សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្ត្រីការបរទេសជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃសៅរ៍ ១កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឱ្យលោកជំទាវ KAMIKAWA Yoko រដ្ឋមន្ត្រីការបរទេសជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកជំទាវរដ្ឋមន្ត្រីការបរទេសជប៉ុនដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ ដែលនឹងរឹតបណ្តឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត ។

ក្នុងឱកាសនៃជំនួបនេះ លោកជំទាវរដ្ឋមន្ត្រីការបរទេសជប៉ុន បានសម្ដែងនូវក្តីរីករាយដោយចាត់ទុកថាជាកិត្តិយសដ៏ធំធេងចំពោះលោកជំទាវ ដែលសម្ដេចតេជោអនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសមនៅពេលនេះ។ លោកជំទាវបានរំលឹកថាធ្លាប់បានជួបសម្ដេចម្ដងកាលពីឆ្នាំ២០០៥។

លោកជំទាវ បានអបអរសាទរយ៉ាងកក់ក្តៅជូនចំពោះសម្ដេចតេជោដែលក្លាយជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ លោកជំទាវបានកោតសរសើរសម្ដេចតេជោដែលសម្ដេចបានដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងទំនាក់ទំនងទ្វេភាគី កម្ពុជា-ជប៉ុន ជាពិសេសចំពោះស្នាដៃដ៏ធំធេងរបស់សម្ដេចក្នុងដំឡើងកម្រិតទទំនាក់ទំនងរវាងប្រទេសទាំងពីរដល់កម្រិតខ្ពស់។ លោកជំទាវ មានមោទនភាពជាខ្លាំងចំពោះទំនាក់ទំនងទ្វេភាគីយ៉ាងស្អិតរមួតរវាងកម្ពុជានិងជប៉ុនលើគ្រប់វិស័យ។

លោកជំទាវរដ្ឋមន្ត្រីការបរទេសជប៉ុន ជម្រាបជូនសម្តេចតេជោ អំពីកិច្ចពិភាក្សាប្រកបដោយផ្លែផ្ការបស់លោកជំទាវ​ជាមួយសម្ដេចធិបតីនាយករដ្ឋមន្ត្រី ដែលបានផ្ដោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការថ្មីរវាងកម្ពុជា និងជប៉ុន និងប្រធានបទបច្ចុប្បន្នភាពតំបន់ និង សកល។ លោកជំទាវបានបញ្ជាក់ពីបំណងចង់ឱ្យកម្ពុជា បន្តនិរន្តរភាពនៃការរីកចម្រើននៅក្នុងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់៣ រួមមាន ទី១ វិស័យ​ហេដ្ឋារចនាសម្ព័ន្ធទឹក ដូចជា​ ទឹកស្អាត ប្រព័ន្ធចម្រោះទឹកកខ្វក់ ទី២ វិស័យឌីជីថលដែលវិវត្តឥតឈប់​ ដូចជា ប្រព័ន្ធ5G សន្តិសុខអ៊ីនធឺណិត (cyber security)…។ល។ ទី៣ ការតភ្ជាប់សមុទ្រ ដូចជា កិច្ចសហប្រតិបត្តិការផែសមុទ្រ។

លោកជំទាវ បានគូសបញ្ជាក់ពីសារៈសំខាន់នៃវិស័យសេដ្ឋកិច្ច និង បង្ហាញពីបំណងចង់ផ្សព្វផ្សាយពីសក្កានុពលសេដ្ឋកិច្ចរបស់កម្ពុជា ដើម្បីអាចទាក់ទាញក្រុមហ៊ុនវិនិយោគជប៉ុនបន្ថែមទៀតមកកម្ពុជា។

លោកជំទាវរដ្ឋមន្ត្រីការបរទេសជប៉ុន ក៏បានលើកឡើងផងដែរពីការយកចិត្តទុកដាក់របស់ជប៉ុនលើវិស័យបោសសំអាតមីន។ លោកជំទាវ ក៏បានបង្ហាញនូវបំណងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដែលនឹងត្រូវទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ​ត្រួតពិនិត្យ​ឡើង​វិញ​លើក​ទី​៥ នៃ​អនុសញ្ញាអូតាវ៉ា នៅថ្ងៃ២៥-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤​ នៅសៀមរាប។ លោកជំទាវក៏បានជម្រាបជូនសម្ដេចថា ជប៉ុនគ្រោងនឹងរៀបចំសន្និសីទអន្តរជាតិស្តីពីសកម្មភាពមីននៅអ៊ុយក្រែន នៅប្រទេសជប៉ុន ក្នុងឆ្នាំ២០២៥ និងបានស្នើសុំការគាំទ្រពីកម្ពុជាដើម្បីអាចចូលរួមក្នុងកម្រិតណាមួយ។ ទាក់ទងបញ្ហាតំបន់ លោកជំទាវបានកោតសរសើរកម្ពុជា និងសម្តេចតេជោ ដែលបានខិតខំប្រឹងប្រែងរកដំណោះស្រាយសន្តិភាពនៅមីយ៉ាន់ម៉ា នាពេលកន្លងមក និងបានបញ្ជាក់ថា ជប៉ុនយកចិត្តទុកដាក់​លើការឯកភាពរបស់អាស៊ាន និងបន្តគាំទ្រអាស៊ានក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PCs) ឱ្យមានប្រសិទ្ធភាព។

