… ថ្ងៃនេះ ខ្ញុំពិតជាការសប្បាយរីករាយ ដែលបានមកចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវវិហារឥស្លាមជើមៀកដែលស្ថិតនៅមិនឆ្ងាយពីទីក្រុងកំពង់ចាមរបស់យើង។ អ្វីដែលជាមោទនភាពធំបំផុតរបស់ខ្ញុំ នៅត្រង់ថា យើងបានសម្រេចលទ្ធផលពីជំហានមួយទៅកាន់ជំហានមួយ។ យោងទៅតាមប្រវត្តិ នៃវិហារជើមៀក សម្ដេច ហេង សំរិន កាលពីអតីតកាល ធ្លាប់បានមកសម្ពោធដាក់ឲ្យប្រើប្រាស់ម្ដងរួចទៅហើយ។ ក៏ប៉ុន្តែរយៈពេលនោះប្រទេសរបស់យើងមានភាពក្រីក្រ ជួបការលំបាក យើងក៏ត្រូវធ្វើតាមដំណាក់កាលនោះ។ ឥឡូវក្នុងស្ថានភាពថ្មី ព្រះវិហារនេះក៏ត្រូវធ្វើតាមរបៀបថ្មីដែរ។ ម៉្យាងទៀត ខ្ញុំក៏ចង់ជម្រាបជូនឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងបងប្អូនថា នៅទីកន្លែងដែលយើងកំពុងអង្គុយនៅទីនេះ បានបុកគ្រឹះសម្រាប់សង់សាលា ៣ ជាន់ ១៨ បន្ទប់សំរាប់ការសិក្សា បន្ទាប់ពីយើងបញ្ចប់ការសម្ពោធនេះទៅ អគារសិក្សា ១ ខ្នងដែលផ្ដល់ដោយខ្ញុំ ហើយកងវិស្វកម្មរបស់ខ្ញុំក៏បានចូលមកសាងសង់នៅទីនេះ នឹងកើតចេញជារូបរាងជាមួយនឹងអគារខ្ពស់ស្កឹមស្កៃនៅខាងមុខនេះផងដែរ។
ខ្ញុំពិតជាមានការរីករាយដល់ថ្ងៃនេះ ឯកឧត្តម លោកជំទាវ ដែលបានអញ្ជើញមកពីបណ្ដាប្រទេសនានា ហើយក៏មានអគ្គរដ្ឋទូត(ម៉ាឡេស៊ី)ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមផងដែរ ជានិមិត្តរូបឲ្យឃើញអំពីការយកចិត្តទុកដាក់ និងសាមគ្គីភាពនៅក្នុងចំណោមសហគមន៍ឥស្លាម មិនត្រឹមតែក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ក៏ប៉ុន្តែយើងស្ថិតនៅក្នុងចរន្ដរួម។ ម្យ៉ាងទៀត ថ្ងៃនេះ បងប្អូនថ្នាក់ដឹកនាំឥស្លាមនៅទូទាំងប្រទេសអញ្ជើញមកពីទីកន្លែងនានា ក៏បានមកកាន់ទីនេះ ដើម្បីចូលរួមទទួលយកសមិទ្ធផលសម្រាប់ជាទីសក្ការៈបូជារបស់សាសនិកឥស្លាម ដែលខ្ញុំគិតថានេះគឺជារឿងគប្បីដែលយើងត្រូវធ្វើ។
រាជរដ្ឋាភិបាលកម្ពុជាជោគជ័យ ក្នុងការអនុវត្តគោលនយោបាយសុខដុមនីយកម្មជាតិសាសន៍ និងសាសនា
ខ្ញុំចង់និយាយបន្ដិចទៅកាន់បងប្អូនសាសនិកឥស្លាមទាំងអស់ ក៏ដូចជាថ្នាក់ដឹកនាំនៅទីនេះ រាជរដ្ឋាភិបាលបានធ្វើកិច្ចការច្រើនណាស់ តាំងពីពេលដែលគណបក្សប្រជាជនចូលកាន់ដឹកនាំប្រទេស ក្នុងរយៈកាលជិត ៣៩ ឆ្នាំកន្លងផុតទៅ។ សុខដុមនីយកម្មរវាងជាតិសាសន៍ និងសាសនាត្រូវបានធ្វើយ៉ាងល្អប្រសើរ។ ប្រទេសរបស់យើងគ្មានជម្លោះសាសនានោះទេ។ ខ្ញុំតែងបញ្ជាក់ជារឿយៗថា សាសនាខុសគ្នា ជាតិសាសន៍ខុសគ្នាមិនមែនជាឧបសគ្គរារាំងនៃការកសាងប្រទេសនោះទេ។ ពិតមែនតែនៅក្នុងប្រទេសរបស់យើងមានព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ប៉ុន្តែយើងមិនបានមើលរំលងចំពោះសាសនាដទៃទៀត ក្នុងនោះសាសនាឥស្លាមដែលជាសាសនាទី ២ បន្ទាប់ពីព្រះពុទ្ធសាសនា សាសនាគ្រិស្ដយើងក៏មិនបានបោះបង់ចោលផងដែរ។ យើងបានយកចិត្តទុកដាក់ទៅលើបញ្ហានេះ ហើយបានដោះស្រាយបញ្ហាជាបន្តបន្ទាប់។
រឿងរ៉ាវទាំងឡាយដែលនៅលើពិភពលោក មានតំបន់ខ្លះកើតឡើងនូវការបំពានគ្នា រវាងអ្នកកាន់សាសនាមួយទៅកាន់សាសនាមួយ រវាងជាតិសាសន៍មួយ ទៅកាន់ជាតិសាសន៍មួយនៅក្នុងតំបន់ផ្សេងៗគ្នា។ ក៏ប៉ុន្តែ ជាមោទនភាពព្រះរាជាណាចក្រកម្ពុជាបានជៀសផុតនូវអំពើទាំងនោះ។ បើទោះបីថានៅក្នុងព្រះពុទ្ធសាសនាក៏មាននិកាយរហូតដល់ ២ និកាយធម្មយុត្តិ និងមហានិកាយ។ ឯនៅក្នុងសាសនិកឥស្លាមរបស់យើងក៏មាននិកាយច្រើន។ នៅក្នុងគ្រិស្ដសាសនាក៏មាននិកាយច្រើន។ ប៉ុន្តែគោលនយោបាយរបស់យើងទោះបីអ្នកណាមានជំនឿអ្វីក៏ដោយ នោះវាជាបញ្ហាសិទ្ធិរបស់បុគ្គល។ យើងមានសេចក្ដីត្រូវការរួមគ្នាមួយសំខាន់ នោះគឺការសន្ដិភាព និងការអភិវឌ្ឍ។ ចំណុចនេះហើយ ដែលជាចំណុចដែលបងប្អូនយើងអាចដឹងនៅក្នុងក្របខណ្ឌទូទាំងប្រទេសត្រូវបន្ដរក្សានូវគោលនយោបាយសុខភាវូបនីយដុមនីយកម្មចំពោះជាតិសាសន៍ និងសាសនាជាបន្តទៀត។
ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា សាសនាឥស្លាមក៏បានរួមចំណែក និងទទួលផលពីការអភិវឌ្ឍ
ខ្ញុំពិតជាមានមោទនភាពដែលបានកើតនៅលើទឹកដីនៃប្រទេសមួយ បើទោះបីជាបានឆ្លងកាត់នូវការឈឺចាប់នៃរបប ប៉ុល ពត ក៏ប៉ុន្តែខ្ញុំមានមោទនភាពដោយសារបានរួមដំណើរជាមួយមេដឹកនាំដទៃទៀត នៃគណបក្សប្រជាជនកម្ពុជា ហើយដែលបាននាំប្រទេសមួយដែលខ្ទេចខ្ទាំ គ្មានទីក្រុង គ្មានចាយប្រាក់ គ្មានទីផ្សារ និងគ្មានអ្វីៗទាំងអស់ បង្កើតឡើងនូវស្ថានភាពអំណោយផលសម្រាប់ប្រជាពលរដ្ឋរហូតមកដល់ពេលនេះ។ ក្នុងនោះសហគមន៍ឥស្លាមក៏បានទទួលផលប្រយោជន៍យ៉ាងច្រើន អំពីការអភិវឌ្ឍរួមរបស់ប្រទេសជាតិ ហើយសហគមន៍ឥស្លាមក៏មានតួនាទីច្រើនណាស់នៅក្នុងការចូលរួមចំណែកនៅក្នុងគ្រប់វិស័យ មិនមែនគ្រាន់តែវិស័យមួយនោះទេ ប៉ុន្តែអាចនិយាយបានថាគ្រប់វិស័យទាំងអស់។ កងទ័ព នគរបាល មន្រ្ដីរាជការ និងអ្នកនយោបាយក៏មានបងប្អូនដើមកំណើតឥស្លាមផងដែរ។
ខ្ញុំសុំយកឱកាសនេះ ថ្លែងអំណរគុណចំពោះរដ្ឋាភិបាលម៉ាឡេស៊ី ដែលបានផ្ដល់ឱកាសឲ្យបងប្អូនខ្មែរឥស្លាមរបស់យើងខ្ញុំដែលបានរត់គេចផុតពីរបប ប៉ុល ពត រត់គេចពីសង្គ្រាម ហើយបានទៅជ្រកកោននៅប្រទេសម៉ាឡេស៊ី ឥឡូវ រដ្ឋាភិបាលម៉ាឡេស៊ីក៏បានផ្ដល់ត្រឡប់មកវិញនូវការឲ្យស្នាក់អាស្រ័យ និងបន្ដការងារបងប្អូននៅទីនោះ។ ខ្ញុំក៏បានផ្ដាំផ្ញើទៅឲ្យពួកគេថា យ៉ាងណាក៏ដោយត្រូវគោរពច្បាប់របស់ម៉ាឡេស៊ី ហើយបើមានសិទ្ធិបោះឆ្នោត បងប្អូនបោះឆ្នោតឲ្យគណបក្សដែលបាន និងកំពុងកាន់អំណាចបច្ចុប្បន្នទៅមិនខុសទេ ព្រោះអ្នកទាំងនោះហើយដែលបានផ្ដល់ឱកាសសម្រាប់បងប្អូនយើងនៅម៉ាឡេស៊ីបានស្នាក់នៅ។
រឿងនេះមិនមែនជាថ្មីថ្មោងទេ។ រាជរដ្ឋាភិបាលបានប្រឹងប្រែងធ្វើការច្រើនណាស់ ដើម្បីឲ្យរដ្ឋាភិបាលម៉ាឡេស៊ីទទួលបងប្អូនទាំងនោះចូលទៅក្នុងក្របខណ្ឌនៃសហគមន៍ម៉ាឡេស៊ីផងដែរ។ បងប្អូនទាំងនោះតែងតែធ្វើដំណើរចុះឡើងៗ រវាងប្រទេសម៉ាឡេស៊ី មកកាន់ប្រទេសកម្ពុជា។ អម្បាញ់មិញ ខ្ញុំបានជួបប្អូនស្រីម្នាក់នៅឯភូមិស្ទឹង។ កាលពីជួបគ្នាកាលពីប៉ុន្មានឆ្នាំមុន ខ្ញុំទើបនឹងមានអាយុប្រមាណជា ២០ ឆ្នាំ គាត់ទើបមានអាយុ ១៧ ឆ្នាំទេកាលពីនោះ។ ឥឡូវ យើងចាស់រៀងៗខ្លួនអស់ហើយ។ ទ័ពខ្ញុំកាលពីដើមហ្នឹងគឺនៅតាមភូមិរបស់បងប្អូនឥស្លាមនេះផងដែរ។ ខ្ញុំមានការសប្បាយរីករាយ ដោយសារតែនយោបាយសុខដុមភាវូបនីយកម្មជាតិសាសន៍ និងសាសនារបស់យើងបានទទួលផល។
សិស្សស្រ្តីឥស្លាមអាចប្រើសម្លៀកបំពាក់ប្រពៃណី/ថតរូបលិខិតឆ្លងដែនដោយមិនបាច់បញ្ចេញត្រចៀកបាន
