សម្រង់សុន្ទរក​ថា​​សម្ដេច​តេជោ ហ៊ុន សែន ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត ស្រុកអង្គស្នួល ខេត្តកណ្តាល

20

CNV: 

ពូនិយាយរឿងបាល់បន្ដិចចុះ ព្រោះជាដំណាក់កាល World Cup ហ្នឹង ត្រូវនិយាយរឿងបាល់ អត់ដូចមួយនោះ និយាយពីចលនាអោយកងទ័ពបះបោរស្អីណាទៀតហើយ។ មកដល់ពេលនេះ ពូឈ្នះដៃគូរបស់ពូដែលភ្នាល់ជា​មួយគ្នា តាំងពីឆ្នាំ ១៩៩៨ មក ២០ ឆ្នាំហើយ។ ឥឡូវពូឈ្នះដល់ទៅ ១៧ ប្រកួត … តើអ្នកណានឹងលើកពាន World Cup? ចាប់ Uruguay ទៅ ប៉ុន្តែប្រយ័ត្នស៊ីសៀង។ រឿងស៊ីសៀងនេះ ម្សិលម្ង៉ៃ មិនដឹងយ៉ាងម៉េច បានជាមីងចាប់ផ្ដើមយកសៀងមកឲ្យពូ រួចហើយពូថា ទេ! អ្នកចាញ់បាល់កំពុងស៊ីសៀង អ្នកឈ្នះបាល់ស៊ីស៊ុប ហើយម៉េចក៏យកសៀងមក? យកសៀងមកឲ្យពូចុចជាមួយត្រសក់។ ថ្ងៃនេះ ក្មួយៗថើបពូ មិនដឹងថា ថ្ពាល់ពូផ្អែម ឬក៏ជូរ? ប៉ុន្តែរឿងជូរ រឿងផ្អែម វាមិនសូវជាអីប៉ុន្មានទេ រឿងធំជាងគេ គឺក្រែមជាប់អាវ។ ប៉ុន្តែ មីងមិនប្រកាន់ទេក្មួយៗ​ នៅពេលដែលពូមកអញ្ចឹង ជាប់ក្រែមទាំងខ្នង ជាប់ក្រែមទាំងមុខ ជាប់ក្រែមទាំងស្អីៗ អត់ប្រកាន់ទេ ប៉ុន្តែបើអត់មានកម្មវិធីអី ស្រាប់តែមកវិញជាប់ក្រែម។ ហ្នឹងរឿងហើយ។

បន្តគាំទ្រគណបក្សប្រជាជន បន្តចុះជួបកម្មករមិនតិចជាង ១០ ឆ្នាំទៀត

ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកជួបជុំជាមួយនឹងក្មួយៗ កម្មករ/ការិនី នៅក្នុងស្រុកអង្គស្នួលរបស់យើង។ សុំយកឱកាសនេះ ស្វាគមន៍ចំពោះវត្តមានរបស់ក្មួយៗជាកម្មករ/ការិនីទាំងអស់ ដែលបានចូលរូមមានចំនួនច្រើន។ ប្រៀបធៀបនឹងអ្នកចូលរួមមុនៗ គឺលើកនេះ យើងជួបរហូតទៅដល់ ២ ម៉ឺន ៧ ពាន់នាក់។ ថ្ងៃស្អែក ដូចជា ២ ម៉ឺននាក់ជាង ប្រហាក់ប្រហែលប៉ុណ្ណឹងដែរ។ ដូច្នេះ ដូចជាមិនទាន់អស់នៅឡើយទេ នៅក្នុងស្រុកអង្គស្នួល នៅមានទៀត។ ក្មួយៗដែលមិនទាន់បានជួប សង្ឃឹមថានឹងជួបគ្នានៅក្រោយបោះឆ្នោតហើយ។ ប៉ុន្តែ លក្ខខណ្ឌនៅចំណុចត្រង់នេះ បើសិនជាពូឈ្នះឆ្នោត គឺដំណើរជួបជាមួយកម្មករ នឹងបន្តធ្វើ ដែលពូបាននិយាយថា នឹងធ្វើក្នុងរយៈពេល ១០ ឆ្នាំទៀត។ ក៏ប៉ុន្តែបើសិនជា ថ្ងៃទី ២៩ ខែកក្កដា ខាងមុខនេះ បែរជាគណបក្សប្រជាជនចាញ់ឆ្នោត ពូពុំមានឱកាសដើម្បីធ្វើជានាយករដ្ឋមន្រ្តីតទៅទៀតទេ។ ដូច្នេះដំណើរការជួបគ្នា គឺមិនអាចជួបបានបន្តទៅទៀតទេ។ ហ្នឹងគ្រាន់តែបញ្ជាក់ជូនទុកជាមុន។ ប៉ុន្តែសង្ឃឹមថា ក្មួយៗនឹងធ្វើការបោះឆ្នោតឲ្យពូ ឲ្យគណបក្សប្រជាជន ដើម្បីពូមានលទ្ធភាពដឹកនាំប្រទេសកម្ពុជាតទៅទៀត។​

អរគុណម្ចាស់មជ្ឈមណ្ឌលពាណិជ្ជកម្ម ចេង ឌូបាយី

ថ្ងៃនេះ យើងបានជួបជុំគ្នានៅតំបន់មួយ ដែលហៅថា មជ្ឈមណ្ឌលពាណិជ្ជកម្ម ចេង ឌូបាយី កម្ពុជា-ចិន ដែលមានលោក វង សេង ជាម្ចាស់ក្រុមហ៊ុន។ ខ្ញុំសុំយកឱកាសនេះ ថ្លែងនូវអំណរគុណចំពោះលោកផងដែរ ដែលផ្ដល់នូវទីកន្លែងសម្រាប់ការជួបជុំនេះ ហ្នឹងម្ខាង។ ម្ខាងទៀត គឺលោកបានចូលរួមជាមួយនឹងមូលនិធិគន្ធបុប្ផា ចំនួន ៥ ម៉ឺនដុល្លារសហរដ្ឋអាមេរិក ហើយដែលនឹងក្លាយទៅជាសមាជិកស្ថាបនិក នៃមូលនិធិគន្ធបុប្ផា​។ ៥ ម៉ឺនដុល្លារនោះ ខ្ញុំប្រាប់ទៅឯកឧត្តម អ៊ិត សំហេង ឲ្យយកទៅចូល ឬឲ្យម្ចាស់ខ្លួនទៅចូលតែម្ដងទៅ ដើម្បីគេកត់ត្រាឈ្មោះ សម្រាប់ធ្វើជាស្ថាបនិកមូលនិធិគន្ធបុប្ផា។ សូមអរគុណ។

មកយឺត ប្រសើរជាងមិនមក

ថ្ងៃនេះ ពូដឹងថា ក្មួយៗទាំងឡាយ រង់ចាំវត្តមានរបស់ពូពីមួយខែទៅមួយខែ ដោយសារដល់ពេលនេះ មានរយៈ​ពេលជិត ១១ ខែហើយ ដែលពូចាប់ផ្ដើមធ្វើដំណើរជួបជាមួយនឹងកម្មករ/ការិនី។ យើងបានជួបប្រ​មាណជា ៦ ម៉ឺននាក់ រួចស្រេចទៅហើយ ប៉ុន្តែ មិនទាន់អស់ទេនូវចំនួនកម្មករ/ការិនី ហើយថ្ងៃស្អែក យើងនឹងត្រូវជួបជាលើកចុងក្រោយនៅក្នុងអាណត្តិចាស់។ យ៉ាងណាក៏ដោយ ទោះបីថា ពូបានមកជួបជាមួយនឹងក្មួយៗយឺតពេលបន្តិច តែការមកជួបយឺត ប្រសើរជាងមិនបានមកជួប។ ថ្ងៃនេះ ទម្លាប់កាលពីមុននេះ ឲ្យតែមកទិសខាងលិច គឺតែងតែមានភ្លៀងរហូត ប៉ុន្តែថ្ងៃនេះ មកទិសខាងលិច បែរជាមានមេឃបើកថ្ងៃ។ ស្ថានភាពនេះ ប៉ុន្តែមិនមែនបានសេចក្ដីថា គ្មានភ្លៀងនៅក្នុងប្រទេសកម្ពុជារបស់យើងទេ។ ប៉ុន្មានថ្ងៃមុន គឺភ្លៀងច្រើននៅតំបន់នេះ ប៉ុន្តែប៉ុន្មានថ្ងៃនេះ ក៏មានភ្លៀងរាយប៉ាយនៅតាមបណ្ដាខេត្តនានាផងដែរ។ ខ្ញុំពិតជាមានការអរគុណ ចំពោះម្ចាស់រោងចក្រទាំងអស់ ដែលបានអនុញ្ញាតឲ្យកម្មក/ការិនីរបស់យើង បានមកជួបនៅក្នុងថ្ងៃនេះ​។ ដែលមកពី ១៨ រោងចក្រ ហើយក្រៅពីការជួបសំណេះសំណាលជាមួយពូនៅព្រឹកនេះ ល្ងាចនេះ ក្មួយៗនឹងបានទទួលការឈប់សម្រាករយៈពេលមួយល្ងាចទៀត ដោយមានប្រាក់ខែពេញ។ ហើយនេះ ក៏ជាការផ្ដល់ឱកាស ដើម្បីបានជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំប្រទេស ជាមួយនឹងកម្មករ/ការិនី នៅក្នុងដំណើរនៃការអនុវត្តនយោបាយឧស្សាហកម្ម ២០១៥-២០២៥។

ជីដូនជីតា ឪពុកុម្តាយ រួមជាមួយគណបក្សប្រជាជន បន្សល់ទុកនូវជោគជ័យជាច្រើន

ពូសុំយកឱកាសនេះ ដើម្បីថ្លែងជូននូវការអរគុណចំពោះក្មួយៗជាកម្មករ/ការិនី ហើយតាមរយៈក្មួយៗជាកម្មករ/ការិនី ក៏សុំផ្ញើជូនចំពោះលោកយាយ លោកតា អ៊ំ មាមីង ដែលជាឪពុកម្ដាយ​ ជាជីដូនជីតារបស់ក្មួយៗ ដែលបានរួមដំណើរជាមួយពូ ក៏ដូចជារួមដំណើរជាមួយនឹងគណបក្សប្រជាជនក្នុងរយៈពេលជិត ៤០ ឆ្នាំកន្លងផុតទៅ។ ពួកគាត់ទាំងនោះ ដែលបន្សល់ទុកនូវជោគជ័យជាច្រើន ដែលបានរួមជាមួយនឹងគណបក្សប្រជាជន។ ប្រ​សិនបើគាត់នៅរស់ គាត់ពិតជាមានមោទនភាពជាមួយនឹងអ្វី ដែលគាត់បានធ្វើក្នុងរយៈពេលកន្លងទៅ។ ប៉ុន្តែពូសង្ឃឹមថា មរតកដែលពួកគាត់បានបន្សល់ទុកសម្រាប់ក្មួយៗ ពីដំណាក់កាលជីដូនជីតា ឪពុកម្ដាយ រហូតមកដល់ក្មួយៗ បានបន្សល់ទុកឲ្យក្មួយៗមកដល់សព្វថ្ងៃនេះ ក្មួយៗគង់នឹងអាចយល់បានថា អ្វីដែលបានធ្លាប់កើតពីអតីតកាល ហើយអ្វីដែលយើងកំពុងមាននៅពេលនេះ ហើយព្យាករទុកទៅអនាគត តើយើងនឹងជួបប្រទះនឹងបញ្ហាអ្វីតទៅទៀត?

