សម្រង់​ប្រសាសន៍​​​​សម្តេច​​តេជោ ហ៊ុន សែន ក្នុង​ពិធីបើកការដ្ឋានសាងសង់ស្ពានបេតុង ឆ្លងកាត់ទន្លេសាប

48

CNV: 

ស្ពានឆ្លងទន្លេសាប សមិទ្ធផលថ្មីរបស់កម្ពុជា

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ជាទីគោរពនឹករលឹក។ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកចូលរួម ដើម្បីបើកការដ្ឋានសាងសង់ ស្ពានបេតុងឆ្លងកាត់ទន្លេ​សាបពីទិសខាងកើត ទៅទិសខាងលិច (ពីតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ទៅផ្លូវជាតិ លេខ ៥) តភ្ជាប់រវាងទីក្រុងភ្នំពេញ និងជ្រោយចង្វារ។ ហើយក្នុងពេលជាមួយគ្នានេះដែរ ក៏មានការស្ថាបនា នូវ ស្ពានដែកជាបណ្ដោះអាសន្នដើម្បីឆ្លងកាត់នៅតំបន់នេះផងដែរ។ ខ្ញុំពិតជាមានការរីករាយ ដោយសារនេះ​វាជា​សមិទ្ធ​ផលថ្មីមួយទៀតរបស់ប្រទេសកម្ពុជា និយាយជារួម ហើយវាជាសមិទ្ធផលរបស់ទីក្រុងភ្នំពេញនិយាយ​ដោយ​ឡែក។ ការអភិវឌ្ឍរបស់យើងពីមួយថ្ងៃទៅមួយថ្ងៃ តម្រូវអោយមានការអភិវឌ្ឍនូវហេដ្ឋា​រចនាសម្ព័ន្ធ​ជាចាំ​បាច់។

ថ្ងៃនេះ យើងបើកការដ្ឋានដើម្បីសាងសង់ស្ពានមួយកន្លែងទៀត នៅក្នុងចន្លោះស្ពានព្រែកព្នៅ ​​និងស្ពានជ្រោយ​ចង្វារ ដែលជាស្ពានមានរួចមកហើយ។ ហើយបើគិតនៅតាមទន្លេសាប ស្ពានថ្មីដែលយើងកសាងក្រោយពេល​ដែល​យើងមានស្ពានជ្រោយចង្វារចាស់កសាងក្នុងទសវត្សរ៍ ៦០ ជាជំនួយ​របស់​ជប៉ុន ឥឡូវនេះ ស្ពានក៏កំពុង​ត្រូវ​​ជួសជុល។ យើងបានកសាងបន្ថែមនូវស្ពាន៖ ទី ១ ស្ពានជ្រោយចង្វារទី ២ ដែលហៅថា ស្ពានមិត្ត​ភាព​កម្ពុជា​ចិន។ ទី ២ ស្ពានព្រែកព្នៅ ដែលវិនិយោគដោយវិស័យឯកជន ហើយរាជរដ្ឋាភិ​បាល​ក៏ទើប​នឹង​ទិញ​យក ដើម្បីយកមកប្រគល់សម្រាប់ការប្រើប្រាស់របស់ប្រជាជន។ ឯទី ៣ ស្ពានមិត្តភាពកម្ពុជាចិន ព្រែកក្ដាម។ ប៉ុន្តែវាមិនទាន់គ្រប់គ្រាន់ទេ អំពីតម្រូវការនៃការអភិវឌ្ឍ ទាមទារនូវការស្ថាបនានូវស្ពានបេតុងឆ្លងកាត់ទន្លេសាប នៅតំបន់អភិវឌ្ឍន៍ក្រុងរណបជ្រោយចង្វារ តភ្ជាប់មកកាន់ផ្លូវជាតិលេខ ៥។ អាចថា តភ្ជាប់រវាងទិសខាងកើត និងទិសខាងលិច។

ជាភាពចាំបាច់មិនអាចខ្វះបាន នៅក្នុងពេលវេលាដែលរាជធានីភ្នំ​ពេញ​របស់​យើង​​មាន​កំណើនមនុស្ស និងកំ​ណើនចរាចរណ៍យ៉ាងខ្ពស់នោះ ហើយវាក៏ជាផលចំណេញមួយ សម្រាប់ការអភិ​វឌ្ឍ​នូវ​ទិស​ខាងលិចដែលនឹង​ក្លាយ​ទៅជាទីក្រុងរណបសម្រាប់ទីក្រុងភ្នំពេញរបស់យើងនេះ។ ខ្ញុំពិតជាមានការរីករាយ និងសុំថ្លែងនូវការ​កោតសរ​សើចំពោះសាលារាជធានីភ្នំពេញ ក៏ដូចជាក្រុមហ៊ុន​អនិក​ជន​កម្ពុជា ដែលបានធ្វើកិច្ច​សហការណ៍​ជាមួយគ្នា ក្នុង​ការសិក្សាប្លង់។ ហើយក៏សុំថ្លែងនូវកោតសរសើរ​ចំពោះ​ក្រ​សួងសាធារណការ និងដឹកជញ្ជូន ដែលបាន​ពិនិត្យ និងផ្ដល់ការអនុម័ត​សម្រាប់ការសាង​សង់ស្ពាន​មួយ​នេះ។

ពីបាតដៃទទេ ឈានដល់កំណើនសេដ្ឋកិច្ច ៧% ក្នុងមួយឆ្នាំ

យើងត្រូវឃើញថា រាជធានីភ្នំពេញចាប់ផ្ដើមពីដំណាក់កាលដំបូងដែលមិនមានមនុស្សនៅ​នោះ​ទេ​។ នេះជាការ​ចាប់​ផ្ដើមដ៏លំបាកលំបិនរបស់យើង។ ហើយនៅតំបន់ត្រើយម្ខាងខាងណេះ កាលពីសម័យទសវត្សរ៍ ៨០ កាល​ពេលមុននោះ វាជាទីកន្លែងដែលពួកខ្មែរក្រហមម្ដងម្កាលបានមកដាក់គ្រាប់បាញ់ពីទិសខាងកើតមកទិស​​ខាង​លិច តម្រង់រកឃ្លាំងសាំងឫស្សីកែវរបស់យើង ដែលមិននៅឆ្ងាយពីទីនេះ។ ពេលនោះ ខ្ញុំនៅចាំថា យើង​បាន​បញ្ជូន​យុវជនរដ្ឋធានីភ្នំពេញកាលពីពេលនោះ ហើយនិងមន្រ្តីនៅតាមក្រសួង​ស្ថាប័ន ដើម្បីទៅកាប់ព្រៃ ដើម្បីកុំ​អោយ​​ក្លាយ​ទៅជាជម្រករបស់ខ្មែរក្រហម។ ក្រសួងនានាបានបញ្ជូនកម្លាំង​ទៅចូលរួមកាប់ឆ្ការព្រៃ​នៅ​តំបន់នោះ ហើយទីក្រុងភ្នំពេញក៏បានបញ្ជូនក្រុមយុវជន ដើម្បីទៅធ្វើការបង្កបង្កើនផលនៅទីនោះ។ តំបន់​ព្រែក​តា​សេកនេះ គឺជាតំបន់ដែលគ្មានមនុស្សនៅទេ ប៉ុន្តែឥឡូវនេះ តំបន់ទាំងនេះ ក្លាយទៅជាតំបន់​អភិវឌ្ឍន៍​ទៅ​ហើយ។

ពេលនោះ តំបន់ព្រែកតាសេក គឺជាទឹកដីខេត្តកណ្ដាលទេ ឯព្រំប្រទល់របស់ខេត្តកណ្ដាល គឺលាតសន្ធឹង​រហូត​ទៅ​ដល់គល់ស្ពានជ្រោយចង្វារឯណោះ ប៉ុន្តែ បន្ទាប់ពីការពិនិត្យនៅក្នុងរង្វង់ដើមឆ្នាំ ១៩៨៨ ដែលខ្ញុំ​បាន​ធ្វើដំ​ណើរ​ជាមួយនឹងឯកឧត្តម ថោង ខុន ពេលនោះ (គាត់)ជាប្រធានគណៈកម្មការរដ្ឋធានីភ្នំពេញ ដែលហៅថា អភិ​បាលក្រុង ក៏សម្រេចកាត់ដី កាត់ឃុំមួយចំនួននៅទិសកើតខាងណោះ ប្រគល់មកអោយរដ្ឋ​ធានីភ្នំពេញ​កាល​ពី​ពេលនោះ។ បន្ទាប់មកទៀត យើងបានកាត់បន្ថែមឃុំមួយចំនួនទៀត ហើយឥឡូវនេះ នៅត្រើយខាង​ណោះ ក្លាយទៅជាខណ្ឌជ្រោយចង្វារ មួយខណ្ឌផ្សេងទៀត។

ទីក្រុងភ្នំពេញមុននេះ ដែលមានទំហំផ្ទៃដីត្រឹមតែជាង ៣០០ គីឡូម៉ែត្រ ឥឡូវទំហំផ្ទៃដីមានទៅដល់ជិត ៧០០ គីឡូ​ម៉ែត្រការ៉េ។ នេះចាត់ទុកថា ជាការរីកចម្រើនទាំងទំហំ ទាំងស៊ីជម្រៅផងដែរ​។ តំបន់នេះ ដែលជាតំ​បន់​ព្រៃ តំបន់ដែលគ្មានការអភិវឌ្ឍ ហើយជាតំបន់ដែលដើរតាមទន្សាយ ឬក៏រកអណ្ដើក ប៉ុន្តែឥឡូវនេះ យើងក៏​បាន​ក្លាយវាទៅជាតំបន់ដែលមានការអភិវឌ្ឍ សម្រាប់បម្រើអោយការរស់នៅរបស់ប្រជាពលរដ្ឋរបស់យើង និង​ការ​អភិវឌ្ឍប្រទេសជាតិ។

ហេដ្ឋារចនាសម័្ពន្ធយើងកសាងនៅថ្ងៃនេះ​ ពិតជាមានការចាំបាច់។ បើមិនដូច្នោះទេ អ្នកដែលរស់នៅ​ត្រើយ​ម្ខាង​ខាងណោះ នឹងជួបការលំបាកឆ្លងកាត់ខាងណេះ។ អញ្ចឹងទេចំណុចនេះ យើងត្រូវមើលឃើញ​អំពីការ​ចាំ​បាច់ ហើយយើងក៏ត្រូវមើលឃើញអំពីការវិវឌ្ឍជឿនលឿន ដែលយើងបានរួមគ្នាកសាងសម្រាប់ប្រទេស​របស់​យើង​និយាយជារួម និងនិយាយដោយឡែកនៅរាជធានីភ្នំពេញ ដែលយើងចាប់ផ្ដើមពីបាតដៃទទេ ពីគំនរផេះ​ផង់​មក​ជាទីក្រុងមួយរស់រវើក ហើយសកម្មភាពសេដ្ឋកិច្ចសង្គមនៅទីនេះ ក៏មានរូបភាពសកម្មខ្លាំង​ណាស់។

សម្រាប់ប្រទេសមួយដែលមានកំណើនសេដ្ឋកិច្ចរហូតទៅដល់ ៧% ក្នុងមួយឆ្នាំ មិនមែនជាទីក្រុង ឬ​ក៏ជាប្រ​ទេស​ធ្វើសកម្មភាពធម្មតា និងអភិបាលកិច្ចស្មោគគ្រោក​(ទេ) …​ ហើយប្រែក្លាយខ្លួនពីឋានៈប្រទេសដែលក្រីក្រ ប្រទេស​ដែលមានប្រាក់ចំណូលទាប ទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប។ យើងក៏កំពុង​មាន​មហិច្ឆតាដើម្បីប្រែក្លាយប្រទេសកម្ពុជារបស់យើង​ ពីប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប អោយ​ទៅ​ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងទៅជាប្រ​ទេសដែលមាន​ចំណូល​ខ្ពស់​នៅឆ្នាំ ២០៥០។

ខ្ញុំយល់ឃើញថា ពេលវេលាដែលយើងបានឆ្លងផុតកន្លងទៅ គឺជាពេលវេលាដែលលំបាកណាស់ តែយើងអាច​សម្រេច​បាននូវជោគជ័យបែបនេះ ក្នុងស្ថានភាពដែលយើងដកពិសោធន៍អំពីជោគជ័យដែលយើងមាន​រួច​មក​ហើយ។ ការសម្រេចឈានទៅរកប្រទេសដែលមានឋានៈជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ គឺយើងមានលទ្ធភាពនឹងអាចសម្រេចនូវមហិច្ឆតានេះបាន។ ហើយនេះ គឺជាការជាក់ស្ដែងមួយនៅក្នុងអ្វីដែល​យើង​បាន​ជួបប្រទះក្នុងរយៈពេលកន្លងទៅ។ ខ្ញុំគិតថា យើងបានរួមគ្នាធ្វើការច្រើនណាស់ មិនត្រូវអោយអ្វីដែល​យើង​បាន ​និងកំពុងមានកា្ដប់ក្នុងដៃនេះ របូតផុតចេញពីដៃរបស់យើងនោះទេ។

