សម្រង់ប្រសាសន៍សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត, សំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២៤

CMF:

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា សមាជិក សមាជិការាជរដ្ឋាភិបាល
គណៈធិបតី ភ្ញៀវកិត្តិយស ថ្នាក់ដឹកនាំ អង្គការវិជ្ជាជីវៈ សមាគមបុគ្គលិកសិក្សា
តំណាងសេដ្ឋកិច្ចក្រៅប្រព័ន្ធ រួមទាំងបងប្អូនសហជីព កម្មករទាំងអស់ និងជនរួមជាតិជាទីមេត្រី!

ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយ​ ដែលបានចូលរួមជា​មួ​យ​​ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ព្រមទាំងបងប្អូនកម្មករ-កម្មការិនី សហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ដែលបានចូលរួមចំនួនជាង ៥ ១០០ នាក់ ក្នុងឱកាសអបអរសាទរខួប​អនុស្សា​វរីយ៍​លើកទី ១៣៨ នៃ ទិវាពលកម្មអន្ដរជាតិ ១ ឧសភា ក្រោមប្រធានបទ សហគ្រាស​មួយជាសហគមន៍សុខសាន្ត​មួយ ជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ​ក្នុងការអភិវឌ្ឍវិស័យ​ការងារ សំដៅប្រែក្លាយទៅជាចលនាជាតិមួយនៅកន្លែង​​ធ្វើការងារ ដែលគ្រប់ភាគីពាក់ព័ន្ធ ជាពិសេស កម្មករ ​និយោជិត និងនិយោជក ចូលរួម​អនុវត្ត ដើម្បីបង្កើតបាននូវវប្បធម៌អនុលោមភាពតាមច្បាប់ សុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ និងទំនួលខុសត្រូវផ្នែកសង្គមរបស់សហគ្រាស។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១]

ថ្ងៃនេះ ក៏ជាខួប ១៤ឆ្នាំ ដែលខ្ញុំបានចាប់ផ្ដើមជួបជាមួយ​សហជីព។ ល្ងាចមិញ ឯកឧត្តម ហេង សួរ បានបញ្ជូនរូបភាពឱ្យខ្ញុំកាលពីឆ្នាំ២០១០ ដែលបានជួបដំបូងជាមួយនឹងសហជីព។ កាលនោះ របស់ឯកឧត្តម សោម អូន នៅសាលាកប់ស្រូវ។ មើលខ្លួនឯងមិនចង់ស្គាល់។ កាលនោះនៅក្មេង នៅតឺនុយបាន ឥឡូវលែងហ៊ានតឺនុយហើយ។ ប៉ុន្តែ កាលនោះចាញ់ឥឡូវ ត្រង់ថាបែកញើសនៅក្នុងម៉ាស៊ីនត្រជាក់។ ឡើងមកអម្បាញ់មិញ គេប្រាប់ថា ក្រែមជាប់ថ្ពាល់។ សម្ដេចតេជោ ប្រហែលកំពុងមើល សង្ស័យគាត់ច្រណែនហើយ។ កាលមុន គាត់ថាខ្ញុំច្រណែនគាត់ ដោយសារកាលនោះស្នាមស្លាជាប់ថ្ពាល់ខ្ញុំ។ សប្បាយរីករាយណាស់បានជួបជាមួយនឹងបងប្អូន ហើយអញ្ជើញមកតាំងពីព្រឹក តាំងពីម៉ោង៤ ម៉ោង៥ ប៉ុន្តែកម្លាំងនៅមាំ។ អម្បាញ់មិញ មានអ្នកហៅខ្ញុំថាឪប៉ុន្មាននាក់ទៅហើយ ប៉ាផងឪផង។ មានប្អូនស្រីម្នាក់ គាត់ថើបហើយថា “ខ្ញុំថើប(សម្ដេច) ប្ដីខ្ញុំ(គាត់)អត់ប្រចណ្ឌទេ”។ ខ្ញុំថា “ម៉េចអញ្ចឹង អត់ខ្លាចប្ដីប្រចណ្ឌទេ?”។ គាត់ថា “ប្ដីអត់ប្រចណ្ឌទេ ព្រោះខ្ញុំនៅលីវ”។ ជាការរីករាយដែលបានជួបគ្នា។

(១) សំណេះសំណាលទិវាពលកម្មអន្តរជាតិ ១ ឧសភា លើកទី១៣៨ បង្ហាញពីការយកចិត្តទុកដាក់ លើកតម្លៃ និងថ្លែងអំណរគុណបងប្អូនកម្មករ/ការិនី និងបុគ្គលិក

ខ្ញុំសូមអរគុណក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលរៀបចំកម្មវិធីជួបជុំសំណេះសំណាលក្នុងទិវាពលកម្មអន្តរជាតិ ១ ឧសភា លើកទី១៣៨ ដ៏ឱឡារិកនេះ។ តាមពិត យើងត្រូវរៀបចំនៅថ្ងៃទី១ ឧសភា ប៉ុន្តែដោយ​សារជាទូទៅថ្ងៃទី១ ឧសភា តាំងពីជំនាន់សម្ដេចតេជោ ខ្ញុំត្រូវជាប់កម្មវិធីនៅខេត្តព្រះសីហនុ។ ថ្ងៃទី១ ឧសភា នេះត្រូវរៀបចំនៅផែក្រុងព្រះសីហនុ ជួបបងប្អូនបុគ្គលិកនៅទីនោះ។ អញ្ចឹងយើងឆ្លៀតឱកាសជួបនៅថ្ងៃអាទិត្យនេះតែម្ដង សម្រាប់អបអរសាទរថ្ងៃទី១ ឧសភា។ មិនថាថ្ងៃណាទេ ទោះបីជាយ៉ាងណា ការជួបជុំគ្នានេះ គឺបង្ហាញអំពីការយកចិត្តទុកដាក់ និងបន្តយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល នៅក្នុងការលើកតម្លៃ ទទួលស្គាល់ និងជាការថ្លែងអំណរគុណទៅដល់បងប្អូនកម្មករ កម្មការិនី បុគ្គលិកទាំងអស់ និងគ្រប់វិស័យពាក់ព័ន្ធនឹងវិស័យការងារ ទាំងនិយោជក និយោជិត គ្រប់បុគ្គលិកពាក់ព័ន្ធ មន្រ្តីរាជការគ្រប់ជាន់ថ្នាក់ ដែលពាក់ព័ន្ធនឹងវិស័យការងារ។

(២) សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ ឬ គ្រួសារមានសុភមង្គល

ដែលយើងត្រូវបន្តពូនជ្រំ និងលើកស្ទួយលើកិច្ចការនេះ។ ប្រធានបទថ្ងៃនេះ គឺសុខដុមរមនីយកម្ម, “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” គឺពិតជាមានអត្ថន័យ … បានន័យថា គ្រួសារមានសុភមង្គលល្អ។ រាជរដ្ឋាភិបាលយើងដាក់ទិសដៅសំខាន់ក្នុងការបង្កើតការងារ ដែលជាអាទិភាពធំចាំបាច់ដើម្បីជម្រុញសេដ្ឋកិច្ចប្រកប ដោយចីរភាព និងបរិយាបន្ន។ សេដ្ឋកិច្ចជាតិដើរបានដោយសារប្រជាពលរដ្ឋ ជីវភាពរស់នៅរបស់គ្រួសារនីមួយៗ ត្រូវបានលើកតម្កើង។ ប៉ុន្តែការលើកតម្កើងនេះ គឺចាំបាច់ត្រូវធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានលទ្ធភាពជំរុញសេដ្ឋកិច្ចគ្រួសារដោយខ្លួនឯង។ យើងបានអនុវត្តគោលនយោបាយឯកជនភាវូបនីយកម្មតាំងពីចុងទសវត្សទី៨០ ដើម្បីផ្ដល់សិទ្ធិសេរីភាពឱ្យប្រជាពលរដ្ឋ ប្រកាន់នូវរបបទីផ្សារសេរី បើកសិទ្ធិឱ្យប្រជាពលរដ្ឋ មានឱកាសក្នុងការកសាងសមត្ថភាព និងជ្រើសយកអាជីពកសាងជីវភាពរស់នៅរបស់ខ្លួន។ រដ្ឋមិនអាចចិញ្ចឹមប្រជាពលរដ្ឋទាំងស្រុងទេ ហើយក៏គ្មានប្រសិទ្ធភាពអី្វដែលត្រូវដាក់ផែនការ(សេដ្ឋកិច្ច) ដូចពីមុន ដែលយើងចេញពី(របប) ប៉ុល ពត មកនោះដែរ។

(៣) ធានាឱ្យប្រជាពលរដ្ឋមានលទ្ធភាពរៀនសូត្រ កសាងសមត្ថភាពធ្វើការ សេរីភាពក្នុងការប្រកបរបរ ទាក់ទាញវិនិយោគ និងបង្កើតការងារ

កាលនោះយើងនៅលំបាក (យើងមានការចាំបាច់ត្រូវអនុវត្ត)សេដ្ឋកិច្ចផែនការ ដែលថាអ្វីៗទាំងអស់ត្រូវតែចូលមករដ្ឋ ហើយចាំរដ្ឋចែកទៅវិញ។ (មកដល់ពេលនេះ) យើងផ្ដល់សិទ្ធិជូនប្រជាពលរដ្ឋដើម្បីអ្នកខ្លាំងជួយអ្នកខ្សោយ។ បានន័យថាម៉េច? ប្រជាពល​រដ្ឋដែលមានលទ្ធភាពត្រូវពង្រឹងខ្លួនឯង ពង្រឹងតាមវិស័យឯកជនក្ដី តាមបុគ្គលស្វ័យនិយោជក្ដី ដើម្បីជួយជំរុញសេដ្ឋកិច្ចជាតិ។ សេដ្ឋកិច្ចរីកចម្រើន រដ្ឋមានថវិកាយកទៅជួយទៅដល់អ្នកដែលខ្សោយ។ ក្នុងចំណោមប្រជាពល​រដ្ឋយើង ១៧លាននាក់ មិនអាចមានអ្នកមានទាំងអស់ មិនអាចមានអ្នកមានជីវភាពមធ្យមទាំងអស់ មិនអាចមានអ្នកជោគជ័យ កើតមកមានកាយសម្បទាល្អទាំងអស់នោះទេ។ យើងនៅមានជនពិការដោយសារសង្រ្គាម យើងនៅមានស្រ្ដីមេម៉ាយដោយសង្រ្គាមនិងជនចាស់ជរា។ ប្រជាពលរដ្ឋខ្លះ មិនអាចមានលទ្ធភាពជួយខ្លួនឯងបាន ត្រូវការរដ្ឋជួយ។ អញ្ចឹង យើងជូន(ជាការអនុវត្តតាម)ចរន្តបែបនេះ ទើបអាចធានាឱ្យប្រជាពលរដ្ឋអាចមានលទ្ធភាពរៀនសូត្រ កសាងសមត្ថភាពធ្វើការ សេរីភាពក្នុងការប្រកបរបរ ទាក់ទាញវិនិយោគ បង្កើតការងារ …។

(៤) កម្មករ និយោជិត និយោជក នាយករដ្ឋមន្រ្តី មានការងារនិងកាតព្វកិច្ចជួយគ្នា ពង្រឹងគ្នានិងបម្រើប្រជាពលរដ្ឋ

ខ្ញុំជឿថា អ្នកណាក៏មានការងារដែរ មិនគិតថាកម្មករ និយោជិត ឬមួយនិយោជក។ សូម្បីតែនាយករដ្ឋមន្រ្តីក៏មានការងារដែរ។ ខ្ញុំមិនមែនជាម្ចាស់ប្រទេសទេ។ ខ្ញុំជាអ្នកបម្រើប្រជាពលរដ្ឋដូចតែឯកឧត្តម លោកជំទាវនៅខាងលើនេះ។ បងប្អូនទាំងអស់ក៏ដូចគ្នា។ ថៅកែក្រុមហ៊ុនក៏ត្រូវគិតគូរផែនការដើម្បីបម្រើទៅដល់សេចក្ដីត្រូវការរបស់បុគ្គលិកដូចគ្នា។ និយោជកត្រូវគិតគូរផែនការ គិតគូររៀបចំរកទីផ្សារ បង្កើតផលិតផលឱ្យដើរ ដើម្បីចំ​ណេញមក យកថវិកាមកចែកជាបៀវត្សរ៍ ចែកជាការលើកទឹកចិត្តអីផ្សេងៗឱ្យបុគ្គលិក។ បានន័យថា ទាំងអស់គ្នាមិនមានអ្នកណាជាថៅកែទេ។ ពាក្យថាថៅកែ ប៉ុន្តែការងារស្មើគ្នា គឺកាតព្វកិច្ច ដើម្បីជួយគ្នា ពង្រឹងគ្នា រដ្ឋក៏ដូចគ្នា គឺជាអ្នកបម្រើប្រជាពលរដ្ឋ។ កម្មករ/ការិនី ក៏ដូចជានិយោជក ក៏ដូចជាបងប្អូននៅក្នុងការងាររដ្ឋបាលផ្សេងៗ គឺយើងធ្វើការទាំងអស់គ្នា។

(៥) បង្កើតឱកាស លើកស្ទួយវិស័យឯកជន ធ្វើឱ្យប្រជាពលរដ្ឋមានលទ្ធភាព

ហេតុដូច្នេះ ត្រូវធ្វើឱ្យប្រជាពលរដ្ឋមានលទ្ធភាព មានការបង្កើតនូវឱកាស ហើយជាពិសេសលើកស្ទួយនូវវិស័យឯកជននេះ។ គឺជាកិច្ចការសំខាន់ណាស់ … ក្នុងរបាយការណ៍របស់ឯកឧត្តម ហេង សួរ និយាយតែនៅក្នុងប្រទេសរបស់យើង និងរោងចក្រ/សហគ្រាសដែលចុះបញ្ជីការទេ។ យើងមានជាង ៩០% ជាសហគ្រាសតូចនិងមធ្យម នៅក្រៅប្រព័ន្ធ។ ជាង ៤៣ ០០០ ជិត ៤៤ ០០០ ក្រុមហ៊ុន/សហគ្រាស សុទ្ធតែវិស័យឯកជនទាំងអស់។ គ្រឹះស្ថានសាធារណៈរបស់រដ្ឋមិនមានច្រើនទេ។ បងប្អូន ១,៨ លាននាក់ មានការងារនៅក្នុងវិស័យឯកជនដែលបានចុះបញ្ជីការ ហើយរាប់លាននាក់ទៀតជាស្វ័យនិយោជក្ដី ជាអាជីវកម្មខ្លួនឯងក្ដី ដែលមិនបានចុះបញ្ជីការ ក៏សុទ្ធតែស្ថិតនៅក្នុងលក្ខណៈជាវិស័យឯកជន។ រដ្ឋអត់ទៅគ្រប់គ្រងទេ។ រដ្ឋអត់ទៅយកអ្វីដែលបងប្អូនរកបាននោះទេ។ ពិតណាស់ យើងមានពន្ធសម្រាប់ក្រុមហ៊ុនមួយចំនួន មន្រ្តីរាជការឬមួយបុគ្គលិក ដែលប្រាក់ខែលើសពី ឧទាហរណ៍ ១,៥លានរៀល ឬមួយប៉ុន្មានហើយទេ វាមានជាប់កាតព្វកិច្ចពន្ធខ្លះ … ប៉ុន្តែភាគច្រើន អ្វីដែលគាត់បាន គឺគាត់ទុកខ្លួនឯង។ នេះគឺជាអ្វីដែលជាគោលការណ៍គោលនយោបាយដែលត្រូវបន្ត​។

(៦) អភិក្រម “រក្សាចាស់បង្កើតថ្មី” ដើម្បីបង្កើតសិទ្ធ ឱកាស ទីផ្សារ លើកកំពស់ភាពប្រកួតប្រជែង

អ្វីដែលយើងធ្វើគឺត្រូវលើកទឹកចិត្តបន្ថែម។ គោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ គឺត្រូវបន្តលើកទឹកចិត្តបន្ថែមនិងទាក់ទាញឱ្យច្រើនឱ្យវិស័យឯកជនកាន់តែរីកចម្រើន​ … ដើម្បីឱ្យប្រជាពលរដ្ឋមានសិទ្ធិសេរីភាព និងមានឱកាស និងទីផ្សារ ដើម្បីជួយលើកកម្ពស់ភាពប្រកួតប្រជែងរបស់ប្រជាជនខ្មែរ ក៏ដូចជាកម្រិតជីវភាពរស់នៅរបស់គាត់។ នេះគឺជាការងារដែលត្រូវបន្តធ្វើឱ្យកាន់តែមានប្រសិទ្ធភាព។ ការជម្រុញការអភិវឌ្ឍដែលយើងធ្វើបានកន្លងទៅ គឺយើងប្រើអភិក្រម “រក្សាចាស់ បង្កើតថ្មី” គឺមានទាំងអស់ រួមទាំងវិស័យឯកជន រួមទាំងសហគ្រាសនិងរោងចក្រនៅក្នុងវិស័យឧស្សាហកម្ម។ យើងមានសហគ្រាសនៅគ្រប់វិស័យ។ វិស័យធនាគារ វិស័យ​ទេសចរណ៍ វិស័យកសិកម្ម បានន័យថាម៉េច? យើងសន្សំ។ ការបង្កើតមួយៗ មិនមែនជាកិច្ចការធម្មតាទេ។ បងប្អូនដឹងហើយ យើងគិតគូរបង្កើតអ្វីមួយ ទម្រាំបានចេញជាគំនិត បានជាសកម្មភាព បង្កើតឱ្យដើរ​ គិតគូរផែនការ រកថវិកាដើម្បីជម្រុញឱ្យដើរ គឺជាការមិនធម្មតាទេ។ អញ្ចឹងត្រូវធ្វើយ៉ាងណារក្សានូវបរិស្ថានរក្សាចាស់ឱ្យបានច្រើន ហើយបង្កើតថ្មីក៏ឱ្យបានច្រើនទៀត។

(៧) គោលការណ៍រក្សាចាស់គឺធ្វើឱ្យសហគ្រាស ក្រុមហ៊ុន វិស័យឯកជន ដែលមានស្រាប់មានសមត្ថភាព ធានាចីរភាពនិងនិរន្តរភាព