ខេត្តកណ្ដាល មានរោងចក្រ ស្មើនឹងក្រុងភ្នំពេញទៅហើយ

ខ្ញុំពិតជាមានការរីករាយ ហើយពិនិត្យមើលថា តើអតីតកាលរបស់យើងនៅខេត្តកណ្ដាលនេះ មានរោងចក្រប៉ុន្មានទៅ? ជាពិសេសគឺនៅតំបន់នេះតែម្ដង ដែលមុននោះ គ្រាន់តែជាវាលស្រែ លម្អទៅដោយស្រូវមួយចំនួន ហើយពេលខ្លះ ស្រូវនោះអត់មានទឹក ព្រោះតំបន់នេះ គឺជាតំបន់ដែលមិនមានប្រភពស្រោចស្រពគ្រប់គ្រាន់នោះទេ។ ប៉ុន្តែឥឡូវ តំបន់នេះ ក្លាយទៅជាតំបន់ដែលមានរោងចក្រយ៉ាងច្រើន ហើយដែលមានចំនួនកម្មករ/ការិនីរបស់យើង ធ្វើការនៅទីនេះបន្ទាប់ពីទីក្រុងភ្នំពេញ។ ខ្សែក្រ​វាត់ទីក្រុងភ្នំពេញ គឺមានខេត្តកណ្ដាលនេះ ដែលមានរោងចក្រយ៉ាងច្រើនតាំងនៅ។ ប្រៀបធៀបរោងចក្រនៅទីក្រុងភ្នំពេញ និងរោងចក្រនៅខេត្តកណ្ដាល គឺមានចំនួនប្រហាក់ប្រហែលគ្នាទេ។

បន្ថែមចម្ងាយរត់របស់រថយន្តក្រុង មកកាន់តំបន់មជ្ឈមណ្ឌលពាណិជ្ជកម្ម ចេង ឌូបាយី

ថ្ងៃនេះ ពូក៏សុំបញ្ជាក់ជូនក្មួយៗថា តាមរយៈសំណើរបស់លោក វង សេង គាត់បានគិតគូរទៅដល់មជ្ឈមណ្ឌលពាណិជ្ជកម្មរបស់គាត់នៅទីនេះ។ អញ្ចឹងគាត់បានធ្វើសំណើដើម្បីអោយមានការតភ្ជាប់រវាងរថយន្តក្រុង បន្ថែម ៤ គីឡូម៉ែត្រទៀត ពីតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ មកកាន់ចំណុចដែលយើងកំពុងឈរនៅនេះ។ ម្សិលមិញ​នេះ សាលាក្រុងភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានដាក់ឲ្យដំណើរការរួចហើយ នូវរថយន្តក្រុងបន្ថែមទៀត រហូតមកដល់ត្រឹមហ្នឹងតែម្ដង។ អញ្ចឹងទេ ក្មួយៗជាកម្មករ/ការិនីនៅទីនេះ គឺនឹងទទួលបាននូវសេវាជិះរថយន្តក្រុងដោយមិនគិតថ្លៃក្នុងរយៈពេលយ៉ាងតិច ២ ឆ្នាំទៀត។

កំពុងពិនិត្យបន្ថែមសេវារថយន្តក្រុង មកកាន់តំបន់រោងចក្រនៅតាខ្មៅ

ខ្ញុំគួរតែផ្ដល់អោយជាអនុសាសន៍សម្រាប់ឯកឧត្តម ឃួង ស្រេង ធ្វើការពិចារណាទៅលើបញ្ហាសេវារថយន្តក្រុង ដែលឃើញថា ផ្លូវមួយខ្សែនេះ គឺវារត់ក្នុងដំណើរឆ្ងាយ … យ៉ាងណាក៏ដោយ ឥឡូវនេះ យើងដាក់រថយន្តមួយចំនួន ប៉ុន្តែបើសិនមានតម្រូវការលើសពីហ្នឹង យើងក៏នឹងបន្ថែមរថយន្តដែរ។ ដូច្នេះ កម្មករ/ការិនីរបស់យើងនៅទីនេះ ក៏នឹងទទួលបានសេវារថយន្តក្រុងបន្ថែមទៀត ហើយឯកឧត្តម ឃួង ស្រេង ក៏កំពុងតែពិនិត្យអំពីស្ថានភាពតភ្ជាប់រថយន្តក្រុង ទៅតំបន់រោងចក្រនៅតាខ្មៅ និងអាចនៅតំបន់ដទៃទៀត ដែលអាចផ្តល់ឱកាសងាយស្រួលដល់កម្មករ/ការិនីរបស់យើង ដែលធ្វើការនៅតាមរោងចក្រនៅខាងក្រៅក្រុង។ នេះក៏ជាផ្នែកមួយ ដែលសូមផ្តល់សម្រាប់ក្មួយៗជាកម្មករ/ការិនីរបស់យើង។ ប៉ុន្តែ ពូក៏ចង់ដឹងដែរថា ដោយសារតែរថយន្តក្រុងនោះត្រូវបានដាក់ឱ្យ​ដំណើរការយូរក្រែលហើយ ឥឡូវនេះ សម្រាប់កម្មករ/ការិនីរបស់យើង ដែលចូលទៅទីក្រុងភ្នំពេញ ហើយដែលបានជិះរថយន្តក្រុង តើមានប៉ុន្មាននាក់ទៅ សូមលើកដៃបន្តិចមើល? មានដែរតើ! ដូច្នេះ បានសេចក្តីថា ក្មួយៗបានស្គាល់រថយន្តក្រុងហើយ។ កាលពីមុនរថយន្តក្រុងវានៅខាងក្នុងឯណោះ ឥឡូវ រថយន្តក្រុងបានមកដល់កន្លែងនេះ។ អញ្ចឹងទេ បើសិនក្មួយៗត្រូវការជិះ មិនមែនគ្រាន់តែជិះទៅធ្វើការទេ នៅពេលដែលក្មួយៗជិះទៅសួរសុខទុក្ខក្រុមគ្រួសារ ឬក៏ទៅដើរកម្សាន្ត គឺក្មួយៗអាចជិះរថយន្តក្រុងដោយមិនចាំបាច់មានការបង់ប្រាក់ទេ។ ក៏ប៉ុន្តែ ពូសុំបញ្ជាក់ថា សូមពាក់ប័ណ្ណកម្មករនេះទៅជាមួយ។ ដាក់ទៅ។ រួចហើយបង្ហាញប្រាប់គេថា ខ្ញុំជាកម្មករ ដោយគេឃើញប័ណ្ណហ្នឹង គេមិនយកប្រាក់ពីក្មួយទេ។ អញ្ចឹងដើម្បីចៀសវាងការភាន់ច្រឡំ។

ពីមុន ក៏មានជំនួបជាមួយកម្មករ/ការិនីរាល់ឆ្នាំ គ្រាន់តែមិនទូលំទូលាយ

ថ្ងៃនេះ ក្នុងការជួបជាមួយនឹងក្មួយៗជាកម្មករ/ការិនីនៅស្រុកអង្គស្នួល ដែលមានចំនួនរហូតទៅដល់ ២ ម៉ឺន ៧ ពាន់នាក់ជាង ពូចង់និយាយចំណុចខ្លះ ដែលអាចផ្តល់នូវការយល់ដឹងបន្ថែម។ ពូគិតថា ក្មួយៗទាំងឡាយបានយល់ដឹងពីអត្ថប្រយោជន៍ ដែលក្មួយៗទទួលបានរួចហើយ តាមរយៈការសំណេះសំណាលរាប់សិបលើក ដែលពូបានធ្វើជាមួយកម្មករ/ការិនី។ ក្មួយអាចមើលតាមទូរទស្សន៍ ក្មួយអាចមើលតាមហ្វេសប៊ុក ក្មួយអាចមើលឃើញនៅតាមចំណុចនេះ/នោះ ព័ត៌មានច្រើនណាស់ដែលបានផ្សព្វផ្សាយ។ ក៏ប៉ុន្តែ ពូចង់រំលឹកបន្តិច ដើម្បីឱ្យយើងទាំងអស់គ្នាឃើញថា ក្មួយៗអាចចោទចេញជាសំណួរថា ហេតុអ្វីបានជា លោក ហ៊ុន សែន ទើបនឹងមកជួបជាមួយកម្មករនៅក្នុងឆ្នាំ ២០១៧ ហើយកាលពីពេលមុនបែរជាមិនជួប? មិនមែន ពូមិនជួបកម្មករនោះទេ។ ជារៀងរាល់ឆ្នាំ ពូបានជួបសំណេះសំណាលជាមួយកម្មករនៅក្នុងថ្ងៃទី ១ ឧសភា ហើយក៏មានការជួបជាបន្តបន្ទាប់នៅពេលដែលពូទៅទស្សនកិច្ចនៅតំបន់សេដ្ឋកិច្ចពិសេស ឬនៅតាមរោងចក្រនេះ/នោះ។ ប៉ុន្តែវាមិនមែន​ជាជំនួបដែលធំទូលាយ ហើយដែលជាយុទ្ធនាការនៃការដោះស្រាយបញ្ហានៅក្នុងក្របខណ្ឌវិស័យឧស្សាហកម្ម នៅក្នុងក្របខណ្ឌកម្មករ/ការិនីនោះទេ។

ដំណើររាប់ពាន់គីឡូម៉ែត្រ ត្រូវចាប់ផ្តើមពីមួយជំហាន

ក្មួយអើយ! មិនថាការងារប្រទេសជាតិទេ កិច្ចការគ្រួសារ ឬក្នុងសហគមន៍មួយ វាសុទ្ធតែមានលំដាប់អាទិភាពរបស់វា។ ពាក្យចាស់ដែលគេធ្លាប់និយាយ គេថា «ដំណើររាប់ពាន់គីឡូម៉ែត្រ ត្រូវចាប់ផ្តើមពីមួយជំហាន» នេះគឺជារឿងពិត។ ប្រទេសរបស់យើងមានសភាពការណ៍ច្រើនណាស់ ដែលបានកើតឡើង ហើយដាក់ឱ្យមេដឹកនាំត្រូវតែធ្វើការតាមដំណាក់កាលមួយៗ និងតាមអាទិភាព នៃដំណាក់កាលនីមួយៗផងដែរ។ គេបានឃើញពូនៅក្នុងដំណាក់កាល នៃពេលវេលា ដែលត្រូវរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ពេលនោះ គេឃើញពូពាក់ឯកសណ្ឋានកងទ័ព ដើម្បីរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត បន្ទាប់ពីចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយ គេបានឃើញពូពាក់ឯកសណ្ឋានកងទ័ព ទៅកាន់ខ្សែត្រៀមជួរមុខ ដើម្បីសួរសុខទុក្ខកងទ័ព ដើម្បីដោះស្រាយបញ្ហាលំបាករបស់កងទ័ព ដោះស្រាយការលំបាករបស់ប្រជាជន ដែលរងផលប៉ះពាល់ដោយសារការប្រយុទ្ធនៅក្នុងប្រទេស ដែលយើងមានសង្គ្រាម។ គេក៏បានឃើញពូធ្វើដំណើរយ៉ាងច្រើនជាមួយនឹងការចរចាស្វែងរកសន្តិភាព សម្រាប់ប្រទេសជាតិ។ គេក៏បានឃើញពូនៅក្នុងតំបន់ខ្មែរក្រហម អនុវត្តនូវនយោបាយឈ្នះឈ្នះ នាំមកនូវការបង្រួបបង្រួមជាតិ និងឯកភាពទឹកដីនៅក្នុងប្រទេសរបស់យើង។

ជាកំហុសដ៏ធ្ងន់ធ្ងរខាងយុទ្ធសាស្ត្រ បើដឹកនាំប្រទេសកសិកម្ម មើលរំលងកសិកម្ម

គេក៏បានឃើញពូធ្វើសកម្មភាពទាក់ទងទៅនឹងវិស័យកសិកម្ម ដែលប្រទេសយើងជាប្រទេសកសិកម្ម ដែលមិនត្រូវមើលរំលងនោះទេ។ វានឹងក្លាយទៅជាកំហុសដ៏ធ្ងន់ធ្ងរខាងយុទ្ធសាស្ត្រដឹកនាំ ប្រសិនបើយើងជាប្រទេសកសិ​​កម្ម ហើយមើលរំលងវិស័យកសិកម្ម។ ដូច្នេះ យើងបានប្រឹងប្រែងណាស់ ដើម្បីអភិវឌ្ឍនៅក្នុងវិស័យកសិកម្ម ដែលក្មួយៗអាចនឹងគង់មើលបាននូវរូបភាពជាច្រើន ដែលបន្សល់ទុក ដែលពូបានធ្វើសកម្មភាពនៅតាមមូល  ដ្ឋា​ន ទាក់ទងនឹងការកែទម្រង់ដីធ្លី ទាក់ទងនឹងការផ្តល់កម្មសិទ្ធិឱ្យប្រជាពលរដ្ឋ បន្ទាប់ពីរបប ប៉ុល ពត បានដកហូតកម្មសិទ្ធិប្រជាពលរដ្ឋអស់ទៅ។

បន្តមិនយកពន្ធលើដីកសិកម្ម ក្នុងនយោបាយកសិកម្ម

យើងបន្តនៅក្នុងនយោបាយកសិកម្ម​ដោយមិនយកពន្ធដីស្រែ ឬដីចម្ការពីប្រជាពលរដ្ឋនោះទេ។ មានប្រទេសតិចណាស់នៅលើពិភពលោកនេះ ដែលមិនយកពន្ធលើដីពីប្រជាពលរដ្ឋ ប៉ុន្តែសម្រាប់គណបក្សប្រជាជន តាំងពីដើមរហូតដល់ចប់ រយៈពេលជិត ៤០ ឆ្នាំហើយ យើងមិនបានយកពន្ធដីកសិកម្មពីកសិករនោះទេ។ យើងបានប្រឹងប្រែងពង្រីកធារាសាស្ត្រ ប្រព័ន្ធស្រោចស្រពរបស់យើង។ យើងបានខិតខំធ្វើ តាំងពីប្រទេសនេះដែលមានប្រ​ជាជនប្រមាណ ៥-៦ លាននាក់ កាលពីពេលនោះ។ បន្តទៅមានត្រឹម ១០ លាននាក់ ប៉ុន្តែ យើងជាប្រទេសដែលមានការខ្វះខាតស្បៀង យើងបានប្រឹងប្រែងជួយឱ្យកសិកររបស់យើង ពង្រីកនូវការបង្កបង្កើនផល ទាំងពង្រីកផ្ទៃដីផង ដែលរហូតមកដល់ពេលនេះ យើងធ្វើជាង ៣ លានហិកតា ទាំងស្រែប្រាំងទាំងស្រែវស្សា។ ហ្នឹងគិតតែពីស្រូវ មិនទាន់គិតដំណាំឧស្សាហកម្ម ដំាំណាំកសិផលដទៃទៀតនោះទេ។

