សម្រង់​ប្រសាសន៍​សម្តេច​តេជោ ហ៊ុន សែន ថ្លែងក្នុងពិធី​សម្ពោធ​ដាក់​ឲ្យប្រើប្រាស់ជាផ្លូវការនូវវិហារឥស្លាមជើមៀក ស្ថិតក្នុងក្រុងកំពង់ចាម

32

CNV: 

… ថ្ងៃនេះ ខ្ញុំពិតជាកា​រ​សប្បាយរីករាយ ដែលបានមកចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់​នូវវិហារ​ឥស្លាម​​ជើមៀក​​ដែលស្ថិត​នៅ​មិន​ឆ្ងាយពីទីក្រុងកំពង់ចាមរបស់យើង​។ អ្វីដែលជាមោទនភាពធំបំផុតរបស់ខ្ញុំ នៅត្រង់​ថា​ យើងបានសម្រេច​លទ្ធផល​ពីជំហានមួយទៅកាន់ជំហានមួយ។ យោងទៅតាមប្រវត្តិ នៃវិហារជើមៀក សម្ដេច ហេង សំរិន កាលពីអតីតកាល ធ្លាប់បានមកសម្ពោធដាក់ឲ្យប្រើប្រាស់ម្ដងរួចទៅហើយ។ ក៏ប៉ុន្តែរយៈ​ពេល​នោះ​ប្រ​ទេសរបស់យើងមានភាពក្រីក្រ​ ជួបការលំបាក យើងក៏ត្រូវធ្វើតាមដំណាក់កាលនោះ។ ​ឥឡូវក្នុង​ស្ថានភាព​ថ្មី ព្រះវិហារនេះក៏ត្រូវធ្វើតាមរបៀបថ្មីដែរ។ ម៉្យាងទៀត ខ្ញុំក៏ចង់ជម្រាបជូនឯកឧត្តម លោកជំទាវ អស់​លោក លោក​ស្រី និងបងប្អូនថា នៅទីកន្លែងដែលយើងកំពុងអង្គុយនៅទីនេះ បានបុកគ្រឹះសម្រាប់សង់សាលា​ ៣ ជាន់ ១៨ បន្ទប់​សំរាប់ការសិក្សា បន្ទាប់ពីយើងបញ្ចប់ការសម្ពោធនេះទៅ អគារសិក្សា ១ ខ្នងដែលផ្ដល់​ដោយ​​ខ្ញុំ ហើយ​កង​វិស្វកម្មរបស់ខ្ញុំក៏បានចូលមកសាងសង់នៅទីនេះ នឹងកើតចេញជារូបរាង​ជាមួយ​នឹង​អគារ​ខ្ពស់​ស្កឹមស្កៃនៅ​ខាង​​មុខនេះផងដែរ។

ខ្ញុំពិតជាមានការរីករាយដល់ថ្ងៃនេះ ឯកឧត្តម លោកជំទាវ​ ដែលបាន​អញ្ជើញ​​មកពីបណ្ដាប្រទេសនានា ហើយ​ក៏មានអគ្គរដ្ឋទូត(ម៉ាឡេស៊ី)ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ បានអញ្ជើញចូលរួម​ផងដែរ ជានិមិត្តរូបឲ្យ​ឃើញ​​អំពី​ការយកចិត្តទុកដាក់ និងសាមគ្គីភាពនៅក្នុងចំណោមសហគមន៍ឥស្លាម មិនត្រឹម​តែក្នុងប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែយើងស្ថិតនៅក្នុងចរន្ដរួម។ ម្យ៉ាងទៀត​ ថ្ងៃ​នេះ បងប្អូនថ្នាក់ដឹកនាំឥស្លាមនៅទូទាំងប្រទេស​អញ្ជើញ​មក​ពី​ទីកន្លែងនានា ក៏បានមកកាន់ទីនេះ ដើម្បីចូលរួម​ទទួល​យកសមិទ្ធផលសម្រាប់ជាទីសក្ការៈបូជា​របស់សាស​និក​ឥស្លាម ដែលខ្ញុំគិតថានេះគឺជារឿងគប្បីដែល​យើងត្រូវធ្វើ។

រាជរដ្ឋាភិបាលកម្ពុជាជោគជ័យ ក្នុងការអនុវត្តគោលនយោបាយសុខដុមនីយកម្មជាតិសាសន៍ និងសាសនា

ខ្ញុំចង់និយាយបន្ដិចទៅកាន់បងប្អូនសាសនិកឥស្លាមទាំងអស់ ក៏ដូចជាថ្នាក់ដឹកនាំនៅទីនេះ រាជរដ្ឋាភិបាល​បាន​​ធ្វើកិច្ចការច្រើនណាស់ តាំងពីពេលដែលគណបក្សប្រជាជនចូលកាន់ដឹកនាំប្រទេស ក្នុងរយៈកាល​ជិត ៣៩ ឆ្នាំកន្លងផុតទៅ។ សុខដុមនីយកម្មរវាងជាតិសាសន៍ និងសាសនាត្រូវបានធ្វើយ៉ាងល្អប្រសើរ។ ប្រទេស​របស់យើងគ្មានជម្លោះសាសនានោះទេ។ ខ្ញុំតែងបញ្ជាក់ជារឿយៗថា សាសនាខុសគ្នា ជាតិ​សាសន៍ខុស​គ្នា​មិន​មែន​ជាឧបសគ្គរារាំងនៃការកសាងប្រទេសនោះទេ។ ពិតមែនតែនៅក្នុងប្រទេសរបស់យើង​មានព្រះពុទ្ធសាស​នាជាសាសនារបស់រដ្ឋ ប៉ុន្តែយើងមិនបានមើលរំលងចំពោះសាសនាដទៃទៀត ក្នុងនោះ​សាសនាឥស្លាមដែល​ជា​សាសនាទី ២ បន្ទាប់ពីព្រះពុទ្ធសាសនា សាសនាគ្រិស្ដយើងក៏មិនបានបោះបង់ចោល​ផងដែរ។ យើងបាន​យក​ចិត្តទុកដាក់ទៅលើបញ្ហានេះ ហើយបានដោះស្រាយបញ្ហាជាបន្តបន្ទាប់។

