សម្រង់ប្រសាសន៍សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត, ពិសាអាហារសាមគ្គី និងផ្តល់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី

CMF:

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា រាជរដ្ឋាភិបាល
ព្រឹទ្ធាចារ្យ វីរសិល្បករ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និង
បងប្អូន សិល្បករ សិល្បការិនី ទាំងអស់ ជាទីគោរពស្រឡាញ់ !

ថ្ងៃនេះ​ ខ្ញុំនិងភរិយា មានសេចក្តីសោមនស្សរីករាយ ដោយបានចូលរួមជាថ្មីម្តងទៀត ក្នុងពិធីជួបជុំមហាគ្រួសារសិល្បៈកម្ពុជា បន្ទាប់ពីទិវាវប្បធម៌ជាតិ ៣មីនា កន្លងទៅ។ ថ្ងៃនេះ ជាថ្ងៃទី១០ បន្ទាប់ពីការចូលរួមរីករាយអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ពីសំណាក់ប្រជាជនខ្មែរទាំងក្នុង និងក្រៅប្រទេស។ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមយកឱកាសនេះ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាថ្មីម្តងទៀត ចំពោះក្រសួង-ស្ថាប័ន អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ គ្រប់រាជធានី-ខេត្ត ក៏ដូចជានៅក្រៅប្រទេស ផងដែរ កងយោធពលខេមរភូមិន្ទ កងនគរបាលជាតិ កងរាជអាវុធហត្ថ ប្រជាការពារ អ្នកអនាម័យ និងកម្លាំងស្ម័គ្រចិត្តគ្រប់យន្តការទាំងអស់ ដែលបានចូលរួមសហការបំពេញភារកិច្ចរៀបចំ តុបតែង និងប្រចាំការ ការពារសន្តិសុខសណ្តាប់ធ្នាប់ ធានាបាននូវសុវត្ថិភាព បង្កលក្ខណៈដល់ការកំសាន្តសប្បាយរបស់បងប្អូន អ៊ំពូមីង តាយាយ ព្រមទាំងបានញ៉ាំងឱ្យការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ នៅទូទាំងប្រទេស បានប្រព្រឹត្តទៅដោយភាពសប្បាយរីករាយ សោភ័ណភាព សេចក្តីថ្លៃថ្នូរ សុខសុវត្ថិភាព របៀបរៀបរយល្អ ប្រកបដោយមោទនភាពជាតិ។

ជាមួយគ្នានេះផងដែរ ខ្ញុំក៏សូមថ្លែងអំណរគុណដល់បងប្អូន អ៊ំពូមីង តាយាយ បងប្អូនសិល្បករ សិល្បការិនី និងភ្ញៀវបរទេសទាំងអស់ ដែលបានចូលរួមលេងកំសាន្តប្រកបដោយភាពរីករាយ ព្រមទាំងថែរក្សាបាននូវប្រពៃណីវប្បធម៌ដ៏ផូរផង់របស់ខ្មែរ។ ជាការពិត កត្តាចម្បងបំផុតគឺម្លប់នៃសុខសន្តិភាព ដែលបានផ្តល់នូវឱកាសឱ្យប្រជាជនខ្មែរគ្រប់រូប អាចរួមរស់ប្រកបដោយកុសលធម៌ និងសាមគ្គីធម៌ ក្នុងធ្លុងជាមហាគ្រួសារខ្មែរតែមួយនៅលើទឹកដីមាតុភូមិអង្គរដ៏បវរជាទីស្នេហា និងក្នុងសេចក្តីសុខក្សេមក្សាន្ត កិត្តិយស និងសេចក្តីថ្លៃថ្នូរ ជាដរាបតរៀងទៅ។

ខ្ញុំសូមឯកភាព ចំពោះការលើកឡើងដោយសង្ខេបរបស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ពាក់ព័ន្ធនឹងតួនាទីគន្លឹះរបស់សិល្បករ សិល្បការិនី គ្រប់ទម្រង់ ក្នុងការចូលរួមថែរក្សាប្រពៃណីវប្បធម៌ សិល្បៈដ៏ផូរផង់បន្សល់ទុកពីដូនតាយើង ព្រមទាំងការអភិវឌ្ឍ​ និងផ្សព្វផ្សាយមរតកដ៏ថ្លៃថ្លានេះទៅលើឆាកអន្តរជាតិ។ ជាការពិត សិល្បករ សិល្បការិនីខ្មែរដ៏ច្រើនរាប់មិនអស់នៅគ្រប់ជំនាន់ បានបូជាកម្លាំងកាយចិត្ត ស្មារតី ទេពកោសល្យ រហូតជីវិតរបស់ខ្លួន ដើម្បីថែរក្សាការពារកេរមរតកដូនតាគ្រប់ៗទម្រង់ ដោយ បានបំផុសនូវគំនិត និងការច្នៃប្រឌិតថ្មីៗតាមរយៈសិល្បៈវប្បធម៌ខ្មែរបុរាណ និងបែបបទនៃជីវិតរស់នៅ របស់ប្រជាជនខ្មែរជាមួយធម្មជាតិ ដែលមាននៅតាមចម្លាក់នានាក្នុងប្រាង្គប្រាសាទខ្មែរ ក្បាច់ក្បូររចនាផ្សេងៗ ដែលជាលម្អនៃការរស់នៅរបស់ប្រជាជនយើងឱ្យលេចធ្លោឡើង តាមរយៈទម្រង់របាំអប្សរាដ៏ល្អឥតខ្ចោះ ទម្រង់របាំក្បាច់ របាំបុរាណ និងប្រពៃណីខ្មែរ របាំសហសម័យ រូបភាព សិល្បៈ តន្ត្រី ចម្រៀង ខ្សែភាពយន្ត ចម្លាក់​ អក្សរសាស្ត្រ អក្សរសិល្ប៍ សម្លៀកបំពាក់ រហូតដល់ម្ហូបអាហារ ។ល។និង។ល។ ​ ដែលសុទ្ធសឹងតែជាខ្លឹមសារនៃវប្បធម៌ខ្មែរឱ្យនៅដិតដាមជាប់ជានិច្ចក្នុងស្មារតី និងអារម្មណ៍នៃប្រជាជនខ្មែរគ្រប់ៗរូប។

សិល្បករ សិល្បការិនីខ្មែរ តាមរយៈស្នាដៃ និងទេពកោសល្យរបស់ខ្លួន បានក្លាយជាស្ពាននាំកម្ពុជាទៅកាន់ពិភពលោក ដោយរួមទាំងការចែករំលែកបទពិសោធន៍ និងចំណេះដឹង នៃប្រវត្តិសាស្ត្រជាតិកម្ពុជា ទាំងការតស៊ូ ទាំងការឈឺចាប់ ហើយក៏ជាកាតាលីករនៃការជំរុញការផ្លាស់ប្តូរវប្បធម៌ និងការគោរពគ្នាទៅវិញទៅមក។ ការបំពាក់គ្រឿងឥស្សរិយយសជូនសិល្បករ សិល្បការិនី គឺជានិមិត្តរូបនៃការទទួលស្គាល់ នៃការចូលរួមចំណែករបស់សិល្បករ សិល្បការិនីយើងនៅទូទាំងប្រទេសដែលបានចូលរួមនៅក្នុងការកសាងពង្រឹងវប្បធម៌ជាតិរបស់យើង។

យើងទាំងអស់គ្នាពិតជាទទួលស្គាល់ថា ក្នុងសាកលភាវូបនីយកម្មនាពេលបច្ចុប្បន្ន តួនាទីរបស់សិល្បករ សិល្បការិនីខ្មែរកាន់តែមានសារៈសំខាន់ខ្លាំងក្លា​ ជាពិសេសសិល្បករមួយរូបៗសុទ្ធតែអាចជាឯកអគ្គរាជទូត តំណាងវប្បធម៌នៅលើឆាកជាតិ និងអន្តរជាតិ និងអាចឆក់យកឱកាសទាំងអស់នេះបំផុសឱ្យកាន់តែខ្ពស់ឡើងនូវអត្តសញ្ញាណជាតិ ភាពរុងរឿងសាជាថ្មី និងក្តីស្រឡាញ់ការពារវប្បធម៌ជាតិឱ្យកាន់តែខ្លាំងក្លាឡើង។

[ចាប់ផ្តើមសេចក្តីអធិប្បាយ]

(១) សាកលភាវូបនីយកម្មនិងសមាហរណកម្មកម្ពុជា ផ្តល់ឱកាសឱ្យបង្ហាញអត្តសញ្ញាណវប្បធម៌ខ្មែរលើឆាកអន្តរជាតិ

