ប្រមុខ​រាជរដ្ឋា​ភិបាល​កម្ពុជា ជួបពិ​ភាក្សា​ការងារ​ជាមួយ អគ្គនាយក​អង្គការ​អភិវឌ្ឍន៌​ឧស្សាហកម្ម​នៃអង្គការ​សហប្រជាជាតិ

164

នៅក្នុង​ជំនួបពិ​ភាក្សា​ការងារ ជាមួយ ឯកឧត្តម លីយ៉ុង​( Li Yong) អគ្គនាយក​អង្គការ​អភិវឌ្ឍន៌​ឧស្សាហកម្ម​នៃ​អង្គការ​សហប្រជាជាតិ ហៅកាត់ថា UNIDO នារសៀលថ្ងៃទី០៦ ខែមេសានេះ នៅ​វិមាន​សន្តិភាព   សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា បានស្នើ​អោយ​អង្គការ UNIDO ជួយជម្រុញអ្នកវិនិយោគ​វិស័យ​ឧស្សាហកម្ម​​មកកម្ពុជាបន្ថែមទៀត និងជួយជ​ម្រុញការ​អនុវត្ត​គោល​​នយោ​បាយ​អភិវឌ្ឍន៌​វិស័យ​ឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ របស់កម្ពុជា ស្រប​ទៅ​នឹង​ទស្សន​វិស័យ ប្រែក្លាយ​ប្រទេសកម្ពុជាទៅ​ជាប្រទេស​មានប្រាក់​ចំណូល​មធ្យម​កំរិត​ខ្ពស់​នាឆ្នាំ​២០៣០​។ ​

នេះ​បើតាម​ការ​បញ្ជាក់​របស់  ឯកឧត្តមបណ្ឌិត កៅ គីមហួន រដ្ឋមន្ត្រីប្រតិភូ​អមនាយក​រដ្ឋមន្ត្រី ថ្លែង​ប្រាប់អ្ន​កសារ​ព័ត៌មាន​នៅក្រោយ​ជំនួប​ពិភាក្សា​ការ​ងារនេះ។​

ជាការឆ្លើយ​តបទៅ​នឹងការ​ស្នើសុំ​របស់​សម្តេច​តេជោនៅ​ក្នុងជំ​នួបនេះ ឯកឧត្តម លី យ៉ុង ក៏បាន​ថ្លែង​ការ​កោត​សរសើរ​ចំពោះ​ការ​ដាក់​ចេញ​នូវ​គោល​នយោបា​យ​អភិវឌ្ឍន៌​និង​យុទ្ធសាស្ត្រ​អនុវត្ត​របស់​រាជ​រដ្ឋាភិ​បាល​កម្ពុជា។  ឯកឧត្តម លីយ៉ុង  បានជំរាបជូនថា អង្គការ UNIDO បានគៀង​គរអ្នកវិ​និយោគ​វិស័យ​ឧស្សាហ​កម្ម ជា​ច្រើន​មកបណ្តាក់​​ទុននៅ​កម្ពុជា ហើយការវិនិយោគ​ទាំងនោះគឺមិន​មែននាំមក​នូវតែ​ហិរញ្ញវត្ថុ​ទេ តែ​ក៏បាន​នាំមក​​ជាមួយ​នូវបច្ចេកវិទ្យា និងការបណ្តុះ​បណ្តាល​ជំនាញ​ដល់ធនធាន​មនុស្ស​នៅកម្ពុជា​ផង​ដែរ​។  ទន្ទឹមនឹង​ការ​សន្យាថា នឹងជម្រុញ​ភាព​ជាដៃ​គូរវាង​អង្គការ UNIDO និងប្រទេសកម្ពុជា ក្នុងការ​បង្កើនទំ​ហំ​វិ​និយោគ​ផ្ទាល់​ពីបរទេស រឺហៅថា FDI មក​កម្ពុជានោះ ឯកឧត្តម លី យ៉ុង ក៏បានស្នើសុំ អោយ​កម្ពុជា​គួរ​សិក្សា និងមាន​យុទ្ធសាស្ត្រ ធ្វើយ៉ាងណា​ទប់ស្កាត់​​កុំអោយ​មាន​តម្លៃ​ពលកម្ម​​ខ្ពស់​ពេក ដែល​អាច​ធ្វើអោយ​ប៉ះពាល់​ដល់​ការ​សម្រេច​​ចិត្ត​​របស់​អ្នកវិនិយោគ។ ជាក់ស្តែង​ដូចជា​នៅក្នុង​ប្រទេសចិន ដោយសារ​តែ​តម្លៃ​ពលកម្ម​មាន​តម្លៃ​ខ្ពស់ បានធ្វើអោ​យអ្នក​វិនិយោគ​ផ្លាស់ប្តូរ​ការវិនិយោគ ដែលធ្វើអោយ​​ប្រជាពលរដ្ឋ​ជាង​២០០​លាននាក់ បាត់បង់​ការងា​រធ្វើ។

ដោយឡែកនៅក្នុងជំ​នួបពិភាក្សា​ការងារនេះ​ដែរ សម្តេចតេជោ បានលើកឡើងថា បើទោះបីជា ទីផ្សារ​នៅ​កម្ពុជា​មានទំហំតូច គឺមានប្រជាជន​ប្រមាណ​១៥​លាន​នាក់​ប៉ុណ្ណោះ ​​ប៉ុន្តែ​បើគិត​ពីការ​នាំចេញ​ទៅកាន់​ទីផ្សារ​អាស៊ាន​វិញ គឺមានទំហំធំ។ ដូចនេះ គួបផ្សំនឹងកម្ពុជា​មានធន​ធាន​ ដើមជាច្រើន ដូចជាអង្ករ ដំឡូង និង​កៅស៊ូ​ជាដើម ដែលជាកត្តា​ធ្វើអោយ​មានតម្លៃ​បន្ថែម​សម្រាប់​វិស័យ​ឧស្សាហកម្ម​ផង​នោះ គឺជា​សក្តានុ​ពល​សម្រាប់​ការវិនិយោគ​នៅកម្ពុជា។  ទន្ទឹមនេះ​សម្តេច​តេជោ បានលើក​ឡើង​ផង​ដែរថា ប្រទេស​កម្ពុជា​បាន​ឆ្លងកាត់​​ដំណាក់កាល នៃការអភិវឌ្ឍ​សេដ្ឋកិច្ច ចាប់តាំង​ពីយុទ្ធសាស្រ្ត​សេដ្ឋកិច្ច​ផែនការ មកជា​សេដ្ឋកិច្ច​ទីផ្សារ​សេរី និងមាន​កំណើន​សេដ្ឋកិច្ច​រង្វង់៧​ភាគរយ​ប្រចាំ​​ឆ្នាំដូច​ពេល​នេះ។ តែទោះ​ជាយ៉ាង​ណា ប្រទេស​កម្ពុជា​នៅតែ ដាក់ចេញ​នូវយុទ្ធសាស្រ្ត ​និងគោល​នយោបាយ​ជាច្រើន ដូចជា​គោល​នយោបាយ​អភិវឌ្ឍន៌​ឧស្សាហកម្ម​ឆ្នាំ២០១៥-២០២៥ តែម្តង ដែលនឹង​អាចបង្កើត​ការងារ​ថ្មី​ដល់​ប្រជាពលរដ្ឋ និង​ចូលរួម​ចំណែក​​ក្នុងកំណើ​នសេដ្ឋកិច្ចកម្ពុជា៕