រឿងរ៉ាវទាំង​ឡាយដែលនៅលើពិភពលោក មានតំបន់ខ្លះកើតឡើងនូវការបំពានគ្នា រវាងអ្នកកាន់សាសនាមួយ​ទៅ​កាន់​សាសនា​មួយ រវាងជាតិសាសន៍មួយ ទៅកាន់ជាតិសាសន៍មួយនៅក្នុងតំបន់ផ្សេងៗគ្នា។ ក៏ប៉ុន្តែ ជាមោ​ទន​ភាព​ព្រះរាជាណាចក្រកម្ពុជាបានជៀសផុតនូវអំពើទាំងនោះ។ បើទោះបីថានៅក្នុងព្រះពុទ្ធសាសនា​ក៏មាន​និ​កាយ​​រហូតដល់ ២ និកាយធម្មយុត្តិ និងមហានិកាយ។ ឯនៅក្នុងសាសនិកឥស្លាមរបស់យើង​ក៏មាន​និកាយ​ច្រើន។ នៅក្នុងគ្រិស្ដសាសនាក៏មាននិកាយច្រើន។ ប៉ុន្តែគោលនយោបាយរបស់យើង​ទោះបីអ្នកណា​មានជំ​នឿ​អ្វី​ក៏ដោយ នោះវាជាបញ្ហាសិទ្ធិរបស់បុគ្គល។ យើងមានសេចក្ដីត្រូវការរួមគ្នាមួយសំខាន់ នោះគឺការសន្ដិភាព និងការ​អភិវឌ្ឍ។ ចំណុចនេះហើយ ដែលជាចំណុចដែលបងប្អូនយើងអាចដឹងនៅក្នុងក្របខណ្ឌទូទាំងប្រទេស​ត្រូវ​បន្ដ​រក្សានូវគោលនយោបាយសុខភាវូបនីយដុមនីយកម្មចំពោះជាតិសាសន៍ និងសាសនាជាបន្តទៀត។

ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា សាសនាឥស្លាមក៏បានរួមចំណែក និងទទួលផលពីការអភិវឌ្ឍ

ខ្ញុំពិតជាមាន​មោទនភាពដែលបានកើតនៅលើទឹកដីនៃប្រទេសមួយ បើទោះបីជាបានឆ្លងកាត់​នូវការឈឺចាប់​នៃ​របប ប៉ុល ពត ក៏ប៉ុន្តែខ្ញុំមានមោទនភាពដោយសារបានរួមដំណើរជាមួយមេដឹកនាំដទៃទៀត នៃ​គណបក្ស​ប្រជា​ជន​​កម្ពុជា ហើយដែលបាននាំប្រទេសមួយដែលខ្ទេចខ្ទាំ គ្មានទីក្រុង គ្មានចាយប្រាក់ គ្មានទីផ្សារ និងគ្មានអ្វីៗ​ទាំង​​អស់ បង្កើតឡើងនូវស្ថានភាពអំណោយផលសម្រាប់ប្រជាពលរដ្ឋរហូតមកដល់ពេលនេះ។ ក្នុងនោះ​សហ​គមន៍​​ឥស្លាមក៏បានទទួលផលប្រយោជន៍យ៉ាងច្រើន អំពីការអភិវឌ្ឍរួមរបស់ប្រទេសជាតិ ហើយ​សហគមន៍​ឥស្លាម​​ក៏មានតួនាទីច្រើនណាស់នៅក្នុងការចូលរួមចំណែកនៅក្នុងគ្រប់វិស័យ មិនមែនគ្រាន់​តែ​វិស័យ​​មួយនោះ​ទេ ប៉ុន្តែអាចនិយាយបានថាគ្រប់វិស័យទាំងអស់។ កងទ័ព នគរបាល មន្រ្ដីរាជការ និងអ្នក​នយោបាយក៏មាន​បង​ប្អូនដើមកំណើតឥស្លាមផងដែរ។

ខ្ញុំសុំយកឱកាសនេះ ថ្លែងអំណរគុណចំពោះ​រដ្ឋាភិបាល​ម៉ាឡេស៊ី ដែលបានផ្ដល់ឱកាសឲ្យបងប្អូនខ្មែរ​ឥស្លាម​របស់​យើងខ្ញុំដែលបានរត់គេចផុតពីរបប ប៉ុល ពត រត់គេចពីសង្គ្រាម ហើយបានទៅជ្រកកោននៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ឥឡូវ រដ្ឋាភិបាលម៉ាឡេស៊ីក៏បានផ្ដល់​ត្រឡប់មកវិញនូវការឲ្យស្នាក់អាស្រ័យ និងបន្ដការងារបងប្អូន​នៅ​ទី​នោះ។ ខ្ញុំក៏បានផ្ដាំផ្ញើទៅឲ្យពួកគេថា យ៉ាងណាក៏ដោយត្រូវគោរពច្បាប់របស់ម៉ាឡេស៊ី ហើយបើមានសិទ្ធិបោះ​ឆ្នោត​ បងប្អូនបោះឆ្នោតឲ្យគណបក្ស​ដែលបាន និងកំពុងកាន់អំណាចបច្ចុប្បន្នទៅមិនខុសទេ ព្រោះអ្នកទាំង​នោះ​ហើយ​ដែលបានផ្ដល់ឱកាស​សម្រាប់បងប្អូនយើងនៅម៉ាឡេស៊ីបានស្នាក់នៅ។

រឿងនេះមិនមែនជាថ្មីថ្មោងទេ។ រាជរដ្ឋាភិបាលបាន​ប្រឹងប្រែងធ្វើការច្រើនណាស់ ដើម្បីឲ្យរដ្ឋាភិបាលម៉ាឡេស៊ី​ទទួល​​បងប្អូនទាំងនោះចូលទៅក្នុងក្របខណ្ឌនៃ​សហគមន៍ម៉ាឡេស៊ីផងដែរ។ បងប្អូនទាំងនោះតែងតែធ្វើដំ​ណើរ​ចុះឡើងៗ រវាងប្រទេសម៉ាឡេស៊ី មកកាន់​ប្រទេសកម្ពុជា។ អម្បាញ់មិញ ខ្ញុំបានជួបប្អូនស្រីម្នាក់នៅឯ​ភូមិ​ស្ទឹង។ កាលពីជួបគ្នាកាលពីប៉ុន្មានឆ្នាំមុន ខ្ញុំទើប​នឹងមានអាយុប្រមាណជា ២០ ឆ្នាំ គាត់ទើបមានអាយុ ១៧ ឆ្នាំ​ទេកាលពីនោះ។ ឥឡូវ យើងចាស់រៀងៗខ្លួន​អស់ហើយ។ ទ័ពខ្ញុំ​កាលពីដើមហ្នឹងគឺនៅតាម​ភូមិរបស់បង​ប្អូន​ឥស្លាម​នេះផងដែរ។ ខ្ញុំមានការសប្បាយ​រីករាយ ដោយសារតែនយោបាយសុខដុមភាវូបនីយកម្មជាតិសាសន៍ និង​សាស​នា​របស់យើងបានទទួលផល។

សិស្សស្រ្តីឥស្លាមអាចប្រើសម្លៀកបំពាក់ប្រពៃណី/ថតរូបលិខិតឆ្លងដែនដោយមិនបាច់បញ្ចេញត្រចៀកបាន