ខ្ញុំតែងតែនិយាយថាដើរទាក់ម៉ូយក្នុងរយៈពេល ៨ខែជាងនេះ។ នៅពេលដែលយើងទាក់ម៉ូយជាអ្នកថ្មីមក យើងត្រូវគិតពីអ្នកដែលមានស្រាប់នៅហ្នឹងកន្លែង ត្រូវធ្វើឱ្យគាត់ជោគជ័យ ធ្វើឱ្យគាត់រីកចម្រើន ធ្វើឱ្យគាត់សប្បាយចិត្ត ដើម្បីអាចកើតកូនកើតចៅបន្តទៅទៀត។ គោលការណ៍របស់យើងក្នុងការរក្សាចាស់ គឺរក្សាសហគ្រាស វិនិយោគ ក្រុមហ៊ុនដែលមានស្រាប់ វិស័យឯកជន បងប្អូនយើងដែលនៅក្រៅប្រព័ន្ធក្ដី ដែលគាត់មិនទាន់ចុះបញ្ជីការនៅក្រសួងការងារក្ដី ដើម្បីឱ្យគាត់កាន់តែមានសមត្ថភាព ធានាចីរភាពនិងនិរន្តរភាពជោគជ័យ។ បើថ្ងៃក្រោយគាត់ចូលក្នុងប្រព័ន្ធ ឬមួយយ៉ាងណា ក៏យើងត្រូវជួយឱ្យបានរីកចម្រើនទាំងអស់គ្នា ដើម្បីឱ្យប្រជាជនមានសមត្ថភាពរស់ខ្លួនឯង ហើយរដ្ឋផ្ដោតទៅលើការជួយអ្នកដែលពិបាកបំផុត។ យើងជួយមនុស្សភាគច្រើនដើម្បីឱ្យចេះរកត្រីខ្លួនឯង។ ថែរក្សាបឹងហ្នឹង ដើម្បីឱ្យកាន់តែល្អ ប្រព័ន្ធ ecology ការពារព្រៃលិចទឹក ការពារ​អីហ្នឹងដើម្បីបរិស្ថានឱ្យត្រីនៅក្នុងហ្នឹងអាចរស់បាន ទុកឱ្យប្រជាពលរដ្ឋយើងកាន់តែមានលទ្ធភាពក្នុងការរកត្រី។ ពេលដែលមានអ្នកឈឺ មានអ្នកចាស់ជរា​ មានអ្នកដែលលំបាក​ពិការ មិនអាចទៅរកត្រីបាន រដ្ឋជួយ​ក្នុងការផ្គត់ផ្គង់។ យើង​​ចាំបាច់ត្រូវធ្វើក្នុងអភិក្រមរក្សាចាស់។ ថែរក្សាវិស័យឯកជននេះ ធ្វើឱ្យកាន់តែរីកចម្រើន ធ្វើឱ្យមានបរិស្ថានដែលកាន់តែជោគជ័យ។

(៨) គម្រោងវិនិយោគស្នើសុំថ្មី បានការឯកភាព និងពង្រីកផលិតកម្ម​បង្ហាញពីការរីកចំរើននិងដើរទៅមុខ ដែលស្មើនឹងចំនួនការ​ងារ

ថ្ងៃនេះ បងប្អូន ៥០០០ នាក់ជាងនៅទីនេះ សុទ្ធតែជាលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលរាប់អា​ណត្តិមកនេះ ដើម្បីបង្កើតបរិស្ថានឱ្យមានការរីកចម្រើននៅក្នុងប្រទេស។ នៅក្នុងមួយសប្ដាហ៍ៗ CDC ត្រូវផ្ញើមកឱ្យខ្ញុំនូវគម្រោងវិនិយោគដែលស្នើសុំថ្មី គម្រោងវិនិយោគបានឯកភាព អនុម័តថ្មី និងគម្រោងវិនិយោគដែលគ្រោងពង្រីក។ យើងឃើញពីចរន្តនៃការរីកចំរើននិងដើរទៅមុខ។ គម្រោងនីមួយៗ វាស្មើនឹងមនុស្សដែលបានការ​ងារធ្វើ។ គម្រោងពង្រីកក្ដី (គឺធ្វើឱ្យ)កាន់តែមានសមត្ថភាពបន្ថែម។ ការបង្កើតថ្មី ការទាក់ទាញវិនិយោគថ្មីក៏យើងត្រូវធ្វើ ប៉ុន្តែយើងត្រូវធានានូវបរិស្ថាន ដើម្បីអ្វីដែលមានស្រាប់កាន់តែជោគជ័យ។ នេះពាក់ព័ន្ធនឹងប្រធានបទ ”សហគ្រាសមួយជាសហគមន៍សុខសាន្ត”។ ទាល់តែអ្នកដែលបង្កើត អ្នកដែលកំពុងរស់នៅផ្ទះហ្នឹងមានសេចក្ដីសុខ បានផ្ទះហ្នឹងវារីក មានកូនកើត។ បើផ្ទះហ្នឹងអត់មានសេចក្ដីសុខ បើប្ដីនិងប្រពន្ធចែកបន្ទប់គ្នា បានអីកើតកូន។ បើម៉ោងបាយ ផ្ទះអ្នកជិតខាងឮសូរតែបោកចានបោកឆ្នាំង តើមានស្អីទៅរួច …។

(៩) ការរក្សាចាស់ គឺរក្សាសហគ្រាស/ក្រុមហ៊ុនមានស្រាប់ ជួយឱ្យថែទាំនិងបង្កើនសេដ្ឋកិច្ច និងជាអ្នកផ្តល់ព័ត៌មានដ៏ទាក់ទាញនិងមានប្រសិទ្ធភាព

អញ្ចឹង ជាគោលដៅសំខាន់ថា ហេតុអ្វីបានជាយើងរក្សាចាស់? (ទី១) ពាក្យសាមញ្ញ ពាក្យចាស់លោកថា ចាប ៥ក្បាលក្នុងដៃ វាប្រសើរជាងលលក ២០ក្បាលក្នុងព្រៃ។ យើងដឹងប្រាកដថា បើថែចាបបាន ធ្វើម្ហូបបានហូបភ្លាម​ កុំទៅស្រមើស្រមៃ។ យើងព្យាយាមចាប់លលក តែអត់ទាន់ដឹងថាពេលណា(ចាប់បាន)ទេ។ តែ(ចាប) ៥ក្បាលក្នុងដៃ ត្រូវថែរក្សាឱ្យបាន​ ហើយអាចច្នៃប្រឌិតដើម្បីប្រើប្រាស់ក្នុងការហូប។ ​ទី២ មិនមែនតែសហគ្រាស ឬក្រុមហ៊ុនអ្នកមកថ្មីទេដែលបង្កើតការងារនិងបង្កើនសេដ្ឋកិច្ច។ អ្នកដែលមានស្រាប់នេះហើយ ដែលគាត់ជោគជ័យ និងថែទាំសេដ្ឋកិច្ច។ គាត់ជោគជ័យ គាត់បង្កើនចំណូល គាត់ដំឡើងប្រាក់ខែឱ្យបុគ្គលិក។ បុគ្គលិក គាត់យកទៅណា? គាត់យកទៅផ្សារ។ កាលមុន ប្រាក់ខែបានកាហ្វេតែមួយកែវទេ។ ឥឡូវប្រាក់ខែឡើង គាត់បានកាហ្វេហើយថែមគុយទាវមួយចានទៀត។ ចំណូលកើនទៅហាងគុយទាវ។ ហាងគុយ​ទាវទិញគុយទាវនៅផ្សារ ទិញបន្លែទិញអីពីអ្នកផ្សារ។ អ្នកដែលមានស្រាប់ បើគាត់សប្បាយចិត្ត គាត់រីកចម្រើន គាត់អាចពង្រីកនៅនឹងកន្លែងតែម្ដង។ កាលមុន គ្រាចាប់ផ្ដើម (គាត់មានតែ)កម្មករ ៥នាក់ទេ ឥឡូវគាត់អាចបង្កើតដល់ ៧នាក់ កើន ៥០% ទៅហើយ។ បើសិនជា ១០០០ ក្រុមហ៊ុន ឡើង ២០០០នាក់ថ្មីទៅហើយ។

ទី៣ ការទាក់ម៉ូយដែលប្រសិទ្ធភាពបំផុត មិនមែនរាជរដ្ឋាភិបាលធ្វើ មិនមែនធ្វើ road show ឬមួយឡើងនិយាយនោះទេ គឺអ្នកដែលខ្សឹបធំជាងគេបំផុត។ អ្នកដែលមានស្រាប់​តែម្ដង(ជាអ្នកខ្សឹបដ៏មានប្រសិទ្ធភាព)។ ខ្ញុំឡើងនិ​យាយតាមវេទិកានៅជប៉ុន នៅអាមេរិក នៅបារាំង។ អ្នកវិនិយោគស្ដាប់ខ្ញុំ ហើយគេនឹងសួរដេញដោល។ យើងមានមន្ត្រីរបស់យើងចាំឆ្លើយ។ ប៉ុន្តែ ធំបំផុតគេនឹងសួរក្រុមហ៊ុនបារាំង ឬមួយគេនឹងសួរក្រុមហ៊ុនខ្មែរដែលកំពុងតែរកស៊ីវិស័យដូចគ្នានៅកម្ពុជា។ តើធ្វើរបរហ្នឹងស្រួលទេ? ទៅរួចទេ? បើសិនជាអ្នកដែលមានស្រាប់ គាត់ផ្សព្វ​ផ្សាយបន្ថែម ហ្នឹងហើយគឺជាការទាក់ម៉ូយដែលខ្លាំងបំផុត។ នេះហើយដែលថា កុំសង្ឃឹម/ព្យាយាមតែចាំលលក២០នៅក្នុងព្រៃ ហើយភ្លេចចាប ៥ក្នុងដៃ។ ត្រូវថែទាំឱ្យបានល្អដើម្បីកាន់តែរីកចម្រើននិងធានាភាពម្ចាស់ការគ្រប់ពេលវេលា។ យើងមានក្នុងដៃហើយថែរក្សាឱ្យជាប់។

(១០) ធានាបរិស្ថានវិនិយោគ និងរក្សាសុខសន្តិភាព ដើម្បីជោគជ័យទាំងអ្នកចាស់ទាំងអ្នកមកថ្មី

(ជាមួយនេះ ត្រូវបង្ក)បរិយាកាសឱ្យបានជោគជ័យទាំងចាស់ទាំងថ្មី។ ទីមួយ យើងត្រូវធានាបរិស្ថាន សុខសន្តិភាពមិនអាចបាត់ទេ។ ចង់ប្រទេសហ្នឹងមានយ៉ាងណាក៏ដោយ បើប្រទេសហ្នឹងមានការវាយប្រហារគ្នា គ្មានអ្នកណាដាក់ទុនទេ។ បងប្អូនដូចគ្នាដែរហ្នឹង។ សន្សំលុយបានប៉ុណ្ណេះទៅទិញម៉ូតូ យកមួយណា? ប្រាកដជាសួរម៉ូតូហ្នឹងជិះទៅយ៉ាងម៉េច? ដឹកខ្ញុំទៅមុខឬអត់? ឬមួយជិះទៅចិញ្ចឹមតែជំងឺ? ជួនកាលអាមួយនោះវាថ្លៃបន្តិច ប៉ុន្តែវាធានាបច្ចេកទេសជាង។ សុខចិត្តសន្សំលុយទិញអាថ្មី ជាជាងទិញអាចាស់ ហើយចិញ្ចឹមជំងឺ(វា)រហូត។ ជួនកាលខាតលុយទៀត។ មែនទេ? វិនិយោគដូចគ្នា។ គេមិនមកប្រទេសដែលមិនមានស្ថិរភាពទេ។ មិនអាចថាមក(វិនិយោគក្នុងពេលដែលគេ)កំពុងតែវាយគ្នាទេ។ បើអញ្ចឹងមនុស្សទៅទិញដីនៅអ៊ុយក្រែនអស់ហើយ។ អ្នកខ្លះគេថានៅតំបន់សង្គ្រាម ដីឱ្យ free អត់យកទេ។ មិនស្រួលអស់ទាំងជីវិតផង។ មិនស្រួលទៅដី free ប៉ុន្តែសុទ្ធតែគ្រាប់មីន ដី free តែជិះឡានទៅគេ kidnap ចាប់ជម្រិត។ រោងចក្រធ្វើមិនទាន់បានផងមានការបាញ់ផ្លោងមក។ អត់មានកម្មករដោយសារប្រុស​ៗ គេរវល់តែចាប់ទៅច្បាំង។

(១១) ថែរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ធានាជោគជ័យនៃវិនិយោគដែលមានស្រាប់

ទីពីរ (ត្រូវថែរក្សា)ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ បើយើងថែរក្សាម៉ាក្រូសេដ្ឋកិច្ចមិនបានទេ វា(នឹងមានផលប៉ះពាល់)ពាក់ព័ន្ធនឹងវិនិយោគិន។ ឧទាហរណ៍ យើងនាំចេញជាលុយដុល្លារ។ ប៉ុន្តែផលិតផលនាំចូល យើងក៏អាចប៉ះពាល់បើសិនជាអត្រាលុយរៀលរបស់យើងក្នុងមួយឆ្នាំធ្លាក់ចុះ ៣០% ទៅ ៤០%។ ប្រទេសខ្លះ គ្រាន់តែមួយខែ លុយធ្លាក់ចុះចង់ ២០% ទៅ ៣០%។ ទំនិញឡើងថ្លៃ គឺធ្វើឱ្យមានប៉ះពាល់ដល់ផលនៃការវិនិយោគ។ បើគ្មានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច យើងមិនអាចធានាការវិយោគដែលមានស្រាប់ជោគជ័យនោះទេ។ បើសិនលុយហើម សាច់គោ​មួយគីឡូ ថ្ងៃហ្នឹង ១ម៉ឺនរៀល ស្អែកឡើង ១ម៉ឺន ៣ពាន់រៀល ខានស្អែកឡើង ២ម៉ឺនរៀល អញ្ចឹងគុយទាវក៏ត្រូវឡើងថ្លៃដែរ។ តើមានអ្នកណាទិញហូប? … វិនិយោគពីក្រៅដូចគ្នា។ បើមកកន្លែងហ្នឹងលុយឡើងចុះខ្លាំងពេកគាត់ក៏ពិបាកដែរ។ យើង ១០០ដុល្លារកាត់ទឹកឡើងចុះ អាចថាខាតមួយជាពីរ។ គាត់ប្រើប្រាក់រាប់លាន គាត់ខាតច្រើន។ ការវិនិយោគនៅខាងក្នុងក៏ដូចគ្នាដែរ។ នេះបើសិនជាមិនមានការធានា។

(១២) ធានាធនធានគន្លឹះគឺ មនុស្ស ទឹក ផ្លូវ ភ្លើង និងបច្ចេកវិទ្យា ព្រមទាំងគោលនយោបាយលើកទឹកចិត្តវិនិយោគ

ទី៣ ការធានាធនធានគន្លឹះរួមមាន មនុស្ស ទឹក ផ្លូវ ភ្លើង បច្ចេកវិទ្យា។ ឥឡូវ ថែមបច្ចេកវិទ្យាទៀត។បើសិនជាយើងអត់មានការវិនិយោគលើ មនុស្ស ទឹក ផ្លូវ ភ្លើង បច្ចេកវិទ្យា គេពិបាកនឹងមក។ យើងទាញវិនិយោគ high tech វិទ្យាសាស្ត្រខ្លាំង គេមិនមក តម្លៃខ្ពស់ពេកក្នុងការផលិត។ ទីបួន ការដាក់ចេញគោលនយោបាយអំណោយផល ដែលជាការចាំបាច់របស់រាជរដ្ឋាភិបាលដែលត្រូវមានការលើកទឹកចិត្ត សម្រាប់វិនិយោគក្នុងប្រទេស និងវិនិយោគក្រៅប្រទេស ដែលមក។ វិស័យឯកជនត្រូវការលើកទឹកចិត្ត។ គាត់ត្រូវការយើងជួយដើម្បីឱ្យគាត់រស់ខ្លួនឯង។ គាត់អត់ត្រូវការយើងចិញ្ចឹមផ្គត់ផ្គង់អាហាររហូតដោយមិនឱ្យគាត់ធ្វើអីនោះទេ។ គាត់ត្រូវការបរិស្ថានមួយ ត្រូវការលើកទឹកចិត្តម្ដងម្កាលដើម្បីគាត់រឹងមាំ គាត់ជួយមកយើងវិញ។ រាជរដ្ឋាភិបាលដាក់ចេញគោលការណ៍អនុគ្រោះ ការសម្រួលនីតិវិធីជាច្រើននៅក្នុងដំណាក់កាលកូវីដ-១៩​។

យើងប៉ះពាល់លើច្រើនវិស័យ។ ពិតណាស់ រដ្ឋាភិបាលយើងត្រូវការចំណូល។ ចំណូលនោះភាគច្រើនតាយរយៈពន្ធ តាមរយៈអាករផ្សេងៗ។ ប៉ុន្តែ ដើម្បីជួយវិស័យឯកជន រដ្ឋាភិបាលសុខចិត្ត ដាក់ចេញនូវគោលនយោបាយអនុ​គ្រោះពន្ធជាច្រើន ក្នុងរយៈពេលខ្លី ដើម្បីជួយសង្គ្រោះ។ ខ្ញុំជជែកជាមួយឯកឧត្តម គង់ វិបុល ឯកឧត្តម គុណ ញឹម ថាចំណូលពន្ធរបស់យើងបានថយចុះមួយផ្នែកដោយសារការអនុគ្រោះនៅក្នុងគ្រាលំបាក។ ប៉ុន្តែយើងត្រូវផ្ដល់ ដើម្បីឱ្យវិស័យឯកជនបានធូរដង្ហើមខ្លះ។ គាត់យកទៅដើម្បីធ្វើឱ្យអាជីវកម្មរបស់គាត់(រឹងមាំឡើងវិញ)។ ធនាគារជាតិដែលដាក់កំហិតថវិកាបម្រុង(នៃធនាគារពាណិជ្ជកម្ម) កាលនោះដូចពី ៩% ទម្លាក់មក ៧% នៅក្នុងហានិភ័យកម្រិតមួយ។ តែដើម្បីបន្ធូរ ដើម្បីបញ្ចេញលុយចូលមកក្នុងទីផ្សារ ដើម្បីគាត់បង្កើនសកម្មភាព ទោះបីជាក្នុងកាលៈទេសៈលំបាក យើងត្រូវបន្តជួយជាជំហានៗ តាមដែលអាចធ្វើទៅបាន អោយមាននិរន្តរភាព …។

(១៣) ទោះជាមានច្បាប់វិស័យការងារចែងពីសិទ្ធិកម្មករ/និយោជិត/និយោជក ពេលខ្លះអនុវត្តមិនបានត្រឹមត្រូវ

ការធានាអនុវត្តនូវគោលការណ៍ដែលបានដាក់ចេញដោយប្រសិទ្ធភាពជាកិច្ចការសំខាន់​។ កិច្ចការនេះ​ដែលរាជរដ្ឋាភិបាលខិតខំ គឺដើម្បីបង្កើតប្រសិទ្ធភាព បង្កើតយន្តការច្រើន។ គោលនយោបាយនៅលើក្រដាសល្អហើយ ប៉ុន្តែសំខាន់ទាក់ទាញគេមកឱ្យលើក្រដាសនិងលើដីដូចគ្នា។ យ៉ាងហោចណាស់កុំឱ្យមានគម្លាតខ្លាំងពេក។ ហេតុនេះហើយបានជាទាមទារយន្តការតាមដានអនុវត្តនិងដោះស្រាយជាប្រចាំ។ សូម្បីថា ក្នុងវិស័យការងារ យើងមានច្បាប់ការងារ យើងមានចែងអំពីសិទ្ធិរបស់កម្មករនិយោជិត និយោជក ប៉ុន្តែពេលខ្លះអនុវត្តអត់បានត្រឹមត្រូវ ពេលខ្លះមានបញ្ហា។ យើងត្រូវមានយន្តការតាមដានរបស់ក្រសួង។ ក្រោយមកបើមានវិវាទ យើងទៅដល់អាជ្ញាកណ្ដាល មុនតុលាការ ដើម្បីតាមដានដោះស្រាយបញ្ហា។ ការធានានូវការអនុវត្តគោលដៅដែលមានប្រសិទ្ធភាពសំខាន់ណាស់។