ឥឡូនេះ បងប្អូនទាំងឡាយអាចនឹងមើលឃើញថាទំនៀមទំលាប់ប្រពៃណីត្រូវបានគោរព។ អ្វីដែលបងប្អូនអាចមើលឃើញ នៅប្រទេសមួយចំនួនដែលចាត់ទុកថាជាប្រទេសសេរី គោរពសិទ្ធិមនុស្ស ប៉ុន្តែគេមិនបានអនុញ្ញាតឲ្យនិស្សិត និងសិស្សជាស្រ្តី ស្លៀកពាក់តាមបែបឥស្លាមនោះទេ។ គេចាត់ទុកថា គេសេរី គេចាត់ទុកថា គេគោរពសិទ្ធិមនុស្ស ក៏ប៉ុន្តែសិទ្ធិដែលគប្បីទទួលបានដោយសិស្ស និងនិស្សិតរបស់ស្រ្តីឥស្លាម គេមិនបានជូនទេ។ សម្រាប់កម្ពុជា យើងបានផ្តល់នូវលទ្ធភាពគ្រប់យ៉ាង។ សិស្ស និស្សិត ដែលជាស្រ្តីរបស់ឥស្លាម គាត់ស្លៀកឯកសណ្ឋានណាក៏បានដែរ។ ឯកសណ្ឋានរបៀបសិស្ស/និស្សិតក៏បាន ឯកសណ្ឋានតាមរបៀបឥស្លាមក៏បាន។ ប្រទេសខ្លះអួតអាងអំពីប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ប៉ុន្តែសិទ្ធិទទួលបានរបស់ពលរដ្ឋមួយចំនួន ត្រូវបានទាត់ចោល។ ឥឡូវនេះ ដើម្បីនឹងបិទទៅលើលិខិតឆ្លងដែន បងប្អូនមិនចាំបាច់មានការថតរូបដែលដោះក្បាលចេញ នោះទេ។ ពាក់ទៅ។ ព្រោះអន្តោប្រវេសន៍មិនមានតម្រូវការ ដើម្បីឲ្យមានការបញ្ចេញត្រចៀកនោះទេ។
បញ្ចូលគ្រូបង្រៀនផ្នែកឥស្លាមជាក្របខណ្ឌរដ្ឋ ដើម្បីបន្ថយបន្ទុកចំណាយរបស់សហគមន៍ឥស្លាម
… ខ្ញុំពិតជាមានការរីករាយ ដែលកន្លងទៅ តាមរយៈសំណើ របស់ ឧកញ៉ា សុះ គឹមរី ឯកឧត្តម អូស្មាន់ ហាសាន់ និងថ្នាក់ដឹកនាំដទៃទៀត យើងបានបញ្ចូលគ្រូបង្រៀនរបស់បងប្អូនឥស្លាមប្រមាណ ១.៥០០ នាក់។ នេះជាការកាត់បន្ថយបន្ទុកចំណាយរបស់សហគមន៍ឥស្លាមរបស់យើង ដែលមុននេះ មួយចំនួនទៅរៀនសាលារដ្ឋ វាមិនបញ្ហាទេ។ ក៏ប៉ុន្តែ មុននេះគឺសាលានៅតាមសហគមន៍របស់បងប្អូនឥស្លាម ដែលរៀនទាំងចំណេះទូទៅផង រៀនទាំងសាសនាផង គឺមិនបានទទួលការឧបត្ថម្ភ ឬទទួលបៀវត្សនោះទេ។ អញ្ចឹងសហគមន៍ត្រូវទទួលខុសត្រូវទៅលើបញ្ហាបៀវត្សរបស់គ្រូបង្រៀន។ តែ ២ ជិត ៣ ឆ្នាំ កន្លងផុតទៅហើយ គឺគ្រូបង្រៀន(ឥស្លាម)ក៏បានទទួលបៀវត្សដូចគេដូចឯង។
យើងនឹងពិនិត្យមើលបន្តទៀត។ ដោយសារតែខ្ញុំកំពុងតែផ្តល់សាលាបន្ថែម សូម្បីតែថ្ងៃនេះ នឹងមានការផ្តល់សាលាបន្ថែមទៀតសម្រាប់ខេត្តកំពង់ចាម ក្រៅពី ១ ខ្នង ៣ ជាន់ ១៨ បន្ទប់ ដែលនឹងត្រូវសាងសង់ នៅពេលខាងមុខនេះ … សមស្របជាមួយនឹងព្រះវិហារនៅខាងមុខ និងសាលានៅផ្នែកខាងក្រោយ។ ខ្ញុំក៏នឹងផ្តល់សាលាមួយចំនួនទៀត។ ពេលនោះ ចំនួនគ្រូបង្រៀនខាងផ្នែកឥស្លាមរបស់យើង ក៏នឹងមានការកើនឡើង។ រដ្ឋក៏នឹងគិតគូរអំពីការបញ្ចូលបន្ថែមជាមួយនឹងគ្រូបង្រៀន សម្រាប់ឆ្លើយតបជាមួយនឹងការកើនឡើងនូវការសិក្សារបស់សិស្ស តាមរយៈការកើនឡើងនៃចំនួនសិស្សានុសិស្សនៃសហគមន៍ឥស្លាម។
ការគាំទ្រគណបក្សប្រជាជនពីបងប្អូនឥស្លាម មានច្រើនលើសលប់
ខ្ញុំសូមយកឱកាសនេះ ក្នុងនាមគណបក្សប្រជាជនកម្ពុជា ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងនូវអរគុណដោយស្មោះ ចំពោះបងប្អូនឥស្លាមនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់នូវជំនឿទុកចិត្ត ចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ចំពោះរាជរដ្ឋាភិបាល ក៏ដូចជាចំពោះខ្លួនខ្ញុំផ្ទាល់។ សន្លឹកឆ្នោតមិនតិចជាង ៨០ ភាគរយ ត្រូវបានបោះជូនគណបក្សប្រជាជនកម្ពុជា។ មានភូមិខ្លះ បើយើងពិនិត្យមើលតាមការិយាល័យ អាចនិយាយថា សន្លឹកឆ្នោតរហូតទៅដល់ ៩៥ ភាគរយ គឺត្រូវបានបោះជូនគណបក្សប្រជាជនកម្ពុជា។ នេះអាចនិយាយបានថា ជាការឆ្លងឆ្លើយគ្នារវាងបក្សកាន់អំណាច ដែលធ្វើចំពោះបងប្អូន ហើយបងប្អូនក៏បានតបស្នងត្រឡប់មកវិញ ចំពោះគណបក្សកាន់អំណាច។ ខ្ញុំពិតជាមានការរីករាយ ហើយសង្ឃឹមថា ការបោះឆ្នោតនៅពេលខាងមុខ វាមិនទាន់រដូវកាលទេ ប៉ុន្តែ ខ្ញុំមានជំនឿជឿជាក់តាមរយៈនៃការទូន្មានរបស់ព្រះអាឡោះ គឺបានសេចក្តីថា អ្នកដែលធ្វើអំពើល្អ ត្រូវធ្វើអំពើល្អទៅវិញទៅមក ជាការតបស្នងជាមួយគ្នា។
