូវ គេថា សុខដុមនីយកម្មនៃសង្គម ប្រជាពលរដ្ឋស្រលាញ់គ្នា។
(១៦) ទ្រឹស្ដី soft skills របស់លោកខាងលិច មិនខុសពីការអប់រំជីវិតក្នុងពុទ្ធសាសនា
ហ្នឹងហើយ ការដើរតួនាទីសំខាន់របស់សាសនាក្នុងការអប់រំបណ្ដុះបណ្ដាល។ កន្លងទៅ ក៏មានការអប់រំខ្លះនៅក្នុងសាលា ដែលយកសាសនាចូល (ជា)ធាតុមួយចំនួន។ បើក្មួយៗ សិស្សានុសិស្សនៅក្នុងសាសនិកឥស្លាម គាត់រៀននៅសាលារដ្ឋហើយ តែមានម៉ោងត្រូវរៀនដាច់ដោយឡែក (…) ក្រសួងអប់រំក៏បានគិតគូរការបញ្ចូល ប៉ុន្តែទ្រឹស្ដីនៃការរៀនមួយចំនួន ដែលទោះបីមិននៅក្នុងសាសនាចំក៏ដោយ ក៏បានយកធាតុផ្សំដូចខ្ញុំនិយាយអញ្ចឹង សូម្បីតែយាយរបស់ខ្ញុំ ប្រដៅចៅហ្នឹង ក៏យកពីធម៌ទៅដែរ។ អញ្ចឹងការអប់រំ ដែលយើងហៅថា ថ្នាក់រៀនខាង soft skill អីនោះ ខ្ញុំមើលទ្រឹស្ដីដែលយកពីសៀវភៅទ្រឹស្ដីរបស់លោកខាងលិចមួយចំនួនមក គឺមិនខុសពីការអប់រំបណ្ដុះបណ្ដាលក្នុងពុទ្ធសាសនារបស់យើង គឺជាទ្រឹស្ដីនៃជីវិត។ អញ្ចឹងដំណើរការនេះ គឺកាន់តែសំខាន់ ត្រូវតែថែរក្សា និងអភិវឌ្ឍន៍។ អញ្ចឹងហើយបានជានៅក្នុងព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលបើកសិទ្ធិសេរីភាព និងជំរុញការអភិវឌ្ឍគ្រប់សាសនាទាំងអស់។ ក្នុងសាសនាព្រះពុទ្ធនេះ បើយើងមើលតាំងពីចាប់ផ្ដើមបើកឡើងវិញនៅឆ្នាំ ១៩៧៩ មានវត្តតែមួយទេដែលបើកដំណើរការ ហើយមានព្រះតេជព្រះគុណតែ ៧អង្គ ដែលចាប់ផ្ដើមកសាង ដើម្បំជំរុញការអភិវឌ្ឍឡើងវិញ។ ឥឡូវយើងមានជាង ៥ពាន់វត្ត ហើយមានជា ៧ម៉ឺនអង្គ កំពុងចូលរួមពង្រឹងសាសនាដោយផ្ទាល់ និងដោយប្រយោល តាមរយៈការចែករំលែក។
(១៧) សាសនាជាប្រភពគុណតម្លៃសង្គម ផ្សារភ្ជាប់សកម្មភាពមនុស្សទៅនឹងវប្បធម៌ ប្រពៃណី ទំនៀមទំលាប់
ឥឡូវជាសម័យបច្ចេកវិទ្យា។ ព្រះតេជព្រះគុណ ព្រះអង្គគ្រប់ព្រះអង្គបានប្រើប្រាស់បច្ចេកវិទ្យាកាន់តែទំនើបនេះ។ កាលមុន នៅក្រុងពោធិ៍សាត់ ទាល់តែពុទ្ធបរិស័ទនិមន្តព្រះអង្គទៅភ្នំពេញ ទៅអូស្រ្ដាលី ឬមួយក៏នៅទីណា បានពុទ្ធបរិស័ទនៅទីនោះអាចទទួលបាន ឬមួយពុទ្ធបរិស័ទធ្វើដំណើរមកទីនេះ ប៉ុន្តែឥឡូវ ព្រះតេជព្រះគុណអាចទេសនា ហើយដាក់នៅតាមហ្វេសប៊ុក ចែករំលែក។ ខ្ញុំគិតថា ព្រះតេជព្រះគុណ ព្រះអង្គគង់នៅលើ ប្រហែលអាចមានហ្វេសប៊ុកគ្រប់ព្រះអង្គហើយ។ ជួនកាល នៅលើហ្វេសប៊ុកខ្ញុំហ្នឹង មានព្រះតេជព្រះគុណខ្លះចូលមកខម្មិន កន្លែងខ្លះក៏បិណ្ឌបាតតាមហ្វេសប៊ុក។ ខ្ញុំព្រះករុណាខ្ញុំ ក៏ប្រគេនចម្លើយតាមហ្វេសប៊ុក ប៉ុន្តែសំភារៈប្រគេនផ្ទាល់។ ចែករំលែក។ ឥឡូវ បើសិនជាជួបជាមួយនឹងព្រះតេជព្រះគុណ ជាពិសេសសម្ដេចសង្ឃ គឺពេលកម្មវិធីរបស់ព្រះអង្គ មមាញឹកជាងនាយករដ្ឋមន្រ្តីទៀត។ កម្មវិធីជួនកាល និមន្តព្រះអង្គ ៣ខែមុន និមន្តមិនបានទៀត ព្រោះជាប់រហូត ដោយសារពុទ្ធបរិស័ទនិមន្ត។
កាលមុនថា ទាល់តែជិះឡានទៅដល់ អញ្ចឹងនិមន្តមិនសូវបាន ឥឡូវនិមន្តតាមហ្វេសប៊ុក តាមទូរស័ព្ទ គឺបាន។ កម្មវិធីចង្អៀត។ អញ្ចឹងការធានានិងលើកកម្ពស់សាសនានេះ សំខាន់សម្រាប់ជាតិ សម្រាប់ប្រទេសរបស់យើង ហើយជាពិសេសក្នុងដំណាក់កាលកាន់តែល្អ។ សាសនាក៏ជាប្រភពគុណតម្លៃសម្រាប់សង្គម ហើយផ្សារភ្ជាប់ជាមួយនឹងសកម្មភាពមនុស្សទៅនឹងវប្បធម៌ ប្រពៃណី ទំនៀមទំលាប់ មនសិការ ផ្នត់គំនិត ឥរិយាបថមនុស្សនៅក្នុងសង្គម។ ទំនាក់ទំនងរវាងសាសនានិងវប្បធម៌ មានការចាក់ស្រេះយូរណាស់មកហើយ។ ឥទិ្ធពលនៅក្នុងការកសាងនូវសមិទ្ធផលនៅក្នុង ដែលថាជាបេតិកភណ្ឌ ឬមួយសម្បត្តិវប្បធម៌ យើងមានឥទ្ធិពលពីសាសនា។ ជាក់ស្ដែង វត្តនៅទីនេះ គឺមានឥទ្ធិពលពីព្រះពុទ្ធសាសនា។ ប្រាង្គប្រាសាទរបស់យើង ឥទ្ធិពលពីព្រហ្មញសាសនា។ សូម្បីតែសំលៀកបំពាក់ប្រពៃណីរបស់យើងក៏មានឥទ្ធិពលពីសាសនាដែរ។ អញ្ចឹងសាសនាមានឥទ្ធិពលជាប់សំខាន់ អញ្ចឹងសាសនានិងវប្បធម៌ គឺសំខាន់។
(១៨) ការរក្សាវប្បធម៌ ប្រពៃណី មានធាតុផ្សំពីសាសនា
ឥឡូវនិយាយពីវប្បធម៌។ ខ្ញុំនិយាយបន្ដិច។ តិចទៀតជិតដល់ចូលឆ្នាំខ្មែរហើយ។ អម្បាញ់មិញ លោកយាយសួរថា ទៅបុណ្យនៅកន្លែងណា? លោកយាយថា មកលេងនៅវត្ត។ ឥឡូវមានកន្លែងខ្លះបានត្រៀមរៀបចំរួចហើយ។ ខ្ញុំឃើញនៅ(ពេល)ចូលឆ្នាំម្ដងៗ តាមវត្ត ញីកែងជើង មិនតិចដែរទេ រាំសប្បាយ។ (វត្តជា)កន្លែងជួបជុំគ្នា ទាំងបុណ្យ។ ល្បែងប្រពៃណី បោះអង្គញ់ ចោលឈូង។ ថ្ងៃមុន កូនតូចរបស់ខ្ញុំ មកពីរៀន មកដល់ “ប៉ាៗ ទាញព្រាត់។ ឱ្យប៉ាៗម្ខាង កូនជាមួយនឹងប៉ាៗ ទាញជាមួយនឹងលោកតា”។ គាត់ជិះឡានមកពីរៀន គាត់មើល YouTube ទៅឃើញគេទាញព្រាត់ (ដែល)យើងដាក់ការប្រកួតទាញព្រាត់នៅអង្គរសង្រ្កាន្ត ហើយនៅតាមភូមិឃុំ។ អញ្ចឹងការរក្សាវប្បធម៌ ប្រពៃណីនេះ គឺសំខាន់ណាស់ ដែលមានធាតុផ្សំពីសាសនា។ ថ្មីៗនេះ មានការបារម្ភ រឿងដែលប្រជាពលរដ្ឋយើងជាច្រើនបានចូលខម្មិន និងចែករំលែកចុះឡើងនៅតាមហ្វេសប៊ុក រឿងសង្រ្កាន្តឆ្នាំ។
(១៩) រឿងការពារសម្បត្តិវប្បធម៌ ជាអាទិភាពធំរបស់រាជរដ្ឋាភិបាលកម្ពុជា
មានបងប្អូនខ្លះថា តិចទៀត យើងធ្វើសង្រ្កាន្តនៅស្រុកខ្មែរលែងបានហើយ ព្រោះប្រទេសជិតខាងយកពាក្យហ្នឹងជាកម្មសិទ្ធិបាត់ទៅហើយ។ ព្រួយបារម្ភ។ មានបងប្អូនខ្លះ រហូតទៅដល់ថា បន្ទោសក្រសួង ដេកបាត់ហើយ។ រឿងការព្រួយបារម្ភនេះ ជាការត្រឹមត្រូវ ខ្ញុំមិនបន្ទោសបងប្អូនទេ អ្នកណាក៏ព្រួយបារម្ភ តែបើយើងធ្វើចូលឆ្នាំរាល់ឆ្នាំ ស្រាប់តែគិតថា លែងធ្វើចូលឆ្នាំបានហើយ មិនចប់។ អត់មានខុសទេ។ បងប្អូនដែលមានទស្សនៈខុសគ្នា បញ្ចេញ(មតិ)តាមហ្វេសប៊ុកបែកផ្កាភ្លើង។ មានបងប្អូនខ្លះផ្សព្វផ្សាយ(លើស)បន្ថែមទៀត។ លោកតាលោកយាយនៅទីនេះ ប្រហែលជាអាចឮដែរថា យើងធ្វើសង្រ្កាន្តនៅកម្ពុជាលែងបានហើយ ដោយសារប្រទេសថៃបានចុះសង្ក្រាន្តក្នុងបញ្ជីបេតិកភណ្ឌអរូបីរបស់គាត់ជាមួយនឹងយូណេស្កូ។ លោកតាលោកយាយ អ៊ំពូមីង បងប្អូន ការព្រួយបារម្ភជាការត្រឹមត្រូវ ប៉ុន្តែកន្លងទៅ មានការផ្ដល់ព័ត៌មានខ្លះដែលមិនគ្រប់ជ្រុងជ្រោយ ធ្វើឱ្យប្រជាពលរដ្ឋយើងមួយចំនួនមានការភាន់ច្រឡំ។ ខ្ញុំសូមអរគុណដល់ក្រសួងវប្បធម៌ វិចិត្រសិល្បៈ ដែលបានចេញមកបំភ្លឺលើកិច្ចការងារនេះ។ ថ្ងៃនេះ ខ្ញុំក៏សូមយកឱកាសនេះ ដើម្បីបញ្ជាក់ថា កុំព្រួយបារម្ភ ព្រោះរឿងការពារសម្បត្តិវប្បធម៌ គឺជាអាទិភាពធំណាស់របស់រាជរដ្ឋាភិបាលកម្ពុជារាប់អាណត្តិមកហើយ។ យើងមិនមែនមិនបានចូលឆ្នាំទេ មិនមែនដល់ទេវតាចុះ អញ្ចឹងបានន័យថា យើងដកសិទ្ធិទេវតាមិនឱ្យចុះកម្ពុជាទេ។ យើងមិនអាចដកបានទេ ព្រោះអាហ្នឹងប្រពៃណីយើងតាំងពីដើមមក។
(២០) រុញការប្រារព្ធសង្ក្រាន្តនិងល្បែងប្រជាប្រិយឱ្យដល់មូលដ្ឋាន និងឱ្យកាន់តែសប្បាយ
អញ្ចឹងលោកតាលោកយាយ អ៊ំពូមីង បងប្អូន ប្រជាពលរដ្ឋដែលនៅទីនេះ ទាំងអ្នកមើលតាមទូរទស្សន៍(និងការផ្សាយបន្តផ្ទាល់នានា) ក្រសួងវប្បធម៌បានចេញបំភ្លឺហើយ មានការចែករំលែកហើយ អាចបងប្អូនខ្លះនៅមិនទាន់បានទទួលព័ត៌មាន នៅព្រួយបារម្ភ។ សូមអះអាងថា កុំព្រួយ។ រឿងប្រារព្ធពិធីចូលឆ្នាំថ្មីនៅកម្ពុជា រឿងសង្រ្កាន្តនៅកម្ពុជាយើងនេះ យើងប្រើពាក្យនេះ មាននៅក្នុងបាលីសំស្រ្កឹត ដែលប្រទេសច្រើនប្រើ។ កម្ពុជាក៏ប្រើ ថៃក៏ប្រើ ឡាវក៏ប្រើដែរ។ មិនមែនបានន័យថា ប្រទេសថៃគាត់ចុះសង្រ្កាន្តនៅថៃ ធ្វើឱ្យកម្ពុជាឈប់មានសិទ្ធិប្រើប្រាស់ពាក្យសង្រ្កាន្ត ឬមួយក៏ឡាវឈប់មានប្រើនោះទេ។ មានសិទ្ធិដូចគ្នា។ មិនមានអ្វីប៉ះពាល់នោះទេ ហើយក៏មិនប៉ះពាល់ទៅដល់សិទ្ធិកម្ពុជានៅក្នុងការចុះបេតិកភណ្ឌអរូបីនៅក្នុងកម្មវិធីសង្រ្កាន្តនៅកម្ពុជាផងដែរទេ។ អត់មានអីព្រួយបារម្ភទេ លោកតាលោកយាយ អ៊ំពូមីង បងប្អូន។ យើងនៅតែប្រារព្ធបាន។ ឆ្នាំនេះ ខ្ញុំគិតថា ធ្វើឱ្យកាន់តែល្អ ឱ្យកាន់តែសប្បាយជាងឆ្នាំមុនៗទៀត។ ខ្ញុំសួរឯកឧត្តម ខូយ រីដា អភិបាល ខណៈអភិបាលខេត្ត គាត់ថា បានត្រៀមរួចហើយ។ អ្នកខេត្តពោធិ៍សាត់ នៅក្រុងពោធិ៍សាត់ គឺរៀបចំនៅកោះសំពៅមាស ដាក់ល្បែងប្រជាប្រិយបានច្រើន ហើយមិនត្រឹមតែនៅខេត្តពោធិ៍សាត់ទេ គឺថែមទាំងនៅតាមបណ្ដាស្រុកផ្សេងៗទៀត រុញឱ្យដល់មូលដ្ឋានតែម្ដង ឱ្យកាន់តែសប្បាយ កុំឱ្យពិបាកធ្វើដំណើរមក(ខេត្ត)។ អ្នកសប្បាយជាងគេ គឺក្មួយៗនេះ ត្រៀមហើយ។