(១៤) កម្មករ និយោជក រដ្ឋាភិបាល ជាតួអង្គ៣ ក្នុងគ្រួសារតែមួយ

សំខាន់បំផុត គឺបង្កើតដើម្បីឱ្យបរិយាកាសវិនិយោគបានល្អ។ ក្រៅពីរាជរដ្ឋាភិបាលជួយ ត្រូវបង្កើតបរិយាកាសប្រ​តិ​បត្តិប្រកបដោយសុខដុមនីយកម្មនៅក្នុងរោងចក្រ/សហគ្រាស។ នេះជាប្រធានបទយើងថ្ងៃនេះ។ យើងគិតអញ្ចេះ នៅក្នុងរោងចក្រ/សហគ្រាសមួយៗ មានតួអង្គ ៣ ដូចជាគ្រួសារមួយ។ យើងមាន កម្មករ/និយោជិត និងនិយោជក ដូចជាប្ដីប្រពន្ធ។ យើងមានរាជរដ្ឋាភិបាលដែលតំណាងដោយក្រសួង/ស្ថាប័នជំនាញ អាជ្ញាធរដែរដី ប្រទាក់ក្រឡាជាអាណាព្យាបាល … រោងចក្រ/សហគ្រាសដែលមានសុខដុមនីយកម្ម រោងចក្រ/សហគ្រាសមួយជាសហគមន៍សុខសាន្ត ជាគោលដៅនៅក្នុងប្រធានបទថ្ងៃនេះ។ យើងជួយកុំឱ្យប្ដីប្រពន្ធហ្នឹងបោកចានបោកឆ្នាំង កុំឱ្យចែកបន្ទប់គ្នា កុំឱ្យមានបញ្ហាដែលយូរទៅក្លាយទៅជាបែកបាក់ ស៊ីញ៉េកុងត្រាលែងលះគ្នា។ អាណាព្យាបាលគឺយើងត្រូវធ្វើយ៉ាងម៉េចដើម្បីជួយទៅដល់គ្រួសារកូនចៅឱ្យបានរីកចម្រើន។ ប្ដីប្រពន្ធទាំង២នាក់ពឹងគ្នាទៅវិញទៅមក។ ត្រូវយល់ថាផ្ទះនេះជាផ្ទះរួមរបស់យើង។ ខុសត្រូវយ៉ាងម៉េចកុំដុតផ្ទះចោល។ និយោជកផ្ដួចផ្ដើមគំនិតរៀបចំផែនការស្វែងរកថវិកាដើម្បីកសាងនិងដំណើរការរោងចក្រ/សហគ្រាស។ កម្មករ/និយោជិតផ្ដល់កម្លាំង ផ្ដល់គំនិតក្នុងករណីខ្លះដែលអាចលើកទឹកចិត្តពីនិយោជក ដើម្បីឱ្យចូលរួមកសាង និងអនុវត្តភារកិច្ចរបស់ខ្លួន និងជំរុញផែនការដែលនិយោជកបានដាក់ចេញដើម្បីយើងទៅទាំងអស់គ្នា …។

(១៥) ជួយបង្កើតគ្រួសារ ជួយភ្ជាប់សម្ព័ន្ធមេត្រី និងជួយទំនុកបំរុង

រាជរដ្ឋាភិបាលដែលជាឪពុកម្ដាយ ឬអាណាព្យាបាលធ្វើអី? ទីមួយ ជួយបង្កើតគ្រួសារ ធ្វើមេអណ្ដើក។ ប៉ុន្តែឥឡូវមិនបាច់ធ្វើមេអណ្ដើកទេ គេមានអ៊ីនធើណិតគេទាក់ទងគ្នាបានទៅហើយ។ បានន័យថា ឯកជនៗ គេជួបគ្នា គេចាប់ដៃគូរួចហើយ ត្រូវគ្នាហើយ គេសិក្សាហើយ បានឱ្យរដ្ឋជួយ CDC អីជួយទៅ។ ដូចប្ដីប្រពន្ធសម័យថ្មី សម័យទំនើប ជួនកាល pre-wedding រួចទៅហើយ។ យើងជួយបង្កើតគ្រួសារតាមរយៈការទាក់ទាញលើកទឹកចិត្តឱ្យមានការវិនិយោគ … ទីពីរ តាមរយៈការភ្ជាប់សម្ព័ន្ធមេត្រីភាព​។ បើគាត់មិនទាន់ជួបគ្នាទេ យើងត្រូវបង្កើតភ្ជាប់ រវាងនិយោជិតនិងនិយោជក កម្មករ/ការនីជាមួយនឹងរោងចក្រនិងថៅកែ។ យើងភ្ជាប់តាមរយៈទីភ្នាក់ងារជាតិមុខរបរ ឬមួយបង្កើតឱកាសឱ្យគាត់ផ្សព្វផ្សាយយ៉ាងម៉េច ដើម្បីឱ្យគាត់ចុះបញ្ជីការបាន។ សម្របសម្រួលឱ្យមានដីមានច្បាប់ដើម្បីបង្កើតរោងចក្រ ជួយផ្សព្វផ្សាយរកការងារឲ្យ … ទីបី ជួយឧបត្ថម្ភទំនុកបម្រុងកូនៗពេលលំ​បាក ជួយដល់កូនៗទាំងពីរ … បានន័យថាម៉េច? ផ្ដល់ទាំងពីរ។ និយោជកក៏យើងត្រូវផ្ដល់ឱ្យតាមរយៈគោលនយោបាយលើកទឹកចិត្តផ្សេងៗ មានពន្ធ អាករ អ្វីដែលយើងអាចផ្ដល់ឱ្យបាន គឺយើងជួយផ្ដល់ឱ្យដើម្បីរីកចម្រើន …។

(១៦) ក្នុងដំណាក់កាលកូវីដ–១៩ ប្រ​ទេសច្រើនមិនដំឡើងបៀវត្សរ៍ តែរាជរដ្ឋាភិបាលសម្ដេចតេជោ បានជំរុញឱ្យដំឡើងបៀវត្សរ៍ និងជួយតាមរូបភាពផ្សេងៗ

ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍នេះ រាជរដ្ឋាភិបាល ជាពិសេសប្រមុខរដ្ឋាភិបាលសម្ដេចតេជោ ក្នុងអាណត្តិមុនៗ តែងតែយកចិត្តទុកដាក់បង្កលទ្ធភាព លើកស្ទួយ ផ្ដល់អត្ថប្រយោជន៍ជូនកម្មករ/និយោជិតនៅទូទាំងប្រទេស។ រកការងារហើយ បង្កើនសមត្ថភាព បង្កើនលទ្ធភាពដើម្បីឱ្យបៀវត្សរ៍កាន់តែកើន បរិស្ថានការងារកាន់តែល្អ តាមរយៈការដាក់ចេញនូវច្បាប់ផ្សេងៗ។ ជាក់ស្ដែង គោលនយោបាយនានាដូចដែលឯកឧត្តម ហេង សួរ បានលើកអម្បាញ់មិញ ប្រាក់បៀវត្សអប្បបរមារបស់យើងមានប៉ុន្មាន បើប្រៀបធៀបជាមួយប្រទេសមួយចំនួនយើងបានខ្ពស់ជាងគេ។ នេះក៏មិនមែនដោយចៃដន្យទេ។ ទោះបីជាក្នុងដំណាក់កាលលំបាក កូវីដ–១៩ កន្លងទៅ ដែលប្រ​ទេស​ជាច្រើនសម្រេចមិនដំឡើងបៀវត្សរ៍ ក៏រាជរដ្ឋាភិបាលសម្ដេចតេជោពេលនោះ បានជំរុញឱ្យមានការដំឡើងបៀវត្សរ៍មួយកម្រិត ទោះបីតិចឬច្រើន ដើម្បីផ្ដល់ការលើកទឹកចិត្ត ថែមទាំងការជួយ(តាមរូបភាព)ផ្សេងៗ មានអាទិភាពក្នុងការចាក់វ៉ាក់សាំង ជួយជាអត្ថប្រយោជន៍ផ្សេងៗស្ត្រីមានផ្ទៃពោះ។ នេះជាអ្វីដែលបានធ្វើ។

ក្នុងរយៈពេល៨ខែ ដែលរាជរដ្ឋាភិបាលថ្មីបានបង្កើត យើងក៏បានដាក់ចេញនូវគោលនយោបាយជាច្រើន ដើម្បីជំរុញនូវការផ្ដល់អត្ថប្រយោជន៍ជូនកម្មករ/ការិនី ក៏ដូចជានិយោជក។ បានន័យថា ទាំងប្ដីទាំងប្រពន្ធ សុខដុមរមនា។ ប្ដីប្រពន្ធយល់ថា ឪពុកម្ដាយអត់កាន់ជើងអ្នកណា ហើយជួយទាំងពីរ ធ្វើឱ្យស្រលាញ់គ្នាកាន់តែខ្លាំង។ ហ្នឹងហើយជាគោលដៅនិងជាគោលការណ៍របស់រាជរដ្ឋាភិបាល ជាអាណាព្យាបាល គឹធ្វើម៉េចឱ្យគ្រួសារកូនមានសុភមង្គល។ កូនសប្បាយចិត្ត កូនរីកធំធាត់ គ្មានអីក្រៅពីឪពុកម្ដាយសប្បាយចិត្តទេ។ ត្រូវទេ? ចូលឆ្នាំកូនទិញអីយកឱ្យម៉ែឪ គ្រាន់បើជាងចូលឆ្នាំមកទារលុយម៉ែឪទៅទៀត។ បង្កើតកូន នាំចៅមកឱ្យយាយតាមើលផង។ ខ្ញុំទៅជូនពរគេការម្ដងៗ ថាជូនពរក្មួយឱ្យឆាប់បានដំណឹងល្អជូនតាយាយ បង្កើតឱ្យបានច្រើន។ អញ្ចឹងហើយឪពុកម្ដាយ អាណាព្យាបាល ដែលជារាជរដ្ឋាភិបាលរបស់យើងគឺធ្វើបែបនេះដើម្បីជួយ។

(១៨) ដំឡើងបៀវត្សរ៍អប្បបរមា ផ្តល់អត្ថប្រយោជន៍ និងពង្រឹងរបបថែទាំសុខភាព

ជាក់ស្ដែង ក្នុងអ្វីដែលឯកឧត្តម ហេង សួរ បានលើកត្រួសៗអម្បាញ់មិញនេះ ក្នុងរយៈពេល៨ខែនេះ យើងបានជំរុញដំឡើងប្រាក់បៀវត្សរ៍អប្បបរមា (កាល)ពីឆ្នាំទៅ ២០០ដុល្លារ ទៅ ២០៤ដុល្លារ ដែលធ្វើឱ្យប្រាក់ឈ្នួលអប្បបរមា បូកទាំងអត្ថប្រយោជន៍ផ្សេងៗ ពី ២២១ ទៅ ២៣២ ក្នុងមួយខែ។ យើងនឹងបន្តពិនិត្យលទ្ធភាពរុញតទៅទៀត។ មិនមែនចប់ទេ។ ពីមុនតែ ៤០ដុល្លារ ឥឡូវឡើង២០០ជាង។ ប្រៀបធៀបទៅប្រទេសមួយចំនួន ពីមុនយើងយើងទាបជាងគេ ឬស្មើគេ។ ឥឡូវយើងខ្ពស់ តែយើងត្រូវគិតគូរពីអត្ថប្រយោជន៍ផ្សេងៗ ដល់បងប្អូនជាប់ប្រចាំផងដែរ។ ទី២ ពង្រឹងរបបថែទាំសុខភាពជូនអ្នកនៅក្នុងបន្ទុកបេឡាសន្តិសុខសង្គម។ ពីមុនមានតែកម្មករ/ការិនី បុគ្គលិកនៅក្នុងនេះ ដែលមាន ប.ស.ស គ្រួសារអត់មាន។ ឥឡូវយើងបង្កើតរូបមន្តថ្មីមួយទៀត ដើម្បីឱ្យអាចចូលរួមបានតាមរបបសមាជិកដើម្បីឱ្យកូនៗ (និងសមាជិកដ៏ទៃក្នុងគ្រួសារ)របស់ខ្លួន(អាចទទួលបានរបបថែទាំសុខភាព) … កាលពីមុន បើប្រពន្ធជាអ្នកធ្វើការ គឺបានតែប្រពន្ធទេ ដែលមាន ប.ស.ស នេះ។ ប្ដីទៅគឺអត់។ ឥឡូវយើងអាចបង់ គិតដូចមួយថ្ងៃ ៥០០រៀល មួយខែ ១ម៉ឺន៥ពាន់ជាង។ មន្ត្រីរាជការយើងដូចគ្នា។ កាលមុនតែអ្នកដែលធ្វើការ ឥឡូវយើងអាចមានលទ្ធភាពជំរុញបន្ថែម។ ជួយបដិភាគបន្ថែមនៅក្នុងការងារនេះ។ ប៉ុន្តែកិច្ចការនេះគឺរដ្ឋនឹងបន្តយកចិត្តទុកដាក់។ ឥឡូវមកដល់ម៉ោងនេះ គិតត្រឹមខែមីនា អ្នកដែលចុះឈ្មោះក្នុងបន្ទុកមាន ៣៦ ៩៨៥ នាក់ហើយ។ បុគ្គលិកស្វ័យនិយោជ ដែលអ្នកមានអាជីវកម្មខ្លួនឯង ដូចអ្នកប្រកបអាជីវកម្មខ្លួនឯងក្រៅប្រព័ន្ធជាច្រើន មាន ១៥ ម៉ឺននាក់ជាង បានចុះឈ្មោះទៅលើកម្មវិធីនេះ ដែលបានទទួលផលជាបណ្តើរៗ។

(១៩) កម្មវិធីជំនួយសង្គម ជួយសុខភាពកម្មករ/ការនី បណ្តុះបណ្តាល ​បង្កើនផលិតភាព ធានាការប្រកួតប្រជែង

យើងបានដាក់អនុវត្តកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈបច្ចេកទេសដល់យុវជន ១លាន៥សែននាក់ ដើម្បីអី? អ្នកខ្លះថារដ្ឋាភិបាលអាណត្តិនេះដាក់ចេញគោលនយោបាយទៅ(សុទ្ធ)តែជាកម្មវិធីជំនួយសង្គម មិន(មានលក្ខណៈ)ប្រ​កួត​ប្រជែង។ ខ្ញុំថាមើលឱ្យច្បាស់។ ដូចជាកម្មវិធីជួយសុខភាព។ ពិតណាស់ យើងគិតថាជាជំនួយសង្គម ប៉ុន្តែការជួយសុខភាពរបស់កម្មករ/ការិនី គឺបង្កើនផលិតភាពឱ្យគាត់។ គាត់មានសុខភាពល្អ គាត់ផលិតបានកាន់តែច្រើន។ ម្យ៉ាងទៀត ការបណ្តុះបណ្តាល ១លាន៥សែននាក់ មិនមែនគ្រាន់តែយកថវិកាទៅចាក់ក្នុងការបណ្តុះបណ្តាល ដើម្បីបានបណ្តុះបណ្តាលនោះទេ។ បណ្តុះបណ្តាលដើម្បីអី? គឺឱ្យកូនចៅប្រជាពលរដ្ឋ ជាពិសេសអ្នកក្រីក្រ យុវជននៅគ្រួសារក្រីក្រ និងងាយរងហានិភ័យ បានទទួលការបណ្តុះបណ្តាល ដើម្បីគាត់បង្កើនផលិតភាព ហើយផលិតភាពនេះគឺជាអ្វីដែលធានានូវភាពប្រកួតប្រជែងរបស់កម្ពុជា។ បរិមាណល្អហើយប៉ុន្តែត្រូវបង្កើនផលិតភាព។ បានន័យថាម៉េច? ម្នាក់ធ្លាប់តែផលិតកម្រិតបឋមទេ។ ឥឡូវ គាត់ទទួលបានការបណ្តុះបណ្តាល ហើយទៅបង្កើតផលិតផលកម្រិតមធ្យម។ បានន័យថាធ្លាប់ផលិតមួយថ្ងៃបានតែមួយអាវ។ ឥឡូវគាត់ផលិតមួយថ្ងៃបានពីរអាវ។

(២០) គោលនយោបាយជំនួយសង្គម មិនត្រឹមតែទាញវិនិយោគថ្មី បង្កើតការងារទេ តែគិតពីសុខភាព និងសមត្ថភាពរបស់ប្រជាពលរដ្ឋថែមទៀត

ធ្លាប់តែផលិតអាវគុណភាពមិនសូវល្អ ឥឡូវទឹកដៃគាត់ខ្លាំងអាចផលិតអាវប្រណីតបាន។ គាត់បានប្រាក់ខែច្រើន។ ធ្លាប់តែមានសមត្ថភាពធ្វើការនៅរោងចក្រកាត់ដេរ ឥឡូវគាត់អាចដូរទៅរោងចក្រដំឡើងផលិតគ្រឿងបង្គុំអគ្គិសនី។ នេះហើយគឺជា(គោលដៅនៃ)ការបណ្តុះបណ្តាលឱ្យបងប្អូនយើង គិតចូលទាំងអ្នកក្រៅប្រព័ន្ធផង ឱ្តមានលទ្ធភាពចូលរៀន ជាជនស្វ័យនិយោជក៏ដោយ ផលិតខ្លួនឯង លក់ខ្លួនឯង។ ជួនកាលគាត់ជាជាងគំនូរ តែមិនសូវស្អាត។ គាត់ស្រឡាញ់(អាជីពនេះ) តែលក់មិនដាច់ គូរមិនសូវស្អាត។ ឥឡូវគាត់ចុះឈ្មោះចូលរៀន។ រដ្ឋផ្តល់ទាំងបៀវត្សរ៍ប្រចាំខែដូចជា ២៨ ម៉ឺនរៀលឧបត្ថម្ភទៀត។ គាត់រៀនជាមួយគ្រូជំនាញក្នុងសាលា បានវិញ្ញាបន​បត្រ ចេញទៅគាត់គូរកាន់តែស្អាត លក់កាន់តែដាច់។ ហ្នឹងហើយផលិតភាពរបស់គាត់នោះ។ អញ្ចឹងសួរថារដ្ឋធ្វើ(គោលនយោបាយជំនួយសង្គមធ្វើ)អី? នេះជាគោលនយោបាយ(ដែលរដ្ឋាភិបាលរៀបចំឡើង)មិនត្រឹមតែទាញវិនិយោគថ្មី បង្កើតការងារទេ តែគិតអំពីសុខភាព និងសមត្ថភាពរបស់ប្រជាពលរដ្ឋរបស់យើងថែមទៀត។

(២១) លើកទឹកចិត្តឱ្យអ្នកក្នុងសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ បន្តចុះឈ្មោះរៀនជំនាញតាមគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ

បងប្អូនដែលទទួលផលគឺកម្មករ/និយោជិត និងបងប្អូនប្រជាពលរដ្ឋយើងទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ។ ខ្ញុំសូមលើកទឹកចិត្តដើម្បីឱ្យបងប្អូនទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ជាពិសេសក្រៅប្រព័ន្ធ បន្តចុះឈ្មោះចូលរៀនតាមជំនាញ តាមគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈរបស់ក្រសួងដែលបានរៀបចំឱ្យ។ មកដល់ម៉ោងនេះ គិតត្រឹមថ្ងៃ១៩ មេសា អ្នកចុះឈ្មោះមាន ៣ម៉ឺន ៤ពាន់នាក់ ក្នុងនោះបានចូលរៀន ១ម៉ឺន ៦ពាន់នាក់ជាង គឺកំពុងទទួលការបណ្តុះបណ្តាលសញ្ញាបត្របច្ចេកទេសកម្រិតមួយ។ អ្នកអាចរៀនជំនាញថ្មីបើមានការងារហើយ ឬមួយចាប់ផ្តើមថ្មី ឬបង្កើនសមត្ថភាព និងទឹកដៃនៅក្នុងការងារ ដែលយើងកំពុងធ្វើដើម្បីថ្ងៃក្រោយបានសមត្ថភាពខ្ពស់។ ទៅក្រៅគេតែងតែសួរថា ឥឡូវកម្ពុជាមានអ្វីខ្លះ? ធនធានមនុស្សមានគ្រប់អត់? ខ្ញុំថា អាចនិយាយបានមកដល់ម៉ោងនេះយើងមានសមត្ថភាពអាចធ្វើការបណ្តុះបណ្តាលស្របទៅតាមតម្រូវការច្រើនជំនាញ​។

ពិតណាស់ យើងមិនអាចទៅបង្កើតអ្នកបណ្តុះបណ្តាល អ្នកជំនាញយានអវកាសនៅកម្ពុជាបានទេម៉ោងនេះ។ ខ្ញុំថាបើចង់បង្កើតសាលាបណ្តុះបណ្តាលយានអវកាស ខ្ញុំថាកុំមកម្ពុជាមិនត្រូវទេ។ តែបើគាត់ចង់បានការបណ្តុះបណ្តាលដំឡើងរោងចក្ររថយន្ត រោងចក្របង្គុំអគ្គិសនី យើងអាចបណ្តុះបណ្តាលឱ្យបាន។ បន្តិចទៀតមានក្រុមហ៊ុនចង់មកធ្វើដ្រូន ចង់មកធ្វើអី។ យើងអាចបណ្តុះបណ្តាលបាន ព្រោះយើងមានបណ្តុះបណ្តាល​ធនធានមនុសស្ស យើងមានកម្មវិធីអាចជួយសម្របសម្រួលបាន។ យើងបានជំរុញវិស័យឯកជន ទទួលយកសិក្ខាកាមទៅហាត់ការនៅច្រើនកន្លែង។ ខ្ញុំសូមអរគុណាស់ចំពោះសភាពាណិជ្ជកម្មកម្ពុជា និងសមាគមនិយោជក ដែលបានចូលរួម ក្នុងនោះមាន ១៧ ហើយដែលបានឯកភាពចុះអនុស្សារណៈជាមួយក្រសួង ដើម្បីឱ្យបងប្អូនអាចមានសិទ្ធិចុះកម្មសិក្សា ឬហាត់ការបាន ភ្ជាប់ជាមួយការសិក្សា។ អញ្ចឹងបន្តសហការបន្តទៅទៀត ដើម្បីធ្វើការងារនេះ។

(២២) រដ្ឋាភិបាលបន្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនដល់ស្រ្តីមានផ្ទៃពោះ

យើងបន្តនិរន្តរភាព បង្កើនប្រសិទ្ធភាព បើកផ្តល់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនដល់ស្រ្តីមានផ្ទៃពោះ សម្រាលកូន និងក្រោយពេលកើតកូនរហូតដល់អាយុ ២ឆ្នាំ។ ជួបប្អូនៗមួយចំនួនមានផ្ទៃពោះ ដែលចូលរួមនៅទីនេះ មានអ្នកខ្លះមាន(កូន)ប្រុស ខ្លះមាន(កូន)ស្រី មកអង្គុយជិតគ្នា។ អាចមើលគ្នាទៅ។ ១៨ឆ្នាំ ២០ឆ្នាំ អាចជាដន្លងគ្នាបាន។ ជួប​គ្នាដោយចៃដន្យ … យើងគិតគូរតាំងពីកូន តាំងពីសុខភាពទារកក្នុងផ្ទៃ រហូតទៅដល់អាយុ ២ឆ្នាំថែមទៀត។យើងនៅបន្តកម្មវិធីនេះ។ ការឧបត្ថម្ភសាច់ប្រាក់ដែលមុនពេលសម្រាលកូន ក្រោយពេលសម្រាលកូនរហូតដល់ ២ឆ្នាំ ១៤ លើក ក្នុងមួយលើកទទួលថវិកា ៨ម៉ឺនរៀល និងប្រាក់ឧបត្ថម្ភពេលសម្រាលកូន ៨០ម៉ឺនរៀល ដើម្បីលើកសុខភាពមាតានិងទារក។ ចាប់ពីខែកញ្ញា ឆ្នាំ២០២៣ មកដល់ត្រឹមខែមីនា ឆ្នាំ២០២៤ យើងបានបើកសាច់ប្រាក់កម្មវិធីនេះ ជួនទៅដល់ស្រ្តី ៩ ១៣៩៣ នាក់ និងកូនចំនួន ៧២ ៣៩៣ នាក់ ដោយចំណាយថវិកាអស់ ៥៧ ពាន់ ជិត ៥៨ពាន់លានរៀល ដើម្បីផ្តល់ជូនផ្ទាល់ទៅដល់មាតានិងទារក។ រាជរដ្ឋាភិបាលនឹងបន្តនូវកម្មវិធីនេះបន្តទៀត ដើម្បីបន្តជួយ។​

(២៣) ធនធានមួយសំខាន់សម្រាប់ផលិតកម្មគឺមនុស្ស, មូលធនមនុស្សគឺ សុខភាព ចំណេះដឹង និងសមត្ថភាព

នេះហើយជាអ្វីដែលអ្នកខ្លះចេះតែសួរខ្ញុំថា រដ្ឋាភិបាលខ្មែរឃើញតែចេញកម្មវិធីជួយសង្គម ដែលកម្មវិធីហ្នឹងអត់ចំណេញ​។ ខ្ញុំថាអ្នកឯងមើលយ៉ាងម៉េចបានអត់ចំណេញ? គេថាបើតាមទ្រឹស្តីវិនិយោគដាក់អីទាល់តែបានផលមកវិញ។ ខ្ញុំថា មានផលផ្ទាល់និងផលប្រយោល។ ខ្ញុំមិនមែនអ្នក Business តែខ្ញុំយល់សេដ្ឋកិច្ចខ្លះដែរ។ ខ្ញុំរៀនបានខ្លះសេដ្ឋកិច្ច។ ធនធានមួយសំខាន់សម្រាប់ផលិតកម្មគឺមនុស្ស។ មូលធនមនុស្សនេះគឺ សុខភាព និងចំណេះដឹង សមត្ថភាព ហ្នឹងឯង។ បើសិនជាយើងមិនវិនិយោគទៅលើអាហារូបត្ថម្ភរបស់កុមារ របស់ទារក បើយើងមិនវិនិយោគទៅលើសុខភាពរបស់ស្ត្រីមានផ្ទៃពោះ ទារកក្នុងផ្ទៃ យើងវិនិយោគទៅលើអី? កូនកើតមកសុខភាពមិនល្អជាបន្ទុករបស់រដ្ឋ។ រដ្ឋត្រូវចិញ្ចឹមសុខភាពគាត់​ យើងមិនអាចចោលបានទេ។ ផ្ទុយទៅវិញ បើសុខភាពគាត់ល្អ រដ្ឋ​មិនកើនបន្ទុក ហើយគាត់កាន់តែមានផលិតភាពសម្រាប់រដ្ឋ។ បណ្តុះបណ្តាលដើម្បីអី? ពិតណាស់ រដ្ឋអត់យកថ្លៃបណ្តុះបណ្តាលទេ។ វិស័យឯកជនគេថា បើកកម្មវិធីអីមួយដើម្បីឱ្យមានចីរភាពត្រូវយកលុយខ្លះ។ យើងគិតថាកន្លែងខ្លះយើងត្រូវអនុវត្ត។ យើងចំណាយលុយមួយខែ ២៨ម៉ឺនរៀលដើម្បីយុវជនម្នាក់របស់យើង។ រដ្ឋអត់បានមកវិញទេ គាត់ក៏អត់ជាប់ពន្ធដែរ​។ ប៉ុន្តែ អ្វីដែលគាត់រៀនហើយ គាត់យកទៅធ្វើការ និងជួយដល់អាជីវកម្មរបស់គាត់បានជោគជ័យ។ អាហ្នឹងជួយទៅដល់សេដ្ឋកិច្ចហើយ។ បើគាត់ទៅជួយដល់ក្រុមហ៊ុនដែលរីកចម្រើន ក្រុមហ៊ុនរីកចម្រើនខ្លាំង បានមកវិញតាមរយៈពន្ធចូលរដ្ឋ។ សំខាន់បំផុត ធ្វើឱ្យខ្មែរយើងមានលទ្ធភាពក្នុងការធានាម្ចាស់ការខ្លួនឯង បានន័យថាដកដង្ហើមតាមច្រមុះខ្លួនឯងលើច្រើនវិស័យ កាន់តែច្រើនតទៅទៀត …។

(២៤) គោលនយោបាយអាណត្តិទី៧ គឺបង្កើនផលិត​ភាព និងសមត្ថភាពកូនខ្មែរ ម្ចាស់ការផលិតផ្គត់ផ្គង់ក្នុងស្រុក

យើងមិនចង់ត្រឹមតែមានសមត្ថភាពផលិតអ្វីនៅក្នុងស្រុកខ្មែរទេ តែត្រូវតែមានផលិតផលដោយកូនខ្មែរ។ នេះគឺជាកិច្ចការសំខាន់តទៅទៀត។ ដោយសារអី? ខុសគ្នា។ មួយផលិតនៅក្នុងប្រទេសខ្មែរ តែអាចដោយក្រុមហ៊ុន ឬបុគ្គលិកបរទេស។ ប៉ុន្តែ ផលិតដោយកូនខ្មែរ មិនចាំបាច់តែនៅក្នុងស្រុកខ្មែរទេ។ ថ្ងៃមុន ខ្ញុំទៅឡាវ ឃើញសហគ្រាសយើងប្រមាណ ៣០ នៅឯនោះ ដឹកនាំប្រតិបត្តិក្រុមហ៊ុនដោយកូនខ្មែរ។ នេះជាមោទនភាព។ នៅក្នុងប្រ​ទេសយើងផលិតបានខ្លួនឯង។ ខ្ញុំជួបជាមួយក្រុមហ៊ុនច្រើនណាស់។ ថ្ងៃមុន ខ្ញុំទៅក្រុមហ៊ុនកសិកម្មផលិតទឹកដោះ​គោ គិរីសួគ៌។ គាត់ថាបើកដំបូងយកអ្នកបច្ចេកទេសពីក្រៅមកចង់ ៣០-៤០នាក់។ ឥឡូវគាត់ថយអស់ហើយនៅសល់តែប៉ុន្មាននាក់។ អ្នកបច្ចេកទេសខ្មែរចេះធ្វើ។ ថ្ងៃក្រោយ បើសិនជាគាត់ពង្រីកកសិដ្ឋានទៅខេត្តផ្សេង គាត់អាចយកខ្មែរយើងជា Manager តែម្តង។ សមត្ថភាពផលិតខ្លួនឯង ដឹងខ្លួនឯង ធ្វើនៅស្រុកយើង។ នេះគឺជាគោលដៅរបស់យើង។ គោលនយោបាយដែលយើងដាក់ចេញក្នុងអាណត្តិទី៧ ដូចអាណត្តិមុនៗ គឺបង្កើនផលិត​ភាព បង្កើតភាពម្ចាស់ការ និងសមត្ថភាពរបស់កូនខ្មែរ ម្ចាស់ការផលិតផ្គត់ផ្គង់ក្នុងស្រុកខ្មែរ។​ ទៅមុខទៀតយើងកាន់តែអាចផលិតនូវសមិទ្ធផលទំនើប និងសំខាន់ធំៗជាងនេះទៅទៀត។

(២៥) បង្កើនទុនវិនិយោគលើមនុស្ស មិនយកប្រាក់ចំណូល ជូនប្រាក់ឧបត្ថម្ភ ដើម្បីបង្កើតទុនមនុស្សជាមូលដ្ឋានទាញវិនិយោគ

ថ្ងៃមុន ខ្ញុំទៅមើលព្រលានយន្តហោះអន្តរជាតិតេជោ។ អ្នកឧកញ៉ា ពុង ខៀវសែ ប្រាប់ពីដំណាក់កាលទី១។ យើងធ្វើស្លាបមួយចំហៀង។ ដំណាក់កាលទី២ យើងធ្វើស្លាបមួយចំហៀងទៀត។ នៅពេលដែល Capacity វារីក ជើងហោះហើរច្រើន។ អញ្ចឹង គាត់ត្រៀមហើយតាំងពី ១០លាននាក់ជាង រហូតទៅដល់ពេលធ្វើពេញទាំងអស់យើងអាចទទួល ៥០លាននាក់ ក្នុងមួយឆ្នាំ។ ចំណុចមួយដែលគាត់និយាយ និងដែលខ្ញុំចាប់អារម្មណ៍ ហើយគាំទ្រធំបំ​ផុត គឺពេលដែលធ្វើដំណាក់កាលទី១ នេះ គាត់បានបញ្ជូនវិស្វករខ្មែរពីក្រុមហ៊ុនគាត់​មកធ្វើការជាមួយវិស្វករបរ​ទេស ដើម្បីធ្វើទាំងប្រព័ន្ធភ្លើងទាំងប្រព័ន្ធអីទាំងអស់។ គាត់គិតថា ថ្ងៃក្រោយបើសិនជាធ្វើស្លាបមួយចំហៀងទៀត យើងនឹងពឹងផ្អែកទៅលើវិស្វករនិងជំនាញខ្មែរយើងច្រើនជាងពីក្រៅប្រទេស ដូចដំណាក់កាលទី ១។ នេះគឺជាទិសដៅ ដើម្បីបង្កើនផលិតភាពដល់កម្មករ/និយោជិត អ្នកជំនាញរបស់យើង។ មិនមែនធ្វើដើម្បីតែធ្វើ មិនមែនចំណាយទាំងអស់នេះដែលគេថា នយោបាយរបស់រដ្ឋាភិបាលអាណត្តិទី ៧ ឃើញតែលុយចេញ អត់មានដាក់ស្អីសម្រាប់វិល។ ខ្ញុំថាវាវិលដោយប្រយោលនិងវិលដោយត្រង់។ យើងបង្កើនសមត្ថភាពដាក់ទុន វិនិយោគលើមនុស្សរបស់យើង ទោះបីមិនយកប្រាក់ចំណូលពីគាត់ ហើយថែមទាំងបង់ប្រាក់ខែឱ្យទៀតក៏ដោយ តែយើងបង្កើតមូលដ្ឋានមនុស្សដើម្បីទាញវិនិយោគមកស្រុកខ្មែរ។ បើគេចង់មកផលិត​អ្វី យើងអាចមានធនធានមនុស្សធ្វើបាន។ ចាំយើងគិតគូររឿងពន្ធអីពីក្រុមហ៊ុនទៅ។ ឱ្យប្រជាពលរដ្ឋយើងមានការងារធ្វើ។

(២៦) ភ្ជាប់សកម្មភាពផលិតកម្មតាមរោងចក្រ ជាមួយវិស័យកសិកម្ម ប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក

កាលពី ១០ឆ្នាំមុន ខ្ញុំចេះតែគិតថាយើងមានកៅស៊ូច្រើន។ កាលនោះ យើងឃើញថាក្រុមហ៊ុនកៅស៊ូយើងច្រើនណាស់។ ទៅព្យាយាមទាក់ទងក្រុមហ៊ុន Michelin មកដាក់ទុន ប៉ុន្តែគេមិនមក។ ឥឡូវយើងមានក្រុមហ៊ុនផលិតកង់ឡាន ៣-៤។ មួយឆ្នាំៗ យើងនាំកង់ឡានទៅអឺរ៉ុបរាប់លានគ្រាប់។ ឥឡូវ កំពុងតែទាក់ទាញក្រុមហ៊ុន ២ទៀត ដែល ឯកឧត្តម ស៊ុន ចាន់ថុល បានជួប និងគ្រោងដាក់ផលិតកម្មជាង ១ពាន់លាន ដោយនៅដំណាក់កាលទីមួយ មាន ៥០០លាន។ គាត់មានទីផ្សារធំនៅក្រៅសំរាប់កង់ឡាន។ ខ្ញុំឱ្យភ្ជាប់ជាមួយសហគមន៍កៅស៊ូរបស់យើង។ អញ្ចឹង ការផលិតនៅរោងចក្រនៅទីនេះ មិនមែនត្រឹមតែកម្មករនៅក្នុងរោងចក្រទេ តែអាចភ្ជាប់ជាមួយវិស័យកសិកម្មរបស់យើងទៀត ប្រើប្រាស់វត្ថុធាតុដើមនៅស្រុកយើង ជាជាងនាំកៅស៊ូឆៅចេញ។ យើងអាចបែងចែកប្រភេទកៅស៊ូឆៅណាត្រូវនាំចេញ កៅស៊ូឆៅប្រភេទណាត្រូវដាក់ចូលក្នុងរោងចក្រក្នុងស្រុក ជាជាងនាំចូលកៅ​ស៊ូ​ឆៅពីក្រៅចូ។ អញ្ចឹងវាទាញបានច្រើន។ ធំបំផុតបណ្តុះបណ្តាលធនធានមនុស្សដើម្បីឱ្យរោងចក្រប្រភេទទំ​នើប​បែបនេះ បច្ចេកវិទ្យាបែបនេះអាចចូលមកបាន។ ការធានានូវសុខុមាលភាព និងសុខទុក្ខដល់កម្មករនិយោជិតរបស់យើង ការធានានូវបរិស្ថានគ្រួសារមួយសុខដុមរមនារបស់រោងចក្រ/សហគ្រាសទាំងអស់ រវាងនិយោជក និងនិយោជិត គឺដើម្បីឱ្យមានលទ្ធផលបែបនេះនៅកម្ពុជា។ នេះហើយដែលរាជរដ្ឋាភិបាលបានធ្វើច្រើនអាណត្តិក្រោម សម្តេចតេជោ និងក្នុងអាណត្តិដែលខ្ញុំដឹកនាំ នឹងបន្តជំរុញឱ្យកាន់តែមុតស្រួច …។