នៅក្នុងឱកាសនេះ ខ្ញុំសូមធ្វើការចាប់អារម្មណ៍បន្ថែមពាក់ព័ន្ធទៅនឹងសាកលភាវូបនីយកម្ម ដែលកម្ពុជាបានធ្វើសមាហរណកម្មចូលទៅលើឆាកពិភពលោក។ ការងារនេះគឺផ្តល់ឲ្យយើងនូវឱកាស ប៉ុន្តែក៏មាននាំមកនូវបញ្ហាប្រឈម។ អ្វីទៅជាឱកាសនៅក្នុងការធ្វើសមាហរណកម្មកម្ពុជាចូលទៅក្នុងឆាកអន្តរជាតិ ជាពិសេសទៅលើវិស័យវប្បធម៌។ ការធ្វើសមាហរណកម្ម បានផ្តល់ឱកាសឲ្យកម្ពុជាអាចបង្ហាញនូវអ្វីដែលខ្មែរយើងមាន ជាអត្តសញ្ញាណរបស់ខ្មែរ វប្បធម៌របស់ខ្មែរនៅលើឆាកអន្តរជាតិ។ ការសម្តែងរបាំនៅលើវេទិកាជាតិ និងអន្តរជាតិជាច្រើន … មានជារបាំជូនពរ របាំបុរាណ របាំសហសម័យ ចម្រៀងសម័យ ទៅតាមវេទិកាផ្សេងៗ បានឲ្យយើងនាំយកនូវវប្បធម៌សិល្បៈទៅបង្ហាញអន្តរជាតិ។

(២) ភាពយន្ត/ភាពយន្តឯកសារបង្ហាញពីវប្បធម៌និងអរិយធម៌កម្ពុជាជំនួសអោយរូបភាពវាលពិឃាតពីអតីតកាល

ការរៀបចំពិធីដាក់តាំងពិព័រណ៍ផ្សេងៗ ដែលមានរូបចម្លាក់ខ្មែរ នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍អន្តរជាតិ ភាពយន្តខ្មែរដែលបានចាក់បញ្ចាំងនៅក្រៅប្រទេស ភាពយន្តបរទេសដែលថតពីកម្ពុជា យកទៅបញ្ចាំង។ កន្លងទៅ មានភាពយន្តមួយចំនួនដែលថតដោយហូលីវូដឬមួយក៏ផលិតករខ្មែរ ទៅប្រកួតប្រជែងនៅក្នុងទិវាប្រកួតប្រជែងភាពយន្តពិភពលោកដូចករណីរឿងរបស់លោក រឹទ្ធី ប៉ាន ក៏ធ្លាប់បានចូលរួមនៅ festival នៅ Cannes (ប្រទេសបារាំង)។ មានរឿងមួយចំនួន ឧទាហរណ៍ ដូចជាក្រុមហ៊ុនហូលីវូដបានមកថតនៅស្រុកខ្មែរអំពីហេតុការណ៍កាលពីជំនាន់ប៉ុល ពត ក្តី ហើយក៏មានការថតបង្ហាញអំពីវប្បធម៌ជាភាពយន្តឯកសារដើម្បីបង្ហាញឲ្យឃើញនូវវប្បធម៌ អរិយធម៌កម្ពុជា ដែលពីមុនគេធ្លាប់ឃើញតែរឿងវាលពិឃាដ ឬមួយក៏ការកាប់សម្លាប់គ្នា។ ការធ្វើពិពិធកម្ម(សមាហរណកម្ម)កម្ពុជាចូលក្នុងសកលលោក អាចឲ្យយើង(មានឱកាសបាន)បង្ហាញនូវ(ទំរង់សិល្បៈ/ប្រពៃណី/វប្បធម៌))ទាំងនេះ។

(៣) ការសំដែងក្បាច់គុណក្រុមសៅលីងនិងក្រុមក្បាច់គុណល្បុក្កតោ ជាផលវិជ្ជមាននៃសាកលភាវូបនីយ៍កម្មកម្ពុជា

ព្រឹត្តិការណ៍ផ្សេងៗ ដែលយើងអាចរៀបចំ តាមរយៈការផ្លាស់ប្តូរបទពិសោធន៍គ្នា ដូចជាម្សិលមិញយើងរៀបចំកម្មវិធី (បង្ហាញលំហាត់ក្បាច់គុណរបស់ក្រុមសង្ឃ)សៅលីង(នៃប្រទេសចិន) ជាមួយ(ក្រុមក្បាច់គុណ)ល្បុក្កតោ(របស់កម្ពុជា) បានបង្ហាញមិនត្រឹមតែទស្សនិកជននៅកម្ពុជាទេ ប៉ុន្តែក៏ទៅទស្សនិកជនចិននិងនៅលើពិភពលោកអំពីការផ្លាស់ប្តូរនូវក្បាច់គុណ ក្បាច់បុរាណ និងបង្ហាញពីសិល្បៈវប្បធម៌និងអំពីកម្ពុជា។ នេះហើយគឺជាផលវិជ្ជមាននៃឱកាសនៃការចូលរួមនៅក្នុងសាកលភាវូបនីយកម្មរបស់កម្ពុជា។ ការប្រើប្រាស់បច្ចេកវិទ្យាដើម្បីអភិរក្សនិងផ្សព្វផ្សាយក៏បានឈានមកដល់កម្ពុជា។ ការរៀបចំជាសារមន្ទីរ 3D និងបច្ចេកវិទ្យាផ្សេងៗដែលកើតមានឡើង ទាញពីការវិនិយោគផ្សេងៗក៏អាចជួយដល់ការអភិរក្សនិងផ្សព្វផ្សាយកម្ពុជា។

(៤) សមាហរណកម្មកម្ពុជាក្នុងពិភពលោកផ្តល់ឱកាសដល់ឧស្សាហកម្មវប្បធម៌ ច្នៃប្រឌិតបង្កើតទីផ្សារទេសចរណ៍

ចំណុចទី២ គឺសមាហរណកម្មកម្ពុជាទៅក្នុងពិភពលោក បានផ្តល់ឱកាសដល់ឧស្សាហកម្មវប្បធម៌ច្នៃប្រឌិតរបស់កម្ពុជាឱ្យបង្កើតទីផ្សារទេសចរណ៍ ផ្តល់ឱកាសឲ្យផលិតករ សិល្បករ សិប្បករ ជាងចម្លាក់ ជាងគំនូរ សិប្បករវត្ថុបុរាណ វត្ថុអនុស្សាវរីយ៍ផ្សេងៗ អាចមានឱកាសតាំងលក់ ឬមួយក៏ផ្តល់ជូនដល់ទេសចរដែល(បានមកទស្សនានិង)ទិញនៅកម្ពុជា (ហើយ)យកទៅបង្ហាញនៅក្រៅប្រទេស រួមទាំងការ(ដែលយើង)នាំយកផលិតផលទាំងអស់នេះ ទៅដាក់(តាំងបង្ហាញ)នៅក្រៅប្រទេស តាមរយៈពិព័រណ៍ផ្សេងៗ ដែលយើងអាចធ្វើទៅបាន។ ផលិតផលវប្បធម៌របស់យើងក៏អាចនាំចេញទៅផ្សារនៅក្រៅប្រទេស។ ក្នុងករណីនេះ ខ្ញុំសូមធ្វើការកោតសរសើដល់ក្រសួងវប្បធម៌វិចិត្រសិល្បៈដែលបានខិតខំជំ​រុញលើកទឹកចិត្តដល់ឧស្សាហកម្មវប្បធម៌ ធ្វើការសហការជាមួយនឹងដៃគូសំខាន់ៗ ទាំងដៃគូជាតិនិងអន្តរជាតិ។ ខ្ញុំក៏សូមកោតសរសើរដល់សិល្បករ សិល្បការិនី គ្រប់ទម្រង់ដែលបានខិតខំឆ្នៃប្រឌិតក្នុងការកសាងនូវសមិទ្ធផល និងផលិតផលសម្បូរបែបដើម្បីចាប់យកឱកាសនេះ។