ខួបលើកទី ២៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស

ថ្ងៃនេះ ប្រជាជនកម្ពុជានៅទូទាំងប្រទេស សុទ្ធតែបាននៅចងចាំអំពីខួបលើកទី ២៦ នៃការចុះហត្ថលេខាលើ​កិច្ច​ព្រមព្រៀងទីក្រុងប៉ារីស។ ហើយថ្ងៃនេះ ក៏ជាថ្ងៃដែលរាជរដ្ឋាភិបាលអនុញ្ញាតអោយមន្រ្តីរាជការ កងកម្លាំង​ប្រ​ដាប់អាវុធ ក៏ដូចជាប្រជាពលរដ្ឋបានឈប់សម្រាកមួយថ្ងៃ សម្រាប់អបអរសាទរនូវខួបអនុស្សាវរីយ៍លើកទី ២៦ នៃថ្ងៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ ក៏ប៉ុន្តែក្នុងឋានៈជាអ្នកដែលបានចូលរួមបង្កើត មិន​មែន​ចូលរួមទេ គឺជាស្ថាបនិក និងជាអ្នកដើរតួគន្លឹះមួយក្នុងចំណោមគន្លឹះពីរ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស យើង​ស្គាល់ហើយ មិនមែនស្គាល់ត្រឹមតែកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលវាបានកើតជារូបរាងនោះទេ យើង​បានស្គាល់​​តាំងពីចំណុចនៃការចាប់ផ្ដើមនាទីដំបូង នៃបញ្ហារបស់កម្ពុជា។

សង្ឃឹមថា អ្នកដែលបកស្រាយកិច្ចព្រមព្រៀងទីក្រុងប៉ារីសទាំងទទឹងទិសទាំងឡាយ រាប់ទាំងមិនដែលឃើញ​កិច្ច​ព្រមព្រៀងទីក្រុងប៉ារីសយ៉ាងណាផងនោះ ក៏គួរតែត្រូវយល់ខ្លឹមសារអោយបានច្បាស់អំពីកិច្ចព្រម​ព្រៀង​ទី​ក្រុង​ប៉ារីស ផ្ដើមចេញពីថ្ងៃទី ២ ខែធ្នូ ឆ្នាំ ១៩៨៧ ក្នុងពេលដែលជំនួប ដែលហៅថា ជំនួប សីហនុ-ហ៊ុន សែន ហ្វែរ​អង់តាដឺន័រ នោះហើយគឺជាការចាប់ផ្ដើមជំហានដំបូង ដើម្បីឈានឆ្ពោះទៅរកការចរចានៃបណ្ដាភាគី ដែល​មាន​ការពាក់ព័ន្ធ រវាងទៅដល់មានការចូលពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ ដើម្បីសម្រេចបាននូវ​កិច្ចព្រម​ព្រៀង​ទីក្រុងប៉ារីស។ ចំណុចនេះ គឺជាចំណុចដែលយើងចងចាំ។

ខ្ញុំនៅចាំបានថា ពេលនោះ ថ្ងៃនេះ ២៦ ឆ្នាំមុន នៅឯក្បែរទីកន្លែងនៃការចុះហត្ថលេខា គឺឆ្លងតែមួយផ្លូវទេ ដល់​សណ្ឋា​គារដែលខ្ញុំស្នាក់នៅ។ គេរៀបចំអោយនៅក្បែរកន្លែងដែលត្រូវចុះហត្ថលេខានោះតែម្ដង។ នៅប្រ​ទេស​បា​រាំង ជាមួយនឹងយើង គឺមានការខុសគ្នា ៦ ម៉ោង ដូច្នេះយើងមិនទាន់មានលទ្ធភាពដើម្បីនឹងនិយាយថា ដល់​ម៉ោង​នោះទេ នៅខ្វះប៉ុន្មានម៉ោងទៀតឯណោះ ព្រោះកិច្ចព្រមព្រៀងទីក្រុងប៉ារីសចុះហត្ថលេខានៅពេលរសៀល មិនមែនពេលព្រឹកទេ​។​

មនុស្សមួយចំនួនដែលមិនស្គាល់រឿងកិច្ចព្រមព្រៀងទីក្រុងប៉ារីស (ដូចជាធ្វើ)ចេះដឹងច្រើនពេកទេដឹង? ចេះដឹង​លើស​ការពិត។ ប៉ុន្តែសុំអោយត្រឹមថា ស្គាល់កិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយនិងគោរពកិច្ចព្រមព្រៀងទីក្រុង​ប៉ារីស​​ទៅបានហើយ។ … យើងកំពុងគោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីសហើយតើ ព្រោះកិច្ចព្រម​ព្រៀងទី​ក្រុង​ប៉ា​រីស​នេះ វាបានរលាយធាតុរបស់វាទៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជារួចស្រេចទៅហើយ។ ប្រសិន​បើយក​កិច្ចព្រមព្រៀងទីក្រុងប៉ារីស យកមកគោរព សួរថា តើការកាត់ទោស ខៀវ សំផន, នួន ជា សមស្រប ឬ​អត់? នេះ(សូម)អ្នកឆ្លើយតបជាមួយនឹងខ្ញុំលើបញ្ហានេះ។ កិច្ចព្រមព្រៀងទីក្រុងប៉ារីសមិនបានតម្រូវអោយ​មាន​ការ​កាត់​ទោស ខៀវ សំផន, នួន ជា ឬកាត់ទោសខ្មែរក្រហមទេ។

រឿងនេះ ឯកឧត្តម អៀង ម៉ាលី គឺជាហត្ថលេខីមួយក្នុងចំណោមហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ សួរថា បើអ្នកឯងនិយាយពីរឿងគោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដោយយកកិច្ចព្រមព្រៀងទី​ក្រុងប៉ារីស​មក​ទាំង​ស្រុង តើកាលដែលយើងរំលាយអង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហម ត្រឹមត្រូវ ឬអត់? ហើយ​បើសិនជាយកកិច្ចព្រមព្រៀងទីក្រុងប៉ារីសមកដាក់អនុវត្តទាំងស្រុង សួរថា តើការកាត់ទោសខ្មែរក្រហម ត្រឹម​ត្រូវ ឬអត់? នេះជាចំណុចបញ្ហាដែលសុំចោទសួរទៅពួកអ្នកឯង ដែលនិយាយអំពីបញ្ហាថា យើងបាន ​និង​កំពុង​រំលោភកិច្ចព្រមព្រៀងទីក្រុងប៉ារីស។

ដោយសារតែគេមិនគោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីសហ្នឹងហើយ បានជាអង្គការចាត់តាំងនយោបាយ និង​យោ​ធារ​បស់ខ្មែរក្រហមត្រូវបានរំលាយ។ ដោយសារតែគេមិនបានគោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីសនោះហើយ បាន​ជា​មានគណបក្សនយោបាយមួយនឹងអាចត្រូវរំលាយនៅពេលខាងមុខ។ នេះគឺជារឿងពិត ហើយ​ត្រូវ​កាត់​ទោស​អ្នកដែលក្បត់កិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ វាបានរលាយធាតុ​របស់​វា​ចូល​ទៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជារួចស្រេចទៅហើយ។

ដូច្នេះ របស់ដែលហៅថា អំពាវនាវអោយបណ្ដាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ភាគីនៃហត្ថ​លេខី​កិច្ចព្រមព្រៀងទីក្រុងប៉ារីស ប្រជុំឡើងវិញ វាហួសសម័យ ហើយវាធ្វើមិនកើតផង។ វាត្រូវតែបង្កើតភាគី​កម្ពុជា ៤ ភាគីឡើងវិញ ទើបវាត្រឹមត្រូវ។ ឥឡូវភាគីកម្ពុជា មានតែមួយទេ គឺរាជរដ្ឋាភិបាលស្របច្បាប់នៅទីនេះ តំណាងដោយព្រះមហាក្សត្រ ដែលព្រះអង្គគង់ប្រថាប់ជាព្រះប្រមុខរដ្ឋរបស់ព្រះរាជាណាចក្រកម្ពុជា។

ប្រវត្តិនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស

ខ្ញុំសុំនិយាយបន្តិចទៅលើបញ្ហាកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ ទម្រាំសម្រេចបាននៅលើកិច្ចព្រមព្រៀងទី​ក្រុងប៉ា​រីស មិនមែនជាបញ្ហាធម្មតាពេកទេ។ មានពេលខ្លះ ការចរចាបានចាប់ផ្ដើមតាំងពីម៉ោង ៩ ព្រឹក រហូតទៅ​ដល់​បញ្ចប់​នៅម៉ោង ៣ ភ្លឺ។ រឿងនេះ ឯកឧត្តម អៀង ម៉ាលី នៅចាំ នៅទីក្រុងហ្សាកាតា គេហៅថា IMC។ ក្រោយ​ពី​​កិច្ច​ព្រមព្រៀងទីក្រុងប៉ារីសបានបើកការប្រជុំ ហើយមិនទទួលផល រយៈពេលមួយខែនៅក្នុងឆាំ្ន ១៩៨៩ ពេល​នោះ អត់ទទួលបានលទ្ធផលទេ។ ដូច្នេះ សហប្រធាននៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដោយមានឥណ្ឌូនេស៊ី និងបារាំង បានធ្វើការប្រជុំក្រៅផ្លូវការមួយនៅឯហ្សាកាតា។ កុំភ្លេចអំពីការប្រជុំនៅហ្សាកាតា មានការប្រជុំ ដែលហៅថា ការប្រជុំក្រៅផ្លូវការហ្សាកាតាទី ១ ទី ២។ យើងប្រជុំនៅ បូហ្គោ ឯណោះទេ ប៉ុន្តែដល់គេហៅ ហ្សា កាតា Informal Meeting … ប្រជុំលើកទី ១ ប្រជុំនៅ បូហ្គោ និងប្រជុំលើកទី ២ ប្រជុំនៅហ្សាកាតា។

ប៉ុន្តែមានការប្រជុំ ២ ទៀត ក្រៅពីការប្រជុំហ្សាកាតាទី ១ និងទី ២ នៅមានការប្រជុំ ២ ទៀត។ ការប្រជុំទី ១ ប្រជុំពីម៉ោង ៩ ព្រឹក រហូតទៅដល់ម៉ោង ៣ ភ្លឺ នេះឯង ដែលហៅថា IMC។ យើងប្រជុំអាហ្នឹង ក៏អត់​ចេញ​រួច​ដែរ តម្រូវអោយខ្ញុំប្រជុំកាសែត ប្រមាណជាម៉ោង ៣ កន្លះទាបភ្លឺ …។ ឯប្រជុំលើកចុងក្រោយ គឺការប្រជុំ​ដើម្បី​រៀប​ចំនូវបញ្ជីឈ្មោះសម្រាប់សមាជិកក្រុមប្រឹក្សាជាតិជាន់ខ្ពស់ ១២ រូប។ ពេលនោះ ព្រះករុណា ព្រះបាទ​សម្ដេច​​ព្រះនរោត្តម សីហនុ គ្មានព្រះនាមជាសមាជិកក្រុមប្រឹក្សាជាន់ខ្ពស់ទេ។ ដោយបញ្ហានេះហើយ ពេល​ក្រោយ​តម្រូវអោយសម្ដេច ចៅ សែនកុសល ចាកចេញ ហើយជំនួសវិញដោយសម្ដេចព្រះនរោត្តម សីហនុ ដោយ​សារព្រះអង្គមិនបានយាងទៅកាន់ទីកន្លែងនៃការប្រជុំទេ។

SNC បានចាប់ផ្ដើមមានកំណើត ហើយ SNC នេះទៀតសោទ សុំកុំភ្លេច វាជាគំនិតផ្ដួចផ្ដើមរបស់ខ្ញុំ វាជាគំនិត​ផ្ដួច​ផ្ដើមរបស់អតីតរដ្ឋកម្ពុជា។ គ្រាន់តែវាជាការដូចឈ្មោះតែប៉ុណ្ណោះ។ ពេលមុន យើងស្នើអោយបង្កើតក្រុម​ប្រឹក្សា​បង្រួបបង្រួមជាតិជាន់ខ្ពស់ តំាងពីនៅបូហ្គូ។ យើងបានស្នើតំាងពីហ្វ្រែអង់តាដឺន័រ ក៏ប៉ុន្តែត្រីភាគីត្រូវបាន​បដិសេធ​រហូត។ ក្រោយមកខ្ញុំ និងសម្តេចព្រះនរោត្តម សីហនុ នៅទីក្រុងបាងកក ហើយដោយមានការ​ជួយ​​ឧបត្ថម្ភ​ពីសំណាក់ឧត្តមសេនីយ៍ ឆាវ៉ាលីត (យុងឆែយុទ្ធ) ដែលពេលនោះគឺ ជាអគ្គបញ្ជាការកងទ័ពរបស់ថៃ ក៏​បាន​ចុះហត្ថលេខាជាមួយសម្តេចព្រះនរោត្តម សីហនុ នៅឯទីក្រុងបាងកក ដើមឆ្នំា ១៩៩០។ (មាន)យុទ្ធ​នាការយោធានៅក្នុងប្រទេសបានធ្វើយ៉ាងស្រួចស្រាវ តាមរយៈបញ្ជារបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ប៉ុល សារឿន ដែលនៅពេលនោះ វ៉ៃយកស្វាយចេក ហើយឈានឡើងទៅរកថ្មពួក …។

ការប្រជុំយើងក៏បានប្រើឈ្មោះក្រុមប្រឹក្សាជាតិជាន់ខ្ពស់ ដែលពេលនោះចុះហត្ថលេខារវាងខ្ញុំ និងសម្តេចព្រះ​នរោត្តម សីហនុ តែប៉ុណ្ណោះ ប៉ុន្តែវាមិនគ្រប់គ្រាន់ទេ។ យើងត្រូវដំណើរឆ្ពោះទៅកាន់ប្រទេសជប៉ុន ទីក្រុងតូក្យូ មានការប្រជុំ។ រឿងនេះខ្ញុំគួរតែនិយាយបន្តិច ដើម្បីប្រាប់ទៅអ្នកដែលមិនដឹងរឿង ហើយតំាងខ្លួនក្លាយ​ទៅជា​អ្នក ហាក់ដូចជាអ្នកដែលជាអ្នកនិពន្ធផង សំដែងផង ជាអ្នកដឹងនំារឿងផង។ ខ្ញុំគ្រាន់តែប្រាប់ថា SNC បាន​ចាប់​ផ្តើមគំនិតផ្តួចផ្តើមពី ហ៊ុន សែន បន្ទាប់ទៅក៏មានការព្រមព្រៀង និងចុះហត្ថលេខារវាងព្រះ​ករុណា​សម្តេច​ព្រះ​នរោត្តម សីហនុ ជាមួយនឹងហ៊ុន សែន នៅទីក្រុងបាងកក បន្ទាប់ទៅទៀតរឿងនេះ បាននំាទៅដល់តូក្យូ ប្រទេស​ជប៉ុន ពេលនោះអតីតនាយករដ្ឋមន្ត្រី តូស៊ីគី ខៃហ្វូ និងរដ្ឋមន្ត្រីការបរទេស (តារ៉ូ) ណាកាយ៉ាម៉ា …។