(២១) ចប់សង្គ្រាម មានសន្តិភាព ខ្មែរជួបជុំ ស្នាដៃកេរ្ដិ៍ដំណែលព្រលឹងដូនតាវិលត្រឡប់មកវិញ
រឿងការពារបេតិកភណ្ឌនេះ សម្បត្តិវប្បធម៌របស់យើង គឺជាអ្វីដែលរាជរដ្ឋាភិបាលបានធ្វើជាប់ជាប្រចាំជាង ៣០ឆ្នាំនេះ។ ខ្ញុំសូមជម្រាបជូនលោកតាលោកយាយ អ៊ំពូមីង បងប្អូន ត្រួសៗនូវអ្វីដែលរាជរដ្ឋាភិបាលបានធ្វើក្នុង(រយៈពេលជាង) ៣០ឆ្នាំ តាំងពីរាជរដ្ឋាភិបាលជំនាន់សម្ដេចតេជោ មន្រ្តីក្រសួងវប្បធម៌ វិចិត្រសិល្បៈ ក៏ដូចជាមន្រ្តីស្ថាប័នពាក់ព័ន្ធទាំងអស់បានខិតខំបញ្ចូលថែរក្សានូវសម្បត្តិវប្បធម៌របស់យើង។ មិនត្រឹមតែបញ្ចូលក្នុងបញ្ជី(បេតិកភណ្ឌ)ទេ ឥឡូវដើរប្រមូលទាំងរូបចម្លាក់របស់យើង ដែលពេលច្បាំងគ្នាគេលួចយកទៅលក់នៅក្រៅប្រទេស (ក្រសួង)ដើរប្រមូលមកវិញ ដើរសុំគេមកវិញដើម្បីយកមកថែរក្សា។ កាលជំនាន់វាយគ្នា បែកបាក់ទាំងមនុស្ស បែកបាក់ទាំងសម្បត្តិវប្បធម៌ កន្លែងខ្លះដូចនៅបន្ទាយឆ្មារអី គឺកាប់យកគេហៅថាជំនួញក្បាលអ្នកតា ជំនួញ(វត្ថុសិល្បៈ)។ ពេលសង្រ្គាមមាន(រឿងអកុសល)អញ្ចឹង។ វាវេទនា។ ឥឡូវប្រមូលមកវិញ។ អញ្ចឹងចប់សង្គ្រាម មិនត្រឹមតែខ្មែរជួបជុំទេ ស្នាដៃកេរ្ដិ៍ដំណែល ព្រលឹងដូនតារបស់យើង ក៏វិលត្រឡប់មកស្រុកខ្មែរវិញដែរ។ រដ្ឋាភិបាលនឹងបន្ដធ្វើ ខិតខំធ្វើតទៅទៀត។
(២២) សម្បត្តិបេតិកភណ្ឌរូបី ៤ បានចុះបញ្ជី ៧ ត្រៀមចុះបញ្ជី
នៅក្នុង(រយៈពេលជាង) ៣០ឆ្នាំនេះ យើងបានចុះបញ្ជីបេតិកភណ្ឌ/ត្រៀមចុះមាន ៣ប្រភេទ៖ ប្រភេទទី១ បេតិកភណ្ឌពិភពលោក ដែលជាសម្បត្តិបេតិកភណ្ឌរូបី ដែលដាក់ជាសម្បត្តិមនុស្សជាតិដើម្បីថែរក្សារួមគ្នា ក្នុងនោះ យើងបានចុះបញ្ជីរួចហើយ មានរមណីយដ្ឋាន(៤គឺ)៖ ប្រាសាទអង្គរវត្ត តាំងពីឆ្នាំ ១៩៩២, ប្រាសាទព្រះវិហារ ឆ្នាំ ២០០៨, សំបូរព្រៃគុក ឆ្នាំ ២០១៧ ហើយចុងក្រោយនេះ រមណីយដ្ឋានកោះកេរ ឆ្នាំ ២០២៣។ យើងបានដាក់ចូលទៅជាសម្បត្តិបេតិកភណ្ឌពិភពលោករួចទៅហើយដើម្បីរួមគ្នាជាមួយពិភពលោក ដាក់ជាសម្បត្តិមនុស្សជាតិតែម្ដង រួមគ្នាថែរក្សាទឹកដៃដូនតារបស់យើង ឱ្យពិភពលោកបានស្គាល់ ហើយជួយថែរក្សាជាមួយគ្នា។ យើងត្រៀមចុះបញ្ជី ៧ទៀត ក្នុងនោះមាន៖ គុកទួលស្លែង, ម១៣, ជើងឯក, បន្ទាយឆ្មារ, អង្គរបុរី, ភ្នំដា, តំបន់ភ្នំព្រះរាជទ្រព្យនៅឧដុង្គ, ប្រាសាទព្រះខ័នកំពង់ស្វាយ, ប្រាសាទបេងមាលា, រមណីយដ្ឋានបុរាណវិជ្ជាភ្នំគូលែន។ យើងបន្តធ្វើដើម្បីជំរុញការការពារនេះ ហើយមិនត្រឹមតែការពារនិងជួសជុលខ្លួនឯងនោះទេ ថែមទាំងទាញវាជាបេតិកភណ្ឌពិភពលោក ជាសម្បត្តិមនុស្សជាតិ ដើម្បីឱ្យស្នាដៃដូនតាត្រូវបានទទួលស្គាល់ ថែរក្សា និងចូលរួមក្នុងការឱ្យតម្លៃពីប្រជាជននៅទូទាំងពិភពលោកផងដែរ។
(២៣) បេតិកភណ្ឌវប្បធម៌អរូបី ៦ បានចុះបញ្ជីហើយ និង ២ ត្រៀមចុះនៅឆ្នាំ ២០២៤ និង២០២៥
បើយើងនិយាយពី បេតិកភណ្ឌវប្បធម៌អរូបី ដែលក្នុងនោះក៏មានសង្រ្កាន្តផងដែរ យើងបានចុះបញ្ជីរួចហើយ ៦ មាន៖ របាំព្រះរាជទ្រព្យ ដែលចុះក្នុងបញ្ជីតំណាងមនុស្សជាតិឆ្នាំ២០០៣។ ល្ខោនស្រមោលស្បែកធំ ឆ្នាំ២០០៥។ ល្បែងទាញព្រ័ត្រក៏បានចុះនៅក្នុងបេតិកភណ្ឌវប្បធម៌អរូបីដែរ … ហ្នឹងក៏បានចុះនៅក្នុងសម្បត្តិបេតិកភណ្ឌអរូបីកម្រិតអន្តរជាតិ នៅឆ្នាំ២០១៥។ ចាប៉ីដងវែងរបស់យើងក៏បានចុះឆ្នាំ២០១៦។ ល្ខោនខោលវត្តស្វាយអណ្ដែតក៏បានចុះក្នុងបញ្ជីការពារបេតិកភណ្ឌ ឆ្នាំ២០១៨។ គុនល្បុក្កតោ ចុះបញ្ជីត្រូវការពារ នៅឆ្នាំ២០២២។ យើងត្រៀមចុះបញ្ជីថែមទៀត ទី១ គឺក្រមា។ ក្រមារបស់យើងនឹងត្រៀមចុះបញ្ជី។ ឥឡូវបានដាក់បំពេញបែបបទហើយក្នុងឆ្នាំ២០២៤ ហើយត្រូវការពេលជាធម្មតាជិត ២ឆ្នាំ ដើម្បីចុះបញ្ជី។ បន្ទាប់មក យើងចុះបញ្ជីនូវអាពាហ៍ពិពាហ៍ខ្មែរ ដែលមានទាំងបង្ហាញម៉ូដសម្លៀកបំពាក់អាពាហ៍ពិពាហ៍ខ្មែរ។ ឲ្យដឹងថាអាហ្នឹងរបស់ខ្មែរ និងដើម្បីឲ្យពិភពលោកបានស្គាល់ផង។
(២៤) ក្រសួងវប្បធម៌រៀបចំឯកសារឆ្នាំ២០០៤ ដើម្បីសង្រ្កាន្តកម្ពុជាបានចុះក្នុងបញ្ជីបេតិកភណ្ឌឆ្នាំ២០២៦
ឥឡូវដើម្បីកុំឲ្យប្រជាពលរដ្ឋបារម្ភទៅទៀតថា តើថ្ងៃក្រោយយើងអាចប្រើពាក្យសង្រ្កាន្ត ឬអាចប្រារព្ធពិធីសង្រ្កាន្តនៅកម្ពុជាបានឬទេ? ខ្ញុំបានឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រៀមឯកសារចុះបញ្ជីសង្រ្កាន្តនៅកម្ពុជា ឲ្យរួចរាល់នៅឆ្នាំក្រោយនេះដើម្បីយើងអាចចូលនៅក្នុងឆ្នាំ២០២៦ កុំឲ្យមានមន្ទិលសង្ស័យ ឬមានការបកស្រាយផ្សេងៗទៀត។ យើងមិនមានអីខុសទេ។ អត់មាននរណាហាមយើងទេ។ ថ្ងៃក្រោយក៏គ្មាននរណាហាមដែរ ព្រោះវាជាប្រពៃណីវប្បធម៌ស្រដៀងៗគ្នា។ សួរថា ចាំទាល់តែគេចុះមុនបានយើងចុះក្រោយ? អត់ទេ! យើងគ្រាន់តែប្រាប់ថា ក្រសួងមិនបានដេកស្ដូកនោះទេ។ គ្រាន់តែខ្ញុំរាប់ ៦ អម្បាញ់មិញជាង ៣០ ឆ្នាំនេះ យើងចុះមិនចេះអស់រួចទៅហើយ។ ប៉ុន្តែ ក្នុង១ឆ្នាំៗ យើងចុះបានមួយ។ អញ្ចឹង ក្រមាយើងចុះ ២០២៤។ ប្រពៃណីការខ្មែរ យើងចុះឆ្នាំ២០២៥នេះ ត្រៀមឯកសារចុះបញ្ជី។ អញ្ចឹង សម្រាប់សង្រ្កាន្តនៅកម្ពុជា គឺយើងធ្វើ។ ថ្ងៃក្រោយ មានសម្បត្តិបេតិកភណ្ឌអីទៀត យើងបន្តចុះទៅទៀត មិនចប់ត្រឹមសង្រ្កាន្តទេ។
(២៥) កម្ពុជាមិនធ្វេសប្រហែសឲ្យប្រទេសណាយកសម្បត្តវប្បធម៌ដោយមិនបានការពារនោះទេ
លោកតា លោកយាយ កុំព្រួយបារម្ភ គ្មាននរណាដណ្ដើមរបស់កម្ពុជាទេ ហើយកុំមានការយល់ច្រឡំ។ ការព្រួយបារម្ភគឺជាការត្រឹមត្រូវ ដែលយើងត្រូវមានស្មារតីក្នុងការពារ ប៉ុន្តែសុំឲ្យអ៊ំ ពូមីង បងប្អូនទាំងអស់នៅទូទាំងពិភពលោកថា កម្ពុជាមិនបានធ្វេសប្រហែស មិនបានឲ្យប្រទេសណាយកអ្វីដែលជាវប្បធម៌របស់យើង ដោយមិនបានការពារនោះទេ ជាពិសេសសង្រ្កាន្តនេះគឺមិនមានអ្វីបាត់បង់នោះទេ ទោះបីជាជិតខាងក៏ដោយ។ កន្លងទៅ យើងក៏ធ្លាប់មានរឿងមួយដែរ ដែលថាល្ខោនខោលយើងត្រូវបានចុះបញ្ជីបេតិកភណ្ឌអរូបី ១ថ្ងៃមុន ល្ខោនខោលរបស់ថៃ។ ល្ខោនខោលក៏មានស្រដៀងគ្នា។ កន្លងទៅ ពេលដែលកម្ពុជាចុះមុន ក៏ប្រជាពលរដ្ឋថៃមួយចំនួនយល់ច្រឡំ ចោទរដ្ឋាភិបាលថៃថា បណ្តោយឲ្យកម្ពុជាយកដាច់ដោយឡែក? អត់ទេ។ ប្រទេសយើងពីដើម លោកតា លោកយាយ មើលប្រវត្តិសាស្រ្ត។ យើងនៅជិតគ្នា ហើយប្រពៃណីវប្បធម៌ឆ្លងគ្នាទៅវិញទៅមក។ ខ្ញុំទៅឡាវថ្ងៃមុន គាត់ថា ប្រជាជនយើងទាំងពីរជាសាច់ថ្លៃនឹងគ្នា ព្រោះធ្លាប់មានព្រះមហាក្សត្ររបស់កម្ពុជានិងឡាវ ការជាមួយគ្នា។ មានរាជវាំងមួយនៅឡាវ ដែលបច្ចុប្បន្នជាសារមន្ទីរ។ ទៅមើល មានរូបចម្លាក់ ឬមួយមានឥទ្ធិពលរបស់យើងនៅទីនោះ។ ឆ្លងគ្នា ហើយចេញពីឥណ្ឌា សំស្រ្កឹត។ ការ(ដែលនៅ)ក្បែរៗគ្នានេះ ធ្វើឲ្យមានការច្រឡំ។
(២៦) ការផ្ដល់ព័ត៌មានមិនគ្រប់ជ្រុងជ្រោយនាំឲ្យមានការយល់ច្រឡំ ការប្រកាន់ និងជម្លោះរវាងប្រជាជននិងប្រជាជន
លោកតាលោកយាយ ខ្ញុំសូមយកឱកាសនេះបញ្ជាក់សាជាថ្មីថា ចូលឆ្នាំនេះ សង្រ្កាន្តឆ្នាំថ្មីនេះ ប្រើចុះ (ពាក្យថា) “សង្រ្កាន្ត” នោះ។ សង្រ្កាន្តពោធិសាត់ សង្រ្កាន្តក្រគរ សង្រ្កាន្តកណ្ដៀង សង្រ្កាន្តបាកាន សង្រ្កាន្តអីក៏ប្រើចុះ អត់មានអីខុសទេ ហើយអត់មាននរណាយកទេ។ ប្រជាជនថៃគាត់ប្រើសង្រ្កាន្តនៅឃុំរបស់គាត់ ជាសិទ្ធិរបស់គាត់។ ប្រជាជនឡាវប្រើសង្រ្កាន្តរបស់គាត់ នៅភូមិរបស់ឡាវ នៅវៀងចន្ទន៍ សិទ្ធិរបស់គាត់ អាហ្នឹងអត់មានអីខុសទេ។ ការយល់ច្រឡំអាចនាំឲ្យមាន ឬមួយការផ្ដល់ព័ត៌មានមិនគ្រប់ជ្រុងជ្រោយ នាំឲ្យមានការយល់ច្រឡំ ហើយការយល់ច្រឡំនាំឲ្យមានការប្រកាន់គ្នា ឈានទៅដល់អាចមានជម្លោះរវាងប្រជាជននិងប្រជាជន ដែលជាអ្វីដែលត្រូវចៀសវាងបំផុត។ យើងមានប្រជាជនថៃនិងឡាវនៅក្នុងប្រទេសយើង។ យើងក៏មានប្រជាជនយើងនៅក្នុងប្រទេសថៃនិងឡាវដែរ ធ្វើការនិងរស់នៅ។ យើងស្រឡាញ់/គោរពគ្នាទៅវិញទៅមក។