… ខ្ញុំមិនប្រាកដថា បក្សដ៏ទៃគេនឹងយកចិត្តទុកដាក់ចំពោះឥស្លាមកម្ពុជាយ៉ាងណានោះទេ។ ក៏ប៉ុន្តែ សម្រាប់ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក៏បានបង្ហាញជូនជាតិ និងប្រជាជនរួចស្រេចទៅហើយ នូវទង្វើទាំងឡាយ មិនមែនគ្រាន់តែជាកម្មវិធីនយោបាយខ្យល់ និងការសន្យាខ្យល់នោះទេ។ ក៏ប៉ុន្តែ យើងបានធ្វើពិតប្រាកដនូវកិច្ចការទាំងឡាយ។ ប្រជាជាតិទាំងមូល ចាប់ផ្តើមពីភាពក្រីក្រ ១០០ ភាគរយ មកត្រឹមតែ ១៣ ភាគរយ នៅឆ្នាំ ២០១៤។ ហើយអ្វីៗក៏មានការប្រែប្រួល ពីប្រទេសដែលមានប្រាក់ចំណូលតិចតួច ទៅកាន់ប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ហើយយើងកំពុងតែមានមហិច្ឆតា ដើម្បីធ្វើឲ្យប្រទេសនេះក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០។
មិនឲ្យក្រុមណាមកបំផ្លាញសន្តិភាព តាមរយៈការធ្វើអាយ៉ងបរទេសនោះទេ
ដូច្នេះ វាមានតម្រូវការច្រើនណាស់សម្រាប់យើង ដើម្បីបន្តដំណើរទៅមុខជាមួយគ្នា ជាមួយនឹងសន្តិភាពដែលត្រូវរក្សាឲ្យបាននៅក្នុងដៃរបស់យើង។ មិនត្រូវឲ្យក្រុមណាមួយមកបំផ្លិចបំផ្លាញ(ខ្មែរ) តាមរយៈការធ្វើជាអាយ៉ងរបស់ជនបរទេស … ដែលយើងទើបនឹងរកឃើញថ្មីៗនេះអំពីអំពើក្បត់របស់ជនដែលយើងបានចាប់ខ្លួនរួចមកហើយ។ ខ្ញុំគិតថា ទុកឲ្យតុលាការជាអ្នកកំណត់ជោគវាសនារបស់ពួកគេតទៅទៀត។ យើងគ្រាន់តែផ្តាំផ្ញើថា អ្នកដែលបានធ្វើសេចក្តីថ្លែងការណ៍ដើម្បីការពារនូវជននេះ គឺវាគ្រាន់តែជាការការពារអាយ៉ងរបស់ខ្លួន ឲ្យរួចផុតពីការចោទប្រកាន់តែប៉ុណ្ណោះ។ សូមគោរពអធិបតេយ្យជាតិរបស់កម្ពុជា។ មិនត្រូវប្រើប្រាស់វិធីផ្តួលរំលំ តាមរយៈរបស់ដែលហៅថាបដិវត្តន៍ពណ៌ទេ។
ខ្ញុំមិនដឹងថា បងប្អូននៅទីនេះយល់យ៉ាងណានោះទេ ព្រោះអ្វីដែលបានកើតឡើងនៅឯមជ្ឈឹមបូព៌ា បើទោះបីជាបងប្អូនស្គាល់ សាដាម ហ៊ូសេន ស្គាល់ ហ្កាដាហ្វ៊ី ស្គាល់ អាសាដ យ៉ាងណា ស្រឡាញ់អ្នកណា ខ្ញុំមិនដឹងទេ ក៏ប៉ុន្តែ សោកនាដកម្មរបស់បងប្អូននៃប្រទេសអារ៉ាប់មួយចំនួន តើកើតចេញពីអ្វីទៅ? នោះហើយ ខ្ញុំមិនទាន់និយាយពីអតីតកាលរបស់កម្ពុជាទេ។ ខ្ញុំគ្រាន់តែឲ្យអ្នកទាំងអស់គ្នាក្រឡេកមើលទៅប្រទេសអ៊ីរ៉ាក់ លីប៊ី ស៊ីរី យេមែន ហើយមុននោះក៏មានប្រទេសអេហ្ស៊ីបផងដែរ ដែលយើងបានខិតខំជម្លៀសនិស្សិតរបស់យើងដែលកំពុងរៀននៅទីនោះ កាលពេលនោះ។ ការស្អប់ខ្ពើម ការមិនចូលចិត្តចំពោះ សាដាម ហ៊ូសេន រួចហើយចោទថាគេមានអាវុធប្រល័យលោក ក៏នាំកងទ័ពចូលទៅ។ ឥឡូវ ស្លាប់ សាដាម ហ៊ូសេន មួយ តើប្រទេសអ៊ីរ៉ាក់មានសន្តិភាព និងប្រជាធិបតេយ្យ ហើយឬនៅ?
ប្រទេសលីប៊ី បន្ទាប់ពីការស្លាប់របស់ ហ្កាដាហ្វ៊ី តើប្រទេសលីប៊ីបានទទួលសេចក្តីសុខហើយឬនៅ? ប្រទេសស៊ីរី ភាពខ្ទេចខ្ទាំនៅទីនោះ ដោយកាន់កាប់រហូតទៅដល់បែងចែក ៣ ក្រុម។ ក្រុមរដ្ឋាភិបាល ក្រុមដែលអាមេរិកគាំទ្រ និងក្រុម ISIS នៅតែបន្តធ្វើឲ្យប្រទេសនេះខ្ទេចខ្ទាំ។ អតីតកាលរបស់យើងនៅឆ្នាំ ១៩៧០ យើងខ្លោចផ្សាខ្លាំងណាស់។ យើងរួមទុក្ខវេទនារួមគ្នា។ អញ្ចឹងទេ បានជាយើងត្រូវឃើញចំណុចអស់ទាំងនេះ ជាមួយនឹងការដើម្បីឈានឡើងទៅមុខ។ តម្រូវការមុនគេ គឺការរក្សាសន្តិភាព ឲ្យខានតែបាន ទោះដោយតម្លៃណាក៏ដោយ មិនអាចឲ្យបរទេសមកប្រើប្រាស់ជនជាតិខ្មែរដើម្បីសម្លាប់ខ្មែរបន្តទៅទៀតបានទេ។ បរទេសទាំងឡាយត្រូវមើលឲ្យឃើញ ត្រូវស្រាវជ្រាវឲ្យច្បាស់ ហើយយើងក៏ស្គាល់មុខអ្នកដែលបានផ្តល់នូវមេរៀន មកអនុវត្តនូវយុទ្ធសាស្រ្តបំផ្លាញជាតិយើង។