ឥឡូនេះ បងប្អូនទាំងឡាយអាចនឹងមើលឃើញថាទំនៀមទំលាប់ប្រពៃណីត្រូវបានគោរព។ អ្វីដែលបងប្អូន​អាច​មើល​ឃើញ នៅប្រទេសមួយចំនួនដែលចាត់ទុកថាជាប្រទេសសេរី គោរពសិទ្ធិមនុស្ស ប៉ុន្តែគេមិនបានអនុញ្ញាត​ឲ្យនិស្សិត និងសិស្សជាស្រ្តី ស្លៀកពាក់តាមបែបឥស្លាមនោះទេ។ គេចាត់ទុកថា គេសេរី គេចាត់ទុកថា គេគោ​រព​សិទ្ធិមនុស្ស ក៏ប៉ុន្តែសិទ្ធិដែលគប្បីទទួលបានដោយសិស្ស និងនិស្សិតរបស់ស្រ្តីឥស្លាម គេមិនបានជូនទេ។ សម្រាប់កម្ពុជា យើងបានផ្តល់នូវលទ្ធភាពគ្រប់យ៉ាង។ សិស្ស និស្សិត ដែលជាស្រ្តីរបស់ឥស្លាម គាត់​ស្លៀក​ឯក​សណ្ឋានណាក៏បានដែរ។ ឯកសណ្ឋានរបៀបសិស្ស/និស្សិតក៏បាន ឯកសណ្ឋានតាមរបៀបឥស្លាមក៏បាន។ ប្រ​ទេសខ្លះអួតអាង​អំពីប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ប៉ុន្តែ​សិទ្ធិទទួលបានរបស់ពលរដ្ឋមួយចំនួន ត្រូវបានទាត់​ចោល។ ឥឡូវនេះ ដើម្បីនឹងបិទទៅលើលិខិតឆ្លងដែន បងប្អូនមិនចាំបាច់មានការថតរូបដែលដោះក្បាលចេញ នោះទេ។ ពាក់ទៅ។ ព្រោះអន្តោប្រវេសន៍មិនមានតម្រូវការ ដើម្បីឲ្យមានការបញ្ចេញត្រចៀកនោះទេ។

បញ្ចូលគ្រូបង្រៀនផ្នែកឥស្លាមជាក្របខណ្ឌរដ្ឋ ដើម្បីបន្ថយបន្ទុកចំណាយរបស់សហគមន៍ឥស្លាម

… ខ្ញុំពិតជាមានការរីករាយ ដែលកន្លងទៅ តាមរយៈសំណើ របស់ ឧកញ៉ា សុះ គឹមរី ឯកឧត្តម អូស្មាន់ ហា​សាន់ និងថ្នាក់ដឹកនាំដទៃទៀត យើងបានបញ្ចូលគ្រូបង្រៀនរបស់បងប្អូនឥស្លាមប្រមាណ ១.៥០០ នាក់។ នេះ​ជាការកាត់បន្ថយបន្ទុកចំណាយរបស់សហគមន៍ឥស្លាមរបស់យើង ដែលមុននេះ មួយចំនួនទៅរៀនសាលារដ្ឋ វាមិនបញ្ហាទេ។ ក៏ប៉ុន្តែ មុននេះគឺសាលានៅតាមសហគមន៍របស់បងប្អូនឥស្លាម ដែលរៀនទាំងចំណេះ​ទូទៅ​ផង រៀនទាំងសាសនាផង គឺមិនបានទទួលការឧបត្ថម្ភ ឬទទួលបៀវត្សនោះទេ។ អញ្ចឹងសហគមន៍ត្រូវ​ទទួល​ខុស​ត្រូវទៅលើបញ្ហាបៀវត្សរបស់គ្រូបង្រៀន។ តែ ២ ជិត ៣ ឆ្នាំ កន្លងផុតទៅហើយ គឺគ្រូបង្រៀន(ឥស្លាម)​ក៏បាន​ទទួល​បៀ​វត្សដូចគេដូចឯង។

យើងនឹងពិនិត្យមើលបន្តទៀត។ ដោយសារតែខ្ញុំកំពុងតែផ្តល់សាលាបន្ថែម សូម្បីតែថ្ងៃនេះ នឹងមានការផ្តល់​សា​លា​បន្ថែម​ទៀតសម្រាប់ខេត្តកំពង់ចាម ក្រៅពី ១ ខ្នង ៣ ជាន់ ១៨ បន្ទប់ ដែលនឹងត្រូវសាងសង់ នៅ​ពេល​ខាង​មុខ​នេះ … សមស្របជាមួយនឹងព្រះវិហារនៅខាងមុខ និងសាលានៅផ្នែកខាងក្រោយ។ ខ្ញុំក៏នឹងផ្តល់សាលា​មួយ​ចំនួនទៀត។ ពេលនោះ ចំនួនគ្រូបង្រៀនខាងផ្នែកឥស្លាមរបស់យើង ក៏នឹងមានការកើនឡើង។ រដ្ឋក៏នឹង​គិត​គូរអំពីការបញ្ចូលបន្ថែមជាមួយនឹងគ្រូបង្រៀន​ សម្រាប់ឆ្លើយតបជាមួយនឹងការកើនឡើងនូវការសិក្សា​របស់​សិស្ស តាមរយៈការកើនឡើងនៃចំនួនសិស្សានុសិស្សនៃសហគមន៍ឥស្លាម។

ការគាំទ្រគណបក្សប្រជាជនពីបងប្អូនឥស្លាម មានច្រើនលើសលប់

ខ្ញុំសូមយកឱកាសនេះ ក្នុងនាម​គណបក្សប្រជាជនកម្ពុជា ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ថ្លែង​នូវ​អរគុណដោយស្មោះ ចំពោះបងប្អូនឥស្លាមនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់នូវជំនឿ​ទុក​ចិត្ត ចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ចំពោះរាជរដ្ឋាភិបាល ក៏ដូចជាចំពោះខ្លួនខ្ញុំផ្ទាល់។ សន្លឹក​​ឆ្នោតមិនតិចជាង ៨០ ភាគរយ ត្រូវបានបោះជូនគណបក្សប្រជាជនកម្ពុជា។​ មានភូមិខ្លះ បើយើងពិនិត្យ​មើល​តាមការិយាល័យ អាចនិយាយថា សន្លឹកឆ្នោតរហូតទៅដល់ ៩៥ ភាគរយ ​គឺត្រូវបានបោះជូនគណ​បក្ស​ប្រ​ជា​ជនកម្ពុជា។ នេះអាចនិយាយបានថា ជាការឆ្លងឆ្លើយគ្នារវាងបក្សកាន់អំណាច ដែលធ្វើចំពោះបងប្អូន ហើយ​បងប្អូនក៏បានតបស្នងត្រឡប់មកវិញ ចំពោះគណបក្សកាន់អំណាច។ ខ្ញុំពិតជាមានការរីករាយ ហើយ​សង្ឃឹម​ថា ការបោះឆ្នោតនៅពេលខាងមុខ វាមិនទាន់រដូវកាលទេ ប៉ុន្តែ ខ្ញុំមានជំនឿជឿជាក់តាមរយៈនៃការ​ទូន្មាន​របស់​ព្រះ​អាឡោះ គឺបានសេចក្តីថា អ្នកដែលធ្វើអំពើល្អ ត្រូវធ្វើអំពើល្អទៅវិញទៅមក ជាការតបស្នងជាមួយគ្នា។