​រឿងដែលគួរអោយចង់សើចវានៅកន្លែងនេះ។ វាមិនមែនដូចសព្វថ្ងៃទេ។ រឿងជម្លោះរបស់កម្ពុជា​គួរអោយ​ខ្មាស​អៀន ដែលយើងត្រូវជៀសវាងកុំអោយមានជម្លោះខ្មែរតទៅទៀត។ ពិធីជប់លៀងមួយ កើត​នៅ​តែ​មួយកន្លែងទេ ប៉ុន្តែ​មានតុពីរដាច់ដោយឡែកពីគ្នា។ រឿងនេះគួរអោយចង់សើចខ្លំាងណាស់។ តុមួយសំរាប់ត្រីភា​គីអង្គុយ​មាន​សម្តេចព្រះបិតា ជាប្រធានរដ្ឋាភិបាលចម្រុះត្រីភាគី សម្តេច សឺន សាន ជានាយករដ្ឋមន្ត្រី នៃរដ្ឋាភិបាល​ចម្រុះ​ត្រី​ភាគី និងលោក ខៀវ សំផន ជាអនុប្រធានាធិបតី និងជារដ្ឋមន្ត្រីការបរទេស នៃរាជរដ្ឋាភិបាលចម្រុះត្រីភាគី អង្គុយនៅតុម្ខាង។ ឯតុម្ខាងទៀតគឺ ដឹកនំាដោយនាយករដ្ឋមន្ត្រី ហ៊ុន សែន តែមួយគណៈប្រតិភូទេ។ អញ្ចឹងទេ ពេលនោះម្ចាស់ផ្ទះធ្វើយ៉ាងម៉េច …។

… ក្នុងបន្ទប់តែមួយ ប៉ុន្តែបែងចែកជាមីនុយ ៦ មុខ លោក ណាកាយ៉ាម៉ា រដ្ឋមន្ត្រីការបរទេស គាត់អង្គុយ​តុជា​មួយ​​សម្តេចព្រះនរោត្តម សីហនុ និង(អនុរដ្ឋមន្ត្រី) អង្គុយតុជាមួយ ហ៊ុន សែន។ អស់ម្ហូបបីមុខ ត្រូវដូរតុ លោក ណាកាយ៉ាម៉ា មកអង្គុយជាមួយ ហ៊ុន សែន រដ្ឋមន្ត្រីការបរទេស ហើយអនុរដ្ឋមន្ត្រីការ​បរទេសត្រូវ​ទៅ​អង្គុយ​តុ​ជា​មួយសម្តេចព្រះ នរោត្តម សីហនុ នេះគឺជារឿងដែលគួរអោយខ្មាសអៀនខ្លំាងណាស់។ ខ្មែរមួយអង្គុយតុជា​មួយ​គ្នាមិនបាន។ ពិបាកជាងគេគឺ ខៀវ សំផន ខ្មែរក្រហម គឺអត់ព្រមចាប់ដៃជាមួយអ្នកនៅទីក្រុងភ្នំពេញទេ។ លូកដៃទៅ … ដកដៃចេញតែម្តង។ សូម្បីតែនៅស្រុកបារំាងអ្នកការទូតដទៃគេឃើញ … គ្រាន់តែថា រដ្ឋកម្ពុជា​អា​នោះដកដៃចេញតែម្តង។ ទៅសួរ ខៀវ សំផន នៅក្នុងមន្ទីរឃុំឃំាង(ពី)ឥរិយាបទបែបនេះ។ បន្ទាប់ទៅ រឿងវា​អញ្ចេះ ព្រលឹមឡើង ចាប់ផ្តើមប្រជុំ នាយករដ្ឋមន្ត្រី ខៃហ្វូ ចូលរួម ពេលនោះអង្គុយម្ខាងគឺ ក្បាលតុ ម្ខាងសម្តេច​ឪយើង សម្តេច សឺន សាន ខៀវ សំផន ហើយគណៈប្រតិភូតអញ្ចឹងទៅ។ ឯម្ខាងទៀតខ្ញុំ អង្គុយក្បាលតុ ហើយ​ខៃហ្វូ​អង្គុយ … ស្រាប់តែខ្មែរក្រហមងឿកបណ្តោយ។ អត់ព្រមចរចា។ មិនត្រូវគ្នាបែកផ្លូវគ្នាបាត់។

ដល់បែកផ្លូវគ្នា ជប៉ុនខ្លាចបរាជ័យ ក៏អញ្ជើញឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការពារជាតិលោក ឆាវ៉ាលីត ពេល​នឹង​គាត់ក្លាយជារដ្ឋមន្ត្រីការពារជាតិរបស់ថៃហើយ ទៅជួយនៅឯតូក្យូតែម្តង។ ខៀវ សំផន ពហិកាមិន​ចុះ​ហត្ថ​លេ​ខានោះទេ។ អញ្ចឹងទេ អនុរដ្ឋមន្ត្រី(ការបរទេសជប៉ុន) និងជាម្ចាស់ផ្ទះ និងលោក ឆាវ៉ាលីត បានជួបខ្ញុំនៅ​ឯ​សណ្ឋា​គារ ញូអូតានី ដែលជាសណ្ឋាគារខ្ញុំទើបតែបានទៅ(ជាថ្មី) កាលពីខែ ៨ កន្លងទៅ ក្នុងពេលដែល​ខ្ញុំ​ទស្សនកិច្ចផ្លូវការនៅជប៉ុននេះ។ គាត់ថា វាមិនឡូហ្ស៊ិចទេ ក៏ប៉ុន្តែខ្ញុំសូមស្នើអោយឯកឧត្តម ហ៊ុន សែន លេប​អា​មិនឡូហ្ស៊ិចហ្នឹងទៅ។ ខ្ញុំថាបានដើម្បីសេចក្តីត្រូវការ ដើម្បីប្រទេសជាតិ ហើយក៏ដើម្បីជោគជ័យរួមរបស់​យើង ខ្ញុំសុខចិត្តចុះហត្ថលេខា ដោយមិនចំាបាច់មានភាគីខ្មែរក្រហមទេ។ អញ្ចឹងទេ បានជាមើលរូបភាព​ឡើង​វិញ នៅ​ពេលដែលយើងចុះហត្ថលេខាបង្កើត SNC នៅឯតូក្យូ គឺពេលនោះ មានវត្តមានតែសម្តេច នរោត្តម សីហនុ ឡាយព្រះហស្តលេខាម្ខាង ខ្ញុំចុះហត្ថលេខាម្ខាង ហើយអ្នកដែលឈរពីក្រោយមានឯកឧត្តម សឺន សាន អៀង មូលី នេះ។ ហើយខាងខ្ញុំវាអត់អីទេ អត់បញ្ហាទេ មានតែមួយភាគី។ អញ្ចឹងរូបមន្ត ៦ + ៦ ឬ ៦ + ២ + ២ + ២ គឺ​បានកើតនៅពីពេលនោះ។

សូមផ្តាំទៅអ្នកដែលថា អ្នកដែលគេហៅថា ចេះដឹងខាងផ្នែកប្រវត្តិនៃកិច្ចព្រមព្រៀងប៉ារីស ផ្តំាផង អា ៦ + ៦ ឬ ៦ + ២ + ២ + ២ វាកើតចេញពីតូក្យូ។ រួចហើយដល់មករៀបបញ្ជីឈ្មោះ វាមករៀបនៅឯហ្សាកាតា អញ្ចឹង​អោយ​ដឹងប្រវត្តិ។ នេះហើយជាភាគីមួយ នៃភាគីដែលចុះហត្ថលេខាលើកិច្ចព្រមព្រៀងប៉ារីស ដែលមាន​មនុស្ស ១២ នាក់ សម្រាប់ភាគីកម្ពុជា។ … រឿងរ៉ាវវាមិនងាយស្រួលទេ។ … បើកការដ្ឋានស្ពាន ម៉េចមក​និយាយ​រឿង​កិច្ច​ព្រមព្រៀងទីក្រុងប៉ារីស។ ចុះបើមកចំថ្ងៃនេះហើយមិនអោយនិយាយ។ ដោយសារតែអានោះហើយដែលវា​បានរួម​ចំណែករុញយើងអោយមកធ្វើស្ពានហ្នឹងណា។ … ថ្ងៃហ្នឹងមានអ្នកគេឡើងថ្លែងហើយ … ប៉ុន្តែអ្នកដែល​ធ្វើ​ពិតប្រាកដវានៅនេះ។ វានៅរស់នៅឡើយ។ បើទោះបីជាព្រះបរមរតនកោដ្ឋសោយទីវង្គតទៅហើយក្តី ក៏ប៉ុន្តែ​អ្នក​ដែលចូលរួមធ្វើស្ថាបនិកលើរឿងនេះ នៅសល់មួយដែរ។ មិនងាយងាប់ទេមនុស្សនេះ។ ខ្ញុំប្រកាសហើយ កាន់​តំណែងយ៉ាងតិច ១០ ឆ្នំាទៀត។

… ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ ខ្ញុំនៅចំាថា ទិដ្ឋភាពយោធា និងទិដ្ឋភាពមួយចំនួន​ផ្សេង​ទៀត ក៏ជារឿងស្មុគ្រស្មាញ។ មានការដោះដូរគ្នា។ រឿងដំបូង SNC បង្កើតដំបូងដោយគ្មានសម្តេច នរោត្តម សីហនុ ទេ អោយសារតែព្រះអង្គមិនបានយាងទៅទីក្រុងហ្សាកាតា ដោយមានមូលហេតុ​ព្រះរាជ​សុខ​ភាព អញ្ចឹងត្រូវជំនួសដោយសម្តេច ចៅ សែនកុសល អង្គប្រជុំទីមួយត្រូវធ្វើនៅស្ថានទូតខ្មែរ នៅទីក្រុងបាងកក ដោយពេលនោះ សម្តេច ចៅ សែនកុសល ជាប្រធានអង្គប្រជុំ។ ក្នុងឋានៈជាព្រឹទ្ធបុរស សម្តេច ចៅ សែន​កុសល គាត់ឡើងថាម៉េច? សូមគោរពអង្គប្រជុំ យើងប្រជុំ SNC ពេលនេះ គឺមានរបៀបវារៈ​ជ្រើស​រើស​សម្តេច​ព្រះនរោត្តម សីហនុ ជាមនុស្សទី ១៣ ធ្វើជាប្រធាន SNC ទំាងអស់។ ខ្ញុំថា អូ! ប្រធានអតីត​រដ្ឋសភា​អញ​ ធុន​ហ្នឹងសោះ។ ចាប់ផ្តើមស្គាល់ហើយតើ។ បាន(ខ្ញុំ)ថា ឈប់ៗប្រធាន។ កិច្ចការរបស់យើងអត់មានប៉ុណ្ណឹងទេ ខ្ញុំ​សូម​ស្នើបញ្ចូលទៅក្នុងរបៀបវារៈនូវពីរចំណុច ទី១ ៖ SNC របស់យើងត្រូវបង្កើតនៅគណៈប្រតិភូមួយ​ចូលទៅ​កាន់​កាប់អាសនៈនៅអង្គការសហប្រជាជាតិ ឯ ទី២៖ គឺយើងត្រូវពិភាក្សាពីការឈប់បាញ់នៅនឹងកន្លែង ហើយ​នឹង​ឈប់ទទួលជំនួយយោធាបរទេស។ ខ្ញុំសង្ឃឹមថា ឯកឧត្តម អៀង មូលី មានការកត់ត្រាទុកហើយ។ ឯចំ​ពោះ​រឿងជ្រើសរើសមនុស្សទី ១៣ មកធ្វើជាប្រធានខ្ញុំអត់ឯកភាពទេ ព្រោះមានកថាខណ្ឌមួយ នៅក្នុងពេល​ដែល​បង្កើត SNC ដាក់ថា ក្នុងករណីចំាបាច់ សមាជិក SNC អាចជ្រើសរើសមនុស្សទី ១៣ ធ្វើជាប្រធានបាន អញ្ចឹងទេ ត្រីភាគីច្បាមយកចំណុចហ្នឹងទាមទារយកមនុស្សធ្វើជាប្រធាន ប៉ុន្តែខ្ញុំមិនអោយ។