ជាកិច្ចឆ្លើយតប សម្ដេចតេជោ ពិតជារីករាយដែលបានលោកជំទាវសាជាថ្មី បន្ទាប់ពីជំនួបលើកមុនកាលពី២០ឆ្នាំមុននិង រីករាយដែលលោកជំទាវបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពិនិត្យសមិទ្ធផលនៃទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសយើងទាំងពីរ ចាប់តាំងពីជប៉ុនបានចូលរួមក្នុងដំណើរការស្វែងរកសន្តិភាពនៅកម្ពុជាមក។ សម្តេចបានលើកឡើងថា ប្រទេសជប៉ុនបានផ្តល់ជំនួយយ៉ាងច្រើន សម្រាប់ការលូតលាស់របស់កម្ពុជា នៅលើច្រើនវិស័យ ​ចាប់តាំងពីការជួយទៅលើផ្នែកទឹកស្អាតប្រើប្រាស់ក្នុងក្រុង និងការជួយរំដោះទឹកចេញពីទីក្រុងភ្នំពេញ ​ការជួយកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដូចជាការកសាងកំណាត់ផ្លូវជាតិលេខ៥ កំណាត់ផ្លូវជាតិលេខ១ដែលជាហាយវ៉េអាស៊ាន…។ល។ សម្ដេច បានអរគុណដល់រដ្ឋាភិបាលជប៉ុនដែលបាន​ចូលរួមចំណែកក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យរីកចម្រើន។ សម្ដេចធ្លាប់បានជួបគណៈប្រតិភូក្រុមហ៊ុនជប៉ុនយ៉ាងច្រើន និង ចង់ឱ្យក្រុមហ៊ុនជប៉ុនមកបណ្ដាក់ទុននៅកម្ពុជាឱ្យបានច្រើនបន្ថែមទៀត។
សម្ដេច ពិតជាមានមោទនភាពដែលបានធ្វើការជាមួយជប៉ុនរហូតដល់សម្រេចក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកាលពីដើមឆ្នាំកន្លងមកនេះ។
សម្ដេចតេជោ បានសង្កត់ធ្ងន់ថា កម្ពុជា ទោះបីជាមានការផ្លាស់ប្ដូរនាយករដ្ឋមន្ត្រីក៏ដោយ ក៏ទំនាក់ទំនងកម្ពុជា-ជប៉ុន ពុំមានការផ្លាស់ប្ដូរទេ ផ្ទុយទៅវិញ មានតែជំរុញទំនាក់ទំនងនេះឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ សម្ដេចតេជោបានរំលឹកថា កាលពីខែមករាកន្លងទៅនេះ សម្ដេចបានអញ្ជើញទៅទទួលកែវភ្នែកសិប្បនិម្មិតនៅទីក្រុងតូក្យូ ហើយក្នុងឱកាសនោះ ឯកឧត្តម គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីជប៉ុន បានទទួលស្វាគមន៍សម្ដេចយ៉ាងកក់ក្តៅ

ទោះបីជាសម្ដេចលែងជានាយករដ្ឋមន្ត្រីក៏ដោយ។ សម្ដេចបានចាត់ទុក ឯកឧត្តម គីស៊ីដា ហ្វូមីអូ ជាមិត្តចាស់។ សម្ដេច ក៏បានថ្លែងអំណរគុណដល់ ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន ដែលបានផ្ញើសារអបអរសាទរសម្ដេច ពេលសម្ដេចក្លាយជាប្រធានព្រឹទ្ធសភា។

សម្ដេចតេជោ បានថ្លែងអំណរគុណចំពោះលទ្ធផលដែលលោកជំទាវរដ្ឋមន្ត្រីការបរទេសជប៉ុនបានលើកឡើងក្នុងជំនួបជាមួយសម្ដេចធិបតី។ សម្ដេចបន្តថា កម្ពុជាតែងតែគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់ជប៉ុន ។ កម្ពុជាជាប្រទេសដំបូងគេដែលបានគាំទ្រគំនិតផ្តួចផ្តើមឥណ្ឌូ-ប៉ាស៊ីហ្វិកសេរីនិងបើកចំហរ (FOIP) របស់ជប៉ុន ហើយបានកត់សម្គាល់ថា កម្ពុជាមានជំហរមិនឆ្ងាយពីជប៉ុនទេ នៅក្នុងបញ្ហាអន្តរជាតិ និង ក្នុងការរក្សាឱ្យបាននូវផលប្រយោជន៍សម្រាប់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ក្នុងតំបន់។ សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជានឹងចូលរួមក្នុងសន្និសីទស្ដីពីសកម្មភាពមីននៅអ៊ុយក្រែន នៅក្នុងផ្នែកមនុស្សធម៌។

មុននឹងបញ្ចប់សម្ដេចតេជោ ហ៊ុន សែន បានស្នើសុំលោកជំទាវរដ្ឋមន្ត្រីការបរទេសជប៉ុន ពាំនាំនៅការផ្ដាំផ្ញើសួរសុខទុក្ខ ជូនចំពោះ ឯកឧត្តម នាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា ហ្វូមីអូ ឯកឧត្តមប្រធានព្រឹទ្ធសភា ឯកឧត្តមប្រធានរដ្ឋសភា។ ជាចុងក្រោយ ស្ដេចតេជោក៏បានជូនពរឱ្យលោកជំទាវរដ្ឋមន្ត្រីការបរទេសជប៉ុន បានទទួលជោគជ័យក្នុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ៕

 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