… ខ្ញុំមិនប្រាកដថា បក្ស​ដ៏ទៃគេនឹងយកចិត្តទុកដាក់ចំពោះឥស្លាមកម្ពុជាយ៉ាងណានោះទេ។ ក៏ប៉ុន្តែ សម្រាប់​ការ​ដឹកនាំរបស់គណ​បក្ស​ប្រជា​ជនកម្ពុជា ក៏បាន​​​បង្ហាញជូនជាតិ និងប្រជាជនរួចស្រេចទៅហើយ នូវទង្វើទាំង​ឡាយ មិនមែនគ្រាន់តែជាកម្មវិធីនយោបាយខ្យល់ និងការសន្យាខ្យល់នោះទេ។ ក៏ប៉ុន្តែ យើងបានធ្វើពិត​ប្រា​កដ​នូវ​កិច្ចការទាំងឡាយ។ ប្រជាជាតិទាំងមូល ចាប់ផ្តើមពីភាពក្រីក្រ ១០០ ភាគរយ មកត្រឹមតែ ១៣ ភាគរយ នៅឆ្នាំ ២០១៤។ ហើយអ្វី​ៗក៏មានការប្រែប្រួល ពីប្រទេសដែលមានប្រាក់ចំណូលតិចតួច ទៅកាន់ប្រទេស​ដែល​មាន​ប្រាក់ចំណូលមធ្យមកម្រិតទាប ហើយយើងកំពុងតែមានមហិច្ឆតា ដើម្បីធ្វើឲ្យប្រទេសនេះក្លាយទៅ​ជា​ប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០។

មិនឲ្យក្រុមណាមកបំផ្លាញសន្តិភាព តាមរយៈការធ្វើអាយ៉ងបរទេសនោះទេ

ដូច្នេះ វាមានតម្រូវការច្រើនណាស់សម្រាប់យើង ដើម្បីបន្តដំណើរទៅមុខជាមួយគ្នា ជាមួយនឹងសន្តិភាពដែល​ត្រូវ​រក្សា​ឲ្យបាននៅក្នុងដៃរបស់យើង។ មិនត្រូវឲ្យក្រុមណាមួយមកបំផ្លិចបំផ្លាញ(ខ្មែរ) តាមរយៈ​ការ​ធ្វើ​ជា​អា​យ៉ង​​របស់​​ជនបរទេស … ដែលយើងទើបនឹងរកឃើញ​ថ្មីៗ​នេះអំពីអំពើក្បត់របស់ជន​ដែល​យើង​​បានចាប់ខ្លួន​រួចមក​ហើយ​។ ខ្ញុំគិតថា ទុកឲ្យតុលាការជាអ្នកកំណត់ជោគវាសនារបស់ពួកគេតទៅទៀត។ យើងគ្រាន់តែផ្តាំផ្ញើថា អ្នក​ដែលបានធ្វើសេចក្តីថ្លែងការណ៍ដើម្បីការពារនូវជននេះ គឺវាគ្រាន់តែជាការការពារអាយ៉ងរបស់ខ្លួន ឲ្យរួចផុត​ពី​ការចោទប្រកាន់តែប៉ុណ្ណោះ។ សូមគោរពអធិបតេយ្យជាតិរបស់កម្ពុជា។ មិនត្រូវប្រើប្រាស់វិធីផ្តួលរំលំ តាម​រយៈ​របស់ដែលហៅថាបដិវត្តន៍ពណ៌ទេ។

ខ្ញុំមិនដឹងថា បងប្អូននៅទីនេះយល់យ៉ាងណានោះទេ ព្រោះអ្វីដែល​បាន​កើត​ឡើងនៅឯមជ្ឈឹមបូព៌ា បើទោះបីជា​បង​ប្អូនស្គាល់ សាដាម ហ៊ូសេន​ ស្គាល់ ហ្កាដាហ្វ៊ី ស្គាល់ អាសាដ យ៉ាងណា ស្រឡាញ់អ្នកណា ខ្ញុំមិនដឹងទេ ក៏​ប៉ុន្តែ សោកនាដកម្មរបស់បងប្អូននៃប្រទេសអារ៉ាប់មួយចំនួន តើ​កើត​ចេញ​ពីអ្វីទៅ? នោះហើយ ខ្ញុំមិនទាន់និ​យាយ​ពីអតីតកាលរបស់កម្ពុជាទេ។ ខ្ញុំគ្រាន់តែឲ្យអ្នកទាំងអស់គ្នាក្រឡេកមើលទៅប្រទេសអ៊ីរ៉ាក់​ លីប៊ី ស៊ីរី យេ​មែន ហើយមុននោះក៏មានប្រទេសអេហ្ស៊ីបផងដែរ ដែលយើងបានខិតខំជម្លៀសនិស្សិតរបស់យើង​ដែលកំពុង​រៀន​នៅទីនោះ កាលពេល​នោះ។ ការស្អប់ខ្ពើម ការមិនចូលចិត្តចំពោះ សាដាម ហ៊ូសេន រួចហើយចោទថា​គេ​មាន​អាវុធប្រល័យលោក ក៏នាំកងទ័ពចូលទៅ។ ឥឡូវ ស្លាប់ សាដាម ហ៊ូសេន មួយ តើប្រទេសអ៊ីរ៉ាក់​មាន​សន្តិ​ភាព និងប្រជាធិបតេយ្យ ហើយឬនៅ?

ប្រទេសលីប៊ី បន្ទាប់ពីការស្លាប់របស់ ហ្កាដាហ្វ៊ី តើប្រទេសលីប៊ីបានទទួលសេចក្តីសុខហើយឬនៅ? ប្រទេស​ស៊ីរី ភាពខ្ទេចខ្ទាំនៅទីនោះ ដោយកាន់កាប់រហូតទៅដល់បែងចែក ៣ ក្រុម។ ក្រុមរដ្ឋាភិបាល ក្រុមដែល​អា​មេ​រិក​គាំទ្រ និងក្រុម ISIS នៅតែបន្តធ្វើឲ្យប្រទេសនេះខ្ទេចខ្ទាំ។ អតីតកាលរបស់យើងនៅឆ្នាំ ១៩៧០ យើង​ខ្លោច​ផ្សា​ខ្លាំងណាស់។ យើងរួមទុក្ខវេទនារួមគ្នា។ អញ្ចឹងទេ បានជាយើងត្រូវឃើញចំណុចអស់ទាំងនេះ ជាមួយនឹង​ការ​ដើម្បីឈានឡើងទៅមុខ។ តម្រូវការមុនគេ គឺការរក្សាសន្តិភាព ឲ្យខានតែបាន ទោះដោយតម្លៃណាក៏ដោយ មិនអាចឲ្យបរទេសមកប្រើប្រាស់ជនជាតិខ្មែរដើម្បីសម្លាប់ខ្មែរបន្តទៅទៀតបានទេ។ បរទេសទាំងឡាយត្រូវ​មើល​ឲ្យឃើញ ត្រូវស្រាវជ្រាវឲ្យច្បាស់ ហើយយើងក៏ស្គាល់មុខអ្នកដែលបានផ្តល់នូវមេរៀន មកអនុវត្តនូវ​យុទ្ធសាស្រ្ត​បំ​ផ្លាញជាតិយើង។