… ដល់ក្រោយមកមានការប្រជុំទៀត នៅឯហ្សាកាតា។ ខ្ញុំ និងសម្តេចឪក៏បានជួបគ្នាដោយស្ងាត់បំផុត ដែលខ្ញុំ​​សូម​បញ្ជាក់លើកន្លែងនេះ អោយបានច្បាស់។ មានការជួបគ្នា ពេលនឹងខ្ញុំគិតថា មានការរៀបចំយ៉ាង​ច្បាស់​​មួយ​តំាងពីទីក្រុងបាងកក ទៅហ្សាកាតា។ គេធ្វើយ៉ាងម៉េចអោយសម្តេចឪ គណៈប្រតិភូរបស់ ខៀវ សំផន និង​គណៈប្រតិភូរបស់ខ្ញុំជិះកាប៉ាល់ហោះទៅជាមួយគ្នាអោយបាន។ ជាពិសេសរឿងធំជាងគេ គឺធ្វើម៉េចអោយខ្ញុំ ជា​មួយ​នឹងសម្តេចឪបានជួបគ្នានៅលើយន្តហោះតែម្តង។ វាមិនខ្វះជើងយន្តហោះទេ ក៏ប៉ុន្តែរឿងអី​បាន​ជាគេ​រៀប​ចំយ៉ាងដូច្នេះ។ មុនពេលដែលយន្តហោះចុះនៅសំាងហ្គាពួរ លោកជំទាវ ណានូ បានមកជួបខ្ញុំថា ឯក​ឧត្តមៗ ព្រះករុណា សូមអញ្ជើញឯកឧត្តមបាយ(ពិសារបាយ)។​ ខ្ញុំក៏បានប្រាប់ទៅបង ណានូ ព្រោះអង្គុយមុខ អង្គុយ​ក្រោយ … ថា សូមអរគុណព្រះករុណា និងអ្នកម្នាង កាលពេលនោះគឺ ហ្លូងម៉ែនៅជាអ្នកម្នាង ទូលព្រះ​បង្គំ​ចំាខ្ញុំទៅដល់ហ្សាកាតា។ តើម្ចាស់ផ្ទះគេរៀបចំយ៉ាងម៉េច។ យន្តហោះចុះនៅសំាងហ្គាពួរ ខ្ញុំក៏បាន​សូម​ថ្វាយ​បង្គំ​សម្តេចឪ និងសម្តេចម៉ែ នៅឯពេលសំចតនៅសំាងហ្គាពួរ …​ ទៅដល់អូតែល​ស្រាប់តែខាងបារំាង​បានមក​និយាយ(នឹង)យើង (ទាំង)យើងមិនទាន់រៀបចំខ្លួនផង ថា ដូចជាមានការហូបបាយជាន់ខ្ពស់មួយ។ ទៅជា​អញ្ចេះ​ទៅ។ ដល់អញ្ចឹងខ្ញុំថា ឥឡូវកំពុងតែរៀបចំ ពេលនឹងយើងទៅដល់ យើងជប់លៀងសិន រវាងភាគីខ្មែរ ប៉ុន្តែ​សម្តេចឪ មិនបានយាងចូលទេ នៅក្នុងជប់លៀងនេះ។

ដល់ស្អែកឡើងខ្ញុំបានទៅគាល់ព្រះករុណា នៅឯសណ្ឋាគារ ពេលនោះព្រះករុណាព្រះអង្គបានចាប់ផ្តើមថា ខ្មែរ​ក្រ​ហមបោក(លោក) ថាអោយតែកងទ័ពយួនដកចេញ រដ្ឋាភិបាល ហ៊ុន សែន ប៉ើងដូចក្រដាស។ ប៉ុន្តែឥឡូវ​មិន​ត្រឹមតែឯកឧត្តម មិនប៉ើង តែឯកឧត្តមវ៉ៃយកដីជិតអស់ទៅហើយ។ អញ្ចឹងខ្ញុំសូមទៅនៅជាមួយ​ឯកឧត្តម​ហើយៗ រក្សាទុកលោក ហេង សំរិន ជាប្រមុខរដ្ឋ លោក ជា ស៊ីម ជាប្រធានសភា ឯកឧត្តម ហ៊ុន សែន ជា​នា​យក​រដ្ឋមន្ត្រី ហើយរក្សាទុករដ្ឋធម្មនុញ្ញ ភ្លេងជាតិ ទង់ជាតិរបស់រដ្ឋកម្ពុជា។ ប៉ុន្តែខ្ញុំសូមស្នើបង្កើត​គណៈប្រ​ធាន​ជាតិ​មួយនៅជាប់ហ្នឹង គណៈប្រធានជាតិនោះ គឺមានខ្ញុំជាប្រធាន ឯកឧត្តម ហ៊ុន សែន ជាអនុប្រធាន ហើយ​អាចថែមសមាជិកខ្លះដូចជា សម្តេច ជូ ឡុង ជាដើម។ ខ្ញុំយល់ព្រមភ្លាម។ អញ្ចឹងទេ ខ្ញុំក៏បាន​ទូល​សួរ​ចំ​ពោះ​ព្រះករុណា ថា តើព្រះអង្គសព្វព្រះហឫទ័យគង់នៅចំការមន ឬគង់នៅព្រះរាជវំាង? ពេលនោះព្រះ​ករុណា​ក៏បាន​ឆ្លើយតបភ្លាមៗថា ឯកឧត្តម ខ្ញុំមិនមែនចង់ធ្វើស្តេចទេ ប៉ុន្តែ ប្រសិនបើឯកឧត្តមយល់ព្រមអនុញ្ញាត​អោយ​ខ្ញុំ​នៅព្រះបរមរាជវំាង គឺមហាប្រាសាទខេមរិន្ទ។

អញ្ចឹងទេ បានជាមានការជួសជុលវំាងមិនមែនមួយថ្ងៃពីរថ្ងៃ ពេលដែលកិច្ចព្រមព្រៀងទីក្រុងប៉ារីស ធ្វើហើយ​តំាង​ពីខែ ៦ ព្រោះកាលដែលចរចាហ្នឹង ថ្ងៃ ០២ ខែ ០៦ សូមអោយយល់អំពីបញ្ហានេះ។ អញ្ចឹងការយល់​ព្រម​បែប​នេះបានន័យថាព្រះករុណា បានបោះបង់ចោលត្រីភាគីហើយ លោកមិនអាចទ្រំានៅជាមួយខ្មែរក្រហម​បាន​ទៀត​ទេ។ ព្រះអង្គ និងរាជវង្សានុវង្ស ក៏ដូចជាខាងផ្នែកហ៊្វុនស៊ិនប៉ិច មកនៅជាមួយរដ្ឋកម្ពុជា។ នេះនៅ​ក្នុង​ថ្ងៃ​ទី ០២ ខែ មិថុនា ឆ្នំា ១៩៩១។ ខ្ញុំ និងសម្តេចព្រះករុណាបិតាបានឯកភាពគ្នា ដើម្បីរក្សាសំងាត់នូវ​កិច្ច​ការ​ងារ​មួយនេះ។ ក៏ប៉ុន្តែមកដល់ទីក្រុងបាងកក​ ស្រាប់តែរឿងនេះវាបានបែកធ្លាយទៅតែម្តង ជាលើក​ដំបូង​ក្នុង​ប្រវត្តិ​សាស្ត្រ នៃរាជរដ្ឋាភិបាលថៃ ដែលស្ទើរតែមួយគណៈរដ្ឋមន្ត្រីមកជួបខ្ញុំនៅសណ្ឋាគារ។ ខ្ញុំតែងតែទៅជួប អាណន់ បញ្ញារ៉ាជន ឬជួប ឆាទីឆៃ ឈុនហាវ៉ាន់ (កាលពី)មុនរដ្ឋប្រហារ។ ក្រោយមកជួប អាណន់​ បញ្ញារ៉ាជន នៅទី​កន្លែង​របស់វិមានរាជរដ្ឋាភិបាល ឬទីកន្លែងដែលគេកំណត់។ ប៉ុន្តែលើកនេះហាក់ដូចជា ពេលហ្នឹងមក​ដល់​បាង​កក​ឆ្លៀតសម្រាក … ព្រោះវាហត់នឿយ ស្រាប់តែគេមកដាស់ថាឥឡូវមានកិច្ចការបន្ទាន់ អាណន់​ បញ្ញារ៉ាជន សុំ​​ជួប។

… ខ្ញុំបានក្រោកប្រញាប់ប្រញាល់ដើម្បីជួបនៅក្នុងម៉ោងប្រមាណជាបីកន្លះល្ងាច។ ស្រាប់តែមក​មិនចេះតិច មក​តាំង​ពីនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីការបរទេស … ដែលពេលនោះជារដ្ឋមន្រ្ដីទីស្ដីការគណៈរដ្ឋមន្រ្ដី មកទាំង​អគ្គ​បញ្ជា​ការ​កងទ័ព សុចិន្ដា​ ក្រាប្រាយូន មកទាំងរដ្ឋមន្រ្ដីមួយចំនួន។ ស្រាប់តែមកដល់សួរតែម្ដង សួរថាលឺព័ត៌​មាន​ថា​សម្ដេចព្រះនរោត្តម សីហនុ យាងទៅនៅមួយឯកឧត្តម? … រឿងនេះបែកការណ៍ហើយ។ អញ្ចឹងទេខ្ញុំរុ​ញទូក​បណ្ដោយ​ទឹកតែម្ដង។ ខ្ញុំថាឥឡូវ ព្រះអង្គមុខតែយាងហើយ ព្រោះព្រះអង្គក៏ត្រូវការវិលត្រលប់មក​រួមកសាង​ប្រ​ទេស ​ព្រោះ​ព្រះអង្គថា ឯកឧត្តម ហ៊ុន សែន ឯកឧត្តមក៏កសាងជាតិ ហើយខ្មែរក្រហមសន្យាថា​វាយឲ្យ​ឯក​ឧត្ដមប៉ើង​ដូចក្រដាស។ ឥឡូវវាមិនប៉ើង។ កាលហ្នឹងយើងក៏កំពុងវាយឡើងប៉ៃលិន កំពុងតែរត់​ព្រាត​​ចេញពីប៉ៃ​លិនដែរ។ ពេលហ្នឹង (អ៊ី) ឈាន រត់ហើយ​ ហើយកាសែតចុះផ្សាយច្រើនណាស់។

… រឿងនេះជាសម្ពាធធំណាស់លើខ្មែរក្រហម ក៏ដូចជាភាគីពាក់ព័ន្ធដែលរារាំងសម្ដេចព្រះនរោត្ដម សីហនុ​។ អញ្ចឹងទេ បានជាមានការផ្លាស់ជំនួសភ្លាម ដកសម្ដេច ចៅសែន កុសល ចេញ ដាក់សម្ដេច​ព្រះនរោត្ដម សីហនុ មក។ ពេលនោះក៏ចាប់ផ្ដើមចរចាភ្លាមនៅឯប៉ាតាយ៉ា ប៉ុន្តែមុនទៅប៉ាតាយ៉ាមាន​រឿងដ៏ល្អមួយ។ ពេល​ដែល​ខ្ញុំទៅដល់បាងកក សម្ដេចឪ និងសម្ដេចម៉ែ បានប្រទានឲ្យខ្ញុំនូវភោជនាហារថ្ងៃត្រង់​មួយជា​មួយនឹង​ប្រពន្ធ​ខ្ញុំ។ ពេលនោះខ្ញុំបានទូលព្រះករុណា ខ្ញុំថាព្រះអង្គ ការប្រជុំយើងហ្នឹងឥតប្រយោជន៍ ប្រសិនបើបទ​ឈប់​បាញ់​មួយ​មិនអាចរកឃើញ។ ទេឯកឧត្ដម! យើងត្រូវតែឈប់បាញ់គ្នា។ ពេលហ្នឹងប្រើពាក្យ​ថាឈប់​បាញ់​នៅ​ហ្នឹង​កន្លែង។ ពេលហ្នឹង ខ្ញុំក៏ចោទសួរទៅព្រះករុណា ខ្ញុំថាចុះ​បើ​សិន ខៀវ សំផន ខ្មែរក្រហមមិនព្រម តើធ្វើយ៉ាង​ម៉េច? អត់ទេឯកឧត្ដមសង្កត់យកតែម្ដងពេលនេះ។ ខ្ញុំហាក់ដូចជាមានជំនឿទៅលើឥរិយាបថដាច់ខាត​របស់​ព្រះ​អង្គនៅពេលនេះ។

បន្ទាប់ទៅគណៈប្រតិភូ SNC ទាំងពីរភាគី ភាគីធំពីរ និងភាគីបីទៀ​ត គឺភាគីធំមួយប៉ុន្តែក្នុងហ្នឹងមានបី ព្រោះ​ខ្ញុំ​​អត់​ទទួលចតុភាគីទេ ខ្ញុំទទួលស្គាល់តែទ្វេភាគីទេ។ ត្រង់ហ្នឹងមានប៉ុន្មានភាគីខ្ញុំអត់ខ្វល់ទេ ខ្ញុំទទួល​ស្គាល់​តែ​មួយ​ភាគីទេ បានជាប្រើពាក្យថា ៦+៦ ឬ ៦+២+២+២ ព្រោះខ្ញុំទទួលស្គាល់តែពីរភាគី ខ្ញុំអត់ទទួល​ស្គាល់​ចតុ​ភាគី​ទេ ព្រោះរដ្ឋាភិបាល​តែ​មួយមកចែកគ្នាម៉េច។ ឥឡូវខ្ញុំសុំបើករង្វង់ក្រចកហើយខ្ញុំនិយាយកិច្ចព្រមព្រៀង​ប៉ារីសតែម្ដង ដើម្បីធ្វើបឋកថាចេញពីទីនេះ ព្រោះអាហ្នឹងវាជាប្រដាប់ប្រដាបង្កើតស្ពានដែរ ហើយតួអង្គ​ដែល​នៅ​​ចាំរឿងរ៉ាវវានៅទីនេះ។ ពេលហ្នឹងយើងបាននាំគ្នាំទៅជួបជាមួយនឹង អាណន់​ បញ្ញារ៉ាជន នៅទីស្ដី​ការ​គណៈ​រដ្ឋមន្រ្ដីថៃ​ ទៅដល់ព្រះករុណាព្រះបិតា ព្រះអង្គបានប្រាប់ទៅ អាណន់​ បញ្ញារ៉ាជន និងគណៈភាគីថៃថា ភាគីខ្មែរស្រុះស្រួលឈប់បាញ់គ្នា។ ខាងមិត្តថៃក៏បានប្រសិទ្ធពរ ហើយថាសុំទៅប្រជុំនៅប៉ាតាយ៉ាហ្នឹងឲ្យបាន​ជោគជ័យ។ … ប៉ុន្តែ រឿងដែលចេញមកក្រៅនេះ ព្រះករុណាឆ្លាតមហាឆ្លាត សូម​ថ្វាយការគោរព ខ្ញុំនៅតែ​នឹក​ចាំ​ថាព្រះរាជបញ្ញាញាណយើងស៊ូមិនបានទេ។ ពេលហ្នឹងអ្នកកាសែតបានសួរ​ព្រះករុណាថា តើខ្មែរក្រហម​ព្រម​ឈប់​បាញ់ឬអត់? ពេលនោះព្រះករុណាអត់ឆ្លើយទេ រុញ ខៀវ សំផន ឲ្យឆ្លើយ។ ប្រហែល​ជានៅមាន​រូប​ភាព​នៅ​ឡើយទេ។ ខ្មែរក្រហមចេញឆ្លើយម្ដង ព្រះអង្គអត់ចេញឆ្លើយជួសខ្មែរក្រហមរុញខ្មែរ​ក្រហមឲ្យឆ្លើយតែម្ដង។ អញ្ចឹងទេ ខៀវ សំផន ថាគោរពតាមព្រះរាជតម្រិះរបស់ព្រះករុណា។ ចប់។ …

