សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបកូនក្មួយកម្មករ២៧,៥២៩ នាក់ នៅខេត្តកណ្តាល

55

នៅព្រឹកថ្ងៃពុធ ៧រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនកូនក្មួយកម្មករកម្មការិនីសរុបប្រមាណ ២៧,៥២៩នាក់មកពីរោងចក្រចំនួន២៥ នៅក្នុងខេត្តកណ្តាល។ រោងចក្រ សហគ្រាសទាំង២៥ ដែលបានចូលរួមក្នុងពិធីសំណេះសំណាលនៅថ្ងៃនេះ គឺវិនិយោគដោយវិនិយោគិនចិនចំនួន ២១រោងចក្រ, កូរ៉េ១ ,ជប៉ុន១ និងខ្មែរ២ ដែលរោងចក្រទាំងនោះមានផលិតដូចជា សំលៀកបំពាក់, ផលិតកាបូប និង ដេរប៉ាក់។

ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយយ៉ាងខ្លាំងដែលបានអញ្ជើញមកជួបសំណេះ សំណាល ជាមួយកូនក្មួយកម្មករនៅស្រុងអង្គស្នួលក្នុងខេត្តកណ្តាលជាថ្មីម្តងទៀតបន្ទាប់ពីថ្ងៃម្សិលមិញ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកូនក្មួយទាំងអស់ដែលបានគោរព ស្រលាញ់សម្តេចជារៀងរហូតមក។ ទន្ទឹមនឹងនេះ សម្តេចតេជោ ក៏បានអរគុណដល់ម្ចាស់រោងចក្រទាំងអស់ដែលបានអនុញ្ញាតឲ្យកូនក្មួយកម្មករបានឈប់សំរាកនៅថ្ងៃនេះដោយមានប្រាក់ឈ្នួលពេញ ដែលនេះបានបង្ហាញពីក្តីស្រឡាញ់និងយកចិត្តទុកដាក់ព្រមទាំងសាមគ្គីភាពល្អរវាងកម្មករ និងម្ចាស់រោងចក្រ។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកផងដែរថាកម្ពុជាបានឆ្លងកាត់នូវភ្លើងសង្គ្រាមដ៏រាំរ៉ៃជាច្រើនជំនាន់ ដែលបានបំផ្លិចបំផ្លាញប្រទេសជាតិស្ទើររលាយទាំងស្រុង ជាពិសេសក្នុងរបបប្រល័យពូជសាសន៍ ប៉ុលពត។ តាមរយៈគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន គឺបានប្រែក្លាយតំបន់មានសង្គ្រាមក្លាយជាតំបន់សន្តិភាព និងការអភិវឌ្ឍន៍។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន មានមោទនភាពចំពោះវឌ្ឍនៈភាពរីកចម្រើនរបស់ប្រទេសកម្ពុជាសព្វថ្ងៃ ដែលយើងបានខិតខំទាំងអស់គ្នាតាំងពីបាតដៃទទេ រហូតក្លាយជាប្រទេសលំបាកតោកយ៉ាកដែលមានប្រាក់ចំណូលមធ្យមកម្រិតទាបចាប់តាំពីឆ្នាំ២០១៥មកម៉្លេះ។

តាមរយៈចក្ខុវិស័យដឹកនាំ និងតាមមាគា៍នយោបាយច្បាស់លាស់របស់រាជរដ្ឋាភិបាលបច្ចុប្បន្ន ដែលដឹកនាំដោយសម្តេចតេជោ គឺមានទិដៅអភិវឌ្ឍប្រទេសកម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងមានមហិច្ឆតាក្លាយជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។