ការស្លាប់នៅចុងឆ្នាំ ២០១៣ និងដើមឆ្នាំ ២០១៤ គឺជាផែនការរៀបចំទុកជាមុ​ន តាមរយៈនៃសម្តីដែលទើប​បែក​​ធ្លាយនេះ។ ហើយគេនឹងបន្តទៀត ព្រោះគេបាននិយាយថា “បើផែនការប៉ុណ្ណឹង មិនជោគជ័យ រៀបចំមធ្យោ​បាយ​ប៉ុណ្ណឹងហើយមិនជោគជ័យ គេក៏មិនដឹងថាម៉េចដែរ”។ ​អញ្ចឹងមានន័យថាគេនឹងបន្តធ្វើតទៅទៀត ក៏ប៉ុន្តែ យើងបានរកឃើញហើយ។ យើងត្រូវបន្តចាត់វិធានការណ៍ ដើម្បីកំចាត់ចោលពួកក្រុមដែលបំផ្លាញជាតិ បំផ្លាញ​សេច​ក្តីសុខរបស់ប្រជាជន។ យើងមិនបានធ្វើបាបនរណាទេ។ អ្នកណាធ្វើខុស អ្នកហ្នឹងទទួលខុសត្រូវ។ យើង​មិន​ទៅបំផ្លាញសេចក្តីសុខរបស់អ្នកណាទាំងអស់ តែយើងក៏មិនអនុញ្ញាតឲ្យអ្នកណាមកបំផ្លាញជាតិ និង​សេច​ក្តីសុខរបស់ប្រជាជនដែរ។

… សូម្បីតែពាក្យសម្បថនៅក្នុងព្រះបរមរាជវាំង នៅមុខព្រះស្វេតច្ឆត្រ នៅមុខព្រះភ័ក្រ្តរបស់ព្រះមហាក្សត្រ នៅ​មុខ​ព្រះភ័ក្រ្តរបស់ព្រះគណសង្ឃ សម្តេចសង្ឃទាំងពីគណៈ សុទ្ធតែបានបញ្ជាក់ចំណុចអំពីប្រការ​មិនឲ្យបរទេស​មកបង្គាប់បញ្ជាគោលនយោបាយរបស់ខ្លួន ក្នុងប្រទេស និងក្រៅប្រទេស។ ហេតុអ្វីទៅបានជាអ្នកនយោបាយ​របស់​យើង បានដាក់ខ្លួនធ្វើជាងអាយ៉ងបរទេសតាំងពីឆ្នាំ ១៩៩៣ រហូតមកដល់ពេលនេះ? ដូច្នេះអ្វីដែលបាន​កើត​ឡើងកាលពីពេលមុន និងអស្ថេរភាព គឺកើតឡើងចេញអំពីការដឹកនាំរបស់ពួកបរទេស បំផ្លាញជាតិ​របស់​យើង​តែម្តង។ យើងសូមផ្ញើសារទៅកាន់ជនបរទេស ដែលបានប្រើប្រាស់មនុស្សនេះ ឲ្យបញ្ឈប់នូវសកម្មភាព។ យើងនឹងស្រាវជ្រាវតាមផ្លូវតុលាការ ដើម្បីឲ្យដឹងថាអ្នកណាបានចូលរួមនៅក្នុងព្រឹត្តិការណ៍រយៈពេលកន្លងទៅ។ ជនបរទេសដែលគេថាមកពីអាមេរិក និងកាណាដា តើជាអ្នកណាខ្លះ? រឿងនេះ វាមិនតូចទេ ប៉ុន្តែ ដូចខ្ញុំបាន​និ​យាយ​ នេះគ្រាន់តែជាសារនយោបាយ ឯការកាត់សេចក្តីយ៉ាងណានោះ គឺទាក់ទងជាមួយនឹង​តុលា​ការ។

ចង់ឲ្យគេដកពាក្យឥស្លាមចេញពីពួកជ្រុលនិយម

សម្រាប់ទៅលើបញ្ហាសាសនាវិញ ខ្ញុំគិតថាពិភពលោកត្រូវតែប្តូររបៀបនិយាយហើយ។ កន្លងទៅ ខ្ញុំក៏ធុញ​ទ្រាន់ ហើយខ្ញុំក៏បាននិយាយអំពីបញ្ហានេះ នៅក្នុងក្របខណ្ឌនៃការប្រជុំនានានៅឯក្រៅប្រទេស។ មានបញ្ហា​អ្វី​ឡើង​គេ តែងតែនិយាយថាឥស្លាមនិយមជ្រុល។ ខ្ញុំចង់ឲ្យគេដកពាក្យឥស្លាមចេញ។ ពួកជ្រុលនិយម មិនចាំ​​តែ​ថា​នៅក្នុងឥស្លាមទេ នៅក្នុងសាសនាណា នៅក្នុងជាតិសាសន៍ណាក៏មានក្រុមជ្រុលនិយមដែរ។ ដូច្នេះ ការ​ប្រើ​ពាក្យឥស្លាមនិយមជ្រុល គួរតែត្រូវបានបំបាត់ចោល។ ហៅថាពួកជ្រុលនិយម ក្នុងជ្រុលនិយម ខ្មែរក៏មាន​ក្រុមជ្រុលនិយម ជនជាតិណា សាសនាណាក៏វាមានក្រុមជ្រុលនិយមរបស់វា។ អញ្ចឹងបើយើងនិយាយ​ត្រឹម​​ថា​រឿងនេះ កើតឡើងដោយក្រុមឥស្លាមជ្រុលនិយម គឺវាមិនត្រឹមត្រូវទេ …។ ​

ខ្ញុំចង់ឲ្យដកពាក្យទាំងនោះចេញ ព្រោះបញ្ហាជ្រុលនិយម វាមិនមែនជាបញ្ហាដោយឡែករបស់ជាតិសាសន៍​ ឬ​សាសនាណាមួយទេ។​ សូម្បីតែគ្រួសារមួយ កូន ៤ ឬ ៥ នាក់ វាមានខ្លះខូច ដែលមាន​ចរិក​ជ្រុល​និយម​​របស់​វា។ ដូច្នេះហើយបានកាល ដែលកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំ ២០១២ នៅកម្ពុជា យើងបានអនុម័តនូវ​ក្របខណ្ឌគោលនយោបាយ អំពីការនិយមកណ្តាល ដែលស្នើឡើងដោយនាយករដ្ឋមន្រ្តី Najib Razak ដែល​ពេល​នោះ អាស៊ានបានសម្រេចទាក់ទងនឹងចលនាកណ្តាលនិយម។ យើងបានបន្តជាមួយនឹង​បក្សនយោ​បាយ​ដែលហៅថា ICAPP ដែលជាពួកនិយមកណ្តាលនៅអាស៊ីប៉ាស៊ីហ្វិករបស់យើងនេះ។ ខ្ញុំសង្ឃឹមទៅ​លើ​ការ​រួបរួមគ្នារបស់ប្រជាជនរបស់យើង។ ខ្ញុំសង្ឃឹមថា ការរីកចម្រើនទាំងអស់នោះនឹងផ្តល់ផ្លែផ្កាត្រឡប់មកវិញ នូវការកាត់បន្ថយភាពក្រីក្រ និងការលំបាករបស់ប្រជាជន។