រូមមន្តប្រធាន SNC

ខ្ញុំសុំយកឱកាសហ្នឹងបញ្ចេញរឿង ថាប្រធាន SNC មិនទាន់មានទេ។ ពេលដែលប្រជុំនៅប៉ាតាយ៉ា​ព្រះករុណា​បិតា​គឺគ្រាន់តែជាព្រះប្រធាននៃអង្គប្រជុំ SNC តែប៉ុណ្ណោះ។ SNC អត់មានប្រធានទេ។ ប៉ុន្តែព្រះប្រធាន SNC បាន​ទៅកើតនៅប៉េកាំងឯណោះ ដោយមានការព្រមព្រៀងជាសម្ងាត់​រវាង សីហនុ-ហ៊ុន សែន។ រឿងចរចា​ក្រោម​​តុ​ទើបវាជោគជ័យពេលខ្លះ​ ហើយចាំយកមកដាក់លើតុនៅពេល​ក្រោយ ពេលហ្នឹងយើងបានគិត​គូរ​ហ្មត់​ចត់។ កាលពីពេលមុននោះ យើងបានស្នើបង្កើតក្រុមប្រឹក្សាបង្រួបបង្រួម​ជាតិមួយ ហើយប្រគល់ថ្វាយ​ព្រះ​សម្ដេចនរោត្តម សីហនុ ជាព្រះប្រធាន និងមានអនុប្រធានបីផ្សេងទៀត។ សំដៅថាចង់ឲ្យ សឺន សាន ជា​អនុ​ប្រ​ធានមួយ ខៀវ សំផន អនុប្រធានមួយ ហើយខ្ញុំក៏ជាអនុប្រធានមួយ។ ហ្នឹងកាលពីឆ្នាំ ១៩៨៨ ប៉ុន្តែ​ទៅ​​ដល់​ពេល​ដែលកងទ័ពវៀតណាមដកចេញពីកម្ពុជា ហើយភាគីរដ្ឋកម្ពុជារឹងដៃ​រឹងជើងហើយនោះ បានសេចក្ដី​ថាទំ​និញ​នេះវាឡើងថ្លៃខ្លាំងណាស់ មិនឲ្យប្រធានលេងៗទេ។

ពេលហ្នឹង ខ្ញុំក៏បានសូមចូលគាល់ព្រះករុណា​មុនការ​ប្រជុំពេលល្ងាចចាប់ផ្ដើម។ ពេលប្រជុំព្រឹករួចហើយ​នាំគ្នា​សម្រាកតែខ្ញុំ​សូមគាល់ព្រះករុណាមុនពេលប្រជុំ។ ពេលហ្នឹង ព្រះករុណាមកដល់កន្លែងអង្គប្រជុំនៅ​(សណ្ឋា​​គាររដ្ឋ) ដៀវយូថែ នៅប៉េកាំង​។ ព្រះករុណាបិតា ព្រះអង្គបានប្រាប់ទៅអ្នកដទៃថា ខ្ញុំជួបឯកឧត្តម ហ៊ុន សែន បន្ដិច ព្រោះឯកឧត្តម ហ៊ុន សែន និងភរិយា ក្លាយទៅជាភ្ញៀវរបស់ខ្ញុំទៅទស្សនកិច្ចនៅកូរ៉េខាងជើង។ ពេល​ហ្នឹង​ប្រាប់គេប្រាប់ឯង​ថាដូច្នេះ ចូលទៅដល់ខាងក្នុង ព្រះករុណាព្រះអង្គបានសួរថាមានការអ្វីឯកឧត្តម? ខ្ញុំក៏​បាន​ទូលព្រះករុណាថា SNC របស់យើងអត់មានប្រធានទេព្រះអង្គ ហើយឥឡូវទូលបង្គំ​មានរូប​មន្ដ​មួយ​ចំនួន។ រូបមន្ដទី ១ គឺធ្វើ​សហប្រធាន ព្រោះខាងទូលបង្គំមិនអាចទទួលយកបាន ដែលព្រះអង្គ​ធ្វើប្រធាន​ជា​ត្រី​ភាគី ហើយទូលបង្គំជា​អនុប្រធានគឺមិនអាចទទួលយកបានទេ។ អញ្ចឹងធ្វើជាសហប្រធានរវាងព្រះអង្គ និង​ទូល​បង្គំធ្វើជាសហប្រធាន​ហ្នឹងជារូបមន្ដទី ១។ ឯរូបមន្ដទី ២ គឺប្រធានប្ដូរវេន ប្រធានប្ដូរវេនគឺ​មានពីរ​រូប​ភាព​ទៀត ព្រះអង្គធ្វើមួយខែ ទូលបង្គំធ្វើមួយខែ ហ្នឹងគឺប្ដូរវេន ប៉ុន្តែនៅសល់ប្ដូរវេនមួយរូបភាពទៀត ប្ដូរទាំង ១២ នាក់ ធ្វើមួយខែម្នាក់ៗវិលជុំ ហ្នឹងជារូបមន្ដទី ២។ ប៉ុន្តែនៅសល់រូបមន្ដទី ៣ ដែលទូលបង្គំយល់​ថាប្រ​ហែល​ជា​ព្រះ​អង្គអាចសព្វព្រះទ័យ ព្រះអង្គធ្វើប្រធាន SNC តែមួយអង្គឯង ប៉ុន្តែព្រះអង្គត្រូវដក​ខ្លួនចេញប្រធាន​រដ្ឋាភិ​បាល​ត្រីភាគី និងប្រធានហ៊្វុនស៊ិនប៉ិច ព្រោះបើព្រះអង្គធ្វើប្រធានត្រីភាគីផង ប្រធានហ្វ៊ុនស៊ិនប៉ិចផង ព្រះអង្គ​អាច​មិន​នៅលើ​គេបានទេ។

ស្រាប់តែព្រះករុណាថាទេឯកឧត្ដម វាត្រូវណាស់ តែខ្ញុំធ្វើប្រធានហើយខ្ញុំកាត់ចេញទាំងអស់ ខ្ញុំត្រូវនៅពីលើគេ។ ខ្ញុំ​ថាបើអញ្ចឹង ត្រូវគ្នាហើយ។ អញ្ចឹងព្រះអង្គថា យីឯកឧត្តម! ឯកឧត្តមពូកែតាក់តែង​ណាស់ ឯកឧត្តម​ទៅ​តាក់​តែង​ចុះ។ អញ្ចឹងទេបានជាចូលប្រជុំតែមួយភ្លែត (ក៏)ចេញមក។ ដល់ចេញមកខ្ញុំក៏​សរសេរ ឲ្យ ហូ សិទ្ធី នេះជា​អ្នក​វាយអង្គលីលេខ ហើយឲ្យ ចែម វិទ្យា យកទៅថ្វាយព្រះករុណា​នៅព្រះរាជដំណាក់នៅប៉េកាំង ថាយក​ទៅ​ឆ្លង​ខ្លឹមសារទេ។ សម័យនោះមិនមែនសម័យកុំព្យូទ័រទេ សម័យ​អង្គលីលេខ វាយខុសតែមួយ​ឃ្លាត្រូវ​លុប​វាយ​ឡើង​វិញទាំងអស់។ ពេលនោះនៅខ្លះនៅកែដៃនៅឡើយទេ។ ប៉ុន្តែយកទៅថ្វាយព្រះអង្គ ស្រាប់តែព្រះអង្គ​សព្វ​ព្រះ​ទ័យព្រះអង្គឡាយមុនបាត់ អញ្ចឹងខ្ញុំក៏ស៊ីញ៉េដែរ។ រឿងរ៉ាវវាចាប់ផ្ដើមអញ្ចឹង អស់លោកអ្នកទាំងឡាយ​ដែល​យក​កិច្ចព្រមព្រៀងធ្វើជាគោលដៅនៃការវាយប្រហារ​រាជរដ្ឋាភិបាល ឬវាយប្រហារខ្ញុំ ចាំឲ្យជាក់។ វាមានកន្លុក​គន្លាក់​របស់វាច្រើនណាស់។

ក្រៅពីនោះរឿងឪធម៌ កូនធម៌បានចាប់ផ្ដើមនៅពេលនោះ។ ក្រោយរៀបការងារនៅប៉េកាំងរួចហើយ ក៏បានធ្វើដំ​ណើរ​​ទៅកូរ៉េខាងជើង ខ្ញុំក៏ទៅជាមួយព្រះអង្គ អញ្ចឹងនៅក្នុងរថយន្ដព្រះអង្គ ប្រហែលជាកូនរាស្រ្ដ​ម្នាក់​ដែល​បាន​ធ្វើដំណើរតាមព្រះរាជទីនាំងរបស់ព្រះមហាក្សត្រ គឺជាមួយព្រះអង្គ។ ពីព្រលាន​យន្ដហោះទៅផ្ទះភ្ញៀវ ខ្ញុំជាមួយ​នឹងព្រះករុណា ប្រពន្ធខ្ញុំជាមួយហ្លួងម៉ែ ពេលនោះទៅដល់សណ្ឋាគារនោះហើយ​ រឿងកូនធម៌ ឪធម៌​បាន​ចាប់ផ្ដើម ថាជាកូនហើយជាកូនពិសេសទៅទៀត អញ្ចឹងបានរឿងវាចាប់ផ្ដើមពីកន្លែងហ្នឹង​មានតម្រូវការ ហើយ​ព្រះករុណាព្រះអង្គតាំងពីចរចានៅ​ហ្វែរអង់តាដឺន័រ ព្រះអង្គបានសម្ដែងនឹកថា ខ្ញុំមាន​មោទន​ភាព​ណាស់​ដែល​មានកូនខ្មែរមានការឈ្លាសវៃដូចលោក ហ៊ុន សែន នោះ បើមាន ហ៊ុន សែន ច្រើនជាងនេះ។

ការរំសាយកងទ័ព នំ ហ៊ុន សែន ធ្វើ ផ្ញើតាមអ្នកដទៃ ផ្ញើឲ្យ ហ៊ុន សែន ស៊ីវិញ

រឿងទិដ្ឋភាពយោធាក៏វាលំបាកណាស់។ ដែលខ្ញុំនិយាយថាពេលខ្លះត្រូវធ្វើនំខ្លួនឯងផ្ញើតាមអ្នក​​ដទៃ ហើយអ្នក​ដទៃ​ផ្ញើឲ្យយើងស៊ីវិញ។ ខ្ញុំសុំនិយាយរឿងទិដ្ឋភាពខាងយោធា។ នៅក្នុងរាល់ការចរចានៅស្ដីពី​ដំណោះស្រាយ​នយោបាយ ទិដ្ឋភាពរឿងដែលលំបាកជាងគេគឺអំពីបញ្ហារឿងបទឈប់បាញ់រឿងមួយហើយ តែរឿងបញ្ហាកង​ទ័ព​រឿង​កម្លាំងប្រដាប់អាវុធនេះគឺជារឿងលំបាក។ ពេលហ្នឹងចាប់ផ្ដើមចរចាមកពីប៉េកាំង ទៅចរចានៅប៉ា​តា​យ៉ា​ទៀត។ ពេលដែលចរចានៅប៉ាតាយ៉ានេះ ពេលនោះនិយាយពីទិដ្ឋភាពខាងយោធា​ទាក់ទងនឹងបទ​ឈប់​បាញ់ និងការរំសាយកងទ័ពតាមក្របខណ្ឌនៃកិច្ចព្រមព្រៀងនៃពង្រៀងរបស់ប្រទេសធំ​ទាំងប្រាំ ហ្នឹងចាប់ផ្ដើម​មាន​ពង្រៀងប្រទេសធំទាំងប្រាំហើយ​។ ខាងរដ្ឋកម្ពុជាបានលើកសំណូមពររំសាយ​កងទ័ព ៣០% ត្រីភាគី​បាន​លើក​ថា មួយភាគីទុក ២០០០ (នាក់)។ យើងគិតមើលរដ្ឋកម្ពុជាពេលនោះមាន​កងទ័ព ១៦ ម៉ឺននាក់អញ្ចឹង​ត្រូ​វ​រំសាយអស់ទុកបាន ២០០០ (នាក់) យើងមានកងទ័ព ១៦ ម៉ឺននាក់ គ្រប់គ្រង​ទឹកដីមិនតិចជាង ៩៥% តែ​យើង​ទុកកងទ័ពបានតែ  ២០០០ នាក់។ ត្រីភាគីគ្រប់គ្រងទឹកដីប្រមាណ ៥% តែទុកកងទ័ពរហូតដល់ ៦០០០ នាក់។ អញ្ចឹងទេវាគាំងតែម្ដង។

