ការជំរុញវិស័យកសិកម្ម គឺសំដៅលើការធ្វើពិពិធកម្មឱ្យបានច្រើន និងត្រូវធានាឱ្យបាននូវទីផ្សារទាំងក្នុង និងក្រៅប្រទេស

នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤នេះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា «ការជំរុញវិស័យកសិកម្ម ត្រូវធ្វើពិពិធកម្មឱ្យច្រើន ចិញ្ចឹមអ្វី និងដាំអ្វីមិនសំខាន់នោះទេ តែត្រូវធានាឱ្យបាននូវទីផ្សារទាំងក្នុង និងក្រៅប្រទេស ដើម្បីធានាលើរឿងទាំងពីរនេះ រដ្ឋត្រូវមានដំណោះស្រាយ លើតម្លៃផលិតរបស់កសិករ តាមរយៈការបន្ថយពន្ធអាករ នាំចូលគ្រឿងចក្រកសិកម្ម ការដាក់ចេញដំណោះស្រាយឱ្យសមស្រប»។

សម្តេចធិបតី បានលើកឡើងបែបនេះក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរទិវាមច្ឆជាតិ ១កក្កដា លើកទី១៩ ព្រមទាំងលែងត្រី ១,៥ លានក្បាលចូលទៅក្នុងបឹងធំ ដែលជាបឹងធម្មជាតិដ៏ធំ ស្ថិតក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា រាជរដ្ឋាភិបាល នៅតែបន្តចាត់ទុកវិស័យកសិកម្មជាវិស័យអាទិភាពមួយដ៏សំខាន់ ដែលចូលរួមចំណែកយ៉ាងសកម្មក្នុងការធានាសន្តិសុខស្បៀង លើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ និងទ្រទ្រង់កំណើនសេដ្ឋកិច្ច ដោយរក្សាបាននូវតុល្យភាពរវាងការអភិរក្សនិងការអភិវឌ្ឍ។ សម្ដេចថា កន្លងមករាជរដ្ឋាភិបាល បានលើកលែងសេវាលើអាករបន្ថែមលើការផលិតផលផ្គត់ផ្គង់ក្នុងស្រុកនិងនាំចេញ រួមមានស្រូវ អង្ករ ពោត សណ្តែក ម្រេច គ្រាប់ស្វាយចន្ទី ដំឡូងមី និងកៅស៊ូ។ ដូច្នេះសហគ្រាសដែលពាក់ព័ន្ធនឹងការផលិតដំណាំកសិកម្ម ត្រូវបានលើកលែងអាករបន្ថែម ដើម្បីជាការលើកទឹកចិត្តដល់ប្រជាកសិករផងដែរ។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានរំលឹកថា កាលពីនៅដើមអាណត្តិទី៧ ពោលគឺនៅឆ្នាំ២០២៣ រាជរដ្ឋាភិបាល បានលើកលែងលើអាករបន្ថែមលើផលដំណាំមួយចំនួន រួមមាន៖ មៀនប៉ៃលិន, ស្វាយ, វារីប្បកម្ម, ការផលិតដូងប្រេង និងការចិញ្ចឹមសត្វ រយៈពេល២ឆ្នាំបន្ថែមទៀត ដើម្បីបន្ធូរនិងលើកទឹកចិត្តដល់ម្ចាស់សហគ្រាស ដែលនាំចេញផលិតផលរបស់ខ្លួនសម្រាប់ផ្គត់ផ្គង់ក្នុងស្រុកនិងនាំចេញ សំដៅធានាការប្រកួតប្រជែងនៅក្រៅប្រទេស។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងយ៉ាងដូច្នេះថា៖ «អ៊ឹចឹងការជួយជំរុញសិកម្ម គឺធ្វើយ៉ាងម៉េចត្រូវបង្កើនពិពិធកម្មឱ្យកាន់តែច្រើន ជាប្រភពសំខាន់។ ចិញ្ចឹមអី ដាំអីជារឿងមួយ ប៉ុន្តែអ្វីដែលត្រូវមាន គឺទីផ្សារទាំងក្នុងនិងក្រៅប្រទេស ដើម្បីធានានូវចំណូលរបស់បងប្អូនរបស់យើង។
ជាមួយគ្នានេះដែរ ការដោះស្រាយផលិតវិស័យកសិកម្ម គឺដៃម្ខាងត្រូវធានាតម្លៃ គិតគូរពីចំណូលរបស់កសិករ និងដៃម្ខាងទៀតត្រូវធានាមិនឱ្យទំនិញឡើងថ្លៃ ដែលប៉ះពាល់ការចំណាយរបស់អ្នកទិញ»។

សម្តេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើវិស័យកសិកម្មតាំងពីក្រោយថ្ងៃរំដោះ៧ មករា ១៩៧៩។ បន្ថែមពីនេះ សម្ដេចធិបតីបានសង្កត់ធ្ងន់ថា ដរាបណាគណបក្សប្រជាជនកម្ពុជានៅតែដឹកនាំប្រទេស គឺនៅតែលើកលែងពន្ធសម្រាប់ដីកសិកម្មរបស់ប្រជាពលរដ្ឋ។

ក្នុងនោះ សម្តេចធិបតីបានលើកឡើងពីតួនាទីដ៏សំខាន់របស់វិស័យកសិកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ដែលគ្រាន់តែនៅក្នុងឆ្នាំ២០២៣ វិស័យកសិកម្មតែមួយមុខបានរួមចំណែកប្រមាណ២២% នៃផលិតផលសរុបក្នុងប្រទេស។ សម្ដេចបន្តថា រាជរដ្ឋាភិបាលគ្រប់អាណត្តិទាំងអស់ តែងតែផ្ដល់អាទិភាពលើការជួយ និងពង្រឹងលើវិស័យកសិកម្ម ដែលជាមូលដ្ឋានសំខាន់សម្រាប់ការធានាសន្តិសុខស្បៀង និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបានដាក់ចេញគោលនយោបាយជាបន្តបន្ទាប់ ដើម្បីលើកស្ទួយ និងជួយដល់វិស័យកសិកម្ម និងប្រជាកសិករ។

ពាក់ព័ន្ធនឹងការអភិវឌ្ឍលើវិស័យកសិកម្មនេះដែរ គឺមានគោលដៅសំខាន់ៗពីរ គឺទី១៖ ការយកចិត្តទុកដាក់លើសន្តិសុខស្បៀង និងទី២៖ ការធ្វើពាណិជ្ជកម្ម ឬនិយាយដោយសាមញ្ញ គឺសម្រាប់ហូបចុក និងលក់ដូរ។ សម្ដេចថា ក្នុងនាមជាប្រមុខដឹកនាំរដ្ឋាភិបាល អាណត្តិទី៧នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានប្រកាសប្ដេជ្ញាចិត្តបន្តពីរាជរដ្ឋាភិបាលអាណត្តិមុនៗ ដើម្បីដាក់ចេញនូវគោលនយោបាយជាបន្តបន្ទាប់ ជួយដល់កសិករនៅទូទាំងប្រទេស ក៏ដូចជាការវិនិយោគផ្សេងក្នុងវិស័យកសិកម្មផងដែរ៕

 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