យើងនឹងជួបគ្នានៅក្នុងរយៈពេលនៃការស្រាយបួសម្តងៗ

ថ្ងៃនេះ ខ្ញុំបានជួបបងប្អូននៅទីនេះ ហើយយើងនឹងជួបគ្នានៅក្នុងរយៈពេលនៃការស្រាយបួសម្តងៗ ស្រាយ​បួស​ឆ្នាំ​ទៅប្រហែលជានៅទីនេះក៏មានអ្នក​ទៅចូលរួមឆ្នាំនេះ។ ខ្ញុំក៏បានទៅស្រាយបួស។ ឆ្នាំទៅមួយបានទៅ​ស្រាយ​​បួស ចាត់តាំងដោយរាជរដ្ឋាភិបាល។ ខ្ញុំទៅស្រាយបួសនៅឯតាខ្មៅ ឯឆ្នាំនេះទៅស្រាយបួសនៅឯ​គីឡូម៉ែត្រ​លេខ ៩។ ឥឡូវបានប៉ុន្មានភាគរយហើយស្នាក់ការ? សាលា? វាយសាលាចាស់ចេញដើម្បីកសាងអាថ្មីឡើង ដូច ៤ ជាន់ ហើយកន្លែងគណៈចាងហ្វាងក៏ដូចជា ៤ ជាន់ដែរ។ ប៉ុន្តែ ទើបតែគូរប្លង់។ ឧកញ៉ា សុះ គឹមរី បន្តិច​​ទៀត​មានកន្លែងសមរម្យហើយ។ ឥឡូវ ក្នុងក្របខណ្ឌនិស្សិត សិស្ស ឬក្នុងក្របខណ្ឌជាបញ្ញវន្ត មាន​បង​ប្អូន ជា​សាសនិកឥស្លាមច្រើនណាស់ ដែលមុននោះរាប់ដៃបាន ប៉ុន្តែ ឥឡូវមិនអាចរាប់ដៃបានទេ ព្រោះបងប្អូន​ក៏បាន​ឆ្លង​​កាត់មហាវិទ្យាល័យ ទាំងនៅក្នុងប្រទេស ទាំងនៅក្រៅប្រទេស ឯនៅក្នុងប្រទេស យើងបានបង្កើតឲ្យ​មាន​ស្ថាន​ភាពដូចៗគ្នា ដើម្បីបញ្ចប់ការសិក្សា និងមធ្យមសិក្សា ហើយនឹងឈានទៅកាន់មហាវិទ្យាល័យ។

ថ្ងៃនេះ ខ្ញុំក៏បានសុំជម្រាបថា សម្រាប់ខេត្តកំពង់ចាម គឺអាចនឹងមានបងប្អូនមកកាន់ទីនេះផងដែរ ខ្ញុំមិននិ​យាយ​អំពី ខាងកណ្តាល ស្វាយបន្ទាល ស្អាង។ គឺថារឿងនោះ ខ្ញុំសូមបញ្ជាក់ដើម្បីឲ្យបងប្អូនដឹងថាសាលា ដែល​បងប្អូនខ្វះ គឺខ្ញុំនឹងផ្តល់ជូន នៅទួលពោធិ ព្រៃកក់ ស្ទឹងត្រង់ ចំនួន ១ ខ្នង ៦ បន្ទប់។

ភូមិមាស ព្រៃកក់ ស្ទឹងត្រង់ ចំនួន ១ ខ្នង ៦ ​បន្ទប់។ ព្រែកបាក់ ស្ទឹងត្រង់ កំពង់ចាម ១ ខ្នង ៦ បន្ទប់។ ភូមិគីឡូម៉ែត្រលេខ ៧ អារក្សត្នោត ស្ទឹងត្រង់ កំពង់ចាម ១ ខ្នង ៥ បន្ទប់។ ភូមិឈើទើ អារក្សត្នោត ស្ទឹងត្រង់ កំពង់ចាម ១ ខ្នង ៤ បន្ទប់។ ភូមិអូរប្រាំ ព្រែកបាក់ ស្ទឹងត្រង់ កំពង់ចាម ១ ខ្នង ៤ បន្ទប់។ កំពង់ក្របី កំពង់សៀម កំពង់ចាម ១ ខ្នង ៥ បន្ទប់។ អន្ទង់ស ពាមជីកង កងមាស ១ ខ្នង ៤ បន្ទប់។ តានង់ក្រោម ព្រែកតានង់ កោះសូទិន ១ ខ្នង ៦ បន្ទប់។

នេះគឺជាការសិក្សារបស់ក្រុមស្រាវជ្រាវ ជាមួយនឹងឯកឧត្តម អូស្មាន់ ហាសាន់ និងថ្នាក់ដឹកនាំដទៃទៀត ក៏ប៉ុន្តែ ស្តង់ដារបស់ខ្ញុំអត់មាន ៤ បន្ទប់ទេ ព្រោះដោយសារសិស្សរៀន ៦ ថ្នាក់។ អញ្ចឹងទេ សាលាដែលមាន ៤ បន្ទប់ ទាំងអស់ ខ្ញុំប្រគល់ជូនឲ្យមាន ១ ខ្នង ៦ បន្ទប់ ស្មើៗគ្នា … សាលាទាំងអស់នេះ សរុបទៅ​សម្រាប់ខេត្ត​កំ​ពង់​ចាម​នេះ មាន ៩ ខ្នង ហើយក្នុងហ្នឹងមានស្វាយប្រទាល ១ ខ្នងដោយឡែក។ អញ្ចឹងទេ ឲ្យមាន​ការ​​សាង​សង់​ឡើង​វិញ ឬក៏អាចថាខ្វះដី។ បើខ្វះដី យើងឡើង ២ ជាន់តែម្តង​ …។

សាសនាគង់វង្ស លុះត្រាតែអស់អ្នកជឿ

លោកប្រធាន។ ខ្ញុំសូមកោតសរសើរ ការដែលខិតខំកសាងឡើងនូវវិហារឥស្លាមរបស់យើងនេះ។ បើសិនជា​គ្មាន​ការប្រឹងប្រែងទេ ហើយក៏គ្មានជំនឿទេ មិនអាចកសាងបានទេ។ ជឿចុះ គ្មានសាសនាណាជោគជ័យ ដោយ​ខ្វះអ្នកជឿទេ។ បងប្អូនជនបរទេសទាំងឡាយដែលមកកាន់ទីនេះ ក៏ដូចជាបងប្អូនឥស្លាមមកកាន់ទីនេះ ឬ​ក៏កំពុងតែស្តាប់ការផ្សាយផ្ទាល់ចេញពីទីនេះ ​អាចចោទសួរថាតើសាសនាឥស្លាមនឹងឋិតឋេរដល់ពេលណា? ចម្លើយរបស់ខ្ញុំគឺខ្លីទេ។ ​សម្រាប់រយៈពេលនៃការគ្រប់គ្រងរបស់គណបក្សប្រជាជន សាសនាឥស្លាមនឹងឋិតឋេរ​រហូត​ដល់អស់អ្នកជឿ។ ប៉ុន្តែបើភ្លាត់ទៅលើបក្សនយោបាយដទៃទៀត ខ្ញុំមិនធានាជូនទេ …។