ខ្ញុំក៏បានពិភាក្សាជាមួយ​ឯកឧត្តម ទៀ បាញ់ ដែលពេលនោះជារដ្ឋមន្រ្ដីការពារជាតិ ហើយបង ហោណាំហុង ដែលពេលនោះ ដូចជាក្លាយជារដ្ឋមន្រ្តីការបរទេសហើយ … ថាយើងអាចរំសាយដល់ទៅ ៧០ ភាគរយ ព្រោះ​យើង​មាននគរបាល ដែលនគរបាលគេអត់ត្រូវរំសាយទេ រំសាយតែកងទ័ព។ តើត្រូវធ្វើយ៉ាងម៉េច វិធីគឺហៅ​លោក JeanDavid Levitte តំណាងឲ្យបារាំង មកស្រស់ស្រូបអាហារពេលព្រឹកជាមួយ។ ខ្ញុំ​បានសួរទៅ ដាវីដ ថា ប្រសិនបើរំសាយកងទ័ព ៧០ ភាគរយ តើប្រទេសធំទាំង ៥ យល់ព្រម ឬអត់? David ឆ្លើយថា​ព្រម។ (ខ្ញុំបន្តថា) ឯកឧត្តម ខ្មែរក្រហមចាំតែជំទាស់នឹងខ្ញុំទេ។ ឥឡូវឯកឧត្តម ទៅទូលព្រះករុណាព្រះបិតា ថា​ប្រ​ទេសធំទាំង ៥ មានបំណងឲ្យភាគីកម្ពុជារំសាយកងទ័ព ៧០ ភាគរយ ហើយបើសិនជា​ព្រះករុ​ណា​លើក​ឡើង ខ្ញុំនឹងគាំទ្រភ្លាម។ មានអីស្រាប់តែដល់ពេលប្រជុំ ព្រះករុណា ព្រះអង្គលើកមែន លោកថាប្រទេសធំទាំង ៥ គេមកប្រាប់ខ្ញុំថា គេមានបំណងឲ្យភាគីខ្មែរយើង រំសាយកងទ័ព ៧០ ភាគរយ។ ខ្ញុំក៏លើកដៃថាសុំគាំទ្រ ដល់គាំទ្រ សឺន សាន ក៏គាំទ្រ ខៀវ សំផន ក៏គាំទ្រ អញ្ចឹងមានន័យនេះហើយ នំ ហ៊ុន សែន ធ្វើ ផ្ញើតាមអ្នក ដទៃ ផ្ញើឲ្យ ហ៊ុន សែន ស៊ីវិញ។

… អញ្ចឹងសុំផ្ញើទៅអ្នកទាំងឡាយ បើចង់ឲ្យកិច្ចព្រមព្រៀងរស់ឡើងវិញត្រូវឲ្យ ហ្វ៊ុនស៊ិនប៉ិច បង្កើតទ័ពឡើងវិញ តា សឺន សាន បង្កើតទ័ពឡើងវិញ ឲ្យខ្មែរក្រហមបង្កើតអង្គការចាត់តាំងនយោបាយយោធាឡើងវិញ។ ត្រូវ​យល់​ឲ្យច្បាស់ ធាតុផ្សំរបស់វាបានប្រមូលផ្តុំមកនៅកិច្ចព្រមព្រៀងក្នុងរដ្ឋធម្មនុញ្ញទៅហើយ គ្រាន់តែផ្តាំផ្ញើ​ប៉ុណ្ណឹង​ទេ …។ គ្រាន់តែអារឿងបញ្ហាប្រព័ន្ធបោះឆ្នោតនេះ អង្គការសហប្រជាជាតិ ប្រទេសធំទាំង ៥ ស្នើប្រព័ន្ធ​សមា​មាត្រទូទាំងប្រទេស។ ត្រីភាគីគាំទ្រប្រព័ន្ធសមាមាត្រទូទាំងប្រទេស ភាគីរដ្ឋកម្ពុជាស្នើឯកត្តនាម​ពេល​ហ្នឹង ប៉ុន្តែក្រោយមក យើងបានទំលាយភាពទ័លច្រកនេះ នៅឯក្រុងញូវយ៉កទៅវិញទេ មុនកិច្ចព្រមព្រៀង​ក្រុង​ប៉ា​រីស ចុះហត្ថលេខា នោះគឺប្រព័ន្ធសមាមាត្រតាមខេត្ត គោលដៅរបស់យើងចង់ផ្តាច់កុំឲ្យខ្មែរក្រហមមានកៅអី ក្នុង​សភា ព្រោះបើសិនជាប្រព័ន្ធសមាមាត្រទូទាំងប្រទេស មិនដឹងមានប៉ុន្មានរយបក្សក្នុងសភាទេ។ ខ្មែរក្រហម​អាច​បូកសម្លេងនៅត្រង់ណេះបន្តិចៗ អញ្ចឹងចូលក្នុងសភាបាន … គោលដៅរបស់យើងបង្រួបបង្រួមជាតិ​ក៏​ប៉ុន្តែ​ទប់ស្កាត់ការវិលមកវិញ នៃរបបប្រល័យពូជសាសន៍ប៉ុលពត គោលដៅប៉ុលពត។

ការធានា ៣ នៃនយោបាយឈ្នះឈ្នះ

សូមបញ្ជាក់ចំណុចមួយចុងក្រោយ ដើម្បីមើលឲ្យឃើញកិច្ចព្រមព្រៀងទីក្រុងប៉ារីស តម្រូវឲ្យមានការអន្តរា​គមន៍​របស់អង្គការសហប្រជាជតិ អាជ្ញាធរបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិរបស់ អ៊ុនតាក់ ចំណាយ​លុយ​អស់ ២០០០ លាន ដុល្លារ ក៏ប៉ុន្តែ អង្គការសហប្រជាជាតិ មិនអាចសម្រេចនូវអ្វីដែលកិច្ចព្រមព្រៀង​ប៉ារីស​ចង់បានទេ។ កិច្ចព្រមព្រៀងប៉ារីសចង់បាន ប៉ុន្តែ អ៊ុនតាក់ មិនអាចសម្រេចបាន គឺពេលដែល អ៊ុនតាក់ ចាយ​លុយ អស់ ២០០០ លានដុល្លារហើយ អ៊ុនតាក់ បានដកត្រឡប់ទៅវិញ បន្សល់ឲ្យកម្ពុជានូវជា​ប្រ​ទេស​ពីរ និងរដ្ឋាភិបាលពីរ កម្លាំងខ្មែរក្រហមនៅសេសសល់ធ្វើសកម្មភាព តាមស្ថានភាពស្បែកខ្លា ហើយក៏មាន តំបន់​គ្រប់គ្រងដោយឡែក វារដ្ឋធានីដោយឡែករបស់ខ្លួន គឺនៅអន្លង់វែង និងមានការបោះលុយចាយទៀតផង។ ឆ្នាំ ១៩៩៤ ប៉ុល សារឿន បញ្ជាវាយប៉ៃលិន មិនវាយប៉ៃលិន (អ៊ី) ឈាន ដេញវាយវិញ។ វាយទៅ​វាយ​មក។ វាអត់ចប់ទេ។

ដោយសារស្ថានភាពបែបនេះ ខ្ញុំបានដាក់ចេញដោយផ្ទាល់ និងដឹកនាំដោយផ្ទាល់ នូវ​នយោបាយឈ្នះឈ្នះ ដោយធានាឲ្យបងប្អូននៅក្នុងតំបន់អតីតខ្មែរក្រហមនូវផលប្រយោជន៍គន្លឹះ ៣ យ៉ាង។ ការធានា ៣ យ៉ាង ធានា​ទី ១ គឺធានានូវសុវត្ថិភាពរបស់ពួកគេ ពួកគេមិនត្រូវបានចាប់ មិនត្រូវបានសម្លាប់ មិនត្រូវបានជាប់​ពន្ធ​នា​គារ។ … គ្មានអ្នក​ណា​មកចូលជាមួយយើងទេ ប្រសិនបើគេចូលមក យើងចាប់គេឃុំ យើងដាក់គុក យើងធ្វើ​បាប​គេ។ ការធានាទី ២ គឺធានាអាជីព និងមុខរបរ អ្នកណាធ្វើទាហាន គឺធ្វើទាហាន អ្នកណាធ្វើស្អី គឺធ្វើនឹង​ដដែល។ ដូច្នេះ តាំងពីជួបដំបូងជាមួយនឹង អ៊ី ឈាន ឯងធ្វើចៅហ្វាយក្រុងប៉ៃលិន ធ្វើរហូតដល់ចូលនិវត្តន៍។ ឥឡូវ​មកធ្វើរដ្ឋលេខាធិការក្រសួងការពារជាតិ។ នេះគឺជាចំណុចសំខាន់។ អ្នកណាធ្វើទាហាន ធ្វើទាហាន អ្នក​ណា​ធ្វើស្អី ធ្វើហ្នឹង … កងទ័ពប្តូរខោអាវខ្មែរក្រហមចេញ ដាក់ខោអាវរដ្ឋាភិបាលចូល អនុវត្តច្បាប់រាជ​រដ្ឋាភិ​បាល និងកាតព្វកិច្ចរាជរដ្ឋាភិបាលចូល។ ឯទី ៣ ទទួលស្គាល់កម្មសិទ្ធិ ទាំងចលនទ្រព្យ និងអចលនទ្រព្យ​របស់​ពួកគេ។

ពេលនោះហើយដែលមានការផ្តាច់ខ្លួនជាផ្ទាំងៗ ចាប់ផ្តើមពីតំបន់ឱរ៉ាល់ ដែលដឹកនាំដោយ កែវ ពង្ស ទៅតំ​បន់​ប៉ៃលិន ដែលដឹកនាំដោយ អ៊ី ឈាន និងតំបន់មេឡៃ ដឹកនាំដោយ សុខ ភាព យើងបន្តអនុវ​ត្ត​នយោ​បាយ​ឈ្នះ​ឈ្នះនេះ ហើយមកបញ្ចប់នៅដើមឆ្នាំ ១៩៩៨ គឺគ្រប់គ្រងអន្លង់វែង។ អញ្ចឹង វាជាផលប្រយោជន៍ធំណាស់ នយោបាយឈ្នះឈ្នះ គឺបានបង្រ្គប់ឲ្យកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលជនបរទេសមកជួយយើងអស់លុយ ២០០០ លាន … ថ្ងៃមុនខ្ញុំទៅទស្សនកិច្ច ជួប អាកាស៊ី តែខ្ញុំក៏មិនបានលើកអីច្រើនដែរទេ ក៏មិនបាន​ព្រោះ​ក្នុង​ពេល​ជប់លៀង។ គាត់មកចាប់ដៃ។ អាកាស៊ី ប្រធាន អ៊ុនតាក់ ចូលប៉ៃលិន អត់បានទេ។ … អ៊ុនតាក់ ខ្លាំង​បាន​តែ​ជាមួយអ្នកដែលគោរពទេ អ្នកដែលមិនគោរព (គាត់)អត់ខ្លាំងទេ។ ជាមួយនឹងរដ្ឋកម្ពុជា ដើរឆែក​កន្លែង​នេះ ដើរ​ឆែកកន្លែងនោះ លោតឆ័ត្រ ដាក់ឧទ្ធម្ភាគចក្រ ព័ទ្ធសាលាខេត្ត ព័ទ្ធសាលាស្រុក។ បានខ្ញុំប្រកាសថា ប្រសិន​បើមានឧបទ្ទេវហេតុ កើតឡើងណាមួយ អ៊ុន តាក់ ត្រូវទទួលខុសត្រូវខ្លួនឯង … ពេលហ្នឹង អាកាស៊ី ថា​សោកស្តាយណាស់ដែលឯកឧត្តម បានប្រើពាក្យថាមិនទទួលខុសត្រូវ។ ខ្ញុំថាទទួលខុសត្រូវម៉េចបាន … អ្នក​កេះ​កៃ មិនមែនខ្ញុំឯណា។ ចុះអាអ្នកកេះកៃបាញ់ទាហាន អ៊ុនតាក់ ទៅ វាម៉េច? …

មិនធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមមុនឆ្នាំ ២០២៣ ទុកលុយធ្វើស្ពានសិន

ឥឡូវ វិលមកទីក្រុងរបស់យើង កូនៗ ចៅៗ ថ្ងៃនេះ មកជុំគ្នាល្អណាស់ … (ក្មួយៗ ចៅៗ)ខ្លះក៏អោប ខ្លះក៏ថើប បើក​មួយសេរី ឥឡូវ មិនចាំបាច់សុំ។ រឿងវាអញ្ចឹង នេះក៏បង្ហាញថាកម្ពុជាមាន សុវត្ថិភាព មេដឹកនាំមិន​ចាំ​បាច់​ពាក់​អាវក្រោះ ខ្លាចគេបាញ់ទេ។ នោះហើយជា កត្តានាំមកនូវសន្តិភាព។ ពេលដែលយើងធ្វើស្ពាននេះបាន វា​នឹង​កាត់បន្ថយបាននូវចរាចរណ៍ សម្រួលដល់ចរាចរណ៍ ឥឡូវនេះ ធ្វើយ៉ាងម៉េចសម្រុកអាស្ពានដែក …។ កាល​ពីមុនយើងអត់មានប្រាក់ទេ។ យើងផ្តល់ឲ្យឯកជនវិនិយោគនៅក្នុងការធ្វើផ្លូវ។ នៅ​ពេលដែលយើងជួស​ជុលស្ពានជ្រោយចង្វារទី ១ ដែលហៅថាស្ពានមិត្តភាពកម្ពុជា-ជប៉ុននោះ យើងបានទិញ​​ត្រឡប់មកវិញ។ (ផ្លូវ​លី​យុងផាត់) ​នៅសល់ជាង ៣០ ឆ្នាំទៀត ទើបផុតកុងត្រា ប៉ុន្តែ ដើម្បីសម្រួលឲ្យប្រជាពលរដ្ឋរបស់យើង គឺរាជ​រដ្ឋា​ភិបាលក៏បានទិញយកមុនការកំណត់ ដើម្បីផ្តល់ឲ្យប្រជាពលរដ្ឋធ្វើដំណើរ ដោយមិនចាំបាច់បង់ប្រាក់។ យើង​បានដកយកផ្លូវពីសៀមរាប ឡើងទៅកោះកេរ្តិ៍ មួយខ្សែ ហើយផ្តល់សំណងតម្លៃសាងសង់ ត្រឡប់ទៅ​ឲ្យ​ឯក​ជនវិញ។ យើងបានដកយកផ្លូវលេខ ៤ ផ្លូវវេងស្រេង ហើយផ្លូវសឡា ប៉ុន្មានយកមកវិញទាំងអស់ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋរបស់យើងបានធ្វើដំណើរ ដោយមិនចាំបាច់បង់ប្រាក់។

