គិតមកដល់ពេលនេះ ទំនាក់ទំនងការទូតផ្លូវការរវាងកម្ពុជា និងវៀតណាម មានអាយុកាល៥៧ឆ្នាំហើយ។ ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតផ្លូវការជាមួយគ្នានៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧។ ប្រទេសភូមិផងរបងជាមួយគ្នាទាំងពីរនេះមានព្រំដែនជាប់គ្នាប្រវែងប្រមាណជាង ១ ២៧០គីឡូម៉ែត្រ និងមានទន្លេមេគង្គហូរកាត់ដូចគ្នា។ ទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានចងភ្ជាប់ដោយចំណងប្រវត្តិសាស្ត្រ ភូមិសាស្ត្រ និងនយោបាយ។
ទោះបីកម្ពុជា និងវៀតណាមទើបមានចំណងទំនាក់ទំនងការទូតផ្លូវការជាងកន្លះសតវត្សរ៍កន្លងមកនេះក្តី ប៉ុន្តែបើផ្អែកតាមប្រវត្តិសាស្ត្រ ប្រទេសទាំងពីរមានទំនាក់ទំនងគ្នាជាយូរលង់មកហើយ ពោលគឺតាំងពីសតវត្សរ៍ទី១៥ នៃគ្រិស្តសករាជមកម្ល៉េះ។ ក្នុងសម័យសង្គ្រាមត្រជាក់ ចំណងទំនាក់ទំនងរវាងប្រទេសទាំងពីរបានជាប់ពាក់ព័ន្ធគ្នាយ៉ាងស៊ីជម្រៅ ជាពិសេស ក្នុងចន្លោះទសវត្សរ៍ឆ្នាំ១៩៦០ និងទសវត្សរ៍ឆ្នាំ១៩៧០។ ចាប់ពីដើមទសវត្សរ៍ឆ្នាំ១៩៨០ ដល់ដើមទសវត្សរ៍ឆ្នាំ១៩៩០ ទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែមានលក្ខណៈស៊ីជម្រៅ និងស្អិតល្មួត ដ្បិតប្រទេសទាំងពីរជាសហភាតរៈនៃរដ្ឋសង្គមនិយមដូចគ្នា។
ចាប់ពីដើមទសវត្សរ៍ឆ្នាំ១៩៩០ មក ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាមបានបោះជំហានចូលក្នុងរបត់នយោបាយថ្មីមួយ ដែលក្នុងនោះ វៀតណាមនៅរក្សារបបនយោបាយសង្គមនិយមដដែល រីឯកម្ពុជាបានប្រកាន់យករបបប្រជាធិបតេយ្យសេរីពហុបក្ស ហើយរបបរាជានិយមអាស្រ័យធម្មនុញ្ញត្រូវបានបង្កើតឡើងវិញ។ ទោះបីប្រទេសទាំងពីមានភាពខុសគ្នាលើប្រព័ន្ធនយោបាយក៏ពិតមែន តែទំនាក់ទំនងរវាងប្រទេសទាំងពីរមិនមានការប្រែប្រួលទេ ប៉ុន្តែកាន់តែត្រូវបានពង្រឹងនិងពង្រីកជាលំដាប់។
ក្នុងនាមជាប្រទេសបានធ្លាប់រងគ្រោះដោយសារសង្គ្រាម កម្ពុជាបានយកចិត្តទុកដាក់ខ្លាំងចំពោះ សន្តិភាព និងស្ថិរភាព ទាំងនៅក្នុងប្រទេស ក្នុងតំបន់ និងក្រៅតំបន់ និងបានប្តេជ្ញាចិត្តលើកកម្ពស់ការអភិវឌ្ឍ វិបុលភាព និងគោលការណ៍បញ្ចសីលាសន្តិសហវិជ្ជមានក្នុងទំនាក់ទំនងអន្តរជាតិ។
ក្នុងក្របខណ្ឌទំនាក់ទំនងទ្វេភាគីជាមួយវៀតណាម កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសភាពជាអ្នកជិតខាងល្អ ដោយពង្រឹងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការ មិនត្រឹមតែនៅក្នុងក្របខណ្ឌទ្វេភាគីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្សារភ្ជាប់ និងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាអន្តរជាតិ និងតំបន់ទៀតផង។ ក្នុងវេទិកាតំបន់ ប្រទេសទាំងពីរបានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដែលមានប្រយោជន៍សម្រាប់ប្រទេសទាំងពីរ។ ដោយឡែក វៀតណាមវិញ ជាក្របខណ្ឌគោលនយោបាយការបរទេសទ្វេភាគីជាមួយប្រទេសកម្ពុជា ក៏មិនសូវជាខុសពីកម្ពុជាប៉ុន្មានដែរ គឺវៀតណាមចាត់ទុកកម្ពុជាជាប្រទេសជិតខាងមួយ ដែលទំនាក់ទំនងល្អត្រូវបានចាត់ទុកជាអាទិភាព និងត្រូវពូនជ្រុំ។