(២៧) រៀបចំសង្ក្រាន្តឲ្យបានរលូន និងរៀបចំល្បែងប្រជាប្រីយ៍ប្រពៃណី អោយបានច្រើន
ចូលឆ្នាំថ្មីនេះ សូមប្រជាពលរដ្ឋយើង ជាពិសេស យុវជនរបស់យើងចូលរួមឲ្យសប្បាយ។ ខ្ញុំសូមអញ្ចេះ អាជ្ញាធរខេត្ត/ក្រុង/ស្រុក កាលពីប្រជុំគណៈរដ្ឋមន្រ្តីថ្ងៃទី១៥ ខ្ញុំបានឲ្យយកចិត្តទុកដាក់ក្នុងការរៀបចំកន្លែង បរិស្ថានឲ្យបានល្អ តាំងពិព័រណ៍ យកចិត្តទុកដាក់ទៅលើសន្តិសុខសណ្ដាប់ធ្នាប់ឲ្យបានល្អ ដើម្បីធ្វើយ៉ាងណាឲ្យប្រព្រឹត្តទៅដោយរលូនតែម្ដង។ ខ្ញុំឃើញអភិបាល គណៈអភិបាលខេត្តបាញ់ចូលក្នុងគ្រុប។ ឥឡូវកំពុងប្រកួតប្រជែងគ្នា នរណាតាំងភ្លើងបានច្រើនជាង? នរណារាំបានសប្បាយជាង? នរណារាំបានល្អជាង? បើបានចៅហ្វាយខេត្តឡើងច្រៀងទៀត ប្រកួតគ្នា កាន់តែល្អពេលចូលឆ្នាំ។ អភិបាលខេត្ត/រាជធានី/ក្រុង/ស្រុក មេឃុំ អត់ព្រះចៅអធិការទេ ខ្ញុំនិយាយតែក្នុងបាសកទេ។ តែនៅទីវត្តអារាមកន្លែងខ្លះរៀបចំពិធីសាសនាផ្សេងៗនៅទីនេះ កន្លែងខ្លះក៏មានរៀបចំកន្លែងតន្រ្តីសម័យ។
សូមរៀបចំល្បែងប្រពៃណីឲ្យបានច្រើន បង្កលក្ខណៈ រៀបចំទីកន្លែង សម្ភារៈ ឧបករណ៍ ជាអង្គុញស្អីហ្នឹង ចោលឈូងរៀបចំកន្លែងបោះ។ ខ្ញុំឃើញនៅភ្នំពេញ នៅខេត្តមួយចំនួន រៀបចំកន្លែងមានចោលឈូង មានអី រុញឲ្យបានច្រើន ហើយប្រជាពលរដ្ឋយើង ជាពិសេស ក្មេងៗគឺចូលរួមលេងឲ្យបានច្រើន ទាញព្រ័ត្រអីៗ ប្រពៃណីវប្បធម៌របស់យើង ឲ្យបានសប្បាយ … លេងល្បែងឲ្យមានច្រើនមុខ សម្បូរបែបចុះ ប៉ុន្តែកុំភ្លេចជំរុញលេងឲ្យបានច្រើននូវល្បែងប្រពៃណីរបស់យើង ច្នៃប្រឌិតឲ្យបានច្រើន ទាំងនៅក្នុងនិងក្រៅ។ ខ្ញុំទៅឡាវថ្ងៃមុន ឃើញនៅទូតយើងនៅខាងក្រៅ ពេលចូលឆ្នាំឃើញអញ្ជើញសិក្ខាកាម ប្រជាពលរដ្ឋយើងទៅជុំគ្នាទៅលេងចោលឈូងអីអញ្ចឹងទៅ ហើយចប់បាយជាមួយគ្នា។ ទាំងក្នុងនិងក្រៅប្រទេសឲ្យសប្បាយ។
(២៨) ខេត្តមិនមានគ្រោះថ្នាក់ចរាចរក្នុងពេលសង្ក្រាន្តបានរង្វាន់ពីនាយករដ្ឋមន្ត្រី, សូមកុំលេងល្បែងធ្វើអោយបះពាល់សិទ្ធនិងសេចក្តីថ្លៃថ្នូរ ពិសេសចំពោះក្មួយស្រីៗ
ខ្ញុំសុំអញ្ចេះ ចូលរួមសប្បាយដោយទទួលខុសត្រូវ ដើម្បីសប្បាយបានទាំងអស់គ្នា កុំឲ្យមានហ្មងសៅ។ ទី១ សុំកុំលេង ឬធ្វើសកម្មភាពអីដែលបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ជាពិសេសការផឹកគ្រឿងស្រវឹង ហើយបើកបរអីនេះ … បើសិនជាសង្រ្កាន្តឆ្នាំនេះមិនមានគ្រោះថ្នាក់ចរាចរណ៍ គឺជាការល្អបំផុត។ បើខេត្តមួយៗ យកគ្រោះថ្នាក់ចរាចរណ៍តិចជាងគេបំផុតក្នុងពេលសង្រ្កាន្តឆ្នាំនេះជាសូចនាករប្រកួតប្រជែងក៏ល្អដែរ។ បើខេត្តណាអត់មានគ្រោះថ្នាក់ចរាចរណ៍សូន្យ ហើយកត់ដោយសុក្រឹត … មានរង្វាន់ពីនាយករដ្ឋមន្រ្តីទៀត។ រង្វាន់អីខ្ញុំមិនប្រាប់ទេ ទុកឲ្យឆ្ងល់។ ក្មួយៗ យុវជន ប្អូនៗ សូមកុំលេង ឬឆ្លៀតឱកាសធ្វើសកម្មភាពណាដែលប៉ះពាល់សិទ្ធិ និងសេចក្ដីថ្លៃថ្នូររបស់អ្នកដទៃ ជាពិសេសដល់សេចក្ដីថ្លៃថ្នូររបស់ក្មួយៗជាស្រ្តី។ ខ្ញុំឃើញតាម Facebook ទៅដល់ចាប់គេថើបអីហ្នឹង, កុំណា។ គោរពគ្នាដូចបងដូចប្អូន ដូចឪពុកម្ដាយអញ្ចឹង ស្រឡាញ់គ្នា កុំបៀតបៀន …។
បើមានអ្វីលើសលស់ យោគយល់គ្នា កុំរាំជាន់ជើងគ្នាបន្តិច វាយគ្នាប្រាវ។ ធម្មតាមនុស្សច្រើន ជាន់ជើងហើយ ងាកមកចាប់ដៃគ្នា ឱបគ្នា ញញឹមមួយ។ បើយើងបង្កើតរឿង វាលែងសប្បាយ។ កំពុងរាំធុងបាស កំពុងរាំបទរាំវង់អី ជាន់ជើង ស្រាប់តែចេញទៅក្បាច់ល្បុក្កតោអីណា។ បើប្រកួតចាំប្រកួតនៅកន្លែងគេរៀបចំប្រកួតទៅបានរង្វាន់ កុំប្រកួតនៅវង់រាំ ខាតទាំងអស់គ្នា។ តែវាយគ្នា បែកមុខមាត់ លែងសប្បាយ រំសាយចោលទាំងអស់។ ហើយតែមិនស្រួល ត្រូវប៉ូលីសផាកដាក់ឃុំខ្លួនទៀត ខ្លួនក៏លែងសប្បាយ ឪពុកម្ដាយនៅផ្ទះក៏កើតទុក្ខ។ អញ្ចឹងយើងសប្បាយរួមគ្នា តែសប្បាយដោយទទួលខុសត្រូវ កុំធ្វើឲ្យហួស កុំឆ្លៀតឱកាស ហើយកុំធ្វើឲ្យបាត់សណ្ដាប់ធ្នាប់។ ថ្ងៃមុន គេបាញ់ឲ្យខ្ញុំ ឲ្យតែជិតចូលឆ្នាំ មានក្រុមបងប្អូនជិះសន្សំសំចៃកង់ ម៉ូតូជិះតែកង់មួយទេ។ មិនបាច់សន្សំសំចៃដល់ថ្នាក់ហ្នឹងទេ។ ក្មួយអើយ! ម៉ូតូឪពុកម្ដាយទិញមក ឲ្យជិះកង់ពីរ ប្រើកង់ពីរទៅ មិនបាច់សន្សំសំចៃជិះបង្ហោះទេ ហើយជិះតាមត្រង់ទៅ កុំជិះទន់ភ្លន់ ផ្លូវមួយជិះតែឯង …៕
(២៩) ស្រឡាញ់ប្រពៃណីនិងវប្បធម៌ជាតិ គឺធ្វើឲ្យពិធីប្រពៃណីជាតិប្រព្រឹត្តទៅដោយសប្បាយគ្មានហ្មងសៅ
សប្បាយហើយមានសេចក្ដីសុខ កុំអោយមានគ្រោះថ្នាក់ របួស ឬមួយអាក្រក់បំផុតស្លាប់ ជាពិសេសដោយសារគ្រោះថ្នាក់ចរាចរណ៍ និងអំពើដូចវាយគ្នាអីនេះ។ ហ្នឹងហើយដែលយើងរួមគ្នាស្រឡាញ់ប្រពៃណីជាតិ ស្រឡាញ់វប្បធម៌ជាតិ គឺរួមគ្នាធ្វើម៉េចឲ្យការប្រារព្ធពិធីប្រពៃណីជាតិនេះ បានប្រព្រឹត្តទៅដោយសប្បាយទាំងអស់គ្នា គ្មានហ្មងសៅ នោះហើយការស្រឡាញ់ពិតប្រាកដនោះ។ កុំយកឱកាសនេះដើម្បីធ្វើអីដែលវាប៉ះពាល់ដល់វប្បធម៌ ប្រពៃណី។ ហើយមានការជួយជំរុញ រាំរបាំ លេងល្បែងប្រពៃណី ល្បែងសម្បូរបែប ខ្ញុំមិនហាមឃាត់ទេ ប៉ុន្តែ យើងក៏ត្រូវរំលេចនូវអ្វីដែលយើងមាន ដើម្បីថែរក្សានូវគុណតម្លៃនិងសេចក្ដីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ។
(៣០) ត្រលប់ទៅថៃវិញក្រោយសង្ក្រាន្ត ប្រជាពលរដ្ឋខ្មែរ/ឡាវ/ភូមា មិនចាំបាច់បង់ថ្លៃ Re-Entry
ក្នុងឱកាសនេះ ខ្ញុំក៏សូមជូនដំណឹងទៅដល់ពលករ ប្រជាពលរដ្ឋខ្មែរដែលធ្វើការនៅក្រៅប្រទេស ដែលធ្វើដំណើរចេញចូលនៅថៃ មកពីឡាវ មកពីវៀតណាម មានទេសចរណ៍ទៅមក ឬមួយក៏យ៉ាងម៉េច ជាពិសេសនៅថៃ ក្នុងពេលទស្សនកិច្ចកាលពីថ្ងៃ៧ ខែ២ កន្លងទៅនេះ ខ្ញុំបានជួបជាមួយនាយករដ្ឋមន្រ្តីថៃ និងបានបបួលគាត់ថាដើម្បីឲ្យយើងសប្បាយទាំងអស់គ្នា … ប្រជាពលរដ្ឋខ្មែរដែលធ្វើការនៅទីនោះមកលេងផ្ទះ ពេលចប់ទៅវិញ។ កន្លងទៅ តែចេញមក ពេលត្រឡប់ចូលទៅវិញ ត្រូវបង់ការអនុញ្ញាតឲ្យចេញចូលនោះ ម្នាក់ ១ ០០០ បាត។ ឥឡូវថាដើម្បីចូលឆ្នាំហ្នឹង មិនបាច់យកទេពីពលករខ្មែរ។ គាត់ឯកភាពជាគោលការណ៍។ ឥឡូវគាត់មិនត្រឹមតែឲ្យប្រជាពលរដ្ឋខ្មែរទេ គាត់ឲ្យទាំងប្រជាពលរដ្ឋឡាវ និងភូមា។ អញ្ចឹងខ្ញុំសុំបានទាំងអស់គ្នាតែម្ដង គឺចូលទៅវិញដោយមិនចាំបាច់បង់ថវិកា។ គាត់បង្កើនដូចជាច្រើនថ្ងៃដែរ។ នៅកម្ពុជាយើង ប្រជាពលរដ្ឋដែលកាន់ Passport ខ្មែរ ធ្វើដំណើរ យើងមិនត្រូវបង់សេវា Re-Entry ហ្នឹងទេ។
(៣១) អាជ្ញាធរជាប់ព្រំដែនទាំង ៣ប្រទេស សម្រួលការឆ្លងកាត់ព្រំដែនកុំឲ្យកកស្ទះ ឬមានបង់កម្រៃសេវា
ក្នុងឱកាសបុណ្យចូលឆ្នាំនេះ ក្នុងអំឡុងពេលដែលអនុវត្តនេះ សូមឲ្យអាជ្ញាធរមានសមត្ថកិច្ច អាជ្ញាធរខេត្តជាប់ព្រំដែនទាំង ៣ប្រទេស សហការជាមួយក្រសួង/ស្ថាប័នអន្តោប្រវេសន៍ ក្រសួង/ស្ថាប័នជំនាញ ក្រសួងមហាផ្ទៃ ក្រសួងការងារ រៀបចំជួយសម្រួលការឆ្លងកាត់ព្រំដែនចេញចូលនេះ កុំឲ្យមានការកកស្ទះ។ ម្សិលមិញ ជួបជាមួយឯកឧត្ដមអគ្គអន្តោប្រវេសន៍ គាត់បានរាយការណ៍ថា បានរៀបចំយន្តការហើយ។ កន្លែងខ្លះគឺគ្រាន់តែស្កេន មិនចាំបាច់វាយត្រាទេ ធ្វើម៉េចឲ្យចេញចូលស្រួល ហើយធានាកុំឲ្យមានការយកកម្រៃសេវាអីដល់ប្រជាពលរដ្ឋខ្មែរយើងដែលចេញចូលតាមព្រំដែន ៣ប្រទេសនេះ … អញ្ចឹងប្រជាពលរដ្ឋរបស់យើងដែលចេញចូលថៃ មកពីឡាវ មកពីវៀតណាម ទៅលេងអីហ្នឹង គឺតាមផ្លូវគោកនេះ គឺធ្វើយ៉ាងណាជួយសម្រួលកុំឲ្យមានបញ្ហា ហើយកុំឲ្យមានការយកកម្រៃអ្វី បូកជាមួយនឹងការជួយសម្រួលកុំឲ្យមានការកកស្ទះ។