សម្តេចតេជោនាយករដ្ឋមន្ត្រី ចង់អោយរោងចក្រទាំងអស់ដែលបានវិនិយោគនៅក្នុង ប្រទេសកម្ពុជាគឺក្លាយទៅជាសហគមន៍ដ៏សុខសាន្តមួយ។ ជាមួយគ្នានេះ ម្ចាស់រោងចក្រត្រូវមានការ គោរពស្រលាញ់គិតគូ និងយកចិត្តទុក្ខដាក់ឲ្យបានដិតដល់ចំពោះកម្មករ ហើយកម្មករវិញត្រូវខិតខំបំពេញតួនាទីការងារឲ្យបានល្អត្រលប់ទៅវិញដើម្បីបង្កើតបានជាសាមគ្គីភាពរវាងម្ចាស់រោងចក្រ និងកម្មករ។ ទន្ទឹមនឹងនេះម្ចាស់រោងចក្រត្រូវខិតខំកសាងបន្ថែមទៀតនូវអ្វីដែលខ្វះខាតនៅតាមរោងចក្រខ្លួនដូចជា គិលានដ្ឋាន កន្លែងទទួលទានអាហារ ដើម្បីបង្កភាពងាយស្រួលដល់កម្មករពេល ទទួលទានអាហារ និងនៅពេលសង្រ្គោះបន្ទាន់។

ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន បានញ្ជាក់ថា នៅថ្ងៃបោះឆ្នោតខាងមុខនេះ គឺកូនក្មួយកម្មករនឹងបានឈប់សម្រាកចំនួន៣ថ្ងៃ គឺថ្ងៃទី ២៨, ២៩ និងទី៣០ ដោយទទួលបានប្រាក់ឈ្មួលពេញ ដើម្បីត្រៀមខ្លួនទៅបោះឆ្នោតថ្នាក់ជាតិនៅថ្ងៃទី ២៩ កក្កដា ឆ្នាំ២០១៨ ក្នុងនោះគឺសិស្សនិស្សិតក៏ត្រូវបានឈប់សម្រាក៣ថ្ងៃដូចគ្នា។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បន្តដាក់ចេញនូវសារសំខាន់ៗ ៩ចំនុចដើម្បីឲ្យក្រសួង និងស្ថាប័នពាក់ពន្ធ័អនុវត្តឲ្យមានប្រសិទ្ធភាពៈ

១)ត្រូវអនុវត្តប្រាក់ខែអប្បបរិមា ១៧០ ដុល្លារ ចាប់ពីថ្ងៃ១ ខែមករា ឆ្នាំ២០១៨ តទៅ។

២)ត្រូវអនុវត្តការចុះពិនិត្យនៅតាមមន្ទីពេទ្យរដ្ឋ ចំពោះការពិនិត្យសុខភាព និងការព្យាបាល កម្មករកម្មការិនីរោងចក្រ រួមទាំងកីឡាករ កីឡាការិនី ក្រុមប្រឹក្សាភូមិ ឃុំ ក៏ត្រូវបានអនុវត្តដូចគ្នាជា ពិសេសរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងក្រសួងការងារត្រូវធ្វើអោយបានម៉ត់ចត់។

៣)ត្រូវអនុវត្តចំពោះស្រ្តីមានផ្ទៃពោះសំរាលកូនគឺនឹងទទួលបានពេលវេលាឈប់សម្រាក ពីការងាររយៈ ពេល៣ខែ ហើយទទួលបានប្រាក់ខែ ១២០% (៥០% ដោយក្រុមហ៊ុន និង ៧០%ដោយបេឡាជាតិ) ក្រសួងពាក់ព័ន្ធត្រូវតាមដានការងារឲ្យបានដិតដល់ចំពោះការអនុវត្តសកម្មភាពនេះ។

៤.ត្រូវអនុវត្តចំពោះកម្មការិនីសម្រាលបានកូន(១)គឺទទួលថវិកា៤០ម៉ឺនរៀល និងពិនិត្យផ្ទៃពោះដោយឥតគិតថ្លៃ។ បើសម្រាលបានកូនភ្លោះ (២) គឺទទួលបានថវិកា៨០ម៉ឺនរៀល។ បើសម្រាលបានកូន(៣)គឺទទួលបានថវិកា១លាន២សែនរៀលហើយបូកប្រាក់ឧបត្ថម្ភចំនួន៥លានរៀលទៀតពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានជម្រាបផងដែរថា នៅពេលដ៏ខ្លីខាងមុខនេះ ចំពោះកូនក្មួយកម្មការិនីក្រីក្របំផុតនោះគឺនឹងទទួលបាននូវប្រាក់ឧបត្ថម្ភប្រមាណ ៧៦០,០០០៛ (១៩០ដុល្លារ)។

