សម្រង់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ក្នុងសន្និសីទសារព័ត៌មានរវាង សម្តេចតេជោ និងលោកជំទាវ សេក្ខ ហាស៊ីណា (Sheikh Hasina) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតបង់ក្លាដេស

23

CNV: 

ថ្ងៃនេះ ជាព្រឹ​ត្តិការណ៍ប្រវត្តិសាស្រ្តមួយទៀត ក្នុងទំនាក់ទំនងកម្ពុជាជាមួយនឹងបង់ក្លាដេស។ កាលពី ១៦ ឆ្នាំមុន គឺនៅឆ្នាំ ២០០១ លោកជំទាវបានមកទស្សនកិច្ចលើកទី ១ ថ្ងៃនេះ ជាទស្សនកិច្ចលើកទី ២ របស់លោកជំទាវនៅព្រះរាជាណាចក្រកម្ពុជា។ កាលឆ្នាំ ២០១៤ ខ្ញុំមានឱកាសទស្សនកិច្ចផ្លូវការនៅសាធារណ រដ្ឋប្រជាធិបតេយ្យប្រជាមានិតបង់ក្លាដេស ជាជោគជ័យមួយទៀតនៃចំណងទាក់ទងរវាងប្រទេសទាំង ២។ ថ្ងៃនេះ ដូច ដែល​អស់លោកអ្នកបានឃើញហើយថា ឯកសារជាច្រើនត្រូវបានចុះហត្ថលេខា ជាមួយនឹងសេចក្តីថ្លែងការណ៍រួម ដែលចាត់ទុកថាជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តក្នុងទំនាក់ទំនងរវាងប្រទេសទាំង ២។ ប្រទេសទាំង ២ ក៏បានឯកភាពគ្នាជ្រើសរើសផ្លូវនៅឯទីក្រុងភ្នំពេញ និងនៅទីក្រុងដាកា ដើម្បីដាក់ព្រះនាមរបស់ព្រះបិតាជាតិរបស់កម្ពុជា និងបិតាជាតិរបស់បង់ក្លាដេស ដែលនេះជានិមិត្តរូបនៃសាមគ្គីភាពរវាងប្រទេសទាំង ២។

ខ្ញុំសូមយកឱកាសនេះ ដើម្បីថ្លែងនូវការអរគុណចំពោះលោកជំទាវ ដែលខ្ញុំហៅថា ជាបងស្រី នូវការគាំទ្រទាំងឡាយដែលបង់ក្លាដេសបានផ្តល់ ចំពោះប្រជាជនកម្ពុជារយៈពេលកន្លងទៅ។ តាមរយៈទំនាក់ទំនងរវាងប្រទេស និងប្រទេស និងទំនាក់ទំនងភាពស្និទ្ធស្នាលរវាងលោកជំទាវ និងខ្ញុំ វាក៏បានរួមចំណែកទៅដល់ការបង្កើននូវទំនាក់ទំនងនេះ។ នៅក្នុងកិច្ចពិភាក្សារបស់យើង គឺពោរពេញទៅដោយលទ្ធផល ដែលនេះខ្ញុំចាត់ទុកថា ជាផ្នែកដ៏សំខាន់ដែលយើងបន្តរួមដំណើរជាមួយគ្នា ក្នុងឋានៈជាប្រទេសកំពុងអភិវឌ្ឍន៍។

កម្ពុជាបានផ្តល់នូវការគាំទ្រភ្លាមៗ ជាមួយនឹងសំណូមពររបស់បង់ក្លាដេស នៅក្នុងការរៀបចំបង្កើតឲ្យក្លាយទៅជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ាន ហើយកម្ពុជានឹងបន្តធ្វើការជាមួយដៃគូអាស៊ាន ដើម្បីសម្រេច​ការព្រមព្រៀងនោះ។

កម្ពុជា ក៏​បានផ្តល់នូវការគាំទ្រជាមួយនឹងភាពជាដៃគូនៅក្នុងមេគង្គ-គង្គា (Mekong-Ganga) ហើយខ្ញុំនឹងធ្វើការងារនេះជាមួយនាយករដ្ឋមន្រ្តីឥណ្ឌា នៅខែមករា ឆ្នាំក្រោយ ព្រមទាំងធ្វើកិច្ចការនេះ ជាមួយដៃ​​គូក្នុងមេគង្គផង ដើម្បីឲ្យបង់ក្លាដេសមានលទ្ធភាពអាចចូលរួមនៅក្នុងក្របខណ្ឌភាពជាដៃគូរវាងមេគង្គ-គង្គា។

យើងក៏មិនបានភ្លេច ក្នុងការពិភាក្សាទាក់ទងជាមួយនឹងជនភៀសខ្លួនយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលជាបន្ទុកដ៏ធ្ងន់ធ្ងររបស់បង់ក្លាដេស ហើយយើងវាយតម្លៃខ្ពស់ចំពោះបង់ក្លាដេស ដែលទោះបីជាប្រជាជន(ខ្លួនឯង) មានទៅដល់ ១៦០ លាននាក់ ក៏ត្រូវទទួលចិញ្ចឹមប្រជាជនប្រមាណ ១ លាននាក់ថែមទៀត ដែលភៀសខ្លួនចេញពីមីយ៉ាន់ម៉ា។ នេះយើងក៏ពិចារណារួមគ្នាទៅលើកិច្ចការខិតខំធ្វើឲ្យមានឡើងនូវមាតុភូមិនិវត្តន៍ ហើយសង្ឃឹមថា ភាគីទាំង ២ បង់ក្លាដេស និងមីយ៉ាន់ម៉ា រកឃើញនូវដំណោះស្រាយ ដែលអាចឲ្យប្រជាជនវិលត្រឡប់ទៅកាន់មាតុភូមិវិញ។

ខ្ញុំសូមអរគុណចំពោះលោកជំទាវ ដែលបានអញ្ជើញខ្ញុំទស្សនកិច្ចនៅបង់ក្លាដេសសាជាថ្មីម្តងទៀត ហើយខ្ញុំសូមទទួលយកនូវការអញ្ជើញដោយការសប្បាយចិត្ត៕

ចែករំលែក