ចូលឆ្នាំចប់ ឆ្លងកាត់ដោយត្រជាក់ចិត្ត សប្បាយតែម្ដងគឺថាស្ងប់ចិត្ត។ ជាទូទៅ រឿងសប្បាយៗមិនសូវចាំទេ រឿងអត់សប្បាយចាំណាស់។ ខ្ញុំធ្វើដំណើររាប់ពាន់ដង ខ្ញុំអត់ចាំទេ ចាំតែម្ដង ទៅអូស្រ្តាលី បាត់វ៉ាលីស … ពេលចុះពីយន្តហោះទៅ គេយកវ៉ាលីសខ្ញុំច្រឡំ។ បើទៅប្រទេសមួយទៀត អាហ្នឹងចោរលួចវ៉ាលីស។ តែបាត់វ៉ាលីសពេលចុះ។ ពេលសម្ភាសន៍ជាមួយ ABC ហ្នឹង ទើបនឹងរត់ទៅទិញអាវពីហាងមកទេ។ ធ្វើដំណើរហ្នឹង មិនចង់រំលេចខ្លួនឯង ខ្ញុំជាអ្នកប្រាប់ក្រុមការងារ បងប្អូនកុំភ្លេចណា ពេលធ្វើដំណើរ យើងដាក់ឥវ៉ាន់ហោចណាស់អាវមួយកំប្លេក្នុងវ៉ាលីស(យួរតាមខ្លួន) ដើម្បីបើបាត់វ៉ាលីស(ធំ) យើងមាន(សាគួរ) ទីបំផុតខ្លួនឯងភ្លាត់ … ដាក់តែឯកសារ ដល់ចុះទៅបាត់វ៉ាលីសខ្លួនឯង។ អត់ហ៊ានប្រាប់គេ ព្រោះទើបឲ្យយោបល់ក្រុមការងារកុំឲ្យភ្លេច តែទីបំផុតគេនៅដឹងដដែល ព្រោះពឹងគេឲ្យជូនទៅទិញខោអាវ។ អញ្ចឹងធ្វើឲ្យមានភាពត្រជាក់ចិត្ត ឲ្យសប្បាយ កុំឲ្យមានហ្មងសៅ ដែលយើងចាំនូវអ្វី… អញ្ចឹងការចូលរួមថែរក្សានេះគឺសំខាន់។
(៣២) បញ្ចូលឯកសារទៅក្នុងបញ្ជីនៃការចងចាំពិភពលោក ចងក្រងបោះពុម្ពនិងចែកចាយសុភាសិតនិងដំបូន្មានខ្មែរ សំរាប់កូនចៅជំនាន់ក្រោយ
ការចូលរួមអភិរក្សលើកស្ទួយវប្បធម៌ រឿងប្រពៃណីវប្បធម៌ចូលឆ្នាំដែលយើងបាននិយាយ លោកតាលោកយាយ អ៊ំពូមីង បងប្អូនប្រជាពលរដ្ឋជាច្រើន បងប្អូនទាំងអស់ទាំងនៅក្នុងបណ្តាញសង្គមដែលបញ្ចេញមតិ និងការព្រួយបារម្ភ អំពីដែលមានចម្ងល់ថាតើប្រទេសថៃបានដាក់សង្រ្កាន្តនៅថៃនៅក្នុងបេតិកភណ្ឌ UNESCO នោះ តើវាប៉ះពាល់ដល់កម្ពុជាទេ? សូមបញ្ជាក់ថាអត់ប៉ះពាល់ទេ ហើយយើងបានធ្វើការងារជាប់ជាប្រចាំ ដែលជាង ៣០ ឆ្នាំនេះ បានដាក់បេតិកភណ្ឌទាំងរូបីនិងអរូបី សម្បត្តិវប្បធម៌របស់យើង ក្នុងនោះមានទាំង ដែលយើងហៅមួយប្រភេទទៀតថា បញ្ជីនៃស្មារតីចងចាំពិភពលោក ដែលមានបណ្ណសារ ឯកសាររបស់យើងស្តីពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង។ សូម្បីតែរឿងឥណ្ឌា បុស្បា អីក៏យើងដាក់ រឿងនិទានរាមកេរ្តិ៍ក៏យើងដាក់នៅក្នុងហ្នឹងចូលដែរ។ យើងនឹងបន្ត កេរ្តិ៍ដំណែលដូនតារបស់យើងនឹងបន្តថែរក្សា និងផ្សព្វផ្សាយឲ្យកាន់តែរីកចម្រើនតទៅទៀតនៅខាងមុខ។ កន្លងទៅយើងមានរៀបចំក្រុមការងារចងក្រងឡើងវិញនូវច្បាប់បុរាណ ច្បាប់ពីជំនាន់បារាំង។ ថ្ងៃមុនខ្ញុំចុះហត្ថលេខាដើម្បីបញ្ចេញថវិកាដើម្បីជួយក្រុមការងារស្រាវជ្រាវចងក្រងដំបូន្មានខ្មែរពីដើម មកចងក្រងសុភាសិតរបស់យើងពីដើមមក ចងក្រងដើម្បីទុកបោះពុម្ពចែកចាយឲ្យកូនចៅជំនាន់ក្រោយដាក់ក្នុងបណ្ណាល័យ។ ធ្វើតទៅទៀតកុំឲ្យបាត់បង់ពីមួយជំនាន់ទៅមួយជំនាន់។ យើងអាចរៀនសូត្របាន តាមអីដែលជាឯកសារត្រូវតែប្រមូលចងក្រងឡើង។ ដោយសារសង្រ្គាម យើងបានវេទនា។ ក្រោយពីប្រទេសយើងធ្លាក់ ឯកសារច្រើនត្រូវបានបាត់បង់។ តែឥឡូវកៀរគរចងក្រងឡើង វិញដើម្បីទុកឲ្យកូនចៅជំនាន់ក្រោយតទៅទៀត។
(៣៣) រៀបចំចងក្រងនូវសម្លៀកបំពាក់ប្រពៃណីបុរាណ ក្នុងក្របខណ្ឌអភិវឌ្ឍនិងអភិរក្ស
យើងកំពុងរៀបចំនូវយន្តការមួយដើម្បីចងក្រងនូវសម្លៀកបំពាក់បុរាណរបស់យើង ប្រពៃណីរបស់យើង រៀបចំក្នុងការផ្សព្វផ្សាយ និងជំរុញការផលិតអីផ្សេងៗ … ឥឡូវរៀបចំយន្តការហ្នឹងបន្តទៅទៀត។ ពេលខ្លះ មានការយល់ច្រឡំគ្នា សូម្បីតែខោអាវការ សូម្បីតែភ្នួងខ្លះក៏អត់ទាន់ដឹងច្បាស់ថាស្អីដែលជាភ្នួងរចនាបថថៃ រចនាបថខ្មែរផ្សេង អត់ទាន់បានច្បាស់។ ស្រដៀងគ្នាៗ អញ្ចឹងហើយបានយើងរៀបចំ … បានន័យថាការគិតគូររបស់យើងមិនមែនផ្តោតតែលើការអភិវឌ្ឍទេ គោលនយោបាយរបស់រាជរដ្ឋាភិបាលដែលខ្ញុំដាក់ចេញ ៦ ចំណុច ឬមួយក៏ថាការជំរុញបច្ចេកវិទ្យាទំនើប មិនមែនបានន័យថាកម្ពុជាយកចិត្តទុកដាក់តែរឿងវិទ្យាសាស្រ្តនោះទេ ហើយភ្លេចនូវវប្បធម៌ប្រពៃណីរបស់យើងនោះទេ ប៉ុន្តែការអភិរក្សនេះគឺចាំបាច់ត្រូវតែធ្វើបន្តទៅទៀត។
(៣៤) ការគ្រប់គ្រងថែរក្សាដី/ព្រៃឈើសម្បត្តិរដ្ឋជាសម្បត្តិសម្រាប់ ១៧លាននាក់
និយាយពីរឿងអភិរក្ស ខ្ញុំសុំភ្ជាប់មួយទៀតចុះ ជ្រុលតែនិយាយទៅហើយ ពាក់ព័ន្ធនឹងពោធិ៍សាត់ដែរ គឺអភិរក្សព្រៃឈើនិងដី។ កន្លងទៅមានបញ្ហាមួយចំនួនដែលមុនបោះឆ្នោតនេះ សម្តេចតេជោធ្លាប់ចេញបទបញ្ជាម្តងហើយពីតំបន់មួយចំនួនក្នុងខេត្តពោធិ៍សាត់ មានការទន្រ្ទានព្រៃឈើជាសម្បត្តិរួម។ ត្រូវការពារឲ្យបាន។ ប្រជាពលរដ្ឋឬមួយក៏អ្នកដែលទៅទន្ទ្រាននោះ មានមួយចំនួនតូច ប៉ុន្តែសម្បត្តិនេះជាសម្បត្តិសម្រាប់ ១៧ លាននាក់និងរបស់យើងទៅអនាគត។ ការគ្រប់គ្រងដីរដ្ឋត្រូវតែថែរក្សាឲ្យបានដើម្បីយើងរៀបចំបណ្តើរៗ ការគិតគូរពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ យើងធ្វើជាប្រចាំ។ យើងចែកដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋ ចែកដីជូនអតីតយុទ្ធជន យើងធ្វើផ្ទះឲ្យទៀត។ យើងនឹងបន្តធ្វើតទៅទៀត រៀបចំដីសម្បទានសង្គមកិច្ច រៀបចំបន្តធ្វើឲ្យប្រជាជនដែលខ្វះខាតពិតប្រាកដ យើងគិតគូរបន្តធ្វើ។ យើងមិនលើកទឹកចិត្តចំពោះការទន្ទ្រានដីរដ្ឋ ការបំផ្លាញ ឬមួយក៏ឈានទៅដល់ការបំផ្លាញដីរបស់សហគមន៍ដែល(ខូចខាតដល់)ផលប្រយោជន៍របស់ប្រជាជននៅមូលដ្ឋាននោះទេ។ យើងត្រូវមានកាតព្វកិច្ចដើម្បីការថែរក្សា។ កិច្ចការនេះគឺបានក្រាបបន្តិចមុនបោះឆ្នោត … ពីអាទិត្យមុនខ្ញុំបានបញ្ជាឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការជាតិទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិចុះមកធ្វើការដឹកនាំជាមួយនឹងអាជ្ញាធរមូលដ្ឋាន ក្រសួងស្ថាប័នជំនាញពាក់ព័ន្ធរួមគ្នាជាមួយនឹងប្រជាពលរដ្ឋ ដើម្បីការពារ ព្រោះព័ត៌មាននេះឃើញតាមហ្វេសប៊ុក តាមអីផ្សេង។
(៣៥) ដើម្បីការពារដី/ព្រៃសម្បត្តិរដ្ឋ ត្រូវ (១) ពង្រឹងការអនុវត្តច្បាប់ និង (២) យន្តការមូលដ្ឋាន
យើងត្រូវធ្វើកិច្ចការ ២ទើបមាននិរន្តរភាព ហើយកាត់បន្ថយនូវការអង្គុយបក់ផ្សែង ឬវែកចក។ បានន័យថាធ្វើហើយមកវិញ ធ្វើហើយមកវិញ។ ទី១ ត្រូវពង្រឹងការអនុវត្តច្បាប់ បន្តការអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ទៅលើអ្នកបំពាន។ នេះគឺត្រូវបន្តអនុវត្តឲ្យបានច្បាស់ ហើយសុំឲ្យមន្រ្តីរាជការកងកម្លាំងប្រដាប់អាវុធទាំងអស់កុំឲ្យមានការពាក់ព័ន្ធទៅលើកិច្ចការនេះ ព្រោះត្រូវប្រឈមនឹងវិធានការអនុវត្តច្បាប់ ហើយអាចឈានទៅដល់ការបញ្ចប់តួនាទី ឬមួយក៏ការដកក្របខណ្ឌចេញ បើសិនជាមានការប្រព្រឹត្តខុសធ្ងន់ធ្ងរនោះ។ សូមរួមគ្នាថែរក្សា និងអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ចំពោះអ្នកប្រព្រឹត្តខុស។ អត់លើកលែងទេ … រាជរដ្ឋាភិបាលថ្មីនេះមិនធូរទេ យើងនៅតែមានកាតព្វកិច្ចដើម្បីថែរក្សា។
យន្តការមួយទៀតដែលត្រូវពង្រឹងដែរ គឺយន្តការមូលដ្ឋាន។ ការវាយយកទីតាំងជាការលំបាក ប៉ុន្តែការថែរក្សាទីតាំងគឺជាការកាន់តែលំបាកថែមទៀត។ ចកវែកបានហើយ ប៉ុន្តែវាចូលមកវិញ … ត្រូវមានអ្នកចាំទីដែលមានប្រសិទ្ធភាព ហើយយន្តការនេះត្រូវបង្កើនឥទ្ធិពល បង្កើននូវសមត្ថភាព និងបង្កើនការជួយ បង្កើនការទទួលខុសត្រូវ … ឥឡូវយើងវិមជ្ឈការតាមឋានានុក្រម ការទទួលខុសត្រូវក៏ត្រូវទទួលខុសត្រូវតាមឋានានុក្រមដែរ។ អត់មានអីថ្នាក់ជាតិចុះទៅបោសទាំងអស់(នោះទេ)។ ត្រូវតែមានការទទួលខុសត្រូវ ត្រូវតែមានការគាំទ្រ … អញ្ចឹងយន្តការអនុវត្តច្បាប់ត្រូវពង្រឹង។ មិនមែនពង្រឹងតែការអនុវត្តច្បាប់ម៉ឺងម៉ាត់ទេ តែយន្តការនៅក្នុងការអនុវត្តច្បាប់ជាពិសេសគឺយន្តការជួរមុខរបស់រាជរដ្ឋាភិបាលតែម្តង។
(៣៦) យន្តការជួរមុខរបស់រាជរដ្ឋាភិបាល គឺអភិបាលរាជធានី/ក្រុង/ស្រុក ព្រោះមានការិយាល័យជំនាញ បានទទួលប្រតិភូកម្មសិទ្ធ និងជាស្ពានជាមួយមូលដ្ឋាន