ពីប្រទេសខ្វះស្បៀង ទៅជាសល់ស្បៀងនាំចេញ

យើងធ្វើតាំងពីប្រទេសដែល(មាន)ស្រូវស៊ីមិនគ្រប់គ្រាន់ ក្លាយទៅជាប្រទេសដែលមានស្រូវសម្រាប់ការនាំចេញទៅក្រៅប្រទេស។ យើងបានប្រឹងប្រែងជួយឱ្យកសិករ ពង្រីកតាំងពីការធ្វើតាមយថាផល ក្លាយទៅជាកសិករ ដែលមានការរីកលូតលាស់នៅក្នុងដំណើរឈានឡើងរបស់ខ្លួន។ ពីកន្លែងខ្លះធ្លាប់តែធ្វើ(បាន)មួយដងហើយខ្វះទឹក ទៅជាធ្វើពីរដង ឬបីដង។ ពីតំបន់ដែលធ្វើស្រែ ដែលទទួលបានផលតិច ទៅជាតំបន់ដែលធ្វើស្រែបានទទួលផលច្រើន ឬក៏អាចធ្វើជាដំណាំដទៃទៀត។ មិនមែនបានសេចក្តីថា យើងមើលរំលងបញ្ហាកសិកម្មទេ។

ក្រៅពីត្រីក្នុងបឹង/ទន្លេ យើងឈានដល់ការធ្វើវារីវប្បកម្ម

ថ្ងៃមុន អរគុណ សម្តេចពិជ័យសេនា ទៀ បាញ់ ដែលបានតំណាងឱ្យខ្ញុំទៅចូលរួមព្រលែងកូនត្រីនៅឯខេត្តសៀម​រាប ដែលយើងចាត់ទុកជាទិវាមច្ឆជាតិ ថ្ងៃ(ទី) ១ កក្កដា ដែលជានិច្ចកាលនាយករដ្ឋមន្ត្រីចូលរួម ក៏ប៉ុន្តែ ដោយ​សារកិច្ចការមមាញឹកពេក ហើយដោយសារការរៀបចំនូវទីកន្លែងសម្រាប់ការព្រលែងកូនត្រីនោះធ្វើឯខេត្តសៀម​រាប ដូច្នេះ ដោយសារពេលវេលាវាមមាញឹក ក៏ផ្តល់ឱ្យ សម្តេច ទៀ បាញ់ ចូលរួមធ្វើកិច្ចការងារនេះ។ យើងមិន គ្រាន់តែពឹងពាក់ទៅលើត្រីនៅក្នុងបឹង ឬក្នុងទន្លេនោះទេ យើងបានឈានដល់ដំណាក់កាល នៃការភ្ញាស់កូនត្រីរាប់រយលានក្បាលក្នុងមួយឆ្នាំៗ។ យើងបានភ្ញាស់ជាបង្កងសម្រាប់ការចិញ្ចឹមរបស់ប្រជាពលរដ្ឋ។ យើងបានធ្វើកិច្ចការច្រើនណាស់នៅក្នុងវិស័យកសិកម្មនេះ។ ទោះបីយ៉ាងណាក៏ដោយ ពីជំហានមួយទៅកាន់ជំហានមួយ វាមិនទាន់គ្រប់គ្រាន់ទៅតាមតម្រូវការទេ សូម្បីតែប្រព័ន្ធស្រោចស្រពរបស់យើង ក៏វាមិនទាន់គ្រប់គ្រាន់ដែរ ក៏ប៉ុន្តែ យើងអាចនិយាយបានថា យើងបានទទួលជោគជ័យមួយជំហានធំហើយ ទៅលើបញ្ហាការដោះស្រាយស្បៀង ដែលមុននេះជាប្រទេសខ្វះខាតស្បៀង ក្លាយទៅជាប្រទេស ដែលមានស្បៀងទទួលទានគ្រប់គ្រាន់ហើយ និងមានស្បៀងជាង ៥ លានតោនស្រូវ សម្រាប់ការនាំចេញទៅក្រៅប្រទេស។

ទាញវិស័យឧស្សាហកម្មមកកាន់កម្ពុជា កែច្នៃវត្ថុធាតុដើមកសិកម្ម ជាទីផ្សារសម្រាប់កសិករ

ជាមួយការនាំចេញជ័រកៅស៊ូ ដំឡូងមី និងកសិផលដទៃទៀត យើងកំពុងតែប្រឹងប្រែងដើម្បីទាញវិស័យឧស្សា​ហកម្មមកកាន់ប្រទេសកម្ពុជារបស់យើង ធ្វើការកែច្នៃសម្រាប់វត្ថុធាតុដើមដែលកសិករយើងផលិត។ យើង​បាន និងកំពុងខិតខំគួបផ្សំពាក់ព័ន្ធជាមួយនឹងទិដ្ឋភាពខាងផ្នែកសេដ្ឋកិច្ច ហើយយើងក៏មិនជ្រុលហួស។ ទី ១ យើងមិនមើលរំលងលើបញ្ហាវិស័យកសិកម្ម តាំងពីដើមដល់ចប់ សូម្បីតែពេលនេះ យើងកំពុងជម្រុញឧស្សាហកម្ម តែមិនត្រូវភ្លេចថា វាមានប្រតិសកម្មជាមួយវិស័យកសិកម្មខ្លាំងណាស់​។ យើងកំពុងតែជម្រុញការដាក់ម៉ា​ស៊ីនកិនស្រូវ ធ្វើឃ្លាំង និងរៀបចំទុន ដើម្បីប្រមូលការទិញស្រូវសម្រាប់ប្រជាពលរដ្ឋ។ ការដាក់ពង្រាយជាមួយនឹងរោងចក្រផលិតស្ករស ដើម្បីឱ្យប្រជាកសិកររបស់យើងអាចមានលទ្ធភាពដាំអំពៅផ្គត់ផ្គង់ឱ្យរោងចក្រ។ យើងដាក់​ពង្រាយនូវរោងចក្រសម្រាប់ផ្នែកដំឡូងមី ដើម្បីឱ្យកសិកររបស់យើងមានលទ្ធភាពលក់ឱ្យម្ចាស់រោងចក្រ។ រោងចក្រក្លាយទៅទីផ្សាររបស់កសិករ។ នេះជាចំណុច ដែលពូចង់លើកឡើងបញ្ជាក់ទាក់ទិនជាមួយនឹងដំណើរការអភិវឌ្ឍរបស់យើង ដែលត្រូវធ្វើតាមជំហាន​ៗ។​

ធ្វើទាំងកសិកម្ម ធ្វើទាំងឧស្សាហកម្ម និងធ្វើទាំងសេវា

យើងមិនធ្វើតាម ប៉ុល ពត ទេ។ យើងមិនមើលរំលងវិស័យកសិកម្មទេ យើងផ្តល់អាទិភាពទៅលើការអភិវឌ្ឍបន្តក្នុងវិស័យកសិកម្ម។ យើងមិនធ្វើតាម ប៉ុល ពត ធ្វើកសិកម្មតែមួយមុខនោះទេ។ យើងធ្វើទាំងកសិកម្ម យើងធ្វើទាំងឧស្សាហកម្ម យើងធ្វើទាំងសេវាកម្ម។ ទាំងបីនេះ ដែលពូធ្លាប់បានបញ្ជាក់ហើយថា កសិកម្មបច្ចុប្បន្នរួមចំ​ណែក ២៥% នៃផលិតផលសរុបក្នុងស្រុក ឧស្សាហកម្ម ៣០% នៃផលិតផលក្នុងស្រុក និងផ្នែកសេវាកម្ម ៤៥% យើងបើសិនជាធ្វើកំហុសណាមួយ នៅក្នុងចំណោមនៃការអភិវឌ្ឍ ដោយយកផ្នែកទំាង ៣ នេះ ជាសំខាន់ ព្រោះមានអ្នកខ្លះគិតថា យើងបានមើលស្រាលទៅក្នុងវិស័យកសិកម្ម រហូតទៅដល់និយាយថា ពេលនេះ ពូស្រ​ឡាញ់តែកម្មករ ក៏ប៉ុន្តែមិនស្រឡាញ់ចំពោះកសិករ។ ពួកគេបានភ្លេចនូវសកម្មភាពរបស់ពូតំាង​ពីដើមរហូតមក ដល់ថ្ងៃ។ តើអ្នកណាកំពុងកាន់កាប់ជោគវាសនារបស់ប្រទេសជាតិនៅពេលនេះ? មិនមែនអង្គការក្រៅរដ្ឋាភិបាល​មួយ ហើយក៏មិនមែនបក្សនយោបាយផ្សេងក្រៅពីគណបក្សប្រជាជននោះទេ។

ដល់ពេលជម្រុញវិស័យឧស្សាហកម្ម ដើម្បីអភិវឌ្ឍប្រទេស

ឥឡូវនេះ ដល់ពេលវេលាដែលយើងត្រូវជម្រុញវិស័យឧស្សាហកម្ម ដើម្បីជម្រុញអោយមានការវិវឌ្ឍថ្មី នៅក្នុងការ​អភិវឌ្ឍប្រទេសរបស់យើង។ ក្នុងវិស័យឧស្សាហកម្មនេះទៀតសោត គឺយើងមិនត្រូវភ្លេចថា ប្រទេសជឿនលឿនជាច្រើន ពឹងពាក់លើវិស័យកសិកម្មមួយផ្នែក ប៉ុន្តែផ្នែកនៃការរីកលូតលាស់ឆាប់រហ័សបំផុត នៃប្រទេសអភិវឌ្ឍន៍ គឺវិស័យឧស្សាហកម្ម និងវិស័យសេវា។ ប្រទេសជឿនលឿនគឺមានត្រឹម ១% តែប៉ុណ្ណោះនៃវិស័យ​កសិកម្មដែលរួមចំណែក ប៉ុន្តែ ១% នោះមិនមែនបានសេចក្តីថា ប្រទេសនោះចិញ្ចឹមខ្លួនមិនបានទេ។ ១% នៃប្រ​ទេសរបស់គេ មានលទ្ធភាពចិញ្ចឹមប្រជាជនខ្លួនឯងបានហើយ គេនំាចេញទៅក្រៅប្រទេសទៀតផង។ នៅឆ្នំា ១៩៩៦ បន្ទាប់ពីចុះហត្ថលេខាដាក់ទំនាក់ទំនងការទូតរវាងកម្ពុជា និងកូរ៉េខាងត្បូងរួចហើយ ពូបានទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង។ ពេលនោះអតីតប្រធានាធិបតីកូរ៉េខាងត្បូង Kim Young-sam បានប្រាប់ថា កសិកម្មរបស់កូរ៉េបច្ចុប្បន្ននេះ នៅរួមចំណែក ១២% ហើយកូរ៉េខាងត្បូងនឹងខិតខំធ្វើឲ្យកសិកម្មថយចុះ។ ឥឡូវនេះ កសិកម្មរបស់កូរ៉េខាងត្បូងថយចុះយ៉ាងខ្លំាង ប៉ុន្តែមិនមានន័យថា ​កសិកម្ម​របស់កូរ៉េខាងត្បូងចិញ្ចឹមប្រជាជនខ្លួន​ឯងមិនបាននោះទេ។ កសិកម្មរបស់កូរ៉េខាងត្បូងរីកលូតលាស់ចិញ្ចឹមប្រជាជនខ្លួនឯងបានហើយ ក៏បាននៅរួមចំណែក ដើម្បីការនំាចេញមកក្រៅប្រទេស ដូចជាការនំាចេញសាច់។ ឲ្យតែអាមេរិកនំាសាច់គោទៅកូរ៉េ ប្រជាជនកូរ៉េតែងតែធ្វើបាតុកម្មជានិច្ច ដើម្បីកុំឲ្យនំាសាច់គោរបស់អាមេរិកទៅកាន់កូរ៉េ។