(៥) សាកលភាវូបនីយកម្មវប្បធម៌ធ្វើឲ្យខ្សែបន្ទាត់បែងចែករវាងវប្បធម៌ស្រពេចស្រពិល

នៅក្នុងដំណាក់កាលនេះ សាកលភាវូបនីយកម្មនិងសមាហរណកម្មកម្ពុជាក្នុងឆាកពិភពលោក បានផ្តល់ឲ្យយើងនូវ​ឱកាសជាច្រើនបន្ថែមទៀត។ ប៉ុន្តែ ពេលជាមួយគ្នា ក៏សាកលភាវូបនីយកម្មវប្បធម៌បានបង្កជាបញ្ហាមួយចំនួនសម្រាប់ប្រទេសកម្ពុជា និងប្រទេសជាច្រើននៅលើសកលលោក ពាក់ព័ន្ធទៅនឹងការថែរក្សាវប្បធម៌របស់ខ្លួន។ បញ្ហាប្រឈមទី១ គឺសាកលភាវូបនីយកម្មបានធ្វើឲ្យខ្សែបន្ទាត់បែងចែករវាងវប្បធម៌ប្រទេសនីមួយៗ កាន់តែស្រពេចស្រពិលដោយ​សារលំហូរវប្បធម៌សកលលោក (ធ្វើអោយវប្បធម៌ដែលខ្សោយ)ទទួលឥទ្ធិពលគ្របដណ្តប់ដោយវប្បធម៌ដែលមានឥទ្ធិពលខ្លាំងជាង ជាពិសេសឥទ្ធិពលលោកខាងលិច ចូលទៅក្នុងប្រទេសនីមួយៗ តាមរយៈការផ្សព្វផ្សាយតាមគ្រប់មធ្យោ​បាយដូចជាសម្ភារៈភាពយន្ត សិល្បៈ តន្រ្តី ។ល។ កន្លងទៅយើងឃើញថា មានវប្បធម៌ខ្លះដែលហៅថាវប្បធម៌ហូលីវូដ ឬវប្បធម៌ Kpop បានឈានចូលទៅច្រើនប្រ​ទេស​ទៅលើពិភពលោក រួមទាំងកម្ពុជាផងដែរ។

(៦) បើយុវជនមិនយល់ច្បាស់ពីបន្ទាត់បែងចែកនៃវប្បធម៌ នឹងមានហានិភ័យខ្ពស់សំរាប់វប្បធម៌ប្រពៃណីក្នុងប្រទេស

ការដែលប្រជាជន ជាពិសេសយុវជនទទួលយកនូវឥទ្ធិពលរបស់វប្បធម៌ទាំងនេះ បានធ្វើឲ្យខ្សែបន្ទាត់បែងចែកនិងការយល់ច្បាស់ពីវប្បធម៌នៃប្រទេសនីមួយៗ និងអ្វីដែលជាវប្បធម៌សកលកាន់តែមានការស្រពិចស្រពិល។ ការនេះអាចបង្កជាហានិភ័យដល់ប្រពៃណីវប្បធម៌របស់ប្រទេសនីមួយៗជាពិសេសនៅក្នុងរយៈពេលវែង។ បានន័យថាម៉េច? បើសិនជាយុវជនមួយជំនាន់ទៅមួយជំនាន់មិនបានយល់ច្បាស់អំពីបន្ទាត់(បែងចែក)នេះទេ ពីមួយជំនាន់មួយទៅជំនាន់ក្រោយ កាន់តែអាចមានការយល់ច្រឡំ មានហានិភ័យខ្ពស់សំរាប់វប្បធម៌ប្រពៃណីនៅក្នុងប្រទេសរបស់យើង។ ឧទា​ហរណ៍ជាក់ស្តែងថ្ងៃទី ១៤ ខែកុម្ភៈ កាលពីខ្ញុំនៅក្មេងអត់ស្គាល់ទេ ស្អីទៅទិវានៃការស្រលាញ់?ប៉ុន្តែមកដល់បច្ចុប្បន្ននេះ វាហាក់ដូចទៅជាអ្វីដែលប្រជាពលរដ្ឋយើងបានទទួលស្គាល់រួចទៅហើយថាថ្ងៃ ១៤កុម្ភៈ មិនមែនជាថ្ងៃលក់ត្រឹមតែផ្កាកុលាបនោះទេ ប៉ុន្តែជាថ្ងៃមួយដែលយើងត្រូវអបអរសាទរនូវសេចក្តីស្រឡាញ់។ ពិតណាស់កម្ពុជាមិនហាមឃាត់នៅក្នុងការអនុវត្ត ឬមួយការអបអរសាទរនោះទេ។

(៧) ត្រូវមានភាពជាក់ច្បាស់ថាអ្វីជាវប្បធម៌ខ្មែរ អ្វីជាវប្បធម៌បរទេស និងអ្វីជាវប្បធម៌ឆ្លងគ្នាទៅវិញទៅមក

អ្វីដែលខ្ញុំចង់លើកនេះដោយសារភាពមិនច្បាស់លាស់(ដែល)អាច(ធ្វើឱ្យ)ជំនាន់ក្រោយ(យល់ច្រឡំ)។ ឥឡូវនេះ អ្នកខ្លះអាចមិនទាន់យល់ច្បាស់ផងថាថ្ងៃ ១៤កុម្ភៈ នេះជាវប្បធម៌មួយដែលកើតចេញពីសាសនាគ្រិស្ត។ អ្នកខ្លះអាចច្រឡំថា នេះជាទិវាប្រពៃណីរបស់យើងផង។ នេះជាឧទា​ហរណ៍ថា សាកលភាវូបនីយកម្មអាចនាំមកនូវភាពមិនច្បាស់លាស់និងកាន់តែស្រពេចស្រពិលរវាងវប្បធម៌ក្នុងប្រ​ទេសនិងវប្បធម៌សកល។ និយាយបែបនេះ មិនមែនបានន័យថាយើងមិនឱ្យអបអរសាទរទិវានានា ឬចូលឆ្នាំប្រពៃ​ណី ឬមួយការទទួលយកនូវផលិតផល ឬមួយទស្សនីយភាពសម្បូរបែបដែលមានជះឥទ្ធិពលពីខាងក្រៅនោះទេ។ យើងមិនអាចហាមទេ។ យើងមិនហាមថាមិនឱ្យយកកុនបរទេសមកបញ្ចាំងនៅស្រុកយើង។ យើងមិនហាមមិនឱ្យឈប់ធ្វើទិវា ១៤កុម្ភៈ ឬទិវាបុណ្យគ្រិស្តស្មាស៍នោះ ឬមួយក៏ដាច់ឆ្នាំនោះទេ។ យើងស្វាគមន៍ទាំងអស់ ប៉ុន្តែអ្វីដែលខ្ញុំចង់លើកគឺប្រជាពលរដ្ឋយើងត្រូវមានភាពជាក់ច្បាស់ថាអ្វីទៅជាវប្បធម៌របស់ខ្មែរ អ្វីទៅជាវប្បធម៌របស់បរទេស អ្វីទៅជាវប្បធម៌មានការឆ្លងគ្នាទៅវិញទៅមក។ នេះគឺជាការចាំបាច់ក្នុងការធានារបស់យើង។

(៨) អភិរក្សនិងអភិវឌ្ឍត្រូវដើរទៅមុខជាមួយគ្នា

(ការនេះ)វាពាក់ព័ន្ធទៅនឹងការអភិរក្សនិងការអភិវឌ្ឍវប្បធម៌/សិល្បៈរបស់យើង។ ការថែរក្សាវប្បធម៌មិនមែនសម្រាប់តែការថែរក្សាអ្វីដែលមានជាអតីតកាលនោះទេ ប៉ុន្តែគឺជាការថែរក្សានូវអត្តសញ្ញាណជាតិរបស់យើងបច្ចុប្បន្ន និងទៅអនាគតផងដែរ។ ជាការពិត អភិរក្សនិងអភិវឌ្ឍទាំងពីរត្រូវដើរទៅមុខជាមួយគ្នា។ ការអភិរក្សគឺការថែរក្សានូវអត្តសញ្ញាណដើមនៃវប្បធម៌ សិល្បៈ ប្រពៃណីសាសនារបស់យើង ប៉ុន្តែយើងមិនអាចអភិរក្ស រឹងកំព្រឹស ដែលមិនបើកចំហដល់ការរីកចម្រើនឱ្យស្របទៅតាមការវិវត្តន៍នៃសង្គមសេដ្ឋកិច្ច ក៏ដូចជារបៀបរស់នៅរបស់ប្រ​ជា​ជនយើងនៅក្នុងសម័យថ្មីនោះទេ។ យើងមានការវិវត្តន៍។ ថ្ងៃនេះ ក្រឡេកមើលតែសម្លៀកបំពាក់ទាំងស្រីទាំងប្រុស យើងមានការវិវត្តន៍រួចទៅហើយ។ សម្លៀកបំពាក់បុរាណនេះ បើប្រៀបធៀបទៅនឹងសម័យអង្គរគឺខុសគ្នាដាច់។ មិនមានអ្នកណាស្លៀកខោអាវដូចសម័យអង្គរនៅលើសិលាចារឹ​​ក នៅលើប្រាសាទនោះទេ។ បានន័យថាយើងធ្វើការវិវត្តន៍ទៅហើយ។ ភាសាដែលយើងនិយាយនៅទីនេះ គឺភាសាទំនើបរបស់កម្ពុជា។ សតវត្សទី១ យើងប្រើសំស្ក្រឹត។ សតវត្សទី៧ យើងប្រើអក្សរខ្មែរបុរាណ។ ឥឡូវយើងប្រើអក្សរខ្មែរសម័យទំនើប។ វាជាការវិវត្តន៍ស្របទៅតាមកាលៈទេសៈ ប៉ុន្តែវាមានភ្ជាប់ជាមួយនូវវប្បធម៌និងអ្វីដែលយើងអាច(បញ្ជាក់)អត្តសញ្ញាណបាន។