បើយើងនិយាយយន្តការជួរមុខបង្អស់របស់រាជរដ្ឋាភិបាល គឺគណៈអភិបាលរាជធានី គណៈអភិបាលក្រុងស្រុកនេះតែម្តងដែលនៅផ្ទាល់នៅមូលដ្ឋាន។ ហេតុអីបានជាគណៈអភិបាលក្រុងស្រុក? គណៈអភិបាលក្រុងស្រុកជាខ្សែបន្ទាត់ជួរមុខ មិនមែនឃុំសង្កាត់ មិនមែនភូមិដែលត្រូវទទួលដឹកនាំទ័ពប្រយុទ្ធ ឃុំ ភូមិ អ្នកប្រតិបត្តិផ្ទាល់ ប៉ុន្តែដើម្បីបានជោគជ័យគឺត្រូវពឹងទៅលើស្រុក/ក្រុង។ ទីមួយដោយសារការិយាល័យជំនាញនៅថ្នាក់ស្រុកគឺជាថ្នាក់ទាបបំផុត។ ឃុំអត់មានទេ។ គ្រប់ជំនាញទាំងអស់គឺជំនាញពាក់ព័ន្ធសំខាន់ៗ មាននៅស្រុក។ បរិស្ថានអាចមានមន្ទីរឬតំណាងនីមួយៗនៅក្នុងខេត្ត ប៉ុន្តែគ្រប់វិស័យផ្សេងទៀតគឺស្រុកមានទាំងអស់។ ទី២ គឺសិទ្ធិ។ យើងបានធ្វើប្រតិភូកម្មសិទ្ធិច្រើនណាស់ទៅហើយ សឹងតែគ្រប់វិស័យពីខេត្តទៅដល់ស្រុក/ក្រុងរួចទៅហើយ។ អញ្ចឹងស្រុក/ក្រុងត្រូវគិតគូរអនុវត្តកិច្ចការនេះ។ មិនមែនថាខេត្តរួចខ្លួនទេណា។ ស្រុកជាអ្នកដឹកនាំអនុវត្តផ្ទាល់ដែលថាត្រូវគិតពីកម្លាំងជួរមុខ ដែលទ័ពនៅក្នុងដៃការដឹកនាំបញ្ជា គណៈបញ្ជាការឯកភាពស្រុក។ ទី៣ គឺខេត្តឬស្រុកក្រុងនេះ ជាស្ពានជំនាញរវាងខេត្ត ជាមួយនឹងមូលដ្ឋាន។ អញ្ចឹងបើយើងពង្រឹងស្រុកបាន (នោះយើង)បាន(ផល)ច្រើន។ បទពិសោធន៍កន្លងទៅដែលខ្ញុំឲ្យសិក្សានៅតាមផ្ទះ កន្លែងខ្លះ ភ្លើងដែលត្រូវឆេះដែលត្រូវពន្លត់ទាន់ បើស្រុកចាត់វិធានការលឿនតាមជំនាញ តាមដោះស្រាយ មិនត្រឹមតែរឿងដីធ្លីទេ គ្រប់រឿងទាំងអស់ ទាំងរឿងវិវាទការងារ រឿងស្អីៗ បើស្រុកចាត់ចែងធ្វើការទាន់ (អាចរាំងខ្ទប់់បាន)។
(៣៧) ស្រុក/ក្រុងមានបញ្ហាក្តៅ ទាមទាររើសមេទ័ពខ្លាំង អារកាត់ អាចដឹកនាំប្រយុទ្ធបាន
ធ្វើការទាន់បានន័យថាម៉េច? ធ្វើការភ្លាម អ្វីដែលខ្លួនដោះបាន។ ស្អីដែលដោះមិនបាន ស្នើសុំជួយអន្តរាគមន៍ភ្លាម។ ហ្នឹងហើយគឺអាចដោះបានលឿនណាស់។ អញ្ចឹងបានថាកត្តាគន្លឹះគឺនៅស្រុកក្រុង ដោយសារជាពិសេស ការវិមជ្ឈការសិទ្ធិអំណាច និងជំនាញទៅដល់ស្រុក/ក្រុងនេះឯង។ អញ្ចឹងបានន័យថាម៉េច? កន្លែងនេះជាកន្លែងក្តៅ។ អញ្ចឹង នៅក្នុងកន្លែង នៅក្នុងតំបន់ នៅក្នុងស្រុក ក្រុង ដែលមានបញ្ហាក្តៅ បញ្ហាដែលគ្របមិនជាប់ បញ្ហាដែលខ្លាំងមិនខុសពីសមរភូមិទេ មុខព្រួញសំខាន់ មុខព្រួញក្តៅ ទាមទាររើសមេទ័ពដែលខ្លាំង មេទ័ពដែលអារកាត់ មេទ័ពដែលអាចដឹកនាំវាយបាន។ ធនធានដូចគ្នា គ្រប់ពេលទាំងអស់គឺកត្តាមនុស្ស កត្តាមេទ័ពមូលដ្ឋាននេះសំខាន់ណាស់។ នៅតំបន់ក្តៅ ដាច់ខាតត្រូវការរើសការតែងតាំងផ្លាស់ប្តូរ មិនមែនរើសទេណា គឺការតែងតាំងផ្លាស់ប្តូរថែមទៀត គឺត្រូវគិតគូរប្រសិទ្ធភាពនៃការដោះស្រាយបញ្ហា។ បើមិនអញ្ចឹងទេយើងនៅអង្គុយបក់ផ្សែងរហូត ហើយចាំទទួលព័ត៌មាន … មូលដ្ឋានរៀនឲ្យខ្លាំង។
(៣៨) យន្តការជួរមុខឬមួយមិនសកម្មឬមួយសកម្មតែមិនគ្រប់ទំងន់
អញ្ចឹងការគ្រប់គ្រងកម្លាំង ការគ្រប់គ្រងសភាពការណ៍អាស្រ័យទៅលើសេណារីយ៉ូ២។ សេណារីយ៉ូទី ១ មេទ័ពជួរមុខ ឬអង្គភាពជួរមុខ មិនសូវសកម្ម, សេណារីយ៉ូទី ២ គឺអង្គភាពជួរមុខនិងមេទ័ពជួរមុខសកម្ម តែគីឡូមិនគ្រប់ដើម្បីគ្រប់គ្រងសភាពការណ៍។ រឿងតែប៉ុណ្ណឹង។ អភិបាលខេត្តប្រហែលអាចដឹងហើយ។ ទី១ អត់សកម្មអត់ធ្វើ, ទី២ ខំប្រឹងធ្វើដែរ តែគីឡូមិនគ្រប់។ រឿងតែ ២ហ្នឹង។ អញ្ចឹងសេណារីយ៉ូយោទី១ ស្រួល។ ចាំបាច់កន្លែងក្តៅត្រូវចាត់ចែងមនុស្សឲ្យខ្លាំង។ នៅទូទាំងប្រទេសមានតែជាង ២០៩ស្រុក/ក្រុងទេ។ យើងត្រូវការមនុស្ស ២០០នាក់ជាង។ អញ្ចឹង តើ ១៧លាននាក់យើងអាចរកបានឬទេ? កន្លែងក្តៅ អត់ ២០០ ជាងទេ។ កន្លែងក្តៅមិនដល់ ៥០ទេ ហើយកន្លែងក្តៅខ្លាំង ខ្ញុំរាប់ទៅមិនដល់ ១០ផង។ តើយើងអាចរើសបានទេមេទ័ពដែលខ្លាំងមកគ្រប់គ្រងដោះស្រាយសមរភូមិនេះ កាន់កាប់សមរភូមិនេះឲ្យមានប្រសិទ្ធិភាពកុំឲ្យអង្គុយបក់ផ្សែង។ តើអាចធ្វើបានទេ? ខ្ញុំជឿថាធ្វើបាន។
អញ្ចឹងនៅតាមបណ្តាតំបន់ក្តៅ បើកន្លែងហ្នឹងរឿងវាដដែលៗ ត្រូវពិនិត្យមើលទៅលើយន្តការហ្នឹងក្នុងការអនុវត្ត ជាពិសេសមេទ័ពតែម្តង។ ការតែងតាំងថ្មី ឬការផ្លាស់ប្តូរត្រូវធ្វើទៅតាមពេលវេលាដែលចាំបាច់ត្រូវតាមស្ថានភាព និងតម្រូវការចាំបាច់ ដើម្បីធានាប្រសិទ្ធភាព និងកាតព្វកិច្ច។ សេណារីយ៉ូទី ១ បើសិនជាយឺត អសកម្មគឺយើងត្រូវរកអ្នកដែលសកម្ម រកអ្នកដែលលះដើម្បីធ្វើ ហើយរឿងច្រើនណាស់ដែលអាចធ្វើបានដោយមិនចាំបាច់ជំនួយពីថ្នាក់លើ … ឥឡូវពេលដែលមានប្រតិភូកម្មសិទ្ធិអំណាចទៅដល់ស្រុកក្រុងទៀត គណៈអភិបាលស្រុក/ក្រុង កាន់តែរឹងមាំ កាន់តែមានអំណាចនៅក្នុងការវះកាត់។ បើសិនជាសម្រេចនៅក្នុងការវះកាត់ហើយ សកម្មមែននោះ នេះគឺជាការសំខាន់។ អញ្ចឹងបើកន្លែងក្តៅយើងទប់មិនជាប់ស្ថានភាពនេះ យើងត្រូវតែរៀបចំគិតគូរនៅក្នុងការរៀបចំមេទ័ពនៅក្នុងទ័ពឲ្យបានខ្លាំង អង្គភាពទ័ពឲ្យខ្លាំងតែម្តង។
ជម្រើសទី ២ សេណារីយ៉ូទី ២ គាត់ខំប្រឹងហើយ តែគីឡូស្រាល … មិនមែនបានន័យថាទៅធ្វើហើយ ស្រាប់តែមានគេធំជាងមក គាត់សំងំស្ងៀម។ ហ្នឹងទៅជាអសកម្មហើយ តែបើនៅតែពុះពារដដែលហ៊ានធ្វើដើម្បីផលប្រយោជន៍ក្នុងភូមិស្រុករបស់គាត់ គេហៅថា វីរៈបុរស។ អញ្ចឹងហើយត្រូវស្នើការគាំទ្រពីថ្នាក់លើ ជំហាន ១ គឺខេត្តតែម្តង។ ខេត្តត្រូវចាត់កម្លាំងដើម្បីជួយដោះស្រាយបញ្ហានេះ។ ដូចខ្ញុំនិយាយទទួលខុសត្រូវតាំងពីក្រោមទៅដល់លើ សិទ្ធិទាញពីលើទៅឲ្យក្រោម យើងប្រគល់ឲ្យហើយ។
(៣៩) យន្តការជួរមុខអាចសុំអន្តរាគមន៍ពីខេត្តនិងពីថ្នាក់ជាតិ
អញ្ចឹងត្រូវចូលរួមដែរ។ បើមេស្រុកគាត់ខំប្រឹងហៅមកលើអត់គាំទ្រ គ្នាខំវាយចង់ងាប់ទ័ពតែប៉ុន្មាននាក់ខំការពារទីតាំង តែសុំរថក្រោះសុំកាំភ្លើងធំថា្នក់លើអត់ឲ្យៗ គ្នាទៅណា។ ត្រូវតែបញ្ជូនទ័ពជំនួយ ឬបាញ់គាំទ្រការពារកាំភ្លើងធំនៅលើជួយ។ ថវិកាវិមជ្ឈការ សិទ្ធិទៅឲ្យហើយ។ ខេត្តជួយគ្នា។ អញ្ចឹងយើងគិតទាំងអស់។ អញ្ចឹងបើសិនជាយើងឃើញថាការខិតខំសកម្មតែមិនគ្រប់គីឡូ ទី១ ត្រូវសុំអន្តរាគមន៍ដើម្បីដោះស្រាយ។ សុំអន្តរាគមន៍ខេត្ត។ ខេត្តជួយមិនកើត ទប់មិនជាប់ ខំប្រឹងអស់ហើយ ស្នើសុំថ្នាក់ជាតិ ខ្ញុំថាអស់ត្រឹមនាយករដ្ឋមន្ដ្រីហើយ។ បើនាយករដ្ឋមន្ដ្រីត្រូវការជំនួយ ហើយខ្ញុំបញ្ជាមិនបានទាក់ទងនឹងរឿងរដ្ឋបាល នឹងរឿងធនធានធម្មជាតិ មិនដឹងថាអ្នកណាធ្វើ? ខ្ញុំគិតថានៅក្នុងអង្គការអំណាចនីតិបញ្ញត្ដិ នីតិប្រតិបត្ដិនេះ គ្មានអ្នកណាធំជាងនាយករដ្ឋមន្ដ្រីទេ។ បើស្នើទៅថ្នាក់ជាតិ ត្រូវតែលុះឲ្យចេញ។ យន្ដការថ្នាក់ជាតិមានត្រៀមអន្ដរាគមន៍ធនធានដើម្បីជួយ សំខាន់ឲ្យទាន់ពេលវេលា ហើយខិតខំឲ្យអស់លទ្ធភាពខាងក្រោម។ កុំ pass មកលើ (ដោយ)អត់ទទួលខុសត្រូវ។
(៤០) បើជួយហើយ ប្រឹងអស់លទ្ធភាពហើយ នៅតែមានបញ្ហា ចាំបាច់ត្រូវធ្វើការកែសំរួលយន្តការ
កុំអោយថារឿងត្រូវដោះ(ស្រាយបាន) បែរជាចាំក្រុមការងារថ្នាក់ជាតិមកបានបោះឲ្យក្រុមការងារថ្នាក់ជាតិដោះស្រាយ។ ដោះស្រាយឲ្យអស់លទ្ធភាព ចាំស្នើសុំឲ្យយើងធ្វើ។ នេះហើយការដោះស្រាយបញ្ហានិងការថែរក្សា សិទ្ធិ និងការទទួលខុសត្រូវ។ ដោះ(ស្រាយ)ចប់ ថែរក្សាបានឬអត់? បើដោះចប់ ពេលដែលក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្តដកទៅវិញ មកវិញដដែល ហ្នឹងយើងត្រូវមើល។ ប្រហែលជាមេទ័ពគាត់គីឡូខ្វះមែន ព្រោះគីឡូធំគឺការថែរក្សា … តើខ្វះធនធាន ឬមួយខ្វះគីឡូ។ ខ្វះធនធានយើងបង្កើនជំនួយតាមលទ្ធភាពដែលអាចធ្វើទៅបាន បង្កើនជំនួយទៅ ប៉ុន្តែត្រូវធ្វើម៉េចការធានាការជួយរបស់គាត់។ ប្រសិនបើនៅមានសេណារីយ៉ូ ដែលថាគាត់ប្រឹងអស់ហើយ លទ្ធភាពមានហើយ ប៉ុន្ដែការវះកាត់អារកាត់របស់គាត់មិនទាន់លះ ឬអាចមានបញ្ហាណាមួយ ធ្វើឲ្យការគ្រប់គ្រងសភាពការណ៍ចកនេះរសាត់មកវិញនៅពេលដែលកំលាំងថ្នាក់លើ(ដកមកវិញ) ពេលបង្កើនអស់ហើយធនធាននៅបច្ចុប្បន្នមានការលំបាក ប្រហែលជាចៀសមិនរួចយើងត្រូវការកែសម្រួល។