សាសនាទាំងអស់កើតថ្ងៃ ៧ មករា ១៩៧៩ ដូចគ្នា

ពេលដែលខ្ញុំចេញសង្គ្រោះប្រទេស ខ្ញុំទើបមានអាយុ ២៥ ឆ្នាំទេ។ ឥឡូវខ្ញុំមានអាយុ ៦៥ ឆ្នាំហើយ។ គ្មានពេល​វេ​លា គ្មានកម្លាំងគ្រប់គ្រាន់មកសង្គ្រោះប្រទេស សង្គ្រោះបងប្អូនទាំងខ្មែរ ទាំងឥស្លាម ទៀតទេ។ ហើយកុំភ្លេច​ណា តាសុស គាត់និយាយត្រូវណាស់។ តាសុស នៅឯពោធិសាត់។ គាត់ទៅតាមរកផ្ទះខ្ញុំដល់តាខ្មៅ។ គាត់ថា​មក​រកមេ។ តា រស់ ស្រេង បានសួរគាត់ មើល តាសុស តើឥស្លាម និងព្រះពុទ្ធអ្នកណាបងអ្នកណាប្អូន? តា​សុស ​គាត់ឆ្លើយថា អត់មានអ្នកណាបង​អ្នកណាប្អូន កើតថ្ងៃជាមួយគ្នា ខែជាមួយគ្នា ឆ្នាំជាមួយគ្នា គឺ ៧ មករា ១៩៧៩។ ចម្លើយនេះ គឺជាក់ស្តែងខ្លាំងណាស់ ព្រោះនៅក្នុងដំណាក់កាលរបស់ពួក ប៉ុល ពត បានសេចក្តីថា សាសនាទាំងអស់ត្រូវបានបំផ្លាញហើយ។ ដូច្នេះ ទន្ទឹមនឹងការរស់ឡើងវិញរបស់ប្រជាជន សាសនាទាំង​អស់​ក៏​បានកើតឡើងស្របពេលតែមួយ គឺថ្ងៃ ៧ មករា ១៩៧៩ នោះឯង។

អញ្ចឹងបានជាខ្ញុំហ៊ាននិយាយត្រឹមថា នៅពេលដែលគណបក្សប្រជាជនគ្រប់គ្រងអំណាច សាសនាទាំងអស់​នៅ​​កម្ពុជា ក្នុងហ្នឹងមានសាសនាឥស្លាម នឹងបន្តឋិតឋេររហូតដល់អស់អ្នកជឿ។ បើសិនតែនៅតែជឿ គឺមួយ​ម៉ឺន​ឆ្នាំ​ទៀតក៏នៅតែមានសាសនាហ្នឹងដែរ។ ប៉ុន្តែបើសិនជាអស់អ្នកជឿទៅហើយ ថ្ងៃស្អែកខាន ស្អែក ក៏អស់​ហើយ។ ប៉ុន្តែខ្ញុំមិនជឿដូច្នោះទេ។ នៅលើពិភពលោក​នេះ មានមនុស្សមិនច្រើនទេដែលមិនកាន់សាសនា​ណា​ទាំង​អស់។ ប៉ុន្តែសម្រាប់ប្រទេសរបស់យើងៗ មានការគោរពសាសនា គោរពប្រពៃណី គោរពទំនៀមទំ​លាប់​របស់​យើង។ អ្នកខ្លះគឺកាន់សាសនាព្រលឹង មិនកាន់សាសនាអីទាំងអស់ …​ ដូច្នោះស្ថានភាព​សម្រាប់​ប្រទេស​យើង​តទៅមុខកាន់តែល្អប្រសើរហើយ សូមកុំឲ្យតែបរទេសមកបំផ្លាញយើងបានហើយ។ គ្រាប់បែក ២ លាន ៧ សែនតោន មិនទាន់យកចេញអស់ផង។ ត្រូវការអីទៀត? ត្រូវការបង្រៀនអោយមានការចេះដឹងបែបដូច​(អ្វី​ដែល​​បានធ្វើនៅ) យូហ្គោស្លាវី នោះឬ?

អញ្ចឹងបានជាក្រោយការបោះឆ្នោតហើយ ​គេនិយាយថា ឆ្នំា ២០១៣ គឺជាឆ្នំាដែលល្អបំផុតសម្រាប់ការផ្លាស់​ប្តូរ។ ឥឡូវនេះ ខ្ញុំមិនចង់បន្តថែមទៀតទេ បន្តិចទៀតយើងទៅកាត់ខ្សែបូរ ហើយអាចនឹងមានបងប្អូន យុវជន ឬក៏​ប្រជាជនសុំសែលហ្វី … ប៉ុន្តែ ផ្តំាទៅបងប្អូន ទំាងកម្មករ កម្មការិនី ទំាងអ្នកផ្សារ ទំាងកន្លែងណាទំាងអស់ ព្រោះកន្លងទៅអញ្ចេះ ថតទៅយកទៅផុសបានតែ ៣០ រូប ដល់អញ្ចឹងបងប្អូនខ្លះថតអត់បាន ហើយជួន​កាល​ថត​បានដែរ ក៏ប៉ុន្តែអត់សូវស្អាត។ អញ្ចឹងទេបាន អោយមានផេកជំនួយការខ្ញុំម្នាក់ សម្រាប់ផុសតែ​រូបថតហ្នឹង​តែ​ម្តង។ បងប្អូនឃើញ save យកមកផុស។ ចេញទៅរាប់ពាន់សន្លឹកតែម្តង អាហ្នឹងគឺ ជាវិធីល្អ។