ការស្លាប់នៅចុងឆ្នាំ ២០១៣ និងដើមឆ្នាំ ២០១៤ គឺជាផែនការរៀបចំទុកជាមុន តាមរយៈនៃសម្តីដែលទើបបែកធ្លាយនេះ។ ហើយគេនឹងបន្តទៀត ព្រោះគេបាននិយាយថា “បើផែនការប៉ុណ្ណឹង មិនជោគជ័យ រៀបចំមធ្យោបាយប៉ុណ្ណឹងហើយមិនជោគជ័យ គេក៏មិនដឹងថាម៉េចដែរ”។ អញ្ចឹងមានន័យថាគេនឹងបន្តធ្វើតទៅទៀត ក៏ប៉ុន្តែ យើងបានរកឃើញហើយ។ យើងត្រូវបន្តចាត់វិធានការណ៍ ដើម្បីកំចាត់ចោលពួកក្រុមដែលបំផ្លាញជាតិ បំផ្លាញសេចក្តីសុខរបស់ប្រជាជន។ យើងមិនបានធ្វើបាបនរណាទេ។ អ្នកណាធ្វើខុស អ្នកហ្នឹងទទួលខុសត្រូវ។ យើងមិនទៅបំផ្លាញសេចក្តីសុខរបស់អ្នកណាទាំងអស់ តែយើងក៏មិនអនុញ្ញាតឲ្យអ្នកណាមកបំផ្លាញជាតិ និងសេចក្តីសុខរបស់ប្រជាជនដែរ។
… សូម្បីតែពាក្យសម្បថនៅក្នុងព្រះបរមរាជវាំង នៅមុខព្រះស្វេតច្ឆត្រ នៅមុខព្រះភ័ក្រ្តរបស់ព្រះមហាក្សត្រ នៅមុខព្រះភ័ក្រ្តរបស់ព្រះគណសង្ឃ សម្តេចសង្ឃទាំងពីគណៈ សុទ្ធតែបានបញ្ជាក់ចំណុចអំពីប្រការមិនឲ្យបរទេសមកបង្គាប់បញ្ជាគោលនយោបាយរបស់ខ្លួន ក្នុងប្រទេស និងក្រៅប្រទេស។ ហេតុអ្វីទៅបានជាអ្នកនយោបាយរបស់យើង បានដាក់ខ្លួនធ្វើជាងអាយ៉ងបរទេសតាំងពីឆ្នាំ ១៩៩៣ រហូតមកដល់ពេលនេះ? ដូច្នេះអ្វីដែលបានកើតឡើងកាលពីពេលមុន និងអស្ថេរភាព គឺកើតឡើងចេញអំពីការដឹកនាំរបស់ពួកបរទេស បំផ្លាញជាតិរបស់យើងតែម្តង។ យើងសូមផ្ញើសារទៅកាន់ជនបរទេស ដែលបានប្រើប្រាស់មនុស្សនេះ ឲ្យបញ្ឈប់នូវសកម្មភាព។ យើងនឹងស្រាវជ្រាវតាមផ្លូវតុលាការ ដើម្បីឲ្យដឹងថាអ្នកណាបានចូលរួមនៅក្នុងព្រឹត្តិការណ៍រយៈពេលកន្លងទៅ។ ជនបរទេសដែលគេថាមកពីអាមេរិក និងកាណាដា តើជាអ្នកណាខ្លះ? រឿងនេះ វាមិនតូចទេ ប៉ុន្តែ ដូចខ្ញុំបាននិយាយ នេះគ្រាន់តែជាសារនយោបាយ ឯការកាត់សេចក្តីយ៉ាងណានោះ គឺទាក់ទងជាមួយនឹងតុលាការ។
ចង់ឲ្យគេដកពាក្យឥស្លាមចេញពីពួកជ្រុលនិយម
សម្រាប់ទៅលើបញ្ហាសាសនាវិញ ខ្ញុំគិតថាពិភពលោកត្រូវតែប្តូររបៀបនិយាយហើយ។ កន្លងទៅ ខ្ញុំក៏ធុញទ្រាន់ ហើយខ្ញុំក៏បាននិយាយអំពីបញ្ហានេះ នៅក្នុងក្របខណ្ឌនៃការប្រជុំនានានៅឯក្រៅប្រទេស។ មានបញ្ហាអ្វីឡើងគេ តែងតែនិយាយថាឥស្លាមនិយមជ្រុល។ ខ្ញុំចង់ឲ្យគេដកពាក្យឥស្លាមចេញ។ ពួកជ្រុលនិយម មិនចាំតែថានៅក្នុងឥស្លាមទេ នៅក្នុងសាសនាណា នៅក្នុងជាតិសាសន៍ណាក៏មានក្រុមជ្រុលនិយមដែរ។ ដូច្នេះ ការប្រើពាក្យឥស្លាមនិយមជ្រុល គួរតែត្រូវបានបំបាត់ចោល។ ហៅថាពួកជ្រុលនិយម ក្នុងជ្រុលនិយម ខ្មែរក៏មានក្រុមជ្រុលនិយម ជនជាតិណា សាសនាណាក៏វាមានក្រុមជ្រុលនិយមរបស់វា។ អញ្ចឹងបើយើងនិយាយត្រឹមថារឿងនេះ កើតឡើងដោយក្រុមឥស្លាមជ្រុលនិយម គឺវាមិនត្រឹមត្រូវទេ …។
ខ្ញុំចង់ឲ្យដកពាក្យទាំងនោះចេញ ព្រោះបញ្ហាជ្រុលនិយម វាមិនមែនជាបញ្ហាដោយឡែករបស់ជាតិសាសន៍ ឬសាសនាណាមួយទេ។ សូម្បីតែគ្រួសារមួយ កូន ៤ ឬ ៥ នាក់ វាមានខ្លះខូច ដែលមានចរិកជ្រុលនិយមរបស់វា។ ដូច្នេះហើយបានកាល ដែលកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំ ២០១២ នៅកម្ពុជា យើងបានអនុម័តនូវក្របខណ្ឌគោលនយោបាយ អំពីការនិយមកណ្តាល ដែលស្នើឡើងដោយនាយករដ្ឋមន្រ្តី Najib Razak ដែលពេលនោះ អាស៊ានបានសម្រេចទាក់ទងនឹងចលនាកណ្តាលនិយម។ យើងបានបន្តជាមួយនឹងបក្សនយោបាយដែលហៅថា ICAPP ដែលជាពួកនិយមកណ្តាលនៅអាស៊ីប៉ាស៊ីហ្វិករបស់យើងនេះ។ ខ្ញុំសង្ឃឹមទៅលើការរួបរួមគ្នារបស់ប្រជាជនរបស់យើង។ ខ្ញុំសង្ឃឹមថា ការរីកចម្រើនទាំងអស់នោះនឹងផ្តល់ផ្លែផ្កាត្រឡប់មកវិញ នូវការកាត់បន្ថយភាពក្រីក្រ និងការលំបាករបស់ប្រជាជន។