(៩) ការអភិវឌ្ឍច្នៃប្រឌិតនិងការបង្កើតស្នាដៃថ្មីៗនៃសិល្បៈវប្បធម៌ជួយផ្សព្វផ្សាយស្នាដៃកូនខ្មែរ

ការអភិវឌ្ឍច្នៃប្រឌិត និងការបង្កើតស្នាដៃថ្មីៗគឺជាការចាំបាច់ដែលត្រូវធ្វើ ជាពិសេសពាក់ព័ន្ធនឹងវិស័យសិល្បៈវប្បធម៌ដើម្បីជួយផ្សព្វផ្សាយស្នាដៃកូនខ្មែរឱ្យបានកាន់តែច្រើន។ ខ្ញុំសូមអរគុណណាស់លោកជំទាវ ភឿង សកុណា និងអ្នករៀបចំដែលបានបង្ហាញនូវរបាំសហសម័យ កើតចេញពីការច្នៃប្រឌិតរបស់យើង។ នៅក្នុងហ្នឹងយើងប្រើវង់ភ្លេងបុរាណ ប្រជាពលរដ្ឋយើងនៅទីនេះ យករឿងនៅក្នុងអក្សរសីល៍មកសម្តែង … មានទាំងបាឡេខ្លះលាយ។ នេះគឺជាការអភិវឌ្ឍ។ ប៉ុន្តែមិនបានទៅយករបស់គេទាំងអស់ទេ។ យើងបានយកផ្សាំគ្នាជាមួយអ្វីដែលជារបស់កម្ពុជា របស់ខ្មែររបស់យើង ដើម្បីធ្វើការអភិវឌ្ឍទៅមុខ។ នេះជាការដែលត្រូវធ្វើច្នៃប្រឌិតតទៅមុខទៀត។ យើងត្រូវលើកទឹកចិត្តចំពោះការច្នៃប្រឌិតដើម្បីអភិវឌ្ឍបែបនេះ។ ខ្ញុំសូមកោតសរសើរទាំងវង់ភ្លេងហើយជាពិសេសអ្នកសម្តែងរបស់យើងដែលបានធ្វើយ៉ាងល្អ និងនេះគឺជាអ្វីដែលយើងត្រូវផ្សព្វផ្សាយអំពីកម្ពុជា។

(១០) ធ្វើការអភិរក្ស តែត្រូវច្នៃប្រឌិតបង្កើតស្នាដៃសិល្បៈវប្បធម៌ថ្មីៗ

កាលពីយើងប្រជុំដាក់ គោលនយោបាយកសាងវប្បធម៌ កាលនោះខ្ញុំបានលើកឡើងក្នុងអង្គប្រជុំថា ការអភិរក្សត្រូវធ្វើ ប៉ុន្តែមិនមែនទាល់តែអភិរក្សគ្រប់ជ្រុងរហូតគ្មានការវិវត្តន៍នោះទេ។ វាមានកត្តាមួយចំនួនដែលត្រូវអភិរក្សឱ្យបានដាច់ខាត។ យើងមិនអាចកែអ្វីដែលមានពីសតវត្សទី១ … ប៉ុន្តែការវិវត្តន៍ទៅមុខ យើងត្រូវទទួលស្គាល់។ អំពីសម្លៀកបំពាក់​បុរាណប្រពៃណី យើងអត់ចាំបាច់ត្រឡប់ទៅសម័យអង្គរនោះទេ។ ហើយទៅមុខទៀត ក៏យើងមានការកែច្នៃ។ ខ្ញុំឃើញនៅលើ ហ្វេកប៊ុក តាមអនឡាញ មានលក់ខោអាវ ច្នៃប្រឌិតម៉ូដ ប៉ុន្តែនៅប្រើសូត្ររបស់ខ្មែរ ប្រើហូល ប្រើផាមួង។ អ្នកខ្លះកាត់អាវធំ តែយកហូលផាមួងមកកាត់ … ការច្នៃប្រឌិតបែបនេះហើយ ដែលយើងត្រូវធ្វើ ការអភិរក្ស។ ក្នុងការផ្សព្វផ្សាយអំពីកម្ពុជា យើងមានរបាំអប្សរា របាំជូនពរ មានការគ្រងគ្រឿង(តាមគំរូចម្លាក់)អប្សរា ប៉ុន្តែយើងមិនចាំបាច់រាំតែមួយវិធីហ្នឹងទេ។ យើងអាចច្នៃប្រឌិត។ យើងមានវប្បធម៌ទំនើបមួយទៀត។ ប្រទេសខ្លះដូចជាកូរ៉េ ដែលផ្សព្វផ្សាយពីកូរ៉េ មិនមែនវប្បធម៌ដើមទេគឺ Kpop។ Kpop គឺវប្បធម៌ថ្មីរបស់កូរ៉េ កើតចេញពីការច្នៃប្រឌិត។

(១១) អភិរក្សនិងអភិ​វឌ្ឍវប្បធម៌ជាតិដើម្បីឱ្យវប្បធម៌សិល្បៈគង់វង្សស្ថិតស្ថិររាប់ពាន់ឆ្នាំតទៅទៀត

ខ្ញុំជឿថាសិល្បករ/ការិនី អាចនឹងច្នៃប្រឌិតបែបនេះ។ ខ្ញុំអង្គុយមើលការសម្តែងអម្បាញ់មិញ ខ្ញុំគិតថា បើអាចយកការសម្តែងនេះដាក់លើឆាកអន្តរជាតិ ហើយ Mix ជាមួយ Opera (ជាអ្វីដែលយើង)អាចធ្វើបាន។ ពេលខ្លះផលិតផលដូចគ្នា តែយើង(ធ្វើ)សម្រាប់អ្នកមើលក្នុងប្រទេស។ ប៉ុន្តែបើយើងច្នៃប្រឌិតបែបនេះ ឱ្យស្របទៅតាមស្តង់ដារអន្តរជាតិ ប៉ុន្តែនៅអត្តសញ្ញាណខ្មែរ រៀបរាប់ពីរឿងអក្សរសិល្ប៍របស់ខ្មែរ (សំរាប់អ្នកមើលជាបរទេស ជាការល្អ)។ ល្ងាច​នេះយើងអត់មាន Opera ទេ។ មាន Opera ខ្លះ គេច្រៀង ហើយគេសម្ដែងរបៀបបាឡេលាយជាមួយ តែជារឿងរបស់កម្ពុជា។ នេះជាការជំរុញវប្បធម៌ជាតិ និងធ្វើការផ្សព្វផ្សាយបន្ថែមទៀត។ នេះជាការអភិរក្សនិងការអភិ​វឌ្ឍដែលត្រូវដើរទន្ទឹមគ្នា ដើម្បីធ្វើយ៉ាងណាឱ្យវប្បធម៌សិល្បៈនៅគង់វង្សស្ថិតស្ថិររាប់ពាន់ឆ្នាំតទៅទៀត …។

(១២) ការវិវត្តដែលមិនមានមូលដ្ឋានឯកសារតម្កល់ទុក នឹងនាំដល់ការរលុបបាត់អត្តសញ្ញាណបន្តិចម្ដងៗ

