សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី ចូលបង្គំ​គាល់ព្រះ​រាជទាយាទជប៉ុន ព្រះអង្គម្ចាស់ ណារ៉ូហ៊ីតូ

33

នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧នេះ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានចូលបង្គំគាល់ព្រះរាជទាយាទជប៉ុន ព្រះអង្គម្ចាស់ ណារ៉ូហ៊ីតូ ព្រះរាជទាយាទរបស់ព្រះចៅអធិរាជជប៉ុន អាគីហីតូ។ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី បានទូលថ្វាយពីសេចក្តីសោមនស្សរីករាយសាជាថ្មីម្តងទៀត ក្នុងឱកាសដែលលោកនាយករដ្ឋមន្រ្តី បានចូល​បង្គំគាល់ព្រះរាជទាយាទ នៅទីក្រុងតូក្យូ ប្រទេសជប៉ុននាឱកាសនេះ បន្ទាប់ពីព្រះអង្គយាង​បំពេញព្រះ​រាជទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជាកាលពីឆ្នាំ២០១២។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏​បានទូលថ្វាយព្រះអង្គម្ចាស់ព្រះរាជទាយាទ ពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អ និងជិតស្និទ្ធរវាងរដ្ឋាភិបាល នៃ​ប្រទេស​ទាំង​ពីរកម្ពុជា‑ជប៉ុន ដែលតែងតែជួយគ្នាទៅវិញទៅមកក្នុងភាពជាដៃគូយុទ្ធសាស្រ្ត។ សម្តេចតេជោ នាយករដ្ឋមន្រ្តី ក៏បានទូលថ្វាយព្រះរាជទាយាទដែរថា ដំណើរទស្សនកិច្ចផ្លូវការ ការងាររបស់សម្តេច​​មកាន់ប្រទេស​​ជប៉ុន​នៅពេល​នេះ គឺ​ស្រប​នឹងខួប​លើកទី​៦០ នៃដំណើរ​ទស្សន​កិច្ចផ្លូវការ​របស់​នាយករ​ដ្ឋមន្រ្តីជប៉ុន ទៅកាន់ប្រទេស​កម្ពុជា​កាល​ពីឆ្នាំ​១៩៥៧ និងខួប២៥ឆ្នាំនៃ​បញ្ជូនកង​រក្សាសន្តិភាពជប៉ុនជា​លើកដំបូ​ងទៅក្រៅប្រទេស។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បាន​ទូលព្រះ​រាជ​ទាយាទជប៉ុន​បន្ថែមថា ទំនាក់ទំនងនៃប្រទេសទាំងពីរមានភាពល្អប្រសើរខ្លាំងណាស់ ហើយមកដល់បច្ចុប្បន្នមានក្រុហ៊ុនជប៉ុនប្រមាណ ២០០ក្រុមហ៊ុនហើយ បានបណ្តាក់ទុនវិនិយោគ​នៅកម្ពុជា​លើប្រមាណ១​ពាន់គម្រោង ពិសេសការហោះ​ហើរ​ត្រង់​របស់​ក្រុមហ៊ុន​អាកាស​ចរណ៍​ជប៉ុន ANA ទៅកាន់ប្រទេសកម្ពុជា ធ្វើឲ្យកំណើនទេសចរណ៍កាន់តែច្រើនឡើង។

ជា​មួយគ្នានេះសម្តេចតេជោ នាយករដ្ឋមន្រ្តី ក៏បានថ្លែងនូវអំណរគុណជូនចំពោះរដ្ឋាភិបាល និងប្រជាជន​ជប៉ុនដែលជួយដល់ការថែរក្សា និង​អភិរក្សប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា ពិសេសការជួយរៀបចំឯកសារក្នុងការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃ​គុក របស់ប្រទេសកម្ពុជា ចូលជាសម្បត្តិបេតិក​ភណ្ឌ​ពិភពលោកប្រកបដោយជោគជ័យនាពេលថ្មី​ៗនេះ​។

ព្រះអង្គម្ចាស់ព្រះរាជទាយាទ ណារូហ៊ីតូ មានព្រះរាជបន្ទូលនូវព្រះរាជហឬទ័យរីករាយជាអនេក ជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏ដូចជារាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានថ្វាយនូវព្រះរាជបដិសណ្ឋារកិច្ច ចំពោះព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះ​អង្គទៅមកកាន់ប្រទេសកម្ពុជា កាលពីឆ្នាំ២០១២។ ជាមួយគ្នានេះព្រះអង្គម្ចាស់ព្រះរាជទាយាទ ក៏បានថ្វាយនូវសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅនិងការគោរពស្រឡាញរាប់អានដោយស្មោះ តាមរយៈ សម្តេចតេជោ នាយករដ្ឋមន្រ្តី ថ្វាយចំពោះព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គតែងតែ​មានការនឹករលឹកដ៏ខ្ពង់​ខ្ពស់​បំផុត៕

ចែករំលែក