សូមបញ្ជាក់ថា ស្រុកខ្មែរទេ ដែលឥឡូវនេះមានផ្លូវ ប៉ុន្តែគ្មានការបង់ប្រាក់ ឯចេញតែពីប្រទេសខ្មែរទៅប្រទេស​ក្រៅបង់ប្រាក់ទាំងអស់ហ្នឹង។ មួយជុំវិញទីក្រុងបាងកក និងក្នុងទីក្រុងបាងកក តើត្រូវបង់លុយប៉ុន្មានទៅ? រដ្ឋា​​ភិ​បាលបារាំង គ្រាន់តែលុយប្រមូលបានពីចរាចរណ៍ជុំវិញប៉ារីសមួយថ្ងៃៗ មិនដឹងប៉ុន្មានលានអឺរ៉ូទេ …។ ប៉ុន្តែ សម្រាប់ប្រទេសរបស់យើង រាជរដ្ឋាភិបាលប្រឹងសន្សំ រឿងហ្នឹងហើយ ដែលខ្ញុំមិនព្រមធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម នៅ​មុនឆ្នាំ ២០២៣។ បើសិនជាយើងចង់ធ្វើស៊ីហ្គេម យើងត្រូវគិតបន្ថយទៅលើចំនាយវិនិយោគសាធារណៈ យក​លុយនោះទៅចាយ ដើម្បីយកទៅធ្វើជាកន្លែងសម្រាប់កីឡា ធ្វើជាកន្លែងទទួលភ្ញៀវ ត្រូវចំណាយយ៉ាងតិច ២០០ ឬ ៣០០ លានដុល្លារសហរដ្ឋអាមេរិក ដែលយើងអាចធ្វើផ្លូវ ធ្វើស្ពានបានច្រើន។ ឥឡូវស្ពានតាម​​ដង​ទន្លេ​សាបរបស់យើង មានស្ពានមិត្តភាពកម្ពុជាចិន ព្រែកក្តាម ស្ពានព្រែកព្នៅ ហើយមកដល់ស្ពានអាហ្នឹងគេ ហៅស្ពានអីឥឡូវ? អត់ទាន់ដាក់ឈ្នោះទេ វានៅសងខាងម្នាក់ ចាំរកវិធីក្រោយទៅ ព្រោះម្ខាងជ្រោយចង្វារ​ ម្ខាង​​ឬស្សីកែវ ហើយស្ពានមិត្តភាពកម្ពុជា-ចិន អាហ្នឹងគឺជាស្ពានថ្មី និងបន្ថែមដោយមិត្តចាស់មួយទៀត គឺស្ពាន​មិត្ត​ភាពកម្ពុជា-ជប៉ុន។

ដល់ចុះទៅខាងក្រោម ខាងផ្នែកទន្លេបាសាក់ យើងមានស្ពានព្រះមុន្នីវង្សចាស់មួយ តែមានស្ពាន​ព្រះមុន្នី​វង្ស​ថ្មី​មួយ ដែលសាងសង់ដោយក្រុមហ៊ុនអនិកជននេះផងដែរ។ បន្តទៅទៀត យើងមានស្ពានមិត្តភាពកម្ពុជា-ចិន នៅ​ឯតាខ្មៅ និងមានស្ពានមិត្តភាពកម្ពុជា-ចិន នៅឯកោះធំ ទៅតាមផ្លូវតាមទន្លេមេគង្គវិញ រាប់ពីខាងក្រោម ឡើង​មក​ខាង​លើ គឺស្ពានទ្សឹបាសា ដែលជាស្ពានអ្នកលឿង ដែលកសាងឡើងដោយជំនួយរបស់ជប៉ុន ឡើង​មក​ដល់​ខាង​លើ គឺស្ពានមិត្តភាពកម្ពុជា-ចិន។ ឡើងទៅលើទៀត គឺស្ពានគីហ្សូណា ដែលកសាងដោយជប៉ុន ឡើងទៅ​លើ​បន្តទៀត យើងមានស្ពាន​មិត្តភាពកម្ពុជា-ចិនមេគង្គស្ទឹងត្រែង និងមានស្ពានមិត្តភាពកម្ពុជា-ចិន សេកុង។ យើងកំពុងត្រៀមរៀបចំសាងសង់ស្ពានមួយកន្លែងទៀតនៅម្តុំ រវាងម្ខាងស្រុកស្ទឹងត្រង់ របស់​ខេត្ត​កំពង់ចាម និង​ម្ខាងគឺស្រុកក្រូចឆ្មារ នៃខេត្តត្បូងឃ្មុំ នៅពេលខាងមុខ យើងនឹងបើកការដ្ឋានសាងសង់ផ្លូវ និង​ស្ពានមួយ​នេះ។ យើងមានគម្រោងកសាងស្ពាននៅខាងលើ តភ្ជាប់រវាងក្រុងក្រចេះ ជាមួយនឹងត្រើយម្ខាង ដើម្បីកាត់​ឈ្មោះទៅរកខាងខេត្តកំពង់ធំ។ គម្រោងនៅទីនេះ យើងមានផែនការ នឹងកសាងផ្លូវ កសាងស្ពាន ២ ផ្សេង​ទៀត។ ឯកឧត្តម ស៊ុន ចាន់ថុល ជ្រោយចង្វារជាមួយនឹងអារិយក្សត្រ ត្រើយទៅខាងណោះ ហើយ​និង​ក្តី​តាកុយ នៅ​ខាងក្រោមមួយទៀត វាមិនទាន់គ្រប់ទេ តម្រូវការរបស់យើងនៅច្រើនទៀត ហើយមហិច្ឆតា​របស់​ខ្ញុំ​ចង់​ថា ៣ គីឡូម៉ែត្រ ស្ពានមួយៗ កុំឲ្យប្រជាជនវាងឆ្ងាយពេក ប៉ុន្តែ រឿងនេះគ្រាន់ជាចក្ខុវិស័យតែប៉ុណ្ណោះ។

ប្រទេសយើងមានទន្លេច្រើន មានព្រៃច្រើន វាអនុគ្រោះណាស់សម្រាប់ទឹក ក៏ដូចជាធនធានត្រី ក៏ប៉ុន្តែ វាក៏លំ​បាក​ណាស់ដែរសម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់។ ប្រទេសដែលអត់មានទឹក អត់មានព្រែក អត់​មាន​ទន្លេ គឺវាលំបាកខ្វះខាតទឹក ក៏ប៉ុន្តែ គេមិនសូវចំណាយទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធទេ។ វាលំ​បាក​ម្ខាង វាស្រួលម្ខាង ក៏ប៉ុន្តែ វាជាតម្រូវការរបស់ប្រជាជនរបស់យើង។ យើងមានតម្រូវការបែបនេះ យើងបានបន្ត ដូច​ជាព្រែកត្នោត ត្រូវធ្វើស្ពានឲ្យកាន់តែច្រើន។ ស្ទឹងពោធិ៍សាត់ ក៏ត្រូវធ្វើស្ពានឲ្យកាន់តែច្រើន។ ទន្លេតូចក៏ត្រូវ​ធ្វើ​​ស្ពានឲ្យកាន់តែច្រើន។ ស្ទឹងសង្កែ មង្គលបុរី ក៏ត្រូវធ្វើស្ពានឲ្យកាន់តែច្រើនទៅៗ។ នេះវាជាតម្រូវ​ការ​របស់​មនុស្ស។

គុកសម្រាប់ដាក់តែអ្នកធ្វើខុសទេ

ប៉ុណ្ណឹងហើយ សូមមេត្តាកុំមកចង់ផ្តួលរំលំដោយលេងផ្លូវកាត់ឲ្យសោះ។ អ្នកមិនអាចទៅរួចទេ។ ហើយអ្នកក៏​មិន​អាចនឹងគេចវេសពីនឹងសំណាញ់ច្បាប់បានដែរ។ អំពើរបស់អ្នកត្រូវតែផ្តន្ទាទោសហើយ។ ការអនុវត្តច្បាប់​ប្រ​សើរ​ជាង​ការប្រើប្រាស់កម្លាំងប្រដាប់អាវុធ ដូចដែលមានការញុះញង់ដោយជនក្បត់ ដែលចង់ប្រើប្រាស់ការ​បះ​បោរ​ប្រដាប់អាវុធ។ ការបះបោរប្រដាប់អាវុធ វានឹងទៅដល់ការហូរឈាម និងស្លាប់ជីវិតមនុស្ស ប៉ុន្តែ ការ​អនុវត្ត​ផ្លូវច្បាប់ គឺមិនស្លាប់មនុស្សទេ គ្រាន់តែជាប់គុក ព្រោះការជាប់គុកមិនមែន​បណ្តាលមកពី​គេធ្វើ​បាប​អ្នក​ឯង​ទេ។ មកពីអ្នកឯងធ្វើខុស បានវាជាប់គុក។ គ្មាននរណាគេទៅចាប់មនុស្សដែលមិនបានប្រព្រឹត្ត​ខុសដាក់​គុក​នោះទេ។

ចែកអាវរងារដល់កងទ័ព ឲ្យបានឆាប់បំផុត

ឥឡូវប្រហែលជាថ្ងៃនេះ មានភ្លៀងទៀតទេដឹង ប៉ុន្តែ ខ្យល់ជំនោរកត្តិកក៏បានចាប់ផ្តើមធ្លាក់បណ្តើរៗហើយ តែ​ភ្លៀង​ក៏នៅ។ ហើយខ្ញុំក៏បានចេញបញ្ជា ឯកឧត្តម ប៉ុល សារឿន ពិនិត្យផង ខ្ញុំបានចេញបញ្ជាឲ្យ គន់ គីម ដឹក​អាវ​រងារ ទៅចែកជូនកងទ័ព នៅតំបន់ដែលធ្លាប់ចែក ឲ្យបានឆាប់បំផុត។ នៅចុងខែនេះ និងដើមខែក្រោយ ត្រូវ​ចែក​អាវរងារឲ្យចប់ ព្រោះឆ្នាំនេះ តាមការព្យាករអាចរងារច្រើន ហើយទឹកទន្លេ វាមិនឡើងទៀតទេ គ្រាន់តែវា​ស្រក​យឺតបន្តិច។ ប៉ុន្តែ នៅពេលយើងបុណ្យអុំទូក វានឹងចាប់ផ្តើមទាបជាងនេះ អាចថាកន្លះ ឬជិតមួយម៉ែត្រ​។ ហើយរដូវរំហើយ ជាធម្មតាកម្លោះក្រមុំរង់ចាំពេលនេះហើយ។ អ្នកដែលបានភ្ជាប់ពាក្យកាលពីពេលមុន រង់ចាំ​ចេញវស្សាឲ្យស្រូត នឹងអាលបានរៀបការ។ ដេញហើយ ដេញចុះដេញឡើង ធ្វើម៉េចវាជាបញ្ហាធម្មជាតិ តែធ្លាក់​ខ្យល់​ពីជើងហើយ គឺមានហើយ។ ហើយសំបូរកូន សំបូរចៅ ក៏វាទៅតាមនឹងផងដែរ​ វាធម្មជាតិរបស់មនុស្ស។

សមិទ្ធផលទាំងអស់ មិនត្រូវឲ្យនរណាបំផ្លាញ ក្រោមការបញ្ជាពីបរទេសទេ

ខ្ញុំគិតថា មិននិយាយច្រើន តែទីចុងបំផុត រឿងស្ពានវាតិចទេ ប៉ុន្តែ រឿងកិច្ចព្រមព្រៀងប៉ារីស ទើបវាច្រើន។ ខ្ញុំ​នឹង​​ចែក​រំលែកបណ្តើរៗ នូវអ្វីដែលជាការចងចាំ និងការអនុវត្តជាក់ស្តែងរបស់ខ្ញុំ លើបញ្ហាការចរចា​ស្វែង​រក​ដំ​ណោះស្រា​យនយោបាយ តាំងពីនាទីដំបូង រហូតដល់បង្កើតបានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ការអនុវត្តកិច្ច​ព្រម​ព្រៀង​ទីក្រុងប៉ារីស និងបន្តទៅការអនុវត្តនយោបាយ​ឈ្នះឈ្នះ និងការកសាងប្រទេសរហូតមកដល់​សព្វ​ថ្ងៃ។ យើងចេញដំណើរពីស្ថានភាពដ៏លំបាក រហូតមកដល់ពេលនេះ យើងធ្វើបានប៉ុណ្ណេះ ចាំបាច់ត្រូវតែ​រក្សា​ឲ្យ​បាន មិនត្រូវឲ្យជនក្បត់ក្រោមបញ្ជារបស់បរទេសណា មកបំផ្លិចបំផ្លាញ ព្រោះនេះជាសោកនាដកម្ម​ដែល​យើង​បានប្រទះកាលពីអតីតកាល នៅពេលដែលគេផ្តួលរំលំសម្តេចព្រះនរោត្តម សីហនុ ព្រះប្រមុខរដ្ឋស្រប​ច្បាប់នៃកម្ពុជា។