យើងប្រែប្រួល ប៉ុន្តែមិនបាត់អត្តសញ្ញាណជាតិរបស់យើងទេ។ អក្សរសាស្ត្រយើងកែប្រែពីសំស្ត្រឹតរាប់ពាន់ឆ្នាំមក ប៉ុន្តែនៅតែមានប្រភពដើម … ដើម្បីឱ្យការអភិរក្សនិងអភិវឌ្ឍកើតមានបាន ជាពិសេសនៅក្នុងរបត់នៃសាកលភាវូបនីយកម្ម ចាំបាច់ត្រូវដឹងឱ្យច្បាស់ ស្រាវជ្រាវកំណត់ឱ្យបានពិតប្រាកដ មានមូលដ្ឋានឯកសារធ្វើការបណ្ដុះបណ្ដាល​ផ្សព្វផ្សាយឱ្យច្បាស់ដើម្បីប្រជាពលរដ្ឋយើងគ្រប់ជំនាន់ដឹងថាស្អីជារបស់ខ្មែរពិតប្រាកដ អ្វីដែលត្រូវមានការអភិ​វឌ្ឍ អ្វីដែលមានជារបស់វប្បធម៌បរទេស ដែលយើងយកប្រើប្រាស់ដោយមិនរើសអើង និងអ្វីដែលជាវប្បធម៌ឆ្លងគ្នា មានឥទ្ធិពលលើគ្នាទៅវិញទៅមក។ ត្រូវមានការកត់ត្រាស្រាវជ្រាវចងក្រងឱ្យបានច្បាស់នេះគឺជាមូលដ្ឋាន។ បើសិនជាយើងធ្វើការវិវត្តអត់មានមូលដ្ឋានឯកសារតម្កល់ទុក អត្តសញ្ញាណរបស់យើងនឹងរលុបបាត់បន្តិចម្ដងៗ។ យើងអាចពន្យល់ក្មេងៗជំនាន់ក្រោយថា ថ្ងៃ១៤កុម្ភៈមិនមែនជាវប្បធម៌របស់ព្រះពុទ្ធសាស​នា​ទេ តែវាកើតចេញពីប្រភពដើមជាវប្បធម៌នៃសាសនាគ្រិស្ត ប៉ុន្តែ(ដោយសារតែវាត្រូវបានបង្កើតឡើង)ដើម្បីសេចក្ដីស្រលាញ់ទាំងអស់គ្នា ហើយសេចក្ដីស្រលាញ់គ្មានពណ៌ គ្មានសាសនាផងនោះ យើងក៏អាចទទួលយកមកប្រើបាន។ ប៉ុន្តែ ត្រូវមានឯកសារបញ្ជាក់ថាមិនមែនរបស់យើង។

(១៣) ពង្រឹងសមត្ថភាពស្រាវជ្រាវចងក្រងឯកសារវប្បធម៌/សិល្បៈ ផ្សព្វផ្សាយ និងប្រើប្រាស់ឱ្យបានទូលំទូលាយ

រឿងរាមកេរ្តិ៍មានច្រើន ស្រដៀងគ្នា។ ប្រទេសជិតខាងក៏មាន។ ដូចនេះ (វាជាការចាំបាច់ត្រូវ)កំ​ណត់អត្តសញ្ញាណ និងថែរក្សារយៈពេលវែង។ (បើមិនដូចនោះទេ)បន្តិចម្ដងៗ ដោយសារសម្ពាធ ឬមួយក៏ភាពសម្បូរបែបនៃសាកលភាវូបនីយកម្ម ការហូរចូលមកនៃវប្បធម៌បរទេស ក៏ដូចជាភាពសម្បូរបែបនៃវប្បធម៌សកលលោក វប្បធម៌ក្នុងប្រទេសរបស់យើងអាចនឹងត្រូវបានភ្លេច។ យើងចាំបាច់ត្រូវពង្រឹងខ្លួនឯង តាមរយៈការពង្រឹងសមត្ថភាព ពង្រឹងការស្រាវជ្រាវចងក្រងជាឯកសារផលិតឱ្យបានច្រើន ធ្វើការផ្សព្វផ្សាយ និងប្រើប្រាស់ឱ្យបានទូលំទូលាយ។ ខ្ញុំសូមធ្វើការកោតសរសើរចំពោះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលជំរុញការស្រាវជ្រាវចងក្រងថែរក្សា ស្ដារនិង​ផ្សព្វផ្សាយ រួមទាំងការជំរុញការចុះបញ្ជីបេតិកភណ្ឌពិភពលោក នូវសម្បត្តិបេតិកភណ្ឌរូបិយ និងអរូបិយរបស់កម្ពុជារបស់យើង។ យើងនឹងបន្តធ្វើតទៅទៀត ដើម្បីអភិរក្សនិងដើម្បីផ្សព្វផ្សាយ ដើម្បីឱ្យអន្តរជាតិបានដឹងថា នេះជាស្នាដៃរបស់បុព្វបុរសរបស់កម្ពុជា នេះគឺជាអ្វីដែលត្រូវធ្វើ។

(១៤) ស្រាវជ្រាវនិងចងក្រងឯកសារស្តីពីទំរង់សិល្បៈទាំង៧ ខណៈកំពុងបាត់បង់សិល្បករវ័យចំណាស់

ចំណុចទី២ មិនត្រឹមតែចងក្រងមកទុកទេ ត្រូវធ្វើការបណ្ដុះបណ្ដាលផ្សព្វផ្សាយ ជាពិសេសការបណ្ដុះបណ្ដាលដើម្បីកសាងធនធានមនុស្ស។ យើងមាន៧ ទម្រង់សិល្បៈ ដែលទាំង៧ ទម្រង់នេះ ត្រូវមានការស្រាវជ្រាវចងក្រងរៀបចំជាបន្ត ជាពិសេសនៅក្នុងដំណាក់កាលបច្ចុប្បន្ន ដែលយើងកំពុងប្រឈមនឹងការខ្វះធនធានមនុស្ស ការបាត់បង់សិល្បករដែលមានវ័យចំណាស់ៗ នៅក្នុងទម្រង់សិល្បៈមួយចំនួន។ ការលើកទឹកចិត្តនិងបន្តវេនលើវិស័យនេះគឺត្រូវយកចិត្តទុកដាក់។ រាជរដ្ឋាភិបាលអាណត្តិទី ៧នេះ បានដាក់ចេញផែនការបណ្ដុះបណ្ដាល ១លាន​ ៥សែន នាក់សម្រាប់យុវជន នៅក្នុងនោះពី ២%ទៅ៤% នៃអាហារូបករណ៍ ត្រូវបានផ្ដល់សំរាប់ការបណ្តុះបណ្តាលជំនាញដូនតា ឬដើម្បីបណ្ដុះបណ្ដាលផ្ដល់អាហារូបករណ៍ឱ្យកូនខ្មែរយើងរៀននូវជំនាញដែលពាក់ព័ន្ធវប្បធម៌សិល្បៈរបស់យើង។ សូមក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងការងារ(និងបណ្ដាលវិជ្ជាជីវៈ)​សហការគ្នាដើម្បីរើសមនុស្សនិងរៀបចំកម្លាំងបន្តវេននៅក្នុងកិច្ចការនេះ។

(១៥) ជួយផ្សព្វផ្សាយនិងជួយតម្រង់ទិស

ចំណុចទី៣ គឺការផ្សព្វផ្សាយនិង​ជួយតម្រង់ទិស។ តាមហ្វេសប៊ុក ក្រៅពីក្រសួងស្ថាប័នរបស់យើង ក្រៅពីសមាគមផ្លូវការរបស់យើង មានប្រជាពលរដ្ឋខ្មែរច្រើនណាស់ ជាពិសេសយុវជនដែលមានគាត់មានឆន្ទៈទឹកចិត្តធ្វើខ្លួនឯង។ អ្នកខ្លះមានធនធានខ្លួនឯងបានប៉ុន្មានធ្វើប៉ុណ្ណឹងដើម្បីផលិតជួយលើកស្ទួយវិស័យសិល្បៈវប្បធម៌។ នេះគឺជាស្មារតីល្អណាស់។ ខ្ញុំសូមធ្វើការកោតសរសើរចំពោះទឹកចិត្តរបស់បងប្អូន ពិសេសយុវជនរបស់យើងដែលខំប្រឹងទាំងនេះ។ គាត់អត់មានអ្នកណាទៅ(អោយគាត់ធ្វើ)ទេ។ វាផុសចេញពីចិត្ត។ អត់មានពាក់ព័ន្ធជាមួយក្រសួង ឬជាមួយអីទេ។ គាត់ធ្វើការងារផុសផុលណាស់ ជាពិសេសពេលបុណ្យចូលឆ្នាំនេះ។ ខ្ញុំមានការរំភើបដែលប្រជាពលរដ្ឋកុះករចូលរួមលេងល្បែងប្រជាប្រីយ៍គ្រប់កន្លែង មិនមែនតែនៅតាមទីតាំងដែលខេត្តរៀបចំ ឬរាជធានីរៀបចំទេ តែនៅតាមបណ្ដាស្រុកក្រុង ក៏មានការលេងល្បែងប្រពៃណីឡើងវិញដែរ។ ឆន្ទៈផុសផុលនេះហើយជាសញ្ញាវិជ្ជមាននិងជាកត្តាចាំបាច់ក្នុងការរក្សា​វប្បធម៌ និងថាប្រជាជននៅបន្តគាំទ្រ ប្រើប្រាស់និងអនុវត្ត។ ការបំផុសស្មារតីចូលរួមប្រើប្រាស់នេះគឺល្អ …។