កសិកម្មនៅត្រឹម ២៥% ចិញ្ចឹមប្រជាជនខ្លួន​ឯងបាន ហើយនាំចេញផង

ប្រទេសរបស់យើងកាលពីមុននេះ កសិកម្មរួមចំណែក ៨០% ក៏ប៉ុន្តែប្រជាជនកម្ពុជាខ្វះស្បៀងទទួលទាន។ នៅពេលនោះ យើងត្រូវនំាស្បៀងចូល។ យើងសុំស្បៀងពីបរទេសចូលមកក្នុងប្រទេសរបស់យើង។ ឥឡូវនេះ កសិ​កម្មរបស់យើងមកនៅត្រឹមតែ ២៥% តែប៉ុណ្ណោះ ក៏ប៉ុន្តែយើងអាចចិញ្ចឹមប្រជាជនខ្លួនឯងបានហើយ យើងនំាទៅបរទេសថែមទៀត។ យើងកំពុងពង្រឹងសមត្ថភាពការនំាចេញវិស័យកសិកម្មរបស់យើងទៅកាន់បរ​ទេស តាមរយៈឧស្សាហកម្មកែច្នៃវត្ថុធាតុដើម ដែលមានស្រាប់នៅក្នុងប្រទេស។ ដូច្នេះវាមិនដាច់គ្នាទេ យើងដាក់ចេញនូវនយោបាយកសិកម្ម យើងដាក់ចេញនូវនយោបាយឧស្សាហកម្ម យើងដាក់ចេញនូវនយោបាយកសិ-ពាណិជ្ជកម្ម យើងដាក់ចេញនូវនយោបាយកសិ-ឧស្សាហកម្ម។

ជំនាន់បារំាងយកពន្ធដីស្រែ សម័យគណបក្សប្រជាជនកាន់អំណាច មិនយកពន្ធដីស្រែ

… មានការបំភ្លៃខ្លះៗពីអ្នកនេះ ពីអ្នកនោះ ក៏ប៉ុន្តែខ្ញុំគ្រាន់តែបញ្ជាក់ជូនថា ទាក់ទិនទៅនឹងនយោបាយមិនយកពន្ធដីស្រែ​តែមួយមុខ តើផ្តល់នូវផលចំណេញសម្រាប់កសិករយើងប៉ុណ្ណាទៅ? សម័យដើម តំាងពីជំនាន់បារំាងឯណោះ មិនមែនគ្រាន់តែសង្គម​រាស្រ្តនិយមទេ ជំនាន់បារំាងគឺជាអ្នកបង្កើតការយកពន្ធដីនៅស្រុកខ្មែរ។ អញ្ចឹងបានជាកសិករខ្មែរនៅក្រំាង​លាវ ដែលគេហៅថា ភូមិតិរច្ឆាន នៅកំពង់ឆ្នំាង ទ្រំាមិនបានជាមួយនិងពន្ធដីស្រែ​​នេះ កាប់បារំាងស្លាប់នៅហ្នឹង។ រួចហើយបារំាងមិនដឹងធ្វើអីខ្មែរកើត ដាក់ភូមិនឹងជាភូមិតិរច្ឆានតែម្តងទៅ។ ប៉ុន្តែសម័យគណបក្សប្រជាជនគ្រប់គ្រងអំណាច គណបក្សប្រជាជនមិនទាន់បានយកពន្ធដីស្រែក​សិករណាមួយ ទេ។ នេះគ្រាន់តែបញ្ជាក់ជូន ដើម្បីបញ្ជាក់អំពីការយកចិត្តទុកដាក់របស់យើង ចំពោះវិស័យ​កសិកម្ម ដែលតំាងពីមុនរហូតមកដល់ពេលនេះ។

ឧស្សាហកម្ម ឆ្ពោះទៅគាំទ្រកសិកម្ម, កសិ-ពាណិជ្ជកម្ម ដោះស្រាយទីផ្សារកសិករ

ពេលទៅខាងមុខ នយោបាយឧស្សាហកម្មរបស់យើង ក៏សំដៅឆ្ពោះទៅរកការគាំទ្រនៅក្នុងកសិកម្ម។ នយោ​បាយ​កសិ-ពាណិជ្ជកម្ម សំដៅដោះស្រាយធ្វើយ៉ាងម៉េចឲ្យ​កម្មកររបស់យើងមានទីផ្សារ រកទីផ្សារឲ្យកសិ​ករទំាង​ក្នុងប្រទេស និងក្រៅប្រទេស។ នេះហើយគឺជាចំណុចដែលយើងបានផ្តល់ឲ្យ ហើយកសិកររបស់យើងមិនតិចទេ ដែលបានទទួលការបណ្តុះបណ្តាល រាប់ទំាងកសិករដែលបានទទួលការបណ្តុះបណ្តាលពីការចិញ្ចឹមត្រី ចិញ្ចឹម​សត្វ ចិញ្ចឹមស្អីៗ … យើងនឹងឈានដល់យុទ្ធនាការមួយនៃការបោះឆ្នោត នៅប៉ុន្មានថ្ងៃខាងមុខនេះ និងអាចលើកឡើងបញ្ហានេះ បញ្ហានោះ តែខ្ញុំគ្រាន់តែយកឱកាសនេះ ដើម្បីបញ្ជាក់អំពីអាទិភាព ដែលយើងបានធ្វើ គឺដំណាក់កាលនៃវិស័យកសិកម្ម។

សេវាកម្មក៏រួមចំណែក ក្នុងការលូតលាស់របស់ប្រទេស

ឥឡូវទោះបីចូលមកដល់វិស័យជម្រុញឧស្សាហកម្ម ២០១៥-២០២៥ ក៏យើងមិនបានបោះបង់ចោលនូវការយកចិត្តទុកដាក់ទៅលើវិស័យកសិកម្មនោះទេ ប៉ុន្តែយើងក៏ត្រូវជម្រុញ។ ប្រទេសដែលធ្វើតែកសិកម្មសុទ្ធដូចជា អាពត មិនអាចធ្វើអ្នកមានបានទេ មិនអាចរីកលូតលាស់បានទេ ត្រូវផ្គុំគ្នានូវវិស័យទំាង ៣ កសិកម្ម ឧស្សាហកម្ម និងវិស័យសេវា។ សេវារបស់យើង រាប់ទំាងសេវានៅប្រទេសកម្ពុជារបស់យើង សេវារីកធំណាស់ ហើយប្រទេសដែលមានការជឿនលឿន សេវាហ្នឹងវារីកធំជាងគេ មានតំាងពីទេសចរណ៍ មានតំាងពីធនាគារ មានតំាងពីការលក់ដូរស្អីៗអាហ្នឹងទាក់ទងជាមួយនឹងវិស័យសេវា​។

សម័យសង្គមរាស្ត្រនិយម​ ឧស្សាហកម្មរីកលូតលាស់បង្គួរ

ឥឡូវ យើងឆ្ពោះមកនិយាយអំពីបញ្ហាទាក់ទងជាមួយនឹងវិស័យឧស្សាហកម្ម។ ប្រទេសរបស់យើង កាលពីដើម ឧស្សាហកម្មក៏ចាប់រីកលូតលាស់នៅក្នុងដំណាក់កាលសម័យសង្គមរាស្ត្រនិយម ដែលដឹកនំាដោយសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ សម្តេចឪ សម្តេចតា សម្តេចតាទួត នៃយើង រាប់ទំាងឧស្សាហកម្មក្រដាស ក្រដាសធ្វើសៀវភៅសរសេរទំាងឡាយ មិនបាននំាចូលពីបរទេសទេ ដោយយើងមានរោងចក្រក្រដាសខ្លួនឯង ក្នុងប្រទេស។ ក៏ប៉ុន្តែ រោងចក្រក្រដាសហ្នឹងត្រូវបានគ្រាប់បែកអាមេរិកទម្លាក់បំផ្លាញចោល។ យើងខានបានប្រើប្រាស់។ ដូច្នេះ ឧស្សាហកម្មកាលពីពេលនោះ ក៏មានការរីកចម្រើនបង្គួរ។ ប៉ុន្តែ​ឆ្លងកាត់សង្គ្រាម បន្ទាប់មករបបប្រល័យពូជសាសន៍ ប៉ុល ពត រោងចក្រទំាងឡាយត្រូវបានបំផ្លាញ។ យើងក៏បានខិតខំស្តាររោងចក្រឡើងវិញ ហើយដែលហៅថា រោងចក្រៗ ការពិតសិប្បកម្ម …។

រោងចក្ររដ្ឋប្រតិបត្តិការខាត លើកលែងតែរោងចក្របារី

នៅក្នុងដំណាក់កាលដែលពូចាប់ផ្តើមធ្វើនាយករដ្ឋមន្ត្រី នៅឆ្នំា ១៩៨៥ ពេលនោះមន្ត្រីរបស់យើងនៅចំាទេ អំពីការជម្រុញឲ្យថ្នាក់ដឹកនំាចូលរួមធ្វើពលកម្មនៅតាមរោងចក្រ។ ខ្ញុំបានទៅធ្វើពលកម្ម ដើម្បីយល់ដឹងជាមួយនឹងកម្មករផលិតស្រានៅអេស្កាដេ ប៉ុន្តែនៅមានរោងចក្រកន្លែងនេះ រោងចក្រធ្វើចាននៅបែកចានហ្នឹង មានកន្លែងធ្វើចានមួយ។ ការពិតយើងហៅថា រោងចក្រ ក៏ប៉ុន្តែសមត្ថភាពរបស់វាត្រឹមតែកូនសិប្បកម្មតូចមួយតែប៉ុណ្ណោះ។ មានធ្វើចាននៅហ្នឹង ហើយមានធ្វើចាន(ត្រង)ជ័រកៅ​ស៊ូ នៅឯខេត្តកំពង់ឆ្នំាង។ យើងចាប់ផ្តើមផលិតចានត្រងជ័រកៅស៊ូនេះ ពីរសិប្បកម្ម នៅខេត្តកំពង់ឆ្នំាង។ ឧស្សាហកម្មរបស់យើង មិនអាចទៅរួចទេ នៅក្នុងដំណាក់កាលនោះ។ រោងចក្រដែលចំណេញ មានតែរោងចក្រមួយគត់គឺ រោងចក្របារី។ រោងចក្រទំាងអស់ខាតទំាងអស់។ ដូច្នេះក្រោយមកបាន យើងធ្វើឯកជនរូបនីយកម្ម រោងចក្រទំាង​ឡាយ ដោយរដ្ឋមិនគ្រប់គ្រងរោងចក្រទៀតទេ។

មកដល់បច្ចុប្បន្នមានរហូតទៅដល់ ១១៥១ ចក្រ

យើងប្រគល់អោយឯកជន ប៉ុន្តែគ្រាន់តែពឹងពាក់ទៅលើរោងចក្រចាស់ វាមិនគ្រប់គ្រាន់ទេ យើងត្រូវពង្រីកនូវរោងចក្រថ្មីៗ ដែលមកដល់ពេលនេះ យើងមាន ១.១៥១ រោងចក្រ គ្រាន់តែក្នុងវិស័យកាត់ដេរ និងដេរស្បែកជើង។ យើងមិនទាន់គិតដល់សហគ្រាសរាប់ម៉ឺន​សហគ្រាសនៅទូទំាងប្រទេសរបស់យើង បណ្តា​ក្រុមហ៊ុននានា ដែលទាក់ទងជាមួយនឹងសេវា ទាក់ទងជាមួយនឹងវិស័យកសិកម្មនោះទេ។ យើងគិតតែពីទាក់ទងជាមួយនឹងវិស័យកាត់ដេរ និងដេរស្បែក​ជើង ដែលមកដល់ពេលនេះ ចំនួនកម្មកររបស់យើងមានជាង ៨៣ ម៉ឺននាក់ រួចជាស្រេចទៅហើយ។ អត្ថប្រយោជន៍ពីមួយឆ្នាំទៅមួយឆ្នំា គឺទទួលបានកាន់តែខ្ពស់។

មានរោងចក្រជាង ១ ពាន់ កម្មករ ៨៣ ម៉ឺននាក់ ប្រាក់ចំណូល/អត្ថប្រយោជន៍ ២០០ ដុល្លារ/ខែ/ម្នាក់

ក្មួយៗត្រូវចាំថា គិតត្រឹមឆ្នំា ១៩៩៧ ពេលនោះរោងចក្ររបស់យើងមានត្រឹមតែ ៦៤ រោងចក្រ ជាមួយនឹងកម្មករ ៨២.០០០ នាក់ តែប៉ុណ្ណោះ ហើយប្រាក់បៀវត្សត្រឹមតែ ៤០ ដុល្លារអាមេរិកតែប៉ុណ្ណោះ ទាបណាស់។ អ្នកធ្វើការមុន ១៩៩៧ ប្រាក់បៀវត្សកាន់តែទាបទៅទៀត ប្រមាណជា ៣៥ ដុល្លារអាមេរិកតែប៉ុណ្ណោះ។ ប៉ុន្តែ ឥឡូវនេះ  យើងមានរោងចក្រជាង ១ ពាន់ ជាមួយនឹងកម្មករជាង ៨៣ ម៉ឺន​នាក់ ប្រាក់បៀវត្សរបស់កម្មករ/ការិនីរបស់យើង អប្បបរមាឡើងរហូតទៅដល់ ១៧០ ដុល្លារសហរដ្ឋអាមេរិក បូកនឹកអត្ថប្រយោជន៍ដទៃទៀត គឺក្មួយៗទទួលបានជាង ២០០ ដុល្លារសហរដ្ឋអាមេរិក …។