(២៧) ក្នុងមួយសប្តាហ៍ៗ ពិនិត្យឃើញកំណើនពាក្យស្នើសុំអនុម័តគម្រោងនៅ CDC

គេថាខ្ញុំអួត។ ថាទៀតចុះ។ ខ្ញុំនិយាយការពិត។ ខំប្រឹងធ្វើឡើងស្កូវសក់ហើយ និយាយបន្តិចមិនបាន។ ខ្ញុំមើលទិន្ន​ន័យប្រចាំសប្តាហ៍ជាមួយនឹងភាពញញឹម។ ក្នុងមួយសប្តាហ៍ៗ យើងឃើញកំណើននៃការដាក់ពាក្យស្នើសុំ approval ឬការអនុម័ត និង​ចំនួនគម្រោងដែលត្រូវដាក់ចេញ។អ្នកខ្លះថា លឺសូរតែគម្រោងៗ អត់មានអីទាំងអស់ ឃើញតែទាក់ម៉ូយខ្យល់។ (ពួកគាត់)មិនព្រមទៅមើលទិន្នន័យនៅ CDC។ មិនព្រមទៅមើលនៅផ្លូវដែលរោងចក្រមួយចំនួនកំពុងដាក់ពាក្យរកបុគ្គលិកថ្មី។ ពិតណាស់ វាមានរោងចក្រ/សហគ្រាសបើកបិទនៅក្នុងស្ថានភាពលំបាក។ Restaurant ក៏ដូចគ្នាដែរ។ ទៅប្រទេសផ្សេងៗ មានហាងបិទហាងបើក។ ប៉ុន្តែ សំខាន់យើងបន្តនិរន្តរភាព​។ ដូចថ្ងៃមុន មានរោងចក្រមួយដែលបិទនៅផ្លូវស្ទឹងមានជ័យ។ អញ្ចឹង ឃើញទូរទស្សន៍មួយចំនួន វិទ្យុមួយចំនួនផ្សាយតែរោងចក្រមួយដែលបិទ។ គាត់អត់ព្រមផ្សាយថានៅក្បែរហ្នឹង មានរោងចក្រដែលបើក និងកំពុងតែរកបុគ្គលិក។ បងប្អូនមួយចំនួនដែលចប់នៅទីនេះក៏ចូលទៅធ្វើនៅហ្នឹង។ អញ្ចឹងយើងត្រូវធានានិរន្តរភាពនេះ។ ខ្ញុំមិននិយាយថា រោងចក្រ/ក្រុមហ៊ុនទាំងអស់នៅកម្ពុជា បើកដំណើរការហើយត្រូវតែដើរនិងជោគជ័យទេ។​ វាជាការប្រកួតប្រជែងទីផ្សារសេរី។ តែគុជ កាលពីបើកដំបូងមានមួយលក់ដាច់។ ដល់បើកច្រើន ប្រកួតគ្នា វាតឹងតែង … កាហ្វេដូចគ្នាដែរ។ Brown បើក Starbucks បើក កន្លែងខ្លះកាលមុនមានក្រុមហ៊ុនខ្លះបើកខ្លះបិទ ក្រុមហ៊ុនថ្មីសាងយក … ហ្នឹងរឿងធម្មតា។

(២៨) ជួយប្រជាពលរដ្ឋមានចំណេះដឹង និងសុខភាពល្អ ជួយវិស័យឯកជនបង្កើតការងារនិងជំរុញសេដ្ឋកិច្ច ឲ្យវិស័យការងារក្លាយជាជាសហគមន៍សុខសាន្ដ

ប៉ុន្តែ ដើម្បីធានាបរិស្ថាន អ្នកដែលដំណើរការជួយឱ្យកាន់តែជោគជ័យ យើងជួយអ្នកដែលមិនជោគជ័យដើម្បីឱ្យភ្ជាប់ឡើងវិញ។ ជាពិសេស ប្រជាពលរដ្ឋរបស់យើងដែលមានការលំបាក ក្រីក្រ រងហានិភ័យ​។ ខ្ញុំបានដាក់ទិសដៅនិងគោលការណ៍មួយចំនួនជួយក្នុងវិស័យទេសចរណ៍នៅសៀមរាប ដូចក្នុងខេត្តព្រះសីហនុ … យើងនឹងបន្តថែមទៀត។ ពិតណាស់ យើងមិនអាចដាក់ហើយ ស្អែកឡើងស្រស់បំព្រងទាំងអស់ទេ។ ជាជំហានៗ។ ខ្ញុំឆែកជា​មួយឯកឧត្តម ជូ វិជិត្ត ដែលជាប្រធានក្រុមការងារខេត្តព្រះសីហនុ​ ថានៅមានអគារជាប់គាំងជាច្រើន ប៉ុន្ដែសូមមើលទិន្ន​ន័យ ប៉ុន្មានខែមាន ៧-៨-៩ គម្រោង ដាក់បន្ដៗ។ យើងបើកបន្ដិចម្ដងៗ ដើម្បីស្ដារឲ្យទៅមុខ។ នៅក្នុងស្ថានភាព​លំបាកប៉ុណ្ណេះ យើងនៅបន្ដទៅមុខជាជំហានៗ។ អ្វីដែលសំខាន់នោះគឺត្រូវធានាភាពទាក់​ទាញ និងជួយប្រជាពលរដ្ឋ ជួយវិស័យឯកជន ដើម្បីជាសេនាធិការរបស់ប្រទេសជាតិ ក្នុងការបង្កើតការងារនិងជំរុញសេដ្ឋកិច្ចឲ្យបានជោគជ័យ។ ជួយប្រជាពលរដ្ឋឲ្យមានចំណេះដឹង និងសុខភាពល្អ ដើម្បីធ្វើយ៉ាងណាឲ្យវិស័យការងារក្លាយជាទៅជាគ្រួសារមួយដែលមានសុភមង្គល សហគ្រាសមួយជាសហគមន៍សុខសាន្ដ នេះជាអ្វីដែលត្រូវធ្វើ។

(២៩) ជំរុញសកម្មភាពបង្កើតទារកដ្ឋាននិងមត្តេយ្យសិក្សាតាមសហគ្រាស ព្រមទាំងសំរួលដោះស្រាយវិវាទ

ក្រៅពីនោះ រាជរដ្ឋាភិបាលក៏យកចិត្តទុកដាក់(ស្នើឱ្យមាន)ការប្រកួតប្រជែងបង្កើត​ទារកដ្ឋាន និងមតេ្ដយ្យសហគមន៍ នៅក្នុងសហគ្រាសជាសហគមន៍សុខសាន្ដនេះ ដែលខ្ញុំបានផ្ដល់គោលការណ៍ឲ្យក្រសួងការងារ កិច្ចការងារនារីធ្វើការនេះ។ បានតិចបានច្រើនយើងធ្វើ។ រោងចក្រច្រើន បានធ្វើជាជំហាន ជាបណ្ដើរៗ។ បើកបានខ្លះជាជាងអត់ បើកបានមួយ ប្រសើរជាងអត់។ ស្អែកឡើងពីរ ប្រសើរជាងមួយ។ បន្ដិចម្ដងៗ យើងនឹងចូលរួម ហើយក៏សុំអំពាវនាវឲ្យវិស័យឯកជន រោងចក្រ/សហគ្រាស ចូលរួមជួយគាំទ្រទៅដល់កិច្ចការងារនេះ ព្រោះជួយទៅដល់ម្ដាយដែលកំពុងធ្វើការក្នុងរោងចក្រ ជួយទៅដល់សហគមន៍។ អញ្ចឹងកិច្ចការនេះយើងត្រូវធ្វើការងារបន្ដ ដើម្បីជួយឲ្យវិស័យឯកជនយើងដើរ។ ចំណុចមួយទៀតដែលរាជរដ្ឋាភិបាលត្រូវជួយក្នុងនាមជាអាណាព្យាបាលគឺដោះស្រាយវិវាទ។ ជាភារកិច្ច​មួយរបស់ម្ដាយឪពុកដែលមានកូន … ជីវិតគ្រួសារ ឬមួយក្រុមហ៊ុន/សហគ្រាស ឬមួយការងារជាក្រុម តិចច្រើនពេលខ្លះមិនអាចអត់(មានការវិវាទ)ទេ។

ឧទាហរណ៍ រោងចក្រ/សហគ្រាស ១០០ ក្នុងការធ្វើការ ពេលខ្លះក៏អាចមានបញ្ហា ដែលត្រូវសម្របសម្រួលនៅក្នុងបួនដប់។ ប្ដីប្រពន្ធក៏ដូចគ្នា។ ស្រឡាញ់គ្នាផ្អែមល្ហែមក៏ដោយ ក៏ពេលខ្លះមានអន់ចិត្តបន្ដិចបន្តួច។ អ្វីដែលសំខាន់ ឪពុកម្ដាយនៅដើម្បីជួយកូនទាំងពីរកុំឲ្យដុតផ្ទះ។ បើបោកចានបោកឆ្នាំង ម៉ែឪអត់ឲ្យលុយ​ទេណា ចេញលុយខ្លួនឯងទិញចានឆ្នាំងវិញ។ ខ្ញុំចង់និយាយថា ជួយសម្របសម្រួល​ដោះស្រាយវិវាទរបស់រាជរដ្ឋាភិបាល នៅក្នុងការថែរក្សានូវសុខដុមនីយកម្មនៃការងារ។ កន្លងទៅខ្ញុំសូមធ្វើការកោតសរសើរដល់ក្រសួងការងារ អាជ្ញាធរមូលដ្ឋាន យន្ដការទាំងអស់ នៅក្នុងការសម្របសម្រួលដោះស្រាយវិវាទ។ អរគុណដល់និយោជក ថ្នាក់ដឹកនាំក្រុមហ៊ុន អរគុណសហជីព និងនិយោជិត ដែលបានអនុវត្ដនូវសិទ្ធិ​តាមគោលការណ៍ដែលច្បាប់អនុញ្ញាត ហើយយល់គ្នា។ ប្រសិនបើមានអ្វីខុស យើងជជែកគ្នារកដំណោះស្រាយតាមយន្ដការដែលមានស្រាប់។ រាជរដ្ឋាភិបាលសហការជួយ ដើម្បីឲ្យមានលំនឹង។

(៣០) អត្រានៃការផ្សះផ្សារវិវាទការងារត្រឹមកម្រិតក្រសួងឡើងដល់ ៨៤% ធៀបនឹង ៧៦% កាលពីឆ្នាំមុន

បើសិនជាផ្ទះហ្នឹងល្អ មានរឿងអីចេះដោះស្រាយ ភ្ញៀវចូលចិត្តមកលេង។ ហៅមិត្តភក្ដិមកលេង មកមើលផ្ទះ គ្រាន់តែបើកទ្វារ ឮសូរឈ្លោះគ្នាក្នុងផ្ទះ (មិត្ត)ទៅវិញសិនហើយ … ដូចគ្នា ក្នុងករណីដែលមានវិវាទ យើងត្រូវខិតខំផ្សះផ្សាវិវាទការងារ។ សូមអរគុណដល់ឯកឧត្តម ហេង សួរ ដែលបានបញ្ជាក់អំពីការវិវឌ្ឍ ហើយសូមកោតសរសើរទៅដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលមានយន្ដការក្នុងការដោះស្រាយ​វិវាទ។ យើងឃើញថា អត្រានៃការផ្សះផ្សាវិវាទការងារត្រឹមកម្រិតក្រសួងឡើងដល់ ៨៤% មួយត្រីមាសទី ១នេះ។ បើប្រៀបធៀបក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៣ គឺ ៧៦%។ នេះជាការវិវឌ្ឍទៅមុខ។ បានន័យថា ភាពជឿជាក់ និងភាពចាស់ទុំក្នុងការដោះស្រាយវិវាទនេះ មាននៅគ្រប់ភាគីទាំងអស់ ហើយមានការកើនឡើង។ ខ្ញុំសូមអរគុណណាស់។ រដ្ឋាភិបាលនឹងបន្ដការគាំទ្រដល់ដំណើរការរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល ដែលជាយន្ដការត្រីភាគីក្នុងការដោះស្រាយវិវាទការងារនិងយន្ដការផ្សេងៗទៀត។

(៣១) សហជីពមូលដ្ឋាន សហភាពសហជីព សមាគមនិយោជកតាមក្របខណ្ឌច្បាប់ កើនចំនួនទ្វេដងក្នុងរយៈពេល៨ ឆ្នាំ បញ្ជាក់ពីការផ្ដល់សិទ្ធិសេរីភាព

ក្នុងពេលជាមួយគ្នា យើងក៏បន្ដលើកកម្ពស់សិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ។ ខ្ញុំបានប្រាប់មន្ដ្រីបរទេសមួយចំនួនដែល​បានសួរពីស្ថានភាពសិទ្ធិសេរីភាពវិជ្ជាជីវៈនៅកម្ពុជា។ ខ្ញុំថា សូមឲ្យមើល​ព្រៃទាំងមូលកុំមើលដើមឈើមួយដើម​ពីរដើម។ សូមឲ្យមើលស្ថានភាពរបស់សហជីព អង្គការវិជ្ជាជីវៈទាំងអស់នៅកម្ពុជា ដែលធ្វើការងារបំពេញកាតព្វកិច្ចតំណាងឲ្យភាគីរៀងៗខ្លួន។ មានទាំងសមាគមនិយោជក មានទាំងសហជីពគ្រប់កម្រិត ដែលមកដល់ម៉ោងនេះមានជាង ៦ ៣០០ ក្នុងឆ្នាំ​២០២៤ បើប្រៀបធៀបនឹងឆ្នាំ២០១៦ មានតែ ៣ ៦០០ គឺកើនមួយចង់ជាពីរ។ បានន័យថា យើងបើកទូលាយសិទ្ធិសេរីភាពនេះហើយ បានជានៅក្នុងរយៈពេល ៨ ឆ្នាំ កើន ១ ជិតជា ២ដង គឺពី ៣០០០ ជាង ទៅ ៦០០០ ជាង។ បានន័យថាគាត់មានសិទ្ធិសេរីភាព ហើយរីកចម្រើន ដោយការដែលរដ្ឋផ្ដល់ឲ្យនេះហើយ។ កុំយកសហជីព ១ ឬ ២ ដែលបង្កើតបញ្ហា ហើយដើរស្រែកប្រាប់គេឯងថាអត់សិទ្ធិ។ ទៅសួរអ្នក ៥-៦ ពាន់ អង្គការវិជ្ជាជីវៈ រាប់តាំងពីសហជីពមូលដ្ឋានរហូតដល់សហភាពសហជីព សមាគមនិយោជកធ្វើការងារ​ដើម្បីបំពេញកាតព្វកិច្ចបម្រើដល់កម្មករ និយោជិត និងនិយោជក តាមក្របខណ្ឌច្បាប់(ទៅមើល)។ អញ្ចឹង យើងត្រូវបន្ដលើកស្ទួយសិទ្ធិសេរីភាពនេះជាយន្ដការមួយ ធានានូវភាពសុខដុមនីយកម្ម។ បានន័យថាសិទ្ធិស្មើគ្នា តម្លាភាព យុត្ដិធម៌ក្រោមច្បាប់ទាំងអស់គ្នា។ មានរឿងអី ជជែកគ្នា ហើយរដ្ឋជួយដោះស្រាយ កុំឲ្យដុតផ្ទះ។ ប្ដីប្រពន្ធឈ្លោះគ្នា ម៉ែឪមកជួយដោយតម្លាភាព យុត្ដិធម៌ អត់មានជួយដុតបន្ថែមទេ។

(៣២) គ្រួសារជោគជ័យនិងរឹងមំា ប្រទេសជោគជ័យនិងរឹងមាំ មានសមត្ថភាពរស់ខ្លួនឯង ដកដង្ហើមខ្លួនឯង ធានាភាពម្ចាស់ការទៅថ្ងៃអនាគត

អញ្ចឹង ជួយថែរក្សាសុភមង្គល សុខដុមនីយកម្ម គ្រួសារកូនៗ … យើងមិនចង់ឃើញកូនចែកផ្ទះ ចែកទ្រព្យគ្នា ប្ដឹងផ្ដល់ឡើងតុលាការនោះទេ។ អញ្ចឹង អ្វីដែលយើង​ត្រូវធ្វើគឺជួយកូនចៅ ប្ដីប្រពន្ធពីរនាក់ ទាំងនិយោជកនិងនិយោ​ជិត ដាក់ទិសដៅរួមថែរក្សាផ្ទះឆ្នាំងបាយយើង។ មានអីនិយាយគ្នា ដើម្បីរីកចម្រើនទាំងអស់គ្នា។ យើងត្រូវពឹងគ្នាទៅវិញទៅមក … រាជរដ្ឋាភិបាលនឹងនៅជាមួយបងប្អូន ដើម្បីជួយធ្វើឲ្យគ្រួសារបងប្អូនបានកាន់តែជោគជ័យ។​ បើគ្រួសារបងប្អូនកាន់តែជោគជ័យ ប្រទេសកម្ពុជាកាន់តែជោគជ័យហើយ។ សង្គមជាតិយើងគឺកើតឡើងពីគ្រួសារមួយៗ ដែល​ជាកោសិកានៃជាតិ។ អញ្ចឹងជួយជាតិឲ្យរឹងមាំ គឺឲ្យគ្រួសារមួយៗរឹងមំានេះហើយ។ ផ្ដើមចេញពីសុខដុមនីយកម្ម អត់ឈ្លោះគ្នា ជីវភាពរស់នៅ សមត្ថភាព សុខភាពកាន់តែប្រសើឡើង ហ្នឹងហើយយើងកាន់តែរីកចម្រើន។ ប្រទេសយើងកាន់តែមានសមត្ថភាពរស់ខ្លួនឯង ដកដង្ហើមខ្លួនឯង ធានាបាននូវភាពម្ចាស់ការរបស់កម្ពុជានៅថ្ងៃអនាគតកាន់តែរឹងមាំ។ អញ្ចឹងប្រធានបទថ្ងៃនេះ ដែលយើងនិយាយថាសហគ្រាសមួយជាសហគមន៍សុខសាន្ដមួយនោះ គឺជាគោលដៅធំដែលយើងបានធ្វើនិងធ្វើជាប់ជាប្រចំាមកហើយៗ នឹងបន្ដតទៅទៀត។ អរគុណទឹកចិត្តបងប្អូនមកថ្ងៃនេះ ជាប់ក្រែមប៉ុន្មានឡើង(ថាមពល)ខ្លាំងជាងបាកាសទៀត …។

[ចប់សេចក្ដីអធិប្បាយ១]

ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំមានជំនឿយ៉ាងមុតមាំថា ការកំណត់យកប្រធានបទ ក៏ដូចជាការបង្កើតកម្មវិធី និងជំរុញមានចីរភាពនៃវប្បធម៌អនុលោមភាព វប្បធម៌នៃកិច្ចសន្ទនាក្នុងសង្គម ដែលខ្ញុំបាននិយាយ ខ្ញុំនឹងបន្តចុះជួបបងប្អូនកម្មករ និយោជិត ដើម្បីតាមដានវឌ្ឍនភាពនៃការអនុវត្ត ដែលបានដាក់ចេញកន្លងទៅពាក់ព័ន្ធនឹងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្តាប់នូវសំណូមពរនិយោជិត។

[ផ្ដើមសេចក្ដីអធិប្បាយ២]

(៣៣) គ្រោងជួបបងប្អូនកម្មករ/ការិនីឲ្យបានពីរជុំក្នុងរយៈពេល ៥ ឆ្នាំ

ពីដើមទី ពេលដែលអាណត្តិថ្មីចាប់ផ្ដើម ខ្ញុំបានចុះជួបបងប្អូនជាង ១០ ក្រុមហ៊ុន នៅជុំទី១។ ខ្ញុំបាននិយាយជាមួយឯកឧត្តម ហេង សួរ ថាក្នុងរយៈពេល ៥ឆ្នាំនេះ នឹងព្យាយាមចុះឲ្យបាន ២ជុំទៀត ដើម្បីជួបជាមួយបងប្អូន ព្រោះអត់បានក្រែម យូរៗស្រេ្ដសដែរណាបងប្អូន។ ថ្ងៃនេះ មិនបានលាបសក់។ ស្កូវពាក់កណ្ដាលហើយ។ មួយកំណាត់ទៀតក្រហម។ អ្នកដែលលាបសក់ដឹងហើយ។ លាបពីសទៅខ្មៅ ប៉ុន្ដែដល់ពេលវាមកវិញ វាអត់ពីខ្មៅមកសទេ គឺពីខ្មៅមកក្រហមមុន។ ប៉ុន្ដែអ្វីដែលសំខាន់នៅមានសក់លាប។ អញ្ចឹងបានពេលឲ្យតែលាបខ្មៅ ប្រពន្ធមកពីលើ គាត់យកទូរស័ព្ទថត ដូចរាងរលោងនៅខាងលើ។ យកមួយណាឥឡូវ? យករលោងស្រិល ឬមានសក់ស? អញ្ចឹងបានល្បឿនរាងថយបន្ដិច សុខចិត្តឲ្យសបន្ដិចចុះ ចាំយើងលាប។ ឯកឧត្តម ហេង សួរ អម្បាញ់មិញនេះ ក៏បានបញ្ជាក់នូវកិច្ចការជាច្រើនដែលក្រសួងបានដាក់ទិសដៅធ្វើ និងសូមបន្ដធ្វើ។ កាលពីដើមឆ្នាំ ខ្ញុំបានដាក់គោលការណ៍មួយចំនួនដែលត្រូវធ្វើដើមអាណត្ដិភ្លាម ហើយបញ្ចប់មុនដាច់ឆ្នាំ។ បានធ្វើហើយ។