(៤១) ជ្រើសរើសរវាងយុត្ដិធម៌បុគ្គលនិងយុត្ដិធម៌សម្រាប់ផលប្រយោជន៍រួមរបស់ជាតិ
ចុះថា មិនយុត្ដិធម៌សំរាប់គាត់ទេអី? គាត់ថាប្រឹងហើយនៅតែទប់មិនបាន។ ថាអសកម្មចុះក៏មានការកែសម្រួល ចុះខំប្រឹងហើយគ្រាន់តែទប់មិនជាប់ក៏ត្រូវកែសម្រួលដែរ។ តើគ្មានយុត្ដិធម៌សំរាប់គាត់ឬទេ? ខ្ញុំសូមបញ្ជាក់ យើងត្រូវជ្រើសរើសរវាងយុត្ដិធម៌សំរាប់បុគ្គលនិងយុត្ដិធម៌សំរាប់ផលប្រយោជន៍រួមរបស់ជាតិ។ យុត្ដិធម៌របស់បុគ្គល យើងឲ្យតម្លៃលើការខិតខំប្រឹងប្រែងរបស់គាត់ ប៉ុន្ដែទីបំផុតលទ្ធភាព(នៃ)សមត្ថភាពក្នុងការថែរក្សានៅធនធាននេះ គឺជាអ្វីដែលយើងឲ្យតំលៃ។ ប្រសិនបើគាត់ធ្វើទៅមិនបានទេ យើងត្រូវគិតយុត្ដិធម៌សំរាប់គាត់ក្នុងរូបភាពអីផ្សេង។ ការលើកទឹករបស់គាត់ទៅលើអីផ្សេងដែលថាដាក់នៅកន្លែងណាដែលមិនសូវការចំបាច់ (មិន)ក្ដៅ ហើយយកមេទ័ពខ្លាំងមកដាក់កន្លែងក្ដៅ ដើម្បីឲ្យអ្នកដែលខ្លាំងយកឱកាសនេះផ្ដល់យុត្ដិធម៌ ធានានូវប្រសិទ្ធភាពជូនទៅដល់ប្រជាជន។ អញ្ចឹងយើង(ផ្ដល់)យុត្ដិធម៌ទាំងពីរ … គាត់ប្រឹងហើយ។ យើងមិនពិន័យគាត់ទេ យើងគ្រាន់តែអោយគាត់ទៅកន្លែងណាជាការដោះស្រាយគោលនយោបាយ ផ្ដល់ការលើទឹកចិត្តគាត់សមរម្យ ប៉ុន្ដែនៅកន្លែងណាដែលគាត់ខ្លាំង។ បើកន្លែងនឹងគាត់មិនជំនាញ ឬកន្លែងក្ដៅខ្លាំងនឹងគាត់ទទួលបាន ដាក់គាត់នៅកន្លែងនឹងក៏បង្ខំគាត់ និងអយុត្ដិធម៌សំរាប់គាត់ដែរ។ យើងត្រូវធានាថាអ្នកដែលខ្លាំង មេទ័ពខ្លាំង យកមកដាក់នៅកន្លែងខ្លាំងហ្នឹងដើម្បីធានាប្រសិទ្ធភាពក្នុងការថែរក្សា កុំឲ្យមានរឿងដដែលជាដដែល។
(៤២) រាំងស្កាត់ការទន្ទ្រានដីរដ្ឋដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋក្នុងសហគមន៍
ខ្ញុំសូមបញ្ជាក់ឡើងវិញការអភិរក្សវប្បធម៌យើងត្រូវតែមាន ប៉ុន្ដែដែនដីព្រៃភ្នំរបស់យើងក៏ត្រូវការពារ។ ការជួយទៅដល់ប្រជាពលរដ្ឋយើងត្រូវជួយហើយ ការចេញប័ណ្ណដី ការដោះស្រាយបញ្ហាដីធ្លី យើងធ្វើ។ ឥឡូវ យើងចេញបាន ៧ លានប័ណ្ណ យើងនៅសល់ ៥ លានប័ណ្ណទៀត ដែលយើងត្រូវចេញឲ្យប្រជាពលរដ្ឋ។ ឥឡូវក្រសួងដែនដីកំពុងប្រឹងប្រែងធ្វើ។ យើងនឹងដោះស្រាយបន្ដទៀត ដើម្បីប្រជាជនយើងមានកម្មសិទ្ធិស្របច្បាប់គ្រប់ទាំងអស់។ ក្រៅពីនោះ អ្នកដែលអត់ពិតប្រាកដ យើងមានសម្បទានសង្គមកិច្ច កន្លែងខ្លះធ្វើទាំងផ្ទះឲ្យទៀត ទាំងយន្ដការរដ្ឋក៏មាន ទាំងសប្បុរជន ដូចសម្ដេចតេជោមានផ្ទះទេវតាមានអី ធ្វើឲ្យតែម្ដង។ យើងរួមគ្នាដោះស្រាយតាមហ្នឹងទៅវិញ ហើយលើកទឹកចិត្តការចូលរួមជួយទៀត។ ខ្ញុំឃើញប្រជាពលរដ្ឋកន្លែងខ្លះ រួមគ្នា ស្រាកគ្នាធ្វើផ្ទះជូន ធើ្វពីសង្ក័សី ធ្វើពីអីក៏អត់សំខាន់ ឲ្យតែមានការជួយគ្នា។ ប៉ុន្ដែការទន្ទ្រានការគ្របដណ្ដប់លើដីរដ្ឋត្រូវការការពារ ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍ហ្នឹងតែម្ដងដែលជាអ្នកត្រូវការពារ(ព្រៃឈើ) ព្រោះព្រៃឈើនៅកន្លែងគាត់អាចអត្ថប្រយោជន៍សំរាប់សហគមន៍។ ប្រសិនបើកន្លែងហ្នឹងត្រូវបានទន្ទ្រាន ហើយជាពិសេសអ្នកដែលមកពីក្រៅទៀត អ្នកដែលនៅកន្លែងនឹងអត់មានលទ្ធភាព(ធ្វើ)បានទេ អញ្ចឹងយើងត្រូវរួមគ្នាការពារ។
(៤៣) ករណីខ្វះកម្លាំង យន្តការជួរមុខអាចប្រើប្រជាការពារ ការពារសម្បត្តិជាតិ
(យន្តការស្រុក)ត្រូវប្រើធនធានឲ្យអស់លទ្ធភាព (ប្រសិន)បើយើងខ្វះកំលាំង សូមប្រើប្រាស់កំលាំងប្រជាការពារឲ្យអស់លទ្ធភាព។ ប៉េអឹមស្រុកមានចំនួនកំណត់។ យោធាស្រុក ខ្ញុំដឹងកន្លែងខ្លះមួយស្រុកមានតែបីនាក់ទេ។ ទៅរៀនម្នាក់ ឈឺម្នាក់ទៀត នៅសល់តែម្នាក់។ នគរបាល ក៏មានតិចណាស់។សំខាន់សហគមន៍ទាំងមូលរួមគ្នាការពារតែម្ដង ដើម្បីទាញផលប្រយោជន៍រួម ប្រើឲ្យអស់លទ្ធភាពនៅហ្នឹងមូលដ្ឋាន។ ការលើកទឹកចិត្ត និងការជំរុញ ខ្ញុំជឿថាប្រជាពលរដ្ឋមិនចិត្តអាក្រក់ក្នុងការការពារនៅភូមិឃុំគាត់ទេ។ អញ្ចឹងការរើសអភិបាលក្រុង/ស្រុក ជាពិសេសនៅតំបន់ក្ដៅនេះ នឹងមានការពិនិត្យឡើងវិញ ជាពិសេសនៅតំបន់ដែលក្ដៅ។ យើងត្រូវដោះ(ស្រាយ) យុត្ដិធម៌សំរាប់បុគ្គល ជាមួយយុត្ដិធម៌រួមរបស់យើង ហើយត្រូវឲ្យអាទិភាពលើយុត្ដិធម៌រួម គឺការការពារសម្បត្ដិរួមរបស់ជាតិ ទប់ស្កាត់ការបំផ្លាញព្រៃឈើ ជាពិសេសត្រូវការមេទ័ពនៅលើដីឲ្យខ្លាំងតែម្ដង … ហើយខេត្ត សូមផ្ដល់អាទិភាពជួយដល់ស្រុកហ្នុង។ ក្នុងមួយខេត្តពោធិ៍សាត់ អត់មានខេត្តច្រើនដែលមានបញ្ហាទន្រ្ទានដីធ្លីទេ។ អញ្ចឹងខេត្តពោធិ៍សាត់សូមផ្ដល់អាទិភាពទៅដល់ហ្នឹង ហើយគណៈកម្មាការថ្នាក់ជាតិចុះមកផ្ដល់ទៅហ្នឹងដែរ។ មិនត្រឹមតែបង្ក្រាបទប់ស្កាត់ទេ តែត្រូវថែរក្សាឲ្យបានល្អបន្ថែមទៀត។
ទាក់ទងនឹងការថែរក្សាបរិស្ថានដីធ្លីនេះ ទាក់ទងនឹងចំណាត់ការដែលយើងគិតគូរពីខាងក្រោយ ព្រោះការងារនេះទាក់ទងទៅនឹងធនធានមនុស្ស ការដឹកនាំ ប្រគល់សិទ្ធិអំណាចត្រូវការជ្រើសរើសមនុស្សឲ្យត្រូវ ឲ្យខ្លាំង។ ក្នុង ២០០ ស្រុកជាង មិនដល់ ១០ ស្រុក/ក្រុង ដែលមានបញ្ហាខ្លាំងនេះ។ យើងត្រូវពិនិត្យនឹងវាយតម្លៃ លើកទឹកចិត្ត ជំរុញឲ្យអស់លទ្ធភាពទៅដល់ការជួយមេទ័ពជួរមុខ។ បើមេទ័ពជួរមុខរបស់យើងអត់ចូលរួមជាមួយ គាត់ចូលរួមហើយគ្មានប្រសិទ្ធភាព ត្រូវបន្ដជួយគាត់ទៀត ប៉ុន្ដែបើគាត់ចូលរួមហើយអស់លទ្ធភាពហើយនៅមិនទាន់គ្រប់ យើងត្រូវគិតគូរពីការផ្ដល់នូវការយោគយល់ និងការលើកទឹកចិត្តបែបផ្សេង ទុកកន្លែងនេះឲ្យអ្នកដែលខ្លាំង មេទ័ពដែលខ្លាំងចូលមកកាន់កាប់សមរភូមិ កុំឲ្យមានបញ្ហាដូចវែកចក … ព្រោះយូរៗ ធ្វើឲ្យមានជាបញ្ហាជម្លោះដីធ្លី … អញ្ចឹងគឺការអភិរក្សនៅទីនេះ ជាពិសេសគឺខេត្តពោធិ៍សាត់ដែលខ្ញុំបានសុំតែម្ដង …។
(៤៤) អភិរក្សបរិវេណសងខាងផ្លូវអន្ទង់អាំងជាតំបន់អភិរក្សធម្មជាតិ
ទាក់ទងនឹងអភិរក្សដែរ ខ្ញុំសុំលើកពីរចំណុច។ ទីមួយផ្លូវអន្ទង់អាំង ឬ(ផ្លូវ)បុប្ជាលាក់ខ្លួន។ កន្លែងហ្នឹង ខ្ញុំឲ្យពិនិត្យឡើងវិញ។ នៅស្រុកខ្មែរមានតែកន្លែងហ្នឹងទេ ហើយតែ ៤គីឡូគត់ វាស់ត្រង់ បើគិតជាផ្លូវ ១០គីឡូ។ កន្លែងហ្នឹង ខ្ញុំទៅចុះថតរូប ហើយសម្ដេចតេជោទៅ ហៅថា បុប្ផាលាក់ខ្លួន។ កន្លែងហ្នឹងរក្សាបានល្អសំរាប់អត្ថប្រយោជន៍យើងរយៈពេលវែង ហើយកន្លងទៅក៏មានការឈូសឆាយអភិវឌ្ឍកន្លែងខ្លះ។ ខ្ញុំសូមឲ្យពិនិត្យឡើងវិញ ត្រូវកែសម្រួលការអភិវឌ្ឍ រកវិធីដោះស្រាយកម្រិតណា រក្សាកន្លែង ៤ គីឡូដីហ្នឹង តំបន់សងខាងហ្នឹងគឺជាតំបន់អភិរក្សធម្មជាតិសម្រាប់ប្រជាពលរដ្ឋ និងទេសចរក្នុងស្រុក និងក្រៅស្រុករាប់លាននាក់ មកសប្បាយនៅផ្លូវអន្ទង់អាំងភ្នំ១៥០០ ហ្នឹង។ បើចង់អភិវឌ្ឍធ្វើកន្លែងសំរាកអីទៅហួសបន្ដិច។ ផ្លូវរាប់រយគីឡូយើងធ្វើបាន ហើយអ្នកបត់ជើងក៏អត់ចាំបាច់បត់ជើង ៤គីឡូហ្នឹងដែរ។ បើថា(ឈឺ)ជ្រុលខ្លាំង (ខ្ញុំមិនថាទេ) ព្រោះហ្នឹងតាមធម្មជាតិ ប៉ុន្ដែអត់ចាំបាច់នៅកន្លែងហ្នឹង យើងគួររក្សាកន្លែងនឹង(ដើម្បី)ភាពទាក់ទាញ។