ចាក់បញ្ចូលពី ២០០០ ទៅ ៣០០០ លានដុល្លារ/ឆ្នាំ ក្នុងសេដ្ឋកិច្ចជាតិ

… ចំនួនប្រាក់បៀវត្ស ដែលយើងទទួលបានសម្រាប់ការងារធ្វើ ចាក់ចូលទៅក្នុងសេដ្ឋកិច្ចជាតិរបស់យើងប្រមាណជា ២.០០០ លានដុល្លារ​​អាមេរិក ក្នុងមួយឆ្នាំ … បន្ថែមទៅដោយប្រាក់ចំណូលដែលបានមកពីកសិកម្ម ពីវិស័យទេសចរណ៍ ដែលក្នុងមួយឆ្នាំមានប្រមាណជា ២.០០០ លានដុល្លារសហរដ្ឋអាមេរិក ទៅ ៣.០០០ លានដុល្លារសហរដ្ឋអាមេរិក បញ្ជូលទៅក្នុងសេដ្ឋកិច្ចជាតិរបស់យើង។ ដូច្នេះបានជាធ្វើឲ្យសេដ្ឋកិច្ចជាតិរបស់យើង ពីមួយថ្ងៃ ទៅមួយថ្ងៃ វារីកចម្រើន។

ក្មួយៗ ត្រូវមានមោទនភាពចំពោះការប្រឹងប្រែងនៃជីដូនជីតា ឪពុកម្តាយ ក្នុងដំណើររួមជាមួយពូ

តាមរយៈរីកចម្រើននោះហើយ ដែលក្មួយៗអាចធ្វើការឆ្លុះបញ្ចាំងបាន មិនមែនក្មួយៗខ្លះមានអាយុច្រើនលើសពី ៤០ឆ្នាំ ក្មួយៗអាចគង់យល់ ក្មួយៗខ្លះក្រោម ៤០ឆ្នាំ ក្មួយៗក៏អាចគង់យល់ តាមរយៈការនិទានរបស់ជីដូនជីតា ការនិទានរបស់ឪពុកម្តាយ អំពីអតីតកាលដ៏លំបាករបស់យើង។ ក៏ប៉ុន្តែថ្ងៃនេះ អ្វីដែលបាន និងកំពុងកើតនៅលើទឹកដីរបស់យើង នេះជាមោទនភាពមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ឪពុកម្តាយ ជីដូនជីតា ដែលបានរួមដំណើរជាមួយគណបក្សប្រជាជន រួមដំណើរជាមួយពូ ដើម្បីនាំប្រទេសមកកាន់ទីនេះ។

បើគ្មានសន្តិភាព គ្មានប្រទេសណាប្រថុយប្រថានបណ្តាក់ទុននៅកម្ពុជាទេ

ពូគ្រាន់តែបញ្ជាក់ចំណុចស្នូលសំខាន់គន្លឹះ ដើម្បីនាំប្រទេសមកដល់ដំណាក់កាលនេះបាន គឺចំណុចគន្លឹះធំជាងគេ ទាក់ទងទៅនឹងសន្តិភាពតែម្តង។ បើគ្មានសន្តិភាពទេ គ្មានប្រទេសណាប្រថុយប្រថាននឹងមកបណ្តាក់ទុននៅកម្ពុជា ដោយយករោងចក្រមកជាមួយនោះទេ ឬមកកសាងរោងចក្រនៅប្រទេសរបស់យើងទេ។ បើប្រ​ទេសរបស់យើងមានសង្គ្រាម តើមាននរណាមកកសាងសណ្ឋាគារ សម្រាប់វិស័យទេសចរណ៍នៅកម្ពុជា? បើសិនប្រទេសរបស់យើងមានសង្គ្រាមត្រឡប់មកវិញ បើទោះបីមានសណ្ឋាគារគ្រប់គ្រាន់ក៏ដោយ ក៏គ្មានទេសចរណាមកប្រថុយប្រថានមកងាប់នៅប្រទេសរបស់យើងទេ។ ដូច្នេះអ្វីដែលបានកើតឡើង សម្រាប់ប្រទេស​របស់យើង គឺសន្តិភាពបានផ្តល់ផ្លែផ្កាសម្រាប់ប្រទេសមួយនេះ។

ទើបនឹងអភិវឌ្ឍប្រទេសពេញដៃជើងរយៈពេល ២០ ឆ្នាំ ធ្វើបានប៉ុណ្ណេះ

មកដល់ពេលនេះ យើងទើបនឹងមានពេល ២០ឆ្នាំ ប៉ុណ្ណោះដើម្បីអភិវឌ្ឍប្រទេសរបស់យើង។ ការអភិវឌ្ឍក្នុងរយៈពេល ២០ ឆ្នាំ ដែលយើងចេញពីប្រទេសក្រីក្រតោកយ៉ាក ទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ចាត់ទុកថាជាជោគជ័យមួយ ដែលយើងមិនត្រូវមើលរំលង។ យើងក៏ស្មានមិនដល់ជាមួយនឹងការរីកលូតលាស់ក្នុងរយៈពេលដ៏ខ្លីមួយទេ។ សាធារណរដ្ឋប្រជាមានិតចិន គាត់បានរំដោះប្រទេស ៦៩ ឆ្នាំ ហើយក៏ប៉ុន្តែ អ្វីដែលគាត់លើកយកមកនិយាយ គឺគាត់និយាយថាគាត់បើកចំហសេដ្ឋកិច្ចទើបនឹង ៤០ ឆ្នាំ។ ឯសម្រាប់យើងវិញ យើងទើបនឹងការកសាងប្រទេសដោយពេញដៃពេញជើងរយៈពេលត្រឹមតែ ២០ ឆ្នាំប៉ុណ្ណោះ។ យើងធ្វើបានប៉ុណ្ណេះ។

យុវជនជំនាន់មុនលំបាក យុវជនជំនាន់ក្រោយមានភ័ព្វវាសនាល្អជាង

អ្នកមុនជួបការលំបាក អ្នកក្រោយគឺស្រាលជាង។ យុវជនជំនាន់មុនគឺលំបាកខ្លាំងណាស់ យុវជនជំនាន់ក្រោយមានភ័ព្វវាសនាល្អជាង ដោយគេមិនបានឆ្លងកាត់នូវសង្គ្រាមវិនាសកម្មនោះទេ។ គេមានជម្រើសច្រើន គេមានជម្រើសនៅជាមួយនឹងឪពុកម្តាយ ធ្វើកសិកម្មជាមួយឪពុកម្តាយ គេមានជម្រើសមកធ្វើការងារនេះ មកធ្វើការ​ងារនោះ គឺជាជម្រើសល្អសម្រាប់យុវជនជំនាន់ក្រោយ។ ពូសូមអំពាវនាវចំពោះក្មួយៗទាំងអស់ ជាកម្មករ/ការិនី ក៏ដូចជាប្រជាពលរដ្ឋត្រូវខិតខំរួមគ្នាដើម្បីរក្សាសន្តិភាព។ សន្តិភាពនោះហើយ ធានាការអភិវឌ្ឍជាបន្តសម្រាប់ប្រ​ទេសរបស់យើងតទៅទៀត។ អតីតកាលបានបង្រៀនយើងអំពីសង្គ្រាមវិនាសកម្ម ដែលបានកើតក្នុងប្រទេសរបស់យើង។ របបប្រល័យពូជសាសន៍ ដែលបានកើតក្នុងប្រទេសរបស់យើង ក្រុមគ្រួសារញាតិមិត្តរបស់យើងសុទ្ធតែមានអ្នកបាត់បង់ គ្មានគ្រួសារណាមួយដែលគ្មានញាតិមិត្តទោះជិតទោះឆ្ងាយ … នៅពេលដែលប្រទេសមានសង្គ្រាម និងក្នុងរបបប្រល័យពូជសាសន៍នោះទេ។

រក្សាសន្តិភាព ប្រាក់ចំណូល ការងារ បោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា លេខរៀងទី ២០

ដូច្នេះសន្តិភាពពិតជាមានតម្លៃណាស់។ ពូនៅតែបន្តអំពាវនាវឲ្យមានប្រជាជនចូលរួមធ្វើការសម្រេចចិត្តដោយត្រឹមត្រូវមួយ ក្នុងគោលដៅរក្សាសន្តិភាព ដើម្បីធានាដល់ការអភិវឌ្ឍជាបន្ត។ ដើម្បីធានាដល់សន្តិភាព ធានាដល់ការងារធ្វើ និងប្រាក់ចំណូលដែលក្មួយៗកំពុងមាន ជម្រើសដែលល្អជាងគេគឺ បោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា។ នេះជាជម្រើសដែលល្អជាងគេ។ នេះមិនមែនជាការស្រមើស្រមៃនោះទេ។ អ្វីដែលបានកំពុងកើតនៅក្នុងដៃក្មួយៗ ជាការងារ និងប្រាក់ចំណូល បានមកពីការធានារបស់គណបក្សប្រជាជន និងរបស់ពូក្នុងឋានៈជាមេដឹកនាំរាជរដ្ឋាភិបាលនេះឯង។ ដូច្នេះជម្រើសនេះវាងាយស្រួល ក្មួយៗជូនពរពូ … ជូនពរពូឲ្យពូអាយុវែងឲ្យ​សុខសប្បាយ ប៉ុន្តែក្មួយគឺស្រួលណាស់ឲ្យពូអាយុវែង ឲ្យសុខសប្បាយនោះ គូសចំក្រឡោនសញ្ញាទេវតាបាចផ្កា លេខរៀងទី ២០ ទៅ។ គណបក្សប្រជាជនជាប់ឆ្នោត ពូធ្វើនាយករដ្ឋមន្ត្រីបន្តទៀត ជាការធានាល្អជាងគេ …។

មិនបន្តុះបង្អាប់អ្នកដទៃ តែពួកគេមិនទាន់បានធ្វើអ្វីបង្ហាញឲ្យពិតប្រាកដនៅឡើយ

យើងមិនបន្តុះបង្អាប់អ្នកណាទាំងអស់។ គេមានសិទ្ធិឃោសនាថាគេពូកែជាងយើង គេមានសិទ្ធិបន្តុះបង្អាប់យើង ថាយើងធ្វើអន់ជាងគេ ក៏ប៉ុន្តែអន់ ឬក៏គ្រាន់បើជាង ឬក៏អន់ជាង​ ពួកអ្នកមិនទាន់បានបង្ហាញឲ្យឃើញពិតប្រាកដនៅឡើយទេ។ សម្រាប់គណបក្សប្រជាជន និងសម្រាប់ ហ៊ុន សែន បាន(ធ្វើអោយ)ឃើញរួចមកហើយ។ រថយន្ត ម៉ូតូ ពេញផ្លូវសព្វថ្ងៃនេះ វាមិនបានមកពីអស់លោកដឹកនាំទេ បានមកពីគណបក្សប្រជាជនដឹកនាំ បានមកពី ហ៊ុន សែន ដឹកនាំ ជាមួយនឹងថ្នាក់ដឹកនាំគណបក្សប្រជាជនដទៃទៀត។ ដូច្នេះវាបានបង្ហាញច្បាស់រួចទៅហើយ។ នេះជាចំណុចស្នូលដែលពូចង់ផ្តាំផ្ញើនៅទីនេះ សម្រាប់ក្មួយៗ។

យកចិត្តទុកដាក់ចំពោះសុខទុក្ខកម្មករ, មានគិលានដ្ឋាន កន្លែងហូបបាយ ដោះស្រាយបញ្ហាដួលសន្លប់

