ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និង រាជរដ្ឋាភិបាល;
ឯកអគ្គរាជទូត–ឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសនានាប្រចាំកម្ពុជា;
គណៈធិបតី ភ្ញៀវកិត្តិយស មន្រ្តីរាជការ បណ្ដាដៃគូអភិវឌ្ឍន៍;
លោកគ្រូអ្នកគ្រូ ក្មួយៗសិស្សានុសិស្ស អ៊ំពូមីង បងប្អូនប្រជាពលរដ្ឋ ជនរួមជាតិជាទីមេត្រី!
ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមនៅក្នុង «ទិវាមច្ឆជាតិលើកទី ១៩!» » ១ កក្កដា ឆ្នាំ ២០២៤ ដែលជាព្រឹត្តិការណ៍សំខាន់មួយ នៅទីតាំងបឹងធំ ក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម នាពេលនេះ ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១]
អម្បាញ់មិញ ចូលមកម្ខាង ក៏បានជួបជាមួយនឹងលោកតាលោកយាយ អ៊ំពូមីង បងប្អូន ហើយក្មួយៗថា ម៉េចទៅតែម្ខាង។ ចាំចេញទៅវិញ ចាំជួបគ្នាខាងណេះ។ អរគុណណាស់ អម្បាញ់មិញ ច្រណែនបន្ដិច អោបតែក្មួយស្រី ចៅស្រី ដល់ចៅប្រុស ក្មួយប្រុសឈរក្បែរ អត់អោបបន្ដិចសោះ លោកយាយលោកតា។ ថ្ងៃនេះ មានគ្រួសារមកចូលរួមផងដែរ ដើម្បីអបអរសាទរនូវទិវាមច្ឆជាតិ យើងនៅថ្ងៃនេះ ដែលតំណាងឱ្យសេចក្ដីត្រូវការ ក៏ដូចជាការអភិវឌ្ឍដោយចីរភាពរបស់កម្ពុជារបស់យើង។
[ចប់សេចក្ដីអធិប្បាយ១]
ក្នុងឱកាសដ៏វិសេសវិសាលនេះ, ខ្ញុំសូមរំឭកជូនអង្គពិធីទាំងមូលបន្ដិចថា រាជរដ្ឋាភិបាលបានសម្រេចកំណត់យក ថ្ងៃទី ១ ខែ កក្កដា ជា ទិវាមច្ឆជាតិ និង តែងតែប្រារព្ធជារៀងរាល់ឆ្នាំក្នុងរដូវបិទនេសាទទឹកសាប ចាប់ពីដើមខែ មិថុនា ដល់ចុងខែ តុលា ដើម្បីផ្សព្វផ្សាយ និង បំផុសស្មារតីឱ្យគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ចូលរួមការពារ និង អភិរក្សធនធានជលផល ដែលជាធនធានធម្មជាតិដ៏មានតម្លៃរបស់យើង និង ដើម្បីឱ្យត្រីមេពូជទាំងឡាយ បន្តពូជ ពងកូន និង រីកធំធាត់ ។ ជាភ័ព្វសំណាងណាស់ ដែលប្រទេសកម្ពុជាយើងសម្បូរត្រីនៅគ្រប់ទីកន្លែង ទីតាំងពីទន្លេ ព្រែក ស្ទឹង បឹងបួរ អាងទឹក រហូតដល់វាលទំនាប និង វាលស្រែទៀតផង ដូចដែលសុភាសិតខ្មែរ ពោលថា «ទីណាមានទឹក ទីនោះមានត្រី» ។ ម្យ៉ាងទៀត, ត្រី គឺជាប្រភពអាហារដ៏ចម្បងមួយ ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនយើង ដែលយើងចាំបាច់ត្រូវរួមគ្នាការពារនិងអភិរក្ស និងអភិវឌ្ឍន៍សម្រាប់កូនចៅជំនាន់ក្រោយៗទៀតរបស់យើង ។
ផ្អែកតាមរបាយការណ៍ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អម្បាញ់មិញ, ខ្ញុំសូមកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលការងារដ៏ល្ពប្រសើរ ដែលក្រសួងសម្រេចបាននាពេលកន្លងមក ទំាងក្នុងវិស័យកសិកម្មទាំងមូល និយាយជារួម និង អនុវិស័យជលផល និយាយដោយឡែក ជាពិសេស ការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍជលផល ឱ្យប្រកបដោយនិរន្តរភាព។ ដែលពិតជាឆ្លុះបញ្ចាំងឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែង និង ការយកចិត្តទុកដាក់បំពេញការងារ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និង មន្រ្តីរាជការទាំងអស់ ព្រមទាំងកិច្ចសហការ ជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ទំាងថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ និង អាជ្ញាធរមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ នៅទូទាំងប្រទេសរបស់យើង ។
ជាក់ស្តែង, កំណើននៃការកើតរបស់សត្វផ្សោតទន្លេមេគង្គ ដែលជារតនៈសម្បត្តិជាតិ ដែលមិនអាចកាត់ថ្លៃបាន ការកាត់បន្ថយជាអតិបរមានូវអត្រាស្លាប់របស់សត្វផ្សោត, កំណើនផលចាប់ត្រីទឹកសាបក្នុងរង្វង់ ៥% ធៀបនឹងឆ្នំា២០២២, សមត្ថភាពភ្ញាស់ពូជត្រីគល់រាំងដែលជាត្រីតំណាងជាតិ និងមច្ឆជាតិសំខាន់ៗដទៃទៀត, សមត្ថភាព កែច្នៃ និង នាំចេញផលិតផលជលផល ទៅកាន់ប្រទេសចិន និង អូស្រ្តាលី, ការជួយសង្គ្រោះត្រីមេពូជនៅកន្លែងអភិរក្សដែលរីងស្ងួតក្នុងរដូវប្រាំង, ការសាងសង់ជណ្តើរត្រី ដើម្បីសម្រួលដល់ការផ្លាស់ទីរបស់ត្រី, ការចូលរួមរបស់បងប្អូនប្រជានេសាទ និង ប្រជាពលរដ្ឋក្នុងចលនាលែងត្រីមេពូជ និង កំពុងរងគ្រោះថ្នាក់ទៅក្នុងធម្មជាតិវិញ, សុទ្ធតែជាសកម្មភាពគួរឱ្យកោតសរសើរ និង បានរួមចំណែកយ៉ាងធំធេង ក្នុងការធានាសន្តិសុខស្បៀង និង ចីរភាពធនធានជលផល ព្រមទាំងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ និង ទ្រទ្រង់សេដ្ឋកិច្ចជាតិ ។
ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និង ជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា, កម្ពុជាសម្រេចបាននូវសមិទ្ធផលធំៗជាប្រវត្តិសាស្រ្តជាច្រើន, ជាពិសេស សុខសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និង ការអភិវឌ្ឍលើគ្រប់វិស័យដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់រាជរដ្ឋាភិបាល អាណត្តិទី ៧ ក្នុងការបង្កើនល្បឿនការអភិវឌ្ឍប្រទេសជាតិតទៅមុខទៀត។
រាជរដ្ឋាភិបាលក៏នៅតែបន្តចាត់ទុកវិស័យកសិកម្មជាវិស័យអាទិភាពមួយដ៏សំខាន់ ដែលចូលរួមចំណែកយ៉ាងសកម្មក្នុងការធានាសន្តិសុខស្បៀង កំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ ដោយរក្សាបាននូវតុល្យភាពរវាងការអភិរក្ស និង ការអភិវឌ្ឍ ។ ជាក់ស្ដែង តាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាលជាបន្តបន្ទាប់ ប្រកបដោយប្រសិទ្ធភាព វិស័យកសិកម្មកម្ពុជាបន្តរីកចម្រើន រឹងមាំ និង រួមចំណែកយ៉ាងសំខាន់ ដល់ការបន្ធូរបន្ថយផលប៉ះពាល់ ជាអវិជ្ជមានលើសេដ្ឋកិច្ចកម្ពុជា, ជាពិសេស ធានាសន្តិសុខស្បៀង បញ្ចៀសបាននូវវិបត្តិស្បៀងអាហារ និង កាត់បន្ថយបញ្ហាអតិផរណានៃតម្លៃស្បៀងក្នុងប្រទេស ទោះបីក្នុងស្ថានភាព ដែលពិភពលោកជួបប្រទះនូវវិបត្តិជាបន្តបន្ទាប់ក៏ដោយ ។
ជាមួយគ្នានេះ ដើម្បីបង្កើនល្បឿនអភិវឌ្ឍវិស័យកសិកម្ម និង ដោះស្រាយបញ្ហាប្រឈមនានា ជូនបងប្អូនប្រជាកសិករ, រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាពទី ៥ និង ទី ៦, ដែលរួមមាន ការលើកស្ទួយផលិតកម្ម រកទីផ្សារ និង រក្សាលំនឹងថ្លៃកសិផលសំខាន់ៗក្នុងកម្រិតសមរម្យ ការដាក់ពង្រាយមន្រ្តីកសិកម្មឃុំ និង ការអភិវឌ្ឍសហគមន៍កសិកម្មទំនើប ដែលថ្នាក់ដឹកនាំ និង មន្រ្តីគ្រប់ លំដាប់ថ្នាក់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បាន និង កំពុងខិតខំប្រឹងប្រែងជំរុញអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវ ។ បច្ចុប្បន្ន មន្ត្រីកសិកម្មឃុំចំនួន ២៥០ នាក់ ដែលបានឆ្លងកាត់ការប្រឡងជ្រើសរើសដោយតម្លាភាព និង យុត្តិធម៌ កាលពីចុងឆ្នាំ ២០២៣ និងកំពុងបន្តការងារយ៉ាងសកម្មក្នុងមូលដ្ឋានដែលពួកគេ ហើយយើងនឹងគ្រោងរើសបន្ថែមទៀត ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ២]
(១) កសិកម្មជាមូលដ្ឋានធានាសន្ដិសុខស្បៀងនិងជីវភាពរស់នៅ
យើងដឹងហើយថាវិស័យកសិកម្មសំខាន់ណាស់។ ប្រទេសយើងធ្លាប់ និងក៏នៅតែចាត់ទុកជាប្រទេសកសិកម្ម។ នៅឆ្នាំ ២០២៣ កសិកម្មចូលរួមចំណែកប្រមាណ ២២% នៃផលិតផលសរុបក្នុងប្រទេស។ ហេតុនេះហើយបានជារាជរដ្ឋាភិបាលគ្រប់អាណត្ដិទាំងអស់ តាំងពីឆ្នាំ ១៩៧៩ បែក(ពីរបប) ប៉ុល ពត ចេញមក ផ្ដល់អាទិភាពនៅក្នុងការជួយវិស័យកសិកម្ម ដែលជាមូលដ្ឋានសំខាន់សំរាប់ធានាសន្ដិសុខស្បៀង និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានដាក់ចេញនូវគោលនយោបាយជាបន្ដបន្ទាប់ដើម្បីលើកស្ទួយ និងជួយទៅដល់វិស័កសិកម្ម និងកសិកររបស់យើង។ ជាក់ស្ដែង ការដាក់ចេញនូវគោលនយោបាយលើកលែងពន្ធចំពោះដីកសិកម្ម ដីស្រែលក្ខណៈគ្រួសារ គឺយើងបានធ្វើយូរមកហើយ។
(២) លើកលែងពន្ធនិងអាករនាំចូលទំនិញកសិកម្មមួយចំនួន ដើម្បីជួយកាត់បន្ថយថ្លៃដើមផលិត
ដរាបណាគណបក្សប្រជាជននៅបន្ដមានឱកាសដែលប្រជាជនគាំទ្រ ផ្ដល់ឱកាសបោះឆ្នោតឲ្យដឹកនាំប្រទេស គោលនយោបាយលើកលែងពន្ធចំពោះដីកសិកម្ម នៅតែបន្ដសំរាប់ប្រជាពលរដ្ឋ ជាពិសេស ដីស្រែលក្ខណៈគ្រួសារ។ យើងបានចេញការលើកលែងពន្ធ និងការនាំចូលសំភារៈកសិកម្ម គ្រឿងយន្ដ ឧបករណ៍កសិកម្ម មុខទំនិញ កសិកផល មុខទំនិញដែលជាអាហារូបត្ថម្ភរបស់ប្រជាពលរដ្ឋ ក៏បានលើកផ្នែកពន្ធអាកររហូតដល់ឆ្នាំ២០២៨ ដើម្បីធានានូវតំលៃសមរម្យសំរាប់បងប្អូន។ អាករបន្ថែមលើការនាំចូលនិងផ្គត់ផ្គង់ទំនិញមួយចំនួន ដូចជាជី ពូជដំណាំ ចំណីសត្វ និងចំណីបន្ថែម ពូជសត្វផ្សេងៗក៏ត្រូវបានលើកលែង ដើម្បីបានជាធាតុផ្សំក្នុងការផលិតរបស់កសិករ ជួយកាត់បន្ថយថ្លៃដើម។ អាករបន្ថែមលើការផ្គត់ផ្គង់ទំនិញ និងសេវា ចំពោះសហគ្រាសផ្គត់ផ្គង់ក្នុងស្រុក (និង)នាំចេញ។
(៣) លើកលែងអាករបន្ថែមលើទំនិញនិងសេវាចំពោះសហគ្រាសផលិតផ្គត់ផ្គង់ក្នុងស្រុកនិងនាំចេញ
កន្លងទៅ ២០១៩-២០២៣ យើងលើកលែងអាករបន្ថែមលើការផ្គត់ផ្គង់ទំនិញនិងសេវា ចំពោះសហគ្រាសដែលពាក់ព័ន្ធនឹងការផលិតទាំងផ្គត់ផ្គង់ក្នុងស្រុកនិងនាំចេញ ស្រូវ អង្ករ គ្រាប់ស្វាយចន្ទី ដំឡូងមី ពោត សណ្ដែក ម្រេច និងកៅស៊ូ។ សហគ្រាសដែលពាក់ព័ន្ធទៅនឹងការផលិតនូវដំណាំទាំងអស់នេះ ត្រូវបានលើកលែងនូវអាករបន្ថែម ហើយនៅក្នុង ២០២៣ កន្លងទៅ។ នៅក្នុងវេទិកាសាធារណៈខ្ញុំក៏បានបន្ថែម ៥មុខទៀត គឺមៀនប៉ៃលិន ស្វាយ វារីវប្បកម្ម ការចិញ្ចឹមសត្វ និងការផលិតដូងប្រេង ហើយថែមការអនុគ្រោះនេះ ២ឆ្នាំបន្ថែម ទៅដល់ ២០២៤ និង ២០២៥ ដើម្បីបន្ធូរ និងលើកទឹកចិត្តដល់សហគ្រាសដែលពាក់ព័ន្ធនឹងការនាំចេញ និងផ្គត់ផ្គង់ក្នុងស្រុកទៅលើទំនិញនិងផលិតទាំងអស់នេះ ដើម្បីធានានូវភាពប្រកួតប្រជែងនាំចេញទៅខាងក្រៅ។
(៤) រដ្ឋលើកលែងអាករ កាត់បន្ថយតំលៃនាំចេញ ដើម្បីឲ្យផលិតផលមានភាពប្រកួតប្រជែង ដើម្បីយកទីផ្សារបានផលជូនកសិករជាអ្នកផលិត
ថ្ងៃមុន សម្ដេចតេជោ (ពិសា)បាយជាមួយឯកឧត្តម ប្រធានាធិបតី ស៊ី ជីងពីង។ គាត់យកមកបង្ហាញ(នូវវត្ថុ)ពិសេសមួយ គឺស្វាយចន្ទីពីកម្ពុជា។ ខ្ញុំសំភាសន៍ជាមួយទូរទស្សន៍ចិន ស៊ីស៊ីធីវី។ មុននឹង(សំភាសន៍)នេះ គេលើកពីរឿងហ្នឹងមក។ មានផលិតផលមួយចំនួន ក្នុងនោះមិនមែនមានតែស្វាយចន្ទីទេ មានទាំងមៀនប៉ៃលិនដែលយើងហៅតាង៉ែន។ ផលិតផលស្វាយ ផលិតផលវារីវប្បកម្ម ដែលថ្ងៃមុនយើងសាកនាំបង្កងប៉ាកចេញទៅ។ យើងនាំទៅសាកដំបូងប៉ុន្មានគីឡូ។ គេនាំគ្នាសើច ថាកម្ពុជានាំ(តែ)ប៉ុណ្ណឹងគីឡូចេញទៅ។ ហ្នឹងនាំយកទៅសាកមើល។ បើត្រូវ គេនាំចេញរាប់តោនទៅ។ ការបើកច្រកថ្មីៗនេះ ដើម្បីធានាផលិតផលនាំចេញ ដោយរដ្ឋផ្ដល់ការលើកលែងអាករដើម្បីកាត់បន្ថយតំលៃនាំចេញ ដើម្បីឲ្យផលិតផល(មានភាព)ប្រកួតប្រជែងនៅខាងក្រៅ។ តើផលិតផលយើងប្រកួតប្រជែងនៅខាងក្រៅដើម្បីអី? ដើម្បីយកទីផ្សារបន្ថែម។ អ្នកណាបានផល? គឺកសិកររបស់យើងនៅក្នុងប្រទេសដែលជាអ្នកផលិត។ រដ្ឋមិនផលិត មិនចិញ្ចឹម(សត្វ) អត់ដាំទេ គឺឯកជន សហគមន៍ ប្រជាពលរដ្ឋយើង ជាអ្នកដំា នេះហើយរកទីផ្សារដើម្បីបង្កើនឲ្យ។
(៥) ធ្វើពិពិធកម្មផលិតកម្មកសិកម្ម ស្របគ្នានឹងត្រូវមានទីផ្សារក្នុងនិងក្រៅប្រទេសដើម្បីធានាចំណូល
កន្លងទៅក៏មានការអនុគ្រោះជាច្រើនផ្សេងៗទៀត ដូចជា ថ្លៃអគ្គិសនី ដែលយើង(បន្ថយមកថ្លៃត្រឹមតែ) ៤៨០រៀល/គីឡូ (សំរាប់ការប្រើប្រាស់ក្នុងវិស័យកសិកម្ម)ពីម៉ោង ៩យប់ ដល់ម៉ោង ៧។ ភាគច្រើនពាក់ព័ន្ធវារីវប្បកម្ម ជាអ្នកធ្វើ។ គេសួរថា ឲ្យយប់អញ្ចឹង ចុះកសិកររបស់យើងធ្វើស្រែយ៉ាងម៉េច? កសិករមិនសំដៅតែក្នុងស្រែចំការដំាដំណាំនោះទេ។ យើងគិតចូលទាំងសហគមន៍នេសាទ ទាំងវារីវប្បកម្ម ផ្ដោតទៅលើទិវាមច្ឆាជាតិដែលទាក់ទងនឹងវារីវប្បកម្មមានទាំងត្រី អណ្ដើក បង្កង។ ថ្ងៃមុនមានចិញ្ចឹមទាំងពស់ទឹកទៀត? ខ្ញុំមើល (តែ)ខ្ញុំមិនហ៊ានទេ។ អ្នកចិញ្ចឹមថាលក់បានថ្លៃ។ (មានទាំង)កង្កែប។ អត់មានអ្នកណាចិញ្ចឹមហ៊ីងទេ? ថ្ងៃមុនចេញតតាំងគ្នាពេញ ហ្វេសប៊ុក រឿងអភិរក្សហ៊ីង។ ការជួយជំរុញកសិកម្ម ធ្វើម៉េចពិពិធកម្មឲ្យកាន់តែច្រើនប្រភព។ ការចិញ្ចឹមអី ដាំអី ជារឿងមួយ ប៉ុន្ដែ(រឿងមួយទៀត)ត្រូវមានទីផ្សារទាំងក្នុងនិងក្រៅប្រទេស ដើម្បីធានាចំណូលរបស់បងប្អូន។
(៦) គោលដៅនៃវិស័យកសិកម្មផ្ដោតលើ «ការហូបចុក និងលក់ដូរ» ឬ «សន្ដិសុខស្បៀង និងពាណិជ្ជកម្ម»
គោលនយោបាយ និងវិធានការកសិកម្មរបស់រាជរដ្ឋាភិបាល ដែលខ្ញុំបានលើកអម្បាញ់មិញ ទាំងការអនុគ្រោះពន្ធ ទាំងគោលនយោបាយថ្មីៗ ការពង្រាយមន្ដ្រីបច្ចេកទេស មន្ដ្រីកសិកម្ម ក៏ដូចជាការធានាតំលៃ ការលើកទឹកចិត្តនូវការធ្វើទំនើបកម្ម ការអនុគ្រោះពន្ធនាំចូលសំរាប់គ្រឿងចក្រផ្សេងៗបំរើឲ្យវិស័យកសិកម្ម ការលើកលែងនូវអាករសំរាប់ការនំាចេញសំរាប់សហគ្រាសដែលពាក់ព័ន្ធនឹងវិស័យកសិកម្មនៅទំនិញជាច្រើនប្រភេទ គឺដើម្បីឆ្លើយតបទៅនឹងតំរូវការរបស់ប្រជាពលរដ្ឋយើង ហើយសមស្របទៅតាមស្ថានភាពបច្ចុប្បន្ន។ គោលដៅសំខាន់នៃវិស័យកសិកម្មផ្ដោតការយកចិត្តទុកដាក់លើពាក្យសាមញ្ញជាគោលដៅ២ គឺ «ហូបចុក និងលក់ដូរ» … ដែលហូបចុក គឺសំដៅទៅលើសន្ដិសុខស្បៀង និងលក់ដូរគឺសំដៅទៅលើពាណិជ្ជកម្ម។
ពាក្យបច្ចេកទេសគឺ «សន្ដិសុខស្បៀង និងពាណិជ្ជកម្ម»។ ពាក្យសាមញ្ញគឺ «ហូបចុក និងលក់ដូរ»។ ដាក់គោលដៅធានាឲ្យពីរជ្រុងនេះល្អប្រសើរ។ ពាក់ព័ន្ធនឹងសន្ដិសុខស្បៀង (យើង)ធានាការផ្គត់ផ្គង់តំរូវការរបស់ប្រជាពលរដ្ឋបានគ្រប់គ្រាន់ជាមួយតំលៃសមរម្យ។ ដើម្បីដោះស្រាយផលិតកម្មកសិកម្ម ម្ខាងត្រូវគិតគូរពីចំណូលរបស់ប្រជាកសិករ ប៉ុន្ដែម្ខាងទៀតត្រូវធានាអោយអ្នកទិញហូប (ថាតំលៃ)វាមិនថ្លៃពេក។ នេះជាសមីការដែលត្រូវរកវិធីដោះស្រាយ។ ដំណោះស្រាយគឺរកវិធីកាត់បន្ថយតំលៃផលិត តាមរយៈការអនុគ្រោះពន្ធ ការលើកទឹកចិត្តផ្សេងៗ។ យើងកំពុងដាក់ចេញនូវគោលនយោបាយ គោលការណ៍មួយចំនួន ដើម្បីឲ្យការផលិតកាន់តែមានប្រសិទ្ធភាព។ បានន័យថាមួយហិកតាហ្នឹង ចំណាយអស់ប៉ុណ្ណឹង បានផលកាន់តែខ្ពស់ ដើម្បីឲ្យចំណូលខ្ពស់ (ត្រូវ)កាត់បន្ថយតំលៃ(ផលិត)ជាមធ្យម។
(៧) ច្រើនឆ្នាំមុន មានមនុស្សតិច ធនធានធម្មជាតិច្រើន បច្ចុប្បន្នពលរដ្ឋច្រើន អ្នកហូបច្រើន អ្នកផលិតថយ
ការដាក់ចេញនូវ(វិធានការដោះស្រាយ)បញ្ហានេះ ដើម្បីឲ្យសមស្របតាមភាពបច្ចុប្បន្នដែលថា កសិកម្មមានការវិវត្តន៍ខុសពី ៣០ ឬ៤០ ឆ្នាំមុន ដែលយើងមានមនុស្សតិច យើងមានបឹង ទន្លេ ច្រើនមិនទាន់គោករាក់ដូចឥឡូវទេ។ យើងមានប្រជាពលរដ្ឋច្រើននៅក្នុងវិស័យកសិកម្ម មិនមាននៅក្នុងឧស្សាហកម្មទេ។ ឥឡូវ ប្រជាពលរដ្ឋដែលនៅក្នុងវិស័យកសិកម្ម មានតែដូចជា ៣៦% ទេ គឺតិចជាង ៥០%។ ក្រៅពីហ្នឹងគាត់ទៅនៅក្នុងវិស័យឧស្សាហកម្ម។ ក្នុងខេត្តកំពង់ចាម កូនចៅអ្នកជើងព្រៃ អ្នកកំពង់សៀម អ្នកព្រៃឈរ ធ្វើការក្នុងវិស័យឧស្សាហកម្ម រោងចក្រ សហគ្រាស ធនាគារ ច្រើនណាស់។ ពី ២០ ឬ៣០ ឆ្នាំមុនមិនមានទេ … ទី២ មនុស្សច្រើន។ ៣០ ឬ៤០ ឆ្នាំ មុន យើងអត់មាន(មនុស្ស) ១៧ លាននាក់ទេ។ ព្រៃឈរអាចចាត់ទុកជាស្រុកមួយដែលមានប្រជាជនច្រើនជាងគេនៅខេត្តកំពង់ចាម។ នៅឃុំជ្រៃវៀន ខ្ញុំឧស្សាហ៍នាពេទ្យចុះមក។ មកសម្ពោធវត្ដប៉ុន្មានដង … ប្រជាពលរដ្ឋច្រើន អ្នកត្រូវការហូបច្រើន អ្នកផលិតថយ។ នេះជាស្ថានភាពបច្ចុប្បន្ន។ បើរដ្ឋមិនជួយ ហើយប្រជាពលរដ្ឋមិនធ្វើការប្រែប្រួលវិធីសាស្ដ្រក្នុងការធ្វើ យើងមិនអាច(ផ្គត់ផ្គង់)ទេ។
(៨) លើកទឹកចិត្តធ្វើទំនើបកម្មនិងប្រើគ្រឿងយន្តក្នុងវិស័យកសិកម្ម
បើថ្ងៃនេះ ម៉ោងនេះនៅតែប្រើគោ ប្រើសត្វពាហនៈ ប្រើមធ្យោបាយពី ៣០ ៤០ឆ្នាំមុនដើម្បីធ្វើកសិកម្ម និងប្រើពូជដដែល យើងនឹងពិបាក(ស្រាយសេចក្តីត្រូវការជាមិនខាន)។ បើគ្មានប្រព័ន្ធប្រឡាយ គ្មានប្រព័ន្ធគមនាគមន៍ដឹកជញ្ជូន(ក៏នឹងពិបាក)។ ឥឡូវ យើងបានទាំងតភ្លើងចូលទៅ(ដល់តាមភូមិដ្ឋាន)ទៀត … យើងខ្វះកម្លាំងពលកម្មក្នុងវិស័យកសិកម្ម។ នេះហើយបានជាដាក់ចេញគោលនយោបាយលើកទឹកចិត្តធ្វើទំនើបកម្មក្នុងវិស័យកសិកម្ម។ តាមរបាយការណ៍របស់ ឯកឧត្តម ឌិត ទីណា មកខ្ញុំប្រចាំឆ្នាំ ប្រចាំខែ ពីទំហំដីធ្វើកសិកម្ម យើងនិយាយតែស្រែចម្ការមួយចុះ មានជាង ៩៩ ភាគរយប្រើគ្រឿងយន្ត។ អត់មានគោទេ។ ឥឡូវ នៅកន្លែងខ្លះគឺគោចិញ្ចឹមយកសាច់ ឬកន្លែងខ្លះទៀតគោចិញ្ចឹមទុកមើល។ គាត់មិនយកសាច់។ គាត់ចិញ្ចឹមដោយសារស្រឡាញ់។ តែដល់ធ្វើកសិកម្ម គឺប្រើគ្រឿងយន្តក្នុងការប្រើប្រាស់។ កន្លែងខ្លះការបាញ់ថ្នាំ ដូចនៅជើងព្រៃថ្ងៃមុនគេបង្ហាញថា លែងប្រើមនុស្សចូលបាញ់ថ្នាំហើយ។ គេប្រើដ្រូនធំៗ។ បន្តិចទៀតនៅព្រៃឈរអាចមានហើយ … គេមិនបាច់ដើរដូចពីមុនទេ។ គេ Program វាហើយទៅអង្គុយផឹកតែទៅ។ ចប់ការហារ ដ្រូនហោះមកក្បែរប្រាប់ថាហើយៗ។ កាត់បន្ថយពេលវេលា ឯទិន្នផលវិញ ការបាញ់ហ្នឹងវាស្មើល្អ ហើយកាត់បន្ថយការប៉ះពាល់សុខភាពរបស់ប្រជាពលរដ្ឋយើង។
(៩) ការប្រែប្រួលតម្រូវការទីផ្សារខាងក្រៅ ទាមទារការកែប្រែវិធីសាស្ត្រដាំដុះនិងពូជដំណាំ
ការប្រើបច្ចេកវិទ្យានេះ មិនប្រើតែគ្រឿងសម្ភារៈទេ ត្រូវគិតពីបច្ចេកវិទ្យាក្នុងការដាំដុះផង។ ឥឡូវការប្រែប្រួលតម្រូវការទីផ្សារនៅខាងក្រៅ ទាមទារឱ្យមានការសម្របសម្រួលការដាំដុះ។ បច្ចុប្បន្នប្រជាពលរដ្ឋមានពូជស្រូវច្រើន ហើយក្នុងវារីវប្បកម្មក៏ដូចគ្នា។ រដ្ឋមន្ត្រីកសិកម្ម ឯកឧត្តម ឌិត ទីណា បានដើរពិនិត្យមើលទីផ្សារនៅខាងក្រៅ។ មិនមែនត្រី ១០០មុខ មានទីផ្សារទាំងអស់ទេ។ ឧទាហរណ៍ នៅចិនត្រូវការត្រីអណ្តែងយើងដែលល្អ។ អញ្ចឹងផ្តោតលើត្រីហ្នឹង សម្រាប់ជួយបង្កងប៉ាក ដែលនាំចេញនិងផ្គត់ផ្គង់នៅក្នុងប្រទេស។ ទាមទារឱ្យគិតគូរ និងប្រើបច្ចេកទេស ព្រោះបើធ្វើមិនស្រួល នាំចេញទៅក្រៅអត់បាន ផ្គត់ផ្គង់តែទីផ្សារក្នុងស្រុកក៏អត់បានផង។ ទីផ្សារមួយចំនួនត្រូវការ(ផលិតផលកសិកម្មដែលមាន)ស្តង់ដារ ដូចជាផ្សារបោះដុំ អូតែលនៅភ្នំពេញ ដោយមិនបាច់នាំចេញទៅក្រៅផង … អញ្ចឹងកែប្រែនិងការជួយជាវិធីសាស្ត្រដាំដុះ ពូជដំណាំ និងបច្ចេកទេសដាំដុះ។
(១០) អភិវឌ្ឍវារីវប្បកម្ម ជួយស្រាវជ្រាវ បង្កាត់ពូជ ព្រលែងកូនត្រីក្នុងទន្លេ ចែកជូនប្រជាពលរដ្ឋ
អាស្រ័យហេតុនេះ វាជាការចាំបាច់ធ្វើយ៉ាងណាជួយដល់ប្រជាពលរដ្ឋ តាមរយៈវិធានគោលនយោបាយទី៥ ដែលយើងពង្រាយមន្ត្រីកសិកម្ម ដូចដែលសម្តេចតេជោបានផ្តួចផ្តើមនៅអាណត្តិមុន ហើយបានអនុវត្តនៅក្នុងអាណត្តិនេះ … មានមកកំពង់ចាមទេ? មកប៉ុន្មានខែហើយ? ៤ខែហើយ។ នៅកម្លោះឬអី? មានគ្រួសារហើយ។ គ្រួសារអ្នកនៅទីនេះទេ? អ្នកកំពង់ចាមដែរ។ អ្នកកំពង់ចាម មកជួយអ្នកព្រៃឈរ ស្រុកណានៅកំពង់ចាម? នៅក្បែរហ្នឹងទេ។ នៅទីរួមខេត្តយើង មកដល់ព្រៃឈរឆ្លងតែកំពង់សៀមមួយតើ។ ២០គឺឡូ។ ហើយ ២នាក់ទៀតមកពីណា? ទីរួមខេត្តដែរ? នៅស្រុកគោលដៅតែម្តង។ ពេលប្រឡងនោះ យើងរើសជាពិសេសគឺការស្ម័គ្រចិត្ត ហើយរកអ្នកដែលនៅមូលដ្ឋានទៅជួយ។ រដ្ឋយើងជួយតាមរយៈបងប្អូនៗទាំងនេះ ដែលនៅជាមួយខាងកសិកម្ម។ រៀនហើយមកជួយស្រុកយើងវិញ។ ជាការល្អ។
(ទី១) រដ្ឋាភិបាលពង្រឹងកិច្ចការនេះដើម្បីភ្ជាប់ជាមួយប្រជាពលរដ្ឋ។ ដូចយើងឃើញមាននៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍវារីវប្បកម្មមួយចំនួន ការជួយស្រាវជ្រាវ ជួយបង្កាត់ពូជ ជាពិសេសពូជត្រីដែលជិតផុតពូជទៅនោះ គឺដើម្បីស្តារឡើងវិញដើម្បីព្រលែងនៅក្នុងទន្លេ និងជួយចែកផ្តល់ឱ្យប្រជាពលរដ្ឋយើង។ អញ្ចឹងការត្រៀមលក្ខណៈ និងចងក្រងបែបនេះ។ ទី២ ជួយរៀបចំចងក្រងសមត្ថភាពផលិតឱ្យកាន់តែមានប្រសិទ្ធិភាព ដែលយើងដាក់ចេញគោលនយោបាយរៀបចំវិធីសាស្រ្តក្នុងការរៀបចំសហគមន៍ទំនើប កសិកម្មទំនើប ដែលកំពុងតែអនុវត្ត។ ក្រសួងកសិកម្ម បានចេញទៅចងក្រងជាបណ្តើរៗហើយ ដើម្បីធ្វើយ៉ាងណាឱ្យដើរ។ នៅទីនេះយើងមាន ៤សហគមន៍នេសាទ ដើម្បីរួមគ្នានៅក្នុងការថែរក្សា អភិវឌ្ឍន៍ និងចិញ្ចឹមត្រីរកចំណូល។
(១១) សហគមន៍កសិកម្មទំនើបជួយឱ្យកសិករទទួលបានការបណ្តុះបណ្តាល អន្តរាគមន៍ហិរញ្ញវត្ថុ ទីផ្សារ ឬស្តង់ដារ ពីក្រសួងកសិកម្ម
តាមពិត ការធ្វើអាជីវកម្ម ការរៀបចំជាឡូត៍នេសាទដើម្បីរដ្ឋប្រមូលចំណូល បើយើងមើលប្រវត្តិតាំងពីដើមឆ្នាំ ១៩០០ តាំងពីជំនាន់បារាំង ដែលយើងថាមានឡូត៍នេសាទ បង្កើតឡូត៍នេសាទ ហើយរដ្ឋយកពន្ធពីហ្នឹង ត្រូវបានលុបចុងក្រោយនៅឆ្នាំ ២០០០ជាង។ សម្តេចតេជោ ដាក់គោលនយោបាយលុបចោលឡូត៍នេសាទទូទាំងប្រទេស ដើម្បីផ្ទេរទៅឱ្យប្រជាពលរដ្ឋ ប្រជានេសាទរៀបចំជាសហគមន៍បានផល។ នេះជាជម្រើសដ៏ល្អដើម្បីបានផលជូនដល់ប្រជាពលរដ្ឋ ក្នុងនាមជាបុគ្គល ឬមួយជាសហគមន៍។ អញ្ចឹង យើងរៀបចំឱ្យកាន់តែមានប្រសិទ្ធភាពតទៅទៀត។
ការរៀបចំជាសហគមន៍កសិកម្មទំនើបនេះ គឺដើម្បីធានានិងបង្កើនផលិតផល និងផលិតភាពរបស់កសិកររបស់យើង។ ទី១ ប្រមូលផ្តុំដើម្បីទទួលបានការបណ្តុះបណ្តាល ការអន្តរាគមន៍ជួយហិរញ្ញវត្ថុ ឬមួយការជួយទីផ្សារ ឬការជួយជាស្តង់ដារពីក្រសួងកសិកម្ម។ បើនៅដាច់ដោយដុំ យើងនឹងពិបាកជួយ។ បើយើងចូលជាមួយគ្នាងាយស្រួលក្នុងការជួយ ព្រោះសហគមប្រមូលផ្តុំគ្នា។ ទី២ (ការប្រមូលផ្តុំ)ក៏ងាយស្រួលក្នុងការរកទីផ្សារ ព្រោះឥឡូវមិនបាច់និយាយទីផ្សារនៅខាងក្រៅប្រទេសទេ តែក្នុងប្រទេស ផ្សារម៉ាក្រូ គាត់មកកុងត្រាជាមួយនឹងកសិករយើង(ដើម្បី)ទិញ។ បើកុងត្រាម្នាក់ៗ គាត់ពិបាកទិញណាស់។ តែកុងត្រាជាមួយសហគមន៍មួយ គាត់អាចទម្លាក់បច្ចេកទេស អាចទម្លាក់ថវិកាធ្វើកុងត្រា … យើងរួមគ្នាធ្វើដោយមិនចាំបាច់ថា(ដើរទិញពីម្នាក់ៗ)។ នេះគឺជាការបង្កើតទីផ្សារមួយធំ។
ដំណើរកការនេះគឺយើងនៅបន្តកែសម្រួលបន្ថែមទៀត … បើជា(ផលិតកម្ម)ម្នាក់ៗ គ្រួសារតូចៗ ដែលកន្លែងខ្លះនៅសល់តែឪពុកម្តាយទេ នៅមានដី ឯកូនចៅចេញទៅធ្វើការអស់ហើយ។ នៅតាកែវអី កន្លែងខ្លះកូនចៅទៅធ្វើការ ព្រោះខេត្តឥឡូវមានឧស្សាហកម្ម មានរោងចក្រ មានធនាគារ មានខ្លះមន្ត្រីរាជការ ដល់ដីមាន ២ ឬ៣ហិកតា តែអត់មានអ្នកធ្វើ។ ឪពុកម្តាយក៏កាន់តែចាស់ប៉ុន្តែបានចំណូលពីកូនមកជួយ។ ចងក្រង(ជាសហគមន៍)ងាយស្រួលក្នុងការវិនិយោគរួម … អ្នកខ្លះថា ឱ្យតែទឹកភ្លៀងច្រើនគឺល្អសម្រាប់កសិករ។ មិនដូចនោះទេ។ មានដំណាំខ្លះត្រូវការទឹក តែដំណាំខ្លះគឺអត់ត្រូវការច្រើនទេ។ តែទឹកច្រើនហួសក៏មិនកើតដែរ។ ត្រូវការការរៀបចំជាផ្ទះកញ្ចក់ ឬមួយវិធីអីផ្សេងដើម្បីជួយ។ ទឹកច្រើនពេកជាំទឹក ឫសរលួយ។ មានសត្វល្អិត ប្រើបច្ចេកទេស(ជួយ)រោយថ្នាំ។ ការប្រើប្រាស់គីមីបាញ់។ ឥឡូវក៏គិតគូរពីបរិស្ថាន និងពីសុខភាព។ ដូចនេះ ត្រូវការជំនួយរបស់រាជរដ្ឋាភិបាល របស់សហគមន៍ របស់ដៃគូ បណ្តាអង្គការផ្សេងៗ ដែលសហការជាមួយរដ្ឋាភិបាល។
(១២) មនុស្សកើន ដីកសិកម្មថយដោយភាគច្រើនប្រែជាលំនៅដ្ឋាន/ក្រុង ឧស្សាហកម្ម/ទេសចរណ៍ … ជាវិញ្ញាសារត្រូវដោះស្រាយ
សូមយកឱកាសនេះ អរគុណដល់បណ្តាដៃគូ បណ្តាប្រទេសជាមិត្តដែលបានជួយក្នុងវិស័យកសិកម្ម ក៏ដូចគ្រប់វិស័យ ទាំងការជួយនៅក្នុងការអភិវឌ្ឍ កសាងហេដ្ឋារចនាសម្ព័ន្ធផ្សេង ប្រព័ន្ធប្រឡាយទឹក ការជួយនៅក្នុងការធ្វើការស្រាវជ្រាវ ការជួយផ្ទាល់ទៅលើបច្ចេកទេស ការផ្តល់ទីផ្សារ និងអនុញ្ញាតឱ្យប្រជាពលរដ្ឋយើងបានទៅសិក្សា ដកពិសោធន៍ការសិក្សាប្រទេសមួយចំនួន ដើម្បីយកបច្ចេកទេសមកវិញ ដែលធានាបាននូវការធានានូវប្រសិទ្ធភាព និងប្រសិទ្ធផលនៃវិស័យកសិកម្ម។ ទៅមុខទៀត អ្នកដែលធ្វើការក្នុងវិស័យកសិកម្មអាចកាន់តែរួមទៀត។ នៅពេលដែលមនុស្សកាន់តែកើនចំនួនត្រូវការហូប។ ដីធ្វើកសិកម្មក៏អាចថាថយ ដោយសារដីភាគច្រើននឹងយកប្រែក្លាយទៅជាលំនៅដ្ឋាន ជាភូមិ/ឃុំ ប្រែក្លាយទៅជាក្រុង ដែលរុញទៅដល់វិស័យឧស្សាហកម្ម និងវិស័យទេសចរណ៍ វិស័យផ្សេងៗ។ នេះជាបញ្ហា តែវាជាវិញ្ញាសារមួយ ដែលយើងត្រូវចាត់ចែងដោះស្រាយ។ នៅគ្រប់ប្រទេសទាំងអស់ដូចគ្នា។
(១៣) ជួយបន្ថយថ្លៃដើម ដោយមានទីផ្សារ និងកសិករនៅសល់ថវិកាច្រើនក្រោយពីផាត់ការចំណាយ
រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយជួយក្នុងវិស័យកសិកម្ម មានការកសាងប្រព័ន្ធធារាសាស្ត្រ អាងស្តុកទឹក ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ផ្លូវតភ្ជាប់សម្រាប់ដឹកជញ្ជូន ឬភ្លើងប្រើប្រាស់ផ្សេងៗ។ រាជរដ្ឋាភិបាលនៅតែបន្តធ្វើអន្តរាគមន៍ដល់ប្រជាពលរដ្ឋកសិករ។ (ដើម្បីប្រជាកសិករបានទទួលផលពី)ខាងកសិកម្ម មិនមែនត្រឹមតែ(ជួយបន្ថយថ្លៃដើម)ផលិតផលនោះទេ តែសំខាន់ ទី១ មានទីផ្សារ និងទី២ មានថវិកាដែលនៅសល់កាន់តែច្រើន ក្រោយពីផាត់ការចំណាយ។ រាជរដ្ឋាភិបាលក្នុងអាណត្តិទី ៧នេះ បន្តពីរដ្ឋាភិបាលអាណត្តិមុនៗ បេ្តជ្ញាដាក់ចេញនូវគោលនយោបាយជាបន្តបន្ទាប់ជួយដល់កសិករទូទាំងប្រទេស ក៏ដូចជាការវិនិយោគផ្សេងៗ ក្នុងវិស័យកសិកម្ម។ យុទ្ធសាស្ត្រធំរបស់យើងខាងកសិ-ឧស្សាហកម្ម មានស្វាយចន្ទី ស្រូវ អង្ករ កៅស៊ូ ផ្សេងៗ។ ការទាក់ទាញទុនមកវិនិយោគក្នុងប្រទេស ដើម្បីប្រើប្រាស់វត្ថុធាតុដើមនៅក្នុងប្រទេស ដូចរោងចក្រផលិតកង់ឡានដោយប្រើកៅស៊ូក្នុងប្រទេសហ្នឹង ក៏ជួយដល់កសិករយើងដែរ។
(១៤) បំផុសចលនាចិញ្ចឹមត្រីធានាសន្តិសុខស្បៀង ឆ្លើយតបនឹងការកើនចំនួនប្រជាពលរដ្ឋ និងព្រលែងត្រីបានច្រ់និងញឹកញាប់តាមដែលអាចធ្វើបាន
យើងមិនអាចធានាការផ្គត់ផ្គត់ត្រីប្រើប្រាស់ ជាលក្ខណៈធម្មជាតិបានដូច(កាលពី) ៣០ ឬ៤០ឆ្នាំមុនទេ ដោយសារការកើននៃចំនួនប្រជាពលរដ្ឋ ការគោករាក់នៃទន្លេ បឹងបួមួយចំនួន (ដែល)ទាមទារឱ្យមានការបំពេញបន្ថែមតាមរយៈអោយការចិញ្ចឹមត្រីដែលយើងឃើញនៅព្រឹកនេះ។ ទិវាមច្ឆជាតិ ០១កក្កដា បំផុសចលនាចិញ្ចឹមត្រីឱ្យបានច្រើនទូទាំងប្រទេសដើម្បីធានាសន្តិសុខស្បៀង និងការហូបចុករបស់ប្រជាពលរដ្ឋដែលកាន់តែកើនចំនួនឡើង។ វប្បធម៌និងការជំរុញនេះ ត្រូវបន្តធ្វើតាមការលើកទឹកចិត្តដល់ប្រជាពលរដ្ឋគ្រប់រូបចូលរួមក្នុងវារីវប្បកម្ម ទាំងចិញ្ចឹមត្រី អណ្ដើក កង្កែប និងសត្វអីផ្សេងៗ ទាំងទឹកប្រៃ ទឹកសាប ដើម្បីធានានៅក្នុងការផ្ដល់ប្រូតេអ៊ីន បូកជាមួយនឹងការចិញ្ចឹមជីវភាពរបស់ប្រជានេសាទ។ ខ្ញុំសូមឱ្យក្រសួងកសិកម្ម បន្តការយកចិត្តទុកដាក់នៅក្នុងការស្រាវជ្រាវប្រភពត្រី ផ្សារភ្ជាប់ការអភិរក្ស បូកជាមួយនឹងការចែកចាយ និងការព្រលែងត្រីបន្តបន្ទាប់ទៀត។ សូមការព្រលែងនេះ កុំឱ្យព្រលែងមួយឆ្នាំតែម្ដង ព្រលែងរហូតដែលអាចធ្វើបាន។
(១៥) កងទ័ពមានវប្បធម៌ម្ចាស់ការដាំដុះ/ចិញ្ចឹម ដើម្បីធានាការហូបចុក
កាលនៅកងទ័ព មិនចាំបាច់នៅស្រុកជាប់ទន្លេទេ។ ធ្វើតែអាង ជីកស្រះ ចិញ្ចឹមកូនត្រីពេញហ្នឹង។ មិនចាំបាច់ទិញមកពីក្រៅ។ ថវិកាហូប(ចុកសំរាប់កងទ័ពមាន) ៤២០០ រៀល/ថ្ងៃ តែ(យើងត្រូវច្នៃប្រឌិតដើម្បី)ធានាផ្គត់ផ្គង់(ការហូបចុកឱ្យបានគ្រប់គ្រាន់)។ តាមពិត អ្នកនៅតាមអង្គភាព នៅតាមខេត្តចង់ធូរជាង(នៅមូលដ្ឋានក្នុងក្រុង) ត្បិតតម្លៃទំនិញក៏ថោក ចង់បានមាន់ មានមាន់រស់ ចង់បានត្រី មានត្រីរស់ ភ្លាមៗ អត់ចាំបាច់ទៅទិញពីផ្សារ (មាននៅ)ក្រោយបន្ទាយ។ មានអ្នកថា សម័យទំនើបហើយ ទ័ពកម្ពុជាចាំបាច់ចិញ្ចឹមឬបង្កបង្កើនផលធ្វើអី្វ។ គ្រប់អង្គភាពគិតទាំងនៅក្នុងក្រុង ជាប្រពៃណីហើយដែលយើងត្រូវ(ដាំដុះ/ចិញ្ចឹមសត្វ)។ យើងម្ចាស់ការខ្លួនឯង ជាពិសេសការហូបចុក ក្នុងកម្រិតណាមួយ កុំឱ្យបាត់នូវវប្បធម៌នេះ។ ពេលដែលយើងមានសភាពការព្រំដែន យើងបញ្ជូនទ័ពយើងទៅបោះទីតាំងភ្លាមៗ នៅអូអាល័យ អូតាង៉ែន កន្លែងដែលពីមុនមិនងាយមានមនុស្សចូលទៅដល់ តាំងពីជំនាន់មុនសង្គ្រាម … ក្នុងតែ ២សប្ដាហ៍ក្រោយ ទៅមើលសុទ្ធតែសួនបន្លែ។ នេះហើយវប្បធម៌ដែលធ្វើម្ចាស់ការ ចិញ្ចឹម(ដាំដុះ)នៅហ្នឹងកន្លែង។ អញ្ចឹងដាច់(ស្បៀង) ផ្គត់ផ្គង់ពីក្រោយក៏អត់បញ្ហា។
(១៦) មិនអាចធ្វើការអភិរក្សនិងអភិវឌ្ឍបានទេ បើគ្មានការចូលរួមរបស់ប្រជាពលរដ្ឋ
ដូចករណីកូវីដ-១៩ យើងធានាសន្តិសុខស្បៀងក្នុងភូមិស្រុក ក្នុងប្រទេសក៏ជាកិច្ចការសំខាន់។ ប្រទេសយើងជាកសិកម្ម ទោះបីប្រជាពលរដ្ឋធ្វើការក្នុងវិស័យកសិកម្មកាន់តែថយចំនួនក៏ដោយ ប៉ុន្តែត្រូវតែបន្តធានាសមត្ថភាព និងសមិទ្ធផល។ សុំឱ្យកសិកម្មជួយបន្តការផ្ដល់ពូជត្រី ដូចជាត្រីគល់រាំង ឃើញរាយការមកថាជិតផុតពូជហើយ។ ឥឡូវម្ដង ១០%ក៏ត្រូវតែធ្វើ រកបច្ចេកទេសថែមទៀត។ ១០%មើលមូលហេតុអី? បញ្ហាទឹកឬមួយអី ដើម្បីយើងបង្កាត់ហើយព្រលែងចូលទៅក្នុងទន្លេឡើងវិញ។ ខ្ញុំអរគុណដល់ប្រជានេសាទដែលមានស្មារតីម្ចាស់ការចូលរួម។ ត្រីខ្លះជិតផុតពូជគាត់ព្រលែង។ ដូចឯកឧត្តម ឌិត ទីណា និយាយគឺថា គាត់គិតពីផលប្រយោជន៍រួម … ជាកិច្ចការល្អត្បិតយើងមិនអាចធ្វើការអភិរក្សឬអភិវឌ្ឍទេ បើគ្មានការចូលរួមរបស់ប្រជាពលរដ្ឋ។ រាជរដ្ឋាភិបាលដើរតួនាទីមួយផ្នែកតូច ប៉ុន្តែការចូលរួមរបស់ប្រជាពលរដ្ឋរបស់យើងសំខាន់។ សូមដាក់ចេញនៅការគាំទ្របច្ចេកទេសផ្សេងៗជូលដល់(ប្រជាពលរដ្ឋ) តាមរយៈមន្ត្រីរបស់យើង និងការស្រាវជ្រាវបច្ចេកទេសផ្សេងៗពីក្រៅមកផង។
(១៧) កន្លែងមិនទាន់មានទឹក សូមក្រសួងពាក់ព័ន្ធពិនិត្យវិធានការ
ទី៣ ការអន្តរាគមន៍ជួយ(របស់)ក្រសួងធនធានទឹក (ក្រសួង)អភិវឌ្ឍន៍ជនបទ អាជ្ញាធររាជធានីខេត្ត ដែលអាជ្ញាធរខេត្តភាគច្រើន បានធ្វើក្នុងពេលរាំងស្ងួត។ ឥឡូវយើងមានភ្លៀងខ្លះ ពីខែមេសា។ ពេលប្រជុំគណៈរដ្ឋមន្ត្រី គឺមានការវាយតម្លៃសភាពការណ៍តាំងពីចុងឆ្នាំទៅថា បាតុភាពរដូវវស្សាឆ្នាំនេះក្រមកដល់ រដូវប្រាំងវែង។ យើងឃើញតាំងពី ខែកុម្ភៈ ខែមីនា មក ចាប់ផ្ដើមកន្លែងមួយចំនួនរីងស្ងួតអត់ទឹក មិនត្រឹមតែទឹកកសិកម្ម ទឹកប្រើប្រាស់នៅតាមបណ្ដាក្រុង នៅតាមខេត្តមួយចំនួនក៏មានបញ្ហា … ឧតុនិយមបានព្យាករណ៍ថា នៅដើមខែឧសភាហ្នឹងមានភ្លៀងធ្លាក់។ ខ្ញុំថាចាំមើលសិន។ ក្រសួងធនធានទឹកនិងឧតុនិយម បានទាយឱ្យខ្ញុំ កាលបុណ្យសមុទ្រនៅកែប ត្រូវម្ដង ខុសម្ដង ៥០%។ ថ្ងៃទីមួយ គាត់ប្រាប់ថា ភ្លៀងប៉ុណ្ណឹង ទៅដល់ ភ្លៀងមែន ជោគខ្ទេច។ ដល់ស្អែកឡើង គាត់ថា សម្ដេចម៉ោងថ្មើរហ្នឹងមកទៀតហើយ ខ្ញុំថាអត់ទេទៅសិន សំខាន់ឱ្យគេដាំដើមស្លឹកគ្រៃបញ្ច្រាស់។ ល្ងាចនោះអត់មានភ្លៀង ហើយខ្យល់ល្អទៀត … មានភ្លៀងធ្លាក់ ប៉ុន្តែយើងមិនត្រូវមើលស្រាល … នៅខេត្តកំពង់ឆ្នាំងកំពុងពិនិត្យមើល។ កន្លែងខ្លះអាចទឹកមិនទាន់ទៅដល់ អាចប្រឈម។ សូមក្រសួងធនធានទឹក ក្រសួងអភិវឌ្ឍន៍ជនបទ ជួយពិនិត្យមើលជាមួយកសិកម្មដើម្បីយើងធ្វើអន្តរាគមន៍។
(១៨) មន្រ្តីកសិកម្ម អាជ្ញាធរ សហការដោះស្រាយបាតុភូតអាក្រក់លើស្រែចំការប្រជាកសិករ
ទី៤ អរគុណក្រសួងកសិកម្ម មន្ទីរកសិកម្ម បានដាក់ចេញវិធានការទប់ទល់បញ្ហាដង្កូវហ្វូង។ ប្រព័ន្ធ អែល នីណូ ហ្នឹងធ្វើឱ្យបាក់តេរីអាក្រក់បាក់តេរីស៊ីល្អ បង្កើតចេញជាហេតុហ្នឹងច្រើន។ ថ្ងៃមុនដូចជាង ២ម៉ឺនហិកតាទូទាំងប្រទេស ដែលរង(ផលប៉ះពាល់)ដោយសារដង្កូវហ្វូង។ អញ្ចឹងសហការជាមួយអាជ្ញាធរ និងមន្ទីរកសិកម្មដើម្បីចេញជួយសង្គ្រោះលើការងារនេះ។ យើងបានចេញអន្តរាគមន៍ជួយទាន់ពេលវេលា។ ពេលជាមួយគ្នា សូមបន្តលើកទឹកឱ្យកសិករចូលរួម នៅក្នុងសហគមន៍ ក៏ដូចជាចូលរួមនៅក្នុងការបង្កបង្កើនផល និងការច្បាមយកឱកាសដែលយើងបង្កើត។
(១៩) រកទីផ្សារជូនកសិផល
ទី៥ ពាក់ព័ន្ធទៅហ្នឹងរឿងការលក់ដូរពាណិជ្ជកម្មក្នុងស្រុក និងក្រៅស្រុក ដែលយើងត្រូវធ្វើ កសិករផលិតហើយត្រូវរកទីផ្សារ។ ពិតណាស់ កសិផលយើងមានឡើងចុះតាមឆ្នាំ។ តម្លៃទីផ្សារអន្តរជាតិកម្រិតណា ប៉ុន្តែសំខាន់បើកឱ្យមានសិន។ ពាណិជ្ជកម្មក្នុងស្រុកត្រូវការផ្គត់ផ្គត់ឱ្យតម្រូវការប្រជាជនក្នុងស្រុក ការតភ្ជាប់សង្វាក់ទីផ្សារក្នុងស្រុកតាមរយៈការលើកទឹកចិត្តផ្សេងៗ។ ខ្ញុំអរគុណចំពោះក្រសួងកសិកម្ម បណ្ដាអង្គការស្ថាប័នដៃគូរផ្សេងៗ ក៏ដូចជាអ្នកពាក់ព័ន្ធ កន្លងទៅឃើញមានការលើករៀបចំពិព័ណ៌ផលិតផលកសិកម្មខ្មែរជាបន្តបន្ទាប់ទាំងក្នុង និងក្រៅប្រទេស។ ទៅដល់យូណាន ឃើញមានខាង SMEs នាំផលិតផលទៅ គ្រឿងពិព័ណ៌ភូមិកសិផលខ្មែរ។ ខេត្តនីមួយៗអាចចូលរួមរៀបចំអ្វីដែលជាលក្ខណៈពិសេសរបស់ខេត្ត តំបន់ ជាយុទ្ធនាការគាំទ្រផលិផលកសិកម្មខ្មែរ ការរៀបចំផ្សារបោះដុំផ្សេងៗ …។
(២០) រករូបមន្តយកច្រកទ្វារទីផ្សារក្រៅប្រទេសមកដាក់នៅក្នុងប្រទេស
ឥឡូវ នៅភ្នំពេញរៀបចំផ្សារបោះដុំមួយនៅបឹងតាមោក និងកំពុងតែសិក្សាមួយទៀតដែលជាផ្សារមានលក្ខណៈបោះដុំមួយដែរ តែផ្ដោតទៅលើការភ្ជាប់កសិផលរបស់កសិករទៅផ្សារក្រៅប្រទេសផង។ កាលពីមុនយើងដើររកបើកផ្សារនៅក្រៅប្រទេសដើម្បីនាំផលិតផលយើងទៅ។ ច្រកទ្វារនៅប្រទេសនីមួយៗ។ ឥឡូវយើងរករូបមន្តមួយទៀត យកច្រកទ្វារទីផ្សារនៅក្រៅប្រទេស មកដាក់នៅក្នុងប្រទេសរបស់យើង … ឃើញក្រសួងពាណិជ្ជកម្មបានចុះកិច្ចសន្យាជាមួយនឹងក្រុមហ៊ុនលក់អនឡាញមួយចំនួន ដូចជាក្រុមហ៊ុន Alibaba របស់ចិន ដែលមានបណ្ដាញអតិថិជនរាប់រយលាននាក់នៅលើពិភពលោក។ យើងឱ្យកសិករ សហគមន៍ សហគ្រាសរបស់យើងថ្ពក់ជាមួយការលក់របស់គាត់ ដើម្បីបង្កើតទីផ្សារឯករាជ្យរបស់យើង។ ថ្ងៃមុនឃើញនាំ មៀនឬតាង៉ែនប៉ៃលិន ចេញទៅតាមរយៈសាកល្បងរុញតាម Alibaba លក់អនឡាញ។ ថ្ងៃក្រោយ យើងអាចធ្វើបាននៅក្នុងប្រទេស។ ខ្ញុំឃើញប្រជាពលរដ្ឋយើងខ្លះគាត់លក់តាមអនឡាញ មិនមែនតែលក់ឡេទេ កសិផលក៏លក់ដែរ ហើយមានឡានតាក់ស៊ីរត់ មានប្រព័ន្ធដឹកជញ្ជូនស្រាប់ រុញទៅ។ នេះជាការច្នៃប្រឌិត … ថ្ងៃមុន ឃើញក្រសួងកសិកម្ម និងក្រសួងប្រៃសណីយ៍ អភិវឌ្ឍកម្មវិធី Application របស់កុំព្យូទ័រមួយដើម្បីថ្ពក់ចរន្តបង្កើតទីផ្សារនេះ។ យើងប្រើបច្ចេកវិទ្យាតាមលទ្ធភាពដែលអាចធ្វើទៅបាន។
(២១) ២០២៣ កម្ពុជានាំចេញផលិតផលកសិកម្ម ៨,៨២លានតោន ទៅ៧៨ប្រទេស តម្លៃ ៤,៨ពាន់លានដុល្លារ
មួយទៀត អំពីពាណិជ្ជកម្មក្រៅប្រទេសឆ្នាំ ២០២៣នេះ កម្ពុជានាំចេញផលិតផលកសិកម្ម ៨,៨២លានតោន ទៅកាន់ ៧៨ប្រទេស ក្នុងតម្លៃសរុប ៤,៨ពាន់លានដុល្លារ។ អញ្ចឹង ប្រទេសទាំង ៧៨ដែលយើងនាំចេញទៅ គឺជាលទ្ធផលដើររកទាក់ម៉ូយ ក្នុងជាង ១០ខែនេះ ដោយរាជរដ្ឋាភិបាល ក្រសួង/ស្ថាប័នជំនាញ ក្រសួងពាណិជ្ជកម្ម កសិកម្ម ក្រសួងជំនាញពាក់ព័ន្ធ ឧស្សាហកម្ម។ ទាក់ម៉ូយមិនមែនទៅយកវិនិយោគមកដើម្បីផលិតក្នុងស្រុក បង្កើតការងារតែមួយមុខទេ តែក៏ដើម្បីទិញផលិតផលយើងគ្រប់មុខបន្ថែមទៀត ជាពិសេសកសិកម្មនេះឯង។ កាលពីខែ១០ ខ្ញុំទៅប្រទេសចិន ជាមួយប្រធានាធិបតី Xi Jinping ស្នើចិនទទួលទិញអង្ករនិងផលិតផលបន្ថែម។ ទៅឥណ្ឌូនេស៊ីប្រជុំអាស៊ានដំបូងខែ៩ ចរចាជាមួយប្រធានាធិបតី Widodo ទិញពីយើងមួយលានតោនអង្ករក្នុង៤ឆ្នាំ មួយឆ្នាំ ២៥ម៉ឺនតោន។ យើងព្យាយាមបើកច្រកបន្ថែមទៀតនៅហ្វីលីពីន អូស្រ្តាលី កូរ៉េ ជប៉ុន។ យើងចរចាជាមួយប្រទេសមជ្ឃិមបូព៌ាជំរុញការនាំចេញផលិតផល Halal …។
(២២) រាជរដ្ឋាភិបាលត្រូវគិតពីតុល្យភាពរវាងចំណូលបានទៅអ្នកផលិតនិងចំណាយរបស់អ្នកប្រើប្រាស់/ហូបចុក
កន្លងទៅ ខ្ញុំបានឯកភាពជាមួយការស្នើសុំរបស់ប្រជាកសិករយើងមួយចំនួន អ្នកដែលចិញ្ចឹមជ្រូកដើម្បីធ្វើការបិទជាបណ្ដោះអាសន្នមួយរយៈនូវការនាំចូលសាច់បង្កក … កិច្ចការនេះយើងបានអនុវត្តតាំងពីខែមេសាមក។ ឥឡូវកំពុងតែពិនិត្យមើល … កាលមុនឲ្យ២០ក្រុមហ៊ុន។ ឥឡូវសាកមើលប៉ុន្មានទៀត។ ដោយសារបិទអញ្ចឹងទៅ យើងជួយបានកសិករមួយចំនួន ប៉ុន្តែទំហំ(នៃការផលិត)តិចពេក។ ដល់អញ្ចឹងតម្លៃឡើងថ្លៃ ដោយសារការផ្គត់ផ្គង់ក្នុងស្រុកវាមិនគ្រប់។ ពិនិត្យនិងគិតគូរអំពីតុល្យភាព។ ដូចខ្ញុំធ្លាប់និយាយអញ្ចឹង។ ជួយកសិករឲ្យឡើងថ្លៃបានចំណូលច្រើន។ តែអ្នកហូបសួរ ធ្វើម៉េចកុំឲ្យអាហារខ្ញុំឡើងថ្លៃ។ នេះជាតុល្យភាពដែលយើងត្រូវគិតគូរ។ ចំណូលដល់កសិករ តែជីវភាពរស់នៅ និងអតិផរណារបស់ទាំងអស់គ្នា។ នេះជាវិធីសាស្រ្តដែលរាជរដ្ឋាភិបាល មិនថាតែកម្ពុជាទេ តែរដ្ឋាភិបាលគ្រប់ប្រទេសត្រូវយកចិត្តទុកដាក់នៅក្នុងវិស័យកសិកម្ម … យើងនៅដាក់ចេញគោលនយោបាយអន្តរាគមន៍ជាបណ្ដើរៗ ដើម្បីជួយដល់កសិកររបស់យើងក្នុងការធានារកទីផ្សារឲ្យកាន់តែបានច្រើន ការធានានូវតម្លៃតាមរូបភាពសម្រាប់ដំណាំយុទ្ធសាស្រ្តមួយចំនួន។
(២៣) ឆ្នាំ២០២៤ អចនលទ្រព្យ/ទេសចរណ៍រើបបន្តិច កសិផលមានតម្លៃល្អ
ឆ្នាំនេះ យើងសំណាង។ វិស័យនីមួយៗ មានហានិភ័យខុសគ្នា។ ឆ្នាំ២០២៤នេះ វិស័យអចលទ្រព្យនិងទេសចរណ៍ យើងងើបរើបៗ តែនៅមិនទាន់គ្រប់គ្រាន់។ ប៉ុន្តែ ក្រឡេកមើលវិស័យកសិកម្ម ដំណាំកសិផលជាច្រើនមានតម្លៃល្អជាងឆ្នាំទៅ។ ស្វាយចន្ទី ស្រូវ/អង្ករ ដំណាំមួយចំនួនទៀតក៏កសិផលបានល្អ។ ឆ្នាំនេះ កសិករធ្វើស្រូវប្រាំងច្រើនមែនទែន លើសផែនការ រហូតដល់ខាងធនធានទឹកស្រែកខ្វះទឹកត្រៀមសម្រាប់រដូវវស្សា។ តម្លៃនៃអង្ករនិងស្រូវបានឡើង។ តែទោះជាយ៉ាងណាក៏ដោយ តម្លៃមានការឡើងចុះៗ។ យើងត្រូវគិតគូរពីមូលដ្ឋាននៃតម្លៃផលិតទាំងអស់ ហើយបង្កើតនូវទីផ្សារក្នុងស្រុក តាមរយៈការទាក់ទាញដូចរោងចក្រផលិតកង់ឡានអីផ្សេងៗ ដើម្បីភ្ជាប់ជាមួយសហគមន៍កៅស៊ូរបស់យើង ជាជាងនាំចូលពីខាងក្រៅ១០០%។ យើងបង្កើននូវការយកតម្លៃ(បន្ថែម)ក្នុងស្រុក។ ការវិនិយោគដើម្បីផលិតនូវផលិតផលសម្រេចជាជាងនាំរបស់ឆៅចេញ។ យើងនាំរបស់សម្រេចចេញ។ លក់បានថ្លៃក្នុងស្រុក …។
(២៤) ការពង្រីកផ្លូវលេខ៧ នឹងបន្តរហូតទៅត្បូងឃ្មុំ និងក្រចេះ
ទាក់ទងទៅនឹងទិវាមច្ឆជាតិ និងវិស័យកសិកម្មទាំងមូល ខ្ញុំសូមអរគុណចំពោះបងប្អូនប្រជាកសិករ/ប្រជាពលរដ្ឋនៅទូទាំងប្រទេស ជាពិសេសអ្នកព្រៃឈរដែលបានផ្ដល់ការជឿទុកចិត្ត ការគាំទ្រ និងទុកចិត្តទៅដល់ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាកន្លងទៅ ជាពិសេសជឿទុកចិត្តទៅលើសម្ដេចតេជោ ដែលបានពុះពារនៅក្នុងការកសាងប្រទេសមួយនេះ ពីបាតដៃទទេ ពីសង្រ្គាម មកជាប្រទេសដែលអភិវឌ្ឍជាបន្តបន្ទាប់។ រាជរដ្ឋាភិបាលអាណត្តិទី៧ នឹងបន្តនូវការបម្រើប្រជាជនដើម្បីអរគុណប្រជាពលរដ្ឋនៅទូទាំងប្រទេស និយាយដោយឡែកអ្នកព្រៃឈរនៅទីនេះផង … សួរប្រជាពលរដ្ឋមកពីព្រៃទទឹងថា ដែលពង្រីកផ្លូវលេខ៧ ហ្នឹង សប្បាយចិត្ត ឬមួយលំបាកចិត្ត? គាត់ថាធូរចិត្ត។ កាលមុន ពីភ្នំពេញមកដល់ស្គន់ដូចធូរ ដល់ចុះពីរង្វង់មូលមកដូចចង្អៀត … ឥឡូវសង់បាន ២០% ហើយ … ក្នុងពេលឆាប់ៗ នឹងធ្វើទៅដល់គល់ស្ពានគីហ៊្សូណា ហើយតទៅទៅដល់ខាងត្បូងឃ្មុំ/ក្រចេះ។ យើងនឹងបន្តកសាងសមិទ្ធផលផ្សេងៗ។ ផលទាំងអស់នេះក៏នឹងជួយទៅដល់វិស័យកសិកម្មផងដែរ។
(២៥) ព្រែកជីកហ៊្វូណនតេជោ ក៏នឹងផ្ដល់ប្រយោជន៍ដល់អ្នករស់នៅតាមដងទន្លេមេគង្គដែរ
ខ្ញុំសូមអរគុណណាស់ដល់ប្រជាពលរដ្ឋទាំងអស់គ្នានៅទូទាំងប្រទេស ក៏ដូចជាប្រជាជននៅទីនេះ ដែលបានគាំទ្រគម្រោងប្រវត្តិសាស្រ្តគឺគម្រោងព្រែកជីកហ៊្វូណនតេជោ ដែលនឹងផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋយើងទូទាំងប្រទេស។ មិនត្រឹមតែទិសនិរតីទេ សូម្បីតែអ្នកព្រៃឈរ អ្នកកំពង់សៀម អ្នកកំពង់ចាម ដែលជាប់ទន្លេមេគង្គនេះក៏បានផល។ ថ្ងៃក្រោយ ទៅសមុទ្រ អាចជិះទូកទៅបាន ដោយមិនចាំបាច់ជិះឡានពីព្រៃឈរ ពីកំពង់សៀមទៅ។ ឡើងតែបន្តិច ចុះទូកនៅក្បែរនេះ នៅកងមាស កោះសូទិនអីហ្នឹង ភ្ជាប់ចុះទៅវឹង។ អ្នកកំពង់ចាមឡើងទៅដល់ស្ទឹងត្រង់ ក្រចេះ។ ជាផលសម្រាប់ជាតិ។ គម្រោងនេះមានលក្ខណៈពិសេសជាងគម្រោងផ្សេងៗ ត្រង់ថា វាបានបញ្ជាក់ពីស្មារតីជាតិនិយម។ លើកលែងតែអ្នកជ្រុលនិយមមួយក្ដាប់តូចនៅក្រៅប្រទេសទ។ ក្រៅពីនោះ គឺជាគម្រោងតែមួយ ដែលសូម្បីតែគណបក្សផ្សេងគ្នានៅក្នុងទូទាំងប្រទេស មាននិន្នាការផ្សេងគ្នា ក៏ចេញមកគាំទ្រគម្រោងព្រែកជីកមួយនេះ ព្រោះគេដឹងថាជាផលប្រយោជន៍សម្រាប់កូនចៅខ្មែរទាំងអស់ មិនថាបក្សណាៗ។ នេះគឺជាគម្រោងពិសេសមួយដែលយើងត្រូវរួមគ្នា(ធ្វើអោយបានសំរេច) …។
(២៦) ថ្ងៃ៥ សីហា បើកការដ្ឋាន “ព្រែកជីកប្រវត្តិសាស្រ្តដោយកូនខ្មែរ ដើម្បីកូនខ្មែរនៅថ្ងៃអនាគត”
នៅថ្ងៃ៥(ខែសីហា)នេះ យើងនឹងបើកការដ្ឋាន។ ថ្ងៃមុន ខ្ញុំថាខែ៨។ មានអ្នកទាយថាថ្ងៃ២២ ព្រោះខួបមួយឆ្នាំ(នៃការឡើងធ្វើនាយករដ្ឋមន្រ្តី)។ អ្នកខ្លះថាថ្ងៃ៥។ ខ្ញុំថា កុំឲ្យពិបាកភ្នាល់។ អ្នកខ្លះភ្នាល់ដាក់ដបទឹកមួយដបអីចឹងទៅ ពិបាកហូបតឹងពោះ។ យើងយកថ្ងៃ៥ ខែ៨។ ថ្ងៃ៥ នេះជាថ្ងៃខួបកំណើតសម្ដេចតេជោ ហើយក៏ជាថ្ងៃដែលយើងចាប់ផ្ដើមកសាង ចំថ្ងៃនៃខួបកំណើតអ្នកដែលផ្ដូចផ្ដើម និងបង្កលក្ខណៈឲ្យមានព្រែកជីកនេះទៅបាន។ សម្តេចតេជោបានផ្ដួចផ្ដើមកសាង ដឹកនាំការកសាង និងសម្រេចបាននូវសមិទ្ធផល ពិសេសសន្តិភាពតាមរយៈនយោបាយឈ្នះឈ្នះ ដែលមានការចូលរួមពីប្រជាជនទូទាំងប្រទេស។ ការបង្កើតនិងការយកថ្ងៃនេះដើម្បីធ្វើ មានហេតុ(ផល)។ ថ្ងៃនោះ ក៏សូមឲ្យមានការចូលរួម។ ថ្ងៃមុន នៅគណបក្ស សម្ដេចតេជោបានលើកថាសូមប្រជាពលរដ្ឋតាមបណ្ដារាជធានីខេត្ត សាលាខេត្ត សាលាស្រុក ឃុំ គោះធុង … ពេលយប់បាញ់កាំជ្រួញ ដើម្បីអបអរសាទរ។ វាមិនមែនជាគម្រោងរបស់សម្ដេចតេជោ ឬខ្ញុំទេ។ ខ្ញុំបានត្រឹមតែចូលរួម។ សម្ដេចតេជោបានផ្ដូចផ្ដើម។ ខ្ញុំចូលរួមដឹកនាំបន្តជាមួយមន្រ្តី ជាពិសេសប្រជាពលរដ្ឋ ដើម្បីជំរុញឲ្យគម្រោងមួយនេះជា «គម្រោងប្រវត្តិសាស្រ្តដោយកូនខ្មែរ ដើម្បីកូនខ្មែរនៅថ្ងៃអនាគត»។
(២៧) កំពង់ចាមមានសក្ដានុពលខាងឧស្សាហកម្ម កសិ-ឧស្សាហកម្ម
អ្នកខ្លះដើរតែវាយប្រហារ … បើធ្វើមិនបាន គេបរិហាថាធ្វើមិនបាន។ ដល់យើងធ្វើបាន គេថាយើងអួត។ និយាយមិនអួតម៉េច បើពីមុនមិនដែលមាន។ មែនទេលោកតា លោកយាយ? ស្ពានគីហ៊្សូណា អ្នកកំពង់ចាមដើរអួតគេពេលហ្នឹង ព្រោះពីមុនមានអីក្រៅពីឆ្លងតាមសាឡង់ តាមទូក កាណូត។ ឥឡូវយើងមានស្ពានគីហ៊្សូណា។ បន្តិចទៀត ស្ពាននៅព្រែកប្រសប់ ក្រចេះទៀត។ យើងភ្ជាប់ស្ពានច្រើន។ ផ្លូវក៏ធ្វើកាន់តែច្រើន។ ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ។ អញ្ចឹងបានបង្អាប់ (អភិបាលខេត្ត) ឯកឧត្ដម អ៊ុន ចាន់ដា ពីរឿងថា កាលមុននោះហាងអាហារនៅកំពង់ចាមលក់ដាច់ ព្រោះមានផ្លូវតែមួយ។ ទេសចរមកកាត់តាមកំពង់ចាម ចូលហាងតាម៉ាប់។ ដល់មានផ្លូវជាតិលេខ៨ គេចេញទៅខាងក្រោម។ ពីភ្នំពេញមកដល់ស្គន់ មានផ្លូវវាងមួយហួសទៅទៀត។ ដល់ពេលធ្វើស្ពានក្រូចឆ្មារ-ស្ទឹងត្រង់ គេមកពីនោះមក ពីក្រចេះមកទៅនោះទៀត។ ប៉ុន្តែឥឡូវដូចអ៊ូអរវិញនៅ? អ៊ូអរបណ្ដើរៗហើយ។ បន្ដិចទៀត បើកផ្លូវធំនេះគេទៅហើយ។
កំពង់ចាម មានសក្ដានុពលធំ ជាពិសេសខាងឧស្សាហកម្ម កសិ-ឧស្សាហកម្ម នៅជើងព្រៃ នៅចំការលើ។ និយាយរួម សក្ដានុពល នៅពេលមានឱកាសនេះ យើងនឹងបន្តរីកចម្រើន។ អ្នកកំពង់ចាម គឺគ្រប់កន្លែងទាំងអស់ដែលទៅគឺរីកលើការអភិវឌ្ឍ។ តំបន់ថ្មីៗ នៅព្រំដែន សួរថាទៅ សុទ្ធតែអ្នកកំពង់ចាមទៅទាំងអស់។ អ្នកត្បូងឃ្មុំកំពង់ចាម អ្នកចំការ អ្នកទន្លេ ទៅធ្វើនៅហ្នឹង។ អ្នកកំពង់ចាម ជាប់សាច់ឈាមច្រើនណាស់នៅទូទាំងប្រទេស។ ខ្ញុំក៏ជាអ្នកកំពង់ចាមដែរ តែ(ឥឡូវ)ជាអ្នកត្បូងឃ្មុំ។ ឪពុកអ្នកកំពង់ចាម ម៉ែអ្នកត្បូងឃ្មុំ តែពីដើមកំពង់ចាម។ នៅក្នុងអត្ថសញ្ញាណរបស់ខ្ញុំ ពីក្មេងសរសេរខុស។ ដាក់ឃុំរការខ្នុរ ស្រុកមេមត់។ ខុសស្រុក។ ពីក្មេងខ្ញុំក៏អត់ដឹង។ សរសេរតែអញ្ចឹង។ ដល់(ធំ)មកមើលថាខុសហើយ ឃុំរការខ្នុរ ស្រុកមេមត់ ឥឡូវកែមកវិញហើយ នៅ(ភូមិ)សំរោង(ត្បូង)។ ពីមុន បងប្អូនគ្នា(ខេត្ត)តែមួយ កំពង់ចាមលិចទន្លេ កំពង់ចាមកើតទន្លេ។ ឥឡូវត្បូងឃ្មុំ និងកំពង់ចាម …។
[ចប់សេចក្ដីអធិប្បាយ២]
ទន្ទឹមនឹងការគាំទ្ររបស់រាជរដ្ឋាភិបាលចំពោះសកម្មភាពការងារ ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បាន និង កំពុងអនុវត្ត ដើម្បីពង្រឹងការគ្រប់គ្រង ការអភិរក្ស និង ការអភិវឌ្ឍធនធានជលផល ប្រកបដោយចីរភាព សម្រាប់កូនចៅជំនាន់ក្រោយរបស់យើង និង បំផុសស្មារតី ទិវាមច្ឆជាតិ ១ កក្កដា ឱ្យស្ថិតនៅក្នុងដួងចិត្តយើងទាំងអស់គ្នា ខ្ញុំសូមផ្តល់នូវអនុសាសន៍មួយចំនួន ដូចតទៅ ៖
ទី១. រដ្ឋបាលជលផល ត្រូវបន្តពង្រឹងការអភិរក្សធនធានជលផល ព្រៃលិចទឹក និង ព្រៃកោងកាង, ជាពិសេសការអភិរក្សត្រីមេពូជ សត្វផ្សោតទន្លេមេគង្គ និង វារីសត្វងាយរងគ្រោះឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងបន្តលែងកូនត្រី ត្រីមេពូជថែមទៀតទៅក្នុងទីជម្រកធម្មជាតិ។ ទន្ទឹមនេះ រដ្ឋបាលជលផល ត្រូវសិក្សា កែលម្អ និង ស្តារកន្លែងអភិរក្សត្រីមេពូជ និង ទីជម្រកមច្ឆជាតិផ្សេងទៀតដែលគោករីងរាក់ ជាពិសេសនៅរដូវប្រាំង ។ ត្រង់ចំណុចនេះ ខ្ញុំសូមលើកទឹកចិត្តឱ្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និង ក្រសួងធនធានទឹក និង ឧតុនិយម បង្កើនកិច្ចសហការកាន់តែជិតស្និទ្ធថែមទៀត ដើម្បីការពារ និង សង្គ្រោះជម្រកត្រី ត្រីមេពូជ និង វារីសត្វងាយរងគ្រោះ ។
ទី២. ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ត្រូវដឹកនាំ និង ជំរុញគាំទ្រការចុះបញ្ជីដីរដ្ឋ ឱ្យបានឆាប់រហ័ស ដើម្បីទប់ស្កាត់ និង បង្ក្រាបចលនាទន្ទ្រានកាន់កាប់ដីរដ្ឋ, ជាពិសេសតំបន់ជុំវិញបឹងទន្លេសាប ដែលជាជម្រកត្រីពងកូន ជម្រកត្រី និង ជាកន្លែងស្វែងរកចំណី ។ ទន្ទឹមខនេះ ក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និង ដៃគូអភិវឌ្ឍ បន្តចូលរួមជំរុញចលនាដាំព្រៃលិចទឹក និង ព្រៃកោងកាង ឡើងវិញ ដើម្បីផ្តល់ជាជម្រកពងកូន សម្រាប់វារីសត្វគ្រប់ប្រភេទ និង ថែរក្សានិរន្តរភាពប្រព័ន្ធអេកូឡូស៊ី ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៣]
(២៨) អារកាត់ទប់ស្កាត់ការបំពានប្រព័ន្ធអេកូឡូស៊ី និងត្រីទឹកសាបពីមនុស្សខ្លះ ដើម្បីការពារផលប្រយោជន៍ជាតិ
កន្លងទៅ យើងបានធ្វើការងារយ៉ាងសស្រោកសស្រាំ។ អាជ្ញាធរទន្លេសាប ក៏ដូចជាក្រសួងពាក់ព័ន្ធ មានកសិកម្ម ធនធានទឹក … សូមឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បន្តដឹកនាំការងារដើម្បីយើងធ្វើការចុះបញ្ជី បោះបង្គោលព្រំនៅតំបន់នៅជុំវិញបឹងទន្លេសាប។ កន្លងទៅ ក៏មានការកាប់ទន្រ្ទានមួយចំនួន ដែលយើងបានចាត់វិធានការជាបន្តបន្ទាប់។ ខ្ញុំសូមឱ្យអាជ្ញាធរមូលដ្ឋាន កម្លាំងសមត្ថកិច្ចទាំងអស់ អនុវត្តឱ្យបានតឹងរឹងបំផុតវិធានការក្នុងការការពារតំបន់នេះ … ថ្ងៃមុន មានការចាត់វិធានការផ្លូវច្បាប់មួយចំនួន។ កិច្ចការនេះ មិនទាន់ចប់ទេ។ យើងនឹងបន្តធ្វើតទៅទៀត។ នៅពេលខាងមុខ ឆាប់ៗនេះ នឹងមានការដាក់ចេញនូវវិធានការជាច្រើនផ្សេងទៀត។ អញ្ចឹងខ្ញុំសូមអំពាវនាវឱ្យអាជ្ញាធរមូលដ្ឋាន មន្រ្តី និងប្រជាពលរដ្ឋចូលរួមទប់ស្កាត់ការកាប់ទន្រ្ទានព្រៃនៅទីនោះ ដែលធ្វើឱ្យប៉ះពាល់ទៅដល់ប្រព័ន្ធអេកូឡូស៊ី និងប្រព័ន្ធត្រីទឹកសាប ការឈូសឆាយទ្រង់ទ្រាយធំ ការប្រើប្រាស់ជីគីមីហួសហេតុ ដែលធ្វើឱ្យ(បាត់បង់ព្រៃឈើ) មិនត្រឹមតែធ្វើឱ្យអស់ព្រៃឈើសម្រាប់ព្រៃលិចទឹកទេ ប៉ុន្តែពេលទឹកឡើង វានឹងទៅជាប្រភពនៅក្នុងការធ្វើឱ្យពុលត្រីស្លាប់ទាំងពូជ … ត្រូវហ៊ានអារកាត់ដើម្បីធ្វើការទប់ស្កាត់ផលប្រយោជន៍របស់មនុស្សមួយចំនួនតូច ការពារផលប្រយោជន៍រួមរបស់ប្រទេសជាតិរបស់យើង។ ប្រព័ន្ធអេកូឡូស៊ីនៅជុំវិញបឹងទន្លេសាប ជម្រកត្រីពង និងរួមគ្នាដើម្បីដាំដើមឈើឡើងវិញ។
(២៩) កាន់តួនាទីក្នុងរដ្ឋ មិនថាក្មេងឬចាស់ មានភារកិច្ចការពារនិងអភិវឌ្ឍប្រទេសជាតិដោយចីរភាព
(ការការពារ)ត្រូវបន្តធ្វើ ហើយធ្វើជាប់ជាប្រចាំ។ កុំស្រមើស្រមៃថា រដ្ឋាភិបាលធ្វើតែពេលនេះ ហើយដកថយ ទុកលម្ហឱ្យធ្វើសកម្មភាពផ្ដេសផ្ដាស។ យើងនៅបន្តធ្វើ បន្តថែរក្សា។ ដរាបណាបឹងទន្លេសាបនៅតែជាជម្រកត្រីពង នៅតែជាតំបន់ដែលត្រូវការពារ ប្រព័ន្ធអេកូឡូស៊ី ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋទូទាំងប្រទេស រាជរដ្ឋាភិបាលត្រូវមានកាតព្វកិច្ចដាច់ខាតការពារតំបន់នេះ ហើយយើងនឹងបន្តជាប្រចាំតទៅទៀត នេះគឺជាការប្ដេជ្ញាចិត្ត។ សូមកុំចង់សាកល្បង ដោយគិតថា រដ្ឋាភិបាលថ្មី ក្មេងៗ មិនហ៊ានធ្វើ។ ខ្ញុំសូមបញ្ជូនសារឱ្យហើយ។ យើងនឹងបន្តធ្វើ ព្រោះជាកាតព្វកិច្ច។ កាន់តួនាទីនៅក្នុងរដ្ឋ មិនថាក្មេង មិនថាចាស់ មានភារកិច្ចដើម្បីការពារ និងអភិវឌ្ឍន៍ប្រទេសជាតិ ដោយចីរភាពសម្រាប់ទាំងអស់គ្នា។ ខ្ញុំបញ្ជូនសារប៉ុណ្ណេះ។ ខ្ញុំអត់បញ្ជូនសារច្រើនទេ។ យើងធ្វើ ហើយ។ កុំចង់សាក។ (យើង)ធ្វើមែន …។
(៣០) សូមក្រសួងកសិកម្មសហការណែនាំប្រជាពលរដ្ឋរស់នៅក្នុងតំបន់ទន្លេសាបពីការប្រើប្រាស់ជី/ថ្នាំគីមី
ខ្ញុំសូមអំពាវនាវឱ្យប្រជាពលរដ្ឋដែលនៅក្នុងតំបន់១ ដែលយើងកាត់ឱ្យ ដោយសារគាត់មាន(លំនៅដ្ឋាន)រាប់សិបឆ្នាំមកហើយនៅទីនោះ។ អ្នកធ្វើនៅក្នុងតំបន់២ ដែលមានសិទ្ធិអាស្រ័យផល សូមប្រើប្រាស់ ហើយក្រសួងកសិកម្មត្រូវធ្វើការសហការ ជាពិសេសណែនាំការប្រើប្រាស់ជីអីផ្សេងៗ ព្រោះតែធ្វើមិនស្រួល គាត់ដាក់មួយអស់ដៃ ដល់ពេលទឹកឡើងមកវានឹងពុលត្រី។ យើងក៏មិនចង់ហូបដែរ … ប្រធាន USAID មួយ កាលពីដើមឆ្នាំ ១៩៩០ ប្រាប់ខ្ញុំថា គាត់ទៅស្រុកមួយ។ គាត់ចូលហាងហូបបាយ។ ប៉ុន្តែមុនហ្នឹង គាត់ជិះទូកកាត់បឹងមួយដែលគេប្រើថ្នាំ ដើម្បីបំពុលយកត្រី។ ដល់ទៅហូបបាយគេយកត្រីមក។ គាត់សួរថា ត្រីហ្នឹងមកពីណា? គេថាចាប់នៅក្បែរហ្នឹង។ គាត់ក៏ប្រកែកមិនហូប។
(៣១) ផលិតផលកសិកម្មមិនប្រើជីនិងថ្នាំគីមីមានតម្លៃដោយសារការវិវត្តន៍នៃសុខភាព
សុខភាពប្រជាពលរដ្ឋសំខាន់។ មានជីវភាពហើយ តែសុខភាព(ល្អកាន់តែ)សំខាន់។ អញ្ចឹងការហូបចុករបស់ប្រជាពលរដ្ឋត្រូវគិតគូរ ជាពិសេសវិធីសាស្រ្តនៅក្នុងការដាំដុះ ចិញ្ចឹម ដើម្បីកាត់បន្ថយគីមីឱ្យបានច្រើន ព្រោះ(គីមី)នេះ បន្តិចម្ដងៗ កើតបញ្ហាច្រើនណាស់។ សំណួរសួរថា ហេតុអ្វីមនុស្សជាច្រើនឆាប់កុងស៊ែរ? តិចៗសួរទៅ ១០នាក់ យ៉ាងហោចណាស់មានម្នាក់ដាក់សរសៃបេះដូង។ មានអ៊ំៗ ពូៗខ្លះ គាត់ខឹងពេទ្យ គាត់ថា ជំនាន់ ប៉ុល ពត, ប៉ុល ពត មិនឱ្យគាត់ហូប ឥឡូវពេទ្យមិនឱ្យគាត់ហូបទៀត។ ពេទ្យហាម បងអើយ! លើសជាតិស្ករ លើសខ្លាញ់។ អញ្ចឹងគាត់ខឹងពេទ្យមិនឱ្យហូប។ សុខភាពប្រជាពលរដ្ឋយើងសំខាន់ណាស់។ ពិភពលោកយើងក៏វិវត្តដែរ។ កាលមុន គេប្រើជីគីមីបានផលិតផលខ្ពស់។ ឥឡូវចាប់ផ្ដើមផលិតផល(គ្រឿងបរិភោគ)ដែលអត់ប្រើគីមីថ្លៃវិញ ដោយសារបញ្ហាសុខភាពវិវត្តន៍។ ការប្រើប្រាស់ និងការជួយដល់ប្រជាពលរដ្ឋយើង ខាងបច្ចេកទេស ហើយជាពិសេស នៅតំបន់បឹងទន្លេសាបនេះ ខ្ញុំសូមឱ្យចូលរួមដើម្បីថែរក្សាទាំងអស់គ្នា។
(៣២) ខេត្តកំពង់ចាម នឹងជាខេត្តទី១ ដែលបិទបញ្ចប់ការចុះបញ្ជីដីជាប្រព័ន្ធ
សម្ដេចតេជោ បានដាក់ចេញនូវគោលនយោបាយពីចុងអាណត្តិមុន។ ការកំណត់ព្រំពីមុន វាប៉ះពាល់ខ្លះទៅដល់ប្រជាពលរដ្ឋដែលមានលំនៅដ្ឋានយូរហើយ … យើងឱ្យកែសម្រួលឡើងវិញ ចុះបញ្ជីកំណត់ព្រំដីឡើងវិញ។ ការចុះយុទ្ធនាការចុះបញ្ជីដី យើងធ្វើទូទាំងប្រទេស មិនថាតែបឹងទន្លេសាបទេ។ ខេត្តកំពង់ចាមនេះ នឹងទៅជាខេត្តទី១ ក្នុងពេលឆាប់ៗ … ដែលខ្ញុំនឹងប្រកាសបិទបញ្ចប់ការចុះបញ្ជីដីជាប្រព័ន្ធផ្ដល់ជូនប្រជាពលរដ្ឋ … ខេត្តដែលដោះអស់មីន គឺមានច្រើនជាងពាក់កណ្ដាលហើយ។ យើងបន្តដោះទៀត ប៉ុន្តែបិទបញ្ចប់ការចុះបញ្ជីដី ដើម្បីកាត់បន្ថយទំនាស់ដី តាមរយៈនេះ គឺខេត្តកំពង់ចាម ជាខេត្តទី១។ យើងនឹងបន្តទៅទៀត។ យើងនៅសល់ប្រហែលខ្ទង់ ៥ លានក្បាលដីទៀត ដែលត្រូវចុះបញ្ជីនិងប្រគល់ទៅឱ្យប្រជាពលរដ្ឋ។ ទាំងអស់ ៧លានក្បាលដី។ យើងធ្វើបានជាង ២លានក្បាលដី។ ឥឡូវកំពុងឱ្យចាត់ចែង។ ថ្ងៃមុន ឃើញលើកគម្រោងថវិកាជិត ១១០ លានដុល្លារ ស្នើសុំមកដើម្បីបញ្ចប់ការចុះបញ្ជីក្បាលដីនេះ ដើម្បី(កំណត់)ដីរដ្ឋ ដីឯកជន ចេញជាប្រព័ន្ធឱ្យហើយ កុំឱ្យមានទំនាស់អីផ្សេងៗ … ជាពិសេនៅតំបន់អភិរក្ស រួមទាំងតំបន់បឹងទន្លេសាបយើងផង។
[ចប់សេចក្ដីអធិប្បាយ៣]
ទី៣. គណៈកម្មការអន្តរក្រសួង ដើម្បីទប់ស្កាត់ និង បង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប ត្រូវពង្រឹងកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ និង បង្កើនការទប់ស្កាត់ការនេសាទខុសច្បាប់, ជាពិសេសក្នុងរដូវបិទនេសាទ ដែលត្រីកំពុងពងកូន ព្រមទាំងចាត់វិធានការម៉ឺងម៉ាត់ចំពោះការផលិត ការចែកចាយ និង ការប្រើប្រាស់ឧបករណ៍នេសាទដែលមានលក្ខណៈបំផ្លិចបំផ្លាញខ្លាំង, ដូចជា ឧបករណ៍ឆក់ និង ស្បៃមុងជាដើម ។ ទន្ទឹមនេះ, គួរបង្កើនការផ្សព្វផ្សាយ ការអប់រំ និង ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការអភិរក្ស និង ធានានិរន្តរភាពធនធានជលផល សម្រាប់កូនចៅជំនាន់ក្រោយរបស់យើង ។
ទី៤. រដ្ឋបាលជលផល រដ្ឋបាលថ្នាក់ក្រោមជាតិ និង តួអង្គពាក់ព័ន្ធ ត្រូវពង្រឹងសមត្ថភាពសហគមន៍ នេសាទក្នុងការគ្រប់គ្រង ការពារ និង អភិរក្សធនធានជលផល ស្របតាមទិសស្លោក «សហគមន៍នេសាទ គ្មានបទល្មើសជលផល» និង ត្រូវខិតខំពង្រីកសកម្មភាពទេសចរណ៍ធម្មជាតិនៅតាមបណ្តាសហគមន៍ ទាំងនោះ ជាពិសេសនៅតំបន់ដែលសម្បូរដោយមច្ឆជាតិ សត្វផ្សោត សត្វស្លាប ព្រៃលិចទឹក និង ព្រៃកោងកាង ដើម្បីគាំទ្រជីវភាពប្រជានេសាទ និង កាត់បន្ថយការពឹងផ្អែកទៅលើការនេសាទតែមួយមុខសម្រាប់ទ្រទ្រង់ជីវភាព។
ទី៥. ខ្ញុំសូមលើកទឹកចិត្តឱ្យជំរុញវារីវប្បកម្មតាមគ្រប់រូបភាព ទាំងទឹកសាប និង សមុទ្រ ដោយលើកកម្ពស់ការស្រាវជ្រាវបច្ចេកទេសបង្កាត់-ភ្ញាស់វារីសត្វកម្រដែលប្រឈមនឹងការផុតពូជ ដើម្បីអភិរក្ស និង កូនត្រីពូជដែលមានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ ដើម្បីលើកកម្ពស់ជីវភាពវារីវប្បករផង និង កាត់បន្ថយសម្ពាធមកលើធនធានជលផលធម្មជាតិផង។ ទន្ទឹមនេះ ត្រូវបង្កើនការត្រួតពិនិត្យគុណភាព សុវត្ថិភាព សមត្ថភាពកែច្នៃ និង ការអភិវឌ្ឍខ្សែច្រវាក់តម្លៃជលផល ដើម្បីពង្រឹងភាពប្រកួតប្រជែងរបស់ផលិតផលជលផលកម្ពុជា, ទាំងសម្រាប់ទីផ្សារក្នុងស្រុក និង ក្រៅប្រទេស ។ ជាមួយគ្នានេះដែរ ខ្ញុំសូមអំពាវនាវ និង លើកទឹកចិត្តឱ្យដៃគូអភិវឌ្ឍ និង វិស័យឯកជន ចូលរួមគាំទ្រឱ្យកាន់តែខ្លាំងថែមទៀត តាមរយៈការផ្តល់បច្ចេកទេស និង ដើមទុន រួមទាំងហិរញ្ញប្បទានការប្រាក់ទាប ដើម្បីជំរុញវារីវប្បកម្ម និង ការកែច្នៃផលផលិតផលជលផលកម្ពុជា។
ជាថ្មីម្ដងទៀត ខ្ញុំសូមកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារជាច្រើនដែលថ្នាក់ដឹកនាំ និង មន្រ្តីរាជការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខិតខំប្រឹងប្រែងសម្រេចបាននាពេលកន្លងមក និង សូមថ្លែងអំណរគុណចំពោះក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍ និង វិស័យឯកជន ដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធ ក្នុងការគ្រប់គ្រង អភិរក្ស និង អភិវឌ្ឍ ធនធានជលផលកម្ពុជា ប្រកបដោយនិរន្តរភាព សំដៅរួមចំណែកធានាសន្តិសុខស្បៀង លើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ និង ទ្រទ្រង់កំណើនសេដ្ឋកិច្ច ដោយរក្សាបាននូវតុល្យភាពរវាងការអភិរក្ស និង ការអភិវឌ្ឍ ។
ជាទីបញ្ចប់, ជាមួយនឹងការចូលរួមអបអរសាទរ «ទិវាមច្ឆជាតិ ១ កក្កដា» នៅបឹងធំដ៏ស្រស់ត្រកាលនាពេលនេះ, ខ្ញុំព្រះករុណាខ្ញុំ សូមប្រគេនពរចំពោះប្រជាពលរដ្ឋ លោកតា លោកយា អ៊ំពូមីង បងប្អូន គណៈធិបតី ដែលបានចូលរួមនៅក្នុងកម្មវិធីនេះ ក៏ដូចជាជនរួមជាតិទាំងមូល សូមប្រកបដោយពុទ្ធពរ និង ពរ ទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណ កុំបីឃ្លៀងឃ្លា។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៤]
ឧបត្ថម្ភកម្មវិធី
ថ្ងៃនេះ ខ្ញុំក៏មានសម្រាប់លោកគ្រូអ្នកគ្រូ ១២៧នាក់ ម្នាក់ៗថវិកា ៥ម៉ឺនរៀល។ ក្មួយៗសិស្សានុសិស្ស ៧៨១នាក់ ម្នាក់ៗទទួលបាន សៀវភៅ ២ក្បាល ប៊ិច១ដើម ថវិកា ១ម៉ឺនរៀល។ ជូនយុវជនកាយរិទ្ធិនិងយុវជនកាកបាទក្រហម សហភាពសហព័ន្ធ ២០០នាក់ ម្នាក់ៗថវិកា ២ម៉ឺនរៀល។ ជូនសាលាបឋមសិក្សា ទួលព្រេជ, សាលាបឋមសិក្សា កំពង់សំណាញ់ ១សាលា ១លានរៀល។ អនុវិទ្យាល័យ ទួលព្រេជ ថវិកា ២លានរៀល។ សាលាស្រុកព្រៃឈរ ២លានរៀល។ មណ្ឌលសុខភាពមៀន ៣លានរៀល។ ក្រុមគ្រូពេទ្យប្រចាំក្នុងអង្គពិធីថវិកា ៣លានរៀល។ ហើយជូនក្រុមតន្រ្តីសម័យថវិកា ៥លានរៀល។ (សម្ដេចរៀបរាប់ឈ្មោះសិល្បករ/ការិនី)។ មានតន្រ្តីពីអង្គភាពប្រឆាំងភេរវកម្ម ៨នាក់។ អរគុណសាជាថ្មី លោកតាលោកយាយ អ៊ំពូមីង ដែលបានអញ្ជើញមកទីនេះ ហើយអញ្ជើញធ្វើដំណើរត្រឡប់ទៅវិញដោយសុវត្ថិភាពទាំងអស់គ្នា។ សូមអរគុណ៕