នៅកិច្ចការមួយចំនួនទៀតត្រូវធ្វើក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ។ មិនមែនធ្វើតែប៉ុណ្ណឹងទេ ត្រូវគិតគូរច្នៃប្រឌិតរកអត្ថប្រយោជន៍ឲ្យបងប្អូនយើងទាំងនិយោជក ទាំងនិយោជិត ដើម្បីបង្កើនសុខដុមរមនា និងបង្កើនភាពប្រកួតប្រជែងរបស់យើងតទៅទៀត។ បើមិនគិតកូនទាំងសងខាង បើកាន់ជើងកូនប្រសារ កូនបង្កើតអត់សប្បាយចិត្តដែរ។ ទាំងពីរនាក់ត្រូវរួមគ្នា។ ទាំងកូន និងកូនប្រសារជាអ្នកបង្កើនសមាជិកគ្រួសារយើងឲ្យច្រើន។ ​ប្រៀបធៀបជាមួយគេ ប្រកួតប្រជែងដើម្បីយើងជោគជ័យ ត្រូវខិតខំច្នៃប្រឌិតរកដាក់នូវគោលការណ៍ផ្សេងៗ ដើម្បីយើងបង្កើននូវផលិតភាព បង្កើននូវការធានានូវភាពងាយស្រួលក្នុងធ្វើការវិនិយោគនៅក្នុងប្រទេសយើង។ ថែរក្សាចាប ៥ នៅក្នុងដៃ ដើម្បីយើងមានភាពទាក់ម៉ូយ ងាយស្រួលជាងរកចាប ២០ ទៀតក្នុងព្រៃទៀត។ នៅឥណ្ឌូនេស៊ី ខ្ញុំឃើញគេដាក់លបយកចាប។ គេចងជើងសត្វមួយអោយហើរ ឯចាបមួយហ្វូងឃើញចាបមួយវាក៏ចុះ …។

(៣៤) សូមក្រុមហ៊ុន/សហគ្រាសក្រៅប្រព័ន្ធ ចុះឈ្មោះដើម្បីទទួលបានគោលនយោបាយផ្តល់អត្ថប្រយោជន៍

ក្រុមហ៊ុន/សហគ្រាសទាំងក្នុងប្រព័ន្ធ ក្រៅប្រព័ន្ធ ដែលមានស្រាប់ ត្រូវយកចិត្តទុកដាក់។ គោលនយោបាយ​អាណត្ដិទី៧នេះ (យកចិត្តទុកដាក់)មិនត្រឹមតែក្នុងប្រព័ន្ធទេ ​ក្រៅប្រព័ន្ធទេ។ ក្រសួងឧស្សាហកម្ម នវានុវត្ដន៍ របស់ឯកឧត្តម ហែម វណ្ណឌី ក៏មានគោលនយោបាយផ្ដល់អត្ថប្រយោជន៍ជូនបងប្អូននៅក្រៅប្រព័ន្ធ។ ឥឡូវចាប់ផ្ដើមយើងចុះឈ្មោះឲ្យដឹងថាបងប្អូននៅទីណាខ្លះ ដើម្បីផ្សព្វផ្សាយឲ្យដឹង ហើយអាចផ្ដល់គោលការណ៍។ អញ្ចឹងសូមបងប្អូនធ្វើការចុះឈ្មោះ។ មិនមែនចុះបញ្ជីការទេ គឺចុះឈ្មោះ ដើម្បីឲ្យដឹងគោលនយោបាយណាខ្លះដែលយើងផ្ដល់ជូន។ ឧទាហរណ៍ រឿងសុខភាព ការបណ្ដុះបណ្ដាលអីជាដើម។ ជាការស្ម័គ្រចិត្ត មិនបង្ខិតបង្ខំ ហើយធ្វើយ៉ាងណាឲ្យបងប្អូនមានភាពកក់ក្ដៅក្នុងការចូលមក ដើម្បីជួយ មិនមែនចូលមកដើម្បីធ្វើបាបទេ។ បងប្អូនជាកោសិការបស់យើងដែលត្រូវជួយ។ ការជួយសហគ្រាសទាំងក្នុងនិងក្រៅប្រព័ន្ធជាអ្វីដែលត្រូវធ្វើ។

[បញ្ចប់សេចក្ដីអធិប្បាយ២]

ដើម្បីចូលរួមជំរុញយុទ្ធនាការ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” ឱ្យក្លាយទៅជាចលនាជាតិមួយនៅនឹងកន្លែង ខ្ញុំសូមផ្តល់អនុសាសន៍ណែនាំមួយចំនួន ដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដូចខាងក្រោម៖

១. ត្រូវពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធវិស័យការងារ ដោយចាត់វិធានការយ៉ាងម៉ឺងម៉ាត់តាមច្បាប់ គ្មានការលើកលែង ចំពោះម្ចាស់សហគ្រាស គ្រឹះស្ថាន ដែលមិនអនុវត្តតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យការងារ។

២. ត្រូវបន្តដឹកនាំយន្តការអធិការកិច្ចអន្តរក្រសួង ដោយកំណត់ធ្វើឡើងតែម្ដងគត់ក្នុង ១ ឆ្នាំ លើគោលដៅតែមួយ កុំឲ្យមានភាពសាំញ៉ាំ កុំឲ្យទៅធ្វើអធិការកិច្ចច្រើនដង បង្កើតភាពលំបាកដល់ក្រុមហ៊ុន មួយឆ្នាំធ្វើតែម្ដង ធ្វើជាមួយគ្នាទៅ ជាជាងទៅច្រើនគ្នា។ លើកលែងតែមានបណ្ដឹងពីបងប្អូនកម្មករ និយោជិត ឬមានឧបទ្ទវហេតុណាមួយកើតឡើង និងធ្វើវិជ្ជាជីវូបនីយកម្មអធិការការងារ និងបណ្តុះបណ្តាល វាយតម្លៃ ដើម្បីផ្ដល់នីតិសម្ប​ទានគរបាលយុត្តិធម៌ និងផ្តល់ការបណ្តុះបណ្តាលច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យការងារ។

៣. ត្រូវសហការគ្នាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីសិក្សាលទ្ធភាពបង្កើតរបបធានារ៉ាប់រងផលប្រយោជន៍របស់កម្មករ និយោជិត នៅពេលរោងចក្របិទទ្វារ ឬដួលរលំ នៅក្រោមបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលត្រូវអនុវត្តតែក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិត​ស្បែក​ជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប។

៤. ត្រូវពិភាក្សាជាមួយដៃគូពាក់ព័ន្ធ ដើម្បីបន្តគាំទ្រដំណើរការរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ដែលជាយន្តការត្រីភាគី ក្នុងការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ ប្រកបដោយតម្លាភាព ប្រសិទ្ធភាព ឯករាជ្យ និង ទទួលបាននូវជំនឿទុកចិត្តពីគ្រប់ភាគីពាក់ព័ន្ធ។ ទន្ទឹមនេះ ក្រសួងត្រូវពិនិត្យរៀបចំក្រុមប្រឹក្សាអាជ្ញាកណ្តាល និងមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលទៅជាស្ថាប័នជាតិមួយ ដែលមានទីកន្លែងការងារសមរម្យ និងមានប្រភពមូលនិធិពិតប្រាកដមួយ ដើម្បីធានានិរន្តរភាព ក្នុងការអនុវត្តតួនាទី ភារកិច្ច ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ កាន់តែច្បាស់ និងមានវិសាលភាពទូលំទូលាយ។

៥. ត្រូវបន្តយកចិត្តទុកដាក់អនុវត្តអនុសាសន៍គន្លឹះទាំង ១០ ចំណុច របស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងអនុសាសន៍ ១០ ចំណុច ដែលខ្ញុំបានដាក់ចេញកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ ឱ្យមានប្រសិទ្ធភាពខ្ពស់បន្តទៀត។

៦. ត្រូវបន្តរៀបចំ​កម្មវិធីជួបជុំសំណេះសំណាលរបស់ខ្ញុំ ជាមួយ​បងប្អូនកម្មករ និយោជិត ទាំងសេដ្ឋកិច្ច​ក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ដើម្បីចុះសួរសុខទុក្ខ និងដោះស្រាយសំណូមពររបស់បងប្អូន​កម្មករ និយោជិត។

ទន្ទឹមនេះ ខ្ញុំសូមផ្ដល់អនុសាសន៍ដល់ម្ចាស់សហគ្រាស គ្រឹះស្ថាន ប្រតិភូបុគ្គលិក និងសហជីព ដូចខាងក្រោម៖

១. ត្រូវចូលរួម​អនុវត្តច្បាប់ និងពង្រឹងវប្បធម៌អនុលោមភាពតាមច្បាប់។

២. ត្រូវខិតខំពង្រឹងសមត្ថភាព និងការយល់ដឹងអំពីច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធក្នុងវិស័យការងារ ដើម្បី​បំពេញតួនាទីប្រកបដោយការទទួលខុសត្រូវខ្ពស់ និងមានតម្លាភាព ​ក្នុងការការពារសិទ្ធិ និងអត្ថប្រយោជន៍​​ស្របតាមច្បាប់។

៣. ត្រូវចាត់ទុករោងចក្រ ជាឆ្នាំងបាយរួមរបស់បងប្អូនកម្មករ និយោជិត និងនិយោជក។

[ផ្ដើមសេចក្ដីអធិប្បាយ៣]

(៣៤) ព្រែកជីកតេជោហ្វូណន មិនមែនជាប្រយោជន៍សំរាប់ត្រកូលហ៊ុន តែបង្កើតដោយប្រ​ជា​ពលរដ្ឋនិងមន្រ្តីរាជការ ដែលបានសិក្សាលំអិតជាច្រើនឆ្នាំមកនេះ

មុននឹងបញ្ចប់ ខ្ញុំសូមថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្រ្តី ក៏ដូចជាប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ដែលបានចេញសារគាំទ្រយ៉ាងផុសផុលទាក់ទងទៅនឹងគម្រោងព្រែកជីកតេជោ–ហ្វូណន។ ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស គ្រប់និន្នាការនយោបាយបានចេញសារគាំទ្រដើម្បីធ្វើយ៉ាងណាឲ្យកម្ពុជាមានច្រកដើម្បីដកដង្ហើមខ្លួនឯង ពង្រឹងសេដ្ឋកិច្ចយើង តាមរយៈការកសាងនូវព្រែកជីកហ្វូណននេះ។ រឿងនេះខ្ញុំបានលើកច្រើនដងលើវេទិកា តាំងពីមុនបោះឆ្នោត ក្រោយបោះឆ្នោត ហើយកាលពីថ្ងៃ២៦(មេសានេះ) សម្តេចតេជោលោកមានប្រសាសន៍ច្បាស់ ទៅលើកាងារនេះ។ វាមិនមែនជាផលប្រយោជន៍សម្រាប់ត្រកូល ហ៊ុន ទេ។ ត្រកូល ហ៊ុន គ្រាន់តែជាអ្នកបានចូល​រួមនៅក្នុងការជួយផ្តួចផ្តើមគំនិតនិងធ្វើការងារនេះ។ សម្តេចតេជោ បានផ្តួចផ្តើមនូវគំនិតនេះ។ ឥឡូវខ្ញុំនឹងបន្តធ្វើឲ្យគម្រោងនេះ ដើម្បីចេញជារូបរាងជូនប្រជាពលរដ្ឋយើង។ មិនមែនបង្កើតដោយខ្ញុំទេ បង្កើតដោយប្រ​ជា​ពលរដ្ឋយើង មន្រ្តីរាជការរបស់យើង បន្ទាប់ពីបានខិតខំសិក្សាដោយលម្អិតនៅក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ដោយឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល និងថ្នាក់ដឹកនាំរបស់យើងជាច្រើន។

(៣៥) ព្រែកជីកហ៊្វូណនតេជោ ស្ថិតនៅលើដៃទន្លេមេគង្គ ជាសិទ្ធិស្របច្បាប់របស់កម្ពុជា

កន្លងទៅ មានការវិភាគច្រើន និងលើកមិនចេះចប់ដោយមជ្ឈដ្ឋានកាសែតបរទេសមួយចំនួន អំពីថាតើគម្រោងនេះប៉ះពាល់ស្អីខ្លះដល់បរិស្ថាន? វាប៉ះពាល់ស្អីខ្លះទៅដល់ភូមិសាស្រ្តនយោបាយ? ខ្ញុំចេះតែឆ្ងល់។ កម្ពុជាអ្វីក៏ជាប្រ​ទេសពិសេសម្ល៉េះ? ប្រទេសផ្សេងនៅតាមដងទន្លេមេគង្គធ្វើប្រឡាយ ធ្វើទំនប់ ធ្វើវារីអគ្គិសនី គ្មានអ្នកណាចាប់អារម្មណ៍។ គ្រាន់តែកម្ពុជាធ្វើព្រែកមួយ នៅលើដៃទន្លេ ក៏គេចង់ហៅទៅសួរចម្លើយ​។ កាសែតមួយៗ ថាកម្ពុជាត្រូវតែឆ្លើយអ្នកនេះឆ្លើយអ្នកនោះ។ អត់ទេ! សិទ្ធិស្របច្បាប់របស់កម្ពុជាដើម្បីផលប្រយោជន៍កម្ពុជាត្រូវតែធ្វើ។ មានអ្នកវិភាគខ្លះនៅវៀតណាមក្តី មានចុះផ្សាយនៅកាសែតអាមេរិក នៅសិង្ហបុរីនៅអីក្តី បង្ហាញកង្វល់ថា ព្រែកជីកនេះធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន។ សំណួរសួរថា កម្ពុជាអត់ខ្វល់ទេអី? (បើមានផលប៉ះពាល់) ដែលប៉ះមុនគេគឺប៉ះស្រុកខ្មែរហ្នឹងឯង ប៉ះប្រជាជនជាង ៣ លាននាក់នៅទិសនិរតី ប៉ះប្រជាជន ១ លាននាក់ជាងនៅតាមបណ្តោយព្រែក ប៉ះប្រព័ន្ធ ecology របស់កម្ពុជា។ សួរថាកម្ពុជាមិនព្រួយបារម្ភទេអី?

(៣៦) ទទួលខុសត្រូវចំពោះមុខប្រវត្តិសាស្រ្ត បើព្រែកជីកហ៊្វូណនតេជោបង្កផលប៉ះពាល់ដល់ប្រយោជន៍ជាតិ

កម្ពុជាព្រួយបារម្ភជាងគេ ហើយយើងយកចិត្តទុកដាក់ជាងគេ។ គម្រោងនេះសិក្សា ២៦ ខែ។ ២៦ ខែ ដឹងលេខច្បាស់លាស់ និយាយរួមធ្វើល្អិតណាស់។ អ្នកជំនាញជិត ៥០ នាក់ លំដាប់ពិភពលោក ទាំងជំនាញជលសាស្រ្ត រឿងផ្លូវទឹក ជំនាញបរិស្ថាន ជំនាញសេដ្ឋកិច្ច-សង្គម ធ្វើទៅតើប៉ះប្រជាជនខ្មែរអត់? ប៉ះប្រជាជនផ្សេងដែលមិនរស់នៅតាមគន្លងហ្នឹងទេ? យើងធ្វើដោយទទួលខុសត្រូវ។ ខ្ញុំសូមបញ្ជាក់ថា វាគ្មានផលប្រយោជន៍អី ដែលសម្តេចតេជោ ឬរូបខ្ញុំផ្ទាល់ ក្នុងនាមជាមេដឹកនាំ នឹងត្រូវទទួលខុសត្រូវចំពោះប្រវត្តិសាស្រ្តនោះទេ បើសិនជាយើងធ្វើព្រែកនេះហើយឲ្យប៉ះពាល់ផលប្រយោជន៍ជាតិរបស់យើងនោះ។ ធ្វើហើយមិ​នអាចលុបបានទេ។ ធ្វើហើយគឺនឹងក្លាយជាភស្តុតាង។ បើយើងមិនច្បាស់ យើងប្រកាសធ្វើ ដូចជាដាក់ភស្តុតាងឲ្យគេដាក់បណ្តាសារយើងអញ្ចឹង។ អញ្ចឹងត្រូវធានាច្បាស់លាស់។ ឯកឧត្តម ស៊ុន ចាន់ថុល មុននឹងផ្តល់យោបល់នេះជូនសម្តេចតេជោ បានសិក្សាល្អិតណាស់ ព្រោះលោកក៏ត្រូវទទួលខុសត្រូវជាអ្នកដែលដឹកនាំគម្រោង (បើសិនជាវាមាន)អន្តរាយទៅដល់ប្រជាពលរដ្ឋយើង ឬប៉ះពាល់ដល់ប្រទេសជិតខាង។ យើងសិក្សាច្បាស់។​​

(៣៧) គោរពរដ្ឋធម្មនុញ្ញដែលមិនឲ្យប្រទេសណាប្រើកម្ពុជាជាមូលដ្ឋានវាយប្រហារប្រទេសណាផ្សេងឡើយ

អស់ពីហ្នឹងទៅ មានអ្នកខ្លះថា គម្រោងហ្នឹងគ្មានផលប្រយោជន៍សម្រាប់ខ្មែរទេ គឺសម្រាប់តែចិនដាក់នាវាចូលដើម្បីគំរាមកំហែងប្រទេសវៀតណាមនិងតំបន់។ វាជាទឡ្ហីករណ៍របស់អ្នកវិភាគស្រាវជ្រាវ … ប៉ុន្តែកម្ពុជាក៏មានសិទ្ធិការពារខ្លួន។ ខ្ញុំប្រាប់ហើយ កម្ពុជាប្រកាន់យក(ជំហរគោរព)រដ្ឋធម្មនុញ្ញ។ យើងគ្មានឲ្យបរទេសណាដាក់មូលដ្ឋានទ័ពលើទឹកដីយើង ហើយក៏គ្មានឲ្យប្រទេសកម្ពុជាទៅប្រទេសណាប្រើជាមូលដ្ឋានវាយប្រហារប្រទេសណាដែរ។ នេះគឺជាក្រឹត្យក្រមរបស់កម្ពុជា។ យើងដាក់ទ័ពវាយគ្នាចុះឡើងហ្នឹងហើយ បានខ្ទេចពីឆ្នាំ ១៩៧០ ហែកប្រ​ទេសជា ២ ចូលទៅក្នុងជម្លោះមហាអំណាច។ ជាប្រទេសតូចទេ តែចូលទៅក្នុងជម្លោះរបស់អ្នកធំ ធ្វើឲ្យប្រ​ទេស​យើងខ្ទេចខ្ទាំ។ កម្ពុជាមិនឆ្លងត្រង់ហ្នឹងទៀតទេ។ កម្ពុជាគ្មានដាក់គោលនយោបាយយកអ្នកណាជាសត្រូវ ទេ។ យើងចងមិត្តទាំងអស់។ យើងគោរពគ្នា យើងអនុវត្តគោលនយោបាយការទូតដោយឯករាជ្យ ផ្អែកលើច្បាប់ និងតម្កល់ផលប្រយោជន៍ជាតិជាធំ។ អ្វីដែលយើងធ្វើ យើងបានថ្លឹងថ្លែង និងប្រកាន់ខ្ជាប់នូវច្បាប់ ជាពិសេស រដ្ឋធម្មនុញ្ញរបស់យើង។ សូមបងប្អូនជឿចុះ។