ចំពោះមុខបរិបទផ្ទៃក្នុង និងខាងក្រៅ ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ កំពុងមានការអភិវឌ្ឍលើវិស័យជាច្រើន។ កម្ពុជា និងវៀតណាមបានឯកភាពថា ការពង្រឹង និងលើកកម្ពស់ទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ មានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ប្រជាជាតិទាំងពីរ។ ជារួមទៅ គោលនយោបាយការបរទេសទ្វេភាគីរបស់កម្ពុជា និងវៀតណាមចំពោះគ្នាទៅវិញទៅមក បានរំលេចឱ្យឃើញនូវភាពរឹងមាំ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។
កម្ពុជា និងវៀតណាមបានពូនជ្រុំមិត្តភាព និងកិច្ចសហប្រតិបត្តិការដោយផ្អែកលើទំនុកចិត្តខាងផ្នែក នយោបាយស៊ីជម្រៅ និងកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យនានា។ ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរមានការអភិវឌ្ឍរីកចម្រើនលើវិស័យជាច្រើន ហើយប្រទេសទាំងពីរយល់ឃើញថា ការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរពិតជាមានសារៈសំខាន់សម្រាប់ប្រទេសទាំងពីរ។ គោលនយោបាយការបរទេសទ្វេភាគីរបស់កម្ពុជា និងវៀតណាមចំពោះគ្នាទៅវិញទៅមកបង្ហាញឱ្យឃើញពី ភាពស៊ីជម្រៅនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ទំនាក់ទំនងកម្ពុជា-វៀតណាមបន្តធ្វើពិពិធកម្មទាំងកម្រិតទ្វេភាគី និងពហុភាគី និងមានភាពរឹងមាំលើគ្រប់វិស័យដែលជាផលប្រយោជន៍រួម។ ប្រទេសទាំងពីររួមគ្នាដោះស្រាយបញ្ហារួមជាសាកល ពង្រីកទំនាក់ទំនងនៅគ្រប់កម្រិត និងគ្រប់វេទិកា និងពង្រឹងការយោគយល់គ្នាទៅវិញទៅមកដែលនឹងធ្វើឱ្យប្រទេសទាំងពីរ អាចទទួលបាននូវសមិទ្ធផលធំធេងជាងមុនទាំងកម្រិតជាតិ និងកម្រិតសាកល។
ក្នុងការបង្ហាញគោលជំហរចំពោះគ្នាទៅវិញទៅមក មេដឹកនាំនៃប្រទេសទាំងពីរតែងតែសម្ដែងឱ្យឃើញនូវការប្តេជ្ញាចិត្តពង្រឹង ពង្រីក និងលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យរីកចម្រើនដល់កម្រិតខ្ពស់ថ្មីមួយទៀត ដែលនាំមកនូវផលប្រយោជន៍ពិតប្រាកដសម្រាប់ប្រជាជន និងប្រទេសទាំងពីរ។
