ពិធី​បើក​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍ ២៥ឆ្នាំ នៃទំនាក់​ទំនង​ក្នុង​ភាពជាដៃគូ​សន្ទនាអាស៊ាន-ឥណ្ឌា

58

កិច្ចប្រជុំកំពូលរំ​លឹកខួបអនុស្សាវរីយ៍២៥ឆ្នាំ នៃទំនាក់ទំនងក្នុង​ភាពជាដៃ​គូសន្ទនាអាស៊ាន-ឥណ្ឌា បានប្រារព្វ​ពិធីបើក​ជាផ្លូវ​ការ​​ហើយ កាលពីរៀល​ថ្ងៃទី២៥ មករា នៅទី​ក្រុង​ញ៉ូវដែល្លី សាធារណរដ្ឋឥណ្ឌា។ ប្រមុខរដ្ឋ​ប្រមុខរដ្ឋា ភិបាល នៃ​ប្រទេស​អាស៊ាន​ទាំង១០ប្រទេស បានយាង និងអញ្ជើញ​ចូលរួ​មកិច្ចប្រជុំ​កំពូល​ដ៏មាន​សារ​សំខាន់នោះ ក្រោមវត្តមាន នៃការ​ធ្វើគារ​វកិច្ចពី ឯកឧត្តម រ៉ាំ ណាតកូវីន ប្រធានាធិបតី នៃសាធារណរដ្ខឥណ្ឌា និងលោកជំទាវ ឯក​ឧត្តម វេនកាយអាស ណៃឌូ អនុប្រធានាធិបតី និងលោកជំទាវ ឯកឧត្តម ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្រ្តី នៃសាធា​រណរដ្ឋឥណ្ឌា។   កិច្ចប្រជុំ​កំពូល​រំលឹកខួប​អនុស្សាវរីយ៍​២៥ឆ្នាំ នៃទំនាក់ទំនងក្នុង​ភាពជា​ដៃគូ​សន្ទនា​អាស៊ាន-ឥណ្ឌា បានប្រារព្វ​ធ្វើឡើង ក្រោមប្រធានបទ កិច្ចសហប្រតិបត្តិការ​លំហ​សមុទ្រ និងសន្តិសុខ។ នៅក្នុងកិច្ចប្រជុំ​កំពូល​ដ៏មាន សារសំខាន់​នោះ មេដឹកនាំ​អាស៊ាន-ឥណ្ឌា  បានប្តេជ្ញាក្នុង​​ការបន្ត​ខិតខំ​ប្រឹងប្រែ និងស​ហការ​អនុវត្ត​ផែនការ​សកម្មភាព ដើម្បី​អនុវត្ត​ភាព​ជាដៃ​គូអាស៊ាន-ឥណ្ឌា សម្រាប់​សន្តិភាព វឌ្ឍនភាព និងវិបុលភាពរួម (២០១៦-២០២០) ឲ្យបាន​ពេញ​​លេញ មានប្រសិទ្ធភាព និងទាន់​ពេល​វេលា។ មេដឹកនាំទាំង​អស់ក៏បាន​បន្តគាំទ្រ និងចូលរួម​ចំណែក​ដល់​​​សមា​ហ​រណ​កម្ម​អាស៊ាន និងដំណើរកា​រកសាង​សហគមន៍​អាស៊ាន ឆ្ពោះទៅរកការ​សម្រេច​បាន​នូវចក្ខុវិ​ស័យ​​សហគមន៍​​អាស៊ាន​ឆ្នាំ​២០២៥។ ជាមួយគ្នានេះ មេដឹកនាំទាំងអស់ បានបញ្ជាក់សារជាថ្មីពីសារ​សំខាន់​នៃការ​ថែរក្សា និងលើក កម្ពស់​សន្តិភាព ស្ថិរភាព សុវត្តិភាព និងសន្តិសុខ​លំហរ​សមុទ្រ សេរីភាពនៃការធ្វើនាវាចរ និងការហោះ​ហើរ​នៅ​ក្នុង តំបន់ និង​ការប្រើប្រាស់​ដែនសមុទ្រ​ស្របច្បាប់​ដទៃទៀត