(៣៨) ព្រែកជីកហ៊ូណនតេជោ មានសន្ទះមិនអោយទឹកហូរទៅសមុទ្រ សំរាប់ការដឹកជញ្ជូនតភ្ជាប់ និងស្ថិតនៅលើ​ដៃទន្លេ

មួយទៀត គេថាឲ្យកម្ពុជាទៅពិភាក្សាជាមួយអ្នកនេះអ្នកនោះ។ កម្ពុជាអនុវត្តច្បាប់ហើយ។ កិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥ អត់មានតម្រូវឲ្យ(រាយការណ៍)ទេ ជាពិសេសធ្វើនៅដៃទន្លេ។ ប្រទេសខ្លះ គាត់ធ្វើវារីអគ្គិសនីនៅដៃទន្លេ ៥ ទៅ ៦ ឯណោះ។ អត់មានកាតព្វកិច្ចត្រូវរាយការណ៍ទេ។ កម្ពុជាបានជូនដំណឹងនេះទៅគណៈកម្មាធិការមេគង្គដោយទទួលខុសត្រូវ។ គេថាខ្លាចធ្វើគម្រោងនេះទៅ ទឹកហូរទៅសមុទ្រអស់។ ថ្ងៃមុនឯកឧត្តម ស៊ុន ចាន់ថុល ថាមិនបាច់ចាំតែព្រែកជីកថ្មីទេ គ្រាន់តែទន្លេមេគង្គ និងទន្លេបាសាក់នេះ ក្នុងមួយវិនាទីដូចចូលប៉ុន្មានលានគូប​នោះ គ្រាន់តែទឹកហូចូលសមុទ្ររាល់ថ្ងៃនេះ។ តែហូរមិនអស់។ (ខ្ញុំមិនច្បាស់តួលេខ)។ ទឹករាល់ថ្ងៃនេះ អត់មានទំនប់ទេ។ ទឹកទន្លេមេគង្គពីលើមក មេគង្គ​ក្រោម ទន្លេបាសាក់ ចាក់​ទៅសមុទ្ររាល់ថ្ងៃហ្នឹង។ តែម៉េចមិនអស់?

អត់មានគេធ្វើរបាំងនៅព្រំដែនវៀតណាម មិនឲ្យចូលទៅក្នុងសមុទ្រឯណា។ ចូលមួយវិនាទីប៉ុន្មានទេ។ ខ្ញុំមិនចាំ ប៉ុន្តែច្រើន។ ព្រែកជីកយើងគឺបាន ០,០៦% នៃទឹកដែលហូររាល់ថ្ងៃនេះទេ ព្រោះមានរបាំង មានសន្ទះ។ អញ្ចឹងអត់មានទៅណាទេ។ ផ្ទុយទៅវិញ ទឹកនេះហូរចូលទៅប្រព័ន្ធស្រោចស្រព ប្រព័ន្ធត្រីស្អីៗផ្សេងៗ សម្រាប់ការដឹកជញ្ជូនទៅតភ្ជាប់ទៀត ហើយនៅដៃទន្លេគឺគ្មានកាតព្វកិច្ចទេ។ ប្រទេសផ្សេងៗគេធ្វើគគោក។ គេធ្វើព្រែកជីកស្រដៀងយើង គេធ្វើទំនប់ គេធ្វើវារីអគ្គិសនីបាន។ ហេតុអ្វីកម្ពុជាជាប្រទេសពិសេសម្ល៉េះ។ ខ្ញុំថាពិសេសពេកហើយកម្ពុជាអើយ។ អញ្ចឹង អ្នកណាចាប់អារម្មណ៍(ជា)រឿងរបស់គេ តែកម្ពុជាតម្កល់ផលប្រយោជន៍ជាតិជាធំ ព្រែកជីកនេះត្រូវតែធ្វើដើម្បីផលប្រយោជន៍សេដ្ឋកិច្ចសង្គម។

(៣៩) ព្រែកជីកហ៊្វូណនតេជោ ជា​គម្រោង B.O.T និងមានអត្ថប្រយោជន៍សេដ្ឋកិច្ចសង្គមដែលប្រជពលរដ្ឋទូទាំងប្រទេសទទួលស្គាល់

ថាបរទេសចុះមធ្យម តែនេះមានខ្មែរខ្លះវាងំ ជាពិសេស អ្នកនយោបាយជាន់ខ្ពស់ចាស់វស្សា។ ថ្ងៃមុន លោក សម រង្ស៊ី និយាយឈ្មោះតែម្ដងទៅ ចេញមកជេរខ្ញុំតាមហ្វេសប៊ុក។ ខ្ញុំឆ្ងល់គាត់ជេរមិនចេះចប់។ ខ្ញុំគ្រាន់តែប្រាប់ទេថា មិនមានពេលនឹងចំណាយស្តាប់គាត់ទេ។ នេះគេបាញ់មកឲ្យមើល។ ខ្ញុំមើលម្តងម្កាល។ គាត់ដាក់ កាលពីថ្ងៃ ២៤(មេសា)ថា យើងធ្វើយ៉ាងតក់​ក្រហល់ ​គ្មានស្មារតីទទួលខុសត្រូវ។ យើងបានសិក្សាលម្អិតអស់ពេល ២៦ខែ។ បើមិនដឹងខ្យល់ទេ សូមកុំនិយាយ។ គាត់ថា មិនមែនបម្រើផលប្រយោជន៍សេដ្ឋកិច្ចក្នុងប្រទេសកម្ពុជាទេ គាត់ថាអាហ្នឹងបម្រើទៅឲ្យផលប្រយោជន៍ចិនវាតទីនិយម​។ វិទ្យុបរទេសនិយាយភាសាខ្មែរ ឬមួយថា ខ្មែរដែលធ្វើការឲ្យវិទ្យុបរទេសត្រូវជាង ដូចជាវិទ្យុអាស៊ីសេរីអី តែងតែលើកជានិច្ចកាល។ ថ្ងៃមុន គេថាអ្នកមន្រ្តីជាន់ខ្ពស់ម្នាក់នៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុថា គម្រោងព្រែកជីកនឹងបំផ្លាញខ្មែរ អត់ផលប្រយោជន៍ទេ។

ទី១ ខ្ចីជំពាក់ចិន និង ទី២ ថាអត់បានផលប្រយោជន៍ទេព្រោះវារាក់ពេក បានតែទូកនេសាទរកត្រីរបស់វៀតណាមប្រើ … ខ្ញុំមិនដឹងថាមានមន្រ្តីជាន់ខ្ពស់នៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមែនឬទេ។ ប៉ុន្តែបើតាមគាត់និយាយ ខ្ញុំមិនជឿថានៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមានមន្រ្តីជាន់ខ្ពស់ល្ងង់ដល់ថ្នាក់ហ្នឹង។ ល្ងង់យ៉ាងម៉េច? ថា ទី១ គម្រោងហ្នឹងយើងខ្ចីចិន។ គម្រោងនេះជាគម្រោង B.O.T កម្ចីឯកជន រដ្ឋគ្មានខ្ចីទេ។ បើសិនថាមន្រ្តីជាន់ខ្ពស់នៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុល្ងង់ដល់ថ្នាក់ហ្នឹង មិនស្គាល់អ្វីទៅដែលជាឥណទានកម្ចីរបស់រដ្ឋ និងអ្វីសម្រាប់ធ្វើ B.O.T ខ្ញុំថាមិនគួរកាន់តួនាទីហ្នឹង។ ប៉ុន្តែ ប្រហែលជាវិទ្យុហ្នឹងយកឈ្មោះមនុស្សយកមកដើម្បី(អោយតែ)ឲ្យគេជឿ។ ទី២ ផលប្រយោជន៍ព្រែកជីកនេះ គឺសម្រាប់បម្រើឲ្យសេដ្ឋកិច្ចរបស់យើង។ ប្រជាពលរដ្ឋទូទាំងប្រទេសបានចេញសារ(ទទួល)ស្គាល់(ពីផលប្រយោជន៍)។ ខ្ញុំមិនជឿថា មន្រ្តីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អត់ដឹងរឿងនេះ អត់យល់រឿងនេះ។ ខ្ញុំមិនជឿថា មានមន្រ្តីនៅហ្នឹងដែលល្ងង់អញ្ចឹងទេ។ អ្នកឯងយកឈ្មោះមន្រ្តីលាបពណ៌គេ អ្នកឯងគ្មានមូលដ្ឋានអី ចេះតែយកមកលាប​។

(៤០) គាំទ្រអ្នកវិភាគវៀតណាមថាព្រែកជីកហ៊្វូណនតេជោបម្រើផលប្រយោជន៍ទាហានចិន តើ សម រង្ស៊ី ស្រឡាញ់ឬប្រឆាំងខ្មែរ?

អ្វីដែលគេធ្វើប្រឆាំងផលប្រយោជន៍ខ្មែរ។ តើអ្នកឯងស្រឡាញ់ជាតិខ្មែរ ឬអ្នកប្រឆាំងជាតិខ្មែរ? សួរឲ្យច្បាស់។ ជេរខ្ញុំ។ ខ្ញុំឆ្លើយវិញ។ ឆ្លើយការពាររាជរដ្ឋាភិបាល ការពារមន្រ្តីរបស់យើងដែលខិតខំធ្វើរាប់សិបឆ្នាំ ការពារប្រយោជន៍ និងទស្សនៈប្រជាពលរដ្ឋ ដែលគាំទ្រព្រែកជីកនេះ ថាអ្វីដែលយើងធ្វើគឺផលប្រយោជន៍ជាតិ។

សំខាន់បំផុត លោកមួយចាស់វស្សា ដែលតែងតែជេរថាគេក្បត់ជាតិ តែងតែជេរគេថា បម្រើផលប្រយោជន៍ចិន ផលប្រយោជន៍វៀតណាម។ កាលពីដើមខែ អ្នកវិភាគវៀតណាមពីររូបនៅវិទ្យាស្ថានមួយថា អាហ្នឹងធ្វើទៅដើម្បីបម្រើផលប្រយោជន៍ទាហានចិន។ ឥឡូវ លោក សម រង្ស៊ី ខ្លួនឯងទៅគាំទ្រអ្វីដែលគេធ្វើប្រឆាំងផលប្រយោជន៍ខ្មែរ។ តើអ្នកឯងស្រឡាញ់ជាតិខ្មែរ ឬអ្នកប្រឆាំងជាតិខ្មែរ? សួរឲ្យច្បាស់។ ជេរខ្ញុំ។ ខ្ញុំឆ្លើយវិញ។ ឆ្លើយការពាររាជរដ្ឋាភិបាល ការពារមន្រ្តីរបស់យើងដែលខិតខំធ្វើរាប់សិបឆ្នាំ ការពារប្រយោជន៍ និងទស្សនៈប្រជាពលរដ្ឋ ដែលគាំទ្រព្រែកជីកនេះ ថាអ្វីដែលយើងធ្វើគឺផលប្រយោជន៍ជាតិ។ អ្នកឯងនិយាយទទឹងទិស ខ្ញុំមានសិទ្ធិដើម្បីបញ្ជាក់ឲ្យបងប្អូនអញ្ចឹង។ ខ្ញុំនិយាយថ្ងៃនេះរាងឮ តែមុខខ្ញុំនៅញញឹមទេ។ ថ្ងៃមុន ឮសូរ សម្ដេចតេជោ គាត់ថា ហ៊ុន ម៉ាណែត និយាយអីក៏ញញឹម។ ត្រូវ។ ដោយសារតែ សម្ដេចតេជោ និង សម្ដេចកិតិ្ត ទើបបានខ្ញុំមក … កាលនៅសា​លា​ទាហានឆ្នាំដំបូងត្រូវថ្មោងជាងគេ ដោយសារមុខញញឹម។ យើងនាយទាហានថ្មីចូលទៅ។ ថ្នាក់ធំមកសម្លុត។ គេប្រាប់ថាយើងត្រូវធ្វើមុខខ្លាច។ ដល់ទៅយើងធ្វើមុខខ្លាចមិនកើត។ ទៅមុខញញឹម។ គេដាក់កាន់តែខ្លាំង។ តែជួបលោកយាយៗ សុំថើប ថាមុខអំណោយទាន។ អាហ្នឹងលាភវិញ។ អម្បាញ់មិញ បងប្អូនចូលមកថាសុំថើប ខ្ញុំជម្រាបហើយជម្រាបទៀត រឿងសុំឱបសុំថើប កុំសុំ ថើបឱបយកតែម្ដងទៅ។ ដល់ឡើងឆ្នាំទី៣ គេឲ្យកាន់កូនទាហាន គេនិយាយគ្នា ចុម៎ មេហ្នឹងមុខញញឹម ប៉ុន្តែកាចម៉េះ? ធ្វើម៉េច ធ្វើមុខកាចមិនកើត។

(៤១) ធ្វើព្រែកជីកហ៊្វូណន–តេជោ នឹងចំណេញទាំងចម្ងាយ ពេលវេលា ថ្លៃ និងបន្ធូរនីតិវិធី

ខ្ញុំសូមប្រតិកម្មជាសារជូនអ្នកនយោបាយចាស់វស្សា សម រង្ស៊ី ដែលតាំងខ្លួនជាអ្នកសេដ្ឋកិច្ចនោះ ដោយសួរមួយម៉ាត់ថា តើកម្ពុជាចំណេញ ឬខាត បើយើងធ្វើព្រែកជីកនេះហើយ? ឥឡូវឆ្លងកាត់ម្ដងៗ តាមព្រំប្រទល់ទៅសមុទ្រ យើងត្រូវប្រើពេលវេលា និងនីតិវិធីច្រើនណាស់ ព្រោះនៅវៀតណាមមានច្បាប់បារ៉ាស់ពេលយើងទៅ។ ចម្ងាយបូកនឹងពេលវេលា។ ពេលដែលយើងធ្វើព្រែកជីកនេះហើយ ការឆែកឆេរក៏នឹងបន្ថយ ហើយ(ពេញដោយ)សិទ្ធិនៅក្នុងការធ្វើដំណើរ។ សំណួរសួរថាតើចំណេញឬខាត? តាំងខ្លួនជាអតីតរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ត្រូវឲ្យយល់។ យើងឆ្លងម្ដងៗ ត្រូវសុំគោលការណ៍។ ពេលណាដែលព្រំដែនត្រូវបិទ ដូចជំនាន់កូវីដ​-១៩ យើងឆ្លងមិនរួច។ ត្រូវរង់ចាំ។ សូម្បីតែឥឡូវហ្នឹង ពេលខ្លះបាតុភូតធម្មជាតិ ទឹកជោរ ទឹកនាចហ្នឹង ក៏ធ្វើឲ្យកប៉ាល់យើងកឿង ចំណាយពេល(វេលាច្រើន)។ តែចេញតាមព្រែកជីករបស់យើង គឺម៉ោងណាក៏បានដែរ​។ អាហ្នឹងដូចទូកដ និងស្ពានអញ្ចឹង។ ទូកដឆ្លងបានតែពេលដែលគេរត់ទេ តែបើយើងធ្វើស្ពានហើយម៉ោងណាក៏ឡើងបានដែរ។ ធ្វើព្រែកជីក​នេះ គឺ(ប្រៀបនឹង)ធ្វើស្ពានផ្លូវទឹក ពីសមុទ្រមកទន្លេរបស់យើង ដើម្បីការដឹកជញ្ជូនរបស់យើង ដើម្បីផលិតផលកសិកម្ម ដើម្បីផលិតផលផ្សេងៗដែលដឹកតាមផ្លូវទឹក កាត់បន្ថយចំណាយពេលវេលា តម្លៃ ដើម្បីជួយសេដ្ឋកិច្ចរបស់យើង។

សួរលោកចាស់វស្សា រាល់ថ្ងៃនេះ យើងដឹកចេញទៅកំពង់ផែអន្តរជាតិរបស់វៀតណាម។ តើវាអាក្រក់ទេ? វាខាតទេ? បើយើងបើកច្រកនេះ ដើម្បីដឹកទំនិញចូលទៅផែអន្តរជាតិរបស់កម្ពុជាតែម្ដង ផែកំពង់សោម ផែកំពត (ជាដើមវាចំណេញទេ)។ ថ្ងៃ៦ (មិថុនា) ខ្ញុំនឹងទៅសម្ពោធ (ផែកំពត)។ តើមួយណាចំណេញជាង? សូម្បីតែប្រជាពលរដ្ឋក៏យល់ច្បាស់លើការងារនេះ។ ជាថ្មីម្ដងទៀត សូមបញ្ជូនសារទៅលោកអ្នកនយោបាយចាស់វស្សា ដែលថាលោកមានចំណេះដឹងខាងសេដ្ឋកិច្ច សូមបកស្រាយឲ្យយល់និងតម្កល់ផលប្រយោជន៍ជាតិជាធំ កុំឲ្យប្រឆាំងដើម្បីតែប្រឆាំង ប្រឆាំងគ្រប់ពេលប្រឆាំងគ្រប់ប្រធានបទ។ សូម្បីតែគម្រោងដែលផលប្រយោជន៍សម្រាប់ប្រ​ជា​ជនខ្លួនឯង ក៏ហ៊ានជំទាស់ ក៏ហ៊ានធ្វើឲ្យមានបញ្ហា ឲ្យមានការបែកបាក់ក្នុងការគាំទ្រ។ គួរតែខ្មែរយើងប្រមូលគ្នា ដើម្បីគាំទ្រផលប្រយោជន៍ជាតិ ដើម្បីបានព្រែកជីកមួយនេះ។ ថាជំនាន់កូវីដ-១៩ ទៅចុះ គាត់នាំគ្នាទៅចាក់វ៉ាក់សាំង បន្លាចខ្មែរកុំឲ្យចាក់ រឿងមួយទៅ ឥឡូវផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋជាកសិករ ជានេសាទ និងប្រជាពលរដ្ឋយើងទូទាំងប្រទេស។​

(៤២) ព្រែកជីកហ៊្វូណនតេជោ ផ្តល់ប្រយោជន៍តកូនតចៅ ពង្រឹងភាគនិរតី តំបន់សមុទ្រ តំបន់ព្រំដែន កុំខ្លាច សម្ដេចតេជោ បានក្រេឌីត