ពំានំាអំណោយ

ហើយថ្ងៃនេះខ្ញុំក៏បានពំានំាមកសម្រាប់យុវជនកាយឬទ្ធិ និងយុវជនកាកបាទក្រហមចំនួន ២០០ នាក់ ក្នុង​ម្នាក់ៗ ២ ម៉ឺនរៀល។ សិស្សានុសិស្សចំនួន ៨៣៥ នាក់ ក្នុងម្នាក់ៗសៀវភៅ ២ ក្បាល ប៉ិចមួយដើម ថវិកា ១ ម៉ឺន​រៀល។ ជូនលោកគ្រូ អ្នកគ្រូ ទំាងខ្មែរ ទំាងឥស្លាម ចំនួន ៧០២ នាក់ ក្នុងម្នាក់ៗថវិកា ៥ ម៉ឺនរៀល។ ជូនគណៈអ៊ីម៉ាំង ប្រចំាភូមិ ចូលរួមមាន ១៦១ ម៉ាសិត ម៉ាសិតនីមួយៗទទួលបានថវិកា ២ លានរៀល ទៅតាមភូមិតែម្តង។ ជូនសាលាគរុកោសល្យ ថវិកា ៣ លានរៀល។ ជូនសាលាជាតិ កសិកម្មខេត្តកំពង់ចាម ថវិកា ៥ លានរៀល។ ជូនសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគខេត្តកំពង់ចាម ថវិកា ៥ លានរៀល។ ជូនមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកំពង់ចាម ថវិកា ៥ លានរៀល។ ជូនវិទ្យាល័យសំបួរមាស សង្កាត់​សំបួរមាស ថវិកា ២ លានរៀល។ ជូនសាលាបឋមសិក្សានាគម៉ាតុល ឥស្លាម ភូមិរកាក្រោម ថវិកា ១ លាន​រៀល។ ជូនសាលាក្រុងកំពង់ចាម ២ លានរៀល។ ជូនមណ្ឌលសុខភាពសំបួរមាស ថវិកា ២លានរៀល។ ជូនក្រុមតន្ត្រីសម័យ ថវិកា ២ លានរៀល។ ជូនសហព័ន្ធសហភាពយុវជនកម្ពុជាខេត្តកំពង់ចាម ក្រុមយុវជន​ស្រ​​ឡាញ់​សន្តិភាពខេត្តកំពង់ចាម និងក្រុមសម្ព័ន្ធយុវជនខេត្តកំពង់ចាម និងក្រុមសម្ព័ន្ធយុវជនមូស្លីមកម្ពុជា ក្នុង​មួយក្រុមៗថវិកា ៣ លានរៀល។

នឹងមកស្រាយបួសនៅទីនេះម្តង

រឿងយើងមានកិច្ចការជាច្រើនដែលត្រូវធ្វើ។ ថ្ងៃនេះ ខ្ញុំសប្បាយរីករាយ សូមផ្តំាផ្ញើតាមរយៈថ្នាក់ដឹកនំា ១៦១ ម៉ាសជិដ ដែលមកកាន់ទីនេះ។ អោយខ្ញុំផ្តំាផ្ញើ និងថ្លែងអំណរគុណ ចំពោះបងប្អូនឥស្លាមនៅទូទំាង ១៦១ ភូមិ​​នេះផង។ សង្ឃឹមថា យើងនឹងជួបគ្នាសាជាថ្មីម្តងទៀត នៅពេលខាងមុខ។ មិនដឹងថាពេលនោះខ្ញុំ មានលទ្ធ​ភាព​មកសម្ពោធសាលាដែលខ្ញុំសាងសង់នៅទីនេះដែរឬអត់? ប៉ុន្តែយ៉ាងណាក៏ដោយ ប្រហែលជាឆ្នំាក្រោយ ពេលស្រាយបួស មកសុំទទួលបានបាយមួយពេលបានអោយខ្ញុំ ឬអត់នៅហ្នឹង ព្រោះកន្លងទៅខ្ញុំ​ស្រាយបួស​តែ​នៅ​ឯភ្នំពេញ ហើយទៅខេត្តកណ្តាល និងនៅភ្នំពេញដដែល។ អញ្ចឹងខ្ញុំនឹងស្រាយបួសចាត់តំាងដោយ​រាជ​រដ្ឋា​ភិ​បាលនៅភ្នំពេញ បន្ទាប់ទៅខ្ញុំមកស្រាយបួសនៅវិហារនេះ។ អញ្ចឹង សន្យាជាមួយគ្នាណា។ អរគុណណាស់ ហើយចុងក្រោយសូមអរគុណចំពោះសប្បុរសជននានា ដែលបានចូលរួមកសាងនៅព្រះវិហារនេះ និងថ្លែងនូវ​ការ​កោតសរសើរចំពោះលោកប្រធាន …។

មានស្ពានមួយទៀតដែលឆ្លងទៅកោះប៉ែន

ម្យ៉ាងទៀត អ្នកនៅភូមិក្បែរខាងយើងនេះ ស្ពានឆ្លងទន្លេពីត្រើយខាងនេះ ទៅខាងកោះប៉ែននោះ បានដាក់​អោយ​ឆ្លងជាបណ្តោះអាសន្នហើយ នៅមិនយូរប៉ុន្មានទៀតទេ ដែលស្ពាននេះត្រូវបង្ហើយជាស្ថាពរ។ ស្ពាននេះគឺ កសាងដោយកម្ពុជាខ្លួនឯង ដោយកងវិស្វកម្មរបស់ក្រសួងការពារជាតិ។ ប៉ុន្តែបងប្អូនកុំអាលធ្វើចរាចរណ៍​ដោយ​​​រថយន្តធ្ងន់ៗ ត្រូវគោរពបែបបទ ប្រយ័ត្នព្រោះវាអត់ទាន់មានបង្កាន់ដៃអីស្រួលទេ។ ប៉ុន្តែ ដើម្បីសម្រួល​អោយ​បង​ប្អូន​គឺយើងធ្វើស្ពានមួយទៀត ឆ្លងកាត់ដៃទន្លេនៅក្នុងខេត្តកំពង់ចាមរបស់យើងនេះ។

ជាមួយនឹងការប្រកាសសម្ពោធដាក់អោយប្រើប្រាស់វិហារឥស្លាមជីមៀ ខ្ញុំសុំយកឱកាសនេះ ដើម្បីឧទ្ទិស ហើយ​សង្ឃឹម​ថា ព្រះអាឡោះ និងផ្តល់អោយយើងនូវសេចក្តីសុខ មេត្តា ករុណា និងចំរុងចម្រើន គ្រប់ពេលវេលា។ ខ្ញុំ​គិត​ថា បើទោះបីជាមានខ្មែរចូលរួមនៅទីនេះ ទទួលពរជ័យពីព្រោះអាឡោះក៏មិនខុសទេ គ្មានសាសនាណា​ដែល​ប្រ​ដៅ​អោយ​មនុស្សខូចទេ។ ថ្ងៃនេះទំាងខ្មែរ ទំាងឥស្លាម មកចូលរួមទំាងអស់គ្នា។ ខ្ញុំសប្បាយរីករាយ​នៅ​កន្លែង​នេះ នៅត្រង់ថា នៅពេលដែលសម្ពោធព្រះវិហារ ខាងព្រះពុទ្ធសាសនា ក៏មានឥស្លាមសាសនាទៅ​ចូល​រួម ដល់ពេលសម្ពោធវិហារឥស្លាម ក៏មានអ្នកកាន់ព្រះពុទ្ធសាសនា ឬសាសនា គ្រិស្តក៏មកចូលរួម។ ចំណុច​នេះ​បង្ហាញអោយឃើញអំពីសាមគ្គីភាព អោយឃើញពីការស្រឡាញ់រាប់អាន ចំពោះអ្នកកាន់សាសនា​ទំាង​អស់។​​ ទោះបីមានសាសនាខុសគ្នា ក៏ប៉ុន្តែមកទទួលមេដឹកនំារបស់ខ្លួនជាមួយគ្នា។ អរគុណ។ សូមសេចក្តី​សុខ​មេត្តាករុណា និងចម្រុងចម្រើន អំពីព្រះអាឡោះគ្រប់ពេលវេលា៕

ចែករំលែក