យើងនឹងជួបគ្នានៅក្នុងរយៈពេលនៃការស្រាយបួសម្តងៗ
ថ្ងៃនេះ ខ្ញុំបានជួបបងប្អូននៅទីនេះ ហើយយើងនឹងជួបគ្នានៅក្នុងរយៈពេលនៃការស្រាយបួសម្តងៗ ស្រាយបួសឆ្នាំទៅប្រហែលជានៅទីនេះក៏មានអ្នកទៅចូលរួមឆ្នាំនេះ។ ខ្ញុំក៏បានទៅស្រាយបួស។ ឆ្នាំទៅមួយបានទៅស្រាយបួស ចាត់តាំងដោយរាជរដ្ឋាភិបាល។ ខ្ញុំទៅស្រាយបួសនៅឯតាខ្មៅ ឯឆ្នាំនេះទៅស្រាយបួសនៅឯគីឡូម៉ែត្រលេខ ៩។ ឥឡូវបានប៉ុន្មានភាគរយហើយស្នាក់ការ? សាលា? វាយសាលាចាស់ចេញដើម្បីកសាងអាថ្មីឡើង ដូច ៤ ជាន់ ហើយកន្លែងគណៈចាងហ្វាងក៏ដូចជា ៤ ជាន់ដែរ។ ប៉ុន្តែ ទើបតែគូរប្លង់។ ឧកញ៉ា សុះ គឹមរី បន្តិចទៀតមានកន្លែងសមរម្យហើយ។ ឥឡូវ ក្នុងក្របខណ្ឌនិស្សិត សិស្ស ឬក្នុងក្របខណ្ឌជាបញ្ញវន្ត មានបងប្អូន ជាសាសនិកឥស្លាមច្រើនណាស់ ដែលមុននោះរាប់ដៃបាន ប៉ុន្តែ ឥឡូវមិនអាចរាប់ដៃបានទេ ព្រោះបងប្អូនក៏បានឆ្លងកាត់មហាវិទ្យាល័យ ទាំងនៅក្នុងប្រទេស ទាំងនៅក្រៅប្រទេស ឯនៅក្នុងប្រទេស យើងបានបង្កើតឲ្យមានស្ថានភាពដូចៗគ្នា ដើម្បីបញ្ចប់ការសិក្សា និងមធ្យមសិក្សា ហើយនឹងឈានទៅកាន់មហាវិទ្យាល័យ។
ថ្ងៃនេះ ខ្ញុំក៏បានសុំជម្រាបថា សម្រាប់ខេត្តកំពង់ចាម គឺអាចនឹងមានបងប្អូនមកកាន់ទីនេះផងដែរ ខ្ញុំមិននិយាយអំពី ខាងកណ្តាល ស្វាយបន្ទាល ស្អាង។ គឺថារឿងនោះ ខ្ញុំសូមបញ្ជាក់ដើម្បីឲ្យបងប្អូនដឹងថាសាលា ដែលបងប្អូនខ្វះ គឺខ្ញុំនឹងផ្តល់ជូន នៅទួលពោធិ ព្រៃកក់ ស្ទឹងត្រង់ ចំនួន ១ ខ្នង ៦ បន្ទប់។
ភូមិមាស ព្រៃកក់ ស្ទឹងត្រង់ ចំនួន ១ ខ្នង ៦ បន្ទប់។ ព្រែកបាក់ ស្ទឹងត្រង់ កំពង់ចាម ១ ខ្នង ៦ បន្ទប់។ ភូមិគីឡូម៉ែត្រលេខ ៧ អារក្សត្នោត ស្ទឹងត្រង់ កំពង់ចាម ១ ខ្នង ៥ បន្ទប់។ ភូមិឈើទើ អារក្សត្នោត ស្ទឹងត្រង់ កំពង់ចាម ១ ខ្នង ៤ បន្ទប់។ ភូមិអូរប្រាំ ព្រែកបាក់ ស្ទឹងត្រង់ កំពង់ចាម ១ ខ្នង ៤ បន្ទប់។ កំពង់ក្របី កំពង់សៀម កំពង់ចាម ១ ខ្នង ៥ បន្ទប់។ អន្ទង់ស ពាមជីកង កងមាស ១ ខ្នង ៤ បន្ទប់។ តានង់ក្រោម ព្រែកតានង់ កោះសូទិន ១ ខ្នង ៦ បន្ទប់។
នេះគឺជាការសិក្សារបស់ក្រុមស្រាវជ្រាវ ជាមួយនឹងឯកឧត្តម អូស្មាន់ ហាសាន់ និងថ្នាក់ដឹកនាំដទៃទៀត ក៏ប៉ុន្តែ ស្តង់ដារបស់ខ្ញុំអត់មាន ៤ បន្ទប់ទេ ព្រោះដោយសារសិស្សរៀន ៦ ថ្នាក់។ អញ្ចឹងទេ សាលាដែលមាន ៤ បន្ទប់ ទាំងអស់ ខ្ញុំប្រគល់ជូនឲ្យមាន ១ ខ្នង ៦ បន្ទប់ ស្មើៗគ្នា … សាលាទាំងអស់នេះ សរុបទៅសម្រាប់ខេត្តកំពង់ចាមនេះ មាន ៩ ខ្នង ហើយក្នុងហ្នឹងមានស្វាយប្រទាល ១ ខ្នងដោយឡែក។ អញ្ចឹងទេ ឲ្យមានការសាងសង់ឡើងវិញ ឬក៏អាចថាខ្វះដី។ បើខ្វះដី យើងឡើង ២ ជាន់តែម្តង …។
សាសនាគង់វង្ស លុះត្រាតែអស់អ្នកជឿ
លោកប្រធាន។ ខ្ញុំសូមកោតសរសើរ ការដែលខិតខំកសាងឡើងនូវវិហារឥស្លាមរបស់យើងនេះ។ បើសិនជាគ្មានការប្រឹងប្រែងទេ ហើយក៏គ្មានជំនឿទេ មិនអាចកសាងបានទេ។ ជឿចុះ គ្មានសាសនាណាជោគជ័យ ដោយខ្វះអ្នកជឿទេ។ បងប្អូនជនបរទេសទាំងឡាយដែលមកកាន់ទីនេះ ក៏ដូចជាបងប្អូនឥស្លាមមកកាន់ទីនេះ ឬក៏កំពុងតែស្តាប់ការផ្សាយផ្ទាល់ចេញពីទីនេះ អាចចោទសួរថាតើសាសនាឥស្លាមនឹងឋិតឋេរដល់ពេលណា? ចម្លើយរបស់ខ្ញុំគឺខ្លីទេ។ សម្រាប់រយៈពេលនៃការគ្រប់គ្រងរបស់គណបក្សប្រជាជន សាសនាឥស្លាមនឹងឋិតឋេររហូតដល់អស់អ្នកជឿ។ ប៉ុន្តែបើភ្លាត់ទៅលើបក្សនយោបាយដទៃទៀត ខ្ញុំមិនធានាជូនទេ …។