(១៦) រៀបចំយន្តការជាតិគាំទ្រជាមធ្យោបាយ បច្ចេក​ទេស និងការតម្រង់ទិស បំផុសចលនាជាតិថែរក្សាវប្បធម៌

យើងកំពុងរៀបចំយន្តការជាតិមួយដើម្បីអាចប្រទាក់ក្រឡា។ កន្លងទៅ កន្លែងខ្លះការចងក្រង ធ្វើសកម្មភាពនិងរៀប​ចំជាផលិតផលក៏មានការឆកល្វែងខ្លះ ដោយសារខ្វះឯកសារឬមួយខ្វះការប្រឹក្សាយោបល់ពីក្រសួងជំនាញ។ យ៉ាងណា​ក្តីជាស្មារតីយើងមានហើយ។ អញ្ចឹង ក្នុងការងារនេះ ជាពិសេសសំរាប់បងប្អូននៅក្រៅប្រព័ន្ធ សូម្បីតែម្នាក់ឯងគាត់ទឹកចិត្ត ខំធ្វើ ស្រាវជ្រាវខ្លួនឯង។ ទៅថ្ងៃមុខទៀត យើងអាចមានយន្តការប្រទាក់ក្រឡា ឬមួយការផ្ដល់ការគាំទ្រដល់គាត់ក្នុងរូបភាពណាមួយ។ ទឹកចិត្តគាត់មានហើយ។ ពេលខ្លះមធ្យោបាយគាត់មានហើយ​ ប៉ុន្តែត្រូវការបច្ចេក​ទេសនិងការជួយតម្រង់ទិសខ្លះ ដើម្បីឱ្យផុសជាចលនាជាតិនិយមនៅក្នុងការកសាងថែរក្សាវប្បធម៌ជាតិ …។

ល្ងាចមិញ ខ្ញុំបានជួបជាមួយប្អូនម្នាក់ដែលរៀនព្រៃវែង។ ឃើញគាត់សូននិងឆ្លាក់ស្អាត។ គាត់គូរគំនូរ សូនរូបឆ្លាក់ដូច។ ខ្ញុំសួរគាត់ថា “​អូនឯងរៀនពី(អ្នក/កន្លែង)ណា?”។ គាត់ឆ្លើយថា “ខ្ញុំមិនបានរៀន(ជាមួយគ្រូ)ទេ។ ចាប់ពីឆ្នាំ ២០១៨ ខ្ញុំរៀនគូរដោយ​សារស្រឡាញ់គំនូរ។ ខ្ញុំបង្រៀនខ្លួ​នឯងឲ្យចេះគូរ។ ឥឡូវ ខ្ញុំរៀនសូនរូប”។ រូបគាត់ល្អ សឹងតែដូចមនុស្សពិតប្រាកដ​ ហើយមិនបានឆ្លងកាត់(ការរៀនពី)សាលាទេ។ ដោយសារទឹកចិត្តរបស់គាត់។ ខ្ញុំសួរថាចង់ធ្វើអីទៀត? (គាត់ថា) ខ្ញុំចង់ចែករំលែកទឹកដៃរបស់ខ្ញុំអោយកូនខ្មែរអ្នកស្រុកភូមិខ្ញុំ។ ខ្ញុំមានលទ្ធភាពប៉ុណ្ណា ខ្ញុំចង់ធ្វើប៉ុណ្ណឹង។ ខ្ញុំឃើញរូបមន្ដនិងគំរូបែបនេះច្រើនក្នុងប្រទេស។ នេះជាស្មារតីនិងមោទនភាពប្រជាជាតិ ពិសេសយុវជន…។

(១៧) ការថែរក្សាវប្បធម៌ជាកាតព្វកិច្ចរបស់ទាំងអស់គ្នា គឺ “ទាំងអស់គ្នាសំរាប់វប្បធម៌”

រាជរដ្ឋាភិបាល តាមរយៈក្រសួង(វប្បធម៌និងវិចិត្រសិល្បៈ)បានខិតខំគ្រប់ជំហាន។ យើងនឹងពិនិត្យអំពីយន្ដ​ការនេះបន្ដទៀត។ កន្លងទៅ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី វង្សី វិស្សុត លោកជំទាវរដ្ឋមន្ត្រី ភឿង សកុណា ក៏បានខិតខំជជែកគ្នាជ្រើសរើសយន្ដការបែបណាដើម្បីបង្កើតជាយន្ដការមួយឲ្យមានការចូលរួមពីរាជរដ្ឋាភិបាល វិស័យឯកជន ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល ដើម្បីរួមគ្នាជាធ្លុងមួយក្នុងការជួយបំផុស/ជំរុញ ស្រាវជ្រាវ​ ចងក្រង ផ្សព្វផ្សាយ អនុវត្ដក្នុងការបណ្ដុះបណ្ដាល និងផ្សព្វផ្សាយយកទៅអនុវត្តនៅក្នុងផលិតផលវប្បធម៌សិល្បៈ។ យើងបានជជែករៀងយូរបន្ដិច ប៉ុន្ដែឈានទៅមុខ ដើម្បីបំផុសនូវការចូលរួមបែបនេះ។ ការថែរក្សាវប្បធម៌មិនមែនជាកាតព្វកិច្ចរបស់នរណាម្នាក់នោះទេ។ វប្បធម៌សំរាប់យើងទាំងអស់គ្នា យើងទាំងអស់គ្នា សំរាប់វប្បធម៌ នេះជាការពិត។

(១៨) ស្រាវជ្រាវ ចងក្រង ផ្សព្វផ្សាយ និងតំរង់ទិសអ្នកប្រើប្រាស់ ដើម្បីថែរក្សាវប្បធម៌ប្រពៃណី

ពីមួយជំនាន់ទៅមួយជំនាន់ បើមិនច្បាស់ពីវប្បធម៌របស់យើង តើយើងទៅបង្រៀនកូនរបស់យើងយ៉ាងម៉េច?ឧទា​ហរណ៍ផលិតផលមួយចំនួនដូចជាសំលៀកបំពាក់បុរាណ (វប្បធម៌យើងក៏មាន) វប្បធម៌ប្រទេសជិតខាងរបស់យើងក៏មាន ដោយសារយើងមានវប្បធម៌ស្រដៀងគ្នា ប៉ុន្ដែវាមានលក្ខណៈពិសេសដាច់ដោយឡែកពីគ្នា ដើម្បីសំគាល់បានថាអ្វីជារបស់ខ្មែរ អ្វីមិនមែនជារបស់ខ្មែរ។ សូម្បីអ្នកមួយចំនួនក៏គាត់មិនដឹងដែរ។ ក្នុងពិធីការមួយចំនួន ផ្នួងក៏មិនដឹងច្បាស់ផង។ ជួនកាលវាខុសគ្នាអី​បន្ដិចបន្ដួចទេ។ ជួនកាលខុសគ្នាតែប្រវែង។ ជួនកាលខុសគ្នាតែសណ្ឋាន។ ប្រសិន​បើយើងមិនមានការស្រាវជ្រាវ​ ចងក្រង បណ្ដុះបណ្ដាល ផ្សព្វផ្សាយឲ្យបានច្បាស់ យើងអាចយល់ច្រលំដោយមិនដឹងខ្លួន។ និយាយនេះមិនមែនថារើសអើងទេ។ យើងមិនមែនហាមមិនឲ្យប្រើប្រាស់ ប៉ុន្ដែប្រើប្រាស់ឲ្យដឹងច្បាស់ថានៅពេលណាគួរប្រើប្រាស់អី ព្រោះឥឡូវវាទៅជាពាណិជ្ជកម្ម និងលទ្ធភាពក្នុងការផលិត ព្រមទាំងទីផ្សារផង។ ពេលខ្លះក៏ងាយស្រួលក្នុងការធ្វើ។ ផលិតផលប្រើប្រាស់ទៅវិញទៅមក។ យ៉ាងហោចណាស់ត្រូវ(យើងដឹងកន្លែងខុសគ្នា)។ អញ្ចឹងទាមទារនូវការស្រាវជ្រាវ ការចងក្រងឲ្យបានច្បាស់ ការផ្សព្វផ្សាយឲ្យបានទូលំទូលាយ និងការជួយតំរង់ទិសអ្នកប្រើប្រាស់ឲ្យបានដឹង ដើម្បីថែរក្សាវប្បធម៌ប្រពៃណីរបស់យើង។

(១៩) សិល្បៈករ/ការិនីជាង ២ពាន់នាក់ តំនាងអ្នកថែរក្សាវប្បធម៌សិល្បៈ ជាដំណែលបេតិកភណ្ឌរូបីយ៍រាប់ម៉ឺននាក់