និងការធ្វើពាណិជ្ជ​កម្មក្នុង​លំហរ​សមុទ្រ​ដោយ​មិន​មានកា​ររា​រាំង ដើម្បីលើកកម្ពស់​ដំណោះស្រាយ​ដោយ​សន្តិវិធី នៃជម្លោះ ស្របតាមគោល​ការណ៍ទទួល​ស្គាល់ជា​សកល នៃ​ច្បាប់​អន្តរជាតិ រួមទាំង​អនុសញ្ញាអ​ង្គកា​រសហប្រជាជាតិ ស្ទីពីច្បាប់សមុទ្រឆ្នាំ១៩៨២(UNCLOS) និងស្តង់ដារ​ពាក់​ព័ន្ធ​នឹងការអនុវត្ត​ដោយអង្គការ​អាកាសចរណ៍ស៊ីវិលអន្តរជាតិ(ICAO)និងអង្គការលំហរសមុទ្រ​អន្តរជាតិ(IMO)។ ពង្រឹង​​កិច្ចសហ​ប្រតិបត្តិការ​លំហសមុទ្រ តាមរយៈ​យន្តការ​ដែល​មាន​ស្រាប់ រួមទាំងវេ​ទិកាទូលំទូលាយ ស្តីពីលំហរសមុទ្រ​អាស៊ាន ដើម្បីដោះស្រាយបញ្ហា​ប្រឈមរួមនានា ពាក់ព័ន្ធនឹងបញ្ហា​លំហរសមុទ្រ។ ជំរុញកិច្ចសហប្រតិបត្តិ​ការ​​កាន់​​តែ​ស៊ីជំរៅ ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​ នឹងអំពើភេរវកម្ម​គ្រប់​ទម្រង់​និងរូបភាព អំពើហឹង្សាជ្រុល​និយម និងរ៉ាឌីកាល់​និយម តាម​រយៈ ការចែក​រំលែក​ព័ត៌មាន ការពង្រឹង​ការ​អនុវត្ត​ច្បាប់ និងការ​កសាង​សមត្ថភាព។ ​ពង្រឹងកិច្ចស​ហប្រតិបត្តិការ​​រវាង​​អាស៊ាន និងឥណ្ឌា លើការកសាង​សមត្ថភាព​សន្តិសុខ​តាមប្រព័ន្ធ​អ៊ីនធើណែត និង​ការសម្រ​បសម្រួល​គោល​នយោ​បាយ​។ បង្កើន​ទំនាក់​ទំនង​សេដ្ឋកិច្ច​អាស៊ាន-ឥណ្ឌា បន្ថែមទៀត រួមទាំងការ​ប្រើប្រាស់ ឲ្យបានពេ​ញ​លេញ នូវតំបន់​​ពាណិជ្ជកម្ម​សេរី​អាស៊ាន-ឥណ្ឌា និងរងចាំការ​បញ្ចប់​ឲ្យបាន​ឆាប់ នូវភាពជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​តំបន់ ដែល​​ទំនើប​គ្រប់ជ្រុង​ជ្រោយ គុណភាព​ខ្ពស់ និងមាន​អត្ថប្រយោជន៍​ទៅវិញ​ទៅ​មក។ ជំរុញថែម​ទៀត នូវកំណើន​ប្រកប​​ដោយ​​ស្ថិរភាព និង​ចីរភាព សម្រាប់​សហគ្រាស​មី​ក្រូតូច និងមធ្យម តាមរយៈការផ្ទេរ​បច្ចេក​វិទ្យា ការផ្សព្វផ្សាយ ការ​ទទួល​យក និងការ​សម្រប​ខ្លួន ក៏ដូចជាការព​ង្រឹងការ​កសាង​សមត្ថភាព​ជំនួញ​ផ្នែក​បច្ចេកទេស បណ្តាញ​ចែកចាយ បរិក្ខារ​ហិរញ្ញវត្ថុ ការ​ទទួល​បាន​នូវ​នវានុវត្តន៍ និងកាលានុវត្តភាព ដើម្បីធ្វើសមាហរណកម្ម ទៅក្នុងខ្សែសង្វាក់​តម្លៃ​​សកល​លោកនិងតំបន់។ បន្តបង្កើនកិច្ច​សហប្រតិបត្តិការ ដើម្បីធានាសន្តិសុខស្បៀងរយៈ​ពេល​វែង និងសន្តិសុខ​ថាម​​ពល​​ក្នុងតំបន់ តាមរយៈ​ការ​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិការ​ក្នុងវិស័យ​កសិកម្ម និងថាមពល។ ធ្វើ​ការ​រួមគ្នា​ដើម្បីលើក​​កម្ពស់​​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ថាមពល​កកើត​ឡើងវិញ។ បន្តពង្រឹង​ទំនាក់​ទំនង​លើ​វិស័យ​វិទ្យា​សាស្រ្ត និងបច្ចេកវិទ្យា ទៅ​តាម​ផ្នែកពាក់​ព័ន្ធ ស្រប​ជាមួយ និងផែន​ការ​សកម្មភាព​អាស៊ាន ស្តីពីវិទ្យាសាស្រ្ត​បច្ចេកវិទ្យា និង​នវានុវត្តន៍​ឆ្នាំ​២០១៦-២០២៥។ បន្តលើកកម្ពស់​ការចូល​រួមរបស់​វិស័យ​ឯកជន និងពង្រឹង​ទំនាក់ទំ​នងរវាង​ធុរ​កិច្ច និងធុរកិច្ច តាម​រយៈ​ក្រុមប្រឹក្សា​ធុរកិច្ចអាស៊ាន-ឥណ្ឌា និងលើកទឹក​ចិត្តដល់​ព្រឹត្តិការណ៍​ពាណិជ្ជកម្ម​នានា ដើម្បីលើក​កម្ពស់កា​រ​យល់​​ដឹងអំពី​ផលិតផល និង​សវា​កម្ម​របស់​អាស៊ាន និងឥណ្ឌា ដើម្បីពង្រីក​និង​ពង្រឹង​បន្ថែមទៀត នូវទំនាក់​​ទំនងសេដ្ឋ​កិច្ច។ យើងក៏រង​ចាំផង​ដែរនូវ ការ​បង្កើត​មជ្ឈ​មណ្ឌល​ពាណិជ្ជកម្ម និងវិនិយោគ​អាស៊ាន-ឥណ្ឌា។ ពង្រឹង​បន្ថែម​ទៀត នូវទំនាក់​​ទំនងវប្បធម៌ តាមរយៈ​ការលើក​ម្ពស់​វិស័យ​បវ្បធម៌ និងការលើក​កម្ពស់រ​វាងប្រជាជន និងប្រ​ជា​ជន តាមរយៈ​កម្មវិធី​​ដូចជា កិច្ច​សន្ទនា​ដែល បណ្តាញ​ក្រុមអ្នក​វិភាគអាស៊ាន-ឥណ្ឌា កម្រងបទ​ឧទ្ទេសនាម​របស់​​ឥស្សរជន​ឆ្នើមអាស៊ាន វគ្គ​បណ្តុះ​បណ្តាលមន្រ្តីកា​រទូត ក៏ដូចជាកម្មវិធីផ្លាស់​ប្តូរសម្រាប់​និស្សិត សមាជិកសភា កសិករ ប្រព័ន្ធឃោសនា និងកម្ម​វិធី​យុវជ​នផ្សេងៗទៀត។ ពង្រឹងកិច្វសហប្រតិ​បតិ្តការអាស៊ាន-ឥណ្ឌា ក្នុងការគ្រប់គ្រង​គ្រោះ​មហន្តរាយ និងជំនួយ​​មនុស្សធម៌ រួមមាន ការគាំទ្រដ​ល់ការងារ​របស់មជ្ឈ​មណ្ឌលអាស៊ានសម្រាប់​សម្របសម្រួល ជំនួយ​មនុស្សធម៌​លើការ​​គ្រប់គ្រង​​គ្រោះមហន្តរាយ ដើម្បីសម្រេច​ឲ្យបាន​នូវសេចក្តីថ្លែងការណ៍​របស់អាស៊ាន ស្តីពី​អាស៊ាន​មួយ ការឆ្លើយត​ប​តែមួយ : អាស៊ានឆ្លើយតបរួមគ្នា​ទៅនឹងគ្រោះម​ហន្តរាយទាំងក្នុង​តំបន់ និងក្រៅតំបន់ ហើយបង្កើតភាពជា​ដៃគូ​យ៉ាង​​ជិតស្និទ្ធរវាង មជ្ឈម​ណ្ឌល​​អាស៊ាន​សម្រាប់​សម្រប​សម្រួល ជំនួយ​មនុស្សធម៌លើការ​​គ្រប់គ្រង​គ្រោះមហន្តរាយ និងដៃ​គូឥណ្ឌា ដើម្បីធ្វើឲ្យកាន់​តែ​ល្អប្រសើរ​ឡើងការ​សម្របសម្រួល​លើការគ្រប់គ្រងគ្រោះ មហន្តរាយក្នុងតំបន់។ លើក​កម្ពស់កិច្ច​សន្ទនារវាងមន្រ្តី​រដ្ឋាភិបាល និងភាគីពាក់ព័ន្ធផ្សេងៗ​ទៀត​របស់អាស៊ាន និងឥណ្ឌា ដើម្បីលើកម្ពស់ និង​កាពារ​សិទ្ធិ ក៏ដូច​ជាការផ្តល់សិ​​ទ្ធិអំណាច​ដល់ស្រ្តី និងកុមារ និងលុបបំបាត់​រាល់ទម្រង់​នៃអំពើហឹង្សា​លើពួកគេ។ បង្កើន​កិច្ច​សហប្រតិបត្តិការ​អភិរក្សា​ និងគ្រប់​គ្រងជីវៈ​ចម្រុះ តាមរយៈការផ្លាស់ប្តូរ​ចំណេះដឹង និងបទពិសោធន៍ ការធ្វើសកម្ម​ភាព​ស្រាវជ្រាវរួម និងកម្មវិធីកសាង​សមត្ថភាពដើម្បី​ដោះស្រាយការ​បាត់បង់នូវ​ជីវៈចម្រុះ និងការសឹករេ​ចរិលនៃ​ប្រព័ន្ធ​អេកូឡូស៊ី រួមទាំងគាំទ្រដល់កា​រងារ​របស់មជ្ឈម​ណ្ឌលអាស៊ាន សម្រាប់​ជីវៈ​ចម្រុះ។

បញ្ជាក់សាជាថ្មីនូវ​ការប្តេជ្ញាចិត្ត ការ​បង្កើនការ​តភ្ជាប់រូបវន្ត និងឌីជីថល ស្របតាម​ផែនការ​មេស្តីពីការត​ភ្ជាប់​អាស៊ានឆ្នាំ២០២៥ និងផែនការមេស្តីពី​​បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍​ឆ្នាំ២០២០ តាមរយៈការប្រើប្រាស់​ឥណទាន ១ប៊ីលាន​ដុល្លាអាមេរិក ដែល​ឥណ្ឌា​បានប្រកាស​ដើម្បីលើក​កម្ពស់ការ​តភ្ជាប់ហេដ្ឋារចនា​សម្ព័ន្ធជារូបវន្ត និងឌីជីថល។ ជាមួយគ្នា​នេះមេដឹកនាំអា​ស៊ាន បាន​ស្វាគមន៍ការ​បន្តគាំទ្ររបស់ឥណ្ឌា ចំពោះកិច្ច​ខិតខំប្រឹងប្រែង​របស់អាស៊ាន តាមរយៈការ​អនុវត្តផែនការ ការ​ងារទី៣ នៃគំនិតផ្តួច​ផ្តើមសម្រាប់​សមាហរណ​កម្មអាស៊ាន។

ថ្លែងទៅកាន់​បណ្តាមេដឹកនាំអាស៊ាន-ឥណ្ឌា ក្នុងកិច្ចប្រជុំ​កំពូល​ដ៏មាន​សារសំខាន់នោះ សម្តេចតេជោ នាយក​រដ្ឋមន្រ្តីបានគូស​បញ្ជាក់ថា សមិទ្ធផលដែលបាន​ឡើងក្នុងរយៈពេល​​២៥ឆ្នាំកន្លងមក ជាមោទនភាព​មួយសម្រាប់​​រូប​សម្តេច ដែលបាន​ដឹកនាំ​កិច្ចប្រជុំ​កំពូលអា​ស៊ាន-ឥណ្ឌា លើកទី១ កាលពីឆ្នាំ​២០០២ នៅទីក្រុងភ្នំពេញ និងបាន​​ដើរ​តួនា​ទីជាប្រទេសស​ម្រប​សម្រួល​ទំនាក់ទំនង​អាស៊ាន-ឥណ្ឌា ពីឆ្នាំ​២០០៩ ដល់ឆ្នាំ​២០១២ ក្នុងខណៈដែល​ឥណ្ឌា​ ទទួល​ធ្វើជាម្ចាស់​ផ្ទះរៀបចំកិច្ច​ប្រជុំ​កំពូលរំលឹក​ខួបអនុស្សាវរីយ៍​អា​ស៊ាន-ឥណ្ឌា លើកទី១ នៅឆ្នាំ២០១២ និងបាន​​ចូល​រួ​ម​ចំណែកដល់ការ​លើក​កម្ពស់ភាពជា​ដៃគូអាស៊ាន-ឥណ្ឌា ទៅជា​ដៃគូយុទ្ធសាស្រ្ត។ សម្តេចតេជោ នាយករដ្ឋមន្រ្តី​ក៏បានស្នើឲ្យមាន​ការទាញ​អារម្មណ៍ពី​មេ​ដឹកនាំអាស៊ាន-ឥណ្ឌា ក្នុងការ​ពិចារណាកំ​ណត់​នូវ​ទិសដៅ​អនាគត ​លើការ​ងារ​​សំខាន់ៗចំនួន៦ ដែលជា​ទិសដៅ​ និង​ជាចក្ខុ​វិស័យ​​ដ៏ត្រចះត្រចង់ នៃ ទំនាក់​ទំន​ងអាស៊ាន-ឥណ្ឌា។

សម្តេចតេជោ​ ក៏បាន​ថ្លែងដែរថា កម្ពុជាគាំទ្រ និងបន្តចូល​រួម ក្នុងស​កម្មភាពនានា និង​តាមរយៈយន្តការ​នានា ដែលមាន​ស្រាប់​នាំមុខ​ដោយអាស៊ាន ដើម្បីដោះស្រាយ​បញ្ហាប្រឈ​មរួម ក្នុងប​ញ្ហាលំហ​សមុទ្រ បង្កើន​ទំនុកចិត្ត និងលើកកម្ពស់​​កិច្ច​សន្ទនាក្នុ​ងចំណោមភាគី​ពាក់ព័ន្ធ ស្តីពីកិច្ចសហ​ប្រតិបត្តិការ​សន្តិសុខ​តាមសមុទ្រ ក្នុងការជួយ​សង្រ្គោះ ការរុករក ការ​ស្រាវជ្រាវ​វិទ្យាសាស្រ្ត និងការប្រយុទ្ធ​ប្រឆាំងនិង ចោរកម្មនៅក្នុង​លំហសមុទ្រ។

ជា​មួយគ្នានេះក​ម្ពុជាស្វាគមន៍​​ទស្សន​ទាន​សេដ្ឋកិច្ចពណ៌ខៀវ (Blue Economy) ដើម្បីបង្កើនកិច្ច​សហប្រតិបត្តិការលំ​ហសមុទ្រ រវាងប្រទេស​សមាជិក​​អាស៊ាន​និងដៃគូសន្ទនា ក្នុងន័យបង្កើន​ការអភិវឌ្ឍ​ប្រកប​ដោយចីរភាព និងកំណើន​​សេដ្ឋកិច្ចតំបន់ តាមរយៈការ​លើក​​ស្ទួយសកម្មភាពរួម និងគម្រោងអ​ភិវឌ្ឍន៍រួម ដែលជួយ​ដល់ការ​លើកកម្ពស់ការ​ទុក​​ចិត្តគ្នាទៅ​វិញទៅមក។

នៅក្នុងកិច្ចប្រជុំកំពូលរំលឹកខួប​អនុស្សាវរីយ៍២៥ឆ្នាំ នៃទំនាក់ទំនងភាពជាដៃ​គូសន្ទនាអាស៊ាន-ឥណ្ឌា មេដឹកនាំអាស៊ាន-ឥណ្ឌា បានឈានទៅចេញសេ​ចក្តីថ្លែងការណ៍ដែល្លី នៃកិច្ចប្រជុំកំពូលរំលឹក​ខួបអនុស្សាវរីយ៍​អាស៊ាន-ឥណ្ឌា ដើម្បីអបអរសាទរខួប២៥ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន ឥណ្ឌា។