ខ្ញុំសូមឲ្យក្រុមការងារអន្ដរក្រសួងមួយ ដើម្បីចុះធ្វើការពិនិត្យ ធ្វើបច្ចុប្បន្នភាព និងធ្វើការងារជាក់ស្ដែង ជាមួយអ្នកកាន់កាប់ដែលមានអាជ្ញាប័ណ្ណ ដើម្បីដោះស្រាយថែរក្សាការងារបរិស្ថាននៅកន្លែងនេះ(ផ្លូវបុប្ផាលាក់ខ្លួន)ឲ្យបានយូរអង្វែង ហើយខ្ញុំប្រគល់ភារកិច្ចជូនឯកឧត្តម កែវ រតនៈ ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តពោធិ៍សាត់នេះ ដឹកនាំក្រុមការងារអន្ដរក្រសួង ពាក់ព័ន្ធជាមួយអាជ្ញាធរខេត្តដើម្បីធ្វើការងារនេះ ដើម្បីដោះស្រាយ។ យើងដោះស្រាយឲ្យមានយុត្ដិធម៌ទាំងសងខាង។ យើងគិតគូ រប៉ុន្ដែផលប្រយោជន៍ធំគឺផលប្រយោជន៍រួមយូរអង្វែង ដែលថាថែរក្សាតំបន់នេះជាតំបន់ធម្មជាតិព្រៃឈើ ទាំងសងខាងរបស់ជញ្ជាំងភ្នំហ្នឹង ៤គីឡូត្រង់ហ្នឹង គឺឲ្យល្អតែម្ដង។ មានអ្នកវាលវែងទេ? មានអ្នកមកពីភ្នំ ១៥០០ទេ? មានអ្នកស្គាល់តំបន់ភ្នំ ១៥០០ ផ្លូវអន្ទង់អាំង មានប៉ុន្មាននាក់ធ្លាប់ទៅ? ឥឡូវយ៉ាងម៉េចចង់មានធ្វើតូបអីចូលកម្សាន្ដ ឬទុកកន្លែងហ្នឹងដាំព្រៃមួយប្រលោះហ្នឹង ទុកឲ្យព្រៃភ្នំល្អថ្ងៃក្រោយជិះទៅត្រជាក់ភ្នែក … ឥឡូវប៉ុន្មាននាក់ដែលគាំទ្រកន្លែងហ្នឹងជាកន្លែងអភិរក្ស ជាកន្លែងដាំដើមឈើសងខាង។ សូមទះដៃ។ ឥឡូវហាក់ដូចជាប្រជាជន អ្នកពោធិ៍សាត់ចង់បានកន្លែងហ្នឹង ហើយខ្ញុំអ្នកភ្នំពេញក៏ឃើញកន្លែងហ្នឹងល្អដែរ។ អញ្ចឹងយើងទុកទៅ។ តែ ៤គីឡូតើ បើវាស់ត្រង់។ បើផ្លូវអន្ទង់ ១០គីឡូ ហើយជិះកុំលឿនពេកប្រយ័ត្នពុល។ បងប្អូនដែលមានអាជ្ញាប័ណ្ណ សូមក្រុមការងារពិនិត្យមើលដើម្បីយើងដោះស្រាយកម្រិតណា។
(៤៥) គាំទ្រគម្រោងវិនិយោគទេសចរខ្នាតតូចភ្ជាប់នឹងធម្មជាតិតាមលក្ខការណ៍មួយចំនួន
ពាក់ព័ន្ធទៅនឹងគម្រោងវិនិយោគទេសចរណ៍ខ្នាតតូចភ្ជាប់នឹងធម្មជាតិ ដែលក្រោម ១០ហិកតា។ ខ្ញុំមិនជំទាស់ទេនូវគោលគំនិត(រៀបចំ)។ តាមពិតខ្ញុំគាំទ្រទៅដល់ការអភិវឌ្ឍបែបជាប់ធម្មជាតិនេះ … ខ្ញុំបានប្រាប់ហើយ នៅប្រជុំគណៈរដ្ឋមន្ដ្រីថ្ងៃមុន ខ្ញុំមិនមែនអ្នកដេកអោបដើមឈើដើម្បីមិនឲ្យមានការទាញយកផលឲ្យប្រជាពលរដ្ឋនោះទេ ក៏ប៉ុន្ដែយើងទាញទាំងពីការថែទាំព្រៃឈើ បូកជាមួយការទាញផលឲ្យសហគមន៍។ អញ្ចឹងការវិនិយោគទេសចរណ៍ខ្នាតតូចភ្ជាប់ធម្មជាតិនេះ សំដៅពិសេសទាញផលពីការអភិវឌ្ឍ បង្កើតការងារចំណូលក្នុងសហគមន៍ប្រជាពលរដ្ឋ។ កិច្ចការងារនេះ ខ្ញុំគាំទ្រ ប៉ុន្ដែត្រូវមានការត្រួតពិនិត្យឲ្យស្រួលបួល។ ទី១ ខ្ញុំបានចេញបទបញ្ជាឲ្យក្រសួងបរិស្ថានផ្អាកចេញអាជ្ញាប័ណ្ណថ្មី ហើយឱ្យបានធ្វើតាំងពីដើមអាណត្ដិមក។ ទី២ អាជ្ញាប័ណ្ណដែលមានស្រាប់ ប្រជាពលរដ្ឋបងប្អូនដែលបានអាជ្ញាប័ណ្ណស្រាប់ ហើយកំពុងធ្វើ បន្តធ្វើទៀតចុះ។
ពេលជាមួយគ្នា (ទី១)សូមឱ្យក្រសួងរៀបចំក្រុមការងារចុះពិនិត្យមើលជាក់ស្ដែង សហការជាមួយអាជ្ញាធរមូលដ្ឋាន។ ចំពោះគម្រោងដែលបានអនុវត្តហើយស្របតាមគោលការណ៍ ធានាតាមបទដ្ឋាន ផ្អែកទៅលើតាមកិច្ចសន្យាដែលបានចុះជាមួយក្រសួងគឺអនុញ្ញាតឱ្យបន្តធ្វើ ហើយលើកទឹកចិត្តឱ្យធ្វើ។ ប៉ុន្តែចំពោះគម្រោងវិនិយោគណាដែលបានអនុវត្តហើយមិនត្រូវតាមគោលការណ៍ ហើយបើសិនជាមានការខុសឆ្គងធ្ងន់ធ្ងរត្រូវដក។ បើធ្វើទៅ វាខុសបន្ដិចបន្ដួច យើងកែបានតាមបទដ្ឋាន។ យើងកែសម្រួល តែបើសិនជាសុំកន្លែងហ្នឹង តែមិនយកទៅធ្វើ អភិវឌ្ឍទេសចរណ៍ភ្ជាប់ជាមួយនឹងធម្មជាតិ តែទៅយកធម្មជាតិចេញកាប់ឈើអស់ … ដកអាជ្ញាប័ណ្ណចោល។
ចំពោះអ្នកដែលបានអាជ្ញាប័ណ្ណហើយ តែមិនទាន់អនុវត្តន៍ យើងទុកពេលឱ្យ ៦ខែ កុំឱ្យថានាយករដ្ឋមន្រ្តីប្រកាសហើយ ដកគាត់។ ជួនកាល កូវីដ១៩ផង (វិបត្តិសេដ្ឋកិច្ច)អីផង គាត់មានបំណងចង់ធ្វើ ប៉ុន្តែគាត់មិនទាន់មានលទ្ធភាពធ្វើ រវល់តែដោះស្រាយរឿងនេះ(រឿងនោះ)។ អញ្ចឹងទុក(រយៈពេល) ៦ខែជូន ពីថ្ងៃដែលក្រសួងចេញការណែនាំ ហើយក្រសួងបរិស្ថាន។ មានតំណាងមកទេ? យើងចេញគោលការណ៍ណែនាំពីថ្ងៃណា? ពីថ្ងៃប្រជុំគណៈរដ្ឋមន្រ្តី ទី១៥ ខែមីនា។ អញ្ចឹងចាប់ពីថ្ងៃទី ១៥ ខែមីនា ក្រសួងបានចេញគោលការណ៍ណែនាំភ្លាម ចំពោះគម្រោងវិនិយោគដែលបានអាជ្ញាប័ណ្ណ បានសិទ្ធិហើយ តែមិនទាន់បានអនុវត្តន៍ (ក្រសួង)ទុកពេល ៦ខែ ដើម្បីឱ្យរៀបចំផែនការ និងចាប់ផ្ដើមអនុវត្តចុះ។ សូមគោរពតាមបទដ្ឋាន និងកុងត្រាដែលបានធ្វើ។ បើមិនអញ្ចឹង នឹងប្រឈមជាមួយនឹងការដកអាជ្ញាប័ណ្ណ។ បើប្រព្រឹត្តិខុស អាចប្រឈមជាមួយនឹងច្បាប់ទៀត … ដើម្បីឱ្យមានយុត្តិធម៌ទាំងសងខាង យុត្តិធម៌សម្រាប់អ្នកវិនិយោគ អ្នកដែលចងចិត្តស្រលាញ់ ព្រោះអ្នកដែលដាក់អាហ្នឹង ភាគច្រើន(ជា)អ្នកស្រលាញ់(ធម្មជាតិ)។
អ្នកខ្លះទៅដេកនៅក្នុងព្រៃ ដើម្បីអភិវឌ្ឍ រៀបចំជាផ្ទះ គីយ៉ូស្ក ដើម្បីកុំឱ្យប៉ះដើមឈើ ច្នៃផលិតផលនៅក្នុងព្រៃហ្នឹង តើយើងអាចទាញយ៉ាងម៉េច ដើម្បីបានជាផលិតផល (ទាញ)ទេសចរមក សហគមន៍មានលទ្ធភាពទាញអាហ្នឹង។ ទឹកជ្រោះកន្លែងនេះ ធ្វើម៉េចដើម្បីយើងទាញ(ទេសចរ)មកបាន ដើម្បីបាននូវផលចូលប្រជាពលរដ្ឋ ហើយការជួយធ្វើនេះ វិនិយោគខ្នាតតូចភ្ជាប់ជាមួយធម្មជាតិនេះ គឺផ្សារភ្ជាប់ផលប្រយោជន៍សេដ្ឋកិច្ចជាមួយនឹងផលប្រយោជន៍បរិស្ថាន។ បានន័យថាបើសិនជាកន្លែងហ្នឹងការពារកាន់តែល្អ អភិវឌ្ឍន៍កន្លែងហ្នឹងកាន់តែទាក់ទាញ ចំណូលបានកាន់តែច្រើន អញ្ចឹងគឺជួយការពារបរិស្ថាន ការពារព្រៃឈើនៅកន្លែងហ្នឹងតែម្តង។ អញ្ចឹងពាក់ព័ន្ធនឹងការវិនិយោគទេសចរណ៍ខ្នាតតូចភ្ជាប់ធម្មជាតិនេះ ខ្ញុំលើកទឹកចិត្តហើយ ប៉ុន្តែចំពោះការសុំគោលការណ៍ថ្មីឲ្យលើកស្នើមករាជរដ្ឋាភិបាលសម្រេចតាមរយៈក្រសួងបរិស្ថាន មិនថាក្រោម ១០ ហិកតា ឬមួយលើ ១០ ហិកតា ដែលស្នើសុំមកនេះ គឺស្នើមក។ រាជរដ្ឋាភិបាល តាមរយៈក្រសួងបរិស្ថានធ្វើជាអ្នកចុះវាយតម្លៃ ជាអ្នកលើកយោបល់ ហើយគ្រាន់តែត្រូវការត្រួតពិនិត្យនិងសំរេចផ្តល់សិទ្ធ និងការអនុញ្ញាតពីរាជរដ្ឋាភិបាល ដើម្បីយើងការពារទាំងអស់គ្នា អ៊ំ ពូ មីង បងប្អូន។
កន្លែងហ្នឹងមានសកម្មភាពប្រជាពលរដ្ឋរស់នៅហ្នឹង អញ្ចឹងអាចទាញអនុផលព្រៃឈើយ៉ាងម៉េច ទាញផលពីវិស័យផ្សេងៗភ្ជាប់ជាមួយនឹងព្រៃឈើរបស់យើង ភូមិ ឃុំរបស់យើងយ៉ាងម៉េច បង្កើតទេសចរណ៍ធម្មជាតិយ៉ាងណា? ធ្វើយ៉ាងណា ដើម្បីយើងការពារបានទាំង ២។ ហើយសុំឲ្យអាជ្ញាធររាជធានីខេត្ត ស្រុក ក្រុង យកចិត្តទុកដាក់ទៅលើកិច្ចការនេះ លើកកម្ពស់ លើកស្ទួយ និងជួយក្រសួងអាជ្ញាធរ ក្រសួង ស្ថាប័ន ពាក់ព័ន្ធ ធនាគារ SMEs ដែលយើងមាន គិតគូរពីការផ្តល់ផលដល់នេះផង។ ហ្នឹងគិតហើយខ្នាតតូចគឺ SMEs ហ្នឹងឯង SMEs មិនសំដៅថារោងចក្រ សិប្បកម្មផលិតស្ករត្នោតនោះទេ ទេសចរណ៍ខ្នាតតូចក៏ត្រូវគិត ហើយយើងថ្ងៃក្រោយគិតពីប្រភពផ្សេងៗទៀត។ វិស័យឯកជនចូលរួម ដើម្បីយើងភ្ជាប់ជាមួយគ្នា។ ពាក់ព័ន្ធជាមួយការអភិរក្សនៅខេត្តពោធិ៍សាត់ ខ្ញុំសូមបញ្ជាក់តែម្តង នៅទីនេះ លោកតា លោកយាយ អ៊ំ ពូ មីង អភិរក្សសាសនា អភិរក្សវប្បធម៌ អភិរក្សទឹកដី អភិរក្សព្រៃឈើ ដើម្បីធានាឲ្យការអភិវឌ្ឍប្រទេសជាតិយើងប្រកបដោយចីរភាព គឺជាកាតព្វកិច្ចដែលយើងត្រូវធ្វើទាំងអស់គ្នា ហើយរាជរដ្ឋាភិបាលនឹងបន្តយកចិត្តទុកដាក់ និងចាត់វិធានការលើកិច្ចការនេះដើម្បីដាក់ចេញគោលនយោបាយ និងវិធានការអនុវត្តនេះឲ្យបានទាំងអស់គ្នា។ កន្លែងណាដែលត្រូវអភិវឌ្ឍន៍មាន zone ច្បាស់លាស់ កន្លែងណាត្រូវអភិរក្ស កន្លែងណាដែលត្រូវពាក់កណ្តាលអភិវឌ្ឍន៍និងអភិរក្ស …។
(៤៦) ផ្អាកចេញអាជ្ញាប័ណ្ណថ្មី ការស្នើសុំថ្មីធ្វើតាមរយៈក្រសួងបរិស្ថាន អនុវត្តគម្រោងដែលបានផ្តល់អាជ្ញាប័ណ្ណរួចហើយតាមគោលការណ៍
ពាក់ព័ន្ធចំណុចគម្រោងទេសចរណ៍ខ្នាតតូចភ្ជាប់នឹងធម្មជាតិ ក្រែងលោក្រសួងចេញសេចក្តីណែនាំអត់ច្បាស់ ព្រោះកន្លងទៅមានបងប្អូនខ្លះអត់ច្បាស់ ថាម្តងឲ្យធ្វើម្តងអត់ឲ្យធ្វើ ម៉េចចឹង។ អត់ទេ ខ្ញុំបញ្ជាក់ឡើងវិញ រាល់ការចេញអាជ្ញាប័ណ្ណថ្មីគឺផ្អាក ហើយការស្នើសុំថ្មី គឺស្នើសុំមកដល់រាជរដ្ឋាភិបាល តាមរយៈក្រសួងបរិស្ថាន។ ទី២ ការអនុវត្តគម្រោងដែលបានផ្តល់អាជ្ញាប័ណ្ណរួចហើយ អ្នកដែលមានអាជ្ញាប័ណ្ណហើយ បន្តអនុវត្តចុះ សូមគោរពនៅក្នុងគោលការណ៍ដែលបានធ្វើ ថែរក្សាភ្ជាប់ការវិនិយោគរបស់ខ្លួនជាមួយនឹងធម្មជាតិ អនុវត្តឲ្យបាន។ ក្រសួងត្រូវរៀបចំ នឹងត្រួតពិនិត្យឡើងវិញ អ្នកដែលបានធ្វើ កំពុងធ្វើ កំពុងអនុវត្តនូវគម្រោងនោះ តិចច្រើន យឺតលឿន ត្រូវបន្តលើកទឹកចិត្ត និងជួយឲ្យធ្វើ អាជ្ញាធរមូលដ្ឋានជួយសម្រួល។ អ្នកដែលបានអាជ្ញាប័ណ្ណតែមិនទាន់បានធ្វើ ទុកពេល ៦ខែ ដើម្បីបងប្អូនអាចមានលទ្ធភាពប្រមូលរៀបចំផែនការ ចាត់តាំងអនុវត្តធ្វើ ហើយសូមគោរពតាមបទដ្ឋាន។ ចំពោះអ្នកដែលមិនធ្វើតាមគោលការណ៍ មិនអនុវត្តតាមគោលការណ៍ ជាពិសេសមានកំហុសធ្ងន់ធ្ងរ នឹងត្រូវប្រឈមនឹងការដកហូតអាជ្ញាប័ណ្ណនេះ។ សូមបញ្ជាក់ប៉ុណ្ណេះពាក់ព័ន្ធទៅនឹងការវិនិយោគ គម្រោងវិនិយោគទេសចរណ៍ខ្នាតតូចភ្ជាប់នឹងធម្មជាតិ។ សុំបញ្ជាក់ឲ្យបានច្បាស់ ប្រជាពលរដ្ឋនៅទីនេះ បូកជាមួយនឹងអ្នកដែលតាមដានតាមហ្វេសប៊ុក តាមអី សុំចែកព័ត៌មានកុំឲ្យមានការយល់ច្រឡំ។ អ្នកដែលធ្វើ ស្រឡាញ់ធម្មជាតិ បានអាជ្ញាប័ណ្ណធ្វើ។ អ្នកដែលចង់ធ្វើថែមទៀត ដាក់មក សុំគោលការណ៍ទៅ យើងអត់ហាមឃាត់ទេ តែសុំឲ្យគោរព ចូលរួមការពារទីផលប្រយោជន៍សេដ្ឋកិច្ចពីហ្នឹង ហើយការពារភ្ជាប់ផលប្រយោជន៍សេដ្ឋកិច្ចយើងផង។