៥)ត្រូវអនុវត្តចំពោះរបបសន្តិសុខសង្គម ដោយចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ តទៅ កម្មករកម្មករនីមិនចាំបាច់បង់ទៀតទេ គឺម្ចាស់ក្រុមហ៊ុនជាអ្នកបង់ជំនួស ១០០%។

៦)អនុវត្តតាមដានមើលបញ្ហា ទឹក ភ្លើង គឺត្រូវខិតខំបន្ត តទឹកតភ្លើងដល់ផ្ទះរបស់កម្មករយើង ដែលនៅឆ្ងាយដែលមិនទាន់ទៅដល់ឲ្យបានគ្រប់គ្រាន់ និងតំលៃផ្ទះជួលដល់កម្មករកម្មការិនីកុំ អោយមានការឡើងថ្លៃក្នុងឆ្នាំ២០១៨ ពីព្រោះកន្លងមកយើងមានកំណត់រួចរាល់ហើយ។

៧)អនុវត្តប្រាក់សោធននិវត្តន៍ ចាប់ពីឆ្នាំ ២០១៩ ទៅក្មួយកម្មករ និងទទួលបានប្រាក់ ចូលនិវត្តន៍(ប្រាក់រឺត្រែត)ដូចច្នេះក្នុងរយៈពេល១ឆ្នាំ(២០១៨)ត្រូវត្រៀមរៀបចំអោយហើយដើម្បីឲ្យដំណើរការបានល្អនៅក្នុងឆ្នាំ២០១៩នូវរបបសោធននិវត្តន៍នេះ។

៨)អនុវត្តចូលរួមបន្តយកចិត្តទុកដាក់និងដោះស្រាយបញ្ហាផ្សេងៗដែលបងប្អូនពលករទៅក្រៅប្រទេសជួយសម្រួលនូវបែបបទលិខិតបទដ្ឋានផ្លូច្បាប់នានា និងដើម្បីទទួលបាននូវល័ក្ខខ័ណ្ឌការងារ ល្អប្រសើរ។

៩)ក្រសួងការងារត្រូវចុះអនុវត្តតាមដានភ្លាមៗឲ្យបានដិតដល់ និងចូលរួមដោះស្រាយបញ្ហាប្រឈម នានាចំពោះកម្មករ នៅពេលដែលម្ចាស់រោងចក្ររត់ចោល។ ក្នុងនោះគឺត្រូវដោះស្រាយផ្តល់ ប្រាក់ឈ្នួលជាបន្ទាន់ដល់កម្មករ កម្មការិនីដែលបានធ្វើការ ក្នុងពេលដែលថៅកែរោងចក្របានរត់ចោល ហើយត្រូវបន្តដោះស្រាយបញ្ហានានាជាមួយម្ចាស់រោងចក្រដោយផ្ទាល់។ ទន្ទឹមនឹងនោះដែរ គឺត្រូវជួយ រកការងារធ្វើដល់កម្មករ កម្មការិនីអោយបានឆាប់បំផុត។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានជូនពរបងប្អូនកូនក្មួយកម្មករ កម្មការិនី និយោជកទាំងអស់ជួបតែសេចក្តីសុខចម្រើនគ្រប់ៗគ្នា។ បន្ទាប់មក សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញប្រគល់ជូនថវិកាឧបត្ថម្ភលើកទឹកចិត្តដល់កូនក្មួយកម្មការិនីមានផ្ទៃពោះចំនួន (១,០៨៥) នាក់ប្រកបដោយបរិយាកាសរីករាយ ស្និទ្ឋស្នាល កក់ក្តៅ និងដោយក្តីស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត៕