ជាមួយគ្នានេះ ខ្ញុំសូមអរគុណសាជាថ្មីជូនទៅដល់ប្រជាពលរដ្ឋយើងទូទាំងប្រទេស ទាំងក្នុងនិងក្រៅប្រទេស ដែលបានចេញសារ ចេញញត្តិ ចេញជាសំឡេងគាំទ្រគម្រោងជាតិនិយមមួយនេះ គឺគម្រោងព្រែកជីកហ៊្វូណន-តេជោ ដើម្បីផលប្រយោជន៍ខ្មែរ។ សូមបន្តនូវយន្តការនេះ។ ព្រែកជីកមួយនេះ ជាប្រធានបទមួយគត់ លើកលែងតែ monsieur ​ហ្នឹង។ សូម្បីតែអ្នកដែលមាននិន្នាការប្រឆាំងវាយប្រហារខ្ញុំមួយចំនួនក៏គាំទ្រ។ នេះបានន័យថាគេយល់អំពីប្រធានបទផលប្រយោជន៍ជាតិ។ ត្រូវគិតថាស្អីដែលបានគឺបានទាំងអស់គ្នា កុំឈឺក្បាលរឿងអ្នកណាធ្វើ។ កុំខ្លាច សម្ដេចតេជោ បានក្រេឌីត កុំខ្លាចខ្ញុំឬរាជរដ្ឋាភិបាលបានក្រេឌីត។ គឺថាពីសមិទ្ធផលហ្នឹងបានផលប្រយោជន៍សម្រាប់យើងទាំងអស់គ្នា តកូនតចៅទៅមុខទៀត។ ពង្រឹងភាគនិរតីប្រទេសយើង ពង្រឹងតំបន់សមុទ្ររបស់យើង ពង្រឹងតំបន់ព្រំដែនរបស់យើង គឺធ្វើឲ្យប្រទេសយើងកាន់តែរឹងមាំ។ យើងរួមគ្នាធ្វើ។

(៤៣) ស្មារតីជាតិនិយមគាំទ្រគំរោងព្រែកជីកហ៊្វូណនតេជោ មហិមាជាងថវិកា ១០ពាន់លានទៅទៀត

ពាក់ព័ន្ធនឹងចំណុចមួយដែលខ្ញុំចង់លើក។ ការចូលរួមនេះ ខ្ញុំឃើញស្មារតីផុសផុលល្អ។ ប៉ុន្តែចំណុចមួយមានការសួរមកខ្ញុំ អំពីការចូលរួម។ មានបងប្អូនផុសផុលចង់បង្កើតមូលនិធិ ចង់បង្កើត account ដើម្បីឲ្យបងប្អូនមានបដិ​ភាគក្នុងការចូលរួមជួយគាំទ្រ។ ខ្ញុំសុំបញ្ជាក់អញ្ចេះ ពេលនេះគឺយើងមិនមានតម្រូវការដើម្បីបងប្អូនចូលរួមជាថវិ​កានោះទេ។ យើងបានគិតគូរពីគម្រោងហិរញ្ញវត្ថុធានារាប់ឆ្នាំមកហើយ។ យើងស្វាគមន៍ ហើយអរគុណធំណាស់ក្នុងទឹកចិត្ត និងស្មារតីគាំទ្រ ស្មារតីជាតិនិយមនេះ។ នេះជាកម្លាំងធំណាស់។ ធំជាងថវិកា ១០ពាន់លានទៅទៀត។ ផ្ទះយើងមានសន្តិភាព ផ្ទះយើងមានសុខដុមរមនីយកម្ម គេថាសុភមង្គលក្នុងគ្រួសារ ដែលយើងរួមគ្នាកសាងនូវសមិទ្ធផលថ្មីសម្រាប់ខ្លួនយើង និងកូនចៅយើងបន្តទៅទៀត។ នេះហើយជាកម្លាំងជាតិនិយមមហិមា ដែលរួមគ្នាដើម្បីផលប្រយោជន៍ជាតិ ដើម្បីឯករាជ្យជាតិ ដើម្បីភាពម្ចាស់ការ តកូនតចៅរាប់សិបឆ្នាំ។ ខ្ញុំសូមបញ្ជាក់ ហើយសូមអរគុណណាស់ចំពោះទឹកចិត្ត តែមិនមានការចាំបាច់បង្កើតមូលនិធិ ឬមួយប្រមូលថវិកាអីនោះទេ។ ខ្ញុំសូមបញ្ជាក់ ក្រែងលោមានអ្នកឆ្លៀតឱកាស។ រដ្ឋាភិបាលអត់មានគម្រោងបង្កើត ឬប្រមូលថវិកាបងប្អូនដើម្បីធ្វើគម្រោងនេះទេ។

មានអ្នកច្នៃប្រឌិតច្រើន។ ថ្ងៃមុន ច្នៃប្រឌិត ខ្ញុំមើលវាហួសចិត្ត។ ចែកដី ៦ពាន់ឡូត៍ សំខាន់សម្ភាសន៍ live ទៀត។ ថាលួចចេញខ្សិបៗទៅមិនអីទេ សម្ភាសន៍ live ផ្ទាល់ទៅទៀត។ ចែកដី ៦ពាន់ឡូត៍ ជំនួយមនុស្សធម៌។ ដល់ លោកប្អូន ហ៊ន​ គាត់ផ្សាយទាំងសប្បាយចិត្តឡើងញ័រដៃ មានអ្នកមាន(មកចែកដី)។ ដល់ក្រោយមក រឿងហ្នឹងបែក។ កុំហៅ អាហ៊ន ទៅផ្សាយរឿងមនុស្សធម៌ទៀត … មានអ្នកច្នៃច្រើន។ យកដីរដ្ឋទៅពុះបានគុណសម្បត្តិឲ្យហ្វ្រ៊ី។ អញ្ចឹង ក្រែងលោមានអ្នកណាឮសូរអញ្ចឹង ទៅបង្កើតមូលនិធិហើយដាក់ឈ្មោះខ្ញុំ profile ខ្ញុំ ដាក់ឈ្មោះអីហ្នឹង។ អត់ទេ។ តាម ​Telegram អីហ្នឹង។ ខ្ញុំសុំប្រកាស។ មិនចាំបាច់ ហើយក៏មិនត្រូវរៀបចំ។ នៅម៉ោងនេះ រដ្ឋាភិបាលមិនមានគោលការណ៍រៀបចំនៅក្នុងការប្រមូលថវិកាបងប្អូនទេ។ សុំតែការគាំទ្រជាកម្លាំងចិត្ត ស្មារតីជាតិនិយមនេះហើយ នេះធំធេងពេកទៅហើយ។

(៤៤) ត្រៀមសេណារីយោហិរញ្ញវត្ថុ ៣ ប្រភេទសំរាប់ការអនុវត្តគំរោងព្រែកជីកហ៊្វូណនតេជោ

មានគេសួរខ្ញុំថា បងប្អូនមានការបារម្ភ ថាបងឯងប្រកាសអញ្ចឹង សម្ដេចតេជោ ប្រកាសអញ្ចឹង ចុះបើសិនជាក្រុមហ៊ុនវិនិយោគហ្នឹងទៅរកបរទេសដែលយើងឲ្យចុះកុងត្រានិងរៀបចំឲ្យធ្វើហ្នឹង គាត់ទៅរកមូលនិធិថវិកាមិនបាន តិចធ្វើមិនចេញ។ មិនខ្មាសគេ? ខ្ញុំប្រាប់គាត់វិញ យើងស្វាគមន៍វិនិយោគពីបរទេស ដែលបានធ្វើកិច្ចការមួយចំនួនទៅហើយ។ យើងលើកទឹកចិត្ត។ ប៉ុន្តែ ខ្ញុំសូមបញ្ជាក់ មានឬមិនមានការចូលរួមវិនិយោគបរទេស ខ្មែរត្រូវតែធ្វើឲ្យមានគម្រោងមួយនេះ អត់មានថយក្រោយទេ។ យើងបានរៀបចំសេណារីយោ ៣ តង់ រួចហើយ។ ឯកឧត្ដម ស៊ុន ចាន់ថុល ជាមួយខ្ញុំពិភាក្សាគ្នាហើយ។ សេណារីយោរូបមន្តដែលធ្វើឲ្យរូបភាពនេះ បើសិនជាគ្មានវិនិយោគបរទេសចូល គ្មានថវិកា យើងនឹងធ្វើឲ្យទាល់តែបាន វាអត់មានខាតអីទេ។ សេណារីយោ ៣ ដំណាក់។ រូបមន្ត ៣ ដែលត្រូវធានាឲ្យបាន។ គម្រោងនេះដាច់ខាតត្រូវតែធ្វើឲ្យចេញ (ទោះបី)មានការចូលរួមឬមិនចូលរួមពីវិនិយោគបរទេស និយាយឲ្យច្បាស់អញ្ចឹងតែម្ដង។

ខ្ញុំសង្ឃឹមថា នឹងមានឱកាសជិះទូក ជិះកាណូតតាមព្រែកជីកនេះ ពីទន្លេងទៅសមុទ្រ។ សង្ឃឹមថា បងប្អូននឹងសាកល្បងដែរ។ ថ្ងៃណាមួយ ពេលដែល(ព្រែកជីកហើយ) នឹងអាចមានក្រុមហ៊ុនដាក់ទូកល្បឿនលឿនពីសៀមរាបទៅខេត្តកែប។ ខ្ញុំនឹងសាកល្បងដែរ។ ខ្ញុំធ្លាប់ជិះកាណូតលឿនបានម្ដង ពីភ្នំពេញទៅសៀមរាប។ ខ្ញុំឆ្ងល់ថាហេតុអីគេចូលចិត្តអង្គុយលើដំបូលម៉្លេះ? ដល់ចូលជិះទើបយើងដឹងថានៅខាងក្នុងពុល(រលក)។ អញ្ចឹងជិះទៅដល់នោះ ស្អែកឡើងគឺថាសល់តែភ្នែកទេពណ៌ស ព្រោះពាក់វែនតាខ្មៅ។ ក្រៅពីហ្នឹងគឺថាគេច្រឡំបងប្អូនមកពីទ្វីបផ្សេង។ យើងមានកាណូត មានទូកលឿន តែត្រឹមពីភ្នំពេញទៅ(សៀមរាប)នោះទេ។ បន្តិចទៀត អាចនឹងភ្ជាប់ទៅ(ដល់សមុទ្រ)។ ការដឹកកសិផល ដឹកទំនិញអីផ្សេងៗ តាំងពីទិសខាងជើង ពីក្រចេះ ពីអីមកនោះ។ ថ្ងៃមុន ខ្ញុំបានជួបឯកឧត្ដម ប្រធានាធិបតីឡាវ។ គាត់និយាយពីការបង្កើតផ្លូវ។ យើងអាចភ្ជាប់ទំនិញពីប្រទេសជិតខាង ពីឡាវ ពេលខ្លះពីវៀតណាម រុញទៅសមុទ្រខាងនេះក៏មាន ពីថៃឡើងមកក៏មាន។ ប្រើប្រាស់(ទាំង)ផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹក មិនមែនសម្រាប់តែកម្ពុជាទេ។ គឺប្រជាពលរដ្ឋនៅតាមសណ្ដព្រែកនេះ គឺចរន្តពាណិជ្ជកម្មនឹងធំតែម្ដង។

(៤៥) សង្ឃឹមថានឹងអាចបើកការដ្ឋានក្នុងឆ្នាំ២០២៤ ឬ ក្នុងឆ្នាំ ២០២៥យ៉ាងយូរ

យើងនឹងខិតខំ។ នៅក្នុងប៉ុន្មានខែឆាប់ៗ ខាងមុខនេះ ចូលទៅដល់កិច្ចព្រមព្រៀងមួយតង់ទៀត។ ខ្ញុំបានស៊ីញ៉េនៅខែ១០ កាលពីខ្ញុំទស្សនកិច្ចផ្លូវការនៅចិន គឺរាជរដ្ឋាភិបាលរបស់យើងបានស៊ីញ៉េជាមួយក្រុមហ៊ុនរួចហើយ អំពី Framework Agreement គេហៅថា កិច្ចព្រមព្រៀងក្របខណ្ឌដើម្បីធ្វើ។ ខ្ទង់ខែ ៧-៨និង៩​ នេះ យើងនឹងស៊ីញ៉េមួយតង់ទៀត។ យើងសង្ឃឹមថា នឹងអាចរៀបចំបើកការដ្ឋានសាងសង់នៅក្នុងឆ្នាំ ២០២៤នេះ យ៉ាងយូរឆ្នាំ២០២៥ … ជាការប្ដេជ្ញាចិត្តដើម្បីធ្វើ។ លោកដែលថាស្រឡាញ់ជាតិនោះ គួរពិចារណា ហើយមើលពីសម្ទុះនៃការគាំទ្ររបស់ប្រជាជន កុំប្រឆាំងដើម្បីតែប្រឆាំង។ រួមគ្នា។ ខ្ញុំសូមអំពាវនាវបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ គ្រប់សាសនា គ្រប់និន្នាការ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលរបស់យើង ដើម្បីគាំទ្រទៅដល់ការធ្វើគម្រោងព្រែកជីក ហ៊្វូណន-តេជោ នេះឲ្យបានជោគជ័យ …។

(៤៦) កូនចៅជំនាន់ក្រោយបន្តកសាងសមិទ្ធផលធំៗ ជាប្រវត្តិសាស្រ្ត លើទឹកដីអង្គរ

សមិទ្ធផលកម្រិតប្រវត្តិសាស្រ្តដែលយើងបានធ្វើក្នុងអាណត្តិមុន នឹងបន្តធ្វើនៅអាណត្តិនេះ មានច្រើនណាស់។ អាណត្តិនេះ យើងសម្ពោធព្រលានយន្តហោះនៅសៀមរាបមួយ កម្រិតអន្តរជាតិជាប្រវត្តិសាស្រ្ត។ ២០២៥ យើងនឹងបើកមួយទៀតនៅភ្នំពេញកម្រិតប្រវត្តិសាស្រ្តធំមួយទៀត។ ព្រែកជីក ហ៊្វូណន-តេជោ យើងនឹងធ្វើ។ ផ្លូវល្បឿនលឿនទី១ ជាប្រវត្តិសាស្រ្តយើងបានធ្វើពីឆ្នាំទៅ យើងនឹងបន្តធ្វើតទៀត។ អញ្ចឹងគម្រោងជាប្រវត្តិសាស្រ្តជាច្រើន ត្រូវធ្វើបន្ត។ ពីជំនាន់ដើម បុព្វបុរសរបស់យើងសង់ប្រាង្គប្រាសាទអង្គរវត្តដើម្បីជាទីសក្ការៈ និងជាការបង្ហាញនូវសក្ដានុពលរបស់កម្ពុជា។ ឥឡូវ កូនចៅជំនាន់ក្រោយរបស់កម្ពុជានឹងបន្តរួមគ្នាដើម្បីកសាងសមិទ្ធផលធំៗជាប្រវត្តិសាស្រ្តបន្ថែមទៀត លើទឹកដីអង្គររបស់យើង ជាពិសេស ព្រែកជីក ហ៊្វូណន–តេជោ។ ខ្ញុំប្រាប់បងប្អូនទាំងអស់ ផ្លូវល្បឿនលឿន យើងធ្វើ ១០–២០ខ្សែបាន ព្រលានយន្តហោះយើងធ្វើ ៥–៦ បាន តែព្រែកជីកក្នុងប្រ​ទេសយើង ពីសមុទ្រទៅទន្លេ យើងធ្វើតែមួយទេ។ តែមួយនេះធ្វើឲ្យល្អ ឲ្យគ្រប់ទៅបានហើយ។ យើងធ្វើដើម្បីដឹកទំនិញ បង្កើនពាណិជ្ជកម្ម មិនមែនធ្វើដើម្បីដាក់នាវាដឹកកប៉ាល់ហោះ យកទៅចម្បាំងជាមួយអ្នកណាទេ។ ដើម្បីប្រជាពលរដ្ឋខ្មែរគ្រប់កន្លែង គ្រប់និន្នាការ រួមទាំងទេសចរណ៍ដែលចូលមកកម្ពុជា។ ថ្ងៃក្រោយ ទេសចរចូលមកមួយកប៉ាល់ cruise ធំៗ រាប់ពាន់នាក់ជិះកាណូតចូលមក ហើយនៅតាមបណ្ដោយព្រែកហ្នឹង បង្កើតរោងចក្រ តំបន់ទេសចរណ៍ ភោជនីយដ្ឋានតាមទឹកបន្ថែមទៀត។

(៤៧) តម្រង់ទិសស្មារតីជាតិនិយម គ្រប់និន្នាការ កសាងសមិទ្ធផលប្រវត្តិសាស្ត្រ ដូចជាព្រែកជីក​ ហ៊្វូណន–តេជោ នេះគឺជាអ្វីដែលខ្ញុំសូមលើកដើម្បីជាការថ្លែងអំណរគុណជូនចំពោះប្រជាពលរដ្ឋរបស់យើង។ ស្មារតីជាតិនិយមនេះធំណាស់ ស្មារតីជាតិនិយមតម្រង់ទិសត្រូវ គឺយើងធ្វើការងារធំបាន។ តម្រង់ទិសខុស យើងគ្រោះថ្នាក់។ អ្នកខ្លះយកស្មារតីជាតិនិយមដើម្បីឲ្យយើងឈ្លោះប្រកែកគ្នា លាបពណ៌គ្នា។ តែយើងត្រូវប្រមូលផ្ដុំស្មារតីជាតិនិយមដើម្បីរួមគ្នាកសាងសមិទ្ធផលរួម ដូចក្នុងពេលរួមគ្នាកសាងនូវព្រែកជីក​ ហ៊្វូណន-តេជោ នេះ គ្រប់និន្នាការទាំងអស់ លើកលែងតែមនុស្សប៉ុន្មាននាក់ដែលចេញមករឿងផ្សេង ប៉ុន្តប្រជាពលរដ្ឋទូទាំងប្រទេសបានចេញមកគាំទ្រ។ នេះហើយជាស្មារតីជាតិនិយមពិតប្រាកដ ដើម្បីបម្រើផលប្រយោជន៍ប្រទេសយើង និងអ្វីសម្រាប់កូនចៅយើងតទៅមុខទៀត។ សូមបន្តចូលរួម។ ថ្ងៃនេះ ខ្ញុំសូមតែប៉ុណ្ណឹងចុះ។ អរគុណសាជាថ្មីចំពោះគណៈកម្មការរៀបចំ ចំពោះបណ្ដាបងប្អូនទាំងអស់ដែលបានចូលរួម​នៅក្នុងកម្មវិធីនាព្រឹកនេះថ្ងៃអាទិត្យ។ ជូនពរឯកឧត្ដម លោកជំទាវ លោក លោកស្រី បងប្អូនកម្មករ និយោជិត សហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក លោកស្រី និងសមាជិក សមាជិកានៃអង្គពិធីទាំងមូល សូមជួបប្រទះនឹងពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ក្នុងឱកាសនេះផងដែរ សម្រាប់សមាជិក សមាជិកា ចូលរួមពិធី ៥ ១៨៨នាក់ ម្នាក់ៗថវិកា ១០ម៉ឺនរៀល … ជូនមន្ទីរការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈគ្រប់ខេត្ត/រាជធានី ក្នុងមួយមន្ទីរថវិកា ១០លានរៀល សហជីពកម្មករ ១៧៨ សហជីព ១លានរៀល/សហជីព ជូនក្រុមគ្រូពេទ្យប្រចាំការក្នុងអង្គពិធី ៣លានរៀលផងដែរ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