ថ្ងៃនេះ អ្នកដើរតួនាទីសំខាន់មួយក្នុងការថែរក្សាវប្បធម៌សិល្បៈរបស់យើងគឺជាបងប្អូននៅក្នុងនេះជាង ២ពាន់នាក់ ជានិមិត្តរូបនៃសិល្បករ/ការិនីរាប់ម៉ឺននាក់នៅទូទាំងប្រទេស ដែលជាតួអង្គប្រតិបត្ដិករសំខាន់ ជាអ្នកបន្ដវេន បន្ដនូវកេរដំណែលបេតិកភណ្ឌរូបិយ។ ជាងចំលាក់ ជាងគំនូរ អ្នកសរសេរអក្សរសិល្ប៍ អ្នកនិពន្ធ អ្នកថតភាពយន្ដ សិល្បករខាងតន្ដ្រីសម័យបុរាណ សហសម័យ សុទ្ធតែជាអ្នកត្រូវ​ចូលរួមក្នុងការស្រាវជ្រាវដើម្បី(មានក្បួនខ្នាត)ឲ្យច្បាស់។ ផលិតផលច្រើនណាស់ពីហូលីវូដបានចូលមក។ បើកហ្វេសប៊ុក គ្រាន់តែកុនហូលីវូដច្រើនទៅហើយ។ ប៉ុន្ដែយើងក៏មានរបស់យើង។ អ្វីដែលយើងផ្សព្វផ្សាយនៅក្នុងវេទិកា បង្ហាញក្នុងកុន ត្រូវមានមូលដ្ឋានឲ្យបានច្បាស់លាស់ ដើម្បីបង្ហាញបរទេសថា នេះជារបស់ខ្មែរ បង្ហាញកូនខ្មែរថានេះជារបស់យើង ដើម្បីកុំឲ្យមានការយល់ច្រលំ។

(២០) ថែរក្សាវប្បធម៌ជាតិ បូកជាមួយថែរក្សាមិត្តភាពជាមួយគ្រប់ជាតិសាសន៍ដោយមិនរើសអើង

ការយល់ច្រលំនេះអាចបង្កើតនូវទំនាស់។ ខ្ញុំសូមឲ្យមានការយោគយល់។ កន្លងទៅឃើញមានការឆ្លងឆ្លើយគ្នារវាងប្រជាជននិងប្រជាជន ស្តីពីវប្បធម៌មួយចំនួនជាមួយប្រទេសជិតខាង។ ពេលខ្លះវាមិនធំទេ។ ប្រពៃណីវប្បធម៌ពីបុរាណមក នៅជិតគ្នា មានការឆ្លងគ្នាទៅវិញទៅមក ដូចជាការប្រារព្ធពិធីចូលឆ្នាំ/សង្ក្រាន្តពេលជាមួយគ្នា។ ការយោគយល់គ្នាគឺជាការចំាបាច់។ យើងពឹងពាក់គ្នាទៅវិញទៅមក។ នេះជាបុព្វហេតុនៃការរស់នៅដោយសុខដុមនីយកម្ម និងការចូលរួមថែរក្សាវប្បធម៌ជាតិ បូកជាមួយការថែរក្សាមិត្តភាពជាមួយគ្រប់បណ្ដាជាតិសាសន៍ដោយមិនរើសអើង …។

ខ្ញុំសូមចូលរួមមតិយោបល់ប៉ុណ្ណេះចុះ បើថែមម៉ោងទៀត (ម្ហូប)ចុងភៅត្រជាក់អស់ហើយ។ ពីយូរមកហើយ ពុកគាត់ប្រាប់ថា បើមកបាយកុំនិយាយយូរពេក។ ឥលូវចង់វែងទៅហើយ។ អញ្ចឹង ខ្ញុំសូមបញ្ចប់ប៉ុណ្ណេះ។ យើងមានកម្មវិធីបំពាក់មេដាយច្រើន រហូតដល់ជាង ២ពាន់នាក់។ ប៉ុន្ដែ សូមអភ័​យទោស យើងបំពាក់ផ្ទាល់បានប្រហែល ៦០ឬ ៧០នាក់ ក្រៅពីនោះ យើងមានការថតរូបជាអនុស្សាវរីយ៍ទាំងអស់គ្នា ដោយមិនអាចបំពាក់ជាង ២ពាន់នាក់បានទេ … ណាមួយទៀតខាងភ្លេងនិងខាងបងប្អូនប្រហែលរង់ចាំ។ បន្ដិចទៀតដាក់រាំវង់។ តាំងពីទទួលការងារថ្មីមក អត់មានឱកាសបានរាំទេ។ ថ្ងៃមុនរាំបានមួយបទគត់ គេហៅទៅផ្ទះទៅ។ អញ្ចឹងថ្ងៃនេះ សង្ឃឹមអាចលើសមួយបទ។

[បញ្ចប់សេចក្តីអធិប្បាយ]

ជាយោបល់មួយចំនួន មុននឹងបញ្ចប់៖

១. ខ្ញុំស្នើដល់គ្រប់សិល្បករ សិល្បការិនីទាងអស់ ផ្តោតអារម្មណ៍ឱ្យកាន់តែខ្លាំងទៅលើទ្រឹស្តី«ចង្កឹះមួយបាច់» ដើម្បីពង្រឹងសាមគ្គីភាព និងភាពរឹងមាំ ព្រមទាំងដើម្បីពង្រឹងគោលដៅរួម និងជោគជ័យរួម។ ក្នុងន័យនេះ ខ្ញុំសូមលើកទឹកចិត្តដល់ សិល្បករ សិល្បការិនី គ្រប់ទម្រង់ចូលរួមចងក្រងជាសមាគម ឬចូលជាសមាជិកសមាគមសិល្បៈ ដើម្បីប្រសិទ្ធភាពនៃការធ្វើការរួមគ្នា ក្នុងភាពជាបងប្អូន ដោយចេះជួយគ្នាទៅវិញទៅមក ស្របតាមប្រពៃណីទំនៀមទម្លាប់របស់ដូនតាយើង។

២. ក្នុងវិស័យសិល្បៈវប្បធម៌ សិល្បករ សិល្បការិនី គឺជាគំរូ ជាតួអង្គដែលមានឥទ្ធិពលទៅលើ មជ្ឈដ្ឋានផ្សេង ជាពិសេសឧបករណ៍ផ្សព្វផ្សាយ តាមរយៈការសម្តែងដោយផ្ទាល់ ឬមិនផ្ទាល់។ ការរក្សាបាន នូវតម្លៃសិល្បៈវប្បធម៌ជាតិ និងតម្លៃផ្ទាល់ខ្លួនរបស់សិល្បករ សិល្បការិនី គឺពិតជាអាស្រ័យលើសេចក្តីសម្រេចផ្ទាល់ខ្លួនរបស់សិល្បករ សិល្បការិនីទាំងអស់ ដែលការសម្រេចចិត្តត្រឹមត្រូវនឹងទទួលបានការគាំទ្រ ពីសាធារណជន រីឯការសម្រេចចិត្តមិនត្រឹមត្រូវនឹងទទួលរងនូវសម្ពាធសង្គម។ ដូចនេះ មុននឹងជ្រើសរើសយកសកម្មភាពណាមួយ សិល្បករ សិល្បការិនីទាំងអស់ គួរប្រកាន់ខ្ជាប់នូវគោលការណ៍សីលធម៌ គុណធម៌ សច្ចធម៌ ទាំងសំណេរ ទាំងការប្រើប្រាស់ពាក្យពេចន៍ កាយវិការ សកម្មភាព ឥរិយាបថ ការស្លៀកពាក់ ដោយរក្សាឱ្យបាននូវភាពថ្លៃថ្នូរ និងការចូលរួមលើកកម្ពស់សីលធម៌ក្នុងសង្គម ដែលនឹងចូលរួមដល់ការពង្រឹងនូវអត្តសញ្ញាណ និងកិត្យានុភាពជាតិ។

៣. ខ្ញុំយល់ថា ការបង្កើតយុទ្ធសាស្ត្រទាញចំណាប់អារម្មណ៍ពីសាធារណជន គួរមានការថ្លឹងថ្លែង និងពិចារណាជាមុន ពីផលប៉ះពាល់ផ្នែកវប្បធម៌ប្រពៃណី និងសីលធម៌សង្គម ដោយពុំគួរប្រើប្រាស់ជំហរអត្តនោម័តិ ឬជំហរចង់ល្បីភ្លាមៗ ដែលអាចប៉ះពាល់ដល់បុគ្គលផង ដល់តម្លៃជាតិផងនោះទេ។ ខ្ញុំមានជំនឿថា គ្រប់សិល្បករ សិល្បការិនីទាំងអស់ សុទ្ធតែមានការទទួលខុសត្រូវខ្ពស់ ជាមួយនឹងការទទួលស្គាល់ និងការកែប្រែ នូវរាល់កំហុសឆ្គងដោយចេតនា និងអចេតនា។