(៤៧) អភិរក្សបរិវេណផ្លូវអន្ទង់អាំងសម្រាប់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស និងទេសចរណ៍ទូទាំងពិភពលោក
ឥឡូវខ្ញុំសុំប៉ុណ្ណឹង។ ទាក់ទងពិធីបុប្ជាលាក់ខ្លួននេះ សុំឲ្យចេញបុប្ជាលាក់ខ្លួនមែន លាក់ខ្លួនក្នុងព្រៃ មិនមែនលាក់ខ្លួននៅក្នុងចន្លោះគីយ៉ូស្កនោះទេ។ លាក់ខ្លួនព្រៃស្រង់ដែលនៅជុំវិញភ្នំ ហើយកន្លែងនេះមួយប្រទេសអត់មាននៅកន្លែងណាទៀតទេ highway យើងធ្វើបានរាប់ខ្សែ តែផ្លូវអន្ទង់អាំង កន្លែងភ្នំ ១៥០០ នេះ ខ្ញុំគិតថាគ្មានកន្លែងណាទៀត ដែលអាចធ្វើបានដូចអញ្ចេះ។ យើងរក្សាកន្លែងនេះ មិនមែនសម្រាប់តែប្រជាពលរដ្ឋអ្នកខេត្តពោធិ៍សាត់ទេ សម្រាប់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស និងទេសចរណ៍ទូទាំងពិភពលោក ដែលមកស្រុកខ្មែរយើងផង។ អម្បាញ់មិញទះដៃអបអរសាទរ ហើយចង់បានកន្លែងហ្នឹងទៅជាកន្លែងការពារ។ ថាហេតុអ្វីបានប្រគល់ភារកិច្ចឲ្យរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល? ម៉េចមិនប្រគល់ភារកិច្ចឲ្យរដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្រសួងអី? ដោយសារការងារនេះមិនមែនគ្រាន់តែដោះមួយដងទេ គឺត្រូវថែរក្សា តាមដានជាប់ជាប្រចាំ។ អញ្ចឹងក្រុមការងារថ្នាក់ជាតិ គឺជាអ្នកដែលនៅជាប់ជាប្រចាំ។ អញ្ចឹងប្រគល់សិទ្ធ និងការទទួលខុសត្រូវឲ្យអង្គុយមើលតែម្តង ព្រោះឯកឧត្តម អ៊ាង សុផល្លែត គាត់ទទួលដូចនៅត្បូងឃ្មុំនោះ។ ថ្ងៃមុនឲ្យអធិការកិច្ចចុះសិក្សា គាត់ទទួលនៅណា? នៅកំពង់ចាម។ អញ្ចឹងមានពេលណាមកមើលនៅនេះ។ អញ្ចឹងឲ្យអ្នកទទួលពោធិ៍សាត់ ហើយអ្នកខេត្តពោធិ៍សាត់តែម្តង មើលថែទាំព្រៃឈើពោធិ៍សាត់។
ហ្នឹងខ្ញុំនិយាយមួយកន្លែងអន្ទង់អាំង។ ដល់យន្តការផ្សេងៗទៀត យើងមានគណៈកម្មាធិការដែលដឹកនាំដោយឯកឧត្តម សៅ សុខា គឺជាសេនាធិការថ្នាក់ជាតិ។ ប៉ុន្តែអ្វីដែលសំខាន់គឺខេត្ត រដ្ឋបាលខេត្ត ស្រុក ក្រុងផ្ទាល់តែម្តង ជាអ្នកទទួលខុសត្រូវ ជាអាណាព្យាបាល ជាអ្នកទទួលសិទ្ធ ទទួលការគាំទ្រ និងទទួលខុសត្រូវទៅលើកិច្ចការនេះ។ អញ្ចឹងហើយ ខ្ញុំសុំភ្ជាប់កន្លែងក្តៅ គឺភ្ជាប់ទៅនឹងការតែងតាំង និងការផ្លាស់ប្តូរតែម្តង។ ផ្អែកទៅលើសមិទ្ធកម្មក្នុងការទប់ស្កាត់ និងដោះស្រាយបញ្ហាក្តៅ កុំឲ្យជាការបក់ផ្សែង ឬមួយមានការថែទាំមិនជាប់។ ត្រូវផ្តល់ឱកាសរើសមេទ័ពដែលខ្លាំងដើម្បីដឹកនាំទ័ពប្រយុទ្ធ និងការពារទីតាំងនៅទីនេះឲ្យជាប់ស្ថិតស្ថេរ មិនអាចបក់ផ្សែងរហូតបានទេ។ សារនេះមិនមែនតែនៅតំបន់ក្តៅនៅក្នុងខេត្តពោធិ៍សាត់ទេ នៅតំបន់ក្តៅគ្រប់កន្លែង។ សេណារីយ៉ូខ្ញុំបានលើក ខ្ញុំមិនលើកទៀតទេ។ រឿងមនោសញ្ចេតនា យុត្តិធម៌ ត្រូវថ្លឹងថ្លែងរវាងយុត្តិធម៌បុគ្គល និងយុត្តិធម៌រួម ត្រូវរើសផលប្រយោជន៍រួមគ្រប់ពេលវេលាទាំងអស់។ ខ្ញុំជឿថាប្រជាពលរដ្ឋចាំមើល ក្រែងថាខ្លាំងបានតែលើម៉េក្រូ។ អត់អីទេ និយាយខ្លាំងមិនសូវអី ខ្លាចៗស្ងាត់នោះ ព្រោះតែពេលស៊ីញ៉េអត់លឺសម្លេងទេ។ ស្រុក/ក្រុង ដូចអនុក្រឹត្យតើ។ លឿន។ មិនមែនគម្រាមទេ។ ខ្ញុំពន្យល់ហេតុផល។ ខ្ញុំគ្មានជម្រើសទេ។ ឲ្យរើសរវាងយុត្តិធម៌មន្ត្រី មេទ័ពម្នាក់ផ្តល់ឱកាសជូនគាត់ តែដាក់គាត់នៅតំបន់ក្តៅ ដែលត្រូវការពារសមរភូមិសម្រាប់ទូទាំងប្រទេស ខ្ញុំត្រូវសម្រេចចិត្តពីផលប្រយោជន៍ជាតិ ផលប្រយោជន៍ទូទាំងប្រទេស ដោយយត្រូវរើសមេទ័ពដែលខ្លាំងយកទៅការពារហើយ។ បើគាត់ដែលខិតខំប្រឹងប្រែងក៏ដោយតែគីឡូមិនគ្រប់ យើងឲ្យទៅទទួលមុខព្រួញផ្សេង។ នេះជាការចាត់ចែងដឹកនាំដើម្បីប្រសិទ្ធភាព កុំឲ្យការដោះស្រាយវែងឆ្ងាយ។
ប៉ុណ្ណឹងចុះ លោកតា លោកយាយ។ ប៉ុន្មានហើយ? ៥០ នាទី។ អត់ទេខ្ញុំលឺ ខ្ញុំគ្រាន់តែនិយាយថា ៥០ នាទី។ សុំទោសលោកតាលោកយាយ រាងវែងបន្តិច តែយើងជួបគ្នា ហើយលោកតា លោកយាយ អញ្ជើញមកតាំងពី ម៉ោង៤ លោកយាយលោកតាខ្លះ អញ្ជើញមក មកអត់ទាន់កន្លែងសម្រាក សម្រាកនៅវត្ត។ អរគុណណាស់ចំពោះការផ្តល់ទីតាំង។ ល្ងាចមិញឃើញច្រើន ហើយព្រឹកមិញក៏បានឲ្យខាងសន្តិសុខ ធ្វើម៉េច អ៊ំ ពូ មីង ដែលអញ្ជើញមកលើសនៃការរៀបចំ សុំធ្វើម៉េចឲ្យគាត់បានចូលមក។ ទោះបីជានៅរោងខាងនោះក៏ដោយ អីក៏ដោយ ក៏បានចូលរួម។ អរគុណណាស់ទឹកចិត្តនៅក្នុងការចូលរួម នៅក្នុងការអបអរ នៅក្នុងការសម្ពោធសមិទ្ធផលទាំងនេះនៅទីនេះសម្រាប់ពុទ្ធបរិស័ទរបស់យើង នៅខេត្តពោធិ៍សាត់ ក៏ដូចជានៅទូទាំងប្រទេស គឺជាអ្វីដែលជាការចូលរួមចំណែកបន្ថែមទៀត នៅក្នុងការពង្រឹងសាសនា ពុទ្ធសាសនា ដែលជាការពង្រឹង និងការបណ្តុះបណ្តាលធនធាន និងការអប់រំ សម្រាប់ចែកចាយដល់សង្គម។ សូមអរគុណណាស់ លោកតា លោកយាយ ហើយចូលឆ្នាំថ្មី សង្ក្រាន្តឆ្នាំថ្មីចូលមកដល់ រួមគ្នាឲ្យសប្បាយទាំងអស់គ្នា មិនថាចាស់ មិនថាក្មេង រួមគ្នាឲ្យសប្បាយ ហើយជាពិសេសក្មួយៗរាំឲ្យសប្បាយតែម្តង។ យើងប្រារព្ធពិធីប្រពៃណីជាតិរបស់យើង ហើយក្នុងខេត្តនីមួយៗ។
ខ្ញុំមិនបន្ថែមទៀតទេ។ ចប់មែនទែនហើយ។ លោកតា លោកយាយ អស់ត្រឹមអន្ទង់អាំងហ្នឹងហើយ។ បើចាំជាងគេលោកយាយ ចៅ ហ៊ុន ម៉ាណែត និយាយអីព្រឹកមិញ ថាអត់ដឹងទេ ចាំរឿងអន្ទង់អាំង។ ធម្មជាតិ ផ្លូវភ្នំ ១៥០០ អន្ទង់អាំងហ្នឹងហើយ វិនិយោគជាប់នឹងធម្មជាតិ ដែលជាសម្បត្តិរបស់ជាតិ។ សូមអរព្រះគុណព្រះតេជព្រះគុណ ព្រះអង្គគ្រប់ព្រះអង្គ អរគុណឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកតា លោកយាយ អ៊ំ ពូ មីង បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលអញ្ជើញចូលរួមនៅថ្ងៃនេះ ហើយសូមថ្វាយប្រគេនពរ និងជូនពរថ្វាយប្រគេនព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកតា លោកយាយ អ៊ំ ពូ មីង បងប្អូនក្មួយៗទាំងអស់ ឲ្យបានទទួលនូវសេចក្តីសុខ សុភមង្គល រីករាយឆ្នាំថ្មី ទទួលបានពុទ្ធពរ និងពរទាំង ៥ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ។ ជាមួយគ្នានេះ ខ្ញុំព្រះករុណាខ្ញុំ សូមនាំមកនូវសម្រាប់លោកតា លោកយាយ ២០០ នាក់ ម្នាក់ៗក្រណាត់ស ១ ដុំ ថវិកា ២ ម៉ឺនរៀល។ លោកគ្រូ អ្នកគ្រូ ១៣៩ នាក់ ម្នាក់ៗថវិកា ៥ ម៉ឺនរៀល។ ក្មួយៗសិស្សានុសិស្ស ២០២៩ នាក់ ម្នាក់ៗទទួលបានសៀវភៅ ២ ក្បាល ប៊ិច ១ ដើម និងថវិកា ១ ម៉ឺនរៀល។ ១ ម៉ឺនហ្នឹងសន្សំដល់ចូលឆ្នាំអត់ហ្នឹង? មិនស្រួលដល់ផ្ទះអស់បាត់ហើយដឹង មិនស្រួលនាំគ្នាទៅមើលអន្ទង់អាំងភ្លាម។ យុវជនកាយារិទ្ធិ យុវជនកាកបាទក្រហម ២០០ នាក់ ម្នាក់ៗថវិកា ២ ម៉ឺនរៀល បានថវិកាតែអត់សៀវភៅ។ ជូនវិទ្យាល័យពោធិ៍សាត់ថវិកា ២ លានរៀល។ ជូនសាលាគរុកោសល្យ និងវិក្រឹត្យការ ខេត្តពោធិ៍សាត់ ថវិកា ៣ លានរៀល។ ជូនមណ្ឌលសុខភាពរលាប ថវិកា ២ លានរៀល។ សាលាក្រុងពោធិ៍សាត់ ថវិកា ២ លានរៀល។ ជូនក្រុមគ្រូពេទ្យប្រចាំការក្នុងអង្គពិធី ថវិកា ៣ លានរៀល។ ជាមួយគ្នានេះដែរ ក៏សូមប្រគេនបច្ច័យ ៦០ លានរៀល ដល់វត្តមុនីរតនារាម ដើម្បីចូលរួមចំណែកបន្តកសាងសមិទ្ធផលបន្ថែមទៀត។ សូមអរព្រះគុណ សូមអរគុណ៕