សាសនាទាំងអស់កើតថ្ងៃ ៧ មករា ១៩៧៩ ដូចគ្នា
ពេលដែលខ្ញុំចេញសង្គ្រោះប្រទេស ខ្ញុំទើបមានអាយុ ២៥ ឆ្នាំទេ។ ឥឡូវខ្ញុំមានអាយុ ៦៥ ឆ្នាំហើយ។ គ្មានពេលវេលា គ្មានកម្លាំងគ្រប់គ្រាន់មកសង្គ្រោះប្រទេស សង្គ្រោះបងប្អូនទាំងខ្មែរ ទាំងឥស្លាម ទៀតទេ។ ហើយកុំភ្លេចណា តាសុស គាត់និយាយត្រូវណាស់។ តាសុស នៅឯពោធិសាត់។ គាត់ទៅតាមរកផ្ទះខ្ញុំដល់តាខ្មៅ។ គាត់ថាមករកមេ។ តា រស់ ស្រេង បានសួរគាត់ មើល តាសុស តើឥស្លាម និងព្រះពុទ្ធអ្នកណាបងអ្នកណាប្អូន? តាសុស គាត់ឆ្លើយថា អត់មានអ្នកណាបងអ្នកណាប្អូន កើតថ្ងៃជាមួយគ្នា ខែជាមួយគ្នា ឆ្នាំជាមួយគ្នា គឺ ៧ មករា ១៩៧៩។ ចម្លើយនេះ គឺជាក់ស្តែងខ្លាំងណាស់ ព្រោះនៅក្នុងដំណាក់កាលរបស់ពួក ប៉ុល ពត បានសេចក្តីថា សាសនាទាំងអស់ត្រូវបានបំផ្លាញហើយ។ ដូច្នេះ ទន្ទឹមនឹងការរស់ឡើងវិញរបស់ប្រជាជន សាសនាទាំងអស់ក៏បានកើតឡើងស្របពេលតែមួយ គឺថ្ងៃ ៧ មករា ១៩៧៩ នោះឯង។
អញ្ចឹងបានជាខ្ញុំហ៊ាននិយាយត្រឹមថា នៅពេលដែលគណបក្សប្រជាជនគ្រប់គ្រងអំណាច សាសនាទាំងអស់នៅកម្ពុជា ក្នុងហ្នឹងមានសាសនាឥស្លាម នឹងបន្តឋិតឋេររហូតដល់អស់អ្នកជឿ។ បើសិនតែនៅតែជឿ គឺមួយម៉ឺនឆ្នាំទៀតក៏នៅតែមានសាសនាហ្នឹងដែរ។ ប៉ុន្តែបើសិនជាអស់អ្នកជឿទៅហើយ ថ្ងៃស្អែកខាន ស្អែក ក៏អស់ហើយ។ ប៉ុន្តែខ្ញុំមិនជឿដូច្នោះទេ។ នៅលើពិភពលោកនេះ មានមនុស្សមិនច្រើនទេដែលមិនកាន់សាសនាណាទាំងអស់។ ប៉ុន្តែសម្រាប់ប្រទេសរបស់យើងៗ មានការគោរពសាសនា គោរពប្រពៃណី គោរពទំនៀមទំលាប់របស់យើង។ អ្នកខ្លះគឺកាន់សាសនាព្រលឹង មិនកាន់សាសនាអីទាំងអស់ … ដូច្នោះស្ថានភាពសម្រាប់ប្រទេសយើងតទៅមុខកាន់តែល្អប្រសើរហើយ សូមកុំឲ្យតែបរទេសមកបំផ្លាញយើងបានហើយ។ គ្រាប់បែក ២ លាន ៧ សែនតោន មិនទាន់យកចេញអស់ផង។ ត្រូវការអីទៀត? ត្រូវការបង្រៀនអោយមានការចេះដឹងបែបដូច(អ្វីដែលបានធ្វើនៅ) យូហ្គោស្លាវី នោះឬ?
អញ្ចឹងបានជាក្រោយការបោះឆ្នោតហើយ គេនិយាយថា ឆ្នំា ២០១៣ គឺជាឆ្នំាដែលល្អបំផុតសម្រាប់ការផ្លាស់ប្តូរ។ ឥឡូវនេះ ខ្ញុំមិនចង់បន្តថែមទៀតទេ បន្តិចទៀតយើងទៅកាត់ខ្សែបូរ ហើយអាចនឹងមានបងប្អូន យុវជន ឬក៏ប្រជាជនសុំសែលហ្វី … ប៉ុន្តែ ផ្តំាទៅបងប្អូន ទំាងកម្មករ កម្មការិនី ទំាងអ្នកផ្សារ ទំាងកន្លែងណាទំាងអស់ ព្រោះកន្លងទៅអញ្ចេះ ថតទៅយកទៅផុសបានតែ ៣០ រូប ដល់អញ្ចឹងបងប្អូនខ្លះថតអត់បាន ហើយជួនកាលថតបានដែរ ក៏ប៉ុន្តែអត់សូវស្អាត។ អញ្ចឹងទេបាន អោយមានផេកជំនួយការខ្ញុំម្នាក់ សម្រាប់ផុសតែរូបថតហ្នឹងតែម្តង។ បងប្អូនឃើញ save យកមកផុស។ ចេញទៅរាប់ពាន់សន្លឹកតែម្តង អាហ្នឹងគឺ ជាវិធីល្អ។
ពំានំាអំណោយ
ហើយថ្ងៃនេះខ្ញុំក៏បានពំានំាមកសម្រាប់យុវជនកាយឬទ្ធិ និងយុវជនកាកបាទក្រហមចំនួន ២០០ នាក់ ក្នុងម្នាក់ៗ ២ ម៉ឺនរៀល។ សិស្សានុសិស្សចំនួន ៨៣៥ នាក់ ក្នុងម្នាក់ៗសៀវភៅ ២ ក្បាល ប៉ិចមួយដើម ថវិកា ១ ម៉ឺនរៀល។ ជូនលោកគ្រូ អ្នកគ្រូ ទំាងខ្មែរ ទំាងឥស្លាម ចំនួន ៧០២ នាក់ ក្នុងម្នាក់ៗថវិកា ៥ ម៉ឺនរៀល។ ជូនគណៈអ៊ីម៉ាំង ប្រចំាភូមិ ចូលរួមមាន ១៦១ ម៉ាសិត ម៉ាសិតនីមួយៗទទួលបានថវិកា ២ លានរៀល ទៅតាមភូមិតែម្តង។ ជូនសាលាគរុកោសល្យ ថវិកា ៣ លានរៀល។ ជូនសាលាជាតិ កសិកម្មខេត្តកំពង់ចាម ថវិកា ៥ លានរៀល។ ជូនសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគខេត្តកំពង់ចាម ថវិកា ៥ លានរៀល។ ជូនមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកំពង់ចាម ថវិកា ៥ លានរៀល។ ជូនវិទ្យាល័យសំបួរមាស សង្កាត់សំបួរមាស ថវិកា ២ លានរៀល។ ជូនសាលាបឋមសិក្សានាគម៉ាតុល ឥស្លាម ភូមិរកាក្រោម ថវិកា ១ លានរៀល។ ជូនសាលាក្រុងកំពង់ចាម ២ លានរៀល។ ជូនមណ្ឌលសុខភាពសំបួរមាស ថវិកា ២លានរៀល។ ជូនក្រុមតន្ត្រីសម័យ ថវិកា ២ លានរៀល។ ជូនសហព័ន្ធសហភាពយុវជនកម្ពុជាខេត្តកំពង់ចាម ក្រុមយុវជនស្រឡាញ់សន្តិភាពខេត្តកំពង់ចាម និងក្រុមសម្ព័ន្ធយុវជនខេត្តកំពង់ចាម និងក្រុមសម្ព័ន្ធយុវជនមូស្លីមកម្ពុជា ក្នុងមួយក្រុមៗថវិកា ៣ លានរៀល។
នឹងមកស្រាយបួសនៅទីនេះម្តង
រឿងយើងមានកិច្ចការជាច្រើនដែលត្រូវធ្វើ។ ថ្ងៃនេះ ខ្ញុំសប្បាយរីករាយ សូមផ្តំាផ្ញើតាមរយៈថ្នាក់ដឹកនំា ១៦១ ម៉ាសជិដ ដែលមកកាន់ទីនេះ។ អោយខ្ញុំផ្តំាផ្ញើ និងថ្លែងអំណរគុណ ចំពោះបងប្អូនឥស្លាមនៅទូទំាង ១៦១ ភូមិនេះផង។ សង្ឃឹមថា យើងនឹងជួបគ្នាសាជាថ្មីម្តងទៀត នៅពេលខាងមុខ។ មិនដឹងថាពេលនោះខ្ញុំ មានលទ្ធភាពមកសម្ពោធសាលាដែលខ្ញុំសាងសង់នៅទីនេះដែរឬអត់? ប៉ុន្តែយ៉ាងណាក៏ដោយ ប្រហែលជាឆ្នំាក្រោយ ពេលស្រាយបួស មកសុំទទួលបានបាយមួយពេលបានអោយខ្ញុំ ឬអត់នៅហ្នឹង ព្រោះកន្លងទៅខ្ញុំស្រាយបួសតែនៅឯភ្នំពេញ ហើយទៅខេត្តកណ្តាល និងនៅភ្នំពេញដដែល។ អញ្ចឹងខ្ញុំនឹងស្រាយបួសចាត់តំាងដោយរាជរដ្ឋាភិបាលនៅភ្នំពេញ បន្ទាប់ទៅខ្ញុំមកស្រាយបួសនៅវិហារនេះ។ អញ្ចឹង សន្យាជាមួយគ្នាណា។ អរគុណណាស់ ហើយចុងក្រោយសូមអរគុណចំពោះសប្បុរសជននានា ដែលបានចូលរួមកសាងនៅព្រះវិហារនេះ និងថ្លែងនូវការកោតសរសើរចំពោះលោកប្រធាន …។
មានស្ពានមួយទៀតដែលឆ្លងទៅកោះប៉ែន
ម្យ៉ាងទៀត អ្នកនៅភូមិក្បែរខាងយើងនេះ ស្ពានឆ្លងទន្លេពីត្រើយខាងនេះ ទៅខាងកោះប៉ែននោះ បានដាក់អោយឆ្លងជាបណ្តោះអាសន្នហើយ នៅមិនយូរប៉ុន្មានទៀតទេ ដែលស្ពាននេះត្រូវបង្ហើយជាស្ថាពរ។ ស្ពាននេះគឺ កសាងដោយកម្ពុជាខ្លួនឯង ដោយកងវិស្វកម្មរបស់ក្រសួងការពារជាតិ។ ប៉ុន្តែបងប្អូនកុំអាលធ្វើចរាចរណ៍ដោយរថយន្តធ្ងន់ៗ ត្រូវគោរពបែបបទ ប្រយ័ត្នព្រោះវាអត់ទាន់មានបង្កាន់ដៃអីស្រួលទេ។ ប៉ុន្តែ ដើម្បីសម្រួលអោយបងប្អូនគឺយើងធ្វើស្ពានមួយទៀត ឆ្លងកាត់ដៃទន្លេនៅក្នុងខេត្តកំពង់ចាមរបស់យើងនេះ។
ជាមួយនឹងការប្រកាសសម្ពោធដាក់អោយប្រើប្រាស់វិហារឥស្លាមជីមៀ ខ្ញុំសុំយកឱកាសនេះ ដើម្បីឧទ្ទិស ហើយសង្ឃឹមថា ព្រះអាឡោះ និងផ្តល់អោយយើងនូវសេចក្តីសុខ មេត្តា ករុណា និងចំរុងចម្រើន គ្រប់ពេលវេលា។ ខ្ញុំគិតថា បើទោះបីជាមានខ្មែរចូលរួមនៅទីនេះ ទទួលពរជ័យពីព្រោះអាឡោះក៏មិនខុសទេ គ្មានសាសនាណាដែលប្រដៅអោយមនុស្សខូចទេ។ ថ្ងៃនេះទំាងខ្មែរ ទំាងឥស្លាម មកចូលរួមទំាងអស់គ្នា។ ខ្ញុំសប្បាយរីករាយនៅកន្លែងនេះ នៅត្រង់ថា នៅពេលដែលសម្ពោធព្រះវិហារ ខាងព្រះពុទ្ធសាសនា ក៏មានឥស្លាមសាសនាទៅចូលរួម ដល់ពេលសម្ពោធវិហារឥស្លាម ក៏មានអ្នកកាន់ព្រះពុទ្ធសាសនា ឬសាសនា គ្រិស្តក៏មកចូលរួម។ ចំណុចនេះបង្ហាញអោយឃើញអំពីសាមគ្គីភាព អោយឃើញពីការស្រឡាញ់រាប់អាន ចំពោះអ្នកកាន់សាសនាទំាងអស់។ ទោះបីមានសាសនាខុសគ្នា ក៏ប៉ុន្តែមកទទួលមេដឹកនំារបស់ខ្លួនជាមួយគ្នា។ អរគុណ។ សូមសេចក្តីសុខមេត្តាករុណា និងចម្រុងចម្រើន អំពីព្រះអាឡោះគ្រប់ពេលវេលា៕