៤. ក្នុងបរិបទនៃបរិវត្តកម្មឌីជីថល ការចែករំលែកព័ត៌មានក្នុងសង្គមកាន់តែលឿន និងពិបាកទប់ស្កាត់ ។ ដើម្បីចូលរួមដល់ភាពរឹងមាំនៃសង្គមយើង ខ្ញុំសូមរំលឹកដល់គ្រប់សិល្បករ សិល្បការិនីទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចៀសវាងឱ្យបាននូវការប្រឌិត និងការសម្តែងទាំងឡាយដែលមានលក្ខណៈមិនពិត អុជអាល បំបែកបំបាក់ ប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និងជំនឿសាសនា។

៥. ពាក់ព័ន្ធនឹងការបង្កើតស្នាដៃថ្មី និងការតែងនិពន្ធ ក្រៅពីការគិតគូរទៅដល់ភាពប្លែក ថ្មី សប្បាយ ទាក់ទាញ ខ្ញុំសូមស្នើឱ្យមានការយកចិត្តទុកដាក់ខ្ពស់ទៅលើការបញ្ចូលសារអប់រំ និងសារលើកស្ទួយសង្គម ដោយត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍សច្ចធម៌ គុណធម៌ មិនលួចចម្លង ក្នុងទិសដៅតម្កល់ស្នាដៃដែលបានបង្កើតជាគំរូ និងកេរដំណែលសម្រាប់ជនជំនាន់ក្រោយ។

៦. «រលកថ្មី ច្រានរលកមុខ» គឺជាក្រឹត្យក្រមធម្មជាតិ។ សិល្បករ សិល្បការិនីរៀមច្បង មិនត្រឹមតែជារលកនាំមុខប៉ុណ្ណោះទេ ប៉ុន្តែជាតួអង្គដែលមានបទពិសោធន៍ និងជាគំរូដល់រលកជំនាន់ក្រោយ ដល់យុវជន បន្តវេន។ ក្នុងន័យនេះ ការជួយជ្រោមជ្រែង បង្ហាត់បង្រៀន ផ្ទេរចំណេះដឹង និងការលើកទឹកចិត្តដល់យុវជន វ័យក្មេង គឺជាកាតព្វកិច្ច ដើម្បីបន្តថែរក្សាមរតកដូនតា និងការបន្តរីកចម្រើនទៅមុខរបស់វិស័យសិល្បៈវប្បធម៌របស់យើង។

ជារួមការប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈសិល្បៈគឺជាយានឆ្ពោះទៅរកនិរន្តរភាពនៃភាពជោគជ័យ។ ខ្ញុំសូមណែនាំទៅដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្តបើកចំហរ និងពង្រឹងកិច្ចសហការ គាំទ្រដល់គ្រប់សមាគមសិល្បៈ និងអ្នកប្រកបអាជីពក្នុងវិស័យសិល្បៈ។ ត្រូវបន្តតួនាទីជាអាណាព្យាបាល ផ្តល់យោបល់តម្រង់ទិស ផ្តល់ជំនួយបច្ចេកទេស ព្រមទាំងត្រូវពង្រឹងនូវយន្តការលើកសរសើរ និងលើកទឹកចិត្ត ក្រោមទម្រង់ជាប័ណ្ណសរសើរ លិខិតទទួលស្គាល់ លិខិតគាំទ្រ ឬសំណើសុំគ្រឿងឥស្សរិយយសជាដើម។ ជាមួយគ្នានេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏ត្រូវធ្វើការណែនាំ កែលម្អ ចំពោះកំហុសឆ្គងនានា ព្រមទាំង តម្រង់ទិស និងចង្អុលបង្ហាញពីឥរិយាបថដែលគួរប្រកាន់យក ដើម្បីភាពថ្លៃថ្នូរ និងបង្ការផលប៉ះពាល់ជាយថាហេតុមកលើសិល្បៈវប្បធម៌ ប្រពៃណីជាតិ។

គោលនយោបាយស្តីពីសិល្បៈវប្បធម៌ ជាផ្នែកមួយអាទិភាពរបស់រាជរដ្ឋាភិបាលគ្រប់អាណត្តិ នៃរដ្ឋសភា ។ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងផែនការសកម្មភាពអាទិភាពទាំង៦ចំណុច ដោយរួមបញ្ចូលទាំងអាទិភាពនៃការបណ្តុះបណ្តាលវិជ្ជាជីវៈដូនតា បញ្ជាក់ច្បាស់ពីជំហររបស់រាជរដ្ឋាភិបាល ដែលមិនត្រឹមសំដៅទៅដល់ការការពារមរតកវប្បធម៌ដ៏ថ្លៃថ្លារបស់ជាតិ និងប្រជាជននោះទេ ប៉ុន្តែប្រែក្លាយវិស័យនេះឱ្យក្លាយជាកម្លាំងមួយដែលនឹងចូលរួមដោយផ្ទាល់ និងដោយប្រយោលដល់កំណើនសេដ្ឋកិច្ច។ យោងលើក្របខ័ណ្ឌនៃគោលនយោបាយទាំងនេះ ខ្ញុំសូមស្នើក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្តដាក់ចេញនូវសកម្មភាព ជាក់ស្តែង បង្កើតឱ្យបានឆាប់រហ័សនូវយន្តការតាមដានវាយតម្លៃ និងកែតម្រូវសកម្មភាពអាទិភាព ធ្វើយ៉ាងណា ឱ្យវិស័យនេះក្លាយជាជោគជ័យមួយ ក្នុងចំណោមជោគជ័យទាំងអស់របស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភានេះ។ ក្នុងពេលទន្ទឹមគ្នានេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវបន្តពិនិត្យពិភាក្សាជាមួយក្រសួងអប់រំ យុវជន និងកីឡា លើមធ្យោបាយចាំបាច់នានា ធ្វើយ៉ាងណាដាក់បញ្ចូលមូលដ្ឋានគ្រឹះនានានៃវប្បធម៌សិល្បៈប្រពៃណីជាផ្នែកមួយនៃដំណើរការអប់រំចំណេះដឹងទូទៅ ក្នុងទិសដៅបង្កើនការយល់ដឹងចាប់ផ្តើមតាំងពីវ័យក្មេង និងបន្តក្លាយជាយុវជនដែលមានសមត្ថភាពជាមួយនឹងអត្តសញ្ញាណដ៏ថ្លៃថ្លាក្នុងនាមជាខ្មែរ។

ទោះជាថ្ងៃនេះ យើងពុំបានជួបជុំអស់ ជាមួយសិល្បករ សិល្បការិនី ដែលមានចំនួនរហូតដល់រាប់ម៉ឺននាក់ នៅទូទាំងប្រទេស និងក្រៅប្រទេស ក៏ខ្ញុំយល់ថា ជាសក្ខីភាពនៃវេទិកាសម្រាប់ថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ដល់គ្រប់តួអង្គនៃវិស័យសិល្បៈទាំងអស់ ដែលបានចូលរួមគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ការពារថែរក្សាកេរដំណែលដូនតា និងការចូលរួមពង្រឹងអត្តសញ្ញាណជាតិ និងប្រជាជន ជាពិសេសចំពោះការលះបង់ទាំងកម្លាំងកាយចិត្ត ដើម្បីចូលរួមគាំទ្រ និងផ្ទេរចំណេះដឹង និងបទពិសោធន៍ដល់យុវជនបន្តវេន។

ខ្ញុំសូមយកឱកាសនេះវាយតម្លៃខ្ពស់ផងដែរ ចំពោះកិច្ចខិតខំប្រឹងប្រែងជាប់មិនដាច់របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាពិសេស តួនាទីជាអាណាព្យាបាល និងតួនាទីជាអ្នកសម្របសម្រួលដ៏ល្អជាមួយ សិល្បករ សិល្បការិនី គ្រប់ទម្រង់។

ជាទីបញ្ចប់ ជាមួយនឹងការលើកទឹកចិត្តដល់គ្រប់មជ្ឈដ្ឋានសិល្បៈទាំងអស់ ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ពូមីង បងប្អូនសិល្បករ សិល្បការិនីទាំងអស់ សូមមានសុខភាពល្អ ទទួលបានជោគជ័យថ្មីៗក្នុងអាជីពការងារ និង សូមប្រកបដោយពុទ្ធពរ និង ពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណ កុំបីឃ្លៀងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