ប្រឆាំងនឹង ហ៊ុន សែន ស្មើនឹងប្រឆាំងនឹងអ្នកដែលបានបោះឆ្នោតឲ្យគណបក្សប្រជាជន

ប្រទេសដទៃដែលបាន និងកំពុងកើតសង្គ្រាម តើវាយ៉ាងម៉េច? ប្រទេសដែលមានបដិវត្តន៍ពណ៌តាមរយៈ​ការ​ញុះ​ញង់​បង្កចលាចល ហើយអំពាវនាវឲ្យកម្លាំងប្រដាប់អាវុធ ដើម្បីធ្វើការបះបោរ តើវាយ៉ាងម៉េច? អ្នកណា​ឈ្នះ គឺអ្នកនោះខ្លាំង។ តើចង់អញ្ចឹងទេ? បើចង់អញ្ចឹង ខ្ញុំក៏សុំកំដរ។ បើអ្នកចង់សាកតាមកម្លាំងប្រដាប់អាវុធ ខ្ញុំក៏សុំកំដរអ្នក។ ប៉ុន្តែ យកល្អ អ្នកកុំធ្វើឲ្យសោះ។ ខ្លះថា គេអត់មានអាវុធទេ ប៉ុន្តែ ស្តាប់សម្តីរបស់ជន​ក្បត់​ជាតិ​ម្នាក់​ដែលបានប្រកាសថា កម្លាំងប្រដាប់អាវុធត្រៀមនឹងបះបោរហើយ …។ អ្នកចង់សាកទេ? បើអ្នកចង់សាក ខ្ញុំ​សាកឲ្យអ្នកមើល ហើយអ្នកបញ្ចេញកម្លាំងឲ្យអស់មក។ អ្នកមិនទាន់ទៅរួចទេ ហើយកុំថា ខ្ញុំកម្ចាត់ដៃគូ​នយោ​បាយឲ្យសោះ។ អ្នកតាំងខ្លួនជាសត្រូវរបស់ខ្ញុំ ហើយអ្នកមិនមែនគ្រាន់តែបំផ្លាញខ្ញុំទេ បើសិនបំផ្លាញខ្ញុំ អ្នកនឹងបំផ្លាញរាជរដ្ឋាភិបាលស្របច្បាប់មួយ ព្រោះខ្ញុំជានាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលស្របច្បាប់។ អ្នកកុំ​ភ្លេច​កន្លែងនេះ។ ថាគេប្រឆាំងតែ ហ៊ុន សែន ចុះ ហ៊ុន សែន តំណាងឲ្យមនុស្សប៉ុន្មានទៅ​ ដែលបោះ​ឆ្នោត​ឲ្យ​គណ​បក្សប្រជាជន។ ហ៊ុន សែន កំពុងតែជាតំណាងឲ្យរដ្ឋអធិបតេយ្យមួយ​ ដែលត្រូវដឹកនាំអនុវត្ត​ទាំង​គោល​នយោ​បាយក្នុងប្រទេស និងក្រៅប្រទេស មិនអាចឲ្យអ្នកឯងមកផ្តួលរំលំលេងៗទេ។

ការពារឲ្យខានតែបាននូវសមិទ្ធផលទាំងអស់ ទោះបីឈានដល់ការប្រើកម្លាំងក៏ដោយ

ខ្ញុំធ្លាប់បាននិយាយហើយ ដើម្បីការពារសេចក្តីសុខសាន្តរបស់ប្រជាជន ធានាសន្តិភាពឲ្យប្រជាជន កុំឲ្យប្រជា​ជន​ធ្លាក់ក្នុងសេចក្តីស្លាប់ យើងហ៊ានកម្ចាត់ចោលមនុស្សមួយចំនួន បើសិនវាចាំបាច់។ ខ្ញុំនិយាយថាវាចាំបាច់ បើប្រដាប់អាវុធចេញមកហើយ ពស់តែគេវាយ គេត្រូវវាយក្បាល គេមិនវាយកន្ទុយទេ ព្រោះវា(អាច)នៅចឹក។ មេ​ដឹកនាំវិញត្រូវវាយទាំងអស់។ អញ្ចឹង ដើម្បីការពារសមិទ្ធផលកិច្ចព្រមព្រៀង ២៣ តុលា ការពារសមិទ្ធផល​នៃ​នយោ​បាយឈ្នះឈ្នះ ការពារសមិទ្ធផលសង្គមជាតិ ដែលយើងកសាងបានទាំងលំបាករហូតមកដល់​ពេល​នេះ យើងប្តេជ្ញាអនុវត្តច្បាប់ ដើម្បីការពារជាតិ ការពារប្រជាជន ហើយបើវាមានការតម្រូវ កម្លាំងប្រដាប់អាវុធ​ត្រូវ​ត្រៀមជាស្រេច ដើម្បីឆ្លើយតបជាមួយនឹងសភាពការណ៍ដែលវាកើតឡើង។ ខ្ញុំមានសិទ្ធិនឹងធ្វើបែបនេះ និង​និយាយបែបនេះ ព្រោះខ្ញុំស្ថិតនៅក្នុងឋានៈ ដែលគេតម្រូវឲ្យនិយាយបែបនេះ។

អ្នកមិនទាន់មានសិទ្ធិទេ ប៉ុន្តែ អ្នកបានបំពានសិទ្ធិ ញុះញង់បង្កចលាចល ឲ្យកម្លាំងប្រដាប់អាវុធបែរចុងកា​ណុង​មកប្រឆាំងជាមួយរាជរដ្ឋាភិបាល។ ប៉ុន្តែ អ្នកស្គាល់ទាហានរបស់កម្ពុជាតិចពេកហើយ អ្នកស្គាល់ ហ៊ុន សែន តិចពេកហើយ មិនទាន់ដល់ពេលដែលអ្នកអាចធ្វើបែបនេះ ចំពោះ ហ៊ុន សែន ទេ។ ហ៊ុន សែន ជាអ្នកស្ថាបនិកនៃកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា។ ហ៊ុន សែន ជាអ្នកចិញ្ចឹមបីបាច់ កសាង​កម្លាំង​ប្រដាប់អាវុធនេះឲ្យរីកធំធាត់ តាំងពីការចាប់ផ្តើមផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ទប់ស្កាត់​របបប្រល័យពូជសាសន៍ ប៉ុល ពត រហូតមកដល់ពេលនេះ ដូចជាអម្បាញ់មិញ ខ្ញុំបាននិយាយទៅនាយ​ឧត្តម​សេនីយ ប៉ុល សារឿន ឲ្យពិនិត្យមើល នាយឧត្តមសេនីយ គន់ គីម អនុវត្តដល់ណាហើយ? ពេលខែរងារ  ត្រូវ​ចែក​អាវរងារ​ ពេលខែភ្លៀង ត្រូវចែកអាវភ្លៀងឲ្យកងទ័ព ចែកចេញពីឃ្លាំងដែល ហ៊ុន សែន បានរកអាវភ្លៀង អាវ​រងារ ហើយដែលនេះ មិនមែនកាត់ចេញពីរបបយោធា ពីថវិកាក្រសួងការពារជាតិទេ។

អញ្ចឹង សូមកុំភ្លេច អ្នកមិនទាន់មានលទ្ធភាពផ្តួលរំលំ ហ៊ុន សែន តាមកម្លាំងយោធាទេ បើអ្នកហ៊ានលោត ក៏​ហ៊ានស្លាប់ដែរ …។ ប៉ុន្តែ បើអ្នកលេងមិនឈ្នះ ហ៊ុន សែន គឺអ្នកមានតែកន្លែងមួយគត់ គឺគុក។ ព្រោះ​គុក​គេ​សម្រាប់​ដាក់មនុស្សធ្វើខុស ហើយកាន់តែដាក់ឲ្យធ្ងន់ធ្ងរទៀត សម្រាប់អ្នកក្បត់ជាតិ។ ដើម្បីអ្វីទៅ? ដើម្បីសេច​ក្តី​សុខ​ប្រជា​ជនទូទាំងប្រទេស យើងមិនខ្លាចជាមួយនឹងការធ្វើសកម្មភាពតាមផ្លូវច្បាប់ ដើម្បីកម្ចាត់ចោលនូវ​អង្គ​ការចាត់តាំង ឬក៏បុគ្គលដែលបំពានច្បាប់នោះទេ។ គ្មានប្រទេសណាគេគេទុកឲ្យអ្នកធ្វើខុសច្បាប់ ឬធ្វើអំពើ​ភេរ​វកម្មប្រឆាំងរដ្ឋ ដើម្បីឡើងធ្វើជាអធិរាជ ដើម្បីដឹកនាំប្រទេសនោះទេ។ វាមិនដែល។

ពាំនាំអំណោយ និងថ្លែងអំណរគុណ

ថ្ងៃនេះ យើងមានសមិទ្ធផលថ្មីមួយទៀត ដែលនឹងកើតឡើងក្នុងរង្វង់ ២៨ ខែ។ ហើយស្ពាននេះអាច​ចាត់​ទុក​ថា ជាស្ពានដែលធំជាងគេ ទោះបីវាខ្លីត្រឹមតែជាង ៥០០ ម៉ែត្រ តែទទឹង ៣០ ម៉ែត្រ គឺជាស្ពានធំ។ ប៉ុន្តែ មុន​នឹង​បាន​ឆ្លងអានោះ ត្រូវឆ្លង ១២ ម៉ែត្រ ស្ពានដែកសិន ដើម្បីដំណើរការ។ ខ្ញុំសូមប៉ុណ្ណឹងទៅចុះ ហើយថ្ងៃនេះ ខ្ញុំក៏​បាន​នាំមកសម្រាប់ អរគុណណាស់ជាមួយអ្នកដែលបានមកចូលរួមថ្ងៃនេះ។ ក្រុមកាយាឬទ្ធិ និងយុវជនកាក​បាទ​ក្រហមកម្ពុជា មានចំនួន ៣០០ នាក់ ដែលមកចូលរួម សូមជូនម្នាក់ ២ ម៉ឺនរៀលដែរ។ លោកគ្រូ អ្នកគ្រូ ៦១៤ នាក់ ក្នុងម្នាក់ៗថវិកា ៥ ម៉ឺនរៀល។ ជូនបុគ្គលិក និងកម្មករ ដែលកសាងស្ពាននេះ ក្នុងម្នាក់ៗ ២ ម៉ឺន​រៀល។ ជូនសាលាខណ្ឌឫស្សីកែវ ថវិកា ២ លានរៀល។ ជូនសាលាខណ្ឌជ្រោយចង្វារថវិកា ២ លានរៀល។ ជូនក្រុមតន្រ្តីសម័យថវិកា ២ លានរៀល។

ម៉ោងប៉ុន្មានហើយ? ៩ កន្លះ។ ខ្ញុំអត់បានទេ នាឡិកាម៉ាកអីក៏ដោយ គឺងាប់​ទាំងអស់។ ព្រឹកមិញ ពេលដែល​យក​នាឡិកាមកពាក់ នាឡិកាម៉ោងទើបនឹង ៥។ ពាក់នាឡិកាអូតូម៉ាទិក ដៃឯងហ្នឹងវាមិនសូវចលនា អញ្ចឹង​ទេវា​ងាប់។ ដល់ទៅពាក់នាឡិកាមួលឡាន វាភ្លេចមួលឡាន វាងាប់ទៀត។ អញ្ចឹងជម្រើសដែលនៅសល់ គឺ​មាន​តែនាឡិកាដាក់ថ្មទេ។ ហើយមានពេលខ្លះនាឡិកាដាក់ថ្ម វាអស់អាថ្ម ដោះវាទុកស្រាប់តែវាហៀរទឹ​កចេញ​មក​តែម្តង។ នេះពិតជាមនុស្សខ្ជិល។ ព្រឹកមិញ យើងចាប់ផ្តើមកម្មវិធីពីម៉ោង ៨ ឥឡូវ ម៉ោង ៩ កន្លះហើយ​ ឥឡូវ​ចង់ភ្លៀងទៀត តែឲ្យភ្លៀងមកចុះ។ បន្ទាប់ទៅ យើងនឹងដល់បុណ្យអុំទូក ហើយឆ្នាំនេះអាច​នឹង​មាន​លក្ខណៈរងារ កសិកម្មរបស់យើងល្អឆ្នាំនេះ។ ហើយខ្ញុំក៏កំពុងដើរបន្តជាមួយនឹង​ការសួរសុខទុក្ខកម្មករ/កា​រិនី​របស់​យើង។

ក្នុងពេលនេះ ជាមួយនឹងការបើកការដ្ឋានសាងសង់ស្ពានបេតុងឆ្លងកាត់ទន្លេសាប ប្រវែង ៥០៤ ម៉ែត្រ តភ្ជាប់​តំបន់អភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ មកកាន់ផ្លូវជាតិលេខ ៥ ត្រង់ចំណុចប្រសព្វ​ផ្លូវ​ជាតិ​លេខ ៣៦ ខណ្ឌឫស្សី​កែវ រាជធានីភ្នំពេញ ខ្ញុំសូមជូនពរឯកឧត្តម លោកជំទាវ លោក លោកស្រី និងបងប្អូនជនរួមជាតិទាំងអស់ សូមប្រកបដោយពុទ្ធពរ និងពរ ៥ ប្រការ អាយុ វណ្ណៈ សុខៈ ​ពលៈ និង​បដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ចែករំលែក