ពូក៏ចង់និយាយទៅកាន់ថៅកែរោងចក្រ ក៏ដូចជាអ្នកគ្រប់គ្រងគ្រប់លំដាប់ថ្នាក់ជាមួយកម្មករ ទៅទីណាក៏ពូត្រូវនិយាយពីបញ្ហានេះដែរ។ ឆ្នាំកន្លងទៅ រហូតមកដល់ពេលនេះ យើងបានដោះស្រាយការងារច្រើនណាស់ ដែលទាក់ទងជាមួយនឹងសុខទុក្ខរបស់កម្មករ ដែលទាក់ទងជាមួយនឹងការប្រឈមរបស់ម្ចាស់រោងចក្រ ដែលយើងបានរួមគ្នាដោះស្រាយបញ្ហា។ បញ្ហាទាំងអស់នេះបាន និងកំពុងកើតមានដ៏ល្អប្រសើរ សម្រាប់ការងារ និងទំនាក់ទំនងវិជ្ជាជីវៈ នៅក្នុងក្របខណ្ឌវិស័យឧស្សាកម្មរបស់ប្រទេសរបស់យើង។ អំពាវនាវចំពោះម្ចាស់រោងចក្រទាំងអស់ យកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់កម្មករ តាមរយៈមធ្យោបាយទាំងឡាយដែលមាន។ ឧទាហរណ៍៖ ការបង្កើតឲ្យមានគិលានដ្ឋាននៅតាមបណ្តារោងចក្រ ការបង្កើតឲ្យមានកន្លែងទទួលទានអាហារសម្រាប់កម្មករ/កម្មការនី របស់យើងនៅពេលដែលសម្រាកទទួលទានអាហារ ឲ្យមានកន្លែងទទួលទានអាហារ ខិតខំធ្វើនូវកិច្ចការងារនេះ។ កន្លែងតំបន់រោងចក្រខ្លះ ដែលពីមុនធ្លាប់មានការដួលសន្លប់របស់កម្មករ ត្រូវបានពិនិត្យដោះស្រាយយកចិត្តទុកដាក់កុំឲ្យមានបញ្ហានេះ តាមរយៈនៃការកែសម្រួលធ្វើយ៉ាងណាធានាកុំឲ្យកម្មករ/កម្មការនី របស់យើងទទួលគ្រោះថ្នាក់ដោយការដួលសន្លប់នេះតទៅទៀត។ បណ្តារោងចក្រទាំងអស់ ត្រូវគិតគូអំពីសុខទុក្ខរបស់កម្មករ។ ខ្ញុំធ្លាប់បាននិយាយហើយថា បើមានតែរោងចក្រអត់មានកម្មករ វាគ្រាន់តែជាថៅកែឃ្លាំងតែប៉ុណ្ណោះ។ បកត្រឡប់ នៅពេលដែលចំពោះកម្មកររបស់យើង ក៏ត្រូវខិតខំធ្វើការដើម្បីកាលណាតែថៅកែរោងចក្រ …។

កម្មករ/កម្មការិនី នឹងទទួលបានការដំឡើងបៀវត្សរ៍រៀងរាល់ឆ្នាំ

ម្ចាស់រោងចក្រទទួលបានផលចំណេញ ការដំឡើងបៀវត្សរ៍ គឺច្បាស់ជានឹងកើនឡើង។ ឆ្នាំទៅយើងអនុវត្ត ១៥៣ ដុល្លារអាមេរិក ឆ្នាំនេះយើងអនុវត្ត ១៧០ ដុល្លារអាមេរិក ឆ្នាំក្រោយយើងនឹងបន្តកើនឡើង តែកើនប៉ុន្មានគឺមិនទាន់ហ៊ានប្រកាសនៅពេលនេះទេ ដោយសារតែត្រូវការចរចារ វាងម្ចាស់រោងចក្រ ជាមួយនឹងតំណាងកម្មករ និងតំណាងរាជរដ្ឋាភិបាល ដើម្បីរកចំណុចកណ្តាលមួយ។ បើយើងទារច្រើនពេកគឺម្ចាស់រោងចក្រគេមិនអាចទ្រាំទ្របាន គឺគេដករោងចក្រចេញពីប្រទេសយើងទៅកាន់ប្រទេសដទៃ។ ប៉ុន្តែ យ៉ាងណាក៏ដោយ ពូហ៊ានអះអាងថាកម្មករនឹងទទួលបានការដំឡើងបៀវត្សរ៍គឺជារៀងរាល់ឆ្នាំ ជាមួយនឹងអត្ថប្រយោជន៍ដទៃទៀត ដែលកម្មករ/កម្មការិនី​របស់យើងទទួលបាន។

មិនត្រូវបង់ប្រាក់ថែទាំសុខភាព, ពិនិត្យព្យាបាលឥតគិតថ្លៃតាមមន្ទីរពេទ្យរដ្ឋ,

ដូចជាពេលមុននេះ ប្រាក់ថែទាំសុខភាពរបស់កម្មករត្រូវបង់ ៥០% ម្ចាស់រោងចក្របង់ ៥០% ឥឡូវនេះម្ចាស់រោងចក្រត្រូវបង់ ១០០% ជំនួសឲ្យកម្មករ/ការិនី ធ្វើឲ្យកម្មករ/ការិនីរបស់យើងចំណេញប្រាក់ក្នុងរង្វង់ ៨.០០០ រៀល ទៅ ១.៣០០០ រៀល ក្នុងមួយខែ។ កម្មករ/ការិនីរបស់យើងទទួលបាននូវការពិនិត្យព្យាបាលដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋទាំងអស់។

អត្ថប្រយោជន៍សម្រាប់កម្មការិនីមានផ្ទៃពោះ

កម្មការិនីដែលមានផ្ទៃពោះ បានទទួលនូវការឈប់សម្រាករយៈពេល ៣ ខែ ជាមួយនឹងប្រាក់បៀវត្សរ៍ ១២០% ដែលប្រទេសមិនច្រើនទេ នៅលើពិភពលោកអនុវត្តនូវរឿងបែបនេះ។ ទន្ទឹមគ្នានោះក្មួយៗ ក៏នឹងទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលតែម្តង តាមរយៈបេឡាជាតិសន្តិសុខសង្គម ចំនួន ៤០ ម៉ឺនរៀល កើតបានកូនមួយ ហើយប្រសិនកើតបានកូនភ្លោះពីរបាន ៨០ ម៉ឺនរៀល ហើយបើបានកូនភ្លោះបី អាហ្នឹងបានដល់ទៅដល់ ១ លាន ២ សែនរៀល បូកជាមួយប្រាក់ពូ ៥ លានរៀលថែមទៀត។ ប៉ុន្តែ ពូចង់ដាក់ដល់ទៅ ១០ លានរៀល ឬ ២០ លានរៀល ក៏វាអត់កើតមកដែរអាបីឥឡូវនោះ។ កាលពីមុនសម្បូរនោះសម្បូរ ឥឡូវនេះបានត្រឹមតែពីរ។ មកដល់ពេលនេះ​ គឺអ្នកដែលកើតកូនមានតែ ២ ម៉ឺន ៨ ពាន់នាក់ ដល់ទៅកូនឡើងដល់ ២ ម៉ឺន ៩ ពាន់នាក់។ ម៉េចបានកើតតែ ២ ម៉ឺន ៨ ពាន់ ដល់ទៅកូនឡើងដល់ ២ ម៉ឺន ៩ ពាន់? មកពី(កូន)ភ្លោះ។ អញ្ចឹងទេ ថ្ងៃនេះក្មួយៗ ពេលដែលពូទៅចែកស្រោមសំបុត្រ ក្មួយណាមានកូនភ្លោះប្រាប់ពូថាភ្លោះ ពូនឹងជូនពីរស្រោមសំបុត្រ ជារង្វាន់ដែលត្រូវទទួល។ កើតតែមួយម្ដងវាពិបាកទៅហើយ ដល់ទៅកើតពីរ កើតបី វាកាន់តែពិបាកទៅទៀត។

កម្ពុជាមានកុមារកំព្រា និងស្ត្រីមេម៉ាយច្រើនជាងគេនៅលើពិភពលោក (ក្រោយពេលរំដោះ)

អម្បាញ់មិញនេះជួបជាមួយនឹង​កូនធម៌របស់ខ្ញុំមួយ ដែលខ្ញុំយកទៅចិញ្ចឹម យកទៅពីកុមារកំព្រា យកទៅចិញ្ចឹមនោះ។ ឯណា ម៉ារី អង្គុយនៅត្រង់ណា? នៅឯណោះ។ កាលហ្នឹង ខ្ញុំយកពីកុមារកំព្រាយកទៅចិញ្ចឹមពីរនាក់បងប្អូន ហើយដាក់ឈ្មោះ ម៉ារ៉ា ម៉ារី។ អានេះដូចជា ម៉ារី។ យកទៅចិញ្ចឹម។ ពេលនោះ ស្ថានភាពគ្រួសាររបស់ពូ គិតស្មានថា អត់មានកូនថែមទេ។ អញ្ចឹងក៏យកទៅ។ មិនមែនបានន័យថា យើងមិនបន្ត(ចិញ្ចឹម)នោះទេ ប៉ុន្តែនៅពេលដែលពូមានកូនច្រើនពេក អញ្ចឹងវាទៅជាអត់មានការថែទាំបានស្រួល។ ដល់អញ្ចឹងទេ ខាងមជ្ឈមណ្ឌលកុមារកំព្រាក៏យកត្រឡប់មកចិញ្ចឹមនៅមជ្ឈមណ្ឌលកុមារកំព្រាវិញ។ ឥឡូវ លឹថាមួយកើតអេដស៍ផង។ បើគិតមកដល់ពេលនេះ ប្រហែលជាអាយុខ្ទង់(៣០) ព្រោះពេលនោះកុមារកំព្រានៅកុលាបទីប៉ុន្មានទេនៅពេលនោះ។

កាលពីនោះ កូនមួយឆ្នាំមួយៗ រួចហើយពេលនោះមិនមែនដូចឥឡូវទេ ទៅរកមេដោះនៅឯណា​អត់មានមេដោះទេ ហើយបើសិនជាទុក ម៉ារ៉ា ម៉ារី នៅជាមួយនៅតទៅទៀត គឺការរៀនសូត្ររបស់គ្នាក៏ជួបការលំបាក។ ដូច្នេះបានជាអោយយកមករៀននៅកុមារកំព្រាឡើងវិញ។ គេធំៗអស់ហើយ មិញហ្នឹងលឺថាមិនដឹងមួយណា បងឬប្អូនទេ ក្នុងចំណោមពីរហ្នឹង ហើយឈ្មោះ ម៉ារ៉ា ម៉ារី នេះ (ខ្ញុំ)អ្នកដាក់តែម្ដង។ ចិញ្ចឹមកុមារកំព្រាច្រើនដែរ ប៉ុន្តែខ្លះក៏បាននៅជាមួយ រួចហើយក៏បញ្ជូនអោយទៅរៀន បន្ទាប់ទៅក៏បែកទៅនេះទៅនោះក្រោយពេលរំដោះទីក្រុងភ្នំពេញហើយបន្តយ៉ាងដូច្នេះ។ ប៉ុន្តែយ៉ាងណាក៏ដោយ ក្នុងស្ថានភាពប្រទេសរបស់យើង អភ័ព្ធបំផុតនៅត្រង់ថា ជាប្រទេសមួយដែលមានកុមារកំព្រា និងស្ត្រីមេម៉ាយច្រើនជាងគេទាំងអស់នៅលើពិភពលោកនេះ ព្រោះឪពុកម្ដាយត្រូវបានសម្លាប់បន្សល់ទុកនូវកុមារកំព្រា ប្ដីត្រូវសម្លាប់បន្សល់ទុកនូវស្ត្រីមេម៉ាយ ប៉ុន្តែ យើងបានប្រឹងប្រែងងើបឈរឡើងបានប៉ុណ្ណេះ ចាត់ទុកថាវាជារឿងល្អ។

ដំណើរឆ្ពោះទៅ រោងចក្រមួយ គឺសហគមន៍សុខសាន្តមួយ

ឥឡូវ ពូវិលត្រឡប់មកនិយាយទំនាក់ទំនងរវាងកម្មករ និងម្ចាស់រោងចក្រទាំងពីរហ្នឹង  ត្រូវតែមានការពាក់ព័ន្ធគ្នា សាមគ្គីគ្នា ទើបអាចក្លាយទៅជាសហគមន៍មួយដ៏សុខសាន្ត។ ពូចង់ដំណើរចលនាឲ្យឆ្ពោះទៅរករោងក្រមួយគឺសហគមន៍សុខសាន្តមួយ ដោយថៅកែរោងចក្រ អ្នកគ្រប់គ្រងរោងចក្រយកចិត្តទុកដាក់ចំពោះកម្មករ កម្មករ/ការិនីក៏ត្រូវយកចិត្តទុកដាក់ធ្វើការងារ បង្កើនសមត្ថភាព ហើយក្លាយទៅជាទំនាក់ទំនងដែលពឹងអាស្រ័យគ្នាទៅវិញ​ទៅមក។ ប្រសិនបើយើងធ្វើបានយ៉ាងដូច្នេះ នយោបាយភូមិ/ឃុំមានសុវត្ថិភាពរបស់យើង វានឹងទទួលជោគ​ជ័យ បើទោះបីជាភូមិ/ឃុំខ្លះមានបញ្ហា ក៏ប៉ុន្តែនៅតាមបណ្ដារោងចក្រវាគ្មានបញ្ហានោះទេ ដូច្នេះយើងត្រូវខិតខំធ្វើយ៉ាង​ម៉េចកុំឲ្យរោងចក្ររបស់យើង មានបងតូចបងធំនៅតាមរោងចក្រ មានការកាប់ចាក់គ្នា មានការប្រើប្រាស់គ្រឿងញៀន។

អំពាវនាវកុំអោយមានការរីរាលដាលបន្ថែមនូវជំងឺអេដស៍

សូមអំពាវនាវឲ្យមានការដាស់តឿនគ្នា កុំឲ្យមានការរីករាលដាលបន្ថែមនូវជំអឺអេដស៍ ដែលរយៈពេលចុងក្រោយនេះ ហាក់ដូចជាមានសញ្ញានៃការកើនឡើងបន្តិច។ ចំណុចនេះគឺជាកង្វល់របស់រាជរដ្ឋាភិបាល សូមអំពាវនាវ យើងមិនរើសអើងចំពោះអ្នកកើតអេដស៍ទេ ប៉ុន្តែសូមបងប្អូន ក្មួយៗ អ្នកដែលបានកើតអេដស៍ហើយ សុំកុំបន្តចម្លងទៅអ្នកដទៃទៀត ដែលគេមិនទាន់កើត។ សូមក្មួយៗទាំងឡាយកុំប្រើពាក្យថា មិនខ្លាចទេអេដស៍ ខ្លាចតែអត់។ វាគឺជារឿងគ្រោះថ្នាក់ នេះគឺសោកនាដកម្មមួយ។ ជំងឺអេដស៍នៅប្រទេសរបស់យើងបានធ្លាក់ចុះយ៉ាងខ្លាំង ប៉ុន្តែមានសញ្ញានៃការងើបឡើងដែលយើងត្រូវយកចិត្តទុកដាក់។

គោរពសិទ្ធិគ្នាទៅវិញទៅមក ធ្វើអោយបរិយាកាសតាមរោងចក្រ ជាសហគមន៍សុខសាន្ត

អំពាវនាវឲ្យក្មួយៗខិតខំធ្វើអោយបរិយាកាសនៅតាមរោងចក្រ គឺក្លាយទៅជាសហគមន៍យ៉ាងសុខសាន្ត ធ្វើយ៉ាងដូច្នេះយើងនឹងបង្កើតបាននៅទីកន្លែងមួយ ដែលមានសុវត្ថិភាពការងារ គ្មានបងតូចបងធំ។ ពូក៏នៅតែបន្តនិយាយថា យើងត្រូវគោរពសិទ្ធិគ្នាទៅវិញទៅមក ព្រោះកន្លងទៅក៏មានបាតុភាពនៅតាមទីកន្លែងខ្លះ។ ឧទា​ហរណ៍៖ កម្មករនៅក្នុងរោងចក្រមួយមាន ១ ពាន់នាក់ ធ្វើកូដកម្មត្រឹមតែ ២០ នាក់ទេ ប៉ុន្តែ ២០ នាក់នេះទៅរារាំងកម្មករ ៩៨០ នាក់ផ្សេងទៀតកុំឲ្យចូលធ្វើការ។ មិនត្រូវធ្វើយ៉ាងដូច្នេះទេ យើងទាំងអស់គ្នា ៩៨០ នាក់ត្រូវគោរពសិទ្ធិអ្នកធ្វើកូដកម្ម ២០ នាក់ ប៉ុន្តែ ២០ នាក់មិនត្រូវធ្វើជាជើងកាង មករារាំងកម្មករ/ការិនីដែលគេចង់ធ្វើការនោះទេ ដូច្នេះត្រូវធ្វើខិតខំធ្វើយ៉ាងម៉េច ឲ្យក្លាយទៅជាសហគមន៍ដ៏សុខសាន្តនៅតាមរោងចក្រ។

គ្មានជោគជ័យណាមួយដែលខ្វះការចូលរួមនោះទេ

នេះជាចំណុចដែលពូចង់ផ្ដាំផ្ញើ នៅគ្រប់ទីកន្លែងទាំងអស់ ដែលត្រូវយកចិត្តទុកដាក់រួមគ្នា។ គ្មានជោគជ័យណាមួយ ដែលខ្វះការចូលរួមទេ។ រោងចក្រមួយទទួលជោគជ័យ វាទាល់តែមានថៅកែរោងចក្រ មានម្ចាស់រោងចក្រ ជាអ្នកវិនិយោគជាបង្កើតការងារធ្វើឲ្យក្មួយៗ ហើយតាមរយៈនោះក្មួយៗជាកម្មករ/ការិនីធ្វើការល្អ បានទទួលអត្ថប្រយោជន៍បានទទួលប្រាក់ចំណេញ ហើយប្រាក់ចំណេញនោះហើយ ដែលចែករំលែកត្រឡប់ទៅវិញឲ្យកម្មករ/ការិនី តាមរយៈនៃការបង្កើតប្រាក់បៀវត្សឲ្យកម្មករ/ការិនី និងអត្ថប្រយោជន៍ដទៃទៀត។ សង្ឃឹមថា រឿងរ៉ាវទាំងអស់នេះវាបានជ្រួតជ្រាបទៅក្នុងចំណោមកម្មករ/ការិនីរបស់យើងនៅគ្រប់ទីកន្លែង ហើយជ្រួតជ្រាបទៅដល់ម្ចាស់រោងចក្រ ជ្រួតជ្រាបទៅដល់សហជីពទាំងឡាយ។

មិនមែនទាល់តែធ្វើបាតុកម្មបានហៅថាសហជីពសេរី​ សហជីពឯករាជ្យទេ

… មិនមែនទាល់តែដឹកនាំធ្វើបាតុកម្មបានហៅថា សហជីពសេរី សហជីពឯករាជ្យទេ។ អ្នកខ្លះភាន់ច្រឡំ។ ប៉ុន្តែនិយាយឲ្យពិតទៅ ថ្ងៃ ១ ឧសភា តើមានមនុស្សហែក្បួនប៉ុន្មាននាក់ដាក់ញត្តិ និងមានមនុស្សប៉ុន្មាននាក់ ដែលបានលេងសប្បាយនៅតាមរោងចក្រ។ យើងពិនិត្យមើលតែប៉ុណ្ណឹង។ ដូច្នេះ បើគិតពីអត្រាភាគរយវិញ វាមិនបានមួយភាគរយទេ នៃចំនួននាក់ដែលហែក្បួន។ មនុស្ស១ ពាន់, ២ ពាន់ នាក់ទៅចុះ ប្រៀបធៀបទៅនឹងកម្មកររាប់លាននាក់។ វាតិចណាស់។ ប៉ុន្តែគេក៏បានឲ្យពូដឹងថា បើសិនមិនហែក្បួនទេ ម្ចាស់លុយនៅក្រៅប្រទេស គេមិនអោយលុយសហជីពហ្នឹងទេ។ ខ្ញុំក៏សូមផ្ដាំទៅទាំងម្ចាស់លុយថា មិនមែនទាល់តែហែក្បួន ទើបហៅថាសេរីភាពកម្មករទេ ហើយក៏សូមផ្ដាំទៅអ្នកដែលទទួលលុយពីបរទេស ធ្វើសហជីពមិនមែនទាល់តែហែក្បួនទើបហៅថាសេរី ហើយគេឲ្យលុយនោះទេ ត្រូវគិតទៅដល់សុខទុក្ខកម្មកររបស់យើង។ ជាក់ស្ដែង គេប្រកាសសុំសាលាក្រុងថា នឹងហែក្បួន ៥ ពាន់នាក់ តែទីចុងបំផុតមាន ៥ រយនាក់។ អញ្ចឹងបង្ហាញពីអ្វី? បង្ហាញពីកម្មករគេមិនទៅ គេលេងសប្បាយនៅតាមរោងចក្រ វាសប្បាយជាងអាទៅដើរហាលថ្ងៃ។ អ្នកទៅដើរហាលថ្ងៃ ក៏ត្រូវបានទទួលទឹកសុទ្ធ នំប៉័ងអីពីម្ចាស់លុយនោះអាហ្នឹងក៏ម្យ៉ាងដែរ យើងអត់មានឃាត់ទេ ក្នុងការដាក់ញត្តិដាក់ស្អី ក៏ប៉ុន្តែមិនមែនបានសេចក្ដីថា យើងបានព្រងើយកន្តើយក្នុងការដោះស្រាយបញ្ហាប្រឈមរបស់កម្មករទេ។

សុំឲ្យកម្មការិនីមានផ្ទៃពោះចេញមុនម៉ោង ១៥ នាទី យ៉ាងតិច

ឥឡូវនេះក្មួយៗបានចេញមុនម៉ោងប៉ុន្មាននាទីទៅអ្នកមានផ្ទៃពោះ? ១៥ នាទី។ កាលមុននោះបានប៉ុន្មាន? បាន ៥ នាទី ១០ នាទី។ ខ្លះគេឌឺឲ្យពូថា ប៉ុណ្ណឹងក៏សុំគេដែរ ធ្វើនាយករដ្ឋមន្រ្តីសុំគេ។ ប៉ុន្តែ ក្មួយៗត្រូវចាំឲ្យច្បាស់នេះជាសេដ្ឋកិច្ចផ្សារ មិនមែនជាសេដ្ឋកិច្ចផែនការ ដែលរដ្ឋត្រូវកំណត់លើអ្វីៗនោះទេ។ ត្រូវមានទំនាក់ទំនងរវាងម្ចាស់រោងចក្រជាមួយរាជរដ្ឋាភិបាល រវាងម្ចាស់រោងចក្រជាមួយនឹងកម្មករយ៉ាងម៉េច។ ពូត្រូវអំពាវនាវអោយម្ចាស់រោងចក្រទាំងអស់ បង្កើនពី ៥ នាទី ១០ នាទី ទៅ១៥ នាទី ហើយចំពោះអ្នកដែលបានអោយលើស ១៥ នាទី ២០ នាទី ឬ ៣០ នាទី ឲ្យរក្សាទុកដដែល។ អញ្ចឹងទេ ក្មួយត្រូវចាំឲ្យ ១៥ នាទី នេះគឺត្រឹមត្រូវ ឲ្យលើស ១៥ នាទី ក៏នៅតែត្រឹមត្រូវ ឲ្យក្រោម ១៥ នាទី អាហ្នឹងខុស​។ សុំម្ចាស់រោងចក្រពិនិត្យផង រោងចក្រណាដែលមានលទ្ធភាពឲ្យលើស ១៥ នាទី ខ្ញុំអរគុណជំនួសឲ្យកម្មករ។ អាហ្នឹងក៏ត្រូវគិតដែរ នៅពេលដែលចាប់ផ្ដើមថា ឥឡូវ មានផ្ទៃពោះត្រឹមតែ ៥ ខែ យើងឲ្យ ១៥ នាទី ដល់គ្នាចាប់ពី ៥ ខែឡើងលើចូល ៦ ខែ យើងអាចឲ្យគ្នាបន្ថែមបានទេ? ដូចជាឲ្យគ្នាទៅ ២០ នាទី ដូចជាទៅ ២៥ នាទី។ ទៅដល់ខែទី ៨ ឲ្យ ៣០ នាទីតែម្តងទៅ ព្រោះវាជិតដល់ម៉ោងវាមកហើយ … (និយាយជាមួយកម្មការិនីជិតគ្រប់ខែ)

ថ្ងៃមុន ពូទៅកំពង់ឆ្នាំង ១២ នាក់ ឆ្លងទន្លេថ្ងៃនោះ។ អ្នកដែលមកមិនទាន់ ដឹកទៅពេទ្យ ហើយមានអ្នកដែលកំ​ពុងចូលរួមដឹកទៅពេទ្យ​​។ យើងបានទទួលដំណឹងមកថា បានខ្លះកូនប្រុស ខ្លះកូនស្រី។ ឥឡូវហ្នឹង មានអ្នកខ្លះកូនកំពុងធាក់។ ពិតមែនតែពូមិនដែលមានផ្ទៃពោះ តែប្រពន្ធពូធ្លាប់មានផ្ទៃពោះ ហើយតែកាលណាវាធាក់ខ្លាំង គឺគាត់តែងតែត្អូញហើយ។ ជួនកាលយើងយកត្រចៀកទៅស្តាប់ធ្វើដូចជាគ្រូពេទ្យអញ្ចឹង។ តែស្តាប់បានតែប្រ​ពន្ធយើងទេ ហើយស្តាប់បានតែគ្នាពីរនាក់ហ្នឹង អត់អោយអ្នកណាឃើញថាយើងស្តាប់ទេ។ ភាគច្រើន បុរសគិតថា ៩៩% ទៅចុះ យកត្រចៀកទៅដាក់នឹងពោះប្រពន្ធដើម្បីនឹងស្តាប់កូន … ដូចតែគ្នាហ្នឹង ប្រុសគេប្រុសខ្ញុំនោះ។ ប៉ុន្តែ កុំគិតថា ប្រុសគេប្រុសខ្ញុំ ទៅជាប្រុសខូចអីហ្នឹងគេដែរហ្នឹង ងាប់បណ្តោយ​។

និយាយពីនេះពីនោះ ដោយសារតែនេះជាពិធីសំណេះសំណាល

មានឃើញគេបង្ហោះស្អីមួយចូលគ្រុប … (និយាយលេងរឿងវីដេអូ ប្រពន្ធវាយប្តី ដោយសារប្រចណ្ឌ) ដល់ទៅប្រចណ្ឌអញ្ចឹងពេក អាក្រក់មើលណាស់។ គ្រាន់តែគ្នាសុំមើលស្រីស្អាតកំពុងតែច្រៀងក៏មិនបានផង។ ប៉ុន្តែ ពូនិយាយដើមកូនពៅរបស់ពូមួយបន្តិច។ អ្នកចំណាំឃើញកូនស្រីពៅរបស់ខ្ញុំដើរជាមួយប្តីឬទេ? អត់សូវទេ។ បើវាទៅស៊ីការ វាទៅតែវា កម្រវានាំប្តីវាទៅណាស់។ វាទុកប្តីវាឲ្យស៊ីបាយជាមួយឯង។ វាទៅតែខ្លួនវា។ វាថា វាមិនចង់ឲ្យ(ប្តីទៅ)ឃើញស្រីណាផ្សេង ឲ្យឃើញតែវា … នេះគេមកសំណេះសំណាល គេសំណេះសំណាលគ្នាអញ្ចឹងឯង ពាក្យថា សំណេះ​សំណាលវាខុសពីការធ្វើបាឋកថា ដែលមានវគ្គទី ១ អញ្ចេះ ទី ២ អញ្ចេះ ទី ៣ អញ្ចេះ ហើយ ផុតពីអានេះទៅអានោះ ផុតពីអានោះទៅអានោះទៀត … មិនមែនពិធីបង្រៀនឯណា​។ បើពិធីបង្រៀន អាហ្នឹងពូត្រូវចាប់ផ្តើមចូលក្នុងពិធីបង្រៀនហើយ មានវគ្គមានឃ្លា …។

ការរីកលូតលាស់ទៅមុខ ចំណុះលើការសម្រេចចិត្តរបស់ប្រជាពលរដ្ឋ ពិសេសកម្មករ/ការិនី

កិច្ចការបន្តរបស់យើងនៅមាន ប៉ុន្តែយើងត្រូវធ្វើតាមជំហានៗ ធ្វើឲ្យប្រទេសយើងរីកលូតលាស់ទៅមុខ​។ ការរីកលូតលាស់ទៅមុខ បានឬ មិនបាន វាចំណុះទៅលើការសម្រេចចិត្តរបស់ប្រជាពលរដ្ឋរបស់យើង នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨ ខាងមុខ។ ថ្ងៃនេះ គឺថ្ងៃ ៤ កក្កដា ហើយ នៅសល់ ២៥ ថ្ងៃ ទៀតតែប៉ុណ្ណោះ។ អញ្ចឹង​ទេ សង្ឃឹមថា ក្មួយកម្មករ/ការិនី ក៏ដូចជាក្រុមគ្រួសារ នឹងបោះឆ្នោតជូនគណបក្សប្រជាជន ដើម្បីធានាសន្តិភាព និងការអភិវឌ្ឍជាបន្តទៀត។ ពូសូមអរគុណ ដែលក្មួយៗបានគាំទ្រគណបក្សប្រជាជនក្នុងពេលកន្លងទៅ មិនមែនមួយថ្ងៃ ពីរថ្ងៃទេ គឺរាប់សិបឆ្នាំហើយ។ ដំណាក់កាលចុងក្រោយនេះ គឺរយៈពេល ៥ ឆ្នាំ ហើយ​ពូក៏អរគុណទុកជាមុននូវការគាំទ្រ ដែលនឹងបោះឆ្នោតជូនគណបក្សប្រជាជននៅពេលខាងមុខជាបន្តទៀត។

បន្តការជួបសំណេះសំណាល នៅពេលគណបក្សប្រជាជនឈ្នះការបោះឆ្នោតខាងមុខ

ខ្ញុំគិតថា ​ឯកឧត្តម អ៊ិត សំហេង ត្រៀមកន្លែង។ យើងមិនមែនចុះជួបកម្មករ/ការិនីគ្រាន់តែមុនការបោះឆ្នោតទេ។ យុទ្ធនាកា(ឃោសនា)បោះឆ្នោត ពូសុំនៅស្ងៀមស្ងាត់សិន។ ពូមិនធ្វើសេចក្តីថ្លែងការណ៍ លើកលែងតែវាចាំបាច់ណាស់ ពូនឹងធ្វើសេចក្តីថ្លែងការណ៍តាមវិទ្យុទូរទស្សន៍ ឬតាម Facebook Page របស់ពូ។ ពេលយុទ្ធនាការបោះឆ្នោត ពូនឹងធ្វើសេចក្តីថ្លែងកា​រណ៍នយោបាយដើម្បីចាប់ផ្តើមយុទ្ធនាការបោះឆ្នោត ហើយប្រហែលជាអាចនឹងថ្លែងការណ៍នៅពេលបិទយុទ្ធនាការ។ បន្ទាប់ទៅ យើងក៏នឹងធ្វើការបោះឆ្នោត។ ប្រសិនបើគណបក្សប្រជាជនឈ្នះ ពេលនោះ ពូនឹងចាប់ផ្តើមបន្តភ្លាមជាមួយនឹងការចុះជួបកម្មករ/ការិនី ព្រោះយើងនៅសល់ច្រើនណាស់ គ្រាន់តែខេត្តកណ្តាលនេះ នៅសល់មិនតិចទេ។ ភ្នំពេញជិតអស់ហើយ នៅសល់ ២ វគ្គទៀត។ ខេត្តកណ្តាល កំពង់ស្ពឺ បណ្តាខេត្តនានា ត្រូវទៅឲ្យគ្រប់។ ជួបអស់កម្មករក្នុងវិស័យកាត់ដេរ នឹងឈានទៅរកជួបកម្មករក្នុងវិស័យសំណង់ និងវិស័យដទៃទៀត ទៅតាមសណ្ឋាគារ ឬទៅតាមស្អីដែលធ្វើទៅរួច។

គ្មានគណបក្សណា ប្រជែងយកឈ្នះលើគណបក្សប្រជាជន

ពូនឹងចុះជួប … ពូប្តេជ្ញាថា ពូនឹងបន្តរយៈពេល ១០ ឆ្នាំ ពូនឹងបន្តដំណើរ។ ប៉ុន្តែ ​ដូចដែលពូបានបញ្ជាក់ពីខាងមុខ បើសិនជាគណបក្សប្រជាជនមិនជាប់ឆ្នោតទេ ពូគ្មានហេតុផលនឹងទៅដណ្តើមការងារ ដែលគេជាអនាគតនាយករដ្ឋមន្រ្តីនោះទេ។ ពូនឹងបញ្ចប់នៅពេលនោះ មិនអាចមានវត្តមានពូតទៅទៀតទេ។ ប៉ុន្តែ ពូជឿថា គ្មានគណបក្សណាដែលប្រជែងយកឈ្នះលើគណបក្សប្រជាជន យកឈ្នះពូនៅក្នុងកាលៈទេសៈនេះបានទេ ព្រោះប្រជាជនត្រូវការសន្តិភាព ត្រូវការអភិវឌ្ឍ ត្រូវការ ហ៊ុន សែន រួមដំណើរជាមួយបន្តទៀត។

អ្នកមានផ្ទៃពោះជំនាន់នេះ ស្រួលជាងអ្នកជំនាន់មុន

ពូមិនចង់បន្តទេ។ មេឃនេះ បើយើងពិនិត្យមើល​មួយផ្នែកហាក់ដូចជារដូវរំហើយ ប៉ុន្តែនៅពេលដែលមានខ្យល់បែបនេះធម្មតាទឹកទន្លេតែងឡើង​​ ហើយភ្លៀង​ក៏ល្អ។ ថ្ងៃនេះ បើទោះបីជាយ៉ាងម៉េចក៏ដោយ មិនសូវហប់ប៉ុន្មានទេ … ជាធម្មជាតិអញ្ចឹងហើយក្មួយ។ ខ្លះធ្លាប់ឆ្លងទន្លេហើយ ខ្លះក៏ថ្មី ប៉ុន្តែ យ៉ាងណាសក៏ដោយ ក្មួយមានសំ​ណាងណាស់សម័យនេះ ។​ជំនាន់ពូមិនមែនដូចជំនាន់ក្មួយទេ។ ឥឡូវនេះ ក្មួយដឹងកូនប្រុស ឬកូនស្រីហើយស្រេច តែជំនាន់ពូអត់ដឹងទេ។ គ្រាន់តែចំណាំអញ្ចេះ បើកូនណាវាធាក់ខ្លាំង អាហ្នឹងគឺសន្និដ្ឋានថាកូនប្រុស កូនណាធាក់តិច សន្និដ្ឋានថាកូនស្រី។ សន្និដ្ឋានទៅត្រូវដែរ អត់មានអេកូមើលដូចឥឡូវទេ។ ឥឡូវ អេកូនមើលដឹងកូនប្រុស ឬកូនស្រី មានភ្លោះមានស្អីហើយស្រេច ជំនាន់មុនមិនអញ្ចឹងទេ។ ឥឡូវ បានជាយើងត្រូវប្រឹងទាំងអស់គ្នា ដើម្បី​ការពារ​អ្វីដែលកំពុងមានសព្វថ្ងៃនេះ។ អាហ្នឹងយើងបន្តដំណើរបានហើយ។

អំណោយសម្រាប់អ្នកចូលរួម

ថ្ងៃនេះ មិនមែនពូអត់ងងុយទេ ប៉ុន្តែ ពូនិយាយតែប៉ុណ្ណឹង វាអស់ ១ ម៉ោងជាងបាត់ហើយ។ គ្រប់ហើយប៉ុណ្ណឹង​។ ថ្ងៃនេះ ពូបាននាំមកសម្រាប់កម្មករ/ការិនីរបស់យើង ២៧.៤២៧ នាក់ មកពីរោងចក្រ សហគ្រាស ចំនួន ១៨ នៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល អត់មានច្រើនទេ គ្រាន់តែជារបស់កំដរដៃ ក្មួយៗយកទៅដាក់ក្រោមខ្នើយ ក៏បានដែរ ត្រឹមតែ ២ ម៉ឺនរៀលម្នាក់ប៉ុណ្ណោះ។ ឯសម្រាប់ក្មួយៗ ដែលមានផ្ទៃពោះ ក្រៅពី ២ ម៉ឺនរៀលនេះ ពូនឹងជូនស្រោមសំបុត្រ ក្នុងម្នាក់មួយស្រោមសំបុត្រ ហើយអ្នកដែលដឹងថាមានកូនភ្លោះ គឺប្រាប់ពូ ពូនឹងជូនទៅតាមចំនួននោះ។ (ថ្ងៃហ្នឹង)មានភ្លោះ ៣ បើអញ្ចឹងត្រូវដោះស្រាយឲ្យហើយ ដោះស្រាយឲ្យហើយបានសេចក្តីថា ៣ ស្រោមសំបុត្រ បូកនឹង ១ លាន ២ សែន បូកនឹង ៥ លានឲ្យហើយ។ បន្តិចទៀតចេញមកថតរូបជាមួយពូមុនគេ … ពេលនោះ មិនចាំបាច់ពិបាកទៅទៀតទេ … (សួរនាំអ្នកមានកូនភ្លោះ ៣) … សម្រាប់ក្រុមសិល្បៈ ក៏ជូន ៥ លានរៀលដែរ សម្រាប់មកចូលរូមថ្ងៃនេះ។ មានអ្នកចម្រៀងពិរោះៗ មកកាន់ទីនេះ ចូលរួមអបអរសទរជាមួយកម្មករ/ការិនីរបស់យើង ដោយមានចម្រៀងថ្មីៗអមមកជាមួយ សម្រាប់ក្នុងវិស័យកម្មកររបស់យើងតែប៉ុណ្ណោះ។

ចុងបញ្ចប់ហើយ ពូសូមយកឱកាសនេះ តាមរយៈក្មួយៗ ផ្តាំផ្ញើទៅចំពោះជីដូនជីតា​ ម្តាយឪពុក​របស់ក្មួយ​ៗ ប្រសិនបើគាត់នៅរស់ តាមរយៈក្មួយៗថ្លែងអំណរគុណចំពោះពួកគាត់ ដែលបានរួមដំណើរជាមួយពូរហូតមកដល់ពេលនេះ។ ក្នុងពេលនេះដែរ ក៏សូមជូនពរចំពោះក្មួយៗកម្មករ/ការិនីទាំងអស់ សូមទទួលបាននូវពុទ្ធពរ និងពរទាំង ៥ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