រាជរដ្ឋាភិបាលថ្មី នៃព្រះរាជាណាចក្រកម្ពុជាដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៅតែរក្សាគោលនយោបាយការបរទេសភាពជាអ្នកជិតខាងល្អជាមួយវៀតណាម និងប្រទេសជិតខាងផ្សេងទៀត។ ក្នុងទស្សនទានកម្ពុជា ភាពជាអ្នកជិតខាងល្អ គឺជាយន្ដការដ៏មានប្រសិទ្ធភាពក្នុងការលើកកម្ពស់ផលប្រយោជន៍រួមសម្រាប់ប្រទេសជាតិជិតខាងគ្នា និងជំរុញឱ្យមានកិច្ចសហប្រតិបត្ដិការដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមកលើគ្រប់វិស័យ។ ភាពជាអ្នកជិតខាងល្អ គឺជាមូលដ្ឋានគ្រឹះសម្រាប់សន្ដិសុខតំបន់ និងពិភពលោក។
តំបន់ក៏ដូចជាពិភពលោកទាំងមូលនឹងមិនមានសន្ដិភាពទេ ប្រសិនបើប្រជាជាតិទាំងឡាយ ដែលនៅជិតខាងគ្នាមានជម្លោះនឹងគ្នា។ ដូច្នេះ វាជាការចាំបាច់ ដែលប្រទេសនៅជិតខាងគ្នា ត្រូវកសាងទំនុកចិត្ដគ្នាទៅវិញទៅមក កាត់បន្ថយជាអតិបរិមា នូវភាពប្រទូសរ៉ាយដាក់គ្នា ហើយត្រូវបណ្ដុះស្មារតីវប្បធម៌សន្ដិភាព ការអភិវឌ្ឍប្រកបដោយនិរន្ដរភាព តុល្យភាព និងសុខដុមរមនានៅតាមព្រំដែន។ ការបង្កអារិភាពជាមួយប្រទេសជិតខាង មិនបាននាំមកនូវផលប្រយោជន៍អ្វីទាំងអស់សម្រាប់ប្រទេសជាតិនីមួយៗ ក្រៅតែពីការបង្កអសន្ដិសុខ និងការរាំងស្ទះដល់ការអភិវឌ្ឍ។
ដោយឈរលើគោលការណ៍ និងទស្សនទានខាងលើ គោលនយោបាយការបរទេសកម្ពុជាចំពោះវៀតណាម គឺផ្អែកលើគោលការណ៍ភាពជាអ្នកជិតខាងល្អ ការកសាងមិត្ដភាពជិតស្និទ្ធជាប្រពៃណី ការជឿទុកចិត្តគ្នាទៅវិញទៅមក កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងការដោះស្រាយបញ្ហាព្រំដែនដោយម៉ឺងម៉ាត់ និងតាមរយៈការចរចាដោយសន្ដិវិធីដោយចៀសវាងដាច់ខាតនូវដំណោះស្រាយដោយប្រើកម្លាំង។ ទំនាក់ទំនងល្អរវាងកម្ពុជា និងវៀតណាម មិនត្រឹមតែផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពនៅក្នុងតំបន់និងលើពិភពលោកផងដែរ។
ដោយឈរលើកត្តាប្រវត្តិសាស្ត្រ ភូមិសាស្ត្រ និងនយោបាយ ការពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា និងវៀតណាម ពិតជាមានសារៈសំខាន់មិនអាចខ្វះបាន។ ដូច្នេះ ប្រទេសទាំងពីរត្រូវបន្តរួមរស់ជាមួយគ្នាដោយសុខសន្តិភាព គោរពអធិបតេយ្យ ឯករាជ្យ និងបូរណភាពទឹកដី មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ផងគ្នាទៅវិញទៅមក ដោះស្រាយបញ្ហាដោយសន្តិវិធី និងសហប្រតិបត្តិការលើគ្រប់វិស័យដែលមានផលប្រយោជន៍ទាំងសងខាង ឱ្យសក្តិសមនឹងបាវចនានៃទំនាក់ទំនងដែលប្រទេសទាំងពីរបានអនុម័តគឺ «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងឋិតថេរយូរអង្វែង» រវាងប្រទេសទាំងពីរនាពេលអនាគត។
ជាមួយនឹងបាវចនាខាងលើ យើងសង្ឃឹមថា ទំនាក់ទំនងរវាងប្រទេសទាំងពីរសម្រាប់សតវត្សរ៍ខាងមុខ នឹងបន្តរីកចម្រើនកាន់តែទូលំទូលាយគ្រប់ជ្រុងជ្រោយ កាន់តែស៊ីជម្រៅ កាន់តែមានប្រសិទ្ធភាព និងកាន់តែល្អប្រសើរឡើងថែមទៀត៕
ដោយបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា រាជបណ្ឌិត្យសភាកម្ពុជា (ទស្សនៈក្នុងអត្ថបទនេះជាទស្សនៈផ្ទាល់ខ្លួនរបស់អ្